រូបភាព​ជុំ​វិញ​ពិភពលោក​ ០៨ ធ្នូ ២០១៨

លោក​ស្រី​ ​Annegret Kramp-Karrenbauer ត្រូវ​បាន​ស្វាគមន៍​ដោយ​លោក​ស្រីអធិការបតី​អាល្លឺម៉ង Angela Merkel ក្រោយ​ពេល​លោក​ស្រី ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ជា​មេដឹកនាំ​គណបក្ស​សហភាព​ប្រជា​ធិបតេយ្យគ្រិស្ត ហៅ​កាត់​ថា CDU ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​សមាជ​បក្ស​នៅទីក្រុង​ Hamburg ប្រទេស​អាល្លឺម៉ង់។

ទង់​ជាតិ​បារាំង​មួយ​និង​ថូ​ពណ៌​លឿង​ ត្រូវ​បាន​គេ​ឃើញ​នៅ​រង្វង់​មូល​មួយ​ដែល​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ពួក​បាតុករ​មាន​ថូ​ពណ៌​លឿង​ នៅ​ទីក្រុង Roppenheim ប្រទេស​បារាំង។

ក្រុម​សិស្ស​សាលា​វិទ្យាល័យ​ធ្វើ​បាតុកម្ម​នៅ​មុខ​ប៉ូលិស​បង្ក្រាប​កុបកម្ម​នៅ​ទីក្រុង​ Lyon ដើម្បី​ប្រឆាំង​នឹង​ការ​ធ្វើ​កំណែ​ទម្រង់​ខុសៗ​គ្នា​ក្នុង​វិស័យ​អប់រំ ដែល​រួម​មាន​ទាំង​ការ​​ត្រួត​ពិនិត្យ និង​ការ​ប្រឡង​ចូល​សាកល​វិទ្យាល័យ​ដែល​កាន់​តែ​តឹងរ៉ឹង​ជាង​មុន។

ក្រុម​បាតុករ​កាន់​គ្រាប់​បែក​សាំង ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​អាថែន ដើម្បី​ប្រារព្ធ​ខួប​១០​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​យុវជន​ម្នាក់​​ដែល​ការ​បាញ់​នោះ​ធ្វើ​ឲ្យ​ផ្ទុះ​កុបកម្ម​ជា​ច្រើន​នៅ​ក្នុ​ងប្រទេស​ក្រិក។

ស្ត្រី​ជន​ជាតិ​ឥណ្ឌា​ម្នាក់​ឈរ​នៅ​ក្នុង​ជួរ​ដើម្បី​រង់​ចាំ​គូស​សន្លឹក​ឆ្នោត​នៅការិយាល័យ​បោះ​ឆ្នោតមួយ នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​នៅ​ទីក្រុង Jodhpur រដ្ឋ Rajasthan។

ក្មេង​ម្នាក់​អង្គុយ​នៅ​លើ​រទេះ​ នៅខណៈ​ដែល​ក្មេង​ផ្សេង​ទៀត​លេង​ព្រិល​សិប្បនិម្មិត ក្នុង​រដូវ​បុណ្យ​ណូអែល នៅ​ Lippo Mall Puri រដ្ឋ​ធានី​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី។

ក្មេង​ប្រុស​ជនជាតិ​ហ្វីលីពីន​ម្នាក់​កំពុង​មើល​​​ការ​ដាក់​តាំង​ដែល​​បង្ហាញ​​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​របស់​យោធា​ទៅ​លើ​ប្រជា​ជន នៅ​ក្នុង​ខេត្ត​ផ្សេងៗ នៅ​ពេល​ដែល​ពួក​បាតុករអំពាវនាវ​ឲ្យ​បញ្ចប់​ច្បាប់​អាជ្ញាសឹក ក្នុង​ពេល​មាន​ការ​ជួប​ជុំ​មួយ​នៅ​ជិត​វិមាន Malacanang ក្នុង​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន។

សញ្ញា​សម្រាប់​អ្នក​ថ្មើជើង​បង្ហាញ​រូប​លោក Elvis Presley ដែល​ជា​តារាចម្រៀង​ចង្វាក់​រ៉ក​ និង​រ៉ូល (rock and roll) ដ៏​ល្បីល្បាញ​របស់​សហរដ្ឋ​អាមេរិក នៅ​ភ្លើង​ស្តុប​មួយ​ នៅ​ក្រុង Friedberg ជិត​ទី​​ក្រុង Frankfurt​ ប្រទេស​អាល្លឺម៉ង់។

ឆ្កែ​មួយ​ក្បាល​នៃ​​ក្រុម​រៃអង្គាស​ថវិកា​សម្រាប់​មនុស្ស​ធម៌ឈ្មោះ​ថា Canine Partners សម្ដែង​ជា​ក្មេង​​រើស​បាល់​ក្នុង​​ពេល​ប្រកួត​កីឡា​តិន្នីស រវាង​ក្រុម​លោក​ Mansour Bahrami និង​លោក Juan Carlos Ferrero ប្រកួត​ជាមួយ​ក្រុម​លោក Henri Leconte និង Mikael Pernfors នៅ​ទីលាន Royal Albert Hall ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

ឆ្មា​មួយ​ក្បាល​ដេក​នៅ​ក្នុង​ប្រអប់​ដាក់​ស្វាយ​នៅ​ក្នុង​ហាង​លក់​​ទំនិញ​មួយ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។