ភ្នំពេញ៖ អាជ្ញាធរខេត្តសៀមរាបបានចាប់ឃុំខ្លួនអនុប្រធានអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយពីបទសង្ស័យថា ជាប់ពាក់ព័ន្ធការរំលោភសេពសន្ថវៈលើកុមារីអាយុ១៤ឆ្នាំ។ តុលាការខេត្តសៀមរាបក៏បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យពីររូបផ្សេងទៀត ជាប់ពាក់ព័ន្ធក្នុងករណីនេះផងដែរ។
លោកទី សុវិនថាល់ ព្រះរាជអាជ្ញាអមតុលាការខេត្តសៀមរាប បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា លោកម៉ាត់ រ៉ានី អាយុ៣២ឆ្នាំ ជាអនុប្រធានអង្គការការពារធនធានធម្មជាតិនិង អភិរក្សជីវសាស្រ្តចម្រុះដែលមានទីតាំងនៅក្នុងខេត្តសៀមរាប ត្រូវបានចាប់ដាក់ឃុំភ្លាមៗនៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ក្រោមបទចោទប្រកាន់ថា សង្ស័យជាប់ពាក់ព័ន្ធនឹងការរំលោភសេពសន្ថវៈទៅលើកុមារីមួយរូបអាយុ១៤ឆ្នាំ។
«ផ្តើមចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ តាមច្បាប់ស្តីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋបាទ។ វាពាក់ព័ន្ធគ្នាពីរនាក់ទៀត»។
បើតាមការបញ្ជាក់របស់លោកវីរសេនីយ៍ឯកញឹម សីលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សៀមរាប បានឲ្យដឹងថា អាជ្ញាធរបានចាប់ខ្លួនលោកម៉ាត់ រ៉ានី នៅទីស្នាក់ការអង្គការរបស់លោក ក្រោយពីបានទទួលពាក្យបណ្តឹងពីគ្រួសារកុមារីជនរងគ្រោះ។
លោកបានមានប្រសាសន៍ថា ជនសង្ស័យម៉ាត់ រ៉ានីជាប់ពាក់ព័ន្ធនឹងការរំលោភសេពសន្ថវៈទៅលើកុមារីមួយរូបអាយុ១៤ឆ្នាំ នៅក្នុងសណ្ឋាគារមួយកន្លែងនៃខេត្តសៀមរាប។
«ខាងជនរងគ្រោះមកប្តឹង មានម្តាយ មានក្មេងស្រីអាយុ១៤ឆ្នាំហ្នឹង។ ហើយយើងឆែកមើលឃើញថា អាយុ១៤ឆ្នាំមែនគឺកើតឆ្នាំ១៩៩៦។ ធម្មតាតែមកប្តឹងបទល្មើសបានន័យថា ទោះបីត្រូវក៏ដោយ កាលណាគេប្តឹងចាប់រំលោភហើយ ហើយណាមួយក្រោមអាយុទៀត»។
យោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសកម្មភាពដើម្បីកុមារបានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែកក្កដាកន្លងទៅនេះ លោកគា គឿន និងជនសង្ស័យ ម៉ាត់ រ៉ានី បានទៅលេងផ្ទះជនរងគ្រោះ នៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គធំ ខេត្តសៀមរាប។
សេចក្តីប្រកាសព័ត៌មានដដែលបានលើកឡើងថា ជនសង្ស័យបានសុំអនុញ្ញាតពីក្រុមគ្រួសារជនរងគ្រោះ ដើម្បីនាំកុមារីរងគ្រោះមកលេងក្នុងទីរួមខេត្តសៀមរាប ដោយមានបងស្រីមកជាមួយផង។
បន្ទាប់ពីបានមកដល់ខេត្តសៀមរាប ក្រោយពេលទទួលទានអាហារពេលល្ងាចរួចមក ជនសង្ស័យបាននាំកុមារីជនរងគ្រោះទៅរំលោភសេពសន្ថវៈនៅក្នុងសណ្ឋាគាររហូតដល់បានសម្រេច។
លោកអ៊ុក ពីសិដ្ឋ អ្នកសម្របសម្រួលអង្គការសកម្មភាពដើម្បីកុមារ បាននិយាយថា ជនសង្ស័យនិងជនរងគ្រោះទើបតែស្គាល់គ្នារយៈពេលតែពីរថ្ងៃប៉ុណ្ណោះ។
លោកបានលើកឡើងទៀតថា ជនសង្ស័យមានគម្រោងរំលោភកុមារីជនរងគ្រោះជាមុន។
«នៅពេលដែលជួលបន្ទប់បាន ហើយចូលទៅក្នុងបន្ទប់ គាត់ចាប់សម្រាតខោអាវកុមាររងគ្រោះ ហើយគាត់ធ្វើការចាប់រំលោភតែម្តង។ ហើយការចាប់រំលោភគាត់នោះគឺបានសម្រេចរហូតដល់ចំនួនពីរដង»។
យោងទៅតាមរបាយការណ៍របស់អង្គការសកម្មភាពដើម្បីកុមារបានឲ្យដឹងថា នៅក្នុងរយៈពេល៦ខែដើមឆ្នាំនេះ មានករណីរំលោភផ្លូវភេទទៅលើកុមារី ដែលជាអនីតិជនបានកើតមានឡើងចំនួន៧ករណី គឺ២ករណី បានកើតមានឡើងពីសំណាក់ជនបរទេសមកលើកុមារាកម្ពុជា ដែលមានអាយុពី៩ឆ្នាំដល់១៣ឆ្នាំ និង៥ករណីទៀតជាពលរដ្ឋខ្មែរ៕