​ក្តី​សង្ឃឹម​ខ្លះ​សម្រាប់​ព័ត៌មាន​ឯករាជ្យ​តាម​អនឡាញ​នៅ​កម្ពុជា

អ្នកស្រី ឡុង វណ្ណា ជំនួយការ​នៃ​កម្មវិធី​«តុមូល​វីអូឌី»​និយាយ​តាម​ទូរស័ព្ទ​ទៅ​កាន់​ប្រិយមិត្ត​អ្នក​ស្តាប់​មួយ​រូប​ខណៈ​ដែល​អ្នក​ស្រី​តាមដាន​ការ​ផ្សាយ​ផ្ទាល់​​កម្មវិធី​តាម​ហ្វេសប៊ុក​​​នេះ កាល​ពី​ថ្ងៃ​ពុធ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩។ (សឹង សុផាត/VOA)។

ក្រោយ​ពីត្រូវ​បាត់បង់​មធ្យោបាយផ្សាយ​តាម​វិទ្យុនៅ​ក្នុង​ការ​បង្ក្រាបចំពោះ​សារព័ត៌មានឯករាជ្យនៅ​កម្ពុជា កាល​ពី​ពាក់កណ្តាលឆ្នាំ​២០១៧ វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ វីអូឌី កំពុង​ខិតខំ​បន្តបម្លែង​ខ្លួន និងអតីត​កម្មវិធី​វិទ្យុ​សំខាន់ៗ​របស់​ខ្លួន​ ឲ្យ​ទៅ​ការ​ផ្សាយ​កម្មវិធីតាម​ប្រព័ន្ធ​អ៊ីនធឺណិតនិង​បណ្តាញ​សង្គម​វិញ។ កិច្ច​ប្រឹងប្រឹង ទាក់ទាញ​ប្រិយមិត្ត​តាម​អនឡាញនេះ​គឺ​ដើម្បី​ជំនួស​ឲ្យ​អ្នក​ស្តាប់​កម្មវិធី​វិទ្យុ​រាល់​នាក់​ដែល​ខ្លួន​បាន​បាត់បង់​កាល​ពី​ជាង​ពីរ​ឆ្នាំ​មុន។

ភ្នំពេញ -- នៅ​ប៉ុន្មាន​នាទី​មុន​ការ​ចាប់​ផ្តើមកម្មវិធី​ផ្សាយ «តុមូល​វីអូឌី» អ្នក​សម្របសម្រួល ​លឹម ធីតា បាន​ប្រុងប្រៀប​រៀប​ចំ​កំណត់ត្រា​និង​ជជែក​លេង​ជាមួយ​ភ្ញៀវ​ដែល​ជា​វាគ្មិន​ប្រចាំ​ថ្ងៃ។ បុគ្គលិក​នៅ​ក្នុង​បន្ទប់​គ្រប់គ្រង​ការ​ផ្សាយ ក៏​កំពុង​រៀប​ចំ​ខ្លួន​និង​ពិនិត្យ​រាល់​ឧបករណ៍​ផ្សាយ​ទាំង​អស់​ដែល​ដូច​នឹង​ដំណើរការ​ផ្សាយ​តាម​រលក​អាកាស​ជា​ច្រើន​ឆ្នាំ​មក​ហើយរបស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ឬ វីអូឌី។

ប៉ុន្តែ​ពេល​នេះ​ជា​ឆ្នាំ​២០១៩ ហើយ​ជា​ជាង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​តាម​រលក​អាកាសនោះ​ កម្មវិធី​«តុមូល​វីអូឌី»​នៅ​ពេល​នេះ កំពុង​បង្កើត​ឲ្យ​មាន​ការ​ផ្សាយបែប​ថ្មី​របស់​ខ្លួន​តាមបណ្តាញ​អនឡាញ​វិញ។

ផលិតករ​ ស្រី សុភ័ក្ត្រ នៅ​ក្នុង​បន្ទប់​គ្រប់គ្រង​ការ​ផ្សាយ​ ធ្វើ​ការ​ត្រួតពិនិត្យ​ចុង​ក្រោយ​ជាមួយ​អ្នក​បច្ចេកទេស​ មុន​នឹង​ផ្តល់​ភ្លើង​ខៀវ​តាមវិទ្យុទាក់ទង​អេកូម ​ទៅ​អ្នក​ស្រី​ លឹម ធីតា ដែល​កំពុង​រង់​ចាំបើក​កម្មវិធី​នៅ​ក្នុង​បន្ទប់​ផ្សាយនោះ៖​

«ចាស៎ នាង​ខ្ញុំ​ធីតា​សូម​គោរព​និងសូម​ជម្រាប​សួរ​ដល់​ទូរទស្សនិកជនដែល​កំពុង​តែ​តាមដាន​ទស្សនានូវ​ការ​ផ្សាយពី​តុ​មូល​វីអូឌី​ ដែល​កំពុង​តែ​ផ្សាយ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក [vodkhmer.news] ទាំង​អស់​ជា​ទី​គោរព​ និង​ជា​ទី​នឹក​រឭក​ពី​ចម្ងាយ។ ….. ចាស៎​នៅ​ថ្ងៃ​នេះ យើង​នឹង​ធ្វើ​ការ​ពិភាក្សា​ទៅ​លើ​ប្រធានបទ​ថ្មី​មួយ​ទៀត​ដែល​និយាយ​អំពី​វិធានការ​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ក្នុងប្រព័ន្ធ​យុត្តិធម៌។»

ផលិតករ​និង​អ្នក​បច្ចេកទេស​នៃ​កម្មវិធី​«តុមូល​វីអូឌី»​ធ្វើ​ការ​ពិនិត្យ​សំឡេង​និង​រូបភាព​វីដេអូ​ជា​ចុងក្រោយ មុន​នឹង​ផ្តល់​ភ្លើង​ខៀវ​តាមវិទ្យុទាក់ទង​អេកូម ​ទៅ​អ្នក​ស្រី​ លឹម ធីតា (ស្តាំ​បំផុត) ដែល​កំពុង​រង់​ចាំបើក​កម្មវិធី​នៅ​ក្នុង​បន្ទប់​ផ្សាយ​ ក្បែ​រលោក យី សុខសាន្ត មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត នៃ​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ដែល​ជា​វាគ្មិន​មួយ​រូប​ក្នុង​ចំណោម​វាគ្មិន​បី​រូប​នៅ​ក្នុង​កម្មវិធី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩។ (ទុំ ម្លិះ/VOA)

ក្នុង​អំឡុងពេល​មួយ​ម៉ោង​បន្ទាប់​មក កម្មវិធី​តុ​មូលនេះ​បាន​បន្ត​ការ​ផ្សាយ​ផ្ទាល់​របស់​ខ្លួនដោយ​មានសម្ភាសន៍វាគ្មិន​ជា មន្ត្រី​អ្នក​នាំពាក្យរដ្ឋាភិបាល​សំខាន់​មួយ​រូប មន្ត្រី​ដែល​ជា​សកម្មជនសិទ្ធិ​មនុស្ស​មួយ​រូប និងសមាជិក​នៃ​ក្រុមប្រឹក្សា​ពិគ្រោះយោបល់​ថ្នាក់​ជាតិ​មួយ​ដែល​មាន​សមាសភាព​គណបក្ស​មិន​ជាប់​ឆ្នោត​ ដែល​នេះបញ្ជាក់​ពី​តុល្យភាព​ និង​ឯករាជ្យភាព​នៃការ​ផ្សាយ​របស់​វិទ្យុ​វីអូឌី​ដែល​គេ​តែង​ស្គាល់​កន្លង​មក។

វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី បាន​ផ្តល់​នូវ​ក្តី​សង្ឃឹម​ខ្លះ​ពី​ស្ថានភាព​ដ៏​សោកសៅ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។ វិទ្យុវីអូឌី បាន​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ដែល​ប្រតិបត្តិការ​របស់​ពួក​គេខ្លះ​ត្រូវ​បាន​គំរាម​កំហែងពី​ការ​បិទនៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខណៈ​ដែល​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ព្យាយាម​បំបាត់​សំឡេង​អ្នក​ប្រឆាំង។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ខ្លះ​បានរងការ​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​តាម​រយៈ​អ្វីដែល​ជា​ការ​ផាក​ពិន័យពន្ធ​ច្រើន​ហួសហេតុ ​ឬ​ខ្លះ​ទៀត​ត្រូវ​បាន​ដក​អាជ្ញាប័ណ្ណ ដែល​រួម​មានស្ថានីយ​ដៃគូ​ផ្សព្វផ្សាយ​ទាំង​៥​របស់​វិទ្យុ​វីអូឌី​ផង​ដែរ ហើយ​ការ​ដក​អាជ្ញាប័ណ្ណ​នេះធ្វើ​ឲ្យ​ អ្នក​ស្តាប់​រាប់​លាន​នាក់​ភ្លាមៗ​នោះ​លែង​អាច​ទទួល​សណ្តាប់​កម្មវិធី​ផ្សាយ​វីអូឌី​បាន​ទៀត។

លោក Daniel Bastard ប្រធាន​ផ្នែក​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ បាន​ហៅ​វិធានការ​នេះ​ថា​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការបង្ក្រាប​ទ្រង់ទ្រាយ​ធំ​ដែល​បាន​«បណ្តាល​ឲ្យ​មានការ​បំផ្លិច​បំផ្លាញ​ស្ទើរ​តែ​ទាំង​ស្រុង​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ»​របស់​កម្ពុជា។

ជនរង​គ្រោះ​ពី​យុទ្ធនាការ​នេះ​រួម​មាន៖ ការ​បិទ​កាសែត​ The Cambodia Daily ដែល​មាន​គេ​គោរព​ច្រើន ក៏​ដូច​ជា​ការ​បិទ​ស្ថានីយ​វិទ្យុ​រាប់​សិប​ស្ថានីយ​នៅ​ទូទាំង​ប្រទេស ការ​បំបិទ​សំឡេង​និង​ការិយាល័យ​នៅ​កម្ពុជា​នៃ​បណ្តាញ​ផ្សាយបរទេសមួយ​គឺ​វិទ្យុ​អាស៊ីសេរី (ដែល​ជា​ស្ថានីយ​បណ្តាញ​រួម​ជាមួយ​វិទ្យុសំឡេង​សហរដ្ឋ​អាមេរិក VOA) និងការ​លក់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទៅ​ឲ្យ​អ្នក​វិនិយោគ​ម៉ាឡេស៊ី​ដែល​មាន​ក្រុមហ៊ុន​ទំនាក់ទំនង​សាធារណៈ​ធ្លាប់​បាន​ធ្វើ​ការ​ឲ្យ​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន

រូប​ឯកសារ៖ កាសែត​ The Cambodia Daily ​ព្រឹត្តិបត្រ​ចុងក្រោយ​បង្អស់​ នៅ​ការិយាល័យ​ក្នុង​រាជធានីភ្នំពេញ​ នៅថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០១៧។ កាសែត​ជា​ភាសាអង់គ្លេស​ The Cambodia Daily បាន​សម្រេច​បិទទ្វារ​ចាប់ពី​ចន្ទ​ ទី៤​ ខែកញ្ញា​នេះ​តទៅ​ បន្ទាប់​ពី​ប្រតិបត្តិការ​បោះពុម្ភផ្សាយ​អស់រយៈពេល​ ២៤ឆ្នាំ។ (ហ៊ាន សុជាតា/VOA)

លោក​ Bastard ថ្លែងប្រាប់ VOA តាម​សារ​អេឡិចត្រូនិក​ថា៖ «ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដូច​ជា​ Cambodia Daily វិទ្យុអាស៊ី​សេរី ឬ វីអូឌី បាន​ជួយ​ឲ្យ​ពលរដ្ឋ​កម្ពុជា​អាច​ទទួល​បាន​ព័ត៌មាន​ដែល​មិនស្ថិត​ក្រោមគ្រប់គ្រង​ដោយ​រដ្ឋាភិបាល។ បច្ចុប្បន្ន​នេះ ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​មិន​អាច​ទទួល​បាន​ព័ត៌មាន​ឯករាជ្យ​ទៀត​ទេ ហើយ​ត្រូវ​ស្តាប់​នូវ​ការ​ផ្សាយ​បែប​ឃោសនា​របស់​រដ្ឋាភិបាល​វិញ។»

«វិទ្យុ​របស់​ប្រជាពលរដ្ឋ»

នៅ​ពេល​ដែល​មជ្ឈមណ្ឌលកម្ពុជា​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​ បាន​បង្កើត​កម្មវិធី​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​២០០៣ ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន​បាន​កំណត់​ឲ្យ​វិទ្យុ​នេះ​ដើរ​តួ​ជា​«វិទ្យុ​ផ្តល់​សេវា​សាធារណៈ​ដែល​មិន​លម្អៀង បែប​ផ្សព្វផ្សាយ និង​អប់រំ នៅ​កម្ពុជា»។

វិទ្យុ​វីអូឌី​ត្រូវ​បាន​ទទួល​កិត្តនាម​ខាង​ផ្នែក​កម្មវិធី​ផ្សាយ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ ដែល​រួម​មាន​កម្មវិធី «តុមូល​វីអូឌី»​ ផង​ដែរ ដែល​កម្មវិធី​នេះផ្តល់​ឱកាស​ដល់​អ្នក​ស្តាប់​អាច​ទូរស័ព្ទ​ចូល​រួម​សួរ​វាគ្មិន​និង​បញ្ចេញ​មតិ​ទាក់ទង​នឹង​ប្រធានបទ​ព័ត៌មាន​ថ្មីៗ។ កម្មវិធី​ផ្សាយ​នានា​របស់​ខ្លួន​ធ្វើ​ឲ្យ​វីអូឌីសក្តិ​សម​ទៅ​នឹង​ពាក្យ​«វិទ្យុ​របស់​ប្រជាពលរដ្ឋ»​ ដែល​មាន​សរសេរ​ពី​ក្រោម​ស្លាកសញ្ញា​វីអូឌី​ក្នុង​បន្ទប់​បញ្ជា​ការ​ផ្សាយ។

លោក ណុប វី ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ CCIM ឈរ​ក្បែរ​ស្លាក​សញ្ញា​វិទ្យ​វីអូឌី ដែល​មាន​សរសេរ​ពាក្យ​«វិទ្យុ​របស់​ប្រជាពលរដ្ឋ» នៅ​ក្នុង​បន្ទប់​គ្រប់គ្រង​ការផ្សាយ​មួយ​ក្នុង​ការិយាល័យ​វីអូឌី​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ ទី​១១ ខែ​កញ្ញា​ ឆ្នាំ​២០១៩។ (សឹង សុផាត/VOA)

នៅ​មុន​ការបង្ក្រាបរបស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ កាល​ពី​ឆ្នាំ​២០១៧ វីអូឌី​ធ្លាប់​មាន​បណ្តាញ​ស្ថានីយ​វិទ្យុដៃគូ​នៅ​តាម​ខេត្ត​ ក៏​ដូច​ជាបង្កើត​បណ្តាញ«ពលរដ្ឋ​សារព័ត៌មាន» (citizen journalists) ដំបូង​គេ​នៅ​កម្ពុជា ​ហើយ​បាន​អះអាង​ថា​ខ្លួន​មាន​លទ្ធភាព​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ខ្មែរ​ចំនួន​៧​លាន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​៩​លាន​នាក់​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ពេល​នោះ។

កម្មវិធី​«តុមូល​វីអូឌី»​បាន​នាំ​មក​នូវ​វាគ្មិន​និង​អ្នក​ជំនាញ​ពី​ពហុ​វិស័យ​ដើម្បី​មក​ឆ្លើយ​សំណួរ​អ្នក​ស្តាប់​ដែល​ទូរស័ព្ទ​ចូល​កម្មវិធី​ផ្សាយ​ផ្ទាល់​នេះ អំពី​ប្រធានបទ​ជាក់លាក់​ណា​មួយ។

វីអូឌី​បាន​រស់រាន​ពី​ការ​បង្ក្រាបរបស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ មួយ​ផ្នែក​ក៏​ដោយ​សារ​អង្គការ​មេ​របស់​ខ្លួន​គឺ​មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​ការ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ចុះ​បញ្ជឺ​រួច​រាល់​នៅ​ក្រសួង​មហាផ្ទៃ។ អង្គការ​នេះ​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​ពី​អង្គការ​និង​មូលនិធី​អន្តរជាតិ។ វីអូឌី​បដិសេធ​មិន​បញ្ជាក់​ពី​ចំនួន​មូលនិធិ​របស់​ខ្លួន​ទេ ប៉ុន្តែ​គេហទំព័រ​របស់មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​ការ​ផ្សព្វផ្សាយ​ឯករាជ្យ ​មាន​រាយនាម​អង្គការ​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដូច​ជា​ មូលនិធិ Open Society និង Bread for the World ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក អង្គការ Diakonia របស់​ស៊ុយអែត និង​អង្គការ DanChurchAid របស់​ដាណឺម៉ាក។

កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៧ រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ប្រឆាំង​នឹង​ស្ថានីយ​ដៃ​គូ​របស់​វីអូឌី ដែល​ស្ថានីយ​ទាំង​៥​នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​ស្ថានីយ​វិទ្យុ FM ចំនួន​៣២នៅ​តាម​ខេត្ត​ចំនួន​២០​នៃ​ប្រទេស​កម្ពុជា​ដែល​ត្រូវ​ប៉ះពាល់។ វិធានការប្រឆាំង​នឹង​បណ្តាញ​ផ្សាយផ្សាយ​នេះ​បាន​ធ្វើ​ឲ្យ​វីអូឌី​បាត់​បង់​អ្នក​ស្តាប់​តាម​វិទ្យុ​ទាំង​អស់​ភ្លាម ហើយ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​បំបិទ​សំឡេងរិះគន់ក្នុង​ស្រុក​ដោយ​មិន​បាន​បិទ​ប្រតិបត្តិការ​ផលិត​កម្មវិធី​របស់​វីអូឌីនោះ​ទេ។​

ផែនទី​ផ្តល់​ដោយ​អង្គការ​លីកាដូ​នេះ បង្ហាញ​ពី​ស្ថានីយវិទ្យុ​ FM និង​ស្ថានីយផ្សាយ​បន្តទាំង​៣២​កន្លែង របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) វិទ្យុ​អាស៊ីសេរី (RFA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេ្យ​វីអូឌី (VOD) ​នៅ​តាម​ខេត្ត​ចំនួន​២០​នៃ​ប្រទេស​កម្ពុជា​ដែល​ត្រូវ​រង​ការ​បិទ​ការ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៧។ (ផ្តល់​ឲ្យ​ដោយ​លីកាដូ)

លោក ណុប វី ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ថ្លែងប្រាប់ VOA ថា ទោះ​បី​លែង​មាន​បណ្តាញ​ចែក​ផ្សាយ​តាម​វិទ្យុក៏ដោយ​ ក៏​វីអូឌីពេល​នោះនៅបន្ត​ផលិត​កម្មវិធី​សំខាន់ៗ​របស់​ខ្លួន​ដូច​ជា​កម្មវិធី​«តុមូល​វីអូឌី» ខណៈ​ដែល​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​មួយ​នេះ​បន្ត​ព្យាយាម​រក​ដំណោះស្រាយ។

ដោយ​វីអូឌី​ពេល​នោះ​នៅ​មាន​បុគ្គលិក​ដែល​ធ្លាប់​តែ​ផលិត​កម្មវិធី​សម្រាប់​វិទ្យុ​នោះ​ លោក​ ណុប វី ថា ការ​បាត់បង់​បណ្តាញ​ផ្សាយ​តាម​វិទ្យុ​ ធ្វើ​ឲ្យ​រយៈ​ពេលប៉ុន្មាន​ខែ​ក្រោយ​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ​ជា​រយៈពេល​លំបាក​ហើយ​កម្មវិធី​ផ្សាយ​ត្រូវ​ជួប​ការ​រអាក់រអួល​យ៉ាង​ខ្លាំង។

លោក​ថា ស្ថានភាព​លំបាកនេះ ក៏​បាន​បង្ខំ​ឲ្យ​វីអូឌី​ត្រូវ​គិតគូរ​ឡើង​វិញ​ពី​យុទ្ធសាស្ត្រ​នៃ​ការ​ផ្សាយ​របស់​ខ្លួន៖ «អញ្ចឹង​យើង​ជួប​បញ្ហា​ហ្នឹង យើង​ក៏​បាន​រៀបចំ​ឲ្យ​មាន​ជា​វគ្គ​បណ្តុះបណ្តាល​បន្ត​បន្ទាប់​ភ្លាមៗ​នៅ​ក្នុងដើម​ឆ្នាំ​២០១៨ ហើយ​ចាប់​ពី​ពេល​ហ្នឹង​មក​ យើង​មាន​ការ​វិវត្ត​ខ្លួន​យើង​ខ្លាំង​ទៅ​លើ​ផ្នែក​ឌីជីថល។»​

លោក​ ណុប វី ពន្យល់​បន្ថែម​ថា ពេល​នោះ​វីអូឌីបាន​សម្រេច​ប្រែ​ក្លាយ​ការ​ផលិត​កម្មវិធី​វិទ្យុ​របស់​ខ្លួន​ឲ្យ​ទៅ​ជា​ការ​ផលិត​កម្មវិធី​ទូរទស្សន៍​តាម​អនឡាញ​វិញ ដោយ​ប្រែ​ក្លាយកម្មវិធីផ្សាយ​តាម​វិទ្យុ​នានា​របស់​ខ្លួនឲ្យ​មក​ជាការ​ផ្សាយ​តាម​បណ្តាញ​អ៊ីនធឺណិត​វិញ។ ​កម្មវិធី «វីអូឌី​តុ​មូល»​ ក៏​ប្រែ​ក្លាយ​ជា​ទម្រង់​កម្មវិធី​ទូរទស្សន៍​ដែល​ផ្សាយ​តាម​បណ្តាញ​ហ្វេសប៊ុក​ជា​ចម្បង និងផ្សាយ​ឡើង​វិញ​តាម​ទំព័រ​ YouTube របស់​វីអូឌី​ដែរ។

ផលិតករ​ ស្រី សុភ័ក្ត្រ (ឆ្វេង​បំផុត) និង​សហការី​ស្តាប់របស់​អ្នកស្រី​ ឡុង វណ្ណា ​ជំនួយការ​កម្មវិធី​«តុមូល​វីអូឌី»​ ខណៈ​អ្នកស្រី​ប្រុងប្រៀប​ទទួល​ទូរស័ព្ទ​ពី​អ្នក​ស្តាប់​ដែល​ចូល​រួមសួរ​សំណួរ​ក្នុង​កម្មវិធី​នេះ។ (សឹង សុផាត/VOA)

ប្រធានបទ​ក្តៅ កម្មវិធី​ផ្សាយ​ដែល​វែកញែក

ចាប់​តាំង​ពីការ​ចាប់​កំណើតជា​ថ្មីជា​កម្មវិធីតាម​អនឡាញ​ទាំង​ស្រុងមកនោះ​ កម្មវិធី​ «តុមូល​វីអូឌី» ដែលផ្សាយ​ផ្ទាល់​ចេញ​ពី​បន្ទប់​ផ្សាយ​មួយ​នៅការិយាល័យ​វីអូឌី​ក្នុង​សង្កាត់​បឹងកេងកង​ទី១​ដ៏​ពេញ​និយម​របស់​រាជធានី​ភ្នំពេញ នៅ​តែ​បន្ត​ផ្តោត​ទៅ​លើ​ប្រធានបទ​ព័ត៌មាន​នានា​ដែល​ពេល​ខ្លះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រធាន​បទ​រសើប​ខាង​នយោបាយ។

នៅ​ក្រោយពេល​សម្របសម្រួលកម្មវិធីផ្សាយតុមូល​វីអូឌី​មួយរយៈ​ពេល​មួយ​ម៉ោងកាល​ពី​ខែ​កញ្ញាកន្លង​ទៅអំពីអំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​ ​អ្នក​ស្រី ​លឹម ធីតា ដែល​មាន​ទឹកមុខ​នឿយ​ហត់​បន្តិច សម្តែង​នូវ​ក្តី​រីករាយ​ដែល​អ្នក​ស្រីអាច​បម្រើការ​ខាង​វិស័យ​សារព័ត៌មានក្នុង​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យមួយ​បាន។ ប្រធានបទដែល​អ្នក​ស្រី​បាន​សម្របសម្រួល​មុន​នោះ​ជា​ប្រធានបទ​រសើប​មួយ​នៅ​កម្ពុជា ពីព្រោះ​វា​អាច​ទម្លាយ​ឲ្យ​ឃើញ​អំពី​អំពើ​ពុក​រលួយ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ការ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​របស់​មន្ត្រី​ និង​អ្នក​មាន​អំណាច រួម​ទាំង​មន្ត្រី​ដែល​មាន​តួនាទីប្រឆាំង​នឹង​អំពើ​ពុក​រលួយផង​ដែរ។

អ្នកស្រី លឹម ធីតា ប្រធាន​ផ្នែក​ផលិតកម្មវិធី​វិទ្យុ​វីអូឌី និង​ជា​អ្នក​សម្របសម្រួល​មួយ​រូប​នៃ​កម្មវិធី​«វីអូឌី​តុ​មូល» ផ្តល់​បទ​សម្ភាសន៍​នៅក្រោយ​ពេល​សម្រប​សម្រួល​កម្មវិធី​នេះនៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១៩។ (ទុំ ម្លិះ/VOA)

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ចូល​រួម​បញ្ចេញ​មតិ​ក្នុង​អំឡុង​ពេល​ការ​ផ្សាយ​ផ្ទាល់​នៃ​កម្មវិធី​«តុមូល​វីអូឌី»​អំពី​វិធានការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ដោយ​មាន​អ្នក​សម្របសម្រួល លឹម ធីតា (ឆ្វេង) កំពុង​អង្គុយ​ក្បែរ​វាគ្មិន​មួយ​រួប​គឺ​លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ នៅ​បន្ទប់ផ្សាយ​វីអូឌី​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩។ (ទុំ ម្លិះ/VOA)

អ្នកស្រី​ លឹម ធីតា រីករាយ​នឹង​លទ្ធផល​ខ្លះៗ​ដែល​អាច​កើត​មាន​ពី​កម្មវិធី​សារព័ត៌មាន​វិជ្ជាជីវៈ​បែប​នេះ​ថា៖ «ខ្ញុំ​ពេញ​ចិត្ត​ចំពោះ​កិច្ចការងារ​ហ្នឹង ហើយ​បើ​ទោះ​បី​ជា​អ្នក​មាន​ផលប្រយោជន៍​លើ​ហ្នឹង​មិន​សប្បាយ​ចិត្ត​ ក៏​ប៉ុន្តែ​យើង​មាន​មោទនភាព​នៅ​ពេល​ដែល​យើង​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ឬ​ក៏​កង្វល់​របស់​ប្រជាពលរដ្ឋ​ ហើយ​ត្រូវ​បានមន្ត្រី​ថ្នាក់​លើ គាត់យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ។»

ជា​ការណ៍​ពិត នៅ​មុន​នោះ​បន្តិច វាគ្មិន​មួយ​នៃ​កម្មវិធី​របស់​អ្នក​ស្រី​នៅ​ថ្ងៃ​នេះ គឺ​ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​ទទួល​ស្គាល់​ថា​រដ្ឋាភិបាល​លោក​ហ៊ុន សែន​មាន​សាវតារ​មិន​ល្អ​ខ្លះ​នៅ​ក្នុង​ការ​ចាត់​វិធានការ​ដាក់​ពិន័យ​ ចំពោះមេធាវី​និង​ចៅក្រម​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ។

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​ថ្លែង​ថា៖ «យើង​ក៏​បាន​ធ្វើ​ការ​ដោះស្រាយ​ច្រើន​រួច​មក​ហើយ​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ពុក​រលួយ​ភាព​អសកម្ម​របស់​មន្ត្រី​យុត្តិធម៌​របស់​យើង រួម​ទាំង​ភាព​មិន​ប្រក្រតី​ដែល​ប្រព្រឹត្ត​ដោយ​មេធាវី​ដែល​ជា​សមាជិក​គណៈ​មេធាវី។​ ហើយ​យើង​បាន​ដាក់​ចេញ​ជា​វិធានការ​និង​ដោះស្រាយ​បាន​ច្រើន ក៏​ប៉ុន្តែ​យើង​ទទួល​ស្គាល់​បញ្ហា​នៅ​មាន វា​នៅ​មាន​ជា​បុគ្គល​ដែល​តែង​ធ្វើ​ការ​ឆ្លៀត​ឱកាស»។​

លោកជិន ម៉ាលីន​ ពន្យល់​បន្ថែមនៅ​ក្នុង​កម្មវិធីតុ​មូល​ផ្សាយ​ផ្ទាល់​នោះ​ថា​ ​នៅ​ឆ្នាំ​២០១៨​មាន​មន្ត្រី​ជាចៅក្រម​ និង​ព្រះរាជអាជ្ញា​ជិត​២០​រូប​ដែលបាន​ទទួល​វិធានការ​ពិន័យ។

រូប​លោក ពេជ្រ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​របស់​រដ្ឋាភិបាល​ ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​កម្មវិធី «តុមូល​វីអូឌី» មួយអំពី​វិធានការ​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​លោក​ចូល​រួម​ជា​វាគ្មិន​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពុធ​ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩។ (ទុំ ម្លិះ/VOA)

នៅ​ពេល​នោះ ​វាគ្មិន​មួយ​រូប​ទៀត​នៅ​ក្នុង​កម្មវិធី​តុមូល​វីអូឌី​គឺ​ លោក ពេជ្រ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​របស់​រដ្ឋាភិបាល​ បាន​ប្រតិកម្ម​នឹង​ប្រសាសន៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​រូប​នេះ ដោយ​លោក​ ពេជ្រ ស្រស់​ រិះគន់​ថា វិធានការ​ចំពោះ​មន្ត្រី​យុត្តិធម៌​ដែល​ពុក​រលួយ​ មិន​មាន​តម្លាភាព​គ្រប់គ្រាន់​ទេ។

អ្នក​សម្របសម្រួល លឹម ធីតា នៅ​ពេល​នោះ​ក៏​ទទួល​សំណួរ ​និង​មតិ​ពី​អ្នក​ស្តាប់​ដែល​បាន​ទូរស័ព្ទ​ចូល​មួយ​ចំនួន ហើយ​បញ្ចប់​ការ​ទទួល​មតិ​នេះ​ដោយ​អាន​ខ្លឹមសារទាំង​ស្រុង​នៃ​មតិ​របស់​ប្រិយមិត្ត​មួយ​រូប​ដែល​បាន​ចូលរួម​មតិតាម​បណ្តាញសង្គម​ហ្វេសប៊ុក ​នៅ​ពី​ក្រោម​វីដេអូផ្សាយ​ផ្ទាល់​នោះ​ថា៖​ «នាង​ខ្ញុំ​សូម​អាន​ខូមិនថ៍​(មតិ)​មួយពី​ហ្វេសបុក​ [...]៖ អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ គួរឲ្យ​អស់​សំណើច​ សូម្បីតែ​ប្រព័ន្ធ​យុត្តិធម៌​ដែលជា​[ស្ថាប័ន]​អនុវត្ត​ច្បាប់​ពុករលួយ​ហើយ​ ដូច្នេះ​រដ្ឋ​បាល​សាធារណៈ​ផ្សេងៗ​ទៀត​មិនដឹង​ស៊ីរូង​ដល់​ខួរ​ឆ្អឹង​ហើយក៏មិន​ដឹង។»

ទស្សនា​កម្មវិធី​«តុមូលវីអូឌី»​ថ្ងៃ​ទី​១១ ខែ​កញ្ញា ត្រង់​នេះ៖

ការ​លំបាក​សម្រាប់​សារព័ត៌មាន​ឯករាជ្យ​មាន​បន្ត

រហូត​មក​ដល់​ពេល​នេះ ​ប្រធានបទ​រសើប​នានា​ដែល​កម្មវិធី​តុមូល​បាន​លើក​យក​មក​ពិភាក្សាមិន​ទាន់​បាន​បង្ក​ឲ្យ​មាន​បញ្ហា​អ្វី​ជា​មួយ​មន្ត្រី​រដ្ឋាភិបាល​នៅ​ឡើយ ដោយ​អ្នកស្រី​ លឹម ធីតា អះអាង​ថា ការណ៍​នេះ​ក៏​អាស្រ័យ​ដោយ​កម្មវិធី​កិច្ច​ពិភាក្សា​នេះធ្វើ​ឡើង​ប្រកប​ដោយ​វិជ្ជាជីវៈ​សារព័ត៌មាន ដោយ​កិច្ច​ពិភាក្សា​ប្រធានបទ​នីមួយៗ ទោះ​បី​រសើប​យ៉ាង​ណា​ក៏​ដោយ ​តែងតែ​បញ្ចូល​ទស្សនៈមាន​តុល្យភាព​ និង​គ្រប់​ជ្រុង​ជ្រោយ​ រួម​ទាំង​ទស្សនៈ​របស់​មន្ត្រី​រដ្ឋាភិបាល​ផង​ដែរ។

សូម្បី​វាគ្មិន​លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ដែល​បាន​បង្ហាញ​មុខ​លើ​កញ្ចក់ទូរស្សន៍​អនឡាញ​នេះ ​ក្បែរ​លោក យី សុខសាន្ត មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត នៃ​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ក៏​បាន​សរសើរ​កម្មវិធី​តុមូល​វីអូឌី​ថា​បាន​ជួយ​នាំ​សារ​ និង​ទស្សនៈ​របស់​លោក​ទៅ​កាន់​ប្រជាពលរដ្ឋ​ដែរ។​

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ ផ្តល់​សម្ភាសន៍​ដល់ VOA ក្រោយពី​ចូល​រួមកម្មវិធីផ្សាយ​ផ្ទាល់​ «តុមូល​វីអូឌី» អំពី​ប្រធានបទ​«​វិធានការ​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ក្នុងប្រព័ន្ធ​យុត្តិធម៌» នៅ​បន្ទប់​ផ្សាយ​វីអូឌី​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃពុធ​ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩។ (ទុំ ម្លិះ/VOA)

លោក ជីន ម៉ាលីន បញ្ជាក់​ប្រាប់ VOA ​ក្រោយ​កម្មវិធី​ផ្សាយ​ផ្ទាល់​នោះថា៖ «អ្វី​ដែល​យើង​ទទួល​បាន​គឺ​ជា​ការ​ជជែក​គ្នា​មួយ​ដែល​មាន​ការ​យោគយល់​គ្នា។ ពីព្រោះ​ មែន​ទែន​ទៅ​ ជួន​កាល​ដូច​ បង​នៅ​ខាង​សង្គម​ស៊ីវិល យើង​ធ្វើ​ការ​ដើម្បី​អភិវឌ្ឍ​សង្គម​ដូច​គ្នា​ទេ ក៏​ប៉ុន្តែពេល​ខ្លះ​យើង​មាន​របៀបរបប​នៃ​ការ​ធ្វើ​ការ​ផ្សេង​គ្នា បញ្ហា​ប្រឈម​ក៏​មាន​ផ្សេង​គ្នា​ដែរ។ អញ្ចឹង​ជា​ការ​ល្អ​ក្នុង​ការ​អង្គុយជជែក​គ្នា ផ្លាស់ប្តូរ​យោបល់ ហើយ​ទទួលយក​ក្តី​បារម្ភ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ដាក់​ចេញ​ជា​ដំណោះស្រាយ​រួម។»

បើ​ទោះ​បី​ជា​កម្មវិធី​តុមូល​វីអូឌី​តំណាង​ឲ្យពន្លឺ​នៃ​ក្តី​សង្ឃឹម​ខ្លះ​នៅ​ក្នុង​បរិយាកាស​សារព័ត៌មាន​មួយ​ដែលរឹតត្បឹត​ក្តី ក៏​វិទ្យុ​វីអូឌីនៅ​តែ​ត្រូវ​បង្ហាញ​ឲ្យ​បាន​ថា​ ការ​ផ្សាយ​ថ្មី​តាម​ទម្រង់​អនឡាញ​របស់​ខ្លួន​អាច​ទាក់ទាញ​មក​វិញ​នូវ​អ្នក​ស្តាប់​កម្មវិធី​វិទ្យុ​រាប់លាន​នាក់​ដែល​វីអូឌី​បាន​បាត់បង់នៅ​ក្នុង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​កាល​ពី​ជាង​ពីរ​ឆ្នាំ​មុន។

អ្នកស្រី​ លឹម ធីតា ដែល​ជាប្រធាន​ផ្នែក​ផលិត​កម្មវិធី​វិទ្យុ​ផង​នោះ​ រំឭក​ថា៖ «កាល​ពី​មុន​យើង​ធ្វើ​រ៉ាដយូ​(វិទ្យុ) ប្រិយមិត្ត​របស់​យើង​រ៉ាដយូ ហើយ​ប្រិយមិត្ត​យើង​ច្រើន ហើយ​គាត់​អាចរួម ដូច​ក្នុង​មួយ​ម៉ោង​យើង​អាច​ទទួល​បាន​ប្រាំ​នាក់​ប្រាំមួយ​នាក់ទេ។ ​ប៉ុន្តែ​គាត់​ខល​(ទូរស័ព្ទ)​មក​ចូលរួម​មាន​ច្រើន។ ប៉ុន្តែ​ដល់​ពេល​យើង​បម្លែង​ពី​[វិទ្យុុ​មក​ឌីជីថល] យើង​ឃើញ​ថា​ការ​ថយ​ចុះ​នៃ​ខល័រ (អ្នក​ទូរស័ព្ទ​ចូល)។»

ដោយ​សារ​បណ្តាញសង្គម​ហ្វេសប៊ុកនិង​អ៊ីនធឺណិត ទើបតែ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ថ្មី​នេះ ​បាន​ក្លាយ​ជា​ប្រភព​ព័ត៌មាន​ចម្បង​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា គឺ​មាន​ប្រជាប្រិយភាពជាងបណ្តាញ​ទូរទស្សន៍​និង​វិទ្យុ ការ​ផ្សព្វផ្សាយ​ព័ត៌មានតាម​ប្រព័ន្ធ​ឌីជីថលថ្មី​នេះ​នៅ​មាន​លក្ខណៈ​ថ្មីថ្មោង​នៅ​ឡើយ ដោយ​មាន​បច្ចេកទេស​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម ការ​រឹត​ត្បឹតកម្រិត​ផ្សព្វផ្សាយ​អាច​មើល​ឃើញដោយ​សារ​រូបមន្ត​លេខ​កូដ​អ៊ីនធឺណិត ឬ algorithm ខណៈ​ដែល​មានព័ត៌មាន​អំពី​ភាព​ចម្រូងចម្រាស​អំពី​ការ​រឹតត្បឹត​សេរីភាព​លើ​បណ្តាញអ៊ឹនធឺណិត​ និងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​បន្លំ​ជា​ដើម។

ការ​ប្រឈម​ខាង​ផ្នែក​នយោបាយ និងហិរញ្ញវត្ថុ​ដែល​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ដូច​ជាវិទ្យុ​វីអូឌី​នេះ ជួប​ប្រទះ​ នៅ​ពេលបង្វែរ​មកផ្សាយ​ទាំង​ស្រុង​ក្នុង​ប្រព័ន្ធ​អ៊ឺនធឺណិតនោះ​ ​ជា​ការ​លំបាក​មិន​ធ្ងន់ធ្ងរ​ដូច​សោដនាដកម្ម​មួយ​ទៀត គឺការ​បាត់បង់​មធ្យោបាយ​ផ្សាយ​តាម​វិទ្យុ​ទាំង​ស្រុង។ នេះ​បើ​តាមការ​បញ្ជាក់​របស់លោក Daniel Bastard ​នៃ​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​។

លោក​ Bastard ពន្យល់ប្រាប់ VOA ថា៖ «វា​ប្រាកដ​ណាស់​ថា ​ស្ថានភាព​នៃ​[សារព័ត៌មាន​ឯករាជ្យ]កន្លង​ទៅ​អាច​ធ្ងន់ធ្ងរ​ជាង​នេះ​ខ្លាំង​ណាស់​ប្រសិន​បើ​អត់​មាន​បណ្តាញ​អ៊ីនធឺណិត​សម្រាប់​ផ្សាយ ប៉ុន្តែ​កន្លង​ទៅ​ការ​ផ្សាយ​តាម​វិទ្យុ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​ជូន​ព័ត៌មាន​ដល់​សហគមន៍​នានា​នៅ​តំបន់​ដាច់​ស្រយាល ដើម្បី​អាច​ផ្សាយ​ព័ត៌មាន​[ជា​សំឡេង]ទៅ​ដល់​ប្រជាជន​ដែល​មិន​ចេះ​អក្សរ​ ដែល​មិន​អាច​អាន​ព័ត៌មាន​ជា​អត្ថបទ​សរសេរ[​ក្នុង​អនឡាយ]​បាន»។​

លោក​បន្ថែម​ថា «ព័ត៌មាន​តាម​អនឡាញ​មិន​អាច​ជំនួស​ព័ត៌មាន​តាម​វិទ្យុ​បាន​ទេ ជា​ពិសេស​ដោយ​សារ​ព័ត៌មាន​តាម​អ៊ីនធឺណិត​មាន​ការ​ចែកចាយមិន​សើ្ម​ភាព​គ្នា។»​

​លោក Daniel Bastard មាន​សុទិដ្ឋិនិយម​ថា គេ​អាចជំរុញ​ព័ត៌មាន​ឯករាជ្យ​តាម​អនឡាយ​ដោយ​ផ្អែក​លើមូលដ្ឋាន​គ្រឹះ​នៃ​អ្វី​ដែល​លោក​បាន​ហៅ​ថា «ប្រពៃណី​នៃ​វេទិកាការ​ជជែក​សាធារណៈ​និង​ការ​អភិវឌ្ឍ​វិស័យ​សារព័ត៌មាន»​ នៅ​កម្ពុជា​ដែល​មាន​ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​មក ហើយ​បើ​ទោះ​បី​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​រដ្ឋ​គ្រប់គ្រង​បែបឯកបក្ស​ក្តី។ ប៉ុន្តែ​លោក​នៅ​មាន​ការ​បារម្ភ​អំពី​ប្រតិបត្តិការ​របស់ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ដូច​វីអូឌី​ដែល​នៅ​រស់រាន​ក្រោយ​ការ​បង្ក្រាប​ឆ្នាំ​២០១៧ ប្រសិន​បើ​វីអូឌី​កាន់​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង​តាម​បណ្តាញ​អ៊ីនធឺណិត​ឬ​កាន់​តែ​ពង្រីក​ការ​ធ្វើ​ព័ត៌មាន​បែប​ស៊ើប​អង្កេត​បន្ថែម​ទៀតនោះ»។

​មន្ត្រី​រដ្ឋាភិបាល​តែង​បដិសេធ​ថា រដ្ឋាភិបាល​លោក​ហ៊ុន សែន​មិន​បាន​ព្យាយាម​រឹត​ត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ ទោះ​បី​តាម​មធ្យោបាយ​អនឡាញ​ ឬ​តាម​មធ្យោបាយ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​ដូច​វិទ្យុ​និង​ទូរទស្សន៍​ក៏ដោយ។ លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន​ បាន​បញ្ជាក់ប្រាប់​ VOA ក្នុង​ពេល​ថ្មីៗ​នេះ​ថា ការ​ដក​អាជ្ញាប័ណ្ណ​ និង​ការ​បិទ​ការ​ផ្សាយ​របស់​ស្ថានីយ​វិទ្យុ​នៅ​ក្នុង​ការ​បង្ក្រាប​នៅ​ឆ្នាំ​២០១៧ ជា​ការ​ត្រឹមត្រូវ​ដោយ​លោក​បញ្ជាក់​ថា៖ «ចំណុច​មួយ​ចំនួន​ដែល​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៧ ២០១៨ គឺ​គ្រាន់តែ​ថា​យើង ទាមទារ​ឲ្យ​អ្នក​សារព័ត៌មាន​អស់​ហ្នឹង​គោរព​ទៅ​តាម​វិធាន​ច្បាប់​ដែល​យើង​មាន​ជា​ធរមាន​តែ​ប៉ុណ្ណឹងទេ»។​

រូបថត​នៃ​ទំព័រ​ហ្វេសប៊ុក​របស់សំឡេង​ប្រជាធិបតេយ្យ​វីអូឌី កាល​ពី​ថ្ងៃ​សុក្រ ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៩ បង្ហាញពី​ការ​ផ្សព្វផ្សាយ​អំពី​គេហទំព័រ​ថ្មី​របស់​វីអូឌី vodkhmer.news ដែល​ត្រូវ​បាន​សម្ពោធ​កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ហើយក្រាហ្វិក​ផ្សព្វផ្សាយ​អំពី​ប្រធានបទ​នៃ​កម្មវិធី​«តុមូល​វីអូឌី»ចុង​ក្រោយ។ វិទ្យុ​វីអូឌី​បាន​ផ្តោត​ទៅ​ការ​ផ្សាយ​តាម​បណ្តាញ​អនឡាញក្រោយ​ពី​ត្រូវ​បាត់បង់មធ្យោបាយ​ផ្សាយ​តាម​វិទ្យុ។ (Facebook/VOD Khmer official page)

អ្នក​បច្ចេកទេស​ម្នាក់​ក្នុង​បន្ទប់​គ្រប់គ្រង​ការ​ផ្សាយ​មើល​មក​បន្ទប់​ផ្សាយ​ដែល​មាន​វាគ្មិនលោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ កំពុង​រង់​ចាំ​ការ​ចាប់​ផ្តើម​ផ្សាយ​ផ្ទាល់​នៃ​កម្មវិធី​«តុមូល​វីអូឌី»​ដែល​លោក​ចូលរួម។ (ទុំ ម្លិះ/VOA)

លោក ណុប វី ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ជា​អង្គការ​មេ​គ្រប់គ្រង​កម្មវិធី​វិទ្យុ​វីអូឌី សង្ឃឹម​ថា ការ​បន្ត​ធ្វើ​កិច្ចការ​កែប្រែអភិវឌ្ឍ​ខ្លួន​ឲ្យទៅ​ជា​បណ្តាញ​ផ្សាយ​តាម​ឌីជីថល ដែល​រួម​មាន​ការ​បង្កើត​គេហទំព័រ​ព័ត៌មានវីអូឌី​ជា​ភាសា​អង់គ្លេសក្នុង​ពេល​ថ្មីៗ​នេះ​ផង នឹង​អាច​ទាក់ទាញ​អ្នក​អាន​និង​ទទួល​ព័ត៌មាន​វីអូឌី​កាន់​តែ​ច្រើន ក្នុង​ចំនួន​មួយ​ដែល​អាច​ជំនួស​ឲ្យ​ចំនួន​អ្នក​ស្តាប់​កម្មវិធីវិទ្យុ​វីអូឌី​រាប់​លាន​នាក់​ដែល​ត្រូវ​បាត់​បង់​ក្រោយ​ការ​បង្ក្រាប​នៅ​ឆ្នាំ​២០១៧។

លោក​ ណុប​ វី​ ថ្លែង​ថា ដរាប​ណាកម្មវិធី​ដូច​ជា​«តុមូល​វីអូឌី» អាច​បន្ត​ជំរុញ​នូវ​កិច្ច​ពិភាក្សា​សាធារណៈ​ក្នុងទម្រង់​មួយ​ដែល​មាន​ប្រយោជន៍​ ទាំងសម្រាប់​ប្រជាពលរដ្ឋ​និង​សម្រាប់​រដ្ឋាភិបាល​ផង​ដែរនោះ លោក​គិត​ថា​កម្មវិធី​វីអូឌី​នឹង​អាច​បន្ត​ការ​ផ្សាយ​របស់​ខ្លួន​ទៀត។​

លោក​ ណុប វី ​បញ្ជាក់​ពី​កិច្ចការ​សារព័ត៌មាន​តាម​បណ្តាញ​ឌីជីថល​ទៅ​អនាគត​ថា៖​ «ការ​បារម្ភ​នៅ​តែ​ជា​ផ្នែក​តូច​នៅ​ឡើយ​ទេ អ្វី​ដែល​យើង​ធ្វើ​ហ្នឹង [កិច្ចការ​សារព័ត៌មាន] ជានិច្ចកាល​វា​តែងតែ​មាន​ការ​ប៉ះទង្គិច​ហើយ។ យើង​អត់​ចាំ​បាច់​ទៅដល់​មាន​ភាព​ជោគជ័យ​អ្វី​ច្រើន​ផង។ ខ្ញុំ​គិត​ថា​ក្នុងស្ថានភាព​បច្ចុប្បន្ន​នេះ អ្នក​ពាក់ព័ន្ធ​ឬ​មួយ​ក៏​រដ្ឋាភិបាល​ក៏​តាមដាន ក៏​មើល​កម្មវិធី​របស់​យើង​ដែរ។​

នៅ​ពេល​សួរ​ថា នៅ​ពេល​ខាង​មុខនេះ​ ​ថា​តើ​វីអូឌីនៅ​ក្នុង​អនឡាញ​អាច​ទទួល​ការ​បិទ ​ឬ​មិន​បិទ​ពី​រដ្ឋាភិបាល​នោះ លោក ណុប វី គិត​ថា ​វា​អាស្រ័យ​លើ​កត្តា​បច្ចេកវិទ្យា​ផង​ និង​កត្តា​ផ្សេង​ទៀត​ដែល​ស្ថាប័ន​លោក​មិន​អាច​ទស្សន៍ទាយ​មុន​បាន​ថា​រដ្ឋាភិបាល​អាច​មាន​វិធានការ​អ្វី​ទៀត​នៅ​ពេល​ខាង​មុខនោះ។

«យើង​ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​បន្ត​ទៀត ឬ​មួយ​ក៏​យើង​ដើរ​មួយ​ជំហាន យើង​អាច​មើល​មួយ​ជំហាន​អញ្ចឹង៕»