គណបក្សប្រជាធិបតេយ្យនឹងបន្ដគ្រប់គ្រងព្រឹទ្ធសភាសហរដ្ឋអាមេរិក បន្ទាប់ពីកាលពីយប់ថ្ងៃសៅរ៍ អ្នកស្រី Catherine Cortez Masto សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ Nevada បានឈ្នះឆ្នោតនៅក្នុងអាណត្តិថ្មីនេះជាបន្តទៀត។ មកទល់នឹងពេលនេះគណបក្សប្រជាធិបតេយ្យឈ្នះបានអាសនៈព្រឹទ្ធសភាចំនួន ៥០ រីឯគណបក្សសាធារណរដ្ឋឈ្នះបានអាសនៈព្រឹទ្ធសភាចំនួន ៤៩។
អ្នកស្រី Cortez Masto បានយកឈ្នះលើគូប្រជែងខាងគណបក្សសាធារណរដ្ឋលោក Adam Laxalt ដែលជាអតីតអគ្គរដ្ឋអាជ្ញានៅក្នុងរដ្ឋ Nevada។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានមានប្រសាសន៍ថា៖ «ខ្ញុំមិនមានការភ្ញាក់ផ្អើលនោះទេចំពោះលទ្ធផលនេះ។ ខ្ញុំពិតជាពេញចិត្តនឹងលទ្ធផលនេះណាស់»។
លោកប្រធានាធិបតី Biden បានថ្លែងដូច្នេះពីរាជធានីភ្នំពេញ ដែលនៅទីនោះ លោកកំពុងជួបប្រជុំជាមួយបណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន (ASEAN)។
លោក Biden បានថ្លែងទៀតថា៖ «ខ្ញុំគិតថា វាគឺជាការឆ្លុះបញ្ចាំងអំពីគុណសម្បត្តិរបស់បេក្ខជនរបស់គណបក្សយើង។ ...ខ្ញុំរំពឹងទៅមុខសម្រាប់រយៈពេលពីរបីឆ្នាំខាងមុខនេះ»។
ដោយសារតែជ័យជម្នះរបស់អ្នកស្រី Cortez Masto ដែលត្រូវបានទីភ្នាក់ងារព័ត៌មាន AP ចេញផ្សាយកាលពីយប់ថ្ងៃសៅរ៍ និងជ័យជម្នះរបស់លោក Mark Kelly សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ Arizona កាលពីយប់ថ្ងៃសុក្រ គណបក្សប្រជាធិបតេយ្យឥឡូវនេះគ្រប់គ្រងអាសនៈចំនួន ៥០ នៅក្នុងព្រឹទ្ធសភា។
ចំណែកឯគណបក្សដែលនឹងត្រូវគ្រប់គ្រងរដ្ឋសភាវិញ គេនៅមិនទាន់ដឹងនៅឡើយទេ ដោយសារតែការរាប់សន្លឹកឆ្នោតចុងក្រោយនៅក្នុងសង្កាត់ជាច្រើននៅមិនទាន់ត្រូវបានរាប់នៅឡើយ ដែលភាគច្រើនគឺនៅតាមបណ្ដារដ្ឋនៅប៉ែកខាងលិច។
លោកប្រធានាធិបតី Biden ថ្លែងថា៖ «យើងអាចឈ្នះ [គ្រប់គ្រងរដ្ឋសភា]។ ថាតើយើងនឹងឈ្នះឬក៏អត់ យើងត្រូវរង់ចាំមើលទាំងអស់គ្នា»៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មាន AP និងទីភ្នាក់ងារព័ត៌មាន Reuters។