សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីរីកចម្រើនគួរឲ្យកត់សម្គាល់ តែត្រូវការទុនបន្ថែម

គ្រាប់ស្វាយចន្ទីរបស់កម្ពុជា ត្រូវបានដាក់បង្ហាញនៅក្នុងក្រសួងកសិកម្ម ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

ស្រុក​សៀមបូក​ ខេត្ត​ស្ទឹងត្រែង — វិស័យ​ចន្ទី​កម្ពុជា​មាន​ការ​រីកចម្រើន​គួរ​ឲ្យកត់​សម្គាល់​ ខណៈ​មាន​កំណើន​ទិន្នផល​ ហើយ​និង​ការ​បង្កើត​សិប្បកម្ម​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​មួយ​ចំនួន​ដែល​បំពាក់​ដោយ​ឧបករណ៍​ស្វ័យ​ប្រវត្តិ ​និង​ស្រប​តាម​បទដ្ឋាន​អនាម័យ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​កសិម្ម​និង​អ្នក​នៅ​ក្នុង​វិស័យ​មួយ​នេះ។​

ក្នុង​ពិធី​ផ្សព្វផ្សាយ​អំពី​ទស្សនកិច្ច​របស់​អ្នក​សារ​ព័ត៌មាន​ដើម្បី​ឈ្វេង​យល់​ពី​សង្វាក់​ផលិត​កម្ម​ស្វាយចន្ទី​នៅ​កម្ពុជា អនុប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​លោក ស៊ុយ​ កុកធាន​ លើក​ឡើង​អំពី​ការ​កើន​ឡើង​នៃ​ទិន្នផល​ស្វាយចន្ទី​ដែល​អាច​ឲ្យ​កម្ពុជា​ក្លាយ​ជា​អធិរាជ​នៃ​ស្វាយ​ចន្ទី ដែល​ត្រូវ​បាន​កែច្នៃ​ប្រកប​ដោយ​គុណភាព​ខ្ពស់​និង​ត្រូវ​បាន​គេ​ទទួល​ស្គាល់។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​គិត​ថា​ ពាក្យ​ថា​ អធិរាជ​នេះ​ មិនមែន​មាន​ន័យ​ថា​ យើង​មាន​ស្វាយ​ចន្ទី​ច្រើន​ជាង​គេ​ទេ ​ប៉ុន្តែ​យើង​អាច​មាន​ចន្ទី​ល្អ​ជាង​គេ។ ​អ្វីដែល​ខ្ញុំ​រំពឹង​ទុក​មែនទែន​នោះ​ គឺ​គុណភាព​ស្វាយ​ចន្ទី​របស់​កម្ពុជា​យើង ​គឺ​នៅ​លើ​ពិភព​លោក​អត់​មាន​នរណា​ប្រៀប​បាន​ទេ។​ ប៉ុន្តែ​គ្រាន់​តែ​នៅ​ចំណុច​តូច​មួយ​ដែល​យើង​ត្រូវ​កែច្នៃ​ផលិតផល​ដែល​ល្អ​បំផុត​របស់​យើង​ហ្នឹង ​ឲ្យ​ក្លាយ​ទៅ​ជា​ផលិត​ផល​ដែល​គេ​មាន​ការ​ទទួល​ស្គាល់​លើ​ពិភពលោក។ ​ប៉ុន្តែ​ឥឡូវ​នេះ​ គឺ​យើង​ចេញ​ដំណើរ​ហើយតាម​រយៈ​ការណ៍​ដែល​យើង​បាន​ទៅ​ចូលរួម​សន្និសីទ​ស្វាយ​ចន្ទី​ពិភព​លោក​ នៅ​ទីក្រុង​ឌូបៃ​ហ្នឹង​ គឺ​គេ​អបអរ​មែន​ទែន​ថា​ នោះ​ប្រទេស​កម្ពុជា​ដែល​គេ​មិន​ធ្លាប់​ស្គាល់​នោះ​បែរ​ជា​មាន​គ្រាប់​ស្វាយ​ចន្ទី​ជាប់​លេខ ១ ​ក្នុង​ឆ្នាំ​ ២០២១​ អ៊ី​ចឹង​ទៅ។ ​ ​អ៊ីចឹង​នេះ​ជា​ជំហាន​មួយ​យ៉ាង​វិជ្ជមាន​បំផុត»។​

កម្ពុជា​នាំ​ចេញ​ស្វាយ​ចន្ទី​ ដែល​មិន​ទាន់​កែច្នៃ​ស្ទើរ​តែ ​៩០ ​ភាគ​រយ ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​នៅ​ប្រទេស​វៀតណាម​ និង​ក្រុមហ៊ុន​អន្តរជាតិ​ផ្សេង​ទៀត​ ដូចជា​ក្រុម​ហ៊ុន​មក​ពី​ប្រទេស​ឥណ្ឌា។​ គ្រាប់​ស្វាយ​ចន្ទី​ស្ងួត​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ចន្លោះ​ពី​ ១៨៥០ ​រៀល​ ទៅ​១៩០០​ រៀល ​ក្នុង​ ១ ​គីឡូក្រាម​ នៅ​ឆ្នាំ​ ២០២៣ ​គឺ​កើន​ប្រមាណ​ ១៥ ​ភាគ​រយ​នៃ​តម្លៃ​លក់​កាល​ពី​ឆ្នាំ​ ២០២២។ ​នេះ​បើ​តាម​លោក​ ស៊ុយ កុកធាន។​

ក្នុង​ពេល​សមត្ថភាព​កែច្នៃ​ស្វាយចន្ទី​របស់​កម្ពុជា​នៅ​មាន​កម្រិត​ អនុ​ប្រធាន​សមាគម​ចន្ទី​កម្ពុជា​រូប​នេះ​ ឲ្យ​ដឹង​បន្ថែម​ថា ​ វិនិយោគិន​ក្នុង​ស្រុក​បង្ហាញ​ចំណាប់​អារម្មណ៍​កាន់​តែ​ច្រើន​ក្នុង​ការ​បណ្តាក់​ទុន​លើ​ការ​កែច្នៃ​ស្វាយ​ចន្ទី​សម្រាប់​ការ​នាំ​ចេញ។​

លោក​ថ្លែង​ថា៖​ «មួយ​រយៈ​កន្លង​មក​នេះ​ ខ្ញុំ​បាន​ឃើញ​ឧកញ៉ាៗ​ មួយ​ចំនួន​ដែល​ជា​អ្នក​មាន​លុយ​ គាត់​បាន​បែរ​ការ​ចាប់​អារម្មណ៍​ មក​លើ​ស្វាយ​ចន្ទី​ ហើយ​គាត់​ក៏​បាន​ណាត់​ជួប​សមាគម​ជា​ញឹក​ញាប់​ ដើម្បី​ឈ្វេង​យល់​បន្ថែម។​ ខ្ញុំ​ជឿ​ជាក់​ថា​ ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នឹង​មាន​វិនិយោគិន​ក្នុង​ស្រុក​ អាច​ធ្វើការ​វិនិយោគ​ច្រើន​ទៅ​លើ​វិស័យ​ចន្ទី​នេះ​ ការ​កែច្នៃ​ចន្ទី​នេះ»។​

រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​លោក ​តូច​ ប៊ុនហួរ​ បាន​ថ្លែង​ថា​ ដំណាំ​ស្វាយ​ចន្ទី​ជា​ដំណាំ​ឧស្សាហ​កម្ម​មាន​សក្តានុ​ពល​ខ្ពស់​សម្រាប់​ប្រទេស​កម្ពុជា​ និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ជាពិសេស​មាន​ការ​ទទួល​ស្គាល់​ពី​ទី​ផ្សារ​លើ​គុណភាព​ រសជាតិ​ ទំហំ​គ្រាប់​ និង​សរីរាង្គ​តាម​បែប​ប្រពៃណី​ ហើយ​បច្ចុប្បន្ន​នេះ​ ខេត្ត​ដែល​បាន​ដាំដុះ​ដំណាំ​ស្វាយចន្ទី​ច្រើន​ជាង​គេ​ គឺ​មាន​ ខេត្ត​កំពង់ចាម​ ត្បូងឃ្មុំ​ កំពង់ធំ​ ក្រចេះ​ មណ្ឌលគិរី​ រតនគិរី​ ស្ទឹងត្រែង​ ព្រះ​វិហារ​ ឧត្តរមានជ័យ​ សៀមរាប​ និង​កំពង់​ឆ្នាំង។​

លោក​បន្ថែម​ថា​ ប្រទេស​កម្ពុជា​មាន​លក្ខខណ្ឌ​ដី​សមស្រប​សម្រាប់​ដំណាំ​ស្វាយ​ចន្ទី ​សរុប​ប្រមាណ​ ២លាន ​៣៨​ម៉ឺន​ហិកតា។​ ​

ដើមស្វាយចន្ទីលើដីចម្ការរបស់លោក លី គឹមស៊ុយ នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ (ហ៊ុល រស្មី/វីអូអេ)

អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាលោក ស៊ុយ កុកធាន ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត នៅក្រសួង កសិកម្ម ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

គ្រាប់​ស្វាយ​ចន្ទី​ផ្តល់​អត្ថ​ប្រយោជន៍​មួយ​ចំនួន​ រួម​មាន​ជំនួយ​ដល់​សុខភាព​សក់​ និង​ស្បែក​ ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​និង​ចូល​រួម​ជំរុញ​ដល់​ការ​ផលិត​កោសិកា​ឈាម​ក្រហម​ ហើយ​ក៏​មាន​ផ្ទុក ​ជាតិ​សរសៃ​ខ្ពស់​ និង​ជួយ​សម្រួល​ដល់​ការ​បន្ទោរ​បង់។ ​នេះ​បើ​តាម​ព័ត៌មាន​ទទួល​បាន​ពី​ម្ចាស់​សិប្បកម្ម កែ​ច្នៃ​គ្រាប់​ស្វាយចន្ទី​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា។​

នៅ​ឯ​ឃុំជ័យ ​ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ម្ចាស់​សិប្បកម្ម​កែច្នៃ​ស្វាយចន្ទី​មួយ​រូប​គឺ​អ្នក​ស្រី​ អ៊ិន​ ឡៃហួត​ បាន​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ជា​លក្ខណៈ​ប្រពៃណី​ មក​ជា​សិប្ប​កម្ម​មាន​បំពាក់​ម៉ាស៊ីន​កែ​ច្នៃ​ដើរ​ដោយ​ស្វ័យ​ប្រវត្តិ​ ដែល​អាច​ជំរុញ​ផលិត​ភាព​ និង​ពង្រីក​ការ​ផ្គត់ផ្គង់​គ្រាប់​ស្វាយ​ចន្ទី​នៅ​លើ​ទីផ្សារ ក្នុង​ស្រុក​ និង​អន្តរជាតិ។​

អ្នកស្រី​ថ្លែង​ថា៖​ «ឥឡូវ​បើ​និយាយ​ទៅ​លើ​ការ​បក​ដោយដៃ​បរិមាណ​នៃ​ការ​បក​របស់​យើង​មួយ​ថ្ងៃ ​យើង​ធ្វើ​បាន​ត្រឹម​តែ​ម្នាក់​ ៣០​ គីឡូ​ទេ​ តែ​បច្ចុប្បន្ននេះ​ គឺ​យើង​ធ្វើ​បាន​ក្នុង​មួយ​ថ្ងៃ​គ្នា​ ១៥​ នាក់​ហ្នឹង​ គឺ​យើង​ធ្វើ​បាន​ដល់​ទៅ ​២ ​តោន​គ្រាប់​ស្រស់»។​

ក្នុង​រយៈ​ពេល​ ១១ ​ខែ​នៃ​ឆ្នាំ​ ២០២៣​ នេះ​ កម្ពុជា​បាន​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​ទៅ​ក្រៅ​ប្រទេស​ក្នុង​បរិមាណ​ជាង​ ៤២ ​ម៉ឺនតោន​ គឺ​ថយ​ជាង​ ១០​ ភាគ​រយ ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​ ២០២២​ ខណៈ​ការ​នាំ​ទំនិញ​កសិកម្ម​ផ្សេង​ក៏​បាន​ថយ​ចុះ ​ដោយសារ​វិបត្តិ​សាកល​មួយ​ចំនួនក្នុង​នោះ​គឺ​ជម្លោះ​រវាង​អ៊ីស្រាអែល​ និង​ហាម៉ាស់​ដែល​មាន​ឥទ្ធិពល​យ៉ាង​ធំធេង​លើ​លំហូរ​ពាណិជ្ជ​កម្ម​សាកល​ដែល​បាន​ចុះ​ខ្សោយ​រួច​ទៅ​ហើយ​នោះ​ និង​វិបត្តិ​ផ្សេងៗ​ទៀត។ ​នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​កសិកម្ម។​

ទោះ​បី​ស្ថាន​ការណ៍​នៅ​ក្រៅ​ប្រទេស​បង្ក​ផល​ប៉ះ​ពាល់​ខ្លះៗ​ទៅ​លើ​ការ​នាំចេញ​ផលិត​ផល​កសិ​ឧស្សាហ​កម្ម​របស់​កម្ពុជា​យ៉ាង​ណាក្តី​ ក៏​ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ប្រទេស​កម្ពុជា​នៅ​កំពុង​បន្ត​ការ​ពង្រឹង​សមត្ថភាព​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ឲ្យ​មាន​គុណភាព​ខ្ពស់​ ដើម្បី​នាំ​ចេញ។​

អ្នក​ស្រី អ៊ិន​ ឡៃហួត​ ម្ចាស់ ​«សិប្បកម្ម​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​ ជ័យ​សំបូរ» ​ក្នុង​ខេត្ត​កំពង់ធំ​បាន​ បន្ថែម​ថា​ គិត​ចាប់​តាំង​ពី​ឆ្នាំ ​២០២០​ សិប្បកម្ម​របស់​អ្នកស្រី​មាន​ដៃ​គូ​ពី​ប្រទេស​ជប៉ុន​ ដែល​បាន​ជួយ​នាំ​ចេញ​គ្រាប់​ចន្ទី ​៧០ ​ម៉ឺន​តោន ​ទៅ​កាន់​ប្រទេស​ជប៉ុន​ ហើយ​បាន​ផ្គត់​ផ្គង់​ប្រមាណ ​៣០​ តោន​ក្នុង​ស្រុក។ ​អ្នកស្រី​ថា​ សិប្បកម្ម​អ្នកស្រី​កំពុង​ស្នើ​សុំ​លិខិត​បញ្ជាក់​ស្តង់ដារ​គុណភាព​អនាម័យ​សម្រាប់​ការ​នាំ​ចេញ​នៅ​ឆ្នាំ​ ២០២៤។

អ្នកស្រី​ថ្លែង​ថា៖​ «តែ​មក​ដល់​ក្នុង​ឆ្នាំ​ ២០២៣ ​នេះ​ គឺ​ខ្ញុំ​អត់​ទាន់​បាន​នាំចេញ​ទេ​ដោយសារ​តែ​ខ្ញុំ​កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​រៀបចំ​ឯកសារ​ រៀប​យក​ apply​ [សុំ]​ស្តង់ដារ​ តែ​ដល់​ក្នុង​ឆ្នាំ​ ២០២៤​ យើង​នឹង​គ្រោង​ពង្រីក​រោងចក្រ​បន្ថែម ​ដើម្បី​នឹង​ពង្រីក​ទាំង​ផលិត​កម្ម​ នាំ​ចេញ​ឲ្យ​បាន​ ១៥០០ ​តោន​ ក្នុង​មួយ​ឆ្នាំ​នៅ​ក្នុង​ឆ្នាំ​ ២០២៤​ ផង​ដែរ»។​

អ្នកស្រី អ៊ិន ឡៃហួតម្ចាស់«សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ» ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ (ហ៊ុល រស្មី/វីអូអេ)

អ្នកស្រី មុត ចរិយា ម្ចាស់សិប្បកម្មហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង ថ្លែងទៅកាន់អ្នក កាសែត នៅខេត្តកំពង់ធំ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

ការ​ពង្រឹង​គុណភាព​គ្រាប់​ស្វាយចន្ទី​ និង​ពង្រីក​សង្វាក់​ផលិត​កម្ម​ក៏​កំពុង​កើត​ឡើង​ នៅ​សិប្ប​កម្ម​ហ៊ែន​ក្រាហ្វធីត​ ឃែស៊ូ ណាត់​ ស្ទឹងត្រែង​ ស្ថិត​ក្នុង​ស្រុក​សៀមបូក​ ខេត្ត​ស្ទឹងត្រែង​របស់​អ្នក​ស្រី​ មុត ចរិយា។​

ស្ត្រី​ជា​អ្នក​ជំនួញ​រូប​នេះ​បាន​ដាក់​ទុន​ជិត ​១ ​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ដើម្បី​កសាង​រោងចក្រ​កែច្នៃ​ស្វាយ​ចន្ទី​ ចាប់​តាំង​ពី​ការ​បង្កើត​សិប្បកម្ម​របស់​អ្នកស្រី​ កាលពី​ឆ្នាំ​ ២០២០។​

ដំណាល​គ្នា​នឹង​ពេល​ដែល​ចាប់​ផ្តើម​បើក​សិប្បកម្ម​កែច្នៃ​នេះ​ អ្នកស្រី​ ចរិយា​ បាន​ព្យាយាម​សិក្សា​ពី​សក្តានុ​ពល​នៃ​ទីផ្សារ​ ដោយ​ការ​បំពេញ​ទស្សន​កិច្ច​នៅ​ក្រៅ​ប្រទេស។​ អ្នកស្រី​ជឿ​ថា ​គុណភាព​គ្រាប់​ស្វាយ​ចន្ទី​របស់​កម្ពុជា​ អាច​ប្រកួត​ប្រជែង​បាន​ជាមួយ​នឹង​គ្រាប់​ស្វាយចន្ទី​ដែល​ត្រូវ​បាន​កែច្នៃ​នៅ​ប្រទេស​ក្បែរ​ខាង​ ហើយ​ក៏​អាច​បង្កើន​ការ​នាំចេញ​បាន​ច្រើនព្រោះ​កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ប្រទេស​ដែល​ផលិត​គ្រាប់​ស្វាយចន្ទី​បាន​ច្រើន​ជាង​គេ​ ពោល​គឺ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ២​ ក្នុង​សាកល​លោក​នៅ​ក្នុង​សន្និសីទ​ស្វាយចន្ទី​ពិភព​លោក​ ក្នុង​ទីក្រុង​ឌូបៃ ​(Dubai)​ ប្រទេស​ អារ៉ាប់រួម​ កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៣។​

អ្នកស្រី​ថ្លែង​ថា៖​ «អ្វី​ដែល​យើង​ជឿជាក់​ថា ​យើង​អាច​ប្រកួត​ប្រជែង​បាន​នៅ​ទីនេះ​ គឺ​គុណ​ភាព។​ គុណភាព​គឺ​ជា​រឿង​សំខាន់​បំផុត។ ​គុណភាព​ទាំង​អស់​ហ្នឹង​ដើម្បី​បញ្ជាក់​ពី​គ្រាប់​ស្វាយ​ចន្ទី​របស់​ប្រទេស​កម្ពុជា​របស់​យើង។ ​អ៊ីចឹង​ថ្វី​ដ្បិត​តែ​យើង​ផលិត​កែច្នៃ​ បាន​តិច​ក៏​ពិត​មែន​ ប៉ុន្តែ​គុណភាព​គឺ​ជា​រឿង​សំខាន់​បំផុត​ ដែល​យើង​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​គេ​បាន»។​

ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​អ្នក​កាសែត​ទៅ​កាន់​ខេត្ត​កំពង់ធំ​ ក្រចេះ​ និង​ស្ទឹងត្រែង​ កសិករ​ក៏​បាន​ឲ្យ​ដឹង​អំពី​ការ​ខិតខំ​របស់​ពួក​គេ​ក្នុង​ការ​បង្កើន​ការ​ដាំដុះ​ដំណាំ​ស្វាយ​ចន្ទី ​និង​ការ​ចង​ក្រង​ជា​សហគមន៍​ដើម្បី​ប្រមូល​ទិញ​ផល​គ្រាប់​ស្វាយចន្ទី​ទៅ​ឲ្យ​អ្នក​បញ្ជា​ទិញ។​

អ្នកស្រី ​វេន​ សាវីន​ ប្រធាន​សហគមន៍​កសិកម្ម​អូគគីរ​នៅ​ស្រុក​ចិត្របុរី​ ខេត្ត​ក្រចេះ​ ប្រាប់​អ្នក​កាសែត​ថា​ ការ​ចង​ក្រង​សហគមន៍​បាន​ផ្តល់​ឱកាស​ឲ្យ​កសិករ​បង្កើន​ការ​ចំណេញ​ពី​ការ​ដាំដុះ​ និង​ការ​លក់​កសិផល​របស់​ពួក​គេ។​

អ្នកស្រី​ថ្លែង​ថា៖​ «យើង​ចង​ក្រង​ជា​សហគមន៍​ងាយ​ស្រួល​ផលិត​ដាំ​ដំណាំ​ ដោយ​សារ​បើសិន​ជា​យើង​លក់​តែ​ម្នាក់​ឯង​ គឺ​វា​អត់​សូវ​មាន​បាន​តម្លៃ​ថ្លៃ​ទេ។​ អ៊ីចឹង​បាន​ជា​យើង​បង្កើត​សហគមន៍​ទៅ​ ដើម្បី​ប្រមូល​ផ្តុំ​ផលិត​ផល»។​

ក្រោយ​ការ​ចង​ក្រង​ជា​សហគមន៍​កាលពី​ឆ្នាំ​ ២០១៨ ​សហគមន៍​ដែល​មាន​សមាជិក​ភាគ​ច្រើន​ជា​ស្ត្រី​ ៧១​ នាក់​នោះ​មាន​លទ្ធភាព​ប្រមូល​ទិញ​គ្រាប់​ស្វាយចន្ទី​ស្ងួត​បាន​ប្រមាណ​ ៤០៥ ​តោន​នៅ​ឆ្នាំ ​២០២៣​ ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​ Intersnack ​ដែល​ជា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ស្បៀង​អាហារ​របស់​អាល្លឺម៉ង់​ និង​ឈ្មួញ​ផ្សេង​ទៀត​ ហើយ​កំពុង​ត្រៀម​ការ​ប្រមូល​ទិញ​ឲ្យ​ដល់​ ៣២០០​ តោន​ ដើម្បី​ផ្គត់​ផ្គង់​ទៅ​ឆ្នាំ​ក្រោយ។ ​ការ​ទិញ​ដូរ​នោះ​ទៀត​សោត​ បាន​ធ្វើ​ទៅ​តាម​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុម​ហ៊ុន​ និង​សហគមន៍​កសិករ​ឯ​ទៀតៗ។​

អ្នកស្រី​វេន​ សាវីន​ បន្ថែម​ថា​ សហភាព​អឺរ៉ុប​ និង​អង្គការ​អាល្លឺម៉ង់​ GIZ​ ជា​អ្នក​ជួយ​ជ្រោម​ជ្រែង​ឲ្យ​មាន​ការ​ចង​ក្រង​សហគមន៍​ តាម​រយៈ​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សន្តិសុខ​អាហារ​ និង​ការ​ចិញ្ចឹម​ជីវិត​ហៅ​កាត់​ថា​ ILF។​

អ្នកស្រី​ថ្លែង​ថា៖​ «នៅ​ខាង​សហគមន៍​ខ្ញុំ​មាន​អង្គការ​ GIZ​ មួយ​ដែល​មាន​គម្រោង​ពីរ​ គម្រោង​ក្រដាស​ហ្នឹង​មួយ​ ហើយ​នឹង​គម្រោង​ ILF​ មួយ​ទៀត​គឺ​គាត់​ជួយ​គាំទ្រ​ទៅ​លើ​បច្ចេក​ទេស​ បច្ចេក​ទេស​ហ្នឹង​ដូច​ជា​ឃ្លាំង​ ដូច​ជាតូប​ បន្ទប់​ទឹក​ ហើយ​មាន​លាន​ហាល​អីចឹង​ទៅ»។​

ការ​ខិត​ខំ​របស់​ម្ចាស់​សិប្បកម្ម​មួយ​ចំនួន​នៅ​ក្នុង​ការ​ពង្រីក​សង្វាក់​ផលិត​កម្ម​គ្រាប់​ស្វាយ​ចន្ទី​កម្ពុជា​ និង​ការ​ចង​ក្រង​ជា​សហគមន៍​ ដើម្បី​គ្រប់គ្រង​ការ​ប្រមូល​ផល ​និង​លក់​ទៅ​ឲ្យ​ឈ្មួញ​ក្នុង​តម្លៃ​សមស្រប​ កើត​ឡើង​ស្រប​ពេល​វិស័យ​នេះ​នៅ​បន្ត​មាន​ស្ថានភាព​ប្រឈម​មួយ​ចំនួន។

រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម​ លោក​ តូច​ ប៊ុនហួរ​ បាន​ថ្លែង​ថា​ ទោះ​បី​ជា​អនុវិស័យ​ដំណាំ​ស្វាយ​ចន្ទី​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​គួរ​ជា​ទីមោទនៈ ​និង​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ ក៏​អនុ​វិស័យ​នេះ​ នៅ​ជួប​ប្រទេះ​បញ្ហា​ប្រឈម​ចម្បងៗ​មួយ​ចំនួន​ដូចជា​ ផលិត​កម្ម​ដំណាំ​ទទួល​បាន​ទិន្នផល​ និង​ប្រសិទ្ធ​ភាព​សេដ្ឋកិច្ច​នៅ​ទាប​ ធនធាន​មនុស្ស​ និង​ថវិកា​សម្រាប់​បម្រើ​ឲ្យ​ការ​ងារ​ស្រាវជ្រាវ​ និង​ការ​ផ្ទេរ​បច្ចេក​វិទ្យា​ផលិត​កម្ម​ និង​នវានុវត្តន៍​ថ្មីៗ​ នៅ​មាន​កម្រិត​ កង្វះ​ហេដ្ឋារចនា​សម្ព័ន្ធ​គាំទ្រ​ផលិត​កម្ម​និង​ការ​កែច្នៃ​ ហើយ​តម្លៃ​កសិផល​នៅ​លើ​ទីផ្សារ​ឡើង​ចុះ​មិន​ទៀង​ទាត់។​

យ៉ាងណា​ក៏​ដោយ​ លោក​ Guenter K. Wessel​ អ្នក​គ្រប់​គ្រង​កម្មវិធី​អង្គការ​ GIZ ​របស់ អាល្លឺម៉ង់​យល់​ថា​ អ្នក​កែច្នៃ​គ្រាប់​ស្វាយចន្ទី​នៅ​ប្រទេស​វៀតណាម​ អាច​សម្រេច​ផ្លាស់​ប្តូរ​មក​កាន់​ប្រទេស​កម្ពុជា​ ជាមួយ​នឹង​ការ​ដំឡើង​គ្រឿង​ម៉ាស៊ីន​កែច្នៃ​ថ្មីៗ​ នៅ​ពេល​ដែល​គ្រឿងចក្រ​ចាស់ៗ​ដល់​ពេល​ត្រូវ​ប្តូរ​ចេញ។ ​លោក​ថា​ ធ្វើ​យ៉ាង​ដូច្នេះ​ វិនិយោគិន​នឹង​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពួក​គេ​ក្នុង​ការ​ទិញ​និង​ដឹក​ស្វាយ​ចន្ទី​ចេញ​ពី​កម្ពុជា​ទៅ​កែច្នៃ​នៅ​ប្រទេស​វៀតណាម។

លោក​បន្ថែម​ថា​ សហគមន៍​កសិកម្ម​ដែល​ត្រូវ​បាន​ចង​ក្រង​សម្រាប់​ការ​ប្រមូល​ទិញ​កសិផល​ស្វាយ​ចន្ទី​ ដើម្បី​ផ្គត់​ផ្គង់​ទៅ​ក្រុម​ហ៊ុន​ ធ្លាប់​ទទួល​ទូរស័ព្ទ​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​ពី​រោងចក្រ​កែច្នៃ​នៅ​ប្រទេស​វៀតណាម​អំពី​ការ​ផ្គត់ផ្គង់​គ្រាប់​ស្វាយ​ចន្ទី​ស្ងួត​ដែល​កសិករ​កម្ពុជា​អាច​ធ្វើ​បាន​ ហើយ​រោងចក្រ​នោះ​ក៏​បង្ហាញ​ការ​ចាប់​អារម្មណ៍។ ​លោក​ថាការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ម្ចាស់​រោងចក្រ​កែច្នៃ​នៅ​វៀតណាម​ងាក​មក​ដំឡើង​គ្រឿង​ម៉ាស៊ីន​កែច្នៃ​នៅ​កម្ពុជា។​

លោក​ប្រាប់​អ្នក​កាសែត​ថា៖​ «ខ្ញុំ​ជឿ​ដោយ​មិន​គិត​ច្រើន​ថា​ នៅ​ពេល​ណា​មួយ​ ដែល​មធ្យោ​បាយ​នៃ​ការ​ធ្វើ​ជំនួញ​នេះ​មាន​ការ​វិវឌ្ឍ​ ហើយ​ម្នាក់ៗ​បាន​ដឹង​អំពី​រឿង​នេះ ​នោះ​ឆាប់ៗ​នេះ​ បើ​សិន​ជា​គេ​ចាំបាច់​ត្រូវ​ផ្លាស់​ប្តូរ​ឧបករណ៍​នៅ​ក្នុង​រោងចក្រ​នៅ​ក្នុង​ប្រទេស​វៀតណាម ​ដើម្បី​ដំណើរ​ការ​ម្តង​ទៀត​ ឬ​ធ្វើ​អ្វីៗ​ផ្សេង​ទៀត​ គេ​អាច​ចាប់​ផ្តើម​គិត​ថា ​ហេតុអ្វី​មិន​ដាក់​ទុន​នៅ​កម្ពុជា​ពី​ពេល​ឥឡូវ​នេះ​ទៅ​ ព្រោះ​វា​ដូចជា​រឿង​ត្រឹមត្រូវ​ជាង។​ វា​ចំណាយ​តិច​លើ​ការ​ដឹក​ជញ្ជូន។​ បើ​សិន​ជា​នៅ​តែ​ត្រូវ​ដាក់​ទុន​លើ​ឧបករណ៍​ថ្មីៗ​ដដែល​ ដូច្នេះ​គួរ​តែ​រើ​កន្លែង​ផលិត​កម្ម​ទាំង​មូល​មក​កម្ពុជា​ ឬ​ក៏​ប្តូរ​មក​កម្ពុជា​តែ​ម្តង​ទៅ»។​

យោង​តាម​ឯកសារ​គោល​នយោបាយ​ជាតិ​ស្តីពី​ស្វាយ​ចន្ទី​ឆ្នាំ​ ២០២២-២០២៧ ​របស់​រដ្ឋាភិបាល​កម្ពុជា ​កម្ពុជា​អាច​ផលិត​គ្រាប់​ស្វាយ​ចន្ទី​បាន​ប្រមាណ​ជាង​២០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ​ តែ​បច្ចុប្បន្ន​កម្ពុជា​បាន​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​បាន​ប្រមាណ​ត្រឹម​តែ​ ៥ ​ភាគ​រយ​ប៉ុណ្ណោះ​ ហើយ​គ្រាប់​ស្វាយ​ចន្ទី​ស្រស់​មួយ​ភាគ​ធំ​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជិត​ខាង​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់​តម្លៃ​បន្ថែម​ និង​ការងារ​យ៉ាង​ច្រើន​ រួម​ទាំង​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​គ្រាប់​ស្វាយ​ចន្ទី​កម្ពុជា​ ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ទៀត​ផង។​

នៅ​ក្នុង​គោល​នយោបាយ​នេះ​ រដ្ឋាភិបាល​បាន​សម្រេច​កំណត់​យុទ្ធសាស្ត្រ​សម្រាប់​បង្កើន​តម្លៃ​បន្ថែម​ដល់​ផលិត​ផល​ស្វាយចន្ទី​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​ ដោយ​ប្រែ​ក្លាយ​ពី​កសិករ​ទៅ​ជា​ពាណិជ្ជ​ករ​ តាម​រយៈ​ការ​បង្កើន​ផលិត​ភាព​ ការ​កាត់​បន្ថយ​ថ្លៃ ​ដើម្បី​ផលិត​កម្ម​ ការ​អនុវត្ត​បច្ចេក​វិទ្យា​ទំនើប​សមស្រប​ និង​ផលិត​ផល​មាន​គុណភាព​ប្រកប​ដោយ​ឧត្តម​ភាព​ប្រកួត​ប្រជែង ​ដើម្បី​ផ្គត់​ផ្គង់​តម្រូវការ​ទីផ្សារ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។​ នៅ​ពេល​អនុវត្ត​យុទ្ធ​សាស្ត្រ​នេះ ​រដ្ឋាភិបាល​បាន​កំណត់​គោល​ការណ៍​សំខាន់ៗ​មួយ​ចំនួន​ ដូចជា​ការ​ជំរុញ​កៀរ​គរ​វិនិយោគ​ ជំនួយ​បច្ចេកទេស ​និង​ធនធាន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ដើម្បី​ជំរុញ​វិស័យ​ស្វាយ​ចន្ទី​កម្ពុជា​ឲ្យ​មាន​និរន្តរ​ភាព​និង​អភិវឌ្ឍន៍។​

អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​កញ្ញា​ អ៊ឹម រចនា​ ថ្លែង​ថា​ កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្វាយ​ចន្ទី​ជាង​ ៧០ ​ម៉ឺន​ហិកតា​ និង​អាច​ផលិត​បាន​ ១ លាន​តោន​ក្នុង​មួយ​ឆ្នាំៗ​ តែ​បញ្ហា​ប្រឈម​ដែល​មាន​បច្ចុប្បន្ន​ក្នុង​វិស័យ​ចន្ទី​ គឺ​កង្វះ​ការ​កែច្នៃ។ ​ កញ្ញា​បន្ថែម​ថា​ ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​មាន​ការ​ប្រឹង​ប្រែង​បន្ថែម​ទៀត​លើ​ការ​កែច្នៃ ដែល​អាច​បង្កើន​ការ​ផ្គត់​ផ្គង់​គ្រាប់​ចន្ទី​ក្នុង​ស្រុក​ផង​ និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ផង។​

កញ្ញា​ថ្លែង​ថា៖ ​«ខ្ញុំ​បាន​បញ្ជាក់​ម្តង​ហើយ​ថា​ ផ្ទៃដី​ដាំដុះ​ស្វាយ​ចន្ទី​រាល់​ថ្ងៃ​ មាន​ ៧០ ​ម៉ឺន​ជាង​ហិកតា​ ដែល​ផ្តល់​ផល​ជាង​ ១​លាន​តោន​នៅ​ក្នុង​មួយ​ឆ្នាំ។​ ប៉ុន្តែ​ គឺ​នៅ​ត្រង់​ថា​ យើង​មិន​មាន​សហគ្រាស។ ​ អ្វី​ដែល​យើង​ចង់​បាន​ធ្វើ​ម៉េច​ ជំរុញ​ឲ្យ​មាន​ការ​កែច្នៃ​គ្រប់​គ្រាន់​ដើម្បី​ស្រូប​ទាញ​ផលិត​ផល​ស្វាយ​ចន្ទី​របស់​យើង​ហ្នឹង​ យក​ទៅ​កែច្នៃ​ ធ្វើ​ជា​ផលិត​ផល​សម្រេច​ដើម្បី​ដាក់​លក់​ ឬ​ក៏​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ដោយ​ផ្ទាល់។​ បញ្ហា​គឺនៅ​ត្រង់​ចំណុច​កណ្តាល​នេះ ​គឺ​សហគ្រាស​ គឺ​ការ​កែច្នៃ។​ អ្វី​ដែល​យើង​ចង់​បាន​គឺ​ធ្វើ​ម៉េច​ ជំរុញ​ឲ្យ​មាន​ការ​កែច្នៃ​ ធ្វើ​ម៉េច​ឲ្យ​ទីផ្សារ​ស្វាយ​ចន្ទី​ហ្នឹង​ស្ថិត​នៅ​ក្នុង​ស្រុក​យើង​ទាំង​ស្រុង​ ទាំង​អស់​បើ​អាច​ធ្វើ​ទៅ​បាន។​ យើង​ផលិត​នៅ​ក្នុង​ស្រុក​ ១​លាន​តោន​ យើង​កែច្នៃ​ស្រុក​ ១​លាន​តោន​ ឬ​បើ​ល្អ​ជាង​ហ្នឹង​ទៀត​ យើង​ទិញ​ពី​គេ​ហើយ​កែច្នៃ​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស»។​

មន្ត្រី​កសិកម្ម​រូប​នេះ​មាន​សុទិដ្ឋិនិយម​ថា​ វិនិយោគិន​ក្នុង​ស្រុក​នឹង​បង្វែរ​ធុរកិច្ច​របស់​ខ្លួន​មក​ក្នុង ឧស្សាហ​កម្ម​កែច្នៃ​គ្រាប់​ចន្ទី​ ខណៈ​មាន​ការ​កើន​ឡើង​នូវ​ទិន្នផល​នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក។​ កញ្ញា​លើក​ឡើង​ថា​ បញ្ហា​នៃ​ការ​ស្ទាក់ស្ទើរ​របស់​អ្នក​វិនិយោគ​ដែល​មិន​ទាន់​សម្រេច​ចិត្ត​ បណ្តាក់​ទុន​លើ​ការ​វិនិយោគ​នៅ​ក្នុង​សង្វាក់​កែច្នៃ​ផលិត​ផល​ស្វាយ​ចន្ទី​នេះ​ គឺ​ដោយ​សារ​កម្សោយ​នៃ​ការ​ផ្គត់ផ្គង់​គ្រាប់​ស្វាយ​ចន្ទី​ដែល​មិន​ទាន់​អាច​បំពេញ​ទៅ​តាម​សេចក្តី​ត្រូវការ​របស់​ម្ចាស់​សហ​គ្រាស​កែច្នៃ។​

កញ្ញា​ថ្លែង​ថា៖​ « អ៊ីចឹង​នៅ​ពេល​ដែល​ក្រសួង​កសិកម្ម​រៀប​ចំ​ជា​គោល​នយោបាយ​សហគមន៍​កសិកម្ម​ថ្មី​នេះ​ យើង​នឹង​ចង​ក្រង​ភ្ជាប់​គ្នា​ រវាង​ប្រជា​កសិករ​ដែល​ជា​អ្នក​ដាំដុះ​ អ្នក​ប្រមូល​ទិញ​ ហើយ​នឹង​សហគ្រាស​កែច្នៃ។ ​អ៊ីចឹង​ខ្សែ​រយៈ​ទាំង​អស់​ហ្នឹង​ហើយ​នឹង​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​ ដែល​មាន​បរិមាណ​ស្រប​ទៅ​តាម​តម្រូវការ​ទីមួយ។ ​គុណភាព​ស្រប​ទៅ​តាម​ទៅ​ទីផ្សារ​ដែល​ចង់​បាន​ទីពីរ។ ​ ហើយ​នឹង​យើង​អាច​ធានា​បាន​ថា​ គុណភាព​ដែល​នឹង​ផ្តល់​ចេញ​មក​ហ្នឹង​វា​នឹង​អាច​ទទួល​យក​បាន​នៅ​លើ​ទីផ្សារ​ ជាពិសេស ​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិ​ជន​ទាំង​នៅ​ក្នុង​ស្រុក​ ហើយ​នឹង​នៅ​ក្រៅ​ស្រុក។ ​រឿង​ហ្នឹង​គឺ​ជា​រឿង​ដែល​យើង​គិត​គូរ​អស់​ហើយ។ ​ ហើយ​នៅ​ពេល​ដែល​យើង​អនុវត្ត​ យើង​ជឿ​ជាក់​ថា​ វា​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​បាន​ហើយ​វា​នឹង​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​វិនិយោគ​ហ៊ាន​ដាក់​ទុន​វិនិយោគ​នៅ​ក្នុង​ផលិត​កម្ម​ស្វាយចន្ទី​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន​ ដោយ​សារ​តែ​យើង​ជឿជាក់​ណាស់​ថា ​សហគមន៍​កសិកម្ម​ទំនើប​របស់​យើង​នេះ​នឹង​អាច​ដោះស្រាយ​បាន​បញ្ហា​ទាំង​ស្រុង​តែ​ម្តង»។​

ក្រៅ​តែ​ពី​បញ្ហា​នៃ​កង្វះ​រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​នៅ​កម្ពុជា​ ស្ថានភាព​ប្រែប្រួល​អាកាស​ធាតុ​ក៏​បាន​បង្ក​ក្តី​បារម្ភ​ផង​ដែរ​ ដល់​កសិករ​ ដែល​កំពុង​ខិតខំ​បង្កើន​ការ​ដាំដុំ​ដំណាំ​ស្វាយចន្ទី។​

អនុប្រធាន​សមាគម​ស្វាយ​ចន្ទី​កម្ពុជា​លោក​ស៊ុយ កុកធាន​ ឲ្យ​ដឹង​ថា​ ការ​ប្រែប្រួល​អាកាស​ធាតុ​នាំ​ឲ្យ​មាន​ការ​កាប់​ដើម​ស្វាយចន្ទី​ចោល​ ប្រមាណ​ ១០ ​ម៉ឺន​ហិកតា​កាល​ពី​ឆ្នាំ​ ២០២២​ តែ​មាន​ការ​ដាំ​ដុះ​ឡើង​វិញ​ប្រមាណ​ ៤ ​ម៉ឺន​ហិកតា​ក្នុង​ឆ្នាំ​ ២០២៣។ ​នេះបើ​តាម​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​កូន​ដើម​ស្វាយ​ចន្ទី​ដែលត្រូវ​បាន​លក់​ចេញ​ពី​ថ្នាល​ទូទាំង​ប្រទេស។​ លោក​បន្ថែម​ថា​ បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​ គឺ​ជា​ក្តី​បារម្ភ​ធំ​ជាង​គេ​របស់​សមាគម​ទៅ​ថ្ងៃ​អនាគត។​

លោក Guenter K. Wessel អ្នកគ្រប់គ្រងកម្មវិធីអង្គការ GIZ របស់ អាល្លឺម៉ង់ ថ្លែងទៅកាន់អ្នកកាសែត នៅខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

លោក លី គឹមស៊ុយ ម្ចាស់ចម្ការដើមស្វាយចន្ទីនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ថ្លែងទៅកាន់អ្នកកាសែត នៅខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

នៅ​ក្នុង​ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ លោក ​លី​ គឹមស៊ុយ​ គឺ​ជា​ម្ចាស់​ចម្ការ​ដើម​ស្វាយ​ចន្ទី​ដែល​ត្រូវ​បាន​ដាំ​អស់​រយៈ​ពេល​១៣​ឆ្នាំ​មក​ហើយ​លើ​ផ្ទៃ​ដី ​១៩ ​ហិកតា។​ លោក​បាន​ជួប​ប្រទះ​នឹង​បញ្ហា​មួយ​ចំនួន​នៅ​ពេល​ចាប់​ផ្តើម​ដំា​ដំណាំ​កសិ​ឧស្សាហ​កម្ម​មួយ​នេះ​ ក្នុង​នោះ​គឺ​ការ​ប្រែប្រួល​អាកាស​ធាតុ។​

បើ​តាម​កសិករ​រូប​នេះ​ ការ​ប្រែប្រួល​អាកាស​ធាតុ​បាន​បង្ខំ​ចិត្ត​កសិករ​មួយ​ចំនួន​ឲ្យ​ផ្លាស់​ប្តូរ​ដំណាំ​របស់​ពួកគេ​ពី​ស្វាយ​ចន្ទី​ទៅ​ដំណាំ​ផ្សេង​ទៀត​ ដែល​ជា​ការ​ខាត​បង់​មួយ​ដែល​កសិករ​គួរ​ចៀស​វាង។

លោក​ថ្លែង​ថា៖ ​«មូល​ហេតុ​គឺ​ការ​បម្រែ​បម្រួល​អាកាស​ធាតុ​ហ្នឹង​ហើយ​បាទ​ ហើយ​ណា​មួយ​ កសិករ​បើ​សិន​ជា​គាត់​ឃើញ​ដំណាំ​ណា​មាន​តម្លៃ​ថ្លៃ​ គាត់​អាច​កាប់​ភ្លាម​ ដាំ​ដំណាំ​ផ្សេង​ភ្លាម។​ អាហ្នឹង​ ចិត្ត​គាត់​អត់​ហ្នឹង​ទេ​បាទ។ ​តែ​បើ​ចំពោះ​ខ្ញុំ​វិញ​ ខ្ញុំ​អត់​ទេ​បាទ ​ព្រោះ​ឥឡូវ​ខ្ញុំ​គិត​ថា ​កសិករ​នៅ​ក្នុង​ភូមិ​ខ្ញុំ​ចូល​១០​ភាគ​រយ​ហើយ​សម្រាប់​ឥឡូវគាត់​កាប់​ដើម​ចន្ទីចោល​ ដាំ​ដំឡូង​មី​បាទ»។​

បន្ថែម​លើ​ការ​ប្រែប្រួល​អាកាស​ធាតុ​ ការ​កើន​ឡើង​ថ្លៃ​ជីរ​កសិកម្ម​ទ្វេ​ដង​កាល​ពី​ឆ្នាំ​ ២០២២​ ក៏​បាន​បង្ក​ផល​ប៉ះពាល់​ខ្លះៗ​មក​លើ​ចម្ការ​របស់​លោក។ ​ទោះ​យ៉ាងណា​ ដំណាំ​ស្វាយ​ចន្ទី​របស់​លោក​នៅ​តែ​ហុច​ផល​ចំណេញ​បាន​ប្រមាណ​៦​លាន​រៀល​ក្នុង​មួយ​ឆ្នាំ​ ហើយ​លោក​ទទូច​សុំ​ឲ្យ​កសិករ​ឯ​ទៀត​ រក្សា​ជំហរ​ក្នុង​ការ​ដាំ​ដុះ​ស្វាយ​ចន្ទី​ដែល​កំពុង​មាន​តម្រូវការ​ពី​សំណាក់​ម្ចាស់​រោងចក្រ​កែច្នៃ​ស្វាយ​ចន្ទី។​

យោង​តាម​គោល​នយោបាយ​ជាតិ​ស្តីពី​ស្វាយ​ចន្ទី ​រដ្ឋាភិបាល​កម្ពុជា​មាន​គោល​បំណង​ប្រែ​ក្លាយ​កម្ពុជា​ឲ្យ​ទៅ​ជា​ប្រទេស​ផលិត​ និង​ផ្គត់ផ្គង់​ផលិត​ផល​ស្វាយ​ចន្ទី​ដ៏​សំខាន់​សម្រាប់​បម្រើ​ទីផ្សារ​ក្នុង​ស្រុក​ តំបន់​ និង​ពិភព​លោក។​

សិប្បកម្ម​កែច្នៃ​គ្រាប់​ចន្ទី​របស់​អ្នកស្រី​ មុត​ ចរិយា​ ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ កំពុង​ប្រឹងប្រែង​សម្រេច​នូវ​គោល​ដៅ​របស់​ខ្លួន​ដើម្បី​នាំ​ចេញ​គ្រាប់ស្វាយ​ចន្ទី​ប្រកប​ដោយ​គុណភាព​ទៅ​ក្រៅ​ប្រទេស​ ដែល ស្រប​តាម​គោល​នយោបាយ​ជាតិ​ស្តីពី​ស្វាយ​ចន្ទី​របស់​កម្ពុជា។​

អ្នក​ស្រី​ថា ​បច្ចុប្បន្ន​ផលិត​ផល​ខ្លះ​ដែល​ចម្រាញ់​ចេញ​ពី​ស្វាយ​ចន្ទី​នៅ​សិប្បកម្ម​របស់​អ្នកស្រី​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​អតិថិជន​ធ្វើ​ការ​សាកល្បង​នៅ​ក្រៅ​ប្រទេស​ ឬ​ទទួល​ការ​ពិសោធន៍​រក​អត្ថ​ប្រយោជន៍​ ពាក់ព័ន្ធ​នឹង​សារ​ធាតុ​បំប៉ន​សុខភាព​ ហើយ​ផលិត​ផល​ខ្លះ​ទៀត​ត្រូវ​បាន​នាំ​ទៅ​លក់​នៅ​ប្រទេស​ជប៉ុន។​ ក្រៅ​ពី​ប្រទេស​ជប៉ុន អ្នកស្រី​ មុត​ ចរិយា​ ក៏​កំពុង​ស្វែង​រក​ទីផ្សារ​នៅ​សហ​រដ្ឋ​អាមេរិក​ ដែល​នឹង​ជា​ទីផ្សារ​ធំ​បំផុត​មួយ​ចំពោះ​សិប្ប​កម្ម​របស់​អ្នក​ស្រី។​

អ្នកស្រី​ថ្លែង​ថា៖ ​«នាំ​ទៅ​លក់​ហើយ​បច្ចុប្បន្ន​ គឺនៅ​ជប៉ុន។ ​ប៉ុន្តែ​ដោយសារ​តែ​យើង​ទើប​ចាប់​ផ្តើម​អ៊ីចឹង។ ​យើង​នៅ​បរិមាណ​តិចតួច​នៅ​ឡើយ​ទេ។ ​ហើយ​ខែ​ ១២​ នេះ​ យើង​ចេញ​ទៅ​ហុងកុង​មួយ​ទៀត​ ច៎ា។ ​ហុងកុង!​ រាង​ …បរិមាណ​រាង​ច្រើន​ដែរ​ អ៊ីចឹង​ច៎ា! ​ ហើយ​ឆ្នាំ​ក្រោយ​ទៅ​ចិន។ ​យើង​កំពុង​តែ​ពិភាក្សា​គ្នា​ទៅ​ខាង​អីគេ​ Netherland ​ [ហូឡង់ដ៍] ​ហើយ​ចំណែក​ទីផ្សារ​អាមេរិក​ កាលពី​ខែ​មុន​នេះ​ ​យើង​ទើប​តែ​ត្រឡប់​មក​ពី​អាមេរិក​ទេ។ ​យើង​កំពុង​តែ​រៀប​ចំ​ warehouse ​[ឃ្លាំង​ស្តុក​អីវ៉ាន់]​នៅ​អាមេរិក​ ដើម្បី​រក​ទីផ្សារ​ ពីព្រោះ​ថា​ ទីផ្សារ​នៅ​ទីនោះ​ ទាល់​តែ​យើង​មាន ​warehouse ​ហើយ​គេ​ចាំ​ទិញ​ពី​យើង​នៅ​ទីនោះ​តែ​ម្តង»៕​