លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ស្ថាបនិកនៃអង្គការមាតាធម្មជាតិ ដែលឥឡូវមិនមានឈ្មោះក្នុងបញ្ជីក្រសួងមហាផ្ទៃ បានថ្លែងចំអកដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថាជា «ជនកំសាក» និងខ្លាំងបានតែខ្មែរទន់ខ្សោយគ្នាឯង តែទន់ជ្រាយនឹងជនបរទេស។នេះបើតាមបទអធិប្បាយរបស់លោកជាខ្សែវីដេអូខ្លីមួយ ដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់អង្គការមាតាធម្មជាតិកាលពីថ្ងៃអាទិត្យ។
លោក អាឡិច ដែលជាជនជាតិអេស្ប៉ាញ បាននិយាយជាភាសាខ្មែរក្នុងខ្សែវីដេអូនោះថា៖
«មនុស្សភាគច្រើនតែងតែហៅសម្តេចតេជោ ហ៊ុន សែន ថា ជាបុរសខ្លាំង ប៉ុន្តែបើគិតពីប្រវត្តិរបស់លោកតាំងពីសម័យ ប៉ុល ពត មក ខ្ញុំមើលឃើញថា សម្តេចតេជោ ហ៊ុន សែន នេះ ខ្លាំងបានតែជាមួយខ្មែរគ្នាឯងទេ។ អ្នកនយោបាយ អ្នកសារព័ត៌មាន យុវជន សូម្បីតែសកម្មជនដីធ្លីជាស្រ្តី ក៏លោក ហ៊ុន សែន ប្រើប្រាស់ប្រព័ន្ធតុលាការ ចោទប្រកាន់ ដើម្បីចាប់បញ្ជូនទៅពន្ធនាគារ ដោយមិនញញើតដៃដែរ»។
លោក អាឡិច និយាយបន្តថា៖
«ប៉ុន្តែបើសម្រាប់ជនបរទេសដូចជារូបខ្ញុំវិញ សម្តេចដូចជាកំសាក មើលទៅហាក់បីដូចជាមិនហ៊ាន អនុញ្ញាតឲ្យរូបខ្ញុំ វិលទៅស្រុកខ្មែរវិញទេ បើទោះបីតុលាការខេត្តកោះកុង ជ្រុលខ្លួនចោទប្រកាន់ ព្រមទាំងបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនរូបខ្ញុំ ដើម្បីជំនុំជម្រះ ទាក់ទងទៅនឹងការតវ៉ា ប្រឆាំងសកម្មភាពបូមខ្សាច់ខុសច្បាប់ នៅខេត្តកោះកុង តាំងពីឆ្នាំ២០១៦មកម្ល៉េះ ក៏ដោយ»។
លោក អាឡិច ហ្គន់សាឡេស ដេវិតសុន ដែលគេស្គាល់ថា ជាអ្នកការពារបរិស្ថានដ៏សកម្មម្នាក់ក្នុងតំបន់អារ៉ែង ខេត្តកោះកុង ត្រូវបានតុលាការខេត្តកោះកុងចោទប្រកាន់ពីបទ «សមគំនិតពាក់ព័ន្ធ និងសកម្មភាពគម្រាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់និងបញ្ជាអ្វីមួយ» កាលពីខែសីហាឆ្នាំ២០១៥។ បទចោទស្រដៀងគ្នានេះ ក៏ត្រូវបានតុលាការខេត្តកោះកុង ដាក់មកលើសកម្មជនការពារបរិស្ថានបីនាក់ទៀត ដែលជាសហការីរបស់លោកអាឡិច។ ពួកគេទាំងបីនាក់នោះ រួមមានឈ្មោះ សាន់ ម៉ាឡា ទ្រី សុវិគា និងស៊ីម សំណាង។
អ្នកទាំងបីត្រូវបានចាប់ដាក់ពន្ធនាគារអស់រយៈពេល១០ខែ និង១៥ថ្ងៃ រាប់ចាប់ពីថ្ងៃចាប់ខ្លួន រហូតដល់ថ្ងៃកាត់ទោសក្នុងខែកក្កដា ឆ្នាំ២០១៦ ដែលក្នុងពេលនោះ គឺតុលាការខេត្តកោះកុងកាត់ទោសឲ្យពួកគេជាប់ពន្ធនាគាររយៈពេល១៨ ខែ បន្ទាប់ពីការធ្វើយុទ្ធនាការទប់ស្កាត់ការបូមខ្សាច់ជាច្រើនខែក្នុងខេត្តកោះកុង ដែលបានធ្វើឡើងកាលពីឆ្នាំ២០១៥។ តែដោយសារថា ពួកគេបានអនុវត្តទោស១០ខែ និង១៥ថ្ងៃរួចមក ពួកគេទាំងបីនាក់ដដែលនោះ ក៏ត្រូវបានតុលាការដោះលែងក្នុងឆ្នាំ២០១៦ដដែលនោះ ហើយទោសដែលនៅសេសសល់ត្រូវបានព្យួរទុក។
លោក អាឡិច ដែលត្រូវបានអាជ្ញាធរកម្ពុជាបណ្តេញចេញពីបទស្នាក់នៅផុតទិដ្ឋាការកំណត់នោះ បានពណ៌នាក្នុងខែ្សរវីដេអូមានរយៈពេលជាង២នាទីថា លោកបានស្នើមេធាវីរបស់លោកឲ្យប្តឹងទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងក្រសួងយុត្តិធម៌ ដើម្បីសួរនាំពីការចោទប្រកាន់របស់តុលាការខេត្តកោះកុង ប្រឆាំងនឹងរូបលោក ក៏ដូចជាសកម្មជនការពារបរិស្ថានបីនាក់ផ្សេងទៀត។ ក្នុងការថ្លែងបិទការអធិប្បាយរបស់លោក លោកអាឡិច បានសួរលោក ហ៊ុន សែន ថា តើ ហ៊ុន សែន មានសេចក្តីក្លាហានបើកផ្លូវឲ្យលោកវិលមកកម្ពុជាវិញដែរឬទេ?
លោក អាឡិច ប្រាប់ VOA បន្ថែមនៅថ្ងៃចន្ទនេះថា លោកមានការភ័យខ្លាចដែរ ប្រសិនបើអាជ្ញាធរកម្ពុជាអនុញ្ញាតឲ្យត្រឡប់មកកម្ពុជាវិញនោះ តែលោកថាដើម្បីជាគំរូដល់អ្នកតស៊ូមតិឯទៀត លោកនឹងវិលមកកម្ពុជាវិញ ដើម្បីតតាំងនឹងរឿងក្តី ហើយដើម្បីបញ្ជាក់ថា លោក ហ៊ុន សែន មិនមានឥទ្ធិពលលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
«ប៉ុន្តែយើងអត់មានជម្រើសណាមួយ ក្រៅពីទៅមុខ ជាពិសេសអ្នកដែលកំពុងតែដឹកនាំសង្គមស៊ីវិល ដឹកនាំក្រុមយុវជន ឬក៏ក្រុមសកម្មជន ដូចខ្ញុំរាល់ថ្ងៃហ្នឹង គឺយើងមិនអាចថយ មិនអាច អត់ហ៊ានជាមួយនឹងរបបផ្តាច់ការទេ យើងត្រូវតែទៅមុខ ជាពិសេសដើម្បីផ្តល់គំរូជាវិជ្ជមាន ផ្តល់គំរូនៃភាពក្លាហាន ជូនឲ្យប្រជាជនដូចអ្វីដែល កែម ឡី បានធ្វើ ដូចអ្វីដែលមនុស្សមួយចំនួនធំបានធ្វើកន្លងមក»។
លោក អាឡិច នឹងមិនមានឱកាសវិលមកកាន់ប្រទេសកម្ពុជាវិញនោះឡើយ បើតាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍មួយរូបនៃក្រសួងមហាផ្ទៃកម្ពុជា។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា៖
«ឈ្មោះនែ៎ហ្នឹង ត្រូវបានដាក់ក្នុងបញ្ជីខ្មៅរបស់កម្ពុជា ព្រោះត្រូវរដ្ឋមន្ត្រីមហាផ្ទៃ លោកដេញចេញតាមច្បាប់មានបញ្ជីខ្មៅ ហើយបើមក មានតែចូលគុកប៉ុណ្ណឹង មកចុះ មិនខ្លាចទេ ព្រោះបើសិនមកចូលគុក ក៏មកចុះ... តាមច្បាប់កម្ពុជាចូលមិនបានទេ»។
លោកមានប្រសាសន៍ថា លោក អាឡិច អាចវិលមកវិញបាន ល្គឹកណា ព្រះអាទិត្យរះពីទិសខាងលិច«ព្រោះត្រូវរដ្ឋមន្ត្រីមហាផ្ទៃបណ្តេញចេញ»។
លោកបន្ថែមថា៖
«វាចូលក្នុងបញ្ជីខ្មៅ មកជាប់នៅកន្លែងណាមួយ អាហ្នឹងច្បាប់គេចាត់ការហើយអាហ្នឹង»។
យ៉ាងណាក៏ដោយ អ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការឃ្លាំមើល និងការពារសិទ្ធិមនុស្សលីកាដូ យល់ថា លោក អាឡិច គួរត្រូវបានផ្តល់ឱកាសឲ្យមកការពារខ្លួនតាមច្បាប់កម្ពុជា ក្នុងន័យបញ្ជាក់ថា លោកគ្មានទោស ហើយសកម្មភាពលោកបានធ្វើកន្លងមកនោះ គឺដើម្បីការពារសម្បត្តិធម្មជាតិខ្មែរ។
លោក អំ សំអាត ប្រធានការិយាល័យបចេ្ចកទេសស៊ើបអង្កេតនៃអង្គការលីកាដូ មានប្រសាសន៍ថា៖
«យើងគិតថា ដើម្បីឲ្យវាមានយុត្តិធម៌ ដើម្បីឲ្យមានការតទល់គ្នាចំពោះមុខច្បាប់ ដើម្បីចៀសវាងនូវការរិះគន់ផ្សេងៗ អាហ្នឹងបើដំណើរការរបស់តុលាការដំណើរការ ទៅបាននោះ គួរតែអនុញ្ញតឲ្យគាត់ចូលមក ទាក់ទងនឹងបំភ្លឺ ចំពោះមុខច្បាប់ ចំពោះមុខតុលាការហ្នឹងទៅ»។
កាលពីឆ្នាំ២០១៥ គឺនៅពេលមានសកម្មភាពរបស់លោក អាឡិច និងសហការីរបស់លោកដែលជាសកម្មជនជាច្រើនបានរារាំងមិនឲ្យក្បួនរថយន្តនៃរដ្ឋាភិបាលបរទេសមួយមិនឲ្យចូលទៅពិនិត្យទីតាំងដែលត្រូវបានគ្រោងសម្រាប់ធ្វើទំនប់វារីអគ្គិសនីក្នុងតំបន់អារ៉ែង ខេត្តកោះកុង លោក ហ៊ុន សែន ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីយូរជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានព្រមានប្រើប្រាស់អាវុធធន់ធ្ងន់ប្រភេទកាំជ្រួចហ្វូង BM-21s ដើម្បីវាយបង្រ្កាបនឹងក្រុមដែលប៉ុនប៉ងបង្កើតតំបន់សហគមន៍នៅទីនោះ។
លោក អាឡិច ត្រូវបានអាជ្ញាធរបណ្តេញចេញមុនប៉ុន្មានថ្ងៃ នៃការព្រមានរបស់លោក ហ៊ុន សែន៕