តម្រូវការ​ឈើ​នៅ​ទីផ្សារ​ចិន​និង​វៀតណាម​នាំ​ឲ្យ​មាន​ការ​កាប់​ឈើ​កើន​ឡើង​នៅ​កម្ពុជា

អ្នក​តាមដាន​ថា ​ឈើ​ប្រណិតៗ​នៅ​កម្ពុជា​​នឹង​ត្រូវ​​កាប់​បំផ្លាញ​ហិនហោច​អស់​នៅ​ចុង​ឆ្នាំ​២០១១​នេះ​​បើ​មិន​មាន​ការ​ទប់ស្កាត់​ទេ​នោះ។

ភាគទី២​នៃ​សេចក្តី​រាយការណ៍​ពិសេស​៣​ភាគ

នៅ​ក្នុង​ខណៈ​ដែល​ឈ្មួញ​ខុស​ច្បាប់​នៅ​កម្ពុជា​កំពុង​តែ​សម្រុក​ពន្យុះ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​ខ្លាំង​ក្លា​ស​ម្រាប់​សេចក្ដី​ត្រូវការ​នៅ​ក្រៅ​ប្រទេស​នោះ​ មាន​ទី​ផ្សារ​សំខាន់​បំផុត​ចំនួន​ពីរ​ដែល​ស្រូប​យក​ផលិត​ផល​ព្រៃ​ឈើ​របស់​កម្ពុជា​គឺ​ប្រទេស​វៀតណាម​និង​ប្រទេស​ចិន។​ ជា​រៀង​រាល់​ថ្ងៃ​ឈើ​ខុស​ច្បាប់ ​និង​ស្រប​ច្បាប់​បាន​ហូរ​ចូល​ប្រទេស​ទាំង​ពីរ​ ហើយ​បាន​បង្ក​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ឈើ​មាន​តម្លៃ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​រីក​រាលដាល។

អតីត​អ្នក​បើក​បរ​រថយន្ដ​ស៊ី​ឈ្នួល​ដឹក​ឈើ​ម្នាក់​ក្នុង​ខេត្ត​ព្រះ​វិហារ​បាន​ថ្លែង​ប្រាប់​ VOA​ សំឡេង​សហរដ្ឋ​អេមេរិក​ជា​ខេមរ​ភាសា​ថា ​ឈើ​ខុស​ច្បាប់​ត្រូវ​គេ​ដឹក​ដោយ​លួច​លាក់​ចូល​ទៅ​កាន់​ប្រទេស​វៀតណាម​តាម​រយៈ​ឧកញ៉ា​ម្នាក់​ដែល​រង់​ចាំ​ទទួល​ឈើ​ទាំង​នោះ​នៅ​ចំណុច​ព្រំ​ដែន​ខេត្ត​កំពង់ចាម​រួច​ជាស្រេច។​ ឈ្មួញ​រូប​នេះ​នឹង​លក់​ឈើ​បន្ដ​ទៅ​កាន់​ប្រទេស​វៀតណាម ​ដែល​នឹង​បន្ដ​លក់​ឈើ​តាម​ផ្សារ​ងងឹត​ទៅ​កាន់​ប្រទេស​ចិន​ទៀត។

មាន​ប្រសាសន៍​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ អតីត​អ្នក​បើក​រថយន្ត​ដឹក​ឈើ​ខុស​ច្បាប់​នេះ​បញ្ជាក់​ថា​ ការ​ដឹក​ជញ្ជូន​ឈើ​ជា​ទូទៅ​ត្រូវ​ការពារ​ដោយ​រថយន្ដ​នាំ​មុខ។

«យក​ទៅ​ស្តុក​ក្នុង​រោចក្រ​កែ​ច្នៃ​ជិត​ដល់​សួង។ ​កន្លែង​ហ្នឹង​ជា​របស់​ឧកញ៉ា​ម្នាក់​នៅ​អូររាំងឪ​ ហើយ​ដឹកចេញ​ទៅ​វៀត​ណាម។ វៀតណាម​មក​ធ្វើ​យក​ទៅ»។

ប្រភព​ដដែល​ និង​ប្រភព​ពី​មន្ដ្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ឃ្លាំ​មើល​ផ្នែក​បរិស្ថាន​បាន​ឲ្យដឹង​ថា ​វិបត្តិ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ថៃ​បាន​ជំរុញ​ឱកាស​ថ្មី​មួយ​សម្រាប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តាម​បណ្ដា​ខេត្ត​នៅ​តាម​តំបន់​ព្រំដែន។

ប្រភព​ខាង​លើ​បាន​អះអាង​ថា​ មន្ដ្រី​យោធា​ជាន់ខ្ពស់​របស់​កម្ពុជា​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​កាប់​ព្រៃឈើ​ខុស​ច្បាប់​ទាំង​នេះ។​ ម្យ៉ាងវិញ​ទៀត​ ឈើដែល​កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​ គឺ​ជា​ប្រភេទ​ឈើ​ប្រណិតៗ ដូច​ជា​ក្រញូង​ បេង និងនាងនួន​ ជាដើម​ដែល​ជា​ប្រភេទ​ឈើ​លំដាប់​លេខ​១ ​និង​មាន​តម្លៃ​ខ្ពស់។

លោក​ឈុត​ វុទ្ធី​ នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ដែល​មាន​បទ​ពិសោធន៍​ខាង​ឃ្លាំមើល​បរិស្ថាន​ជា​ច្រើន​ឆ្នាំ​ បាន​បញ្ជាក់​អំពី​វិធីសាស្រ្ត​ក្នុង​ការ​នាំ​ឈើចេញ​ទៅ​កាន់​ប្រទេស​ជិត​ខាង​យ៉ាង​ដូច្នេះ​ថា​ ការ​នាំ​ឈើ​ចេញ​ត្រូវ​បាន​ប្រើ​ប្រាស់​តាម​មធ្យោបាយ​ផ្លូវ​គោក​និង​ផ្លូវ​ទឹក។

«ការ​បញ្ជូន​ចេញ​តាម​ផ្លូវ​ទឹក​ហ្នឹង​វា​រាង​ឆ្ងាយ​ ក៏​ប៉ុន្តែ​បើ​តាម​ផ្លូវ​គោកវា​រាង​ជិត។ ​ដល់​អញ្ចឹង​ប្រទេស​ជិតខាង​យើង​គឺ​ប្រទេស​ចិន​ និង​ប្រទេស​វៀតណាម​ ហើយ​ប្រទេស​ចិន​ជា​ប្រទេស​មួយ​ដែល​មាន​ទីផ្សារ​ហ្នឹង​ធំ​ជាង​គេ​គឺ​មិន​មែន​យក​ចេញ​តែ​ពី​ប្រទេស​កម្ពុជា​ទេ​គឺ​យក​ចេញ​ពី​ថៃ​ ឥណ្ឌូណេស៊ី​ ម៉ាឡេស៊ី​ រហូត​ទៅ​ដល់​អាហ្វិក​ និង​ទៅ​ដល់​ប្រទេស​ផ្សេងៗ​ទៀត​នៅ​លើ​ពិភព​លោក»។

មធ្យោបាយ​ក្នុង​ការ​នាំ​ឈើ​ចេញ​បាន​ប្រើ​ប្រាស់​រថយន្ត​ធំៗ​ រថយន្ត​ដឹក​កុងតឺន័រ​ និង​ដឹក​ តាម​កប៉ាល់​ជាដើម។​ លោក​វុទ្ធី​បាន​និយាយ​ថា​ ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​បាន​ធ្វើ​ឡើង​តាម​ច្រក​ដូង​ ក្នុង​ខេត្ត​កំពង់ចាម ​ក្នុង​មួយ​ថ្ងៃ​យ៉ាង​តិច​១២​រថយន្ត។ ​តួលេខ​នេះ​ប្រព្រឹត្ត​ទៅ​តាម​រដូវ​កាល។ ​ចំណែក​ឯ​ការ​ដឹក​ទៅ​កាន់​ប្រទេស​ចិន​វិញ​បាន​ដឹក​ជញ្ជូន​ចេញ​តាម​រថយន្ត​កុងតឺន័រ​ ដោយ​ឆ្លង​កាត់​ខេត្ត​កំពង់ស្ពឺ​ រួច​ឆ្ពោះ​ទៅ​កំពង់ផែ​ស្ងួត​ ផែរាម​ កោះកុង​ និង​ក្រុង​ព្រះសីហនុ។

លោក​បាន​និយាយ​ថា​ ឈើ​ដឹក​ចេញ​តាម​ផ្លូវ​ទឹក​មាន​ចំនួន​ច្រើន​ជាង​ផ្លូវ​គោគ​ តែ​លោក​មិន​បាន​ដឹង​ចំនួន​ពិត​ប្រាកដ​ទេ។

ទាក់ទង​នឹង​ការ​បង់ពន្ធ​ លោក​និយាយ​ថា​ ការ​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម​វិញ​ ឈើ​ក្នុង​១​ម៉ែត្រ​គូប​ត្រូវ​បង់​ពន្ធ​១.០០០​ដុលា្លរ​សហ​រដ្ឋ​អាមេរិក។

«វៀតណាម​មាន​កម្លាំង​ពលកម្ម។ ​គេ​កែ​ច្នៃ​ដែល​មាន​តម្លៃ​ខ្ពស់។ ​គេ​លក់​ចេញ​ទៅ​តែ​ម្តង​គឺ​ទៅ​តាម​ច្រក​កំពង់ចាម​យើងហ្នឹង​ គឺ​តាម​ច្រក​ដូង ​គឺចេញ​ជា​ចំហរ​តែ​ម្តង។ ​កាល​ណា​ទៅ​ដល់​ខាង​ណោះ ​គឺ​ក្នុង​១​គូប​បង់​ពន្ធ​ចូល​រដ្ឋ​គេ​១០០០​ដុល្លារ។​ គេ​យក​លុយ​ចូល​រដ្ឋ។ ​ផុត​ពី​ហ្នឹង​ ឈើ​យក​ទៅ​គោល​ដៅ​ណា​ក៏​យក​ទៅ​គឺ​ទៅ​តាម​ឈ្មួញ​ដែល​គេ​ចង់​បាន»។

លោក​ឈុត​ វុទ្ធី​បន្ថែម​ថា​ តំបន់​ភ្នំ​ក្រវ៉ាញ​នៅ​ភាគ​កណ្តាល​នៃ​ខេត្ត​ពោធិ៍សាត់​ ដែល​ជា​កន្លែង​វារីអគ្គិសនី​ដ៏​ធំ​មួយ​ គឺ​ជា​ប្រភព​នៃ​ការ​ចេញ​ឈើ​ធំ​ជាង​គេ។ ​បន្ទាប់​មក​ មាន​ខេត្ត​ផ្សេងៗ​ទៀត​ ដូច​ជា​ខេត្ត​កំពង់ធំ​ ព្រះ​វិហារ​ ក្រចេះ​ ស្ទឹងត្រែង​ រតនៈគីរី​ មណ្ឌល​គីរី​និង​ខេត្ត​កំពង់ធំ។

លោក​បាន​បញ្ជាក់​ថា​ ប្រទេស​ចិន​បាន​យក​ឈើ​ដែល​នាំចេញ​ពី​កម្ពុជា​ទៅ​កែច្នៃ​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍​ និង​គ្រឿង​សង្ហារឹម​ផ្សេងៗ។

«ប្រទេស​ចិន​មាន​ជំនឿ​ទៅ​តាមបែបបុរាណ​របស់​គាត់។​ ចំណែក​អ្នក​មានៗ​ គេ​ច្រើន​ទិញចម្លាក់​ឈើ​ធ្វើ​ជា​កាដូ​(វត្ថុ​អំណោយ)​នៅ​ពេល​បើ​សម្ពាធ​អ្វី​មួយ។ ​គេធ្វើ​ជា​រូប​សេះ​ឬ​ក៏​រូប​ស្អី​ផ្សេងៗ។​និយាយ​ឲ្យ​ចំ​ទៅ ​ឈើ​ក្រញូង​គឺ​ជា​ប្រភេទ​ឈើ​ដែល​មាន​ពណ៌​ល្អ ​ហើយ​គេ​ច្រើន​ឆ្លាក់​ធ្វើ​ជា​វត្ថុ​សម្រាប់​គោរព​បូជា»។

ពុំ​មាន​របាយការណ៍​ជា​ផ្លូវ​ការ​ថា​ ការ​នាំ​ឈើ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​និង​វៀតណាម​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ​ក្នុង​មួយ​ខែៗ។

លោក​វុទ្ធី​បាន​និយាយ​ថា​ នៅ​កម្ពុជា​ឈើ​ប្រណិតៗ​នឹង​ត្រូវកាប់​បំផ្លាញ​ហិនហោច​អស់​នៅ​ចុង​ឆ្នាំ​២០១១​នេះ​ ប្រសិន​បើ​មិន​មាន​ការ​ទប់ស្កាត់​ទេ​នោះ។

លោក​ថន សារ៉ាត់​ អនុ​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ ផែនការ​ និង​ហិរញ្ញវត្ថុ​របស់​រដ្ឋបាល​ព្រៃ​ឈើ​បាន​ស្ទាក់ស្ទើរ​ក្នុង​ការ​ឆ្លើយ​ទៅ​នឹង​សំណួរ​ថា​តើ​ព្រៃ​ឈើ​សព្វ​ថ្ងៃ​នៅ​សេស​សល់​ប៉ុន្មាន។​ លោក​បាន​និយាយ​ពង្វាង​ថា​ ព្រៃ​ឈើ​អាច​ដុះ​វិញ​បាន ​ប្រសិន​បើ​យើង​ចេះ​ប្រើប្រាស់។

លោក​បាន​បញ្ជាក់​ទៀត​ថា ​ប្រសិន​បើ​យើង​បំផ្លាញ​បាន​ន័យ​ថា​ យើង​ដក​ហូត​ដោយ​ពុំ​ខ្វល់​តាម​រយៈ​ការ​ទន្ទ្រាន​កាប់​រាន​ទាំង​ធំ​ ទាំង​តូច។

«យើង​នៅ​មាន​សក្តានុពល​ ប្រសិន​បើ​យើង​អាច​ថែ​រក្សា​បាន​ដូច​សម្តេច​នាយក​លោក​ថា​ បើ​ថែរក្សា​ព្រៃ​បាន​ មិន​ខ្វះ​អុស​ដុត​ទេ។​ គួរ​តែ​យើង​ហ្នឹង​ចេះ​រៀបចំ​ការ​គ្រប់​គ្រង​វិស័យ​ព្រៃ​ឈើ​តាម​រូបភាព​តម្រូវ​ការ​ទី​ផ្សារ ​ ក៏​ប៉ុន្តែ​ត្រូវ​គោរព​តាម​បច្ចេកទេស​នៃ​បទដ្ឋាន​ព្រៃឈើ​ដែល​បាន​ចែង​និង​ដាក់​ចុះ​សម្រាប់​ឲ្យ​ភ្នាក់ងារ​រដ្ឋាភិបាល​អនុវត្ត»។

សកម្មភាពកាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​និង​ការ​លក់​ផលិតផល​ព្រៃឈើ​ដែល​មាន​តម្លៃ​ទៅ​កាន់​ប្រទេស​ជិតខាង​កម្ពុជា​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បាត់បង់​ចំណូល​ថវិកា​រដ្ឋ​ច្រើន​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

កាល​ពី​ពេល​កន្លង​ទៅ​នេះ​ ភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឈន៍​អន្ដរជាតិ ​(USAID)​ បាន​រិះ​គន់​ថា​ កម្ពុជា​បាន​បាត់​បង់​ប្រាក់​ចំណូល​ប្រមាណ​ពី​៣០០​ទៅ៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​ដោយសារ​អំពើ​ពុក​រលួយ។

ដោយឡែក​ លោក​សម រង្ស៊ី ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុងតែ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ធ្លាប់​បាន​លើក​ឡើង​ថា​ ការ​បាត់បង់​ចំណូល​ពី​ព្រៃឈើ​តែមួយ​មុខ​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​អាមេរិក។

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ធ្លាប់​បាន​ប្រកាស​រួច​ហើយ​ថា ​ឈើ​ស្រប​ច្បាប់​មាន​ចំនួន​៥​ប្រភេទ​គឺ​ឈើ​កាប់​ចេញ​ពី​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​ ឈើ​កាប់​ចេញ​ពី​ព្រៃគុប​ ឈើ​កាប់​ចេញ​ពី​អាង​ទឹក​វារី​អគ្គិសនី​ ឈើ​នាំ​ចូល​ពី​ក្រៅប្រទេស​ និង​ឈើ​សម្រាប់​កែ​ច្នៃ​ធ្វើ​ទូក​ង។ ក៏​ប៉ុន្ដែ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មាន​តម្លៃបាន​បង្ហាញ​ពី​ការ​ខ្វះ​ចន្លោះ​ក្នុង​ការ​ប្រតិបត្តិ​នូវ​គោល​ការណ៍​ច្បាប់។

លោក​ ឈុត​ វុទ្ធី​ នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​មាន​ច្បាប់​ ក៏​ប៉ុន្តែ​ក្រសួង​សាមី​មិន​អនុវត្ត​ច្បាប់ ​ហើយនេះ​ជា​ចំណុច​លំបាក​ពង្រឹង។​ លោក​ឈុត​ វុទ្ធី​បាន​បន្ថែម​ទៀត​ថា​ ឈើ​ប្រណិត​នៅ​សល់​តិច​គឺ​សល់​ប្រហែល​ពី​២%​ទៅ​៣%​តែ​ប៉ុណ្ណោះ៕