កំពុងអង្គុយក្រោមផ្ទះក្នុងភូមិសែនសិរីមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ អ្នកស្រី យ៉ុន ភុល បានទាញទូរស័ព្ទហៅទៅគ្រូពេទ្យម្នាក់ដើម្បីឲ្យមកពិនិត្យចៅប្រុសរបស់គាត់កំពុងឈឺ ដែលគាត់ព្រួយបារម្ភថា ចៅរបស់គាត់អាចកើតជំងឺគ្រុនឈាម ដែលកំពុងរាតត្បាតនៅប្រទេសកម្ពុជា។
ប៉ុន្តែអ្នកស្រីមិនមានលុយជាប់ខ្លួននោះទេ។ ហើយអ្នកស្រីសុំគ្រូពេទ្យរូបនោះជំពាក់លុយចំនួន៣ម៉ឺនរៀល។
ប៉ុន្តែការសុំជំពាក់នេះគ្រាន់តែជាអម្រែកមួយតូចតែប៉ុណ្ណោះ។ បច្ចុប្បន្នអ្នកស្រី យ៉ុន ភុល កំពុងជាប់បំណុលចំនួនជាង ៤០០០ដុល្លារអាមេរិក ពីស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួនពីរ និងបំណុលពីអ្នកចងការប្រាក់ក្នុងភូមិម្នាក់ទៀត។ បំណុលនេះដែលអ្នកស្រីបានចាប់ផ្តើមខ្ចីចាប់តាំងពីឆ្នាំ ២០១៥មកម្ល៉េះដើម្បីពង្រីកមុខរបរលក់ដូរចំណីអាហារនៅផ្ទះរបស់គាត់ និងទិញសម្ភារៈបរិក្ខារពេទ្យមួយចំនួនសម្រាប់ប្តីរបស់គាត់ ដែលជាពេទ្យប្រចាំភូមិដែលពុំមានការបណ្តុះបណ្តាលច្បាស់លាស់ឡើយ។
«វាស្រួលរកដែរកាលហ្នឹងណា។ ខ្ញុំយកពីរពាន់(ដុល្លារ)គេឲ្យ។ គេឃើញមុខរបរខ្ញុំ លក់បានដែរអញ្ចឹងណា។ ដល់ពេលចុងក្រោយ វាពិបាករកវិញ»។
បច្ចុប្បន្នមុខរបរបស់អ្នកស្រី យ៉ុន ភុល ពិបាកនឹងទ្រទ្រង់ការបង់សំណងរំលស់ទៅកាន់ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងអ្នកផ្តល់កម្ចីក្នុងភូមិ ដោយសារតែមុខរបរអ្នកស្រីធ្លាក់ចុះ ហើយប្តីរបស់អ្នកស្រីមិនអាចធ្វើជាគ្រូពេទ្យក្នុងភូមិបានទៀតទេ ដោយសារប្តីរបស់អ្នកស្រីមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាលឲ្យប្រកបមុខរបរនេះទេ។ ម្យ៉ាងវិញទៀត មានពលរដ្ឋជាច្រើនក្នុងភូមិរបស់អ្នកស្រីបានធ្វើចំណាកស្រុកដើម្បីទៅរកការងារធ្វើនៅតំបន់ផ្សេង។ ការណ៍នេះធ្វើឲ្យអ្នកស្រីបាត់បង់អតិថិជននិងប៉ះពាល់ដល់ប្រាក់ចំណូលប្រចាំថ្ងៃ។
ក្នុងវ័យ៦២ឆ្នាំ អ្នកស្រី ភុល ថ្លែងប្រាប់ VOA នៅតូបលក់អាហារខាងមុខផ្ទះរបស់អ្នកស្រីនាពេលល្ងាចមួយថា រហូតមកដល់ពេលនេះ អ្នកស្រីពុំមានលទ្ធភាពបង់ប្រាក់ច្រើននោះទេ ដូច្នេះអ្នកស្រីបានស្នើសុំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង់ ក្នុងមួយខែ៥ម៉ឺនរៀលតែប៉ុណ្ណោះ សម្រាប់ស្ថាបន័មីក្រូហិរញ្ញវត្ថុនីមួយៗ។ ប៉ុន្តែអ្នកស្រីមិនអាចសុំបញ្ចុះការបង់ការប្រាក់ពីអ្នកផ្តល់កម្ចីឯកជននៅក្នុងភូមិបាននោះទេ។ អ្នកស្រីជាប់បំណុលម្ចាស់កម្ចីក្នុងភូមិចំនួន ២,៥លានរៀល ឬស្មើនឹងប្រមាណ៦២៥ ដុល្លារអាមេរិក ដែលអ្នកស្រីត្រូវបង់ជាការប្រាក់ក្នុងមួយខែចំនួន១៥ម៉ឺនរៀល ឬស្មើនឹងប្រមាណ ៣៧,៥ដុល្លារ។
ដូច្នេះក្នុងមួយខែៗ អ្នកស្រី យ៉ុន ភុល ត្រូវបង់ការប្រាក់ទៅស្ថាប័នមីក្រូហិរញ្ញវត្ថុនិងអ្នកផ្តល់កម្ចីក្នុងភូមិសរុបចំនួន២៥ម៉ឺនរៀល។ នេះគឺជាចំនួនទឹកប្រាក់ដែលអ្នកស្រីចាត់ទុកថាជាអម្រែកដ៏ធ្ងន់សម្រាប់អ្នកស្រី។
អ្នកស្រីមានប្រសាសន៍ថា កាលពីមុន ក្នុងមួយថ្ងៃ អ្នកស្រីអាចរកចំណូលបានជាង២០ម៉ឺនរៀល ប៉ុន្តែក្នុងពេលនេះ អ្នកស្រីអាចរកប្រាក់បានតែក្រោម៦ម៉ឺនរៀលតែប៉ុណ្ណោះក្នុងមួយថ្ងៃ។
«ពីដើម ខ្ញុំយកលុយហ្នឹង ខ្ញុំបង់ស្រួល ខ្ញុំមិនដែលឲ្យពិបាកទេ ។ ដល់ថ្ងៃ ដល់ខែ បង់។ តែដល់ពេលចុងក្រោយពិបាករកស៊ី ភូមិហ្នឹងណា។ មនុស្សចេញបាត់អត់ទៅ វាពិបាកលក់»។
សព្វថ្ងៃអ្នកស្រី ភុល កំពុងរង់ចាំការជួយពីកូនៗរបស់អ្នកស្រីចំនួនបីនាក់ ដែលជាកម្មការនីរោងចក្រនិងជាកម្មករសំណង់ដើម្បីជួយសម្រាលបន្ទក់សងបំណុលមីក្រូហិរញ្ញវត្ថុ និងបំណុលម្ចាស់កម្ចីឯកជន។ ប៉ុន្តែអ្នកស្រីហាក់មិនសូវមានសង្ឃឹមប៉ុន្មាននោះទេ ដោយសារកូនៗរបស់អ្នកស្រីក៏កំពុងប្រឈមនឹងការលំបាក។
កាន់តែធ្ងន់ធ្ងរជាងនេះ អ្នកស្រី សែម សំអាន ដែលជាពលរដ្ឋម្នាក់ទៀតរស់នៅក្នុងភូមិសែនសិរីមង្គល ជាមួយអ្នកស្រី ភុល ដែរ ក៏កំពុងជាប់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៤ និងបំណុលឯកជនយ៉ាងតិចចំនួន៥ទៀត ដែលសរុបជាប្រាក់ទាំងអស់ប្រហែល៣ពាន់ដុល្លារអាមេរិក។
អ្នកស្រី សំអាន បានថ្លែងបន្តថា អ្នកស្រីបានខកខានបង់ប្រាក់ចំនួន៣ទៅ៤ខែរួចទៅហើយសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនពីរ។ មូលហេតុគឺដោយសារអ្នកស្រីជួបវិបត្តិមួយចំនួនក្នុងគ្រួសារ។
អ្នកស្រីបានថ្លែងប្រាប់VOA ថា៖«មកថ្ងៃមុនដែរ តែគ្រាន់សុំឲ្យខ្ញុំបង់ខែហ្នឹងទៀត។ ខ្ញុំថាពូអើយ ប្តីខ្ញុំអាល័យតែឈឺ អត់បានបង់ទេ។ ចុកពោះតម្រង់នោម។ កាលមុនវះម្តងហើយ។ មើលពេទ្យ គេមិនចង់មើល គេដេញឲ្យទៅវះទៀត»។«ដឹងថាគិតធ្វើម៉េចទេ សព្វថ្ងៃ ណាប្តីឈឺ ដោះស្រាយមិនរួច»។
អ្នកស្រី សំអាន មានកូន៤នាក់ ហើយពួកគេមានប្តីប្រពន្ធអស់ហើយ។ តែអ្នកស្រីត្រូវមើលថែចៅចំនួន២នាក់ ជំនួសកូនរបស់អ្នកស្រី។
មេភូមិសែនសិរីមង្គល លោក ស៊ុន គឹមរ៉េន បានថ្លែងប្រាប់VOA ថា ក្នុងចំណោមប្រជាជនប្រមាណ២៨០គ្រួសារក្នុងភូមិរបស់លោក ប្រជាពលរដ្ឋប្រមាណ៩០ភាគរយហើយដែលជំពាក់បំណុលគេ។ លោកបញ្ជាក់ថា ក្នុងនោះ ពលរដ្ឋ១០ភាគរយដែលជំពាក់បំណុលគេ បានធ្វើចំណាកស្រុក ហើយខកខានបង់ប្រាក់ឲ្យគេ។
លោកមេភូមិ បញ្ជាក់បន្ថែមថា ការខ្ចីបុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចាប់ពីពីរឡើងទៅ និងបញ្ហាសុខភាពនៅក្នុងគ្រួសារ ធ្វើឲ្យពលរដ្ឋក្នុងភូមិបាត់បង់លទ្ធភាពសងប្រាក់ដល់ម្ចាស់បំណុល។
«អ្នកស្រុក ខ្ចីទីមួយ បង់មិនដាច់។ ខ្ចីទីពីរទៅបង់ផ្តាច់ ជាប់ទីពីរ។ អាទីពីរ បង់រៀបដាច់ នៅខ្វះតិចទៀត។ យកអាទីបីបង់។ភាគច្រើន ច្រើនអញ្ចឹងឯង»។
បើតាមមេភូមិ ប្រជាពលរដ្ឋនៅក្នុងឃុំនេះ ភាគច្រើនប្រកបរបរស៊ីឈ្នួលក្នុងចម្ការកៅស៊ូរបស់ក្រុមហ៊ុនវៀតណាម និងឯកជន និងធ្វើចម្ការខ្លួនឯង ដោយដាំដំឡូង និងស្វាយចន្ទី។
លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកវិភាគសេដ្ឋកិច្ច ថ្លែងថា ប្រជាពលរដ្ឋមួយចំនួន មិនហ៊ានប្រាប់ត្រង់ ថាពួកគេជាប់បំណុលច្រើនកន្លែងនោះទេ ដោយសារពួកគេមានភាពខ្មាសអៀន។ ហើយក្នុងករណីដែលជំពាក់បំណុលស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើន ពលរដ្ឋមួយចំនួនហាក់ដូចជាបាត់បង់ភាពម្ចាស់ការក្នុងការទទួលខុសត្រូវ។
«ខ្មែរយើងឥឡូវមិនងាយដូចថាសងមិនបានឈប់សងតែម្តង។ ធ្វើអីធ្វើទៅ យកទៅដាក់គុក យកទៅ។ អត់មានអញ្ចឹងទេ។ ខំរក សុខចិត្តខ្ចីអ្នកនេះ ខ្ចីអ្នកនោះ យកទៅសងគេ»។
ក៏ប៉ុន្តែ អ្នកស្រី យឹម រុំ អាយុ៥៨ឆ្នាំ អ្នកភូមិម្នាក់នៃឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ សុខចិត្តលក់ដីដើម្បីដោះបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ អ្នកស្រីបានខ្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន៤០០០ដុល្លារ កាលពីឆ្នាំ២០១៧ក្នុងគោលបំណងទិញគោយន្ត ដើម្បីជំរុញជីវភាពគ្រួសារ។
«គេមកទារញយៗទៅ ខ្ញុំភ័យទៅ លក់ដីសង។ គេតាមញយៗពេក»។
ប្រជាជននៅតាមជនបទ ភាគច្រើនជាប់បំណុលមីក្រូហិរញ្ញវត្ថុ ធនាគារ និងបំណុលឯកជន។ ករណីខ្លះពួកគេបានយកកម្ចីពីច្រើនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការខ្ចីបែបឯកជនដែលមានការប្រាក់ខ្ពស់។ ការណ៍នេះនាំឲ្យពួកគេធ្លាក់ខ្លួនក្នុងអន្ទាក់បំណុល ហើយស្ថានភាពរស់នៅរបស់ពួកគេកាន់តែលំបាក ដោយសារត្រូវរកលុយសងបំណុលគេជារៀងរាល់ខែ។
យោងតាមលោក ប៊ុន មុនី អនុប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយឈ្មោះថា«វិថី»មានប្រជាពលរដ្ឋកម្ពុជាសរុបចំនួន១,៨លាននាក់ កំពុងជាប់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក្នុងនោះទឹកប្រាក់ផ្តល់កម្ចីមានសរុបចំនួន ៦០០០លានដុល្លារអាមេរិក។
ផ្អែកតាមរបាយការណ៍របស់ក្រុមធនាគារពិភពលោក ចេញផ្សាយកាលពីខែកុម្ភៈ ស្តីអំពី«មីក្រូហិរញ្ញវត្ថុនិងសុខមាលភាពតាមគ្រួសារ»ពីឆ្នាំ២០០៩ដល់២០១៧ គិតនៅក្នុងឆ្នាំ២០១៧ គោលបំណងនៃការខ្ចីប្រាក់ គឺប្រមាណ៣០ភាគរយសម្រាប់តម្រូវការប្រើប្រាស់ក្នុងផ្ទះ ១៧ភាគរយ សម្រាប់សកម្មភាពកសិកម្ម ១៤ភាគរយសម្រាប់ទិញទំនិញប្រើប្រាស់ដែលអាចទុកបានក្នុងរយៈពេលវែងមួយ ១៣ភាគរយសម្រាប់ទិញ និងធ្វើឲ្យប្រសើរលំនៅដ្ឋាន។ ក្នុងនោះ ចំនួន៤ភាគរយសម្រាប់ការព្យាបាលជំងឺ ការរងរបួស និងការជួបគ្រោះថ្នាក់អ្វីមួយ។
លោក ប៊ុន មុនី អនុប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយឈ្មោះថា«វិថី»មានប្រសាសន៍ថា ធម្មតាប្រជា ពលរដ្ឋអាចយកកម្ចីបានយ៉ាងច្រើនពីគ្រឹះស្ថានហិរញ្ញវត្ថុចំនួនពីរតែប៉ុណ្ណោះ។ ប៉ុន្តែមានករណីខ្លះអាចជាបញ្ហាដែលពលរដ្ឋខ្ចីយកលើសពីនេះបាន។
លោក មុនី បន្ថែមថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តែងតែមានការសម្របសម្រួលដល់អ្នកខ្ចី ប្រសិនបើពួកគេជួបប្រទះបញ្ហាអ្វីមួយ ហើយមិនអាចបង់ប្រាក់តាមការឯកភាព។
«បើសិនជាអតិថិជនគាត់មានគំនិតមិនសង អានោះយើងនឹងចាត់វិធានការតឹងរ៉ឹងជាមួយគាត់។ ប៉ុន្តែបើសិនជាគាត់មានគ្រោះថ្នាក់ជាយថាហេតុអញ្ចឹងមែន ដូចជាខាតបង់ក្នុងបញ្ហាអាជីវកម្ម ធម្មតាយើងអាចអនុគ្រោះ ពន្យារពេលក្នុងការសងអញ្ចឹងបាន អត់អីទេ»។
លោក ប៊ុន មុនី បន្ថែមថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែងតែព្យាយាមចៀសវាងការដោះស្រាយជាមួយប្រជាពលរដ្ឋតាមផ្លូវតុលាការ ម្យ៉ាងដោយសារនិតិវិធីក្នុងតុលាការយឺត និងម្យ៉ាងទៀតដោយសារដើម្បីចៀសវាងភាពតានតឹងជាមួយប្រជាពលរដ្ឋ៕