កម្ពុជា​ឆ្នាំ២០២០ កត់សម្គាល់​ដោយ​ទណ្ឌកម្ម​អន្តរជាតិ​និង​ការបន្ត​យាយី​អ្នករិះគន់​រដ្ឋាភិបាល

រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។

ស្រប​ពេល​ដែល​អង្គការ​សហ​ប្រជាជាតិ​ បាន​យក​ទិវា​សិទ្ធិមនុស្ស​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នានា«ក្រោក​ឈរ​ឡើង​ដើម្បី​សិទ្ធិមនុស្ស»​ ​ស្ថានភាព​ជាក់ស្តែង​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​អ្នក​ការពារ​សិទ្ធិមនុស្ស​មើលឃើញ​ថា​ នៅតែ​មាន​រូបភាព​ស្រអាប់​ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា ​បន្ត​តាម​ប្រម៉ាញ់​អ្នកហ៊ាន​បញ្ចេញ​មតិ​រិះគន់។

ឆ្នាំ២០២០ ​ដែល​នឹង​ជិត​ឈាន​បញ្ចប់​ទៅនេះ ក៏​បាន​កត់សម្គាល់​ដោយ​ការបន្ត​ដាក់ទណ្ឌកម្ម​ថែម​ទៀតពី​សហគមន៍​អន្តរជាតិ​លើ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា​ដោយសារតែ​ការរំលោភ​សិទ្ធិ​មនុស្ស។​

តាំងពី​ដើម​ឆ្នាំ​ សហភាព​អឺរ៉ុប​បាន​សម្រេច​ដកហូត​ឋានៈ​អនុគ្រោះពន្ធ​មួយ​ផ្នែក​លើ​មុខ​ទំនិញ​ដែល​កម្ពុជា​នាំចូល​ទីផ្សារ​របស់​ខ្លួន​ បន្ទាប់ពី​បាន​រកឃើញ​ថា ​មាន​ការរំលោភ​«ជាប្រព័ន្ធ​និង​ធ្ងន់ធ្ងរ» ​លើ​សិទ្ធិ​នយោបាយ ​សិទ្ធិ​សេរីភាព​សហជីព ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​និង​សិទ្ធិ​លំនៅដ្ឋាន​ជាដើម។ រីឯ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន ​ឈ្មោះ​យូញៀន ​ឌីវេឡុបមិនគ្រុប​ ឬ​ យូញៀន​គ្រុប​ដោយសារតែ​ការបណ្តេញ​ពលរដ្ឋ​ចេញ​ដោយ​មិនបាន​ផ្តល់​សំណង​ត្រឹមត្រូវ​ក្នុង​គម្រោង​អភិវឌ្ឍន៍​រមនីយដ្ឋាន​ទេសចរណ៍​បុទុមសាគរ​ក្នុង​ខេត្តកោះកុង។ ទណ្ឌកម្ម​នេះ​កើតឡើង​មិន​ដល់​១ឆ្នាំ​ក្រោយពី​សហរដ្ឋ​អាមេរិក​ បាន​ដាក់លើ​លោក​នាយឧត្តមសេនីយ៍ ​គន់​ គីម ​ដែល​ត្រូវ​បាន​រកឃើញ​ថា​ មាន​ប្រព្រឹត្ត​អំពើពុករលួយ​សូកប៉ាន់​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​យូញៀនគ្រុប​នេះ​ និង​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​ជាច្រើន​ផ្សេង​ទៀត។

រូបឯកសារ៖ ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​មួយ​នៅ​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន Union Development Group (UDG) នៅ​ឧទ្យានជាតិ បុទុមសាគរ ខេត្ត​កោះកុង ថ្ងៃ​ទី ៦ ខែ​ឧសភា ឆ្នាំ២០១៨។

ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​បានធ្លាក់​ចុះជា​លំដាប់ចាប់តាំង​ពីមុន​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅចុង​ឆ្នាំ២០១៧ ​គឺបន្ទាប់​ពីគណបក្ស​ប្រឆាំង​ដ៏ធំ​នេះ​ បាន​ឈ្នះ​អាសនៈ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ចំនួន​៥.០០៧ ​ដែល​ក្នុងនោះ​មាន​តំណែង​មេឃុំ-​ចៅសង្កាត់​ជិត​៥០០​នៅ​ទូទាំង​ប្រទេស ​ដោយ​ទទួល​បាន​សំឡេង​ពលរដ្ឋ​ជិត​៤៤​ភាគរយ​ ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ខែមិថុនា​ឆ្នាំ២០១៧។ នោះ​គឺជា​ការបំបែក​កម្លាំង​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ជា​លើកដំបូង​តាំងពី​គណបក្ស​នេះ​ឡើង​កាន់អំណាច​ដោយ​រដ្ឋាភិបាល​ក្រុងហាណូយបានលើកបន្តុប​ក្នុងខែមករា​ ឆ្នាំ​១៩៧៩។​

ស្ថានភាព​សិទ្ធិ​មនុស្ស​កាន់តែ​រង​ផលប៉ះពាល់​ខ្លាំង ​ខណៈពេល​ដែល​ជំងឺ​កូវីដ១៩​ ដែល​បានឆ្លង​នៅ​ទូទាំង​ពិភពលោក​ និង​បានឆ្លង​ចូល​ក្នុង​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា​នាពេលថ្មីៗ​នេះ។ អាជ្ញាធរ​កម្ពុជា​ បាន​ឃាត់ខ្លួន​ពលរដ្ឋ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការបង្ហោះសារ​តាមហ្វេសប៊ុក​អំពីជំងឺ​កូវីដ១៩ ​និង​បង្ខំ​ឲ្យ​សរសេរ​លិខិត​សុំទោស​មុន​នឹង​ដោះលែង។ អ្នកសារព័ត៌មាន​ត្រូវ​បាន​ចាប់ដាក់ពន្ធនាគារ​ដោយសារ​តែបាន​ដកស្រង់​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុនសែន​ ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​គ្រា​មាន​ជំងឺ​កូវីដ១៩។ រដ្ឋាភិបាល​កម្ពុជាក៏បាន​អនុម័ត​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ដែល​បាន​បង្ក​ភាពចម្រូង​ចម្រាស ​និង​ការរិះគន់​ពី​មជ្ឈដ្ឋាន​អ្នកការពារ​សិទ្ធិមនុស្ស។

រូបឯកសារ៖ កង​សន្តិសុខខណ្ឌ៧មករា​ក្នុងទីក្រុងភ្នំពេញ​ ចាប់អូស​ទាញអ្នក​តវ៉ា​ចេញពី​ច្រកទ្វារ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)

លោក គល់ បញ្ញា​ ទីប្រឹក្សា​អង្គការខុមហ្វ្រែល​បាន​បញ្ជាក់​ប្រាប់​វីអូអេថា៖

«បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ កាន់តែធ្លាក់ចុះ​ខ្លាំង​ទៅៗ​ ជាពិសេស​ក្នុង​អំឡុង​ពេល​ការកើត​នូវ​កូវីដ​នេះ ហើយ​អ្វី​ដែល​យើង​រកឃើញ ​គឺថា​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​យើង ​គឺ​មាន​ការបំពារបំពាន​ ការរំលោភ​កើត​មាន​ជា​ប្រព័ន្ធ​ ជាពិសេស​ទាក់ទិន​នឹង​សិទ្ធិ​នយោបាយ​ សិទ្ធិ​បញ្ចេញ​មតិ​ សិទ្ធិ​ប្រមូលផ្តុំ ដែល​យើង​រកឃើញ​ថា​មានកើត​ឡើង​ជាប្រព័ន្ធ​ ដែលភាគច្រើន​ការបំពារ​បំពាន​រំលោភ​នឹង​ប្រឆាំង​ទៅនឹង​អ្នកគាំទ្រ​អ្នកនយោបាយ​នៃ​គណបក្ស​ប្រឆាំង»។

អ្នកការពារ​សិទ្ធិ​មនុស្ស​ បាន​កត់ត្រា​ការរំលោភ​សិទ្ធិ​មនុស្ស​ជាង​២០០​ករណី​ក្នុង​ឆ្នាំ​២០២០​នេះ។

ប៉ុន្តែ​នៅក្នុង​ប្រទេស​ និង​នៅ​ឯ​វេទិការ​អន្តរជាតិ ​រដ្ឋាភិបាល​កម្ពុជា​ បាន​រៀបរាប់​ពី​រូបភាព​ដ៏ល្អ​នៃ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ជាពិសេ​ស​ផ្លែផ្កា​នៃ​សន្តិភាព​ក្រោម​ការដឹកនាំ​ដោយ​រដ្ឋាភិបាល​ឯកបក្ស។

រូបឯកសារ៖ លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ជាមួយ​លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​អ.ស.ប​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/វីអូអេ)

លោក កែវ រ៉េមី ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដោយ​លើកសរសើរ​រដ្ឋាភិបាល​ដែល​អនុញ្ញាត​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​បន្ត​បើក​ការិយាល័យ​របស់​អ្នករាយការណ៍​នៅ​កម្ពុជា។ ប៉ុន្តែ​មិន​បាន​លើកឡើងពី​ការយាយី​រំខាន​ផ្នែក​នយោបាយ​និង​សិទ្ធិ​ដីធ្លី ​ឬ​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​ទេ។លោក ​កែវ រ៉េមី​ បាន​ថ្លែង​ថា៖

«អ៊ីចឹងខ្ញុំ​សូម​ជម្រាប​ជូន​ថា ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​យើង​មាន​ឆន្ទៈ​ខ្ពស់​ហ៊ាន​ គឺថា​បន្ត​នូវ​វត្តមានរបស់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិជារៀងរាល់​២ឆ្នាំ​ម្តងៗ ​ហើយ​នឹង​អ្នក​រាយការណ៍​ពិសេស»។

កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ ក៏​បាន​ក្លាយជា​វេទិការ​ដែល​តំណាង​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រើប្រាស់​រំខាន​សកម្មជន​ការពារ​សិទ្ធិ​មនុស្សផងដែរ។

ព្រះតេជគុណ លួន សុវ៉ាត ​ព្រះសង្ឃ​សកម្ម​ការពារ​សិទ្ធិ​មនុស្ស​ត្រូវ​តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​ឡើងថ្លែង​កាត់រំខាន​ជាច្រើនដង​ក្នុងពេល​ដែល​ព្រះអង្គ​ឡើង​ថ្លែង​នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស​កាលពី​ដើម​ខែតុលា​ដោយ​ព្រះអង្គបានថ្លែងថា ​ការគោរព​សិទ្ធិ​មនុស្ស​មិន​ត្រឹមត្រូវ​តាម​នីយាម​អន្តរជាតិ​ទេ។

រូបឯកសារ៖ ព្រះតេជគុណ លួន សុវ៉ាត ផ្ដល់​បទសម្ភាសន៍​ជាមួយ VOA នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​លោក កែម ឡី ត្រូវ​ក្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ថ្ងៃ​អាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០១៦។ (វីអូអេ)

ព្រះអង្គ លួន សុវ៉ាត បាន​បញ្ជាក់​បន្ថែម​ប្រាប់​វីអូអេ​ថា៖

«ផ្ទុយទៅវិញ​ គេ​បែរ​ជា​យក​អំពើ​អាក្រក់​ ភូតកុហក ​បោកប្រាស់​ផ្សេងៗ​ដល់មតិ​ជាតិ​អន្តរជាតិ​ទាំងអស់​នោះ​ មក​ឲ្យ​ពិភពលោក​បាន​ឃើញ​នៅក្នុង​កិច្ច​ប្រជុំ​នៃ​អង្គការ​សហប្រជាជាតិ​ទាំងស្រុង​តែម្តង គឺ​ទាក់ទងនឹង​ការព្យាយាមហាមឃាត់​បំបិទ​មាត់​អាត្មា ​មិន​ឲ្យ​អាត្មា​មាន​សិទ្ធិ​និយាយ​ស្តី​នៅ​ក្នុង​កិច្ច​ប្រជុំ​ជា​សាកល​នៅ​ក្នុង​អង្គការ​សហ​ប្រជាជាតិ»។

លោក គល់ បញ្ញា ​ទីប្រឹក្សា​អង្គការ​ខុមហ្វ្រែល បានរិះគន់​ទង្វើ​របស់​មន្ត្រី​តំណាង​រដ្ឋាភិបាល​កម្ពុជា៖

«នេះ​គឺ​ជារឿង​ដែល​កាន់តែ​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា​ ការបំពារ​បំពាន​សិទ្ធិ​បញ្ចេញ​មតិ​នេះ​ ធ្ងន់ធ្ងរ​សូម្បី​តែ​នៅ​ក្នុង​ប្រទេស​គេ​ហើយ​នៅក្នុង​វេទិការ​អង្គការ​សហ​ប្រជាជាតិ ​ក៏​ខាង​រដ្ឋាភិបាល​ មិន​ផ្តល់​ឱកាស​ឲ្យ​ការបញ្ចេញ​មតិ​នេះ ​បាន​ពេញលេញ​ដែរ។ នេះ​ជារឿង​ដែល​ធ្វើ​ឲ្យ​មុខមាត់​និង​កិត្តិយស​រដ្ឋាភិបាល​កាន់តែ​ធ្លាក់​ចុះ​ ឲ្យ​គេ​មើលឃើញ​ថា​ការបំពារ​បំពាន​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​នេះ ​មាន​ភាពធ្ងន់ធ្ងរ»។

ការ​ប្រើប្រាស់ប្រព័ន្ធតុលាការ

អាជ្ញាធរ​កម្ពុជា ​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ធ្វើ​ទុក្ខ​បុកម្នេញ​សកម្មជន​នយោបាយ ​និង​សកម្មជន​សហគមន៍។ សកម្មជន​ការពារ​បរិស្ថាន​ និង​មេដឹកនាំ​សហជីព​ដ៏ល្បីឈ្មោះ ​គឺ​លោក ​រ៉ុង ឈុន ​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារតែ​សកម្មភាព​ជួយ​សង្គម។ ក្រុមអ្នកគាំទ្រ​និង​សមាជិក​ក្រុមគ្រួសារ​អ្នកទាំងនោះ ​បានចេញមក​ធ្វើ​បាតុកម្ម​ជារៀងរាល់​សប្តាហ៍​នៅមុខ​តុលាការ​ក្រុងភ្នំពេញ ​និង​ជួនកាល​នៅ​ខាងមុខ​ស្ថានទូតបរទេសនានា​ដោយដាក់​ញត្តិ​ទាមទារ​ឲ្យ​ពួកគេ​ជួយ​អន្តរាគម​ដោះលែង​ស្វាមី ​និង​ឪពុក ​ប៉ុន្តែ​ហាក់​មិន​ទទួល​បាន​ដំណោះស្រាយ​ជាដុំ​កំភួន​ទេ។

រូបឯកសារ៖ អ្នក​គាំទ្រ​ជាង​២០​នាក់ បាន​សុំឲ្យ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ធ្វើអន្តរាគមន៍​ឲ្យមាន​ការ​ដោះ​លែងលោក ​រ៉ុង ឈុន ​មេដឹក​នាំ​សហជីព​ និង​សកម្មជន​ផ្សេង​ទៀត ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ ចាប់​តាំង​ពី​ចុង​ខែ​កក្កដា ឆ្នាំ២០២០។

នាពេល​ថ្មីៗ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ងាក​មក​រិះគន់​ក្រុម​អ្នកច្បាប់​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​តែងតែ​ផ្តល់​សេវា​ផ្លូវ​ច្បាប់​ដល់​ពលរដ្ឋ​រងគ្រោះ​និង​ជនក្រីក្រ។

នៅក្នុង​វេទិការ​មួយ​កាលពី​ចុងខែវិច្ឆិកា​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ថ្លែង​ថា៖

«មាន​អង្គការ​មួយ​ចំនួន​និង​មេធាវី​ខ្លះ​ ក៏ឆ្លៀត​ឱកាស​រុញ​ឲ្យ​មាន​បាតុកម្ម​ផ្ទុះ​ឡើង។ មិនមែន​យើង​ជា​រដ្ឋាភិបាល​មិនដឹង​រឿង​នោះ​ទេ។ ​យើង​លើក​ទឹកចិត្ត​ឲ្យ​ផ្តល់​ជំនួយ​ផ្លូវ​ច្បាប់ ​ឬ​ការពារ​ក្តី​ជូន​ជនក្រីក្រ ​តែ​យើង​មិន​លើក​ទឹកចិត្ត​ឲ្យ​អ្នក​ធ្វើ​សកម្មភាព​ញុះញង់​ដើម្បី​រុញ​ឲ្យ​ធ្វើ​បាតុកម្ម​នោះ​ទេ​។ អ្នកអាច​យល់។ ខ្ញុំ​បង្ហាញ​ពី​ការថ្លែង​អំណរ​គុណ​ផង។ ខ្ញុំ​ក៏​ថ្លែង​ពី​ការខកចិត្ត​ផង»។

ឆ្នាំ​២០២០ ​ឈានទៅ​បិទ​បញ្ចប់​ដោយ​តុលាការ​រាជធានី​ភ្នំពេញ​ បាន​ធ្វើ​ឲ្យ​អ្នកការពារ​សិទ្ធិមនុស្ស​ និង​អ្នកការទូត​បស្ចិម​ប្រទេស​ភ្ញាក់ផ្អើល ​ក្រោយពី​បាន​បើកដំណើរការ​សំណុំរឿង​ដ៏ធំ​ពាក់ព័ន្ធ​នឹង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​និង​អ្នករិះគន់​រដ្ឋាភិបាល​ជិត​១៣០នាក់។

លោក W. Patrick Murphy (ដាប់ប៊ែលយូ ផែទ្រិក មឺហ្វី) ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​ចោទជា​សំណួរ​តាម​ទំព័រ​ធ្វីតថឺ​ថា៖ «តើ​នេះ ​ឬ​ជា​វិធី​ដ៏​ល្អ​បំផុត​សម្រាប់​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ?»

លោក Phil Robertson ​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​ចាត់ទុកការកោះហៅ​ដ៏​ច្រើន​ និង​រួមទាំង​បទចោទ​ប្រកាន់​ថា​ជា «រឿង​គួរ​ឲ្យ​អស់​សំណើច»៖

«ពួកគេ​ព្យាយាម​លុបបំបាត់​ទាំងស្រុង​រាល់សកម្មជន​ណាដែល​ហ៊ាន​និយាយស្តី​ បើទោះ​បី​ជា​សកម្មជន​សហគមន៍​ អ្នក​ធ្វើការ​បម្រើ​គណបក្ស​ប្រឆាំង​ ឬ​អ្នកធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស ​គឺ​ពួកគេ​តាម​ធ្វើបាប​ទាំងអស់។ នេះ​គឺជា​ការបោស​សម្អាត​ឲ្យ​ស្អាត​អស់ ​ហើយ​មិន​គួរ​អនុញ្ញាត​ឲ្យ​មាន​ដូច្នេះ​ទេ»។

ក្តីសង្ឃឹមក្នុងឆ្នាំថ្មី

យ៉ាងណាក៏ដោយ​សកម្មជន​សិទ្ធិ​មនុស្ស​នានា​សង្ឃឹម​ថា​ នៅ​ឆ្នាំ២០២១​ខាងមុខ​នេះ​ស្ថានភាព​នឹង​មាន​ការកែប្រែ​ ឬ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​កែប្រែ​ស្ថានការណ៍​ដើម្បី​ជៀសវាង​ការប៉ះពាល់​ដល់​សេដ្ឋកិច្ច ​ដែល​បានប៉ះពាល់​ខ្លះ​ ហើយ​ដោយសារតែ​ទណ្ឌកម្ម​និង​ជំងឺ​រាតត្បាត​កូវីដ១៩។​

ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រស់នៅ​និរទេសខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​រិះរក​មធ្យោបាយ​វិលត្រឡប់​ចូល​កម្ពុជា​ជាថ្មី ​ក្នុង​គោលបំណង​ទៅ​ប្រឈមមុខ​នឹង​សំណុំរឿង​នៅ​តុលាការ​រាជធានី​ភ្នំពេញ​ដែល​បាន​ចោទ​ប្រកាន់​ពួកគេ​ពីបទ«ឧបឃាត» ​«រួម​គំនិត​ក្បត់» ​និង​«ញុះញង់»​ ​និង​ក៏​ដើម្បី​ស្វែងរក​ការផ្សះផ្សារ​ជាតិ។

រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុប្រធានម្នាក់នៃគណបក្សសង្គ្រោះជាតិ ចូលរួមការប្រមូលផ្តុំគ្នារបស់សមាជិកគណបក្សសង្គ្រោះជាតិ ដើម្បីប្រារព្ធ​ខួប ២៩ ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស។

អ្នកស្រី​ មូរ សុខហួរ​ អនុ​ប្រធាន​គណបក្ស​ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ផងដែរ​ គឺជា​អ្នកដឹកនាំ​យុទ្ធនាការ​វិលត្រឡប់​ទៅ​មាតុភូមិ​វិញ​នៅថ្ងៃទី​៤​ខែមករា ​ឆ្នាំ២០២១ ​គឺ​មាន​រយៈពេល​ជាង​១ឆ្នាំ​ ក្រោយ​ពី​ការព្យាយាម​មិន​បាន​សម្រេច​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ​ប្រធាន​ស្តី​ទី​គណបក្ស​កាលពីចុងឆ្នាំ​២០១៩។

អ្នកស្រី ​មូរ សុខហួរ​ ដែល​ត្រូវបានគេ​មើលឃើញ​ថា​ មាន​ជំហរ​កណ្តាល​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«​ជា​សិទ្ធិ​របស់​យើង​ ណាមួយ​នេះ​ជា​ឱកាស​ដ៏ល្អ​ក្នុងនាម​យើង​ជាខ្មែរ​ទាំងអស់​គ្នា​បង្រួប​បង្រួម​ជាតិ​ គឺយើង​និយាយ​អំពី​ខ្មែរ​តែមួយ​រក​ដំណោះស្រាយ​ដើម្បី​ជាតិ។ ​ដូច្នេះ​រឿង​តុលាការ​នេះ​ គឺ​ជា​រឿង​មួយ​ដ៏​សំខាន់​អាច​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ទាំងមូល​បាន»។

កត្តាខាងក្រៅប្រទេសលើសិទ្ធិមនុស្សកម្ពុជា

ការផ្លាស់ប្តូរ​រដ្ឋបាល​នៅ​សេតវិមាន​សហរដ្ឋ​អាមេរិក​ ក៏បាន​ផ្តល់ក្តី​សង្ឃឹម​ដល់​សកម្មជន​សិទ្ធិមនុស្ស​ និង​អ្នកនយោបាយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ផងដែរ។ លោក Jo Biden ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ទី​៤៦​របស់​សហរដ្ឋ​អាមេរិកនៅឆ្នាំ​ក្រោយ។

អ្នកស្រី មូរ សុខហួរ​ បាន​បញ្ជាក់​ដែរ​ថា៖

«លោកJo Biden ​ដែលជា​ប្រធានាធិបតី​ជាប់ឆ្នោត​នេះ​ លោក​មាន​ឆន្ទៈ​ខ្ពស់​ណាស់​ហើយ​សារ​នីមួយៗ​របស់​លោក​ Jo Biden ​គឺ​និយាយ​តែ​ពី​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ នៅ​ក្នុង​បរិបទ​ថ្មី​ដែល​សហរដ្ឋ​អាមេរិក​ នឹង​ដើរ​តួនាទី​ដ៏​មាន​សារៈសំខាន់​សម្រាប់​ប្រមូល​នូវ​កម្លាំង​ប្រជា​ធិបតេយ្យ​ ប្រទេស​ប្រជាធិបតេយ្យ​ដើម្បី​យក​រឿង​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​យក​មក​ដាក់​ជាធំ»។​

កាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា ​ក្រុម​អ្នកតាក់តែង​ច្បាប់​សហរដ្ឋ​អាមេរិក​៨នាក់​ដែល​ភាគច្រើន​មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​សរសេរ​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ឲ្យ​ប្រើប្រាស់​ច្បាប់​ម៉ានីតស្គី​ដើម្បី​ដាក់​ទណ្ឌកម្ម​ដោយផ្ទាល់​លើមន្ត្រី​កម្ពុជា​ណា​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ និង​ឲ្យសើរើ​ពិនិត្យ​មើល​ឋានៈ​អនុគ្រោះពន្ធ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​ដែល​បាន​ផ្តល់​ឲ្យ​កម្ពុជានាំ​ទំនិញ​ចូល​ទីផ្សារ​សហរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក ​គឺជា​ទីផ្សារ​ដ៏​ធំ​ទី២​របស់​កម្ពុជា​ដែល​ទទួល​ទិញ​ទំនិញ​ចំនួន​ជាង​៥,៤ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩។​ នេះបើ​តាម​តួលេខ​របស់​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក។

អ្នកស្រី​ នីកូល អ៊ឹង​ ប្រធាន​មូលនិធិ​មេបុណ្យ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ផ្លរីដា ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា៖

«ទាំង​ខាង​ប្រជាធិបតេយ្យ​ និង​សាធារណរដ្ឋ​សុទ្ធតែ​មាន​បំណង​ចង់​ដាក់​សម្ពាធ​ខាង​សេដ្ឋកិច្ច​ទៅលើ​លោក​ ហ៊ុន ​សែន ​ហើយ​ខ្ញុំ​ជឿ​ថា​ នៅ​ពេល​ខាង​ប្រជាធិបតេយ្យ​កាន់​កាប់​វិញ​សភា​ទាំង​សងខាង​នឹង​លើក​យក​ច្បាប់​ដែល​មិន​ទាន់​បាន​អនុម័ត​ យក​មក​បោះឆ្នោត​ឡើងវិញ»។

យ៉ាងណាក៏ដោយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ផ្ញើសារ​កាលពី​ចុង​ខែវិច្ឆិកា​បិទខ្ទប់​ចេតនា​ណាមួយ​ក្នុង​ការផ្សះផ្សារគ្នា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ​ហ៊ុន សែន​បាន​ថ្លែង​ថា៖

«ដំណើរការ​ផ្លូវច្បាប់​ត្រូវតែ​ធ្វើ​តាម​ច្បាប់​ ផុត​ពី​រឿង​ច្បាប់​ហើយ​ចាំសម្រួល​គ្នា​ខាង​នយោបាយ។ អត់មាន​សម្រួល​គ្នា​មុន​ខាង​នយោបាយមុន​សម្រួល​ខាងផ្លូវ​ច្បាប់​ទេ។ សូម​ជូន​សារ​ទុក​ឲ្យ​ហើយ»។

លោក ហ៊ុន សែន​ ដែល​នឹង​កាន់​តំណែង​គ្រប់​៣៦​ឆ្នាំ​នៅ​ដើម​ឆ្នាំ​ក្រោយ​បាន​បន្ថែម​ថា​ គេក៏មិន​ត្រូវ​វាយប្រហារ​លើ​ក្រុមគ្រួសារ​ និង​វង្សត្រកូល​របស់​លោក​នោះ​ទេ៖

«បើ​ដាក់​គោលដៅ​បង្រួប​បង្រួម​ខ្មែរ​អូខេ។ បើ​ដាក់​គោលដៅ​កម្ចាត់​ត្រកូល​ហ៊ុន​ សូម​ផ្តាំ​ទៅ​ទោះបី​រលាយ​ផែនដី​ ក៏​ហ៊ុនសែន​នៅតែ​តស៊ូ​។ ផ្តាំ​ឲ្យ​ហើយ»។​

គ្មានសេរីភាពណាបានមកដោយគ្មានការលះបង់

ស្របពេល​ដែល​អង្គការ​សហប្រជាជាតិ​ អំពាវនាវ​ឲ្យ​មនុស្ស​គ្រប់រូប​នៅ​ទូទាំង​ពិភពលោក​ក្រោកឈរ​ដើម្បី​សិទ្ធិ​មនុស្ស​និង​រិះគន់​ ​វិធានការ​គាប​សង្កត់​របស់​មេដឹកនាំ​មួយចំនួន​លើ​ពិភពលោកដែល​យក​វីរុស​ជា​លេសដាក់​វិធានការ​សន្តិសុខ​ធ្ងន់ដៃ​ និង​ប្រើ​វិធានការ​គាបសង្កត់​រឹតត្បិត​សេរីភាព​ពលរដ្ឋ​ និង​សេរីភាព​សារ​ព័ត៌មាន​ អ្នកការពារ​សិទ្ធិ​មនុស្ស​យល់​ឃើញថា ​វាទាមទារ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ត្រូវ​ធ្វើ​សកម្មភាព​ដោយ​មិនត្រូ​វរង់ចាំ​កម្លាំង​ពី​ខាងក្រៅ​ទាំងស្រុង​នោះ​ទេ។

រូបឯកសារ៖ អ្នកស្រី Olivia Enos ជា​អ្នកវិភាគ​គោល​នយោបាយ​នៃ​មូលនិធិ Heritage។ (ស្រេង លក្ខិណា/វីអូអេ)

អ្នកស្រី Olivia Enos​ អ្នកវិភាគគោល​នយោបាយជាន់ខ្ពស់នៃ​មជ្ឈមណ្ឌលសិក្សាកិច្ចការ​អាស៊ីរបស់មូលនិធិ​ ​Heritage បានបញ្ជាក់ថា៖

«ខ្ញុំ​ពិតជា​គិតថា​ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស​និង​ពលរដ្ឋ​កម្ពុជា​គួរតែ​បន្ត​ជំរុញ​ឲ្យ​មាន​ការទទួល​ខុសត្រូវ​ពី​រដ្ឋាភិបាល​មួយ​ដែល​បានបំបាត់ប្រព័ន្ធ​ដែល​ធ្លាប់​មាន​ពីមុនមក​បើទោះបី​ជា​វា​គឺជា​ប្រព័ន្ធ​ដែល​មាន​ប្រជាធិបតេយ្យ​តែ​ពាក់​កណ្តាល​ក៏ដោយ»។

អ្នកស្រី Olivia Enos ​ក៏​ចង់​ឃើញ​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​អ្នក​មាន​អំណាច​ដែល​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ អ្នកស្រី​បាន​បន្ថែម​ថា៖

«ខ្ញុំ​គិត​ថា​ ត្រូវតែ​មាន​ការជំរុញ​ខ្លាំង​ជាង​មុន​ឲ្យ​មានការទទួល​ខុសត្រូវ​ផ្ទៃក្នុង​ប៉ុន្តែក៏​ត្រូវ​លើក​ទឹកចិត្ត​ឲ្យ​មាន​ទណ្ឌកម្ម​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ចូល​ជិត​ដល់​លោក ​ហ៊ុន សែន​និង​គណបក្ស​របស់​គាត់​។ ការណ៍​នេះ ​មាន​ដូចជា​ត្រូវ​សំដៅ​លើ​ថ្នាក់​ដឹកនាំ​ដោយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​ នឹង​មាន​ផលវិបាក​ចំពោះ​សកម្មភាព​របស់​ពួកគេ​ និងថា​សហរដ្ឋ​អាមេរិក​បន្ត​តាមដាន​មើល»៕