តាមការកោះអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសនៃប្រទេសឥណ្ឌូនេស៊ី គឺលោក ម៉ាទី ណាតាឡេ ហ្គាវ៉ា និងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅអាស៊ាន លោកហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសខាងភាគីកម្ពុជា បានដឹកនាំគណៈប្រតិភូមួយក្រុមចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃពុធនេះដើម្បីទៅចូលរួមកិច្ចប្រជុំមួយនៅទីក្រុងប៊ូហ្ក័រ ប្រទេសឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៧ និងទី៨ ខែមេសាខាងមុខនេះ។
ប្រទេសឥណ្ឌូនេស៊ី បានកោះប្រជុំប្រទេសថៃនិងប្រទេសកម្ពុជា ដើម្បីទៅចូលរួមប្រជុំគណៈកម្មការ ចម្រុះព្រំដែនកម្ពុជា-ថៃ ដែលហៅកាត់ថាJBCនិងកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ ដែលហៅកាត់ថា GBC និងកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ថៃ និងកម្ពុជាផងដែរ ដើម្បីដោះស្រាយ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃនៅតំបន់ប្រាសាទព្រះវិហារ។
លោកហោ ណាំហុង បានថ្លែងប្រាប់អង្គសន្និសីទកាសែតមុនពេលដែលលោកចាកចេញពីព្រលានយន្តហោះភ្នំពេញអន្តរជាតិ ថាកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី កម្ពុជា និងថៃ នឹងអាចឈានទៅរកកិច្ចព្រមព្រៀង មួយក្នុងការដាក់ឲ្យអ្នកអង្កេតការណ៍មកតំបន់មានជម្លោះ។
«ការប្រជុំ ការពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា ថៃ និងឥណ្ឌូនេស៊ី មិនប្រាកដទេ យើងអាចឈានទៅរកការស្រុះស្រួលគ្នា ដើម្បីដាក់អ្នកសង្កេតការណ៍នៅព្រំដែនកម្ពុជានិងថៃទីមួយ។ ទីពីរទៀត ប្រជុំគណៈកម្មការព្រំដែន នឹងអាចមានការវិវត្តន៍ទៅមុខទៀត គណៈកម្មការព្រំដែននេះអាចនឹងឈានទៅមុខទៀតធ្វើការបោះបង្គោលព្រំដែននៅតាមព្រំដែន។ ជាពិសេសនៅតំបន់ព្រះវិហារនេះ ជាអាទិភាព»។
លោកហោ ណាំហុង បានមានប្រសាសន៍ទៀតថា ចំពោះកិច្ចប្រជុំJBC និង GBC ប្រទេសកម្ពុជា នឹងអាចឈានទៅរកការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។
ការអះអាងរបស់ភាគីកម្ពុជាក្នុងការសម្តែងសុទិដ្ឋិនិយមចំពោះកិច្ចប្រជុំនៅក្នុងប្រទេសឥណ្ឌូនេស៊ីនេះ ត្រូវបានភាគីថៃបង្ហាញពីជំហរស្រពេចស្រពិលនៅឡើយ។
លោក ប៉ានីតាន់ វឌ្ឍនាយ៉ាកន (Panitan Watanayagorn) អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានថ្លែងប្រាប់VOA ខ្មែរតាមរយៈទូរស័ព្ទពីទីក្រុងបាងកកមកថា រដ្ឋាភិបាលថៃកំពុងតែពិចារណាថានឹងទៅចូលរួមកិច្ចប្រជុំនៅក្នុងប្រទេសឥណ្ឌូនេស៊ីឬ ក៏យ៉ាងណា។
«ខ្ញុំគិតថារដ្ឋមន្រ្តីការពារជាតិរបស់យើង ចង់ឲ្យមានកិច្ចប្រជុំនៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរវាងថៃនិងកម្ពុជាជាជាង ដូចអ្វីដែលយើងធ្លាប់ធ្វើពីអតីតកាល។ ក៏ប៉ុន្តែប្រទេសទាំងពីរកំពុងរកលទ្ធភាពក្នុងការជួបប្រជុំJBCនៅទីកន្លែងផ្សេង ហើយយើងមិនទាន់សម្រេចចិត្តចំពោះទីកន្លែងនៃកិច្ចប្រជុំនេះនៅឡើយ»។
លោកទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងប្រាប់អង្គសន្និសីទកាសែត ជាមួយនឹងលោកហោ ណាំហុង ថា ការប្រើពាក្យរបស់ថៃ ថាជួបគ្នាញឹកញាប់ នេះមិនមែនជាការណ៍ពិតទេ។
លោកបានមានប្រសាន៍ទៀតថា លោកមិនដែលទទួលបានជួបដោយផ្ទាល់ជាមួយ នឹងលោក ប្រាវីត វង់ស៊ូវុង រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ដើម្បីពិភាក្សាអំពីបញ្ហាព្រំដែនទេ។
«ទោះជាថៃ យ៉ាងណាក៏ដោយ គឺយើងសម្គាល់ឃើញថា ប្រធានជាអ្នកសម្របសម្រួល គឺបានកំណត់មកអញ្ចឹង។ យើងអនុវត្តទៅតាមហ្នឹង ផលយ៉ាងណា អាហ្នឹងគឺ វាមិនមែនតែលើយើងទេ»។
ប្រទេសថៃ ធ្លាប់បានអះអាងថា ខ្លួនជាអ្នករៀបចំកិច្ចប្រជុំនេះឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏ប៉ុន្តែការអះអាងនេះត្រូវបានលោកហោ ណាំហុង និយាយថា កម្ពុជាមិនអើពើទៅ នឹងឥរិយាបទ របស់ប្រទេសថៃទេនិងបានចាត់ទុកថា ការអះអាងរបស់ប្រទេសថៃ គឺជាសំដីក្រឡេចក្រឡុច។
កិច្ចប្រជុំរវាងប្រទេសថៃនិងកម្ពុជា ដោយមានការសម្របសម្រួលពីប្រទេសឥណ្ឌូនេស៊ីនេះ បានកើតមានឡើង ក្រោយពេលលទ្ធផលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានកាលពីថ្ងៃទី២២ខែកុម្ភៈ បន្ទាប់ពីប្រទេសថៃ និងកម្ពុជាបានវាយប្រយុទ្ធគ្នាលក្ខណៈទ្រង់ទ្រាយធំ កាលពីថ្ងៃទី៤ រហូតដល់ថ្ងៃទី ៧ ខែកុម្ភៈកន្លងទៅនេះ ដែលធ្វើឲ្យភាគីទាំងសងខាង បានស្លាប់ និងរងរបួស៕