កសិករ​ដាំ​បន្លែ​ខ្លះ​មាន​សង្ឃឹម​ឡើង​វិញ​ក្រោយ​ការ​បិទខ្ទប់​ធូរ​ស្រាល ខណៈ​អនាគត​ទីផ្សារ​មិន​នឹងនរ

លោក ប៉េង ឡុង កំពុងរៀបរាប់អំពីបញ្ហាទីផ្សារបន្លែ នៅចម្ការរបស់លោក ក្នុងស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ភ្នំពេញ — កំពុង​ឈរ​ញញឹម ដោយ​សម្លឹងមើល​ទឹក​ដែល​ស្រោច​ស្រព​លើ​ដំណាំ​ស្ពៃខ្មៅ​ដ៏​ខៀវ​ស្រងាត់​ក្នុង​ចម្ការ​របស់​ខ្លួន​លោក ប៉េង ឡុង​ កសិករ​ដាំ​បន្លែ​ក្នុងឃុំ​ទឹក​វិល​ស្រុក​ស្អាង ខេត្ត​កណ្តាល និយាយ​ថា ដំណាំ​ស្ពៃ​ខ្មៅ​លើក​នេះ​កំពុង​ឲ្យ​ផល និង​មាន​ទីផ្សារ​សម្រាប់​លក់​ឡើង​វិញ។

តែ​ស្នាម​ញញឹម​នេះ​មិន​បាន​កើត​ឡើងលើ​បុរស​វ័យ ៤៨ ឆ្នាំ​រូបនេះ ក្នុង​អំឡុង​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ កាល​ពីខែមេសា​កន្លង​ទៅ​នោះ​ទេ ព្រោះ​លោក​បាន​ខាតបង់​ផល​ដំណាំ​និង​ទុន​លើ​ការ​ដាំដុះ​ដំណាំ​ស្ពៃ​ខ្មៅ​នេះ ដោយ​មិន​មាន​ទីផ្សារ​លក់​ ព្រោះតែ​វិធានការ​បិទ​ខ្ទប់​និង​ការ​បិទ​ផ្សារ​ធំៗ​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ ​ក្នុង​ប្រទេស។​

លោក ​ប៉េង​ ឡុង​ បាន​ប្រាប់​ VOA ថា៖ «អង្កាល់​បិទ​ផ្សារ​ហ្នឹង បន្លែ​ខ្ញុំ​សាលាដ​ព្យួរ​ចោល ហើយ​ស្ពៃ​ខ្មៅ​ក៏​ព្យួរ​ចោល។ ចុះ​បើ​អត់​មាន​ទីផ្សារ​លក់ យើង​មិនព្យួរ​ចោល មិនរក​ម្តងទៀត រក​ដាក់គ្រាប់​ដាក់​អីម្តង​ទៀត ដាំបន្ត​ទៀត​ទៅ​។ បើ​ដូច​រាល់​ថ្ងៃ​បានគួរ​ស្រូវ [តំបន់​គួរ​ស្រូវ] អីអ៊ីចឹង​ទៅ យើង​បាន​ទៅ​លក់​ ទៅ»។

លោក ប៉េង ឡុង បាន​បន្ថែម​ថា លោក​បាន​ដាំ​ស្ពៃ​ខ្មៅលើក​នេះ​ត្រូវ​ចំណាយ​ពេល​ជាងមួយ​ខែ បន្ទាប់​ពី​ការ​បិទ​ខ្ទប់ ដោយ​អាច​លក់​ចេញ​បាន​ចំនួន ​៩​ លាន​រៀល ដែល​ជា​ការ​ស្តារបន្លែ​ដែល​លោក​បានព្យួរ​ចោល​ពីរ​ដងក្នុង​អំឡុង​ការ​បិទ​ខ្ទប់។

នៅ​កម្ពុជា ​ក៏​ដូចជា​បណ្តា​ប្រទេស​ជិតខាង​នៅ​តំបន់អាស៊ី​អាគ្នេយ៍ ដូចជា​ថៃ និង​វៀតណាម វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ១៩ ​កំពុងតែ​បង្ក​ផល​ប៉ះពាល់​អវិជ្ជមានដល់​សកម្មភាព​សេដ្ឋកិច្ចនានា​ក្នុង​ប្រទេស ដោយសារ​ការ​ចាត់​វិធានការ​ទប់ស្កាត់​ការ​ឆ្លងរាលដាល​ខ្លាំង ​ដូចជា​ការ​បិទ​ច្រក​ចេញ​ចូល​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​ឬ​តំបន់ និង​ការ​បិទខ្ទប់​ជា​ដើម។

​កាលពី​ឆ្នាំ ២០២០ សន្ទុះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​បាន​ធ្លាក់ទាប​បំផុត​ពី ​៧ ​ភាគរយ​ នៅឆ្នាំ ២០១៩ ចុះ​ដល់​ខ្ទង់​អវិជ្ជមាន​គឺ -៣,១ ភាគរយ ដោយសារ​តែ​វិបត្តិ​ជំងឺ​កូវីដ ១៩ ដែល​បាន​ប៉ះពាល់​ដល់​ដំណើរ​ផលិតកម្ម​និង​ប្រព័ន្ធ​សេដ្ឋកិច្ច​សកល​លោក។ ហើយ​បើ​ទោះ​បី​ជា​នៅ​ពាក់​កណ្តាល​ខែ​មិថុនា ​ឆ្នាំ ២០២១​នេះ ធនាគារ​ពិភពលោក (World Bank) បាន​កត់​សម្គាល់​ថា សេដ្ឋកិច្ច​កម្ពុជា​អាច​ងើប​ឡើង​វិញ​បាន ដោយ​ទទួល​បាន​កំណើន​ខ្ពស់​បំផុត ៤​ ភាគរយ ឬ​ទាប​បំផុត ១ ភាគរយ​សម្រាប់​ឆ្នាំ ២០២១ ​នេះ​ក្តី ក៏​កំណើន​នេះ​អាច​ទៅ​រួច​ឬ​មិន​រួច គឺ​អាស្រ័យ​មួយ​ផ្នែក​លើ​ថា​តើ​មាន​ការ​បិទខ្ទប់​សកម្មភាព​ក្នុង​សង្គម​ទៀត​ឬ​ក៏​យ៉ាងណា

ក្នុង​ចន្លោះ​ពាក់​កណ្តាល​ខែមេសា ដល់​ពាក់​កណ្តាល​ខែ​មិថុនា ឆ្នាំ ២០២១ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​បញ្ជា​ឲ្យបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុងតាខ្មៅ ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាលដាល​ជំងឺកូវីដ​១៩។ ក្នុង​ការ​បិទ​ខ្ទប់​នោះ ផ្សារធំៗជាច្រើន​ដូចជា​ផ្សារអូឬស្សី ផ្សារ​នាគមាស​ ផ្សារ​ដើមគរ​ជាដើម ដែល​ជា​ប្រភព​នៃ​អ្នក​ទិញ​ផលិតផល​កសិកម្ម​នានា ដូចជា​បន្លែ​ស្ពៃខ្មៅ​របស់​លោក ប៉េង ឡុង ត្រូវបាន​បិទ​មិនឲ្យ​ដំណើរការ។ រីឯ​ការដឹក​ជញ្ជូន​បន្លែ​ផ្លែ​ឈើ​ផ្សេងៗ​វិញ ក៏​មាន​ជួប​នឹង​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត​ផង​ដែរ។

ចម្ការស្ពៃខ្មៅក្នុងស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ជា​លទ្ធផល​នៃ​ការ​បិទផ្សារ​និង​ការ​បិទ​ខ្ទប់​សកម្មភាព​ក្នុង​សង្គម កសិករ​ដាំ​ដំណាំ​បន្លែ​ដូចជា​លោក​ ប៉េង ឡុង បាន​រង​ការ​ខាតបង់​ទុន​ជា​ទម្ងន់។ លោក ប៉េង ឡុង ដែល​មាន​ភរិយា​និង​កូន​ពីរ​នាក់​ក្នុង​បន្ទុក ​បាន​រៀប​រាប់អំពីស្ថានភាព​នៃ​ការ​ដាំ​បន្លែ​ស្ពៃខ្មៅ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ថា៖

«ព្យួរ​ចោល​ទី​១ ​ខ្ញុំ​ដាំ​វា​អត់​មាន​ថ្លៃ អត់​មាន​ថ្លៃ​ខ្ញុំ​ព្យួរ​ស្ពៃ​ខ្មៅ​ហ្នឹងចោល ​ខ្ញុំ​ដាក់​សាលាដ។ ដាក់​សាលាដទាល់តែ​ថ្ងៃ​ដែល​ថាខ្ញុំ​ត្រូវ​ឡើង​ស្អែក យប់​ហ្នឹង​គេ​បិទ​ អាថ្ងៃ​ ១៥-១៦ [ខែមេសា] ចូល​ឆ្នាំ​ហ្នឹង គេ​បិទ​គ្រឹប​ទៅ យើង​មាន​ទៅណារួច យើង​មាន​តែ​ព្យួរ​ចោល​ទៀត»។

ក្នុង​អំឡុង​ការ​បិទ​ខ្ទប់ កសិករ​រូបនេះ​និយាយ​ថា​តម្លៃ​ស្ពៃ​ខ្មៅនៅ​ក្រោម ​១,០០០រៀល ចំណែក​ក្រោយ​ពេល​បិទ​ខ្ទប់​លោក​លក់​បាន​ជាង ​១,០០០​រៀល ​ក្នុង​មួយ​គីឡូ​ក្រាម។​ លោក ប៉េង ឡុង ដែល​មាន​ដី​ទំហំ​ជាង​ ២០​អា បាន​រៀបរាប់បន្ថែម​ថា ក្នុង​ការ​ដាំ​បន្លែម្តងៗ លោក​ត្រូវ​ចំណាយ​លើ​ការ​ទិញចម្បើង ទិញ​ពូជ​ ជី ​ការ​ជួល​កម្លាំង​ដើម្បី​ព្យួរ និងធ្វើ​ស្មៅ​ផ្សេងៗ។ ​លោកថា ការ​ព្យួរ​បន្លែ​ចោល​ទាំង​ពីរ​ដង​នោះ​ក្នុង​ម្តងៗ ​លោក​ខាត​អស់​ជាង​ ៣​លាន​រៀល។

មិនមែន​តែ​លោក ប៉េង ឡុង​ ទេ​ដែល​ត្រូវ​ខូច​ខាត​ដំណាំ​បន្លែ​ក្នុង​អំឡុង​ការ​បិទ​ខ្ទប់រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ ដើម្បី​ទប់​ស្កាត់ការ​រីក​រាល​ដាល​ជំងឺកូវីដ​១៩ ប៉ុន្តែ​ក៏​មាន​កសិករ​ផ្សេង​ទៀត​ជួបបញ្ហា​ដូចគ្នា​ផង​ដែរ។

​លោក សុង ហ៊ី កសិករ​ម្នាក់​ទៀត​ដែល​ដាំ​ស្ពៃ​ក្រញ៉ាញ់​ ក្នុង​ស្រុក​ស្អាង​ដែរ​នោះ ​និយាយ​ថា​ ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់ បន្លែ​មាន​តម្លៃ​ថោក ហើយ​មិន​អាច​នាំ​ចេញ​ទៅ​លក់​ក្នុង​រាជធានី​ភ្នំ​ពេញ​បាន​ទេ។​ បុរស​វ័យ ​៤០ ​ឆ្នាំ​រូប​នេះ​ បន្ថែម​ថា ប្រសិន​បើ​ការ​បិទ​ខ្ទប់​កើត​ឡើង​ម្តង​ទៀត នោះកសិករ​ដាំ​បន្លែ​នឹង​ត្រូវ​ប្រឈម​នឹង​បញ្ហា​ម្តង​ទៀត។​

កំពុង​អង្គុយ​បោច​ស្មៅ​ចេញ​ពី​ចម្ការ​បណ្តើរ និយាយ​បណ្តើរ លោក សុង ហ៊ី បញ្ជាក់​ថា៖

«ចេះ​តែឮល្ហាក់​ល្ហ៊ាងថា​រក​បិទៗ​អី​អ៊ីចឹង​ទៀត ​ហើយ​បន្លែ​ជិត​បាន​លក់​ដែរ បើ​បិទ​ខ្ទប់​ទៀត​មក គាំង​ទៀត។ អាហ្នឹង​មាន​តែ​ដល់​ពេល​វេលា​ត្រូវ​បាញ់​ថ្នាំ​ចោល ឈូស​ចោល​អី​អ៊ី​ចឹង​។ ​យើង​ត្រូវ​ដាក់​អីទៀតទៅ»។

លោក សុង ហ៊ី កំពុងដកស្មៅពីចម្ការស្ពៃក្រញ៉ាញ់របស់លោក ក្នុងស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

សេដ្ឋកិច្ច​កសិកម្ម​ដ៏​ផុយ​ស្រួយ ក្នុង​អំឡុង​វិបត្តិ​កូវីដ​១៩

កន្លង​មក​ មានកសិករ​មួយ​ចំនួន​បាន​ថតរូបភាព​បង្ហាញការ​ព្យួរ​សាលាដ​ចោល ហើយ​បានបង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ក្នុង​អំឡុង​ការ​បិទ​ខ្ទប់​ ដោយសារ​តែ​សាលាដ​ដែល​ពួកគេ​ដាំ​មិន​មាន​ទី​ផ្សារ ឬទុក​ឲ្យ​រលួយ​ចោល។ ចំណែក​កសិករ​មួយ​ចំនួន​ទៀត​ក្នុង​ស្រុក​ស្អាង ខេត្ត​កណ្តាល​ដែល​ VOA បាន​សាក​សួរ ក៏​បាន​បាញ់ថ្នាំ​ដាក់​សាលាដ​ឲ្យ​វា​រលួយ​ ដោយ​សារ​មិន​មាន​ទីផ្សារ​ផង​ដែរ។​

លោក ញឿន ចាន់​រ៉េត ម្ចាស់​ផ្សារ​កសិផល​ធម្មជាតិ Agro Nature ដែល​ជា​អ្នក​ទិញ​បន្លែ​ពី​កសិករ​ខ្មែរ​ពី​តាម​បណ្តា​ខេត្ត​មក​លក់​ នៅ​រាជធានី​ភ្នំពេញ​ប្រាប់ VOA ថា ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់ លោក​អាច​នាំ​ចូល​បន្លែ​ពី​បណ្តា​ខេត្ត​ត្រឹម​តែ​៣០​ភាគរយ​ប៉ុណ្ណោះ ចំណែក​តម្លៃ​នៃ​ការ​ដឹកជញ្ជូនឡើង​ថ្លៃ​ប្រមាណជា​ពាក់​កណ្តាល។

«អង្កាល់​បិទ​ខ្ទប់​ហ្នឹង​ យើង​នាំ​ចូលបានមួយ​ថ្ងៃ​ត្រឹម​តែ ១០០​គីឡូ ១៥០​គីឡូ​ទេ។ ខណៈ​ដែល​ទូទៅ​យើង​នាំ​ចូល​បាន ​៣០០គីឡូ ទៅ​ ៤០០​គីឡូ»។

លោក ញឿន ចាន់រ៉េត បន្ថែម​ថា ក្នុង​អំឡុង​ការ​បិទ​ខ្ទប់ ការ​ផ្គត់ផ្គង់​បន្លែ​មាន​ការខ្វះ​ខាត​ខ្លាំង ស្របពេល​ដែលតម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​មាន​ការ​កើនឡើង ប៉ុន្តែ​កសិករ​ដែល​ដាំ​បន្លែ​មួយ​ចំនួន​បែរ​ត្រូវ​ឈូស​ចោល​ ដោយ​សារ​មិនអាច​នាំ​ចេញ​បាន​ទៅវិញ។

ការ​បង្ខំ​ចិត្ត​ដាក់​ថ្នាំ​ឲ្យ​ដំណាំរលួយ​ចោល ​ឬ​ព្យួរ​ដំណាំ​ចោល​ដោយ​មិន​ប្រមូល​ផល ​ដោយសារ​តែ​ការ​ខ្វះ​ទីផ្សារ​ដូចជា​ក្នុង​ករណី​លោក ប៉េង ឡុង និង​លោក សុង ហ៊ី ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ផល​លំបាក​របស់​កសិករ​ ដែល​ស្ថិត​នៅក្រៅ​ប្រព័ន្ធ។ ពួក​គេ​ងាយ​នឹង​រង​ផល​ប៉ះពាល់​ខាតបង់​ប្រយោជន៍​ខ្លាំង ជាពិសេស​នៅ​ពេល​មាន​ភាព​រអាក់រអួល​លើ​ប្រព័ន្ធ​ទីផ្សារ​ផ្គត់ផ្គង់​និង​តម្រូវការ​របស់​ទីផ្សារ ជាក់ស្តែង​ដូចជាក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ​១៩ ជាដើម។

រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង​ សាខុន ប្រាប់ VOA តាម​រយៈ​តេឡេក្រាម ​ជា​អក្សរថា៖ «ចំពោះ​កសិករ​ដែល​បាន​ផលិត​ជា​លក្ខណៈ​ទោល និង​នៅ​រាយប៉ាយ មិន​បាន​ចូល​ជា​បណ្តុំ​កសិករ និង​សហគមន៍​កសិកម្ម ប្រាកដ​ណាស់​អាច​ជួបប្រទះ​ប្រឈម​ទៅ​នឹង​ទីផ្សារ »។​

វិស័យ​កសិកម្ម​នៅ​តែ​ជា​វិស័យ​ស្នូល​មួយ​របស់​កម្ពុជា ស្រប​ពេល​ដែលវិស័យ​ឧស្សាហកម្ម​នានា ​ដូចជា​ឧស្សាហកម្ម​អគ្គិសនី អេឡិចត្រូនិក និង​គ្រឿង​បន្លាស់​កំពុង​រីក​លូតលាស់​គួរឲ្យ​កត់​សម្គាល់​។ វិស័យ​នេះ​ ជាពិសេស​ដំណាំ​ដាំដុះ​ដូចជា​ស្រូវ ដំឡូង ពោត និង​បន្លែ​បន្ទាប់​បន្សំ​ជាដើម បាន​ចូលរួម​ ៥៤ភាគរយ ដល់កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ (GDP) របស់​កម្ពុជា។ នេះបើយោងតាមអង្គការស្បៀងអាហារពិភពលោក (FAO)។

យ៉ាងណាមិញ វិស័យ​នេះ​ដែល​ជា​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​មួយ​របស់​កម្ពុជា នៅ​តែ​ប្រឈម​បញ្ហា​កង្វះ​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​ងាយ​ស្រួល​ដល់​កសិករ​ក្នុង​ការ​ដឹក​ជញ្ជូន​ផលិតផល​ទៅ​កាន់​ទីផ្សារ កម្លាំង​ផលិតផល​ទាប កង្វះ​ឧបករណ៍​បច្ចេកទេស តម្លៃ​ជួល​ដី​និង​ឧបករណ៍​នានា​មាន​តម្លៃ​ថ្លៃ និង​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ជំនួយ​ហិរញ្ញវត្ថុ​ជា​ដើម។ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​របស់​វេទិកា​អនាគត (Future Forum) ដោយ​លោក និត កុសល ចុះ​ផ្សាយកាលពី​ខែ​ឧសភា ឆ្នាំ ២០២១

បន្ថែម​លើ​នេះ វិស័យ​កសិកម្មនៅកម្ពុជា​បច្ចុប្បន្ន កំពុង​ប្រឈម​នឹង​បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ ការ​រីក​ចម្រើន​វិស័យ​ឧស្សាហកម្ម​ដោយ​យុវជន​ភាគច្រើន​ងាក​ទៅ​រកឧស្សាហកម្ម ដែល​បណ្តាល​ឲ្យ​ខ្វះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​ការ​ហូរ​ចូល​ផលិតផលកសិកម្ម​ពី​ក្រៅ​ប្រ​ទេស និង​កង្វះ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​កសិកម្ម​កម្ពុជា​មួយ​រូប​គឺលោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា។

ចម្ការសាលាដក្នុងស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

បញ្ហា​ប្រឈម​ទាំងអស់​នេះ​កាន់តែ​ធ្វើឲ្យ​សន្ទុះ​នៃ​ការ​កែប្រែ​វិស័យ​នេះ​ឲ្យ​បាន​ជឿនលឿន ​ដើម្បី​ពង្រីក​ផលិតកម្ម​និង​ផលិតផល ងាយ​ផុយស្រួយ​ក្នុង​ការ​ដើរ​ថយក្រោយ នៅ​ពេល​មាន​ភាព​រអាក់​រអួល ឬ​រង្គោះរង្គើរ​ជា​សកល​ណាមួយ ជាក់ស្តែង​ដូចជា​វិបត្តិ​ជំងឺ​កូវីដ​១៩ ជាដើម។​

លោក ថេង សាវឿន​ ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​កត់​សម្គាល់ថា ក្នុង​អំឡុង​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៅ​ពាក់​កណ្តាល​ខែ​មេសា កសិករ​មិន​អាច​លក់​ផលិត​ផល​កសិកម្ម​ដូចជា​បន្លែ ផ្លែឈើ និង​ត្រី​សាច់​ជាដើម ឲ្យ​បាន​ទូលំទូលាយ ដែលការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​របស់​ពួកគេ។​រីឯ​កសិករ​មួយ​ចំនួន​ក៏​ត្រូវ​ប្រឈម​នឹង​បំណុល​ដែល​ពួកគេ​បាន​ខ្ចី​ធនាគារ​ដើម្បី​ដាំដុះ​បន្លែ​ផង​ដែរ។

លោក ថេង សាវឿន បានប្រាប់ VOA ថា៖ «កសិករ​មិនអាចល​ក់​បន្លែ​គ្មានទី​ផ្សារ​ក្នុងការ​លក់ ខណៈ​អ្នកនៅ​ក្នុង​ទីក្រុង​ភ្នំពេញកង្វះ​បន្លែ​ផ្លែ​ឈើ​ក្នុងការ​បរិភោគ ដោយសារ​តែកត្តាបិទខ្ទប់​មិនអាច​ផ្គត់​ផ្គង់​បាន។ អាហ្នឹង​ជា​រឿង​មួយ​ដែល​យើង​ឃើញ​ថា​មាន​ផល​ប៉ះពាល់ទៅលើ​ផ្នែក​ហ្នឹង​ដែរ»។

បើ​តាម​លោក ថេង សាវឿន រដ្ឋាភិបាល​គួ​រតែ​ផ្តល់​ការ​គាំទ្រ ជា​បច្ចេកទេស និង​ទុន​សម្រាប់​ការ​ធ្វើកសិកម្ម​របស់​កសិករ​ដែល​ត្រូវ​ការ ការ​រៀប​ចំ​ទីផ្សារ​ក្នុង​សហគមន៍​ឲ្យ​មាន​សុវត្ថិភាព ការ​រៀប​ចំ​ប្រព័ន្ធធារាសាស្រ្ត​និង​ពូជ ព្រមទាំង​ការ​ស្វែង​រក​ទីផ្សារកសិកម្មឲ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ។

នៅកម្ពុជាកសិករ​សរុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ជាង ​៤លាន​នាក់ ឬ​ស្មើនឹង​ប្រមាណ​ ៣៣​ភាគ​រយ​នៃ​ប្រជាជន​សរុប។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

បើតាម​ការ​ផ្សាយ​លើ​គេហទំព័រ​ក្រសួង​ព័ត៌មាន AKP កាលពី​ថ្ងៃ​ទី​ ១៣ ខែមករា ឆ្នាំ​២០២១ ដោយ​យោង​លើ​របាយការណ៍​របស់ក្រសួងកសិកម្មថា កម្ពុជា​ប្រើប្រាស់​បន្លែ​ចំនួន​ជាង ​១​លាន​តោន (១,០៤៥,៧២៥តោន) ក្នុងឆ្នាំ​ ២០២០ ដែល​ក្នុងនោះ​ជាង​ ៧​សែន​តោន (៧១៦,១១៣តោន) ត្រូវ​បាន​ផលិត​ក្នុង​ស្រុក និង​នៅសល់​ពី​នោះ​ត្រូវបាន​នាំចូល​ពី​បរទេស ភាគ​ច្រើន​ពី​ប្រទេស​វៀតណាម និង​ថៃ។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង​ សាខុន ប្រាប់ VOA ថា ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់ កសិករ​ពិត​ជា​ប្រឈម​នឹង​បញ្ហា​មែន ប៉ុន្តែ​លោក​ថា ក្នុង​ពេល​បច្ចុប្បន្នស្ថានភាព​របស់​ពួកគេ​ដំណើរ​ការ​មក​ជាប្រក្រតី​វិញ​ហើយ។

អនាគត​ទីផ្សារ​មិន​នឹងនរ ខណៈ​វិបត្តិ​កូវីដ​១៩ នៅ​តែ​បន្ត

ចាប់​តាំង​ពី​ខែ​មេសា ​នៅ​ពេល​មាន​ការ​បិទ​ខ្ទប់រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ស្ថានភាព​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា​នៅតែ​ធ្ងន់ធ្ងរ ដោយ​អត្រា​អ្នក​ឆ្លង​ប្រចាំថ្ងៃ​ជា​មធ្យម​មាន​ចំនួន​ប្រមាណ​ពី ៥០០​ ទៅ ៦០០នាក់។ គិត​ត្រឹម​ថ្ងៃ​ទី ២៩ ខែ​មិថុនា អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​មាន​ចំនួន ៤៩,២៥៥​នាក់ រីឯ​អ្នក​ស្លាប់​សរុប​មាន​ចំនួន ៥៧៥នាក់។

លោក វេង​ សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​សង្កត់​ធ្ងន់​ថា ស្ថានភាពសេដ្ឋកិច្ច​សម្រាប់​កសិកម្ម​ក្នុង​ស្រុក​របស់​កម្ពុជា មិន​អាច​មាន​ភាព​ប្រាកដ​ប្រជា​នោះ​ទេ ដរាប​ណា​វិបត្តិ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅតែ​បន្ត។ ​

«ចំពោះ​នាពេល​អនាគត​វិញ គឺ​យើង​មិន​អាច​ព្យាករណ៍​បាន​នោះ​ទេ ថា​នឹង​មាន​បញ្ហាអ្វី​កើត​ឡើង ទាក់ទង​ទៅនឹង​ការ​រីករាលដាល​ជា​សកល​នៃ​ជំងឺ​កូវីដ​១៩​នោះ»។

នៅ​ដើម​ខែ​មិថុនា រដ្ឋាភិបាល​កម្ពុជា​បាន​ដក​វិធានការ​បិទខ្ទប់​នៅតាម​តំបន់​ភាគច្រើន​ដែល​រង​ការ​បិទខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ដែល​ជួយ​សម្រួល​ឡើង​វិញ​នូវ​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រជា​កសិករ អាជីវករ និង​អ្នក​ជំនួញ​ទូទៅ។ ក៏ប៉ុន្តែ វិធានការ​ទប់ស្កាត់​មួយចំនួន​នៅតែ​ត្រូវ​បន្ត​អនុវត្ត ដូចជា​ការ​បិទ​ផ្សារ​បឹង​កេងកង និង​ផ្សារ​មួយ​ចំនួន​ផ្សេង​ទៀត ដែលមាន​ករណី​ឆ្លង​ផ្ទុះ​ឡើង​ខ្លាំង។

Your browser doesn’t support HTML5

កសិករ​ដាំ​បន្លែ​ខ្លះ​សង្ឃឹម​ស្តារ​ការ​ខាតបង់​ឡើង​វិញ​ ខណៈ​អនាគត​ទីផ្សារ​ផលិតផល​មិន​នឹងនរ​ក្នុង​វិបត្តិ​កូវីដ១៩

ខណៈ​អនាគត​ទីផ្សារ​ផលិតផល​កសិកម្ម​នៅតែ​មិន​នឹងនរ ស្រប​ពេល​វិធានការ​បិទ​ដំណើរ​ការ​របស់ទីផ្សារ​នៅតែ​បន្ត​ធ្វើ​ឡើង​និង​ការ​បិទខ្ទប់​អាច​កើត​ឡើង​ជា​ថ្មី​នោះប្រជា​កសិករ​ដូចជា​លោក ប៉េង​ ឡុង ​និង​ឈ្មួញ​កណ្តាល​ដូចជា​លោក ញឿន ចាន់​រ៉េត កំពុង​ទទូច​ដល់​រដ្ឋាភិបាលធ្វើ​យ៉ាង​ណា​ឲ្យ​វិធានការ​រឹតបន្តឹង​នីមួយៗធ្វើ​ឡើង​ដោយ​ធានាថា​កសិករ​និង​អាជីវករ​រង​ការ​ខាតបង់​តិច​តួច។

លោក ញឿន ចាន់​រ៉េត ម្ចាស់​ផ្សារ​កសិផល​ធម្មជាតិ Agro Nature បាន​ស្នើ​ថា រដ្ឋាភិបាល​គួរ​មាន​យន្ត​ការ​ជាក់​លាក់​មួយ​ក្នុងការ​សម្រួល​ការ​ដឹក​ជញ្ជូន​បន្លែ ផ្លែ​ឈើ​ពីតាម​បណ្តា​ខេត្ត​មក​កាន់​រាជ​ធានី។

«ក្នុង​ករណី​ហ្នឹង​ទាល់​តែ​រដ្ឋាភិបាល​ធានាថាមិន​បិទ​ចំពោះ​រថយន្ត​ធ្វើ​ដំណើរ បាន​ន័យ​ថា ​រថយន្ត​ដឹក​ជញ្ជូន។ ព្រោះ​ថា​បើ​សិន​ជា​យើង​បិទពួកគាត់​ធ្វើ​ឲ្យមធ្យោបាយ​ដឹក​ជញ្ជូន​បន្លែ​ពី​តាមបណ្តា​ខេត្ត​ភ្នំពេញ​ត្រូវ​បាន​បិទ​ខ្ទប់។ ដូច​អង្កាល់​មួយ​វឹក​មុន​នៅ​ខេត្ត​កណ្តាល។ ខ្ញុំ​ឃើញ​ថា​កសិករ​នៅ​ស្រុក​ស្អាងខេត្ត​កណ្តាល​ហ្នឹងត្រូវ​បាន​បិទខ្ទប់​មិនឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ឆ្លង​កាត់ ដល់​ពេល​អ៊ីចឹង​ទៅធ្វើឲ្យ​បន្លែ​របស់​ពួកគាត់​គ្មាន​ទី​ផ្សារ អ៊ីចឹង​ហើយ​គាត់​ត្រូវ​កាត់​ចោល​តែម្តង»។

លោក ប៉េង ឡុងដែល​ជា​កសិករ​ដាំស្ពៃ​ខ្មៅនៅ​ខេត្ត​កណ្តាល ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាលជួយ​រក​ទីផ្សារ​សម្រាប់​កសិករដូចជា​រូបលោក ទាំង​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់ និង​ក្រោយ​ការ​បិទ​ខ្ទប់។

«សុំ​ឲ្យ​រដ្ឋាភិបាលគាត់​ជួយឲ្យ​រកទីផ្សារឲ្យ​មាន​អី​គ្រប់​គ្រាន់។ កុំ​ឲ្យ​ដើរ​លក់​ឯណេះ ដើរ​លក់​ឯណោះ វា​ពិបាក​លក់។​ឲ្យ​មានទីផ្សារ​ដូច​ពីមុន ផ្សារ​ដើមគរ ផ្សារ​នាគ​មាស ឲ្យ​មាន​ម៉ូយ​ធំៗ​មក​ទិញ​អី​អ៊ីចឹង​ទៅ»៕