ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​សេសាន​ក្រោម​២​ទំនង​ជា​នឹង​បន្ត

លោក​ឈិត សំអាត ​នាយក​ប្រតិបត្តិ​អង្គការ​ NGO Forum​ និង​តំណាង​សហគមន៍​ខេត្ត​រតនគីរី។​

ការ​ផ្អាក​ឬ​ការ​ពន្យារ​ពេល​សាងសង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​ក្នុង​ខេត្ត​ស្ទឹង​ត្រែងទំនង​ជា​មិន​អាច​កើត​ឡើងទេ​ ដោយ​សារ​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​ របាយ​ការណ៍​វាយ​តម្លៃ​ការ​ប៉ះពាល់​បរិស្ថានរបស់​គម្រោង​នោះ​ត្រូវ​បាន​ធ្វើ​ចប់​សព្វ​គ្រប់​រួច​ទៅ​ហើយ។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ទី​៣១ ​ខែ​ឧសភា​នេះ​ថា​ ការ​ផ្អាក​ ឬ​ការ​ពន្យារ​ពេល​សាងសង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​នោះ​ទំនង​ជា​មិន​អាច​ធ្វើ​បាន​ទេ​ ដោយសារ​របាយ​ការណ៍​វាយ​តម្លៃ​ការ​ប៉ះពាល់​បរិស្ថាន​ឬ​EIA​ពេញ​លេញ​ទៅលើ​គម្រោង​ទំនប់នោះ​ ត្រូវ​បាន​បញ្ចប់​រួច​ទៅ​ហើយ។

លោក​ប្រាជ្ញ ​ស៊ុន​ រដ្ឋ​លេខាធិការ​នៃ​ក្រសួង​បរិស្ថាន​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ឯ​សិក្ខា​សាលា​មួ​យស្តី​ពី​គម្រោង​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២​ ដែល​បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ។

«អារឿង​ផ្អាកហ្នឹង​ អានេះ​ជា​សំណើ​របស់​សហគមន៍​ទេ​ ប៉ុន្តែ​និយាយ​ពី​EIA​ យើង​ខ្ញុំ​ធ្វើ​ហើយ​អស់​ហើយ​ នៅ​ចាំតែ​គណៈ​កម្មការ​គោល​នយោបាយ​សំណង​តែ​ប៉ុណ្ណោះ​ទេ»។

ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​សហគមន៍​ដែល​រស់នៅ​តាម​ដង​ទន្លេ​សេសាន​នៅ​ខ្សែ​ទឹក​ខាង​លើ​ទំនប់ ​និង​បណ្តាញ​អង្គការការ​ពារ​ទន្លេ​នេះ​ក្នុង​ខេត្ត​រតនគីរី​ បាន​ស្នើ​កាល​ពី​ពីរ​សប្តាហ៍​មុន​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ផ្អាក​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​នោះ​សិន​ ដើម្បី​ធ្វើ​ការ​សិក្សា​បន្ថែម​ទៀត​ទៅលើ​ផល​ប៉ះពាល់​ដោយសារ​ទំនប់​នេះ​មក​លើ​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​ ជា​ពិសេស​គឺ​បញ្ហា​ផ្តល់​សំណង​និង​ការ​តាំង​ទីលំនៅ​ថ្មី​ដែល​សមស្រប​សម្រាប់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ពី​ទំនប់​នោះ។

លោក​ផាត់ ស៊ូនិត​ មេឃុំ​កំភុន ​ស្រុកសេសាន​ បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ខ្មែរ​ នៅ​ឯ​សិក្ខាសាលា​នៅ​ថ្ងៃ​នេះ​ថា​ ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​របស់​លោក​ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​នៃ​ទីតាំង​សាងសង់​ទំនប់​នេះ​ ពុំទាន់​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​ណា​មួយ​អំពី​ការ​ផ្តល់​សំណង​ចំពោះ​ផលប៉ះពាល់​ដែល​អាច​បណ្តាល​មក​ពី​គម្រោង​សាងសង់​ទំនប់​សេសាន​ក្រោម​២​នោះ​ទេ។

«នៅ​ក្រោម​ខ្សែ​ទឹក​ ការ​សិក្សា​របស់​ក្រុមហ៊ុន​អត់​បាន​ចុះ​មក​សិក្សា​ឲ្យ​បាន​ជាក់​លាក់​នៅ​ឡើយ​ទេ​ ទាក់​ទង​នឹង​ផល​ប៉ះពាល់​ ព្រោះ​អី​គេ​សិក្សា​តែ​ខ្សែ​ទឹក​ខាង​លើ។​ អត់​បាន​ចុះ​សិក្សា​សួរ​នាំ​ប្រជា​ពលរដ្ឋ​ ប្រកប​របរ​ រក​ស៊ីអីយ៉ាងម៉ិច​ទេ។​ ប្រជា​ពលរដ្ឋ​អត់​មាន​ទទួល​ព័ត៌មាន​ហ្នឹង​ទេ»។

ទំនប់​សេសាន​ក្រោម​២​ស្ថិត​នៅ​លើ​ទន្លេ​សាសាន​ក្នុង​ស្រុក​សេសាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ទី​រួមខេត្ត​ស្ទឹង​ត្រែង។

ទំនប់​ដែល​មាន​កម្ពស់​៧៥​ម៉ែត្រ​ ហើយ​អាច​ផលិត​ថាមពល​អគ្គិសនី​កម្លាំង​៤០០​មេហ្គាវ៉ាត់​ក្រោម​គម្រោង​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​វៀតណាម​ EVN International Joint Stock Company​ និង​ក្រុមហ៊ុន​Royal Group​ របស់​លោក​ឧកញ៉ា​គិត ម៉េង​នោះ ត្រូវ​គេ​គ្រោង​នឹង​ចាប់​ផ្តើម​សាងសង់​នៅ​ចុង​ឆ្នាំ​២០១១​នេះ​ឬ​ដើម​ឆ្នាំ​ក្រោយ។

របាយ​ការណ៍​របស់​បណ្តាញ​សម្ព័ន្ធ​ទន្លេ​កម្ពុជា​បាន​បង្ហាញថា​ យ៉ាង​ហោច​ណាស់​ ប្រជាជន​ចំនួន​ជាង​៣៨០០០​នាក់​ រួម​ទាំង​ជនជាតិ​ដើម​ភាគ​តិចយ៉ាង​ច្រើន​នៅ​ក្នុង​ភូមិ​យ៉ាង​តិច​ចំនួន​៨៦​ នៅ​តាម​ដង​ទន្លេ​សេសាន​និង​ទន្លេស្រែពក​ អាច​នឹង​បាត់បង់​លទ្ធភាព​ទទួល​បាន​ធនធាន​ជលផល​ដ៏​ច្រើន​ពី​ទន្លេ​ទាំង​នេះ​ ដោយ​សារ​ទំនប់​នឹង​រាំង​ស្កាត់​ការ​ផ្លាស់​ទី​របស់​ត្រី​ពី​ទន្លេ​មេគង្គ​និង​ទន្លេសេកុង ​ចូល​ទៅ​ទន្លេ​សេសាន​និង​ទន្លេ​ស្រែពក។

ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២​នោះ​ក៏​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ទឹក ​និង​បណ្តាល​ឲ្យ​ជន់លិច​ដី​ស្រែ​ចម្ការ​របស់​អ្នក​ភូមិ​ប្រមាណ​៣០០០០​ហិកតា​ ហើយ​ក៏​បង្ក​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​លំនៅដ្ឋាន​ថ្មី​របស់​ប្រជាជន​ជាង​១៥០០​គ្រួសារ​ផង​ដែរ​ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​បណ្តាញ​អង្គការ​ការពារ​ទន្លេ​សេសាន​នោះ។

លោក​ប្រាជ្ញ ស៊ុន​ រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន​ បាន​ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​ថា​ ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​នេះ​ ពិត​ជា​មិន​អាច​ជៀស​ផុត​ពី​ការ​ប៉ះពាល់​ធនធាន​ជលផល​មួយ​ចំនួន​នោះ​ទេ​ ប៉ុន្តែ​លោក​បន្ថែម​ថា​ កម្ពុជា​ត្រូវ​ការ​ថាមពល​អគ្គិសនី​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​ខ្លួន។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ​លោក​តឹក វណ្ណារ៉ា​ មន្ត្រី​គ្រប់គ្រង​កម្ម​វិធី​នៃ​សមាគម​ថែ​រក្សា​បរិស្ថាន​និង​វប្បធម៌​ដែល​ជា​សមាជិក​នៃ​សម្ព័ន្ធ​ទន្លេ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ យ៉ាង​ហោចណាស់​រដ្ឋាភិបាល​គួរ​តែ​បង្ហាញ​ព័ត៌មាន​ជា​សាធារណៈ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ មុន​នឹង​សម្រេច​ឲ្យ​មាន​ការ​សាងសង់​ទំនប់​នោះ​ ដើម្បី​ឲ្យ​ពួកគេ​អាច​ត្រៀម​ខ្លួន​ជាមុន​ចំពោះ​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង​ដោយ​សារ​ទំនប់​នោះ។

«សម្រាប់​ប្រជាជនដែលត្រូវ​រុះរើ​ទីលំនៅ​ថ្មី​ គាត់​ទន្ទឹង​រង់ចាំព័ត៌មាន​ ព្រោះ​គម្រោង​រុះរើ​ទី​លំនៅហ្នឹង​វា​សំខាន់​ណាស់​សម្រាប់​ពួក​គាត់​ មាន​ន័យ​ថា​ បើ​សិន​ព័ត៌មាន​ហ្នឹង​ច្បាស់​លាស់​ វា​ជួយ​សម្រួល​ដល់​ការ​អភិវឌ្ឍ​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គាត់។​ គាត់​ដឹង​ព័ត៌មាន​ច្បាស់​លាស់។​ គាត់​មាន​ការ​សម្រេច​ចិត្ត​ច្បាស់​លាស់​ក្នុង​ការ​សាងសង់​ផ្ទះ​ ការ​កូន​ ​ធ្វើ​ស្រែ​ចម្ការ​អី​អញ្ចឹង»។

តំណាង​ក្រុមហ៊ុន​វិនិយោគ​ក្នុង​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​នោះ​ពុំ​មាន​ធ្វើ​ការ​បញ្ជាក់​ខាង​ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​អង្គការ​ការពារ​ទន្លេ​និង​សហគមន៍​រស់នៅ​តាម​ដង​ទន្លេ​សេសាន​នេះ​ទេ។

ប៉ុន្តែ​លោក​ដាញ់ សេរី​ អនុប្រធាន​នាយកដ្ឋាន​វាយ​តម្លៃ​ការ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន​ បាន​ថ្លែង​ថា ​ក្រុមហ៊ុន​បាន​អនុវត្ត​ទៅ​តាម​នីតិវិធី​គ្រប់គ្រាន់​ហើយ​នៅ​ក្នុង​របាយ​ការណ៍​វាយ​តម្លៃ​ការ​ប៉ះពាល់​បរិស្ថាន​នោះ។

«នៅពេល​ដែល​ក្រុមហ៊ុន​ធ្វើ​របាយ​ការណ៍​ យើង​ឃើញ​ថា ​គាត់​ទៅ​សាក​សួរ​ប្រជា​ពលរដ្ឋ​រង​ការ​ប៉ះពាល់ ​សហគមន៍​ អាជ្ញាធរ​ភូមិ​ឃុំ ​មាន​អង្គការ​ពាក់​ព័ន្ធនិង​អាជ្ញាធរ​ខេត្ត​ជាដើម។ ​អញ្ចឹង​គាត់​បាន​សួរ​ពី​ព័ត៌មាន​ជាក់​ស្តែង​ រហូត​ដល់​គាត់​ផ្សព្វផ្សាយ​នៅ​ខេត្ត​ស្ទឹង​ត្រែង​ អញ្ចឹង​គាត់​ធ្វើ​តាម​នីតិវិធី​មាន​ការ​ចូល​រួម​ពី​សាធារណជន»។

យ៉ាងណាក៏ដោយ​ បើ​តាម​គម្រោង ​អគ្គិសនី​ដែល​ផលិត​បាន​ពី​គម្រោង​ទំនប់​សាសាន​ក្រោម​២​នោះ​ នឹង​ត្រូវ​យក​ទៅ​ផ្គត់ផ្គង់​តំបន់​និង​ខេត្ត​ជិតខាង​ ដូច​ជា​មណ្ឌលគីរី​និង​ខេត្ត​រតនគីរីជាដើម​ រួច​បញ្ជូន​បន្ត​ទៅ​ប្រទេស​វៀតណាម៕