មន្ត្រី​បក្ស​ប្រជាធិបតេយ្យ​និង​ម្ចាស់​ជំនួយ​គាំទ្រ​ អ្នកស្រី Harris ​បន្ទាប់ពី​ លោក Biden ចាកចេញ​ពី​ការប្រកួត

អនុប្រធានាធិបតី អ្នកស្រី Kamala Harris គ្រវីដៃពេលមកដល់មូលដ្ឋានកងឆ្មាំជាតិ Delaware Air National Guard Base ក្នុងទីក្រុង New Castle រដ្ឋ Delaware ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។

សន្ទុះ​បាន​បង្ហាញ​នៅ​ខាង​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kamala Harris

កាលពី​ថ្ងៃ​ចន្ទ នៅពេល​ដែល​ពួក​សមាជិក​សភា អភិបាល​រដ្ឋ​និង​អ្នក​ផ្តល់​ហិរញ្ញវត្ថុ​ ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​សម្តែង​នូវ​ការគាំទ្រ​អ្នកស្រីដើម្បី​ក្លាយ​ជា​អ្នក​ទទួល​បាន​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​នៅ​ក្នុង​ការបោះឆ្នោត​ខែ​វិច្ឆិកា​បន្ទាប់ពី​លោក​ប្រធានាធិបតី Joe Biden បាន​ដកខ្លួន​ចេញពី​ការប្រកួត​ប្រជែង។

បន្ទាប់​ពី​លោក Biden បាន​ធ្វើការ​ប្រកាស​ដ៏​ភ្ញាក់ផ្អើលដក​ខ្លួន​ចេញ​ពី​ការប្រកួតកាលពី​ថ្ងៃ​អាទិត្យ​ លោក ​Biden បាន​ចេញ​ការគាំទ្រ​ដល់​អ្នកស្រី Harris ដើម្បី​ប្រឈម​អតីត​ប្រធានាធិបតី​លោក Donald Trump ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ។

អ្នកស្រី Harris ដែល​មាន​អាយុ៥៩ឆ្នាំ​បាន​ប្រកាស​ភ្លាមៗ​ថា​អ្នកស្រី​នឹង​ស្វះស្វែង​រក​ឱ្យ​បាន​ទទួល​ការតែងតាំង​នេះ។ អ្នកស្រី​ធ្លាប់​ជា​សមាជិកា​ព្រឹទ្ធសភា​ម្នាក់​មកពី​រដ្ឋ California ដែល​មាន​ពលរដ្ឋ​ច្រើន​បំផុត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក នៅពេល​ដែល​លោក Biden ជ្រើសរើស​អ្នកស្រីនៅ​ឆ្នាំ២០២០​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​របស់​លោក បន្ទាប់ពី​ការឈរឈ្មោះ​របស់​ អ្នកស្រី Harris ជា​បេក្ខជន​ប្រធានាធិបតី​មិន​បាន​ទទួល​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ។

អត្រា​យល់ស្រប​បំពេញ​ការងារ​របស់​អ្នកស្រីនៅ​ក្នុង​ការស្ទង់​មតិ​ថ្នាក់​ជាតិ​ភាគច្រើន​ឆ្លុះ​បញ្ចាំង​ពី​លោក Biden ក៏ប៉ុន្តែ ការស្ទង់មតិ​ខ្លះ​របស់​អ្នក​បោះឆ្នោត​បង្ហាញ​ថា អ្នកស្រី Harris មាន​ភាពប្រសើ​ជាង​បន្តិច​ជាង​លោក Biden នៅ​ក្នុង​ការតទល់​នឹង​លោក Trump។ ក្នុង​ការស្ទង់​មតិខ្លះ អ្នកស្រី​បាន​នាំមុខ​លោក Trump។

អ្នកស្រី Harrisបាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​លោក Biden ដែលដកខ្លួន​ចេញពី​ការប្រកួត​ប្រជែង​ប្រឆាំង​នឹង​លោក Trump «កំពុង​ធ្វើ​អ្វី​ដែល​លោក​បាន​ធ្វើ​ទូទាំង​ជីវិត​នៃ​ការបម្រើ​ការងារ​របស់​លោក​ដោយ​ការដាក់​ប្រជាពលរដ្ឋ​អាមេរិកាំង​និង​ប្រទេស​របស់​លោក​មុនអ្វីៗទាំងអស់»។

កាលពី​ព្រឹក​ថ្ងៃ​ចន្ទ យុទ្ធនាការ​របស់ អ្នកស្រី Harris បាន​និយាយ​ថា​ខ្លួន​បាន​ប្រមូល​ថវិកា​ចំនួន៤៩លាន៦សែន​ដុល្លារ​នៅ​ក្នុង​ការផ្តល់វិភាគទាន​ប្រាក់​ដុល្លារ​ចំនួន​តូចៗ ចាប់តាំង​ពី​លោក Biden បាន​ដក​ខ្លួន​ចេញ​ពី​ការប្រកួតប្រជែង​ហើយ​អ្នកស្រី​បាន​ប្រកាស​ជា​បេក្ខជន។ ការណ៍​នេះ​ផ្ទុយ​ស្រឡះ​ទៅនឹង​ប៉ុន្មាន​សប្តាហ៍​នៃ​ការធ្លាក់​ចុះ​នៃ​ការគាំទ្រ​លោក Biden ជាពិសេស ក្នុង​ចំណោម​អ្នក​ផ្តល់​វិភាគទាន​សំខាន់ៗ បន្ទាប់ពី​ការជជែក​ដេញដោល​មិន​បាន​ល្អ​របស់​លោក Biden នៅ​ចុង​ខែ​មិថុនា​តទល់​នឹង​លោក Trump មក៕