មន្ត្រី​សុខាភិបាល​រិះរក​វិធានការ​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម

ភ្នំពេញ៖​ក្រុម​មន្ត្រី​សុខាភិបាល​បាន​ជួប​ប្រជុំ​គ្នា​ជា​បន្ទាន់ ​ដើម្បី​រិះរក​វិធាន​ការ​ទប់ស្កាត់​ការ​កើន​ឡើង​នៃ​ជំងឺ​គ្រុនឈាម ដែល​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ននៅ​តាម​ខេត្ត​មួយ​ចំនួន​ ​ដែល​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ខែ​មិថុនា ​និង​បាន​រាតត្បាត​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ ​និង​មាន​ការ​ប្រែប្រួល​ប្រភេទ​របស់​មេរោគ​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ​ ​ដែល​ធ្វើ​ឱ្យ​ការ​តាមដាន​កាន់​តែ​មាន​ការ​លំបាក។

ការ​ប្រជុំ​នៅ​ថ្ងៃ​នេះ​គឺជា​ការ​ពញ្ញាក់​ស្មារតី​ដល់​ថ្នាក់​ដឹកនាំ​ខេត្ត ​និង​ក្រសួង​សុខា​ភិបាល​ក្នុង​កិច្ច​ខំ​ប្រឹង​ ប្រែង​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​នេះ។

ក្រុម​មន្ត្រី​ក្រសួង​សុខាភិបាល​បាន​ជួប​ប្រជុំ​ជាមួយ​ក្រុម​អាជ្ញាធរ​សុខា​ភិបាល​ខេត្ត ​នៅ​ថ្ងៃ​អង្គារ​នេះ ​ដើម្បី​រិះរក​មធ្យោបាយ​កាត់​បន្ថយ​ការ​កើន​ឡើង​នូវ​ជំងឺ​គ្រុន​ឈាម​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១០​នាក់​ ​និង​ធ្វើ​ឱ្យ​មនុស្ស​ជាង ​៣៧៧០​នាក់​ធ្លាក់​ខ្លួន​ឈឺ​ចាប់​តាំង​ពី​រដូវ​ភ្លៀង​បាន​ចូល​មកដល់។

លោក​វេជ្ជ​បណ្ឌិត​ហ៊ុយ រ៉េកុល​ នាយក​រង​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម​នៃ​ក្រសួងសុខា​ភិបាល​បាន​ថ្លែងថា​ ​ ប្រទេស​កម្ពុជា​មាន​អ្នក​ជំងឺ​គ្រុន​ឈាម​ចំនួន​ ៣៧៧១​នាក់​ ​ក្នុងនោះ​មាន​១០​នាក់​ស្លាប់​ ​ដោយសារ​ជំងឺ​គ្រុន​ឈាម​ក្នុង​រយៈ​ពេល​៧ខែ​ដើម​ឆ្នាំ​២០១០​នេះ។

លោក​វេជ្ជ​បណ្ឌិត​រូប​នេះ​បាន​បញ្ជាក់​ថា​ ​ក្រុម​មន្ត្រី​សុខា​ភិបាល​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ ការ​កើន​ឡើង​ជំងឺ​គ្រុន​ឈាម​នេះ។​ ក្រុម​មន្ត្រី​សុខា​ភិបាល​គ្រប់​លំដាប់​ថ្នាក់​ត្រូវតែ​រិះរក​មធ្យោបាយ​ទប់ស្កាត់​ជំងឺ​រាតត្បាត​នេះ។

លោក​វេជ្ជ​បណ្ឌិត​ហ៊ុយ រ៉េកុល ​បាន​បន្ត​ថា​ ​ការ​ប្រជុំ​នៅ​ថ្ងៃ​នេះ ​គឺ​ជា​ការ​ពញ្ញាក់​ស្មារតី​ដល់​ថ្នាក់​ដឹកនាំ​ខេត្ត​ និង​ក្រសួង​សុខាភិបាល​ ដើម្បី​បែងចែក​ធនធាន​ឱ្យ​បាន​សមស្រប​ទៅ​តាម​កាលៈ​ទេសៈ​ និង​ពេល​វេលា​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​នេះ។

«ចាប់​ពី​សប្តាហ៍​ទី២៧​មក​ ​ជំងឺ​គ្រុន​ឈាម​បាន​កើន​ឡើង​ដល់​ខ្សែ​បន្ទាត់​ប្រកាស​អាសន្ន។ ​ដូច្នេះ​ជា​ខ្សែ​បន្ទាត់​ ​ដែល​យើង​ត្រូវ​ព្រួយ​បារម្ភ​ថា​ ​វា​នឹង​អាច​ផ្ទុះ​ ​បើ​គ្មាន​ការ​គ្រប់គ្រង​ ​ឬការ​ឆ្លើយ​តប​បាន​សមស្រប»។

លោក​វេជ្ជ​បណ្ឌិត ឌួង សុជាតិ ​នាយក​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ ​ប៉ារ៉ាស៊ីត​សាស្ត្រ​ និង​បាណក​សាស្ត្រ​នៃ​ក្រសួង​សុខា​ភិបាល​ ​បាន​បញ្ជាក់​ថា​ ​ជំងឺ​គ្រុន​ឈាម​នេះ​ បាន​កើត​មាន​នៅ​រដូវភ្លៀងធ្លាក់ ​និង​រាតត្បាត​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ និង​មាន​ការ​ប្រែប្រួល​ប្រភេទ​របស់​មេរោគពី​មួយ​ឆ្នាំ​ ទៅ​មួយឆ្នាំ​ ដែល​ធ្វើ​ឱ្យ​ការ​តាម​ដាន​កាន់តែ​មាន​ការ​លំបាក។

ខេត្ត​ដែល​មាន​ការ​កើនឡើង​នៃជំងឺ​គ្រុន​ឈាម​ខ្លាំង​ជាង​គេ​ គឺខេត្ត​កំពង់ចាម ​ខេត្ត​កំពង់​ឆ្នាំង​ ខេត្ត​បន្ទាយ​មានជ័យ​ ​ខេត្ត​កំពត​ ​ខេត្ត​កែប​ ​ខេត្ត​កណ្តាល​ និង​ទីក្រុង​ភ្នំពេញ។

ក្រុម​មន្ត្រី​សុខាភិបាល​ និង​អាជ្ញាធរ​ភូមិ ​ឃុំ​ បាន​ពន្យល់​ណែនាំ និង​បាន​ចែកថ្នាំ​ Abat​ដល់​អ្នក​ភូមិនៅ​តាម​ខេត្ត​រងគ្រោះ​នៃ​ជំងឺ​គ្រុន​ឈាម​ ​សម្រាប់​ដាក់​ក្នុង​ពាង​ទឹក​ ​ដើម្បី​សម្លាប់​ដង្កូវ​ទឹក​ ​ធ្វើ​អនាម័យ​ក្នុង​និង​ជុំវិញផ្ទះដើម្បី​បំបាត់​ជម្រក​មូស​ខ្លា និងប្រភព​ដង្កូវ​ទឹក​ ​ ចិញ្ចឹម​ត្រី​៧​ពណ៌​ក្នុង​ពាង​ឱ្យ​ស៊ី​ដង្កូវ​ទឹក​លាង​សម្អាត​ពាង​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​ ​លុប​បំបាត់​វត្ថុ​ដក់​ទឹក​ ​និង​នៅ​ពេល​ថ្ងៃ​ ​កុមារ​ត្រូវ​ពាក់​សម្លៀក​បំពាក់​ក្រាស​ វែង​ និង​ដេក​ក្នុង​មុង​ ​ពីព្រោះ​មូសខ្លា​ខាំ​មនុស្ស​ចាប់​ពីម៉ោង​៥ ​និង​៣០នាទី​ព្រឹក​ រហូត​ដល់​ម៉ោង៥​និង​៣០នាទី​ព្រលប់​ ​នេះ​បើតាម​ការ​អះអាង​របស់​វេជ្ជ​បណ្ឌិត​ហ៊ុយ រ៉េកុល។

លោក​វេជ្ជ​បណ្ឌិតឌួង សុជាតិ ​បាន​ថ្លែងថា​ ​ក្រុម​មន្ត្រី​សុខា​ភិបាល​ត្រូវ​ជំរុញ​ការ​អប់រំ​សុខភាព​ដល់​សហគមន៍​ និង​សាលារៀន​ឱ្យ​យល់ដឹង​ពី​ការ​ការពារ​ជំងឺ​គ្រុនឈាម​ ​គ្រោះថ្នាក់​នៃ​ជំងឺ​គ្រុន​ឈាម​ ​ការ​ចម្លង​ជំងឺ​គ្រុន​ឈាម​ និង​ការ​ចេះ​ប្រើ​សេវា​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព។

នៅ​ក្នុង​ឆ្នាំ២០០៩​ ​ជំងឺ​គ្រុន​ឈាម​បាន​សម្លាប់​មនុស្ស​៣៧​នាក់​ ​រីឯឆ្នាំ​២០០៨​មាន​អ្នក​ជំងឺ​ស្លាប់​ចំនួន​៦៥​នាក់៕