អ្នកជាតិនិយម​ថៃ​ពីរនាក់​ជាប់ចោទ​រឿង​ចារកម្ម

លោក​ វារ៉ា​ សោម​ក្វាំគីត​ (Veera Somkwamkid) អតីត​មេដឹកនាំសម្ព័ន្ធភាព​ប្រជារាស្រ្ត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ ត្រូវ​បាន​នាំខ្លួន​​ចូលតុលាការក្រុងភ្នំពេញ​ដោយ​ប៉ូលិស​ខ្មែរ។

វ៉ាស៊ីនតោន៖ សកម្មជន​ជាតិ​និយម​ថៃល្បី​ឈ្មោះ​ម្នាក់​និង​ជំនួយ​ការ​របស់​លោក​បាន​ប្រឈម​មុខ​នឹង​ការ​សាក​សួរ​នៅ​ក្នុង​តុលាការ​ខ្មែរ​មួយ​កាល​ពី​ថ្ងៃ​ពុធ​ អំពី​បទ​ចោទ​ប្រកាន់​រឿង​ចារកម្ម។​ អ្នក​ទាំង​ពីរ​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​ជាតិ​ថៃ​៧​នាក់​ រួម​មាន​អ្នក​តំណាងរាស្ត្រ​ម្នាក់​ដែល​ត្រូវ​ជាប់​ចោទ​ពី​បទ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់​។​ ករណី​នេះ​អាច​នាំ​ឲ្យជម្លោះ​ការ​ទូត​ដែល​កំពុង​ពុះ​តិចៗ​ឲ្យពុះ​កញ្ជ្រោល​ជា​ថ្មី​ឡើង​វិញ​បាន។

លោក​ វារ៉ា​ សោម​ក្វាំគីត​(Veera Somkwamkid) និង​លេខាធិការ​របស់​លោកឈ្មោះ​ រ៉ាទ្រី​ ពីប៉ាថាណាផៃប៊ុន​ (Ratree Pipatanapaiboon)ត្រូវ​ជាប់​ចោទ​អំពី​បទ​ប្រមូល​ព័ត៌មានដែល​អាច​គំរាម​ដល់​សន្តិសុខ​របស់​ប្រទេស​កម្ពុជា​។​ ពាក្យ​ចោទ​នេះ​អាច​ផ្តន្ទាទោស​ឲ្យ​ជាប់​គុក​ដល់ទៅ១០​ឆ្នាំ។

អ្នក​ទាំង​ពីរ​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​មុន​ បន្ទាប់​ពី​បាន​ឆ្លងដែន​ចូល​ទៅ​ក្នុង​តំបន់​យោធា​មួយ​របស់​កម្ពុជា។​ អ្នក​ទាំង​ពីរ​បាន​ធ្វើ​ដំណើរ​ជា​មួយ​ជន​ជាតិ​ថៃ​៥​នាក់​ទៀត ​ដែល​ភាគ​ច្រើន​ជា​សមាជិក​នៃក្រុម​បំបែក​ខ្លួន​ជាតិ​និយម​មួយ​ឈ្មោះ​ សម្ព័ន្ធភាព​ប្រជារាស្រ្ត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ។​ ក្រុម​សកម្មជន​ហៅ​ពួក​«​អាវ​លឿង»​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថៃ​ប្រកាន់​យក​ជំហរ​រឹងមាំ​មួយ​ចំពោះ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ជម្លោះ​ព្រំដែន។

នាយក​រដ្ឋមន្រ្តី​ថៃ​ លោក អាហ្វីស៊ីត វិចាជីវ៉ា (Abhisit Vejjajiva)បាន​អំពាវនាវ​សុំឲ្យរដ្ឋាភិបាល​ក្រុង​ភ្នំពេញដោះ​លែង​អ្នក​ទាំង​ប្រាំពីរ​ទៅ​វិញ​ ក៏​ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ ហ៊ុន​ សែន​ ​ថ្លែង​ថា​ តុលាការ​ត្រូវ​សម្រេច​អនាគត​អ្នក​ទាំង​នេះ។

លោក​ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​នយោបាយ​ខ្មែរ​ម្នាក់​ដែល​រស់នៅ​ទី​ក្រុង​អ័កស្វ័ដ(Oxford) ប្រទេស​អង់គ្លេស​ ថ្លែង​ថា​ ប្រព័ន្ធ​តុលាការ​ខ្មែរ​មិន​មាន​ឯករាជ្យភាព​ទេ​ ហើយ​ថា ​ការ​ជំនុំជំរះ​ក្តី​ជនជាតិ​ថៃ​ទាំង​នោះ​មាន​ឱកាស​យុត្តិធម៌​ តិច​តួច​ណាស់។

«ប្រព័ន្ធ​នេះ​នៅ​ដូច​ជា​ប្រព័ន្ធ​តុលាការ​កុម្មុយនិស្ត​មួយ ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​រដ្ឋាភិបាល​ តាម​រយៈ​គណបក្ស​កាន់​អំណាច ដែល​ចៅក្រម​ស្ទើរ​ទាំង​អស់​ជា​សមាជិក​គណបក្ស​គ្រប់​គ្រង​អំណាច។​ ហើយ​គណបក្ស​មាន​វិន័យ​តឹងរ៉ឹងណាស់ ដូច្នេះ​ការ​ងាករេចេញ​ពី​ខ្សែ​បន្ទាត់​គណបក្ស​និង​ទទួល​ការ​ស្តី​បន្ទោស»។

ក្រុម​អ្នក​ជាតិ​និយម​ថៃ​និយាយ​ថា​ ជនជាតិថៃ​៧​នាក់នេះ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ពាក្យ​ចោទ​ប្រកាន់​ដែល​ថា​ កម្ពុជា​បាន​រុក​រាន​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ ហើយ​ថា ​ពួក​គេ​ត្រូវ​ទាហាន​ខ្មែរ​ចាប់​ ។​ ព្រំដែនដែល​មាន​ការ​កម្រិត​មិន​ច្បាស់​លាស់​រវាង​គូ​បដិបក្ខ​ដ៏​យូរ​អង្វែង​ជា​យូរ​មក​ហើយបាន​បំផុស​ឲ្យ​មាន​អារម្មណ៍​ជាតិនិយម​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ។​ ជម្លោះ​មួយ​ទាក់ទងនឹង​ប្រាសាទ​បូរាណរបស់ខ្មែរគឺ​ព្រះ​វិហារ​បាន​បណ្តាល​ឲ្យ​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​ខ្មែរ​និង​ថៃ​ក្នុង​ឆ្នាំ​២០០៨។​ អង្គការ​UNESCO ទទួល​ស្គាល់​ថា​ ប្រាសាទ​នេះ​ជា​កម្មសិទ្ធិ​របស់​ខ្មែរ តែ​សកម្មជន​ថៃ​ខ្លះ​និយាយ​ថា ​ប្រាសាទ​នេះ​ជា​របស់​ថៃ។

លោក​ឡៅ ម៉ុងហៃ​និយាយ​ថា​ កម្ពុជា​មាន​សម្ព័ន្ធមិត្ត​ការទូត​តិច​ជាង​ប្រទេស​ថៃ​ ហើយ​មុខ​ជា​មិន​បាន​ជោគជ័យ​ច្រើន​ទេ​ បើ​សិន​ជាកម្ពុជា​លើក​យក​រឿង​នេះ​ទៅ​ដោះ​ស្រាយ​នៅ​ក្នុង​វេទិកា​អន្តរជាតិ​មួយ​ ដូច​ជា​អង្គការ​សហប្រជាជាតិ​ជា​ដើម។​ ផ្ទុយ​ទៅ​វិញ​លោក​បន្ថែម​ថា​ រដ្ឋាភិ​បាល​កម្ពុជាហាក់​ដូច​ជា​ប្រើ​ការ​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​នេះ​ជា​ការ​បង្វែរ​ផ្លូវនយោបាយ។

«និយាយ​ឲ្យ​ជ្រៅ​ទៅ រឿង​នេះ​គឺ​កាន់​តែ​បង្កើន​ភាព​តាន​តឹង​ និង​បង្វែរ​មតិ​សាធារណជន​ចេញ​ពី​ព្រំដែន​ខាង​កើត​តែ​ប៉ុណ្ណោះ»។

នេះ​គឺ​ព្រំដែន​ខាង​កើត​ជា​មួយ​ប្រទេស​វៀតណាម​ ដែល​ជា​បញ្ហា​ងាយ​មាន​បញ្ហាដូចគ្នា​សម្រាប់​អ្នក​ជាតិនិយម​ខ្មែរ ដែល​ព្រួយបារម្ភ​អំពី​ការ​វាទ​ទឹក​ដី​របស់​ក្រុង​ហាណូយ​ ដោយលួច​រំកិល​បង្គោល​ព្រំ​ដែន​ស្ងៀម​ស្ងាត់ៗ។​ បញ្ហា​នេះមាន​ការ​ពិនិត្យ​ពិច័យតាម​ផ្លូវ​ការ​ដ៏​តិច​តួច​ពី​រដ្ឋាភិបាល​ភ្នំពេញ​ ដែល​ក្រុម​អ្នក​រិះ​គន់​និយាយ​ថា ​ជា​សញ្ញា​មួយ​បង្ហាញ​ឥទ្ធពល​ដ៏​ខ្លាំង​ក្លា​របស់​វៀតណាម​នៅ​ក្នុង​នយោបាយ​កម្ពុជា។

ចំណែក​ព្រំដែន​ជា​មួយ​ថៃ​វិញ​ជា​បញ្ហា​ខុស​ស្រឡះ​ពី​នេះ។​ ករណី​បច្ចុប្បន្ន​ជា​មួយ​ថៃ​បាន​ទាក់​ទាញ​អារម្មណ៍​យ៉ាង​ខ្លាំងរបស់បណ្តាញ​ព័ត៌មាននៅ​ក្នុង​កម្ពុជា​ ហើយ​អ្នក​ចរចា​កំពូលៗ​អំពី​បញ្ហា​ព្រំដែននៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​ក្រុង​ភ្នំពេញ​ក្នុង​សប្តាហ៍​នេះ​ ព្រមទាំង​បានសន្យា​ថា ​នឹង​ពន្លឿន​ដំណើរ​បោះបង្គោល​ព្រំដែន​ ទោះ​បី​ជា​មាន​ភាព​តាន​តឹង​យ៉ាង​ណា​ក៏​ដោយ។

ប្រែ​សម្រួល​ដោយ​ពិន ស៊ីសុវណ្ណ