តម្លៃ​អចលនទ្រព្យ​បន្ត​ឡើង​ថ្លៃ​ទោះបី​ជា​មាន​វិបត្តិ​នយោបាយ

​តម្លៃ​ដី​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ មានការ​កើន​ពី​ចន្លោះ ១០% ទៅ​២០% ហើយ​តម្លៃ​ដី​សម្រាប់​រស់នៅ ​និង​សម្រាប់​ឧស្សាហកម្ម​វិញ​កើនឡើង​១០% ​និង​៥%។

ការជាប់​គាំង​នយោបាយ​ដែល​បានអូសបន្លាយ​អស់​រយៈ​ពេល​ប្រាំ​មួយខែ​ក្រោយ​ពី​ការបោះឆ្នោត​ខែ​កក្កដា​ មិនបាន​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​ធ្លាក់ចុះ​ឡើយ។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​អចលនទ្រព្យ​និង​មន្ត្រី​រដ្ឋាភិបាល។​

លោក ​ពូ អ៊ាវគង់ ​អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ Asia Real Estate Cambodia ​បាន​ឲ្យ​ដឹង​ថា​ការជាប់គាំង​នយោបាយ​ហាក់​បានធ្វើ​ឲ្យ​ វិស័យ​អចលនទ្រព្យ​មាន​ការ​ស្ងប់ស្ងាត់​មួយរយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ថា​សកម្មភាព​ ទិញ ​លក់​អចលនទ្រព្យ​មានផ្ទះ​និង​ដីធ្លី​ជាដើម​បាន​ចាប់ផ្តើមមាន​សន្ទុះ​ឡើងវិញ​ទោះបីជា​កម្ពុជា​កំពុងស្ថិត​ក្នុង​វិបត្តិ​នយោបាយ​ក្តី។​

«ជំនឿ​ទុកចិត្ត ​ការទិញ​លក់​ការវិនិយោគ​អ្វីផ្សេងៗ​ហាក់​មាន​សកម្មភាព​ត្រឡប់​មក​វិញ​ហើយ។ សឹងតែ​ស្មើ​ដូច​មុន​ការជាប់គាំង​ការបោះឆ្នោត»។

បើ​ការ​ឲ្យ​ដឹង​របស់​ក្រុមហ៊ុន​អ​ល​ចនទ្រ​ព្យ​នានា​នៅ​កម្ពុជា ​តម្លៃ​អចលនទ្រព្យ​មានការ​កើនឡើង​សម្រាប់​ឆ្នាំ ២០១៣។​ ក្នុងនោះ​តម្លៃ​ដី​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ មានការ​កើន​ពី​ចន្លោះ ១០% ទៅ​២០%។​ រីឯ​តម្លៃ​ដី​សម្រាប់​រស់នៅ ​និង​សម្រាប់​ឧស្សាហកម្ម​វិញ​កើនឡើង​១០% ​និង​៥%។

លោក ពូ អ៊ាវគង់ ​ថ្លែង​ថា ​តម្លៃ​ដី​សម្រាប់​ពាណិជ្ជកម្ម ​ដូចជា​នៅតាម​ផ្លូវ​ព្រះមុន្នីវង្ស​ ផ្លូវ​ព្រះសីហនុ និង​ផ្លូវ​នរោត្តម ​អាចមាន​តម្លៃ​ពី​ចន្លោះ​ ៣ពាន់ ​ទៅ ៦ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ។

ខណ្ឌ​ចំការមន ​និង​ ខណ្ឌ​ដូនពេញ​នៅ​បន្ត​ជា​ខណ្ឌ​ដែល​មាន​តម្លៃ​ដី​ថ្លៃ​ជាងគេ​ដដែល ​បើ​គិតពី​ដី​សម្រាប់​លំនៅស្ថាន។ ក្នុង​នោះ ​១ម៉ែត្រ​ការ៉េដី​អាច​មាន​ចាប់ពី​២.៥០០​ទៅ​៣.៥០០​ដុល្លារ​អាមេរិក។

ដោយឡែក​សម្រាប់​ដី​ពេញ​និយម​តាម​ជាយក្រុង​ភ្នំពេញ ​សម្រាប់ធ្វើ​ឧស្សាហ៍កម្ម​វិញ​មាន​ដូចជានៅតាម​ខណ្ឌដង្កោរ ពោ​ធ៌​សែន​ជ័យ ​និង​ខណ្ឌ​មានជ័យ ​តម្លៃ​ដី​ក្នុង១ម៉ែត្រការ៉េ​មានតម្លៃ​ពី​១០០​ដុល្លារ​ ទៅ​១៥០​ដុល្លារ​អាមេរិក។ នៅ​តាម​តំបន់​ខ្លះ​ទៀត​ដែល​នៅ​កាន់តែ​ឆ្ងាយ​ពី​ក្រុង​ភ្នំពេញ​អាច​មាន​តម្លៃ​ប្រហែល​ ៥០ ​ទៅ​៧០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

ដោយឡែក​តម្លៃ​ដី​ដែល​ថ្លៃ​ជាងគេ​គឺ​នៅ​បរិវេណ​ផ្សារ​ធំថ្មី។ ក្នុងនោះ​សម្រាប់​ដី​មួយ​ម៉ែត្រការ៉េ​អាចមាន​តម្លៃ​ចាប់ពី ៦ពាន់ ទៅ ១ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។ សម្រាប់​ដី​នៅតាម​បណ្តា​ខេត្ត​វិញ​តម្លៃ​ដី​មានការ​ប្រែប្រួល​តិចតួច​ប៉ុណ្ណោះ ​ដូចជា​នៅ​ខេត្តសៀមរាប ​ក្រុង​ព្រះ​សីហ​នុ ​និង​បាត់ដំបង ដែល​គម្រោង​អចលនទ្រព្យ​ភាគច្រើន​ផ្តោត​សំខាន់​លើ​ការសាងសង់​សណ្ឋាគារ ​និង​ទីកន្លែង​កំសាន្ត។

តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វុត្ថុ​បង្ហាញ​ថា​ក្នុង​ឆ្នាំ​២០១៣ ​វិស័យ​អចលនទ្រព្យ​និង​ជំនួញ​មានការ​កើនឡើង​១០,៩%។ ក្នុងនោះ​វិស័យ​សំ​ណង់​មាន​កំណើន​១៧,២%។ សំ​ណង់​ផ្ទះ​លែ្វង ​និង​វីឡា​កូនកាត់​បាន​កំពុង​ក្លាយ​ជាទី​ពេញ​និយម​ខ្លាំង​ជាង​គេ​នៅ​កម្ពុជា។

ប្រទេស​ចិន​នៅ​បន្ត​ឈានមុខ​គេ​ដដែល​ក្នុង​ការបោះ​ទុន​វិនិយោគ​ច្រើន​ជាង​គេ​លើ​វិស័យ អចលនទ្រព្យ​ដោយ​ផ្តោត​សំខាន់​លើដី​សម្បទាន​កសិកម្ម ​ការសាងសង់​អគារ​ខ្ពស់ៗ​ និង​រោងចក្រ​ឧស្សាហកម្ម។ ក្រៅពីនេះ​មាន​ប្រទេស​ដទៃទៀត​ដូចជា​ កូរ៉េ ជប៉ុន ​ម៉ា​ឡេស៊ី ​និង​សិង្ហ​បុរី។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​ក្រុមហ៊ុន​អចលនទ្រព្យ។

លោក ពូ អាវគង់​ពន្យល់​បន្ថែម។

«សំដៅ​លើ​ការអភិវឌ្ឍន៍​ទាក់ទង​និង​វិស័យ​កម្ម ដី​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង​គឺថា​មាន​ក្រុមហ៊ុន​ចិន​ច្រើន»។

លោក​អ៊ិន​ស៊ីថា ​ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុម​ហ៊ុន​អចលនទ្រព្យ​វីត្រាស (VTrust)​ដែល​ទើប​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​អចលនទ្រព្យ​ក្នុង​ខណ្ឌ​ទាំង៩ ​ក្នុង​ក្រុងភ្នំពេញ។ ការសិក្សា​របស់​ក្រុមហ៊ុន​នេះ​នៅ​ឆ្នាំ២០១៣ ​ក្នុង​រាជធានី​ភ្នំពេញ​បង្ហាញ​ថា​ដី​នៅតាម​តំបន់​ជាយក្រុង​ភ្នំពេញ​ថ្លៃ​ចាប់ពី​ ១០ ដុល្លារ​អាមេរិក​ឡើង​ទៅ​ក្នុង​១ម៉ែត្រ​ការ៉េ។ ខណៈដែល​តម្លៃ​ដី​កើនឡើង​យ៉ាងគំហុក​ នៅ​ខណ្ឌ​ចំនួន​ពីរ​គឺ ​ចំការមន ​និង​ដូនពេញ។ តម្លៃ​ប្រែប្រួល​ពី​១.៤៤០​ទៅ​៥.៩០០​ដុល្លារ​អាមេរិក​ក្នុង​១ម៉ែត្រ​ការ៉េ។

លោក​អ៊ិន​ស៊ីថា ​បាន​ហៅ​ការជាប់គាំង​នយោបាយ​ឆ្នាំ២០១៣ ​ថា​ជា​រឿង​ដដែលៗ​ហើយ​ក្រុម​អ្នកវិនិយោគ​ទុន​និង​អ្នករកស៊ី​អចលនទ្រព្យ​រំពឹងទុក​ថា​វិបត្តិ​ជាប់គាំង​នយោបាយ ​និង​ត្រូវបាន​ដោះស្រាយ​ឆាប់ៗ។

អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​វី​ត្រាស​ដដែល​អះអាង​ថា​កម្ពុ​ជា​នៅ​បន្ត​ជា​ប្រទេស​មួយ​ដែល​ទើប​តែ​មាន​សន្ទុះ​នៃ​ការចាប់ផ្តើម​នៃ​វិស័យ​អចលនទ្រព្យ​បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង​ដូចជា​ថៃ ​ម៉ា​ឡេស៊ី ​និង​វៀតណាម​ជាដើម។

«ស្ថានភាព​នយោបាយ​វា​អត់​ទាន់​ចុះសម្រុង​ផ្នែក​ដឹកនាំ​យ៉ាងណា​ក៏ដោយ ​ក៏ប៉ុន្តែ​មកទល់​ពេល​បច្ចុប្បន្ន​ខ្ញុំ​គិត​ថា​មិនមែន​ជា​បញ្ហា​អ្វី​ទេ។ អ្នកវិនិយោគ​ភាគច្រើន​គិតថា​បញ្ហា​នយោបាយ​បែប​ហ្នឹង​ត្រូវបាន​ដោះស្រាយ​ពេលណា​មួយ»។

ដោយឡែក​សម្រាប់​ លោក នួន រិទ្ធី​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ Bunna Reality Group​លើកឡើង​ថា​ការជាប់គាំង​នយោបាយ​នៅ​កម្ពុជា ​ចង់​ឬ​មិន​ចង់បាន​ធ្វើ​ឲ្យ​អ្នកវិនិយោគ​ទុន​ពី​បរទេស​មួយ​ចំនួន​ពន្យា​ពេល​មួយរយៈ​ក្នុងការ​បណ្តាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា។

«អតិថិជន​មួយ​ចំនួន​គាត់​បន្តធ្វើ​វិនិយោគ​ក៏មាន។ ហើយ​អ្នក​វិនិយោគ​ខ្លះ​ក៏​គាត់​នៅ​បន្ត​រង់ចាំ។ បាន​ន័យ​ថា​អ្នកខ្លះ​គាត់​បន្ត​ក៏​សាង។ តែមួយ​ចំនួន​ដែល​គាត់​ចង់​បោះ​ទុន​បន្ថែម​នោះ ​គាត់​មានការ​រង់ចាំ​បន្តិច»។

លោក ឡៅ ទិព្វ​សីហា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សំណង់​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ​និង​សំណង់​បាន​ឲ្យ​យល់ស្រប​ដែរ​ថា​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កើនឡើង។
សម្រាប់​ឆ្នាំ ២០១៣​តម្លៃ​វិនិយោគ​ទុន​លើ​វិស័យ​សំណង់ ​និង​អចលនទ្រព្យ​មានការ​កើនឡើង​ ៣១% ប្រៀបធៀប​នឹង​ឆ្នាំ ២០១២។

លោក ឡៅ ទិព្វ​សីហា​បន្ត​ថា​ក្រសួង​បានសម្រេច​អនុម័ត​គម្រោង​សាងសង់​សរុប​ជាង ១.៧០០​គម្រោង​គិត​ជា​ទឹកប្រាក់​មាន​ជាង​ ២.៧០០ ​លាន​ដុល្លារ​អាមេរិក​បើ​ប្រៀប​ទៅនឹង​ឆ្នាំ២០១២​ដែលមាន​ត្រឹមតែ​ជាង​ ២.១០០លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ​ ហើយ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មិនបាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​នយោបាយ​ឡើយ។

«មាន​ពាក់ព័ន្ធ​អ្វី​នឹង​នយោបាយ។ គេ​សង់​គេ​សង់។ អត់​ពាក់ព័ន្ធ»។

លោក កង ចាន់​តារា​រ័ត្ន នាយក​វិទ្យាស្ថាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​យល់​ដូចគ្នា​នេះ​ដែរ។
លោក​បន្តថា​អ្នកជំនួញ​ភាគច្រើន​រំពឹងទុក​ថា ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​អាច​នឹង​ត្រូវបាន​ដោះស្រាយ​នាពេល​ខាងមុខ។

«វា​មិនមាន​លក្ខណៈ​បំផ្លាញ​ធ្វើ​ឲ្យ​មាន​បញ្ហា​សន្តិសុខ​ជាតិ​ដូច​នៅ​ប្រទេស​ថៃ​ទេ។ ទំនុកចិត្ត​នៅក្នុង​វិស័យ​អចលនទ្រព្យ​ហ្នឹង​មិន​ប៉ះពាល់​ទេ។ ដំណោះស្រាយ​នៃ​ផ្នែក​នយោបាយ​និង​ឈានដល់​ពេល​ខាងមុខ​ហ្នឹង។ វា​នឹង​បើកផ្លូវ​ឲ្យ​អ្នករកស៊ី​និង​ដំណើរការ​ឡើង​វិញ»។

ជាមួយគ្នា​នេះ​ក្រុម​អ្នករកស៊ី​អចលនទ្រ​ព្យ​រំពឹង​ថា​តម្លៃ ​អចលនទ្រព្យ​ទំនងជា​នឹង​បន្ត​កើនឡើង​ទៀត​នៅ​ឆ្នាំ​២០១៤៕