តម្រូវការ ភាព​ភ័យខ្លាច ​និង​ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ ​ខណៈ​កម្ពុជា​ជា​រដ្ឋ​ឯក​បក្ស

Qurol va gul. Kobul.

នៅ​ក្នុង​ខេត្ត​តាកែវ ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរ​ជាតិ ​ខណៈ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពួកគេ​មិន​ដូច​ពី​មុន​នោះ​ទេ។

ឃុំ​ចំប៉ី ស្រុក​បាទី ខេត្ត​តាកែវ — នៅ​ក្នុង​ភូមិ​មួយ​ដែល​គ្រប់​ដណ្តប់​ដោយ​វាលស្រែ ​នៅចម្ងាយ​ប្រមាណ​៤០​គីឡូ​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ អ្នក​ភូមិ​និយាយ​ថា ​ពួកគេ​មាន​ភាព​ភ័យ​ខ្លាចក្នុង​ការ​និយាយ​អំពី​រឿង​នយោបាយ។ ​ការ​ពិភាក្សា​អំពី​រដ្ឋ​ឯក​បក្យ ​ឬ​ក៏​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​មិន​អាច​ត្រូវ​បាន​ពិភាក្សា​ដោយ​ចំហ​នោះ​ទេ។​

នៅ​ទីនេះ ​ក្នុង​ភូមិ​ម្កាក់ ​ឃុំ​ចំប៉ី ​ស្រុក​បាទី ​ខេត្ត​តាកែវ ​អ្នក​ភូមិ​និយាយ​ថា ​ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ឥទ្ធិពល​នៃ​រដ្ឋ​ដែល​មាន​គណបក្ស​តែ​មួយ​ និង​គំនាប​អន្តរជាតិ ​ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​បិទ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា។ ​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ គ្រួសារ​ភាគ​ច្រើន​មាន​កូន​ធ្វើ​ការ​នៅ​រោងចក្រ​កាត់​ដេរ ​ដែល​ជា​ប្រភព​ចំណូល​មួយ​សម្រាប់​ការ​ចិញ្ចឹម​ជីវិត​របស់​ពួក​គេ។​

នៅ​ក្នុង​ផ្ទះ​ តាម​បណ្តោយ​ផ្លូវ​លំ​តូច​មួយ​ក្នុង​ភូមិ ​ម្តាយ កូនស្រី​២​នាក់ ​និង​ចៅ​ប្រុស​ពីរ​នាក់កំពុង​តែ​ជួយ​គ្នា ​ដើម្បី​ចម្អិន​ម្ហូប​សម្រាប់​លក់។ ​វា​ជា​ថ្ងៃ​សុក្រ​ ប៉ុន្តែ​កូន​ស្រី​ពីរ​នាក់​នោះ​មិន​ធ្វើ​ការ​នៅ​រោងចក្រ​ស្បែក​ជើង​នៅ​ក្នុង​ខេត្ត​កណ្តាល ​ដែល​មាន​ចម្ងាយ​ប្រមាណ​២០​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​របស់​ពួក​គេ​នោះ​ទេ ​ដោយសារ​ពួកគេ​បាន​សុំ​ច្បាប់​សម្រាក ​ដើម្បី​ជួយ​ចម្អិន​ម្ហូប​សម្រាប់​លក់​នៅ​ពេល​ល្ងាច។​

អ្នកស្រី​ ជា រ៉ុន ​អាយុ​៦៨​ឆ្នាំ​ ដែល​ជា​ម្តាយ ​បាន​លើក​ឡើង​ថា ​អ្នកស្រីបារម្ភ​ថា ​កូន​របស់​អ្នកស្រីទាំង​ពីរ​នាក់​អាច​បាត់បង់​ការងារ​នៅ​រោងចក្រ​ ដែល​នឹង​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួក​គេ ​ប្រសិន​បើ​មាន​ការ​ដាក់​គំនាប​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​អ្វីៗ​ទាំងអស់​លើក​លែង​តែ​អាវុធ​ (Everything But Arms)។​

អ្នកស្រីមាន​ប្រសាសន៍ថា៖​

«ដល់​វា​បិទ​រោងចក្រ ​មិន​ដឹង​រក​ស៊ី​អី ​មិន​ដឹង​មាន​មុខ​របរ​អី​រក។ ​រក​អី​ហូប​មិន​បាន​ទេ។​ រាល់​ថ្ងៃ​រស់​ដោយ​សារ​រោង​ចក្រ។​ អត់​រោងចក្រ​ទៀត​ចប់​ហើយ!»​

ចំណែក​កូនស្រី​របស់​អ្នកស្រី​គឺ​អ្នកស្រី ម៉េង ភារី អាយុ​៣៤​ឆ្នាំ ​បាន​និយាយ​ថា ​អ្នកស្រីបាន​ធ្វើ​ការ​នៅ​រោងចក្រ​ជិត​១​ឆ្នាំ​មក​ហើយ។ ​ខណៈ​កំពុង​ចម្អិន​ម្ហូប ​អ្នកស្រីនិយាយ​ថា៖​

«ខ្លះ​គេ​ថា​ បោះ​ឆ្នោត​ហើយ​មិន​ដឹង​ម៉េច​ម៉ា។ ​ឮ​សូរ​គេ​និយាយ​អីចឹង។​ អត់​រោងចក្រ​ ដាច់​ខ្យល់​ហើយ!»​

កូនស្រី​ម្នាក់​ទៀត ​គឺ​នាង ម៉េង នាថ ​អាយុ​២៧​ឆ្នាំ ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​នឹង​បងស្រី​ដែរ។ ​នាង ម៉េង នាថ ​ដែល​ធ្វើ​ការ​នៅ​រោងចក្រ​ជាង​មួយ​ឆ្នាំ​មក​ហើយ ​និយាយ​ថា៖​

«ខ្ញុំ​មិន​ដឹង​ធ្វើ​អី​ទេ»។​

ពួកគេ​ម្នាក់ៗ​អាច​រក​ចំណូល​បាន​ប្រមាណ​២០០​ដុល្លារ​ក្នុង​មួយ​ខែ​ពី​ការងារ​រោងចក្រ​ សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។ ​មុន​ធ្វើ​ការ​រោងចក្រ​ ពួកគេ​ពីរ​នាក់​បង​ប្អូន​បាន​ប្រកប​មុខ​របរ​ដឹក​ផ្លែឈើ​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ពួកគេ​ត្អូញត្អែរ​ថា​ ការ​រក​ស៊ី​នេះ​មិន​សូវ​ជា​បាន​ផល​នោះ​ទេ ​ទើប​ពួក​គេសម្រេច​ចិត្ត​មក​ធ្វើ​ការ​នៅ​រោងចក្រ​កាត់​ដេរ​វិញ។​

នៅ​ក្នុង​ភូមិនេះ​ដែរ​ អ្នក​ភូមិ​ម្នាក់​ទៀត​គឺ​អ្នកស្រី ផន អ៊ុន ក៏​មាន​កូន​ពីរ​នាក់​ធ្វើ​ការ​នៅ​រោងចក្រ​កាត់​ដេរ​ដែរ។ អ្នកស្រី​មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​រោងចក្រ​បិទ​ទ្វារ នោះ​នឹង​ប៉ះពាល់​ជីវភាព​របស់​ពួកគេ​និង​អ្នកស្រី​ផ្ទាល់។ ​

លោកស្រី ផន អ៊ុន អាយុ៧២ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ពឹងផ្អែកលើប្រាក់ផ្តល់ដោយកូនរបស់លោកស្រីពីរនាក់ ដែលធ្វើការនៅរោងចក្រកាត់ដេរ។ (ស៊ុន ណារិន/VOA)

​អ្នកស្រី ផន អ៊ុន អាយុ​៧២​ឆ្នាំ មាន​ប្រសាសន៍​ថា៖

«គិត​ពិបាក​ចិត្ត​ខ្លាំង​ហ្មង ​ព្រោះ​យើង​រស់​រាល់​ថ្ងៃ​ដោយ​សារ​កូន។ កូន​ចិញ្ចឹម​យើង ដល់​ពេល​កូន​អត់​មាន​ការងារ​ រឿង​អី​ទៅ​សប្បាយ​ចិត្ត?»​

បច្ចុប្បន្ន​នេះ ​អ្នកស្រីស្នាក់​នៅ​ផ្ទះ​ជាមួយ​ចៅស្រី​ម្នាក់​អាយុ​១៣​ឆ្នាំ ​ហើយ​អ្នកស្រីមិន​ធ្វើ​ការងារ​រក​ចំណូល​អ្វី​នោះ​ទេ។ ​អ្នកស្រីធ្លាប់​មាន​ដី​ស្រែ​ តែ​អ្នកស្រីបាន​លក់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដើម្បី​ព្យាបាល​ជំងឺ​របស់​ស្វាមី​អ្នកស្រីដែល​បាន​ទទួល​មរណភាព។​

​អ្នកស្រី​ អ៊ុន​ ក៏​បារម្ភ​ថា​ ចៅ​របស់​អ្នកស្រីមិន​អាច​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​អនុវិទ្យា​ល័យ​ឬ​ក៏​វិទ្យា​ល័យ ​ដោយសារ​ជីវភាព​ក្រលំបាក។​ អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ឥឡូវ​កំពុង​បារម្ភ​ហើយ!​ បារម្ភ​ខ្លាច​ពេល​វ៉ា​កង​ ចូល​កង​វិញ​ មិន​ដឹង​ជា​មាន​លុយ​ទិញ​សៀវភៅ ​ទិញ​ស្អី​ឲ្យ​ចៅ​ ខោអាវ ​សម្លៀក​បំពាក់​ ព្រោះ​ម្តាយ​គេ​បែក​ទៅ​ឆ្ងាយៗ​អស់​ហើយ»។​

អ្នកស្រី​ អ៊ុន ​ក៏​មាន​កូន​ប្រុស​ម្នាក់​ធ្វើ​ការ​នៅ​រោងចក្រ​ក្នុង​ប្រទេស​ថៃ​ដែរ។​ អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«កាល​មុន​ គ្នា​នៅ​នេះ គ្នា​គ្រាន់​តែ​បាន​ម៉ា​ហូប។ ​ហើយ​ដល់​ពេល​គ្នា​ចង់​បាន​ផ្ទះ ​បាន​អី ​ គ្នា​យក​លុយ​អង្គការ​នោះ។ ​យក​លុយ​អង្គការ​ ជំពាក់​អង្គការ។​ ​រក​គ្រាន់​តែ​បាន​ម៉ាហូប។​ វា​អត់​លុយ​បង់​អង្គការ។​ គ្នា​ក៏​ទៅ​ថៃ​ទៅ!»​

កាល​ពី​ខែ​កក្កដា​ មន្រ្តី​របស់​សហភាព​អឺរ៉ុប​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ពិនិត្យ​មើល​ជាក់​ស្តែង​អំពី​របាយ​ការណ៍​នៃ​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​និង​ថា​តើ​វា​អាច​មាន​ឥទ្ធិពល​ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ដែរ​ឬ​ទេ?​

រូបភាព​ឯកសារ​៖ លោកGeorge Edgar ​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ នៅ​ក្នុង​ពិធី​ប្រកាស​ផ្លូវការ​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

ប្រទេស​កម្ពុជា​បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ​កាល​ពី​ខែ​មុន ​ដែល​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរ​ជាតិ ​ដោយ​សារ​អវត្ត​មាន​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន។ ​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​នូវ​អាសនៈ​រដ្ឋ​សភា​ទាំង​១២៥។ ​នេះ​នាំ​ឲ្យ​មាន​ការ​រិះគន់​ថា ​ការ​ដឹកនាំ​នៅ​កម្ពុជា​គ្រប់​លំដាប់​ថ្នាក់ គឺ​ស្ថិត​នៅ​ក្រោម​គណបក្ស​តែ​មួយ។​

អ្នកស្រី Cecilia Malmstrom ​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ខែ​កក្កដា​ថា ​ការ​ដក​កម្ពុជា​ចេញពី​គម្រោង​អនុគ្រោះ​ពន្ធ​គឺ​ជា​«ជម្រើស​ចុងក្រោយ» ​ប្រសិន​បើ​ស្ថាន​ភាព​មិន​មាន​ភាព​ល្អ​ប្រសើរ។​

លោក ​ចិន ចយ ​មេឃុំ​ចំប៉ី ​មាន​ប្រសាសន៍​ថា ​ក្នុង​ចំណោម​គ្រួសារ​សរុប​ជាង​៤០០​គ្រួសារ​នៅ​ក្នុង​ឃុំ មាន​ប្រមាណ​៧០​ភាគរយ​នៃ​គ្រួសារ​ទាំង​នោះ​មាន​កូន​ធ្វើ​ការ​នៅ​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់។ ​ដូច្នេះ​ការ​បិទ​រោងចក្រ​នឹង​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ពួកគេ។​

លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា៖​

«អា​ហ្នឹង​វា​ប៉ះពាល់​ហើយ​ ព្រោះ​ប្រជា​ពលរដ្ឋ​គាត់​កំពុង​តែ​រីក​ចម្រើន​នឹង​ការ​អភិវឌ្ឍ​គ្រួសារ​របស់​គាត់។ ​បើ​សិន​ជា​យើង​បិទ​រោង​ចក្រ ប្រជាពលរដ្ឋ​វា​ត្រូវ​វេទនា​លំបាក។ ​អាហ្នឹង​ដូច​ថា ​ជា​ឆ្នាំង​បាយ​របស់​ប្រជា​ពលរដ្ឋ»។​

ប៉ុន្តែ​លោក​និយាយ​ថា​ ការ​សម្រេច​យ៉ាង​ណា​គឺ​ជា​ការងារ​របស់​ថ្នាក់​លើ ​ដែល​លោក​មិន​ចង់​និយាយ​នោះ​ទេ។​

តម្រូវ​ការ​ក្នុង​ឃុំ​

នៅ​ក្នុង​ឃុំ​ចំប៉ី ​ប្រជា​ពលរដ្ឋ​បាន​ត្អូញត្អែរ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ដោយសារ​មិន​មាន​មណ្ឌល​សុខ​ភាព​ឃុំ ​ដែល​ប្រជា​ពលរដ្ឋ​មាន​ភាព​ងាយស្រួល​សម្រាប់​ព្យាបាល​ជម្ងឺ។ ​នៅ​ក្នុង​ករណី​សង្រ្គោះ​បន្ទាន់ ​ឬ​ការ​ព្យាបាល​ធ្ងន់ធ្ងរ ​ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ផ្សេង​ទៀត។​

ប្រជា​ពលរដ្ឋ​និយាយ​ថា ​អាជ្ញាធរ​បាន​សន្យា​ថា ​នឹង​សង់​មណ្ឌល​សុខភាព ​និង​ធ្វើ​ផ្លូវ​ឲ្យ​បាន​ស្អាត​ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការ​បោះ​ឆ្នោត។​

អ្នកស្រី​ ផន អ៊ុន ​ជា​អ្នក​ភូមិ​ម្នាក់ ​បាន​មាន​ប្រសាសន៍​ថា ​អ្នកស្រីត្រូវ​ការ​មណ្ឌល​សុខភាព​ឆាប់ៗ​ ដើម្បី​អ្នកស្រីអាច​ទៅ​ព្យាបាល​ជម្ងឺ​ ដោយសារ​អ្នកស្រីមាន​ភាព​ចាស់​ជរា​ទៅ​ហើយ។ ​អ្នកស្រីមាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​ចង់​បាន​តែ​មណ្ឌល​សុខភាព​ហ្នឹង។ គេថា​ បើ​បោះ​ជាប់​ អាហ្នឹង​ធ្វើ​អា​មណ្ឌល​សុខភាព​ហ្នឹង ​ហើយ​ ផ្លូវ​អី​ហ្នឹង ​ដល់​ឥឡូវ​ វា​ស្ងាត់​ជ្រាប ​ឈឹង!»​

បន្ថែម​ពី​នេះ​ទៅ​ទៀត ​អ្នកស្រីក៏​ចង់​បាន​ការ​ស្ថាបនា​ផ្លូវ​នៅ​ខាង​មុខ​ផ្ទះ​របស់​អ្នកស្រី​ ​ដើម្បី​កុំឲ្យ​មាន​ការ​លំបាក​ធ្វើ​ដំណើរ ​ពេល​រដូវ​ភ្លៀង។​

គណបក្ស​សង្រ្គោះ​ជាតិ​ធ្លាប់​បាន​អះអាង​ថា ​ថវិកា​សម្រាប់​ការ​អភិវឌ្ឍ​ឃុំ​សង្កាត់​បច្ចុប្បន្ន​នេះ​នៅ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ ​គឺ​ត្រឹមតែ​៣​ទៅ​៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំតែ​ប៉ុណ្ណោះ។ ​គណបក្ស​នេះបាន​សន្យា​ថា​ នឹង​ផ្តល់​ថវិកា​ដល់​ឃុំ​សង្កាត់​នីមួយៗ​យ៉ាង​តិច​៥០ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ​ប្រសិន​បើ​ខ្លួន​ឈ្នះ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០១៨។​

ប្រជាជន​ក្នុង​ឃុំ​ចំប៉ី​ក៏​ប្រឈម​នឹង​បញ្ហា​មិន​មាន​ទឹក​ស្អាត​ប្រើប្រាស់ ​ហើយ​អ្នក​ភូមិ​បាន​ប្រើប្រាស់​ទឹក​បឹង ​ត្រពាំង ​និង​ទឹក​ភ្លៀង។ ​ឃុំមួយ​នេះ​ក៏​ប្រឈម​នឹង​កង្វះ​ខាត​ទឹក​សម្រាប់​ធ្វើ​ស្រែ​ផង​ដែរ។​

មេឃុំ​បច្ចុប្បន្ន​គឺ​ជា​អតីត​ក្រុម​ប្រឹក្សា​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​បាន​ចុះ​ចូល​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា។​ លោក ​ចិន ចយ ​មេឃុំ​ចំប៉ី ​មាន​ប្រសាសន៍​ថា ​មន្រ្តី​ជាន់​ខ្ពស់​របស់​លោក​បាន​សន្យា​ថា ​នឹង​សង់​មណ្ឌល​សុខភាព​នៅ​ក្នុង​ខែ​កញ្ញា​ខាង​មុខ ​និង​ស្ថាបនា​ផ្លូវ​ផ្សេង​ទៀត។ ​លោក​បន្ថែម​ថា ​គណបក្ស​របស់​លោក​បាន​សន្យា​ជាមួយ​ប្រជា​ពលរដ្ឋ​ថា ​ប្រសិន​បើ​គណបក្ស​កើន​សំឡេង​ឆ្នោត​នឹង​ធ្វើ​ផ្លូវ​ជូន​ប្រជា​ពលរដ្ឋ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ភូមិ​នានា​ដែល​កើន​សំឡេង​ឆ្នោត​ហ្នឹង​ គាត់​នឹង​ជួយ​ទៀត​ ជួយ​តាម​មូលដ្ឋាន​ហ្នឹង»។​

លោក​ក៏​បាន​រិះគន់​មេឃុំ​មុន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថា ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រជា​ពលរដ្ឋ​ ដែល​នាំ​ឲ្យ​មាន​ការ​ធ្លាក់​សំឡេង​ឆ្នោត​គាំទ្រ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ពី​មុន​ ​យើង​មើល​ឃើញ​ថា ​មេឃុំ​មុន​គាត់​មិន​យក​ចិត្ត​ទុកដាក់​ជាមួយ​ប្រជា​ពលរដ្ឋ។ ​មេ​ឃុំ​គណបក្ស​ប្រជាជន​មុន ​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ប្រជា​ពលរដ្ឋ​ទេ»។​ ​

លោក​បញ្ជាក់​បន្ថែម​ថា៖​

«យើង​ចង់​បាន​ឲ្យ​រីក​ចម្រើន​ក្នុង​ភូមិ​ឃុំ​របស់​យើង ​មិន​មែន​យើង​ចង់​បានអំណាច​ហើយ​ យើង​អត់​បាន​រីក​ចម្រើន​ក្នុង​ភូមិ​ឃុំ​របស់​យើង»។​

បន្ទាប់​ពី​ការ​បោះ​ឆ្នោត ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​អាសនៈ​រដ្ឋសភា​ទាំង​អស់​ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ដែល​កាន់​អំណាច​ជាង​៣៣​ឆ្នាំ​មក​ហើយ​ បាន​សន្យា​ថា ​រដ្ឋាភិបាល​របស់​លោក​នឹង​បម្រើ​ប្រជា​ពលរដ្ឋ ​ដោយ​នឹង​ខិតខំ​បំពេញ​ការងារ​ទ្វេដង។​

ចំនួន​អាសនៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ពី​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​២០១៨។ (VOA)

ភាព​ភ័យ​ខ្លាច​ក្នុង​ការ​ពិភាក្សា​នយោបាយ​

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំសង្កាត់ ​កាល​ពី​ខែមិថុនា​ ឆ្នាំ​២០១៧ ​ គណបក្ស​សង្រ្គោះ​ជាតិ​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ឃុំ​ចំប៉ី ​ប៉ុន្តែ​អាសនៈ​ក្រុមប្រឹក្សា​របស់​ពួកគេ​ត្រូវ​បាន​ដក​ចេញ ​និង​ចែក​ទៅ​ឲ្យ​គណបក្ស​កាន់​អំណាច ​ក្រោយ​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ។​

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ខែ​កក្កដា ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ឃុំ​មួយ​នេះ ​ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​ជិត​៣​ពាន់ ​ក្នុង​ចំណោម​សំឡេង​ឆ្នោត​បាន​ការ​សរុប​ចំនួន​៣៥០០។ ​សំឡេង​ឆ្នោត​មិន​បាន​ការ​មាន​ចំនួន​៣០៤​សំឡេង។ ​នេះ​បើ​យោង​តាម​លទ្ធផល​បោះ​ឆ្នោត​ដែល​ចេញ​ផ្សាយ​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)។​

អ្នកស្រី​ ជា រ៉ុន អ្នក​ភូមិ​ម្នាក់ ​បាន​ប្រាប់​ VOA ថា ​ពី​ដំបូង​ឡើយ អ្នកស្រីបោះ​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច ​ប៉ុន្តែ​ក្រោយ​មក​ ​អ្នកស្រី​បាន​បង្ហាញ​ភាព​ស្មោះត្រង់​ថា​ ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ។ ​អ្នកស្រីមាន​ប្រសាសន៍​ថា ​អ្នកស្រីបាន​គូស​ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​មិន​បាន​ការ។​

បើ​តាម​លទ្ធផល​របស់​គ.ជ.ប.​ ​សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​ទៅ​ដល់​ជិត​៦០​ម៉ឺន​សន្លឹក ​ដែល​មាន​ចំនួន​ប្រហែល​៩​ភាគរយ​នៃ​អ្នក​ទៅ​បោះ​ឆ្នោត។ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ ​សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​ចំនួន​ជិត​១១​ម៉ឺន​សំឡេង។

កូនស្រី​របស់​អ្នកស្រី​ ​ជា រ៉ុន ​គឺអ្នកស្រី​ ​ភារី​ និយាយ​ថា ​ប្រជា​ពលរដ្ឋ​មិន​ហ៊ាន​និយាយ​រឿង​នយោបាយ​ដូច​មុន​នោះ​ទេ ​ចាប់​តាំង​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ស្ងាត់​តាំង​ពី​សង្រ្គោះជាតិ​យើង​ធ្លាក់​មក។ ​គេ​អត់​ហ៊ាន​និយាយ​ ​គេ​ចេះតែ​ខ្លាច»។​

អតីត​មេឃុំ​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ លោក​ផន ថ្លាង​ មាន​ប្រសាសន៍​ថា ​លោក​នៅ​តែ​ឆ្ងល់​ថា​ ហេតុ​អ្វី​សំឡេង​ឆ្នោត​មិន​បាន​ការ​មាន​ចំនួន​តិច ​ដោយ​លោក​អះអាង​ថា​ គ្រាន់​តែ​ភូមិ​របស់​លោក​មួយ​ ​ សន្លឹក​ឆ្នោត​គូស​ចោល​មាន​ទៅ​ដល់​ជាង​២០០​រួច​ទៅ​ហើយ។​

លោក​មាន​ប្រសាសន៍បន្ថែម​ថា​ អាជ្ញាធរ​នៅ​មូលដ្ឋាន​បាន​ដាក់​គំនាប ​គំរាម​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ​និង​ផ្តល់​ថវិកា​ដល់​ពួក​គេ​មុន ​និង​ក្រោយ​ការ​បោះ​ឆ្នោត​ផង​ដែរ។​

អ្នកស្រី​ ផន អ៊ុន ​ដែល​មាន​ឈ្មោះចុះក្នុង​បញ្ជី​ក្នុង​សៀវ​ភៅ​គ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​ផ្តល់​ប្រាក់​ចំនួន​២​ម៉ឺន​រៀល ​នៅ​មុន​ការ​បោះ​ឆ្នោត ​ហើយ​អ្នកស្រីក៏​ត្រូវ​បាន​បង្រៀន​ឲ្យ​គូស​សន្លឹក​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច​ផង​ដែរ។​

​អ្នកស្រីមាន​ប្រសាសន៍​ថា៖​

«គេ​មាន​ប្រជុំ ​ហើយ​គេ​បង្រៀន​គូស​សន្លឹក​ឆ្នោត ​សម្រាប់​លេខ​២០»។​

អ្នកស្រីក៏​ត្រូវ​បាន​ផ្តល់​ប័ណ្ណ​បោះ​ឆ្នោត​ដែល​ចេញ​ដោយ​គ.ជ.ប.​ តែ​អ្នកស្រីយល់​ថា ​អ្នកស្រីត្រូវ​តែ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយសារ​បណ្ណ​នោះ​ត្រូវ​បាន​ផ្តល់​ដោយ​អាជ្ញាធរ​ភូមិ​ ដែល​ជា​សមាជិក​គណបក្ស​កាន់​អំណាច។

អ្នកស្រីមាន​ប្រសាសន៍​ថា៖​

«មុន​យើង​ទៅ​បោះ ​គេ​សុទ្ធ​តែ​មាន​ចុង​សន្លឹក​អីគេ​ហ្នឹង ​គេ​ឲ្យ​យើង។ ​អាហ្នឹង​យើង​ទៅ​បោះ​បាន។ ​ឲ្យ​មក​ហ្នឹង​ គណបក្ស​ប្រជាជន ​ឲ្យ​មក​យើង​ចុង​សន្លឹក​ហ្នឹង។​ ហើយ​ដល់​ពេល​យើង​ទៅ​បោះ ​យើងមិន​ទៅ​បោះ​ហ្នឹង។ ​មិន​មែន​គេ​ឲ្យ​ចុង​សន្លឹក​ហ្នឹង​គណបក្ស​ប្រជាជន​ យើង​ទៅ​បោះ​ឲ្យ​គណបក្ស​ណា​ផ្សេង​ទៀត​ណា!​ ​តាម​គេ​អីចឹង​ទៅ!»​

លោក ​ចិន ចយ​ មេឃុំ​ចំប៉ី ​បាន​បដិសេធ​ការ​លើកឡើង​ថា អាជ្ញាធរ​បង្ខំ ​ឬ​ក៏​គំរាម​កំហែង​ប្រជា​ពលរដ្ឋ​ឲ្យ​ទៅ​បោះ​ឆ្នោត។ ​តែ​លោក​បាន​សារភាព​ថា ​គណបក្ស​បាន​ផ្តល់​ថវិកា​ដល់​ប្រជា​ពលរដ្ឋ​ ប៉ុន្តែ​លោក​ថា ​ថវិកា​នេះ​គឺ​សម្រាប់​តែ​អ្នក​ចុះ​ឈ្មោះ​ជា​សមាជិក​គណបក្ស​តែ​ប៉ុណ្ណោះ។​

មន្រ្តី​គណបក្ស​ប្រឆាំង​ត្រូវ​បាន​សួរ​នាំ​ឲ្យ​ចុះ​ចូល​

មួយ​ខែ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ លោក ​ផន ថ្លាង ​អាយុ​៥៣​ឆ្នាំ ​ជា​អតីត​មេឃុំ​ចំប៉ី ​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ ​ត្រូវ​បាន​សួរ​នាំ​ចំនួន​បី​ដង ​ដោយ​មន្រ្តី​គណបក្ស​កាន់​អំណាច ​ឲ្យ​លោក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​មាន​ប្រសាសន៍​ថា៖​

«ឲ្យ​ប៉ូលិស​មក​ហៅ​ខ្ញុំ​ហ្មង​ថា​ ឯកឧត្តម​[មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា]​សុំ​ជួប។ ​ខ្ញុំ​ថា​ យើង​តូច​តាច​ណាស់ ​បើ​យើង​មិន​ជួប​គេ ​ដូច​ថា​ យើង​ហ្នឹង​ធំ​ពេក!​ ​សុខចិត្ត​ទៅ​ជួប។ ​ខ្ញុំ​ទៅ​កំពុង​តែ​ធ្វើ​សំណង់ ​ទៅ​តាំង​ខោអាវ​ប្រឡាក់»។​

ប៉ុន្តែ​លោក​បាន​ច្រាន​ចោល​សំណើ​សុំ​ឲ្យ​លោក​ចុះ​ចូល​នោះ។ ​លោក​មាន​ប្រសាសន៍​ថា៖​

«ចំពោះខ្ញុំ ខ្ញុំ​សុំ​តែ​ឈប់​ ធ្វើ​ប្រជា​ពលរដ្ឋ​សាមញ្ញ។ ​ខ្ញុំ​អាណិត​ប្រជា​ពលរដ្ឋ​ខ្ញុំ ​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​ខ្ញុំ។ ​ដូច្នេះ​ខ្ញុំ​មិន​ចុះ​ចូល​នោះ​ទេ»។​

លោក​ក៏​ធ្លាប់​ត្រូវ​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​ចុះ​ចូល ​ដើម្បី​រក្សា​តំណែង​មេឃុំ ​ចាប់​តាំងពី​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ។​

​ទោះ​ជា​យ៉ាងណា ​កាល​ពី​ខែមិថុនា ​និង​ខែ​កក្កដា ​មុន​ការ​បោះ​ឆ្នោត ​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​២​នាក់​ទៀត​បាន​សម្រេច​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​ ដោយសារ​ពួកគេ​ត្រូវ​បាន​សួរ​នាំ​ច្រើន​ដង​ពី​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក ​ថ្លាង​ បាន​បន្ថែម​ថា ​លោក​ក៏​ត្រូវ​បាន​តាម​ដាន​ឃ្លាំ​មើល​គ្រប់​ពេល ​ពី​កម្លាំង​អាជ្ញាធរ​នៅ​ក្នុង​ឃុំ​ផង​ដែរ។ ​លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​រាល់​ថ្ងៃ​នៅ​លក្ខណៈ​ដែល​គេ​ឃ្លាំ។ ​អត់​ហ៊ាន​ប្រមូល​ផ្តុំ ​អត់​ហ៊ាន​និយាយ​អី​ជុំ​គ្នា​ទេ។ ​ទូរស័ព្ទ​អត់​ហ៊ាន​និយាយ​ឆ្លង​ឆ្លើយ​គ្នា​ផង​ ​ព្រោះ​នៅ​ក្នុង​ស្រុក​នេះ​រងារ​ណាស់ អត់​ហ៊ាន​មាត់ ​ហ៊ាន​ក។ ​ពឹង​តែ​អ្នក​នៅ​ក្រៅ​ប្រទេស​ទេ ​ខ្មែរ​នៅ​ក្រៅ​ប្រទេស»។​

លោក ​ចិន ចយ ​មេឃុំ​ចំប៉ី ​មាន​ប្រសាសន៍​ថា ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ពិត​ជា​បាន​សួរ​នាំ​លោក​ ថ្លាង​ ឲ្យ​ចុះ​ចូល​មែន។

លោក​មាន​ប្រសាសន៍​ថា៖​

«សួរ​ញឹកញាប់​ដែរ ​ប៉ុន​គាត់​នៅ​ហ្នឹង។ ​អាហ្នឹង​ជា​សិទ្ធិ​របស់​គេ។ ​សិទ្ធិ​បងប្អូន​ ​គេ​ស្រឡាញ់​ខាង​ណា ​គេ​ចូល​ខាង​ហ្នឹង​ទៅ!​ យើង​ផ្តល់​ឱកាស​ឲ្យ​គាត់​ចូល​អីចឹង​ណា៎»។​

នៅ​ពេល​សួរ​ថា​ ហេតុ​អ្វី​បាន​ជា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ចង់​បាន​លោក ថ្លាង ​ឲ្យ​ចុះ​ចូល ​លោក​ចិន ចយ​បាន​លើក​ឡើង​ថា៖​

«ខ្ញុំ​អត់​ដឹង​ដែរ​ ព្រោះ​ការងារ​ហ្នឹង​របស់​ថ្នាក់​លើ»។​

ទោះ​ជា​យ៉ាងណា​ លោក ចិន ចយ ​ចង់​ឲ្យ​មាន​ការ​បង្រួប​បង្រួម​ជាតិ ​ដែល​លោក​ចង់​សំដៅ​ការ​ធ្វើការ​ជាមួយ​គ្នា​រវាង​គណបក្ស​កាន់​អំណាច ​និង​គណបក្ស​ប្រឆាំង។ ​លោក​មាន​ប្រសាសន៍​ថា៖​

«យើង​នៅ​ថ្នាក់​ក្រោម ​មិន​ហ៊ាន​និយាយ​អំពី​មន្រ្តី​ខាង​លើ​ទេ»។​

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ​កាល​ពី​ឆ្នាំ​២០១៧ ​គណបក្ស​ប្រឆាំង​បាន​ទទួល​សំឡេង​គាំទ្រ​រហូត​ដល់​ជិត​៤៤​ភាគរយ ​និង​បាន​គ្រប់គ្រង​ឃុំ​សង្កាត់​ប្រមាណ​៤៩០ ​ក្នុង​ចំណោម​១៦៤៦​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស។ ​នេះ​ជា​លើក​ដំបូង​ដែល​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​បាន​ទទួល​ការ​គាំទ្រ​ច្រើន​នៅ​តាម​មូលដ្ឋាន។​ នៅ​ក្នុង​ឃុំ​ចំប៉ី ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ឈ្នះ​តំណែង​មេឃុំ ​ដោយ​ទទួល​បាន​អាសនៈ​៣ ​ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​២​អាសនៈ។​

រូប​ឯកសារ៖ ស្លាក​សញ្ញា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្នុង​ក្រុង​សៀមរាប​ ដែល​មាន​រូប​អតីត​ប្រធាន​គណបក្ស​ លោក សម រង្ស៊ី និង​ប្រធាន​គណបក្ស​បច្ចុប្បន្ន លោក កឹម សុខា។(ស៊ុន ណារិន/VOA)

ក្រោយ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​អំពាវនាវ​ជា​បន្ត​បន្ទាប់​ឲ្យ​ពួកគេ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​លោក​ហៅ​ថា​ នេះ​ជា​យុទ្ធសាស្រ្ត​ឈ្នះ-ឈ្នះ ​ដែល​លោក​បាន​ប្រើ​ជាមួយ​ខ្មែរ​ក្រហម ​ឲ្យ​ពួកគេ​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល។​

«វា​បក្ស​តែ​មួយ ​គ្មាន​ការ​តវ៉ា​នោះ​ទេ»​

បន្ទាប់​ពី​ការ​បាត់​បង់​តំណែង​ជា​មេឃុំ និ​ង​ឈប់​ធ្វើ​នយោបាយ​ចាប់​តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល ​លោក ថ្លាង​បាន​ចាប់​ផ្តើម​ផ្តោត​លើ​ការងារ​ធ្វើ​ស្រែ​ចម្ការ​បន្តិច​បន្តួច ​ធ្វើ​ជាង​ផ្ទះ ​និង​ពឹង​ផ្អែក​លើ​ចំណូល​មួយ​ចំនួន​ដែល​បាន​មក​ពី​ភរិយា​របស់​លោក​ក្នុង​ការ​លក់​ផ្លែ​ឈើ​នៅ​ភ្នំពេញ។​

លោក​មាន​ប្រសាសន៍​ថា ​លោក​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ដែល​ឃើញ​ថា ​មាន​តែ​គណបក្ស​តែ​មួយ​គ្រប់គ្រង​ទាំង​នៅ​ថ្នាក់​ក្រោម និង​ថ្នាក់​លើ។ ​លោក​បញ្ជាក់​ថា​ កាល​មាន​វត្តមាន​គណបក្ស​សង្រ្គោះ​ជាតិ​របស់​លោក ​មាន​ការ​តវ៉ា​ដេញ​ដោល​មតិ​នៅ​ក្នុង​សភា ​និង​នៅ​ថ្នាក់​ក្រោម។​

លោក​បញ្ជាក់​ថា៖

«វា​បក្ស​តែ​មួយ ​គ្មាន​ការ​តវ៉ា​នោះ​ទេ។ ​ដល់​ពេល​វា​ឯក​បក្ស​ ដល់​គេ​ចង់​សម្រេច ​ចង់​ធ្វើ​អី ​វា​ទៅ​ហើយ! ​អាហ្នឹង​អត់​មាន​តវ៉ា​អី​បាន​ទេ»។​

លោក​បញ្ជាក់​បន្ថែម​ថា ​ការ​បោះ​ឆ្នោត​កន្លង​ទៅ​មិន​មាន​ភាព​សេរី មិនត្រឹមត្រូវ​ មិន​យុត្តិធម៌ ​ដោយ​សារ​មិន​មាន​ការ​ប្រកួត​ប្រជែង​រវាងគណបក្ស​ខ្លាំង​ដូច​គ្នា។​

លទ្ធផល​បោះ​ឆ្នោត​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​អាសនៈ​ទាំង​១២៥ ​ខណៈ​ទទួល​បាន​សំឡេង​គាំទ្រ​ជាង​៤,៨​លាន​សំឡេង​គឺ​ស្មើ​ប្រមាណ​៧៦​ភាគ​រយ។ ​ប្រជាជន​ដែល​ចេញ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​ជាង​៨២​ភាគរយ។​

លោក ​សុខ ឥសាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​និយាយ​ការ​ពារ​ថា ​ ​ប្រទេស​កម្ពុជា​មិន​មែន​ឯកបក្ស​ទេ ​ដោយសារ​មាន​គណបក្ស​២០​ចូលរួម​ការ​បោះ​ឆ្នោត ​ប៉ុន្តែ​រូបមន្ត​នៃ​ការ​បែង​ចែក​សំឡេង​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ទាំង​អស់។ ​លោក​មាន​ប្រសាសន៍​ថា៖​

«អ្នក​មិន​អាច​ចោទ​ប្រកាន់​ថា ​សភា​ឯក​បក្ស​នោះ​ទេ»។​

លោក​ សុខ ឥសាន ​មាន​ប្រសាសន៍​ថា ​កាល​ពី​អាណត្តិ​មុន ​រដ្ឋសភា​មាន​តែ​ឯក​បក្ស​នោះ​ទេ ​ដោយ​លោក​ថា​ តំណាង​រាស្រ្តគណ​បក្ស​ប្រឆាំង​មិន​ដែល​ចូលរួម​ប្រជុំ​សភា​ ហើយ​ចាំ​តែ​បើក​ប្រាក់​ខែ​ប៉ុណ្ណោះ។

អតីត​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង ​លោក ​ម៉ៅ មុនី​វណ្ណ ​មាន​ប្រសាសន៍​ថា​ សភា​ឯកបក្ស​នឹង​នាំ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​ដល់​ប្រទេស​កម្ពុជា ​ជាពិសេស​ទៅ​លើ​ប្រព័ន្ធ​អនុគ្រោះ​ការ​នាំ​ចេញ។​

លោក​មាន​ប្រសាសន៍​ថា៖​

«អាហ្នឹង​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ​ប្រទេស​យើង​ជា​ប្រទេស​មួយ​ដឹកនាំ​ដោយឯក​បក្ស ​ហើយ​ដឹកនាំ​ដោយ​បក្ស​តែ​មួយ​បែប​នេះ ​វា​មាន​តែ​ប្រទេស​កុម្មុយនីស្ត ​ឬ​ក៏​ប្រទេស​មេដឹកនាំ​ផ្តាច់​ការ​តែ​ប៉ុណ្ណោះ»។​

បន្ទាប់​ពី​ការ​បោះឆ្នោត​នៅ​កម្ពុជា​ អ្នក​នាំពាក្យ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​(OHCHR) គឺអ្នកស្រី Ravina Shamdasani​ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ​និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​«ចាត់​វិធាន​ការ​រឹងមាំ​ដើម្បី​លើក​តម្កើង​ការ​ផ្សះ​ផ្សា​ជាតិ»។ ​អ្នកស្រី​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​លើក​លែង​ការ​បិទ​សិទ្ធិ​នយោបាយ​របស់​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​ទាំង​១១៨​រូប​ផង​ដែរ។

ចំណែក​សហ​រដ្ឋ​អាមេរិក​ក៏​បាន​លើក​ឡើង​ដែរ​ថា ​ពួកគេ​នឹង​បន្ត​ការ​ដាក់​ទណ្ឌ​កម្ម​ទិដ្ឋាការ​ទៅ​លើ​បុគ្គល​មួយ​ចំនួន​ទៀត ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឲ្យ​ធ្លាក់​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

ចំពោះ​អតីត​មេឃុំ​ចំប៉ី ​មក​ពីគណបក្ស​សង្រ្គោះ​ជាតិ ​គឺលោក​ ផន ថ្លាង ​មាន​ប្រសាសន៍​ថា​ ​លោក​មិន​ចង់​ឃើញ​ការ​ដាក់​ទណ្ឌ​កម្ម​ ដែល​មាន​ឥទ្ធិពល​ដល់​ការ​បិទ​រោងចក្រ​ រហូត​ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​ភូមិ​របស់​លោក​មិន​អាច​មាន​ការងារ​ធ្វើ​នោះ​ទេ។​

លោក ផន ថ្លាង អតីតមេឃុំចំប៉ី មកពីគណបក្សសង្រ្គោះជាតិ មានប្រសាសន៍ថា លោកត្រូវបានមន្រ្តីគណបក្សប្រជាជនកម្ពុជា ព្យាយាមបញ្ចុះបញ្ចូលឲ្យចុះចូលជាមួយគណបក្សកាន់អំណាច ប៉ុន្តែលោកបានបដិសេធសំណើនេះ។ (ស៊ុន ណារិន/VOA)

លោក​មាន​ប្រសាសន៍​ថា៖​ «អាហ្នឹង​វា​ប៉ះពាល់​ហើយ​ដល់​កម្មករ​ ​កម្មការិនី ​គ្នា​សុទ្ធ​តែ​អ្នក​ជំពាក់​លុយ​ធនាគារ»។​

ទោះ​ជា​យ៉ាងណា ​លោក​នៅ​តែ​ចង់​ធ្វើ​នយោបាយ ​និង​សង្ឃឹម​ថា​ គណបក្ស​របស់​លោក​រស់​ឡើង​វិញ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​តែង​តែ​រាប់អាន។ ​ហើយ​ខ្ញុំ​សង្ឃឹម​ថា ​បក្ស​របស់​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ»៕