ក្រុមអ្នកឃ្លាំមើលស្ថានភាពសិទ្ធិសេរីភាព Freedom House បានចាត់ទុកប្រទេសកម្ពុជាថា ជាប្រទេសដែលមិនមានសេរីភាពពេញលេញ ក្នុងការបញ្ចេញមតិ ដោយសារការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលទៅលើក្រុមអ្នករិះគន់ តាមប្រព័ន្ធអ៊ីនធឺណិត។
របាយការណ៍របស់ អង្គការ Freedom House មានចំណងជើងថា«សេរីភាពលើប្រព័ន្ធអ៊ីនធឺណិតឆ្នាំ២០១៦» (Freedom on Net 2016) ដែលបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃចន្ទម្សិលមិញនេះ បានបង្ហាញថា កម្ពុជាទទួលបានពិន្ទុចំនួន៥២លើ១០០ ដែលឆ្លុះបញ្ចាំងឲ្យឃើញថា ប្រទេសកម្ពុជាពុំទាន់ជាប្រទេសដែលមានសិទ្ធិសេរីភាពពេញលេញ។
យ៉ាងណាក៏ដោយ ស្ថានភាពសេរីភាពក្នុងប្រទេសកម្ពុជាមានភាពប្រសើរជាងប្រទេសក្បែរខាងខ្លួន គឺប្រទេសថៃ និងវៀតណាម។ ប្រទេសថៃទទួលបាន៦៦ពិន្ទុ រីឯវៀតណាមទទួលបាន៧៦ពិន្ទុ។ ប្រទេសទាំងពីរត្រូវបានចាត់ទុកថា មិនមានសេរីភាពលើបណ្ដាញអ៊ីនធឺណិត។
យោងតាមរបាយការណ៍របស់អង្គការ Freedom Houseដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក ប្រទេសទទួលបានពិន្ទុតិចបំផុតដល់សូន្យគឺជាប្រទេសដែលមានសេរីភាពពេញលេញ តែផ្ទុយមកវិញប្រទេសដែលទទួលបានពិន្ទុខ្ពស់ ជាប្រទេសដែលសេរីភាពត្រូវបានរឹតត្បិតខ្លាំង។
អ្នកសង្កេតការណ៍សិទ្ធិមនុស្សនៅប្រទេសកម្ពុជា បានហៅការផ្ដល់ពិន្ទុសេរីភាពក្នុងប្រទេសកម្ពុជាថា ជាការវាយតម្លៃសមស្របទៅនឹងស្ថានភាពសេរីភាពជាក់ស្ដែងនៅក្នុងប្រទេស ខណៈដែលមន្ត្រីនៃគណបក្សកាន់អំណាចចាត់ទុកការវាយតម្លៃរបស់របាយការណ៍នេះថា ជាទស្សនៈដែលមានលក្ខណៈផ្ទុយពីស្ថានភាពពិតនៅកម្ពុជា។
លោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសនិ្តភាព ប្រាប់ VOA នៅថ្ងៃអង្គារនេះថា ប្រជារាស្ត្រខ្មែរដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម កំពុងប្រឈមនឹងភាពប្រថុយប្រថាន ក្នុងការនិយាយរិះគន់រដ្ឋាភិបាលនៅលើបណ្ដាញសង្គម នៅគ្រាដែលរដ្ឋាភិបាលបានបង្ហាញការមិនអត់ឱនដល់ការបញ្ចេញមតិណាមួយដែលមានលក្ខណៈបង្អាប់ដល់កិច្ចការរបស់រដ្ឋាភិបាល។
«យើងឃើញថា អ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុក ដែលធ្វើការរិះគន់អីចំៗហ្នឹងគឺ ត្រូវបានចាប់ខ្លួន ត្រូវបានដាក់ពន្ធនាគារដែរ។ អ្នកផ្សព្វផ្សាយលើបណ្ដាញហ្វេសប៊ុកណា៎។ បាទអញ្ចឹង ខ្ញុំថា រដ្ឋាភិបាល បើសិនជាគាត់បញ្ចេញមតិខុសឆ្គង គួរតែមានការឲ្យគាត់សុំទោសអីទៅ តាមបណ្ដាញហ្វេសប៊ុកឡើងវិញទៅ។ បើថា គាត់មិនសុំទោសទេ អានោះ ចាំចាត់វិធានការគាត់អីតាមផ្លូវច្បាប់អញ្ចឹងទៅណា៎»។
ចាប់ពីចន្លោះ ខែសីហា ឆ្នាំ២០១៥ ដល់ខែកុម្ភៈ ឆ្នាំ២០១៦ របាយការណ៍បានរកឃើញថា មានមនុស្សមិនតិចជាង៧នាក់ទេ ត្រូវបានចាប់ខ្លួន ដោយសារការបង្ហោះ និងការធ្វើអធិប្បាយនានាតាមប្រព័ន្ធអ៊ីនធឺណិត។ យ៉ាងហោចណាស់ មនុស្ស២៤នាក់ផ្សេងទៀត ក៏ត្រូវបានគំរាមជាសាធារណៈជាមួយការនាំយកមកកាត់ទោស។
មនុស្សប្រាំពីរនាក់ ដែលលើកឡើងក្នុងរបាយការណ៍ រួមមាននិស្សិតម្នាក់ឈ្មោះ គង់ រ៉ៃយ៉ា ដែលត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ១៨ខែ កាលពីខែមីនា ឆ្នាំ ២០១៦ ទាក់ទិនការអធិប្បាយអំពីការធ្វើបដិវត្តន៍ពណ៌ និងលោក ហុង សុងហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ដែលកំពុងស្ថិតក្នុងពន្ធនាគារ ទាក់ទិនការអធិប្បាយអំពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ធ្វើឡើងនៅឆ្នាំ១៩៧៩។
លោក យ៉ង គឹមអេង និយាយថា ការចាប់អ្នកនិយាយរិះគន់រដ្ឋាភិបាលតាមបណ្ដាញសង្គមនានា យកមកផ្ដន្ទាទោសគួរត្រូវបានបញ្ចប់ ព្រោះលោកយល់ថា ការបន្តចាប់ចងរបៀបនេះ មិនបានផ្តល់ផលចំណេញដល់រដ្ឋាភិបាលនោះឡើយ។
ផ្ទុយទៅវិញ លោកថា ការណ៍នេះ រឹតត្បិតសិទ្ធិនិយាយស្ដីតាមប្រព័ន្ធអ៊ីនធឺណិត និងធ្វើឲ្យរដ្ឋាភិបាលបាត់បង់ព័ត៌មានមួយផ្នែក សម្រាប់រដ្ឋាភិបាលយកទៅពិចារណាក្នុងការដឹកនាំប្រទេស។
«ខ្ញុំថា ចំពោះប្រទេសប្រជាធិបតេយ្យគឺរដ្ឋាភិបាល ត្រូវទទួលព័ត៌មានរិះគន់ឲ្យបានច្រើនជាងការសរសើរបាទ ដើម្បីឲ្យរដ្ឋាភិបាលហ្នឹងធ្វើដំណើរទៅដោយជោគជ័យក្នុងការអភិវឌ្ឍតាមស្របយុទ្ធសាស្ត្ររបស់ខ្លួន។ បើរដ្ឋាភិបាលមិនទទួលយកសំណូមពរ ការរិះគន់ទេ បានន័យថា រដ្ឋាភិបាលគឺអាចនឹងជួបឧបសគ្គច្រើនបាទក្នុងការអភិវឌ្ឍជាតិ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ VOAថា រដ្ឋាភិបាល មិនបានគាបសង្កត់សិទ្ធិសេរីភាពពលរដ្ឋណាម្នាក់នោះឡើយ។
លោកថា បុគ្គលដែលត្រូវបានចាប់ខ្លួន និងដាក់ឲ្យជាប់ក្នុងពន្ធនាគារគឺជាអ្នកដែលបានធ្វើសកម្មភាពប្រាសចាកពីអ្វីដែលច្បាប់បានចែង។
«បុគ្គលគ្រប់រូប ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់ទង្វើរបស់ខ្លួន ដែលប្រព្រឹត្តល្មើសច្បាប់។ គ្មាននរណា អ្នកដទៃ គេទទួលជំនួសយើងទេ។ អញ្ចឹងអស់លោក ដែលវាយតម្លៃ ខ្ញុំយល់ថា ត្រូវតែមើលអំពីការណ៍ជាក់ស្ដែងដែលបុគ្គលនៅក្នុងជួរគណបក្សប្រឆាំងនឹងប្រព្រឹត្តល្មើសច្បាប់ អត់មាននរណាចោទគាត់ដោយអត់មានល្មើសច្បាប់ទេ»។
អង្គការ Freedom House បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទូចស្នើឲ្យមន្ត្រីរដ្ឋាភិបាលប្រើប្រាស់ហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀត ដើម្បីធ្វើការប្រាស្រ័យទាក់ទងជាមួយពលរដ្ឋ ហើយលោកថែមទាំងបានដំឡើងកម្មវិធីកុំព្យូទ័រ សម្រាប់ផ្ដល់ជូនដំណឹងរបស់លោកដល់អ្នកប្រើប្រាស់អ៊ីនធឺណិត។
ក៏ប៉ុន្តែ នៅស្របពេលជាមួយគ្នានេះ លោកបានគំរាមកំហែងអ្នករិះគន់តាមហ្វេសប៊ុក និងបានក្រើនរំឭកដល់អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតថា រដ្ឋាភិបាលកំពុងឃ្លាំមើលសកម្មភាពរបស់ពួកគេ។
របាយការណ៍ដដែលបន្តថា ការចាប់ខ្លួន និងការចោទប្រកាន់ដែលបានធ្វើឡើងនាពេលកន្លងមក បានបង្កើតឲ្យមាននិន្នាការរំខានមួយ នាំដល់ការបង្កើនការចាប់ពិរុទ្ធដោយខ្លួនឯង។
ទោះជាមានការលើកឡើងថា សេរីភាពតាមប្រព័ន្ធអ៊ីនធឺណិត មិនទាន់មានពេញលេញនៅកម្ពុជា អ្នកនាំពាក្យគណបក្សគ្រប់គ្រងប្រទេស លោក សុខ ឥសាន ថ្លែងថា របាយការណ៍មានភាពលម្អៀង និងមិនជះឥទ្ធិពលណាមួយមកលើអធិបតេយ្យភាពកម្ពុជានោះឡើយ។
«គាត់វាយតម្លៃមិនផ្អែកទៅលើការណ៍ពិតជាក់ស្ដែងទេ។ វាយតម្លៃ ផ្អែកទៅលើអារម្មណ៍ ផ្អែកទៅលើការយល់ឃើញជាអត្តនោម័តិ។ អញ្ចឹងទេ វាមានលក្ខណៈលម្អៀងហើយ ចង់មិនចង់ វាចេញលក្ខណៈលម្អៀងបាត់ទៅហើយ។ អញ្ចឹង យើងមិនខ្វល់ថា គាត់ដាក់លេខប៉ុន្មាន១០០ ប៉ុន្មាន១០០ អត់ទេ»។
កាលពីឆ្នាំ២០១៥ ស្ថានភាពសេរីភាពនៅកម្ពុជា បានស្ថិតក្នុងសភាពអាក្រក់ដដែល គឺប្រហាក់ប្រហែលគ្នាឆ្នាំ២០១៦នេះ ដោយសារការតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីទូរគមនាគមន៍ និងវិធានការច្បាប់លើការអធិប្បាយតាមប្រព័ន្ធអ៊ីនធឺណិត ដែលរដ្ឋាភិបាលយល់ថា មានលក្ខណៈបរិហាកេរ្តិ៍ និងអសីលធម៌។
ក្រុមអ្នកឃ្លាំមើលស្ថានភាពសេរីភាព Freedom House បានបញ្ជាក់ក្នុងរបាយការណ៍របស់ពួកគេថា សិទ្ធិសេរីភាពតាមប្រព័ន្ធអ៊ីនធឺណិតនៅជុំវិញពិភពលោកបានធ្លាក់ចុះក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា មកដល់ឆ្នាំ២០១៦នេះ ខណៈដែលរដ្ឋាភិបាលជាច្រើនបានតម្រង់គោលដៅយ៉ាងគឃ្លើនទៅលើបណ្ដាញសង្គមដែលពុំធ្លាប់កើតមានពីមុនមកនោះទេ។
អ្នកស្រី Sanja Kelly ប្រធានក្រុមស្រាវជ្រាវនៃសេរីភាពលើប្រព័ន្ធអ៊ីនធឺណិតឆ្នាំ២០១៦ ត្រូវបានដកស្រង់សម្ដីនៅក្នុងន័យដើមថា៖
«បណ្ដាញសង្គមដែលមានប្រជាប្រិយដូចជា Facebook និង Twitter បានប្រឈមនឹងការចាប់ពិរុទ្ធដែលចេះតែបន្តកើនឡើងច្រើន ប៉ុន្តែរដ្ឋាភិបាលនានាឥឡូវ បានបង្កើនការឃ្លាំមើលយ៉ាងខ្លាំងក្លាទៅលើកម្មវិធីឆ្លើយឆ្លងសារអេឡិចត្រូនិកដូចជា WhatsApp និង Telegram»។
អ្នកស្រីបានបន្ថែមថា៖
«កម្មវិធីឆ្លើយឆ្លងសារអេឡិចត្រូនិក មានលទ្ធភាពពង្រីកការផ្សព្វផ្សាយព័ត៌មានបានឆាប់រហ័ស និងមានសន្តិសុខ ដែលការណ៍នេះធ្វើឲ្យរដ្ឋាភិបាលជាច្រើនមើលឃើញថា ជាការគំរាមកំហែងលើពួកគេទៅវិញ»។
នៅក្នុងតំបន់អាស៊ី ប្រទេសជប៉ុន និងហ្វីលីពីន ត្រូវបានរបាយការណ៍នេះចាត់ទុកថា ជាប្រទេសដែលមានសេរីភាពបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតច្រើនជាងគេ។ ប្រទេសទាំងពីរនេះ ទទួលបានពិន្ទុ២២ និង២៦បន្តបន្ទាប់គ្នា។
រីឯប្រទេសចិន គឺត្រូវបានចាត់ទុកថាគ្មានសេរីភាព ព្រោះប្រទេសនេះទទួលបានពិន្ទុ៨៨ លើ១០០។
របាយការណ៍ដដែលឲ្យដឹងថា ច្បាប់ស្ដីពីទូរគមនាគមន៍ដែលធ្វើឡើងដោយខ្វះតម្លាភាព និងការពិគ្រោះយោបល់ បានធ្វើឲ្យរដ្ឋាភិបាលបង្កើនការគ្រប់គ្រងក្នុងវិស័យនេះ ហើយបានគំរាមកំហែងដល់សិទ្ធិបុគ្គល និងការសម្តែងមតិ៕