ក្រុមមេធាវីការពារក្តីសមមិត្តឌុច អតីតមេដឹកនាំគុកស-២១ដ៏ព្រៃផ្សៃរបស់ខ្មែរក្រហមបានសុំតុលាការឧក្រិដ្ឋកម្មសង្គ្រាមដែលគាំទ្រដោយអង្គការសហប្រជាជាតិឲ្យបដិសេធចោលការកាត់ទោសឲ្យជននោះជាប់គុក។
សមមិត្តឌុច អតីតប្រធានគុករបស់ខ្មែរក្រហម បានបង្ហាញខ្លួននៅតុលាការឧក្រិដ្ឋកម្មសង្គ្រាមក្នុងទីក្រុងភ្នំពេញដើម្បីស្វះស្វែងរកការសម្រេចឲ្យរួចខ្លួនពីការដាក់ទោស។
កាលពីឆ្នាំទៅ តុលាការដែលគាំទ្រដោយអង្គការសហប្រជាជាតិបានកាត់ទោសឌុចឲ្យជាប់គុករយៈពេល៣៥ឆ្នាំបន្ទាប់ពីការកាត់សេចក្តីថាគាត់ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់អ្នកទោសជាង១២.០០០នាក់នៅមន្ទីរឃុំឃាំងស២១ដែលគាត់បានដឹកនាំពីចន្លោះឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៩។ ការកាត់ទោសបានត្រូវកាត់បន្ថយមកត្រឹម១៩ឆ្នាំពីព្រោះពេលវេលាដែលគាត់បានជាប់ទោសរួចហើយនិងកត្តាផ្សេងៗទៀត។
មន្ទីរឃុំឃាំងស-២១បានត្រូវប្រើប្រាស់ដោយខ្មែរក្រហមជាទីកន្លែងឃុំឃាំងនិងធ្វើទារុណកម្មមនុស្សរាប់ពាន់នាក់ដែលចាត់ទុកជាសត្រូវរបស់បដិវត្តន៍មុនពេលយកពួកគេទៅប្រហារជីវិត។
ក៏ប៉ុន្តែកាលពីថ្ងៃច័ន្ទ មេធាវីរបស់ឌុចបានប្រាប់តុលាការថាកូនក្តីរបស់ពួកគាត់គួរតែមានសេរីភាពពីព្រោះគាត់មិនមែនសមាជិកជាន់ខ្ពស់របស់ចលនាខ្មែរក្រហមទេ ហើយគ្រាន់តែធ្វើតាមបញ្ជាតែប៉ុណ្ណោះ។
ការប្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តី បានផ្តោតលើការជជែកឲ្យហេតុផលរបស់ខ្លួនថាតុលាការខ្វះយុត្តាធិការដើម្បីកាត់ទោសឌុច។
ក៏ប៉ុន្តែ សុន្ទរកថារយៈពេលមួយម៉ោងដែលធ្វើឡើងដោយមេធាវីការពារក្តីនាំមុខម្នាក់របស់ឌុចបានថ្លែងឥតចុងឥតដើមហើយនឹងច្រំដែលៗនិងមិនអាចជឿទុកចិត្តបាននៅទីបញ្ចប់។
លោកស្រី Anne Heindel ទីប្រឹក្សាច្បាប់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា មានវត្តមាននៅសវនាការនោះកាលពីថ្ងៃច័ន្ទដែរ។
លោកស្រី Heindel មានប្រសាសន៍ថា លោកស្រីនឹងមិនមានការភ្ញាក់ផ្អើលទេប្រសិនបើឌុចទៅជាបានទទួលទោសរយៈពេលកាន់តែយូរថែមទៀត មិនមែនតិចជាងដោយសារការប្តឹងឧទ្ធរណ៍នោះ ពីព្រោះរដ្ឋអាជ្ញាមានភស្តុតាងច្រើនណាស់។
«ដោយផ្អែកទៅលើអ្វីដែលរដ្ឋអាជ្ញានិយាយដោយសារពួកគេបានលាតត្រដាងការជជែកដេញដោលដែលមានភស្តុតាងគួរឲ្យជឿជាក់មួយចំនួន។ ហើយដោយផ្អែកទៅលើអ្វីដែលយើងបានឃើញនៅពេលព្រឹកនេះ ខ្ញុំនឹងមានការភ្ញាក់ផ្អើលប្រសិនបើមេធាវីការពារក្តីបានជជែកឲ្យហេតុផលតបតប្រឆាំងរដ្ឋអាជ្ញាវិញនោះ»។
តុលាការមានអាណត្តិដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់ដែលនៅរស់រានមានជីវិតហើយនឹងជនណាដែលបានចាត់ទុកថាមានការទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មដែលបានធ្វើឡើងនៅក្រោមការគ្រប់គ្រងប្រទេសកម្ពុជារបស់ចលនាខ្មែរក្រហម។
រដ្ឋអាជ្ញានិយាយថាការណ៍នេះមានន័យថាមានប្រភេទជនចុងចោទដ៏សំខាន់២ គឺពួកមេដឹកនាំជាន់ខ្ពស់ហើយនិងអ្នកទទួលខុសត្រូវខ្ពស់បំផុត។
ក៏ប៉ុន្តែ មេធាវីការពារក្តីម្នាក់និយាយថា មានតែខ្មែរក្រហមមួយប្រភេទទេ គឺពួកមេដឹកនាំជាន់ខ្ពស់ដែលជាអ្នកទទួលខុសត្រូវបំផុតដែរ។ ហើយដោយសារតែឌុច មិនមែនជាមេដឹកនាំជាន់ខ្ពស់ដែលធ្វើគោលនយោបាយ តុលាការមិនគួរកាត់ទោសគាត់ទេ។
អ្នកជំនាញការច្បាប់មិនបានចាត់ទុកថាការទាញយកអំណះអំណាងដូច្នេះជាការជជែកដេញដោលខ្លាំងមួយទេ ក៏ប៉ុន្តែវាជាសញ្ញានៃភាពទន់ខ្សោយរបស់ឌុច។
ឌុចបានទទួលសារភាពពីតួនាទីរបស់ខ្លួនក្នុងការស្លាប់មនុស្សរាប់ពាន់នាក់។
ពួកចៅក្រមបានសុំឲ្យរដ្ឋអាជ្ញាបង្ហាញភស្តុតាងឲ្យបានត្រឹមត្រូវពីការសន្និដ្ឋានថាមានមេដឹកនាំខ្មែរក្រហមពីរប្រភេទនោះ។
លោក Andrew Cayley រដ្ឋអាជ្ញាអន្តរជាតិបានប្រាប់តុលាការថាអង្គការសហប្រជាជាតិនិងរដ្ឋាភិបាលបានយល់ព្រមលើរបៀបកាត់ក្តីរបៀបនេះ។
«មុនពេលកិច្ចព្រមព្រៀងឆ្នាំ១៩៩៩ក្រុមអ្នកជំនាញការអង្គការសហប្រជាជាតិបាននិយាយយ៉ាងច្បាស់លាស់ថាមានបុគ្គល២ប្រភេទដែលគួរត្រូវយកមកកាត់ទោស គឺពួកមេដឹកនាំជាន់ខ្ពស់ដែលមានការទទួលខុសត្រូវលើការរំលោភធ្វើបាប ក៏ដូចជាអ្នកទទួលខុសត្រូវកម្រិតទាបដែលមានការជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងអំពើឃោរឃៅដ៏ធ្ងន់ធ្ងរ»។
លោក Cayley មានប្រសាសន៍បន្តទៀតថា ច្បាប់ដែលបានអនុម័តដោយរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលបានបញ្ជាក់ពីការបែងចែកជនសង្ស័យជាពីរប្រភេទ។
បន្ថែមពីនេះ រដ្ឋអាជ្ញានិយាយថា មេធាវីការពារក្តីរបស់ឌុចមិនបានជំទាស់ប្រឆាំងយុត្តាធិការរបស់តុលាការទេរហូតទាល់តែបិទការកាត់ទោស ដែលមានការយឺតពេលទៅហើយ។
ការកាត់ក្តីលើបណ្តឹងឧទ្ធរណ៍របស់ឌុច ត្រូវគេគ្រោងនឹងបញ្ចប់នៅថ្ងៃពុធហើយជាឱកាសចុងក្រោយបង្អស់របស់គាត់ឲ្យបានទទួលការដោះលែង។
តុលាការនឹងសម្រេចសាលក្រមនៅខែមិថុនា៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន