វិមជ្ឈការ​នៅ​កម្ពុជា​ចាក់ឫស​ ២០ ​ឆ្នាំ​ ប៉ុន្តែ​មិនទាន់​រឹងមាំ

រូបឯកសារ៖ អាជីវករម្នាក់ជិះកង់កាត់រូបបដាតំណាងគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨។

វ៉ាស៊ីនតោន — ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាលើក​ដំបូង​ត្រូវ​បាន​រៀបចំ​ឡើង​ នៅថ្ងៃទី ៣ ​ខែកុម្ភៈឆ្នាំ ២០០២។​ វា​គឺជា​ការ​ចាប់ផ្តើម​ជាផ្លូវការ​នូវ​ដំណើរការ​វិមជ្ឈការ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅថ្នាក់​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា។

នៅពេលនោះ​ មាន​គណបក្ស​នយោបាយ​ចំនួន​ ៨ ​បាន​ចូលរួម​ប្រកួត​ប្រជែង​ដណ្តើម​អាសនៈ​នៅ​ឃុំ​សង្កាត់​ចំនួន​ ១.៦២១​ នៅ​ទូទាំង​ប្រទេស​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គ្រប់គ្រង​តាំងពី​ការ​ដួលរលំ​នៃ​របប​ខ្មែរ​ក្រហម ​ក្នុង​ឆ្នាំ​ ១៩៧៩ មក។ លទ្ធផល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​គ្រប់គ្រង​បាន​យ៉ាងរឹងមាំ ​ក្រោម​បរិយាកាស​បោះឆ្នោត​ដែល​អ្នកឃ្លាំមើល​ចាត់ទុក​ថា​មិនត្រឹមត្រូវ​តាម​ស្តង់ដា​អន្តរជាតិ ​និង​មាន​ការ​គំរាម​កំហែង​បំភិតបំភ័យ​អ្នកបោះឆ្នោត​និង​បេក្ខជន​ប្រឆាំង។ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឈ្នះ​បាន​តែ​ ១០ ​ឃុំ​សង្កាត់ និង​គណបក្ស​សមរង្ស៊ី​ទទួលបាន​ ១ ៣​ឃុំ​សង្កាត់។

លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​ពន្យល់​កាលពី​ចុងខែ​មីនា​ឆ្នាំ​នេះ​ នៅ​ក្នុង​កម្មវិធី​មួយ​ដាក់​ចេញ​កម្មវិធី​វិមជ្ឈការ​និង​វិសមជ្ឈការ​នៅ​ដំណាក់​កាល​ទី​ ២ ​រយៈពេល​ ១០ ​ឆ្នាំ​ខាងមុខ​ ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​ថ្នាក់​មូលដ្ឋាន​ ដែល​បាន​រៀបចំ​ជាបន្ត​បន្ទាប់​មក ថា៖

«ក្រុមប្រឹក្សា​ដែល​កើតចេញ​ពី​ការបោះឆ្នោត​នេះ​ គឺ​ជាតំណាង​ឲ្យ​សំឡេង​និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន»។

រូបឯកសារ៖ អ្នកបោះឆ្នោតពិនិត្យមើលឈ្មោះ នៅមណ្ឌលបោះឆ្នោតមួយកន្លែង នៅរាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០០៣។

វិមជ្ឈការនិងវិសហមជ្ឈការ៖ ពង្រឹង​អំណាច​មូលដ្ឋាន

ឃុំ សង្កាត់​ គឺ​ជា​រដ្ឋបាល​ថ្នាក់​ទាប​បំផុត​នៅ​ក្នុង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដែល​មាន​ស្រុកខណ្ឌ​និង​រាជធានី-ខេត្ត​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ថ្នាក់​ដឹកនាំ​ត្រូវ​បាន​ជ្រើសរើស​ដោយផ្ទាល់​តាម​រយៈ​ការ​បោះឆ្នោត​ពី​ប្រជាពលរដ្ឋ​ ដើម្បី​មាន​លទ្ធភាព​សម្រេចចិត្ត​តាម​សិទ្ធិអំណាច​ ទទួលបានមូលនិធិ​សម្រាប់​អភិវឌ្ឍ​ឃុំ​សង្កាត់ ​ផ្តល់​អំណាច​ដល់​ពលរដ្ឋ​ថ្នាក់​មូលដ្ឋាន​ក្នុង​ការធ្វើ​សេចក្តី​សម្រេចចិត្ត​ និង​ការ​ដោះស្រាយ​បញ្ហា​ដែល​ពួកគេ​ជួប​ប្រទះ។

រដ្ឋាភិបាល​វាយតម្លៃ​ថា​រយៈពេល​ ២០ ​ឆ្នាំ​ នៃ​ការ​អនុវត្ត​គោលនយោបាយ​វិមជ្ឈការ​នៅ​ថ្នាក់​មូលដ្ឋាន​ គឺ​បាន​ដំណើរ​ការល្អ។

លោក ស ខេង ​បាន​បញ្ជាក់​ថា៖ «រដ្ឋបាល​ឃុំ​សង្កាត់​ទទួល​បាន​នូវ​មុខងារ​និង​ធនធាន​ស្រប​តាម​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់​ និង​មាន​ភាព​ជាម្ចាស់​ទៅ​លើ​ការ​គ្រប់គ្រង​ចាត់ចែង​និង​អនុវត្ត​មុខងារ​និង​ធនធាន​ទាំង​នោះ​ប្រកប​ដោយ​ស្វ័យភាព​ ព្រមទាំង​មាន​គណនីយភាព ​និង​ការទទួល​ខុសត្រូវ​ដោយ​ផ្ទាល់​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​លើ​ការផ្តល់​សេវា​សាធារណៈ​និង​ការអភិវឌ្ឍ​មូលដ្ឋាន»។

អ្នកជំនាញ​វាយ​តម្លៃ​ថា​ ការ​អនុវត្ត​គោលការណ៍​វិមជ្ឈការ​និង​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ប្រសើរ​ឡើង​ជា​បន្តបន្ទាប់​ ជាពិសេសក្រោយ​ពី​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់នៅ​ថ្ងៃទី ៤ ​ខែ​មិថុនា ​ឆ្នាំ​ ២០១៧។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​បាន​ឈ្នះ​អាសនៈ​ជាច្រើន​ ហើយ​ឈាន​មក​គ្រប់គ្រង​និង​មាន​វត្តមាន​នៅឃុំ​សង្កាត់ស្ទើរតែនៅ​ទូទាំង​ប្រទេស។

លោក គល់ បញ្ញា​ ទីប្រឹក្សា​និង​ជា​អតីត​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ Skype ​ថា៖ «ខ្ញុំ​ឃើញ​អ្វី​ដែល​កើតឡើង​ក្រោយ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នេះ ​គឺ​មាន​ការ​ទាមទារ​និង​ការប្រកួត​ប្រជែង​ផ្តល់​សេវា​ក៏​កើន​ឡើង​ខ្លះ​ដែរ​ ជាពិសេស​នៅ​ក្រុង​ភ្នំពេញ​ នៅ​បាត់ដំបង​ នៅ​ក្រុង​កំពង់ចាម​ គឺ​ថា​មេឃុំ​ថ្មី​ដែល​គាត់​បាន​ជាប់​ឆ្នោត​គាត់​ប្រឹងប្រែង។ គាត់​ប្រឹងប្រែង​ទោះ​បី​ជា​អត់​មាន​ធនធាន​ ពីព្រោះ​គាត់​ចង់​បាន​ស្នាដៃ​»។

ប៉ុន្តែ​សុទ្ទិដ្ឋិនិយមនោះ​ មាន​រយៈពេល​ខ្លី​ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិត្រូវបាន​រំលាយ​នៅ​ចុងឆ្នាំ​ដដែល​នោះ។

លោក គល់ បញ្ញា​ បាន​បញ្ជាក់​ថា៖ «នេះ​ធ្វើ​ឲ្យ​ខូច​ការរីកចម្រើន​ ការ​វិវត្ត​មួយ​ល្អ​ទាក់ទិន​ទៅ​នឹង​វិមជ្ឈការ​នយោបាយ​ ដែល​មក​ដល់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នេះ»។

រូបឯកសារ៖ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងអំឡុងពេលពិធីដង្ហែក្បួនបក្ស នៅរាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៤។

អាសនៈ​មេឃុំ​និង​ចៅសង្កាត់​ជិត​ ៥០០​ និង​ក្រុមប្រឹក្សា​ជាង ​៥០០០​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បានបែងចែក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយ​បាន​ប្រមូល​អំណាច​ត្រឡប់​មកវិញ​ដូច​មុន​ការបោះឆ្នោត​ឆ្នាំ​ ២០០២។

លោក សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ Skype ​ថា៖ «អ៊ីចឹង​បាន​ថា​មិន​អាច​មាន​វិមជ្ឈការ​បែប​ហ្នឹង​ទេ។ ហ្នឹង​ជា​វិមជ្ឈការ​ក្លែង​ក្លាយ​ផង​ជា​លទ្ធិ​ប្រជាធិបតេយ្យ​ក្លែង​ក្លាយ​ផង។ ហ្នឹង​ហើយ​បាន​ទាមទារ​ឲ្យ​យើង​ជំរុញ​មាន​ការផ្លាស់ប្តូរ​ពិតប្រាកដ​ដើម្បី​គោរព​ឆន្ទៈ​ប្រជារាស្ត្រ​ពិតប្រាកដ»។

គណបក្ស​សង្គ្រោះ​ជាតិ​ទាក់ទាញ​អ្នកបោះឆ្នោត​បាន​ជិត​ ៤៤% តាម​រយៈ​ការប្តេជ្ញា​ផ្តល់​អំណាចដល់​ពលរដ្ឋ​ ​ផ្តល់​សេវា​លិខិត​រដ្ឋបាល​ដោយ​មិនបង់ថ្លៃ​និង​ការ​បង្កើន​ថវិកា​អភិវឌ្ឍន៍​រហូតដល់​យ៉ាងតិច ​៥០​ ម៉ឺន​ដុល្លារ​ក្នុង​ ១ ឆ្នាំ​សម្រាប់​ឃុំសង្កាត់​ដែល​ធំ។​ ចំនួន​នេះ​ស្មើនឹង​ ២០% ​នៃ​ថវិកា​ជាតិ។

លោក សម រង្ស៊ី​ បាន​ថ្លែង​បន្ថែម​ថា៖ «កម្មវិធី​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើកឡើង​ថា​ប្តូរ​មេឃុំ​បម្រើ​បក្ស​ដាក់​មេឃុំ​បម្រើ​រាស្ត្រហ្នឹង​ធ្វើ​ឲ្យ​ ហ៊ុន សែន​ ខឹង​ច្រឡោត​ភ័យ​ អ៊ីចឹង​ហើយ​បាន​ជាគាត់​ហាមឃាត់​មិន​ឲ្យ​ប្រើ​ពាក្យ​ហ្នឹង​ពីព្រោះ​ជា​ពាក្យ​ពិត។ មនុស្ស​អាក្រក់​ខ្លាច​ពាក្យ​ពិត​ ធ្វើ​ឲ្យ​ប្រជារាស្ត្រ​កាន់តែ​ចាប់អារម្មណ៍​ថែមទៀត​ពីព្រោះ​គណបក្ស​លោក ហ៊ុន សែន​ សព្វថ្ងៃ​គឺ​បម្រើ​បក្ស​អត់​មាន​បម្រើ​រាស្ត្រ​ទេ»។

អ្នកជំនាញ​មើលឃើញ​ថា​ បច្ចុប្បន្ន​ការផ្តល់​សិទ្ធិ​អំណាច​ដល់​ថ្នាក់​ដឹកនាំ​ឃុំសង្កាត់​នៅតែ​មិនទាន់​បាន​ដូច​ការ​សន្យា​ដោយ​សារ​តែ​មិនទាន់ឯករាជ្យ​ពី​ការ​សម្រេច​ចិត្ត​ពី​ថ្នាក់​ខេត្ត​និង​ថ្នាក់ស្រុក​ទេ។ រីឯ ​ការ​អនុញ្ញាត​ឲ្យ​ថ្នាក់​មូលដ្ឋាន​ប្រមូលពន្ធ​ក៏​រដ្ឋាភិបាល​ថ្នាក់​កណ្តាល​មិន​ទាន់​អនុញ្ញាត​ ដោយសារតែ​ក្រសួង​សេដ្ឋកិច្ច​យល់​ថា ​ពួកគេ​មិនទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់។

លោកគល់ បញ្ញា​ បាន​បញ្ជាក់​ថា៖ «យើង​និយាយ​ឲ្យ​ចំ​វិមជ្ឈការ​យើង​ ទាំង​វិមជ្ឈការ​ខាង​នយោបាយ​ក៏នៅ​ទាប​ ខាង​វិមជ្ឈការ​ខាង​ហិរញ្ញវត្ថុ​ក៏​នៅ​ទាប​ជាង​គេ​នៅ​ក្នុង​តំបន់។ បើ​ប្រៀបធៀប​ការ​ខិតខំ​ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​នេះ​ បាន​តិចតួច​ណាស់​ នៅ​តិចតួច​ណាស់​ ហើយ​វិមជ្ឈការ​រដ្ឋបាល​ផ្តល់​តួនាទី​ភារកិច្ច​ក៏​នៅ​មាន​បញ្ហា​ច្រើន។ ​ប៉ុន្តែ​វាមាន​ការ​រីកចម្រើន​ខ្លះ​ដែរ ​និយាយ​ការពិត ​វិមជ្ឈការ​ក្នុង​ការផ្តល់​តួនាទី​កិច្ចការ​មួយ​ចំនួន​ទៅ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ក៏​ប៉ុន្តែ​ទោះបី​ជា​យ៉ាងណា​ក៏ដោយ ​នៅ​មាន​ប្រទាំង​ប្រទើស​ខាង​ផ្លូវច្បាប់​ របៀប​ផ្តល់​តួនាទី​ភារកិច្ច​ ហើយ​ក្រសួង​នីមួយៗ​នូវ​កិច្ច​សហប្រតិបត្តិការ​គ្នា​ដើម្បី​ផ្តល់​សិទ្ធិ​អំណាច​ហ្នឹង​នៅ​មាន​បញ្ហា​មិនស៊ី​សង្វាក់​គ្នា​ទៀត»។

លោក ស ខេង​ បាន​ទទួលស្គាល់ថា​ ពិតជា​មាន​បញ្ហា​ប្រឈម​ក្នុង​ការអនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​មូលដ្ឋាន៖​ «ក្នុង​ការអនុវត្ត​ជាក់​ស្តែង​កន្លង​មក​ស្ថាប័ន​មួយ​ចំនួន​នៅ​មាន​ភាព​ស្ទាក់ស្ទើរ​អល់អែក​ក្នុង​ការផ្ទេរ​សិទ្ធិ​អំណាច​ ការ​ទទួល​ខុសត្រូវ​មុខងារ​ ធនធាន​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ ព្រមជាមួយ​នេះ ​ទោះបី​ស្ថាប័ន​មួយ​ចំនួន​បន្ត​ការតាំងចិត្ត​ខាង​នយោបាយ​ក្នុង​ការអនុវត្ត​គោលនយោបាយ​នេះ​ក៏ដោយ​ ក៏​ល្បឿន​និង​បែប​ផែន​នៃ​ការអនុវត្ត​កិច្ចការ​នេះ​មាន​ភាព​ខុសៗ​គ្នា​ផងដែរ»។


វិមជ្ឈការ៖ កាត់​បន្ថយ​ភាព​ក្រីក្រ

គោលបំណង​នៃ​គោលនយោបាយ​វិមជ្ឈការ​ ក៏​ដើម្បី​ជួយ​បង្កើនជីវភាព​រស់នៅ​របស់​ពលរដ្ឋ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​ ប៉ុន្តែ​ការ​ឆ្លើយតប​នឹង​តម្រូវការ​របស់​ពលរដ្ឋនៅ​មិនទាន់​បាន​ដោះស្រាយ​បាន​តាម​តម្រូវការ​ដូចជា​លើ​បញ្ហា​ទឹកស្អាត ​ការងារ​ និង​បំណុល​ជំពាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាដើម។

អ្នកជំនាញ​លើកឡើង​ថា​ បើ​ការដឹកនាំ​នៅ​ថ្នាក់​មូលដ្ឋាន​បាន​ល្អ​ គឺ​អាច​ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​ពលរដ្ឋ​បាន​ជាច្រើន​លើ​ផ្នែក​ការងារ ​ជម្លោះ​ដីធ្លី​ ការធ្វើ​ចំណាកស្រុក​ និង​ការ​ជំពាក់​បំណុល។

ធនាគារ​ពិភពលោក​វាយតម្លៃ​ថា​ ពលរដ្ឋ​កម្ពុជា​ចំនួន​ ១៨%​ រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។ អង្គការ​សិទ្ធិមនុស្ស​លីកាដូ​កត់សម្គាល់​ថា​ ពលរដ្ឋ​ជំពាក់​បំណុលគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ក៏​ច្រើន​ដោយ​មាន​ចំនួន​ជាង​ ១០​ ពាន់​លានដុល្លារ។ ពលរដ្ឋ​ម្នាក់ៗ​ជំពាក់​ជាមធ្យម​ចំនួន​ ៣.៨០០​ ដុល្លារ។​ ក្នុងខណៈ​ដែល​ពលរដ្ឋ​កម្ពុជា​ពី​ ១,៥ ​ទៅ​ ២ ​លាននាក់​ បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ។

រូបឯកសារ៖ ស្ត្រីម្នាក់កំពុងឲ្យចំណីមាន់ នៅភូមិអណ្តែតទឹក នៅខេត្តសៀមរាប កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩។

អង្គការ​សិទ្ធិមនុស្ស​ International Federation for Human Rights ​បាន​កត់ត្រា​សំណុំ​រឿង​ជម្លោះ​ដីធ្លី​ថា​បាន​ប៉ះពាល់​ប្រជាពលរដ្ឋ​ប្រហែល​៨ ៣០.០០០ នាក់​ ចាប់តាំងពីឆ្នាំ ២០០០​ មកដល់​ឆ្នាំ​ ២០១៥។ ពួកគេ​ជាច្រើន​ត្រូវបាន​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​ ដោយ​គ្មាន​សំណង​សមរម្យ​ និង​អ្នកខ្លះ​ប្រឈម​មុខ​នឹង​ការ​កាត់ទោស​ទៀត​ផងដែរ។ អ្នកដែល​ត្រូវ​គេ​ជម្លៀស​ទៅ​នៅ​កន្លែង​ថ្មី​ ជួប​ការ​លំបាក​ផ្នែក​អាហារ​និង​ជំងឺ។

លោក សម រង្ស៊ី​ យល់ថា​ ស្ថានភាព​អាច​ខុសពីនេះ​ បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​បាន​រំលាយ​ទេ៖

«គណបក្ស​សង្គ្រោះជាតិ​ណែនាំ​ថា​ ឥឡូវនេះ​ត្រូវតែ​ចេញ​មុខ​ទៅ​ជួយ​ប្រជារាស្ត្រ​ ទៅ​ជួយ​ដោះស្រាយ​ប្រជារាស្ត្រ​ បញ្ហា​ដែល​ប្រជារាស្ត្រ​កំពុងតែ​ប្រឈមមុខ​ ដូចជារឿង​ដីធ្លី​ត្រូវតែ​ចេញ​មុខ​ការពារ​ប្រជារាស្ត្រ​ មិនមែន​ទៅ​ស៊ីញ៉េ​លួចលាក់​ទៅ​ស៊ីលុយ​ អ្នកមាន​លុយ​ថៅកែ​ឧកញ៉ា​ ក្រុមហ៊ុន​ ទៅ​រឹបអូស​ដីធ្លី​ប្រជារាស្ត្រ​ មិនអាច​ធ្វើ​អ៊ីចឹង​បានទេ»។

លោក​ ស្ងួន ញឿន​ សកម្មជន​ដីធ្លី​នៅ​សហគមន៍​ឡពាង ​ដែល​មាន​ពលរដ្ឋ​រងគ្រោះ​ចំនួន​ ១០៨ ​គ្រួសារ​ក្នុង​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង។ ទំនាស់លើ​ផ្ទៃដី​១ ៨៤ ​ហិកតា​ ជាមួយ​ក្រុមហ៊ុន​ឯកជន​រយៈពេល​ជិត​ ២០​ ឆ្នាំ​ នៅមិន​មាន​ដំណោះស្រាយ​ទេ។

លោកស្ងួន ញឿន​បាន​ថ្លែងថា៖​ «ខ្ញុំ​នៅ​ទីនេះ​តាំងតែ​ពី​មាន​ករណី​ជម្លោះ​ដីធ្លី​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​មិនដែល​ឃើញ​អាជ្ញាធរ​ណា​មក​ហៅ​ប្រជាជន​រងគ្រោះ​ទៅ​ប្រជុំ​ទេ​ សូម្បី​ម្តង​ក៏​មិន​ដែល​ហៅ​ដែរ ​គឺ​អត់​ទាល់តែ​សោះ ​គឺ​មិន​ដែល​យកចិត្ត​ទុកដាក់​ប្រជាពលរដ្ឋ​ទេ​មកដល់​ពេលនេះ»។ ​

លោក ស្ងួន ញឿន​ ធ្លាប់​ជាប់​ពន្ធនាគារ​និង​ត្រូវ​អាជ្ញាធរ​ឃុំខ្លួន​ជាច្រើន​ដង ​ដោយសារតែ​ការ​តវ៉ា។ ប្រពន្ធ​របស់​លោកគឺ​អ្នកស្រី​ អ៊ុំ សុភី​ បាន​បាត់បង់​ការងារ​ជា​គ្រូ​បង្រៀន។ រីឯ​ម្តាយគឺ​អ្នកស្រី​ អ៊ុន ទុំ​ ក៏​បាន​ជាប់​គុក​ដោយសារ​បញ្ហា​ដីធ្លី​ដែរ។

លោក​ ស្ងួន ញឿន​ បាន​បន្ថែម​ថា៖ ​ «តើ​វា​អយុត្តិធម៌​ប៉ុណ្ណា​ដែល​ពួកខ្ញុំ​គ្រាន់តែ​ការពារ​ទ្រព្យសម្បត្តិ​ខ្លួនឯង​ ការពារ​ដីធ្លី​ខ្លួន​ឯង​ត្រូវបាន​ជាប់គុក​នេះ។ រីឯ​អ្នកមក​បំផ្លាញ​ផ្ទះ​របស់​ខ្ញុំ​ បំផ្លាញ​ដី​ខ្ញុំ​អត់ដែល​ឃើញ​តុលាការ​ចេញ​លិខិត​ចាប់​អ្នកទាំងនោះ​ដាក់​គុក​ផង​ បែរ​ជា​ពួកគេ​នៅ​មាន​សេរី​ ដូច​ពាក្យ​គេ​ថា​អាចោរ​រួចខ្លួន​ម្ចាស់​ជាប់គុក»។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​យល់​ថា ការអនុវត្ត​គោលការណ៍​វិមជ្ឈការ​ក្នុង​រយៈពេល ​២០​ ឆ្នាំ​មក​នេះ ​មិនបាន​ដូច​ការប្តេជ្ញា​ចិត្ត​ទេ។

លោក យ៉ង សាំង​កុមារ​ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ថ្លែង​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ Skype ​ថា៖ «បើ​យើង​ពិនិត្យ​មើល​ការអនុវត្ត​ជាក់ស្តែង​ គឺ​មាន​ការ​ខ្វះខាត​ច្រើន​ ហើយ​បើ​ប្រៀបធៀប​ជាមួយ​មនុស្ស​វិញ​ គឺ​ដូចជា​មាន​តែស្បែក​និង​ឆ្អឹង​ អត់​មាន​សាច់​អត់​មាន​សម្លៀក​បំពាក់»។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទើបតែ​បាន​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ជាលើកទី​ ១ ​ក្នុង​ឆ្នាំ​ ២០១៧ ​ដោយឈ្នះ​អាសនៈ​ក្រុមប្រឹក្សា​ចំនួន​ ៥​ នៅ​ក្នុង​ឃុំ​ចំនួន​ ៣​ គឺនៅ​ខេត្ត​កំពត​ ខេត្ត​កំពង់ធំ ​និង​ខេត្ត​រតនគីរី។

លោក យ៉ង សាំងកុមារ​ បាន​បន្ថែម​ថា៖​ «បញ្ហា​ដែល​យើង​ឃើញ​ថា​ចំណុច​ខ្សោយ​ ចំណុច​ខ្វះខាត​គឺ​ការប្រទាញ​ប្រទង់​គ្នា​រវាង​ការសម្រេច​ចិត្ត​នៅ​ថ្នាក់​ឃុំ​និង​ការប្រទាញ​ប្រទង់​ការស្តាប់​បញ្ជា​មក​ពី​ខាងលើ។ អ៊ីចឹង​យើង​សង្កេត​ឃើញថា ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ភាគច្រើន​នៅ​ក្នុង​កូតា​គណបក្ស​កាន់​អំណាច​ នៅ​ក្នុង​ឃុំ​ដែល​យើង​កំពុង​ធ្វើការ​និង​ឃុំ​ផ្សេងៗ ​គាត់​មាន​និន្នាការ​ស្តាប់​បញ្ជា​ ចាំ​ស្តាប់​ប្រសាសន៍​មេខាង​លើ​ហ្នឹង។ នេះ​ជា​ផ្នត់​គំនិត​មួយ​ដែល​កំពុងតែ​រារាំង​នូវ​ការអនុវត្ត​គោល​នយោបាយ​វិមជ្ឈការ​ឲ្យ​មាន​ប្រសិទ្ធភាព»។

លោក យ៉ង សាំងកុមារ​ ដែល​មាន​ប្រវត្តិ​ជា​អ្នកអភិវឌ្ឍន៍​នៅ​មូលដ្ឋាន​យល់ថា ​មាន​ផលប៉ះពាល់​លើ​យុវជន​និង​គ្រឿងញៀន ​ការ​អប់រំ​ខ្វះខាត​ ខ្វះ​មជ្ឈមណ្ឌល​សហគមន៍​ឬ​ក្លឹបកីឡា​ ក្លឹបសិក្សា​បណ្តុះ​បណ្តាល​បំណិន​ជីវិត ចាស់​ជរា​ខ្វះ​ការ​គាំទ្រ​ដោយសារ​កូនចៅ​ធ្វើ​ចំណាកស្រុក​ សេវា​មណ្ឌល​សុខភាព​ខ្វះខាត​ ជីវភាព​ពលរដ្ឋ​ខ្វះខាត​ពិបាក​បញ្ជូនកូន​ចូលរៀន​ និង​កង្វះ​បង្គន់​អនាម័យ​ជាដើម។

កង្វះមូលនិធិ

មូលនិធិ​សម្រាប់​អភិវឌ្ឍន៍​ឃុំសង្កាត់​នៅ​មាន​កម្រិត​នៅ​ឡើយ។ ឃុំ​សង្កាត់​ធំជាង​គេ​ទទួល​បាន​ថវិកា​ចំនួន​ពី​ ៩ ទៅ ១០ ម៉ឺន​ដុល្លារ។ ក្នុងខណៈ​សង្កាត់​តូចជាងគេ​ ដែល​មាន​សមាជិក​ក្រុមប្រឹក្សា​ចំនួន​ ៥ ​រូប​ទទួល​បានពី ៤ ទៅ ៥ ម៉ឺន​ដុល្លារ​ក្នុង​ ១ ឆ្នាំ។ ប៉ុន្តែ​គម្រោង​ដែល​កសាង​ភាគច្រើន​លើសលប់​តែ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្ត។ អាទិភាព​សង្គមកិច្ច​ ដូចជា​ប្រឆាំង​អំពើ​ពុករលួយ​ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​គឺ​មាន​តិចតួច។ នេះ​បើតាម​វាយ​តម្លៃ​របស់​ក្រុម​អ្នកជំនាញ។

បច្ចុប្បន្ន​ ការ​ចំណាយ​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ​ គឺ​មាន​ថវិកា​ចំនួន​ ១០​ ភាគរយ​នៃ​ថវិកា​ជាតិ​សរុប​ស្មី​នឹង​ចំនួន​ ៨,៥​ ពាន់លាន​ដុល្លារ​ប៉ុណ្ណោះ​ បើទោះបីជា​មាន​ការ​កើន​ឡើង​ចាប់​តាំងពី​ឆ្នាំ ២០១៧​ មក​ក្តី។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ធនាគារ​ពិភពលោក។ ធនាគារ​ពិភពលោកស្នើ​ឲ្យ​បង្កើន​ការចំណាយ​និង​បន្ត​ធ្វើវិមជ្ឈការ​ថវិកា​បន្ថែម​ ជូន​ទៅ​ថ្នាក់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​ដើម្បី​គាំទ្រ​ដល់​ការកែ​លម្អ​ការផ្តល់​សេវា​សាធារណៈ។

រូបឯកសារ៖ ស្ត្រីម្នាក់កំពុងបើកម៉ូតូ កាត់ផ្លូវក្នុងភូមិមួយ នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០។

ធនាគារ​ពិភពលោក​បាន​បញ្ជាក់​ក្នុង​អនុសាសន៍​កាលពី​ចុង​ខែ​មីនា​ឆ្នាំ​នេះ​ថា៖​ «ទោះ​ការផ្តល់​សេវា​សង្គម​សំខាន់ៗ​ ដូចជា​វិស័យ​អប់រំ ​និង​សុខាភិបាល ​បាន​អនុវត្ត​វិមជ្ឈការ​បាន​ច្រើន​ហើយ​ក៏ដោយ​ ក៏​សេវា​សំខាន់ៗ​ផ្សេង​ទៀត​ ជាពិសេស​នៅក្នុង​វិស័យ​សង្គមកិច្ច​ នៅ​មាន​ការ​គ្រប់គ្រង​បែប​មជ្ឈការ​ច្រើន​នៅ​ឡើយ»។

លោក អួន សុផល​ ជំទប់ទី ២ ​ឃុំ​ដំណាក់​សុក្រំ​ ខេត្ត​កំពត​ នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ មើល​ឃើញ​ថា​ ថវិកា​អភិវឌ្ឍន៍​ឃុំ​មិន​ស៊ីសង្វាក់​គ្នា​ជាមួយ​នឹង​តម្រូវការ​របស់​ពលរដ្ឋ​ទេ។ ថវិកា​អភិវឌ្ឍន៍​នៅ​ក្នុង​ឃុំ​របស់​លោក​ទទួល​បាន​មិន​ដល់​ ២ ម៉ឺន​ដុល្លារ​ ផង​ក្នុង​មួយ​ឆ្នាំ។ រីឯ​សមត្ថភាព​ក្នុង​ការដឹកនាំ​នៅ​មាន​កំហិត។

លោក អួន សុផល ​ថ្លែងថា៖ «ខ្ញុំ​មិន​លាក់លៀម​ ហើយ​ខ្ញុំ​និយាយ​ដោយ​ត្រង់​ថា​ ការធ្វើ​ផែនការ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​ឃុំ​និង​ថ្នាក់​ស្រុក​ យើង​មាន​បច្ចេកទេស​ថ្នាក់​ខេត្ត​និង​ថ្នាក់​ស្រុក​ចុះ​ជួយ​ឃុំ​ ក៏​ប៉ុន្តែ​យើង​ឃើញ​ការងារ​ទាំងអស់​ គឺ​សម្រាប់​ឃុំ​ខ្ញុំ​មួយ​ ដូចជា​មិនទាន់​ច្បាស់​ខ្លួនឯង។ បើនិយាយ​តែ​ឃុំ​ខ្ញុំ​មួយ​ ដូចជា​មិនទាន់​ច្បាស់​ខ្លួន​ឯង​ថា ​ខ្លួន​ជាអ្នក​កសាង​ផែនការ​ ហើយ​អនុវត្ត​លើ​ផែនការ​នេះ​ទេ​ ភាគច្រើន​គឺ​ផ្អែក​ទៅ​លើ​ស្រុក​ច្រើន។ ក្នុង​ពេល​សម្រេច​ចិត្ត​ផ្សេងៗ​ ក៏​ជាគោលការណ៍​ឃុំ​ជា​អ្នក​សម្រេច​ ក៏​ប៉ុន្តែ​យើង​ឃើញ​ថា​ នៅ​មាន​ការពឹង​ផ្អែក​លើស្រុក​ច្រើន​កន្លង​មកនេះ»។

កិច្ច​ប្រឹងប្រែង​កែទម្រង់

រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​កម្មវិធី​វិមជ្ឈការ​និង​វិសហមជ្ឈការ​នៅ​ដំណាក់​កាលទី​ ២​ រយៈពេល​ ១០ ​ឆ្នាំ​ខាងមុខ​កាល​ពីចុងខែ​មីនា​ ដោយផ្តោត​លើ​ការរៀបចំ​បែងចែក​សិទ្ធិ​អំណាច​រវាង​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោមជាតិ​ ការ​ផ្តល់​ធនធាន​ហិរញ្ញវត្ថុ​ដល់​ថ្នាក់​ក្រោម​ជាតិ​ឲ្យ​សមស្រប​តាម​តម្រូវការ​ជាក់ស្តែង ​សិទ្ធិ​ប្រើប្រាស់​សេវា ​ពង្រឹង​ស្តង់ដា​ការផ្តល់​សេវា​សាធារណៈ​ដែល​ឆាប់រ​ហ័ស​និង​តម្លាភាព​ និង​ទំនើបកម្ម​ប្រព័ន្ធ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ដែល​មាន​សេវា​អេឡិកត្រូនិក។

គោល​នយោបាយ​វិសហមជ្ឈការ​ត្រូវ​បាន​បន្ថែមក្រោយ​ពី​ការបោះឆ្នោត​អសកល​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុកខណ្ឌ និង​ខេត្តក្រុង​ក្នុង​ឆ្នាំ​ ២០០៩។

គណបក្ស​កែទម្រង់​កម្ពុជា ដែល​មាន​មន្ត្រី​ជាច្រើន​មកពី​អតីត​គណបក្ស​សង្គ្រោះជាតិ​ មើលឃើញ​ថា ​ឆ្លង​តាម​ការបោះឆ្នោត​កន្លង​មក​ ពលរដ្ឋ​យល់ដឹង​ច្រើន​ពី​ដំណើរការ​រដ្ឋបាល​ថ្នាក់​មូលដ្ឋាន​និង​សេវាកម្ម​ដែល​ពួកគេ​ត្រូវ​ទទួលបាន​។

អ្នកស្រី​ ទេព សុទ្ធី ​អគ្គនាយិកា​កិច្ចការ​យុវវ័យ​និង​ស្ត្រី​នៃ​គណបក្ស​កែទម្រង់​កម្ពុជា​ សម្តែង​សុទ្ទិដ្ឋិនិយមថា៖ «អ៊ីចឹង​ ឥឡូវ​ហ្នឹង​គឺ​ថា​ មាន​ការផ្លាស់ប្តូរ​ក្នុង​រដ្ឋបាល​ហ្នឹង​ហើយ​ការផ្លាស់ប្តូរ​មកពី​ឆ្នាំ​ ២០១៣ ​ដែល​ពលរដ្ឋ​បោះឆ្នោត​សន្ធឹកសន្ធាប់​ហ្នឹង​ ធ្វើ​ឲ្យ​មន្ត្រី​ដែល​មាន​ជួរ​ក្នុង​រដ្ឋាភិបាល​គាត់​មាន​រាង​រអែង​ដែរ​ គឺ​មិន​ដូច​លើក​មុន​គាត់​ថា​ ប្រជាពលរដ្ឋ​មិនអើពើរ​អត់​ដឹង​អី។ អញ​មាន​អំណាច​អាច​ធ្វើ​អ្វី​បាន។ ​អ៊ីចឹងការ​មាន​គំនិត​នេះ​គាត់​ដូរ»។

ប៉ុន្តែ​ក៏​នៅ​មាន​មន្ត្រី​អសកម្មខ្លះ​ដែល​គណបក្ស​នេះ​ត្រូវ​ចូលរួម​ប្រកួត​ការបោះឆ្នោត​ដើម្បី​ផ្លាស់ប្តូរ។

អ្នកស្រី​ ទេព សុទ្ធី ​ថ្លែងថា៖ «នៅ​មាន​កិច្ចការ​ច្រើន​ទៀត​ ព្រោះ​មាន​មន្ត្រី​ខ្លះ​អាង​តែ​ពលរដ្ឋ​អត់ចេះ​អក្សរ​គាត់​ ដូចថា​បោកបញ្ឆោត​គាត់​អ៊ីចឹង។ ពេល​សរសេរ​អ៊ីចេះ​ ប៉ុន្តែ​ទៅ​ថា​អ៊ីចុះ។ ប៉ុន្តែ​នៅ​មាន​ខ្លះ»។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​យល់​ថា​ បទពិសោធ​ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​កន្លង​មក​ ត្រូវ​តែ​កែលម្អ​ បើ​មិន​ដូច្នេះ​ទេ​ក្នុង​រយៈពេល​ ២០​ ឆ្នាំ​ទៅមុខ​ទៀត​ គឺ​ការអនុវត្ត​នេះ​នៅតែ​មិន​ជោគជ័យ​ទេ។

លោក យ៉ង សាំងកុមារ​ បាន​បន្ថែម​ថា៖​ «បើយើង​មាន​ឱកាស​ដឹកនាំ​ឃុំ​យើង​នឹង​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​បាន​កាន់តែ​ច្រើន​ជាង​ហ្នឹង​ទៀត​ ហើយ​បង្កើត​ជា​ភាព​គំរូ​នៃ​ការអភិវឌ្ឍ​និង​អភិបាលកិច្ចតាម​បែប​ប្រជាធិបតេយ្យ​មូលដ្ឋាន»។

ពលរដ្ឋ​កម្ពុជា​នឹង​ចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃអាទិត្យ​ ទី​ ៥​ ខែមិថុនា​ខាង​មុខ​នេះ។ ការ​ជ្រើសរើស​របស់​ពួកគេ​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​សម្រេច​ថា​ តើ​ការអនុវត្ត​គោលការណ៍​វិមជ្ឈការ​នឹង​សម្រេច​បាន​តាម​គោលដៅ​ឬ​ទេ។

មាន​គណបក្ស​ចំនួន​ ១៧​ បាន​ចុះ​ឈ្មោះ​ប្រកួត​ដណ្តើម​អាសនៈ​ក្រុមប្រឹក្សា​ចំនួន​ ១១.៦២២​ និង​ការ​គ្រប់គ្រង​នៅ​ឃុំសង្កាត់​ចំនួន​ ១.៦៥២។ នេះ​បើតាម​ការបញ្ជាក់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត៕