វិបត្តិព្រំដែនរវាងកម្ពុជានិងថៃទំនងជាមូលហេតុថ្មីមួយនៃការបំផ្លាញព្រៃឈើនៅកម្ពុជា។ សាក្សីម្នាក់បានអះអាងថា មន្ដ្រីជាន់ខ្ពស់យោធាកម្ពុជាស្ថិតនៅពីក្រោយខ្នងនៃការកាប់ព្រៃឈើខុសច្បាប់ទាំងនេះ។
ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារបញ្ហាសន្តិសុខផ្ទាល់ខ្លួនអតីតអ្នកបើករថយន្តដឹកឈើឲ្យមេបញ្ជាការយោធាជាន់ខ្ពស់មួយរូបបានរៀបរាប់ថា ឈើប្រណិតៗដូចជាក្រញូង បេង នាងនួន ជាដើមដែលជាប្រភេទឈើលំដាប់លេខ១ត្រូវបានទាហ៊ានដែលប្រចាំការនៅតំបន់ព្រំដែនប្រាសាទព្រះវិហារចូលកាប់ ហើយយកមកគរទុកនៅបន្ទាយយោធាមួយនៅចម្ងាយប្រមាណជា២០គីឡូម៉ែត្រពីបា្រសាទដ៏ចំណាស់របស់ខ្មែរនេះ។ ប្រភពដដែលអះអាងថា បន្ទាយយោធានោះមិនត្រូវបានអនុញ្ញាតឲ្យសមត្ថកិច្ចព្រៃឈើចូលធ្វើការត្រូតពិនិត្យទេ ពីព្រោះទីនោះជាមូលដ្ឋានកងទ័ព។
លោកបានប្រាប់វីអូអេខ្មែរថា៖ «និយាយរួម កន្លែងស្តុកឈើនេះគឺកន្លែងមេទាហានជើងក្រោយ។ បន្ទាយទាហានយកមកប្រមូលទុកមួយដុំ។ រួចហើយគ្រប់ឡាន ប្រមូលដាក់ឡានឡើងមកកំពង់ចាម។ ប្រមូលឈើគ្រប់មួយជើងទៅ ជូនកាលប្រាំទៅប្រាំពីរឡានតាមឈើមានតិចមានច្រើន»។
បន្ទាប់ពីបា្រសាទព្រះវិហារដែលមានវ័យចំណាស់ជាង៩០០ឆ្នាំរបស់កម្ពុជាត្រូវបានចុះបញ្ជីបេតិកភ័ណ្ឌពិភពលោកកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨រួចមកថៃបានចាប់ផ្ដើមដាក់ពង្រាយកងទ័ពរបស់ខ្លួននៅចម្ងាយប្រមាណតែ៣០០ម៉ែត្រពីប្រាសាទនេះប៉ុណ្ណោះ។ ហើយភាពតានតឹងផ្នែកប្រដាប់អាវុធបានផ្ទុះឡើង។ យោធាទាំងសងខាងបានប៉ះទង្គិចគ្នាជាច្រើនលើក ហើយបានបង្កឲ្យមានការស្លាប់ និងរបួសទាំងសងខាងក្នុងអំឡុងពេលបីឆ្នាំមកនេះ។ ដំណាលគ្នានឹងភាពចលាចលនេះ ការកាប់បំផ្លាញឈើប្រណិតបានផ្ទុះឡើងយ៉ាងកក្រើក។ ការដឹកជញ្ជូនឈើទាំងនោះស្ទើរតែមានលក្ខណៈជាចំហ។
ពីរបីខែកន្លងមកនេះ កាសែតធំៗក្នុងស្រុកបានចុះផ្សាយស្ទើរជាប់ៗគ្នាអំពីការចាប់ឈើប្រណិតៗក្នុងនោះភាគច្រើនគឺឈើក្រញូង។ ឈើក្រញូងដែលជាប្រភេទឈើខ្លឹម តាន់ និងពណ៌ខ្មៅ និងគឺជាឈើដែលកំពុងពេញនិយម និងមានតម្លៃខ្ពស់ជាខ្លាំង។ រថយន្ដទំនើបៗដូចជាតូយ៉ូតាឡិកស៊ើស លែនគ្រូស៊ើ រថយន្ដយោធា ឬរថយន្ដតាក់ស៊ី ត្រូវបានក្រុមឈ្មួញប្រើសម្រាប់ដឹកឈើខុសច្បាប់។ ក៏ប៉ុន្តែសារព័ត៌មានទាំងនោះ មិនបានបង្ហាញអ្នកនៅពីក្រោយខ្នងនៃអំពើខុសច្បាប់នេះទេ ហើយគ្មានអ្នកណាម្នាក់ត្រូវបានចាប់ខ្លួន និងនាំទៅកាត់ទោសទេ។ ចំណែកឯឈើដែលរឹបអូសបានក៏មិនត្រូវបង្ហាញថា នឹងត្រូវរក្សាទុកកន្លែងណាដែរ។
សារព័ត៌មានក្នុងស្រុកក៏បានបង្ហាញទៀតថា ឈ្មួញប្រើរូបភាពប្លែកៗតាមរយៈបង្កប់ក្នុងរថយន្តកាកបាទក្រហម រថយន្តដឹកថ្ម រថយន្តសាំង ចាក់បេតុងស្រោបឈើនៅខាងក្នុង និងបង្កប់ឈើក្នុងរថយន្តដឹកខ្សាច់ជាដើម។
ប្រជាពលរដ្ឋមួយរូបផ្សេងទៀតនៅក្នុងខេត្តព្រះវិហារបាននិយាយថាមានទាហាននិងអ្នកមានអំណាចមួយចំនួននៅបន្តដឹកឈើយ៉ាងតិចមួយថ្ងៃពី៤ទៅ៥ឡាន។ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រជាពលរដ្ឋដដែលបានបញ្ជាក់ទៀតថា ពេលទៅសមរភូមិ រថយន្តដឹកកងទ័ព ក៏ប៉ុន្តែពេលត្រឡប់មកវិញដឹកឈើដោយគ្របកៅស៊ូតង់បិទជិត។
លោកថ្លែងថា៖ «មកវិញគេដាក់ឈើពេញៗឡានតែម្តង ជាពិសេសអាជ្ញាធរមានសម្ថកិច្ចឆែកឆេរនៅលើឡានរបស់ទាហាន យើងមើលឃើញជាក់ស្តែងផ្លូវជាតិលេខ៦២មកពីព្រះវិហារ កំពង់ធំយើងមើលឃើញថាបើមានឡានក្រឡាប់ ឡានទាហានស្តុបសុទ្ធតែឈើ»។
លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិបាននិយាយថា កម្ពុជាបច្ចុប្បន្ននេះនៅសល់ឈើប្រហែល៣០ទៅ៤០ភាគរយតែប៉ុណ្ណោះបន្ទាប់ពីបានបំផ្លាញយ៉ាងអណាធិបតេយ្យ។ ព្រៃឈើនៅកម្ពុជាបានគ្របដណ្តប់លើផ្ទៃដីប្រមាណជា៧០ភាគរយរហូតនៅត្រឹមទសវត្ស១៩៦០។
លោក ឈុត វុទ្ធី បានឲ្យដឹងទៀតថា ឈ្មួញរកស៊ីឈើធំជាងគេមានមនុស្សតែបួនទៅប្រាំនាក់តែប៉ុណ្ណោះនៅកម្ពុជា ហើយមធ្យោបាយដឹកជញ្ជូនគ្មានសម្ថកិច្ចណាមួយហ៊ានចេញមុខរារាំងទេគឺដឹកចេញពីព្រៃទៅដល់ទីតាំងស្ដុកឈើតែម្តង។ លោកបានបញ្ជាក់ទៀតថា កម្ពុជាមានច្បាប់ការពារធនធានធម្មជាតិ ក៏ប៉ុន្តែពីមួយថ្ងៃព្រៃឈើបានថយចុះយ៉ាងលឿន។ លោកនិយាយថា៖
«ដោយមូលហេតុថា មានភាពថយចុះ យើងសង្កេតថា ទិដ្ឋភាពទូទៅនៅពេលបច្ចុប្បន្ន ការកាប់ចំការផង ក្រុមហ៊ុនព្រៃសប្បទានផង ហើយក្រុមហ៊ុនព្រៃគុបកាប់ប្រចាំឆ្នាំ។ យើងសង្កេតឃើញថា ការកាប់ហ្នឹងមិនមែនមានតែព្រៃគុបទេ។ ខ្លាំងបំផុតទៅលើដីសម្បទាន»។
លោក ថន សារ៉ាត់ អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ បានទទួលស្គាល់ថាពិតជាមានការកាប់បំផ្លាញព្រៃឈើពិតប្រាកដមែន ក៏ប៉ុន្តែមិនមានចំនួនច្រើនទេ។ លោកបានអះអាងថាឈ្មួញរកស៊ីឈើបានប្រើប្រាស់គ្រប់រូបភាពទាំងអស់ដើម្បីបន្លំភ្នែកសម្ថកិច្ច។ ក៏ប៉ុន្ដែលោកបដិសេធការលើកឡើងដែលថា មានអ្នកមានអំណាចនៅពីក្រោយខ្នងនៃឧក្រិដ្ឋកម្មព្រៃឈើនោះ។ លោកថន សារ៉ាត់ បានបញ្ជាក់ទៀតថា រដ្ឋបាលព្រៃឈើកំពុងទប់ស្កាត់បទល្មើសព្រៃឈើគ្រប់ប្រភេទដើម្បីស្រោចស្រង់ព្រៃធម្មជាតិឡើងវិញ។ លោកនិយាយថា៖
«គួរតែយើងពិនិត្យមើលសក្តានុពលធនធានព្រៃឈើនេះតាមរូបភាពណាមួយដែលធ្វើឲ្យអ្នកលក់ និងអ្នកទិញនៅឯទីផ្សារណាមួយ ហើយចៀសវាងយើងប្រគល់ទីផ្សារទៅឲ្យប្រទេសជិតខាងជាអ្នកលក់ជំនួសយើង»។
ដើម្បីកែទំរង់វិស័យព្រៃឈើ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានដកលោកទី សុគន្ន ចេញពីមុខដំណែងជាប្រធានរដ្ឋបាលព្រៃឈើដោយឲ្យទៅកាន់តួនាទីជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ។ ចំណែកឯអ្នកដែលត្រូវជំនួសតួនាទីថ្មីគឺលោក ឆេង គឹមស៊ុន។ បន្ទាប់ពីមានការកំណែទម្រង់ព្រៃឈើ យុទ្ធនាការបង្ក្រាបហាក់បីដូចជាខ្លាំងខ្លាមួយរយៈ ក៏ប៉ុន្តែឈើដែលគេកាប់ និងលក់ខុសច្បាប់ជាច្រើនរយម៉ែត្រគូបត្រូវបានរឹបអូស និងជនជាប់ពាក់ព័ន្ធមួយចំនួនត្រូវបានចាប់ខ្លួន។ ក៏ប៉ុន្ដែយុទ្ធនាការនោះហាក់ដូចជាបានថយចុះមកវិញ។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍របស់រដ្ឋបាលព្រៃឈើប្រចាំខែឧសភាឲ្យដឹងថាការបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃ ព្រមទាំងបទល្មើសកាប់រានព្រៃសរុបមានចំនួន៩៦ករណីគឺបានកើនឡើងចំនួន៣ករណីបើប្រៀបធៀបទៅ និងខែឧសភាឆ្នាំ២០១០ដែលមានចំនួន៩៣ករណី។
របាយការណ៍ដដែលឲ្យដឹងថា សំណុំរឿងបទល្មើសព្រៃឈើកំពុងស្ថិតក្នុងដៃសមត្ថកិច្ចរបស់តុលាការ។ ពីខែមេសាដល់ខែឧសភា២១២ករណីត្រូវបានបញ្ជូនទៅតុលាការ។ រដ្ឋបាលព្រៃឈើបានរឹបអូសយកឈើហ៊ុបមូលជ្រុងចម្រុះបានចំនួន៤៧៨ម៉ែត្រគូប ឈើអារ២៩៩ម៉ែត្រគូប ឈើគ្រាក់ក្រញូង៨០៤ម៉ែត្រគូប និងសត្វព្រៃរស់ងាប់គ្រប់ប្រភេទចំនួន៤៨១ក្បាល។
អង្គការការឃ្លាំមើលការរំលោភបរិស្ថានអន្តរជាតិឈ្មោះក្លូបល វីតណេស (Global Witness) ក្នុងពេលថ្មីៗនេះមិនមានរបាយការណ៍អំពីការកាប់ឈើនៅកម្ពុជាទេ។ លោក ចច បូដិន (George Boden) អ្នកយុទ្ធនាការប្រឆាំងការកាប់ឈើរបស់អង្គការក្លូបល វីតណេស បានប្រាប់វីអូអេខ្មែរតាមរយៈសារអេឡិកត្រូនិកពីទីក្រុងឡុងដ៍អង់គ្លេសមកថា អង្គការរបស់លោកបានធ្វើការស្រាវជ្រាវលើការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាយ៉ាងធំទូលាយកាលពីពេលមុន ហើយការស៊ើបអង្កេតនោះបានបង្ហាញឲ្យឃើញថា មានឥស្សរជនពុករលួយមួយក្ដាប់តូចដែលនៅជុំវិញលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានត្រួតត្រាសម្បត្តិធនធានធម្មជាតិកម្ពុជាសម្រាប់ផលប្រយោជន៍របស់ពួកគេផ្ទាល់ ខណៈដែលប្រជាពលរដ្ឋសាមញ្ញទទួលបានប្រយោជន៍តិចតួចពីធនធានធម្មជាតិនេះ។
អង្គការក្លូបល វីតណេស បានចេញផ្សាយរបាយការណ៍មួយដែលមានចំណងជើងថា Family Trees ដែលរបាយការណ៍នោះ បង្ហាញអំពីការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនៅកម្ពុជា។ អ្នកជាប់ពាក់ព័ន្ធភាគច្រើនដែលមានឈ្មោះនៅក្នុងបញ្ជីរបស់អង្គការក្លូបល វីតណេស សុទ្ធសឹងជាមន្រ្តីក្នុងកងអង្គរក្សនិងខ្សែស្រឡាយ សាច់ញ្ញាតិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក កែវ រ៉េមី អនុប្រធានអង្គភាពប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្រ្តីបានឆ្លើយតបដោយមិនចំសំណួរដែលទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើដែលកំពុងកើតមាននោះទេ ក៏ប៉ុន្ដែលោកបានបង្វែរការឆ្លើយតបថា នៅលើពិភពលោកមិនអាចមានដឹកនាំប្រទេសណាល្អ១០០ភាគរយបានទេ។លោកបាននិយាយទៀតថា នៅសហរដ្ឋអាមេរិកក៏មានឧក្រិដ្ឋកម្ម ការជួញដូរថ្នាំញៀន ជួញដូរមនុស្ស និង សម្លាប់មនុស្សផងដែរ៕