នៅពេលដែលមានរបាយការណ៍ស្តីពីការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលតាមរយៈស្របច្បាប់និងខុសច្បាប់ ហើយរដ្ឋាភិបាលកម្ពុជាទោះបីជាខ្លួនមិនបានទទួលស្គាល់ការចោទប្រកាន់នេះក៏ដោយ ក៏បានបង្ហាញការប្រឹងប្រែងរបស់ខ្លួនតាមរយៈការដាក់ចេញនូវគោលនយោបាយមួយដើម្បីស្រោចស្រង់គម្របព្រៃឈើឡើងវិញ។ គោលនយោបាយនេះ ដែលជាកម្មវិធីព្រៃឈើជាតិសម្រាប់រយៈពេល២០ឆ្នាំដោយគិតចាប់ពីឆ្នាំ២០១០ទៅ។
គោលនយោបាយដែលមានចំនួន១៦៤ទំព័រដែល វីអូអេ សំឡេងសហរដ្ឋអាមេរិក បានទទួលបានលើកឡើងនូវយុទ្ធសាស្រ្តជាច្រើនសម្រាប់ការគ្រប់គ្រងព្រៃឈើឱ្យមាននិរន្តរភាព ដែលរួមមានអភិបាលកិច្ចល្អលើវិស័យព្រៃឈើ ការរៀបចំផែនការការប្រើប្រាស់ដីធ្លី ការការពារបរិស្ថាននិងអភិរក្សធនធានព្រៃឈើ ជម្រើសរបបគ្រប់គ្រងព្រៃឈើនិងយុទ្ធសាស្រ្តផ្សេងៗទៀត។
លោកបានបញ្ជាក់ថា កម្មវិធីទាំងនោះរួមមាន៖ កំណត់ព្រំប្រទល់ព្រៃឈើ ចំណាត់ថ្នាក់និងចុះបញ្ជិកា អភិរក្សធនធានព្រៃឈើនិងជីវចម្រុះ ការអនុវត្តច្បាប់និងអភិបាលកិច្ច សហគមន៍ព្រៃឈើ អភិវឌ្ឍសមត្ថភាព និងថវិកាដែលបានមកពីព្រៃឈើយកទៅថែរក្សាព្រៃឈើវិញ។
«យើងបានគិតគូរថាប្រសិនជាកម្មវិធីព្រៃឈើជាតិប្រមូលចំណូលចូលថវិកាជាតិ ថវិកាជាតិនឹងផ្ដល់និរន្តរភាពថវិកាចំណាយ ដើម្បីបម្រើគម្រោងតាមបែបបទបច្ចេកទេស និងគណនេយ្យត្រឹមត្រូវនិងតម្លាភាព។ យកប្រាក់ដែលបានមកពីការគ្រប់គ្រងព្រៃឈើយកទៅប្រើប្រាស់ ដើម្បីថែរក្សាព្រៃឈើនិងបង់ចំណូលចូលថវិកាជាតិនិងបើកជាបៀវត្សរ៍ពេញលេញជូនមន្ត្រីរាជការ»។
ព្រៃឈើរបស់ប្រទេសកម្ពុជាបានគ្របដណ្តប់លើផ្ទៃដីប្រមាណជា៧០%រហូតត្រឹមទសវត្សរ៍ទី៦០។
ក៏ប៉ុន្ដែលោក ឈុត វុទ្ធី នាយកអង្គការការពារធនធានធម្មជាតិបានអះអាងថាព្រៃឈើកម្ពុជានៅសល់ប្រមាណពី៣០%ទៅ៤០%តែប៉ុណ្ណោះ។ លោកបានទស្សន៍ទាយថា ក្នុងរយៈពេលចុងឆ្នាំ២០១១នេះ ឈើប្រណិតៗនឹងត្រូវហិនហោចខ្ទេចខ្ទីអស់ប្រសិនបើពុំមានវិធានការទប់ស្កាត់។
ឈើប្រណិតៗដូចជាក្រញូង បេង នាងនួន ជាដើមកំពុងទទួលរងការកាប់បំផ្លាញយ៉ាងខ្លាំងក្លារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយដែលគេភ្ជាប់ការកាប់បំផ្លាញនេះមួយផ្នែកទៅនឹងអរិភាពព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ។ ប្រទេសចិន និងប្រទេសវៀតណាមគឺជាទីផ្សារយ៉ាងសំខាន់ដែលកំពុងស្រូបយកផលិតផលព្រៃឈើពីកម្ពុជា។
កម្មវិធីព្រៃឈើថ្នាក់ជាតិដដែលបន្ថែមថា ប្រទេសកម្ពុជាបានទទួលជោគជ័យគួរឲ្យកត់សម្គាល់ក្នុងការថែរក្សាធនធានព្រៃឈើដែលគ្របដណ្តប់ជាង៥៩ភាគរយស្មើនឹងជាង១០,៨លានហិកតានៃផ្ទៃប្រទេស។
ការតវ៉ាពីការកាប់បំផ្លាញព្រៃឈើត្រូវបានលេចឮជាប្រចាំក្នុងប្រទេសកម្ពុជាដើម្បីឆ្លើយតបទៅនឹងការរិះគន់លើការកាប់បំផ្លាញព្រៃឈើរបស់អង្គការឃ្លាំមើលបរិស្ថានរបស់ប្រទេសអង់គ្លេស Global Witness រាជរដ្ឋាភិបាលកម្ពុជា បានបណ្ដេញអង្គការនេះចេញពីទឹកដីរបស់ខ្លួន។ អង្គការនេះ ដែលបានសរសេររបាយការណ៍មួយស្ដីពី ការកាប់បំផ្លាញព្រៃឈើយ៉ាងបង្ហិនបង្ហោចក្នុងប្រទេសកម្ពុជាក្រោមចំណងជើងថា Family's Tree ឬហៅ ជាភាសាខ្មែរថា «សែស្រឡាយលក់ជាតិ»។ របាយការណ៍នោះបានបង្ហាញពីសមាជិកក្រុមគ្រួសារលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ដែលប្រឡូកប្រឡាក់ក្នុងការកាប់បំផ្លាញព្រៃឈើមានតម្លៃនៅកម្ពុជា។
ក្នុងរយៈពេលចុងក្រោយនេះ សហគមន៍ព្រៃឈើបានព្យាយាមធ្វើការតវ៉ាចំពោះការកាប់បំផ្លាញព្រៃឡង់ដែលជាព្រៃឈើដ៏ធំលាតសន្ធឹងពីខេត្តព្រះវិហារ កំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ក៏ប៉ុន្ដែ នៅតែពុំមានការដោះស្រាយពីក្រុមអាជ្ញាធរនោះទេ។
យ៉ាងណាក៏ដោយនៅក្នុងឯកសារនៃកម្មវិធីព្រៃឈើជាតិបានបង្ហាញពីការប្រឈមជាច្រើនក្នុងការការពារព្រៃឈើភាគច្រើននៃប្រជាជននៅជនបទពឹងផ្អែកលើការចូលព្រៃរុករកអនុផលព្រៃឈើ។ ជាពិសេស សម្រាប់អាហារ ថាមពល អុស កូនឈើតូចៗ និងសសរ ប្រមូលជ័រ ឃ្វាលគោ ក្របី ប្រមូលរុក្ខជាតិថ្នាំ បុរាណ និងមានជំនឿអារក្សអ្នកតាជាដើម។
ថ្វីបើយ៉ាងនេះក្ដី វិធានការរបស់រដ្ឋាភិបាលក្នុងការស្តារព្រៃឈើឡើងវិញត្រូវបានប្រជាពលរដ្ឋក្នុងសហគមន៍ព្រៃឈើនិងមន្ត្រីអង្គការឃ្លាំមើលការរំលោភបរិស្ថានមិនមានជំនឿទៅលើកម្មវិធីព្រៃឈើជាតិនេះ។
លោកស្វាយ ភឿន អាយុ៥០ឆ្នាំរស់នៅភូមិបាលហាល ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារមិនបានសម្តែងការគាំទ្រទៅនឹងកម្មវិធីការពារព្រៃឈើរបស់រដ្ឋាភិបាលទេ លោកលើកឡើងថា ព្រៃឡង់ក្នុងខេត្តរបស់លោកកំពុងរងការបំផ្លាញរបស់ក្រុមហ៊ុនឯកជនចំនួនពីរ គឺក្រុមហ៊ុន CRCK និងក្រុមហ៊ុន PNT។
ក្រុមហ៊ុនទាំងពីរនេះ បានទទួលអាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅតំបន់ព្រៃឡង់កាលពីឆ្នាំ២០០៩នៅលើផ្ទៃដី៤៥០.០០០ហិកតានៅក្នុងខេត្តចំនួនបួនគឺខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និង ខេត្តស្ទឹងត្រែង។ ក៏ប៉ុន្តែក្រុមហ៊ុនមិនបានគោរពកិច្ចសន្យារបស់ខ្លួនទេ។
«ខ្ញុំមិនជំនឿទេ។ មិនជំនឿត្រង់ថារដ្ឋាភិបាលបានសម្រេចឱ្យទៅចម្ការឈើដាំផង។ ជាពិសេសពួកខ្ញុំជាសហគមន៍ហ្នឹងពួកខ្ញុំបដិសេធទាំស្រុងហើយបើរដ្ឋាភិបាលរាប់គិតទាំងចម្ការឈើដាំអញ្ចឹងនោះ»។
លោកជុំ យីម អាយុ២៦ឆ្នាំនៅភូមិស្រែវាលខាងកើតឃុំដងកាំបិទស្រុកសណ្តាន់ខេត្តកំពង់ធំបាននិយាយថា ចម្ការឈើដាំមិនដូចព្រៃធម្មជាតិទេ។
«តាមលក្ខណៈយើងមើលទៅ កាលណាយើដាំកូនឈើឡើងវិញវាអត់មានសត្វព្រៃ ផ្លែឈើ បន្លែ វាកើតពីប្រពៃណីពីបុរមដូនតា»។
លោក ឈុត វុទ្ធី បានបញ្ជាក់ថាការកែទម្រង់ព្រៃឈើឡើងវិញលុះត្រាតែអ្នកជំនាញពាក់ព័ន្ធទាំងអស់ស្រឡាញ់ធនធានធម្មជាតិតែបើពួកគេជាពាណិជ្ជករមិនអាចធ្វើទៅបានទេ។
«នៅប្រទេសយើងអ្នកធ្វើការរដ្ឋផងពាណិជ្ជករផង កន្លែងនេះហើយជាកំហុសឆ្គងមួយដែលយើងមិនបានត្រួតពិនិត្យ។ នៅប្រទេសជឿនលឿនឬក៏ប្រទេសផ្សេងអ្នកធ្វើការរដ្ឋអត់ធ្វើពាណិជ្ជករបានទេ»។
លោកឈុត វុទ្ធី បន្ថែមថា ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចបានរួមចំណែកក្នុងការកាប់បំផ្លាញព្រៃឈើកម្ពុជាយ៉ាងរិចរិល។
ប្រទេសកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនសម្បទានព្រៃឈើចំនួន៤៤ក្រុមហ៊ុន ដែលកំពុងដំណើរការបច្ចុប្បន្ននេះនៅក្នុងខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង កំពង់ឆ្នាំង កំពង់ស្ពឺ រតនៈគីរី និងមណ្ឌលគីរី ហើយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមួយចំនួនទៀត ដូចជា ក្រុមហ៊ុនមកពី ប្រទេសចិននិងប្រទេសវៀតណាម បានទទួលសិទ្ធិវិនិយោគពង្រីកដីរាប់សែនហិកតាសម្រាប់ការអភិវឌ្ឍដំណាំកសិកម្មដូចជា ដំណាំកៅស៊ូជាដើម៕