រូបភាព​ជុំវិញ​ពិភពលោក ០៨ ធ្នូ ២០១៩

សកម្មជន​១០០នាក់​កាន់​រូប​របស់​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron បញ្ច្រាស់​ដើម្បី​ជំរុញ​ឱ្យ​បារាំង​ចាត់វិធានការ​នៅ​ក្នុង​កិច្ចពិភាក្សា​ស្តី​ពី​បរិស្ថាន U.N. COP 25 នៅ​ក្នុង​ក្រុង Madrid ប្រទេស​អេស្ប៉ាញ នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​មួយ​នៅ​ទល់​មុខ​ប៉ម Eiffel Tower ក្នុង​ក្រុង​បារីស។

អ្នកស្រី អង់សាន ស៊ូជី ទីប្រឹក្សា​រដ្ឋ​របស់​មីយ៉ាន់ម៉ា​ចាកចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ណៃពិដោ ដើម្បី​ទៅ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ដើម្បី​ការពារ​ការ​ចោទប្រកាន់​មក​លើ​ប្រទេស​របស់​អ្នកស្រី​ពី​អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​មូស្លីម។

លោក Borge Ousland (រូប​ឆ្វេង) មក​ពី​ប្រទេស​ន័រវែស និង​លោក Mike Horn ជនជាតិ​ស្វ៊ីស​ដើម​កំណើត​អាមេរិកាំង​ថត​រូប នៅ​ពេល​ពួកគេ​ទៅ​ដល់​កន្លែង​ជិះ​ទូក​បំបែក​ផ្ទាំង​ទឹកកក Lance នៅ​ក្នុង​ដែន​ទឹក​របស់​ប្រទេស​ន័រវែស​ក្នុង​មហាសមុទ្រ​អាកទិក បន្ទាប់​ពី​ការ​ជិះស្គី​ឆ្លង​កាត់​មហាសមុទ្រ​អាកទិក។

សមាជិក​គ្រួសារ និង​ក្រុម​មន្ត្រី​ដាក់​កម្រង​ផ្កា​នៅ​ក្តារមឈូស​របស់​លោក​វេជ្ជបណ្ឌិត​ជប៉ុន​ឈ្មោះ Tetsu Nakamura នៅ​ពេល​សាកសព​របស់​លោក​ត្រូវ​បាន​បញ្ជូន​មក​ស្រុក​កំណើត​វិញ​ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Narita ក្នុង​ក្រុង Narita ប្រទេស​ជប៉ុន។

កីឡាករ​អាមេរិកាំង​នាង Madison Hubbell និង​លោក Zachary Donohue សម្តែង​នៅ​ក្នុង​កម្មវិធី របាំ​ទឹកកក – របាំ​សេរី នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ជិះស្គី​ទឹកកក ISU Grand Prix សម្រាប់​ឆ្នាំ២០១៩ នៅ​ក្នុង​ក្រុង Turin ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩។

រូបភាព​ដែល​ផ្តល់​ឱ្យ​ដោយ​មូលនិធិ Dhammakaya បង្ហាញ​ពី​ការ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​៣០.០០០អង្គ ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​ថ្នាក់​តំបន់ Mandalay នៅ​ព្រលានយន្តហោះ Chanmyatha ប្រទេស​មីយ៉ាន់ម៉ា។

មនុស្សម្នា​ចូលរួម​ការ​ប្រណាំង​ចែវ​ទូក​ដែល​មាន​ឈ្មោះ​ថា Nautic Paddle Race នៅ​ក្នុង​ទន្លេ Seine ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។ មនុស្ស​ប្រមាណ​ជា​១.០០០នាក់​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​ដែល​មាន​ចម្ងាយ​១១គ.ម.​នេះ។

សមាជិក​នៃ​កងកម្លាំង​ការពារ​ជនស៊ីវិល​ស៊ីរី ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា កងកម្លាំង​មួក​ស ជួយ​សង្គ្រោះ​មនុស្ស​ម្នាក់​ចេញ​ពី​គំនរ​អគារ​បែកបាក់ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​តាម​អាកាស នៅ​ក្នុង​ភូមិ Balyun ក្នុង​ខេត្ត Idlib ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩។

អ្នកស្រី Claire Denis ប្រគល់​ពានរង្វាន់​អឺរ៉ុប​សម្រាប់​រោងភាពយន្ត​ពិភពលោក​ទៅ​ឱ្យ​អ្នកស្រី Juliette Binoche នៅ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អឺរ៉ុប​លើក​ទី៣២ នៅ​ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩។

មនុស្ស​ម្នាក់​តុបតែង​ជា​តួអង្គ​ខ្មោច​រត់​នៅ​ក្នុង​ការ​ដង្ហែ​ក្បួន​ប្រពៃណី St. Nicholas នៅ​ក្នុង​ភូមិ Valasska Polanka សាធារណរដ្ឋ​ឆែក កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩។

បាឡុង​យក្ស​មួយ​ដែល​តំណាង​សត្វ​ក្នុង​រឿង​ទេវកថា​មួយ​ត្រូវ​បាន​គេ​ចង​ព្យួរ​នៅ​ក្នុង​កម្មវិធី​បុណ្យ​ណូអែល​មួយ​ដែល​សម្តែង​ដោយ​ក្រុម​សម្តែង​បារាំង​ឈ្មោះ Plasticiens Volants នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ។