អាជីវករ​និង​អ្នក​រកស៊ី​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍​នៅ​សៀមរាប​​បារម្ភ​អំពី​បំណុល ​ខណៈ​​មាន​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា

ភ្ញៀវទេសចរមួយចំនួន ដើរលើ​ស្ពាន​ពោងផ្លាស្ទិក​ ជំនួសឲ្យស្ពានហាល​ ចូលទៅក្នុង​ប្រាសាទ​អង្គរ​វត្ត​ ខេត្តសៀមរាប នៅថ្ងៃទី​១៨​ ខែមីនា​ ឆ្នាំ២០២០។ ​(ហ៊ុល រស្មី/VOA)

ខេត្តសៀមរាប — ភាព​ភ័យខ្លាច​ពីលទ្ធភាព​គ្មាន​ប្រាក់​សង​បំណុល​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ​បាន​ញាំញី​អារម្មណ៍​អាជីវករ​ និង​អ្នក​រក​ប្រាក់​ចំណូល​ពី​ឧស្សាហ​កម្ម​ទេសចរណ៍​ ដែល​ធ្លាប់​មាន​សកម្ម​ភាព​រស់​រវើក​ក្នុង​ទីក្រុង​នៃ​ប្រាង្គ​ប្រាសាទ​ ខេត្តសៀម​រាប។​

អ្នកស្រី ​ចក់ ភាព​ ជា​ស្ត្រី​មេមាយ​កូន​៥​នាក់​ បាន​ប្រកប​របរ​ជា​អ្នក​បុកល្ហុង​និង​លក់​គ្រឿង​ភេសជ្ជ:​នៅ​ក្បែរ​ប្រាសាទ​អង្គវត្ត​ជាយូរ​ឆ្នាំ​មក​ហើយ​ចាប់​តាំង​ពីអ្នកស្រី​ធំដឹង​ក្តី​លើ​ទឹកដី​ក្រុង​សៀមរាប។​

មុន​ពេល​មាន​បុរស​ម្នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា ឬ​កូវីដ១៩​ កាល​ពីដើម​ខែ​មីនា​ អ្នកស្រី ​ចក់​ ភាព ​វ័យ​៤៣ឆ្នាំ ​និយាយ​ថា​ ​អ្នកស្រីអាច​រក​បាន​ប្រាក់​ចំណូល​ប្រមាណ​ ១០០​ដុល្លារ​អាមេរិកក្នុង​មួយ​ថ្ងៃ។​

«ធ្លាប់​តែ​យើង​រក​មួយថ្ងៃ​បាន​សាមសិប សែ​សិប​ម៉ឺន ដល់​មួយ​ថ្ងៃ​នៅ​បី​ម៉ឺន​ បួន​ម៉ឺន ហូប​អីគ្រាន់​ ចា៎!»។​

ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​អ្នកស្រី​ភាព​ដែល​រក​បាន​នោះ​ មិន​មែន​ប្រើប្រាស់​សម្រាប់​តែ​ចិញ្ចឹម​កូនៗ​នោះ​ទេ​ តែ​អ្នកស្រី​ត្រូវ​ដក​ទុក​ខ្លះ​សម្រាប់​សង​បំណុល​ប្រមាណ​១​លាន​២០​ម៉ឺន​រៀល​(ឬ​ប្រមាណ​៣០០​ដុល្លារ)​ដែល​អ្នកស្រី​បាន​ខ្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​វ៉ាយ​ស៊ី​ភី(YCP)​និង​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​មួយ​ទៀត​ដែល​អ្នកស្រីមិន​ចាំ​ឈ្មោះ​ច្បាស់។​

នៅ​ប្រាសាទ​អង្គរវត្ត​ បរិយាកាស​មាន​សភាព​ស្ងប់ស្ងាត់​ និង​មិន​សូវ​អ៊ូអរ​ខ្លាំង​ដូច​មុន​ឡើយ​ ដោយ ​យូរៗ​ម្តង​ ​មាន​ជន​បរទេស​ដែល​មក​ពី​តំបន់​អឺរ៉ុប​ និង​លោក​ខាងលិច ដើរ​ជាក្រុមៗ។​ ចំណែក​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិនដែល​ជា​អ្នក​មក​លេង​ខេត្ត​សៀមរាបច្រើន​ជាង​គេ​ ក៏​កម្រ​ឃើញ​ដើរ​លេង​នៅ​ក្នុង​តំបន់​ប្រាសាទ​ ដូច​កាល​ពី​ពេល​មិន​ទាន់​ផ្ទុះ​មេរោគ​កូរ៉ូណា ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​រហូត​ដល់​រាប់​ម៉ឺន​នាក់​នៅ​លើ​ពិភព​លោក។​

ការលក់​ដូរ​របស់​អ្នកស្រី​ ចក់​ ភាព​ បាន​លុយ​តិច​តួច​ យ៉ាង​ត្រដាប​ត្រដួស​នៅ​ប្រាសាទ​អង្គរវត្ត បាន​ធ្វើ​ឲ្យ​ស្ត្រី​មេម៉ាយ​រូប​នេះ​ខ្វល់ខ្វាយ​អំពី​ការ​សង​បំណុល​ដែល​អ្នកស្រី​បាន​ប្រើប្រាស់​សម្រាប់​កែ​លំអ​លំនៅដ្ឋាន។ ​កាល​បរិច្ឆេទ​នៃការ​សង​បំណុល​បាន​ផុត​កំណត់​ទៅ​ហើយ​ ចាប់​តាំង​ពី​ថ្ងៃ​ទី​១០​ ខែ​មីនា​មក ​ហើយ​គាត់​មិន​បាន​សង​នោះ​ទេ។​អ្នកស្រី ​ភាព​ កំពុង​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ធ្វើ​អន្តរាគមន៍​ពន្យារ​ពេល​ការ​សង​បំណុល​ពីពីរ​ទៅ​បីខែ​ គឺ​គិត​ចាប់ពី​ពេល​នេះ​ទៅ។​

«ដូចធ្លាប់​តែ​ដល់​ ដូច​ថា​ ដល់​ថ្ងៃ​ទី​១០​អី​ចេះ​ យើង​ត្រូវ​បង់​ឲ្យ​គេ​ ចា៎។​ ពេល​ថ្ងៃទី​១០​អី​ចេះ​ យើង​ខក​ខាន​លុយ។ វា​អត់​បង់​ឲ្យ​គេ...​បង្វិល​ឲ្យ​គេ​ទាន់​ទៅ។​ ដូចថា​ អ្ហ៊ឺ​ចុះ​ ឮ​សម្តេច​ស្រែក​ថា​ ពន្យារ​ផង​ធនាគារ​...​ពន្យារ​ពេល​យក​បីបួន​ខែ​ទៅ! ​អង្គការ​គេ​ថា ​អ្ហ៊ឺ​សម្តេច​លោក​គ្រាន់​តែ​ស្រែក​ តែបើ​លោក​អត់​បោះ​ត្រា​ឲ្យ​ធ្វើ​ម៉េច​ទៅ?​តែ​លោក​បោះត្រា​ឲ្យ​ និង​ស៊ីញ៉េ​ឲ្យ​បាន​គេ​អត់​យក...គេផ្អាក​ឲ្យ​យើង​បីបួន​ខែ​ ​គេថា»។​

កាល​ពី​ដើម​ខែ​មីនា លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ស្នើឲ្យ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ពន្យារ​ពេល​ការ​បង់​ប្រាក់​ ឬក៏​គិត​ការ​ប្រាក់​សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ​ ដែល​ប្រឈម​នឹង​ការព្យួរ​ការងារ​ នៅ​តាម​រោង​ចក្រ​ទូទាំង​ប្រទេស ​ដោយសារ​តែផល​ប៉ះពាល់​នៃ​មេរោគ​កូរ៉ូណា​មក​លើ​សេដ្ឋកិច្ច។​

ក្នុង​សារាចរ​ចុះ​ថ្ងៃ​ទី​២៧ ​ខែមីនា ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ណែនាំ​ឲ្យ​ស្ថាប័ន​ធនាគារ ​និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់ ​ពិនិត្យ​មើល​ភាព​អនុគ្រោះដល់​អតិថិជន​ដែល​រង​ប៉ះពាល់​ក្នុង​វិស័យ​ ទេសចរណ៍ ​វិស័យ​កាត់ដេរវិស័យ​សំណង់​ និង​វិស័យ​ដឹក​ជញ្ជូន ​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​វីរុស​កូរ៉ូណា។​

ធនាគារជាតិ​នៃកម្ពុជាបាន​លើក​ឡើង​ពី​«ឥណទាន​រៀបចំ​ឡើង​វិញ»។​ បើតាម​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ឥណទាន​រៀបចំ​ឡើង​វិញ​ជាឥណទាន ​ដែល​លក្ខខណ្ឌ​នៃ​កិច្ច​សន្យា​ដើម​ត្រូវ​បាន​កែប្រែ​ដោយ​ផ្តល់​ការ​អនុគ្រោះ​ដល់​អតិថិជន​ ដែល​ជួប​ស្ថានភាព​លំបាក​ផែ្នក​ហិរញ្ញវត្ថុ​ជាក់​ស្តែង​ និង​បណ្តោះ​អាសន្ន។ ​

ឥណទាន​រៀបចំ​ឡើង​វិញនេះ​នឹង​ផ្តល់​ការ​អនុគ្រោះ​មួយ​ចំនួន​ដូច​ជា​ ការ​ពន្យារ​ពេល​ទូទាត់​សង​ប្រាក់​ដើម​ ឬ​ការ​ប្រាក់​ ឬ​ការ​ធ្វើ​មូលធន​កម្មការ​ប្រាក់ ​ការ​លើក​លែង​ ឬ​បន្ថយ​ទ្រព្យ​ធានា​ និង​ការ​ផ្តល់​រយៈ​ពេល​អនុគ្រោះ​ដោយ​គ្មាន​ការ​ទូទាត់​សង​ ដែល​អាច​មាន​រយៈពេល​រហូត​ដល់​៦​ខែ​ គិត​ចាប់​ពីថ្ងៃ​ប្រសិទ្ធ​ភាព​នៃ​កិច្ច​សន្យា​ថ្មី។​ ការ​រៀបចំ​ឥណទាន​ឡើង​វិញ​នេះ​នឹង​មាន​សុពល​ភាព​ត្រឹម​ថ្ងៃទី​៣១ ​ខែ​ធ្នូ​ ឆ្នាំ​២០២០។

អ្នកស្រី ​ចក់ ភាព​ បាន​ប្រាប់​ VOA​បន្ថែម​ថា​ គាត់​មិន​ស្ទាក់​ស្ទើរ​ចិត្ត​សង​បំណុល​ទេ ​ តែ​ស្ថានភាព​នៅ​ពេល​នេះ​ គឺពិបាក​ខ្លាំង​ណាស់​សម្រាប់​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ។ ​គាត់​បាន​ត្អូញត្អែរ​ថា ក្នុង​មួយ​ថ្ងៃ​គាត់​លក់​មិន​បាន​ផង ​សូម្បី​តែ​បុក​ល្ហុង​មួយ​ចាន។

«ប៉ះ​ថ្ងៃ​ណា​តែ​មួយ​ចាន​ មិន​ស្គាល់​ជាតិ​ផង!​ល្ហុង​មួយ​ផ្លែ​ខ្ញុំ​លក់​កន្លះ​ខែ​ មិន​ទាន់​អស់​ផង។​ ក្រូច​ទិញ​យក​មក​ស្វិត​ចោល។ ​លក់​វា​អត់​ដាច់។​ ក្រូច​មួយ​គីឡូ​ លក់​កន្លះ​ខែ​មិន​ទាន់​អស់​ផង»។​

ម៉ូតូ​កង់បី​មួយ​ចំនួន​បាន​ចត​បន្តកន្ទុយ​គ្នា​នៅ​ក្បែរ​ប្រាសាទ​អង្គរវត្ត​ដើម្បី​រង់ចាំ​ទទួល​បម្រើ​ភ្ញៀវ។​ ភ្នាក់ងារ​ទេសចរណ៍​មួយ​ចំនួន​បាន​អង្គុយ​ចាំ​ផ្តល់​សេវា​ រៀប​រាប់​ប្រវត្តិ​សាស្ត្រ​អង្គរ​ដល់​ភ្ញៀវ​ នៅ​មុខ​ច្រក​ចូល​ប្រាសាទអង្គរវត្ត។​ ប៉ុន្តែ​មិន​មាន​ភ្ញៀវទេសចរ​ណា​ហៅ​ពួក​គាត់​នោះ​ទេ។​

លោក​ ណេង ប៊ុនរ៉ុង​ មគ្គុទេសក៍និយាយា​ភាសាអង់គ្លេស ក្នុង​តំបន់​អង្គរ​ ផ្តល់​បទសម្ភាសន៍​ជាមួយ ​VOA ខេត្តសៀមរាប នៅថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២០។(ហ៊ុល រស្មី​/VOA)

លោក ​ណេង​ ប៊ុនរ៉ុង អាយុ​៤២​ឆ្នាំ​ ជា​មគ្គុទេសក៍​ភាសាអង់គ្លេស​ មិន​បាន​ទទួល​ភ្ញៀវ​ម្នាក់​ណា​សោះ​ ក្នុង​រយ:​ពេល​១០​ថ្ងៃចុង​ក្រោយ​នេះ។​ នៅក្នុង​ខែ​មីនានេះ​លោក​និយាយ​ថា​ លោក​បាន​ភ្ញៀវ​តែ​ពីរ​លើក​ប៉ុណ្ណោះ។​ លោក​កំពុង​ភ័យ​ថា ​គ្មាន​លុយ​សម្រាប់​សង​បំណុល​ធនាគារ​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ។​

«បង់​តែដើម​វា​គ្មាន​លទ្ធភាព​ ហើយ​ខ្ញុំ​ទៅ​ធនាគារ​ ធនាគារ​ថា​ ទេ​គេ​អត់​លើក​លែង​ឲ្យ។ គេលើក​លែង​តែ​ពួក​ពលករ​ កម្មការិនី​នោះ​ទេ​ ដែល​គេ​លើក​លែង​ការ​ប្រាក់​ហ្នឹង​ណា៎។​ ហើយ​ខ្ញុំរក​ស៊ី​ជា​មួយ​ភ្ញៀវ​ទេសចរ​ ដូច​ឃើញ​ស្រាប់​ហើយ​ ភ្ញៀវមក​សឹង​តែគ្មាន។ នោះ​ឃើញ​ទេ?​មើល​ទៅ​លើ​ស្ពាន​មុខ​អង្គរ​ គ្មាន​សឹង​មិន​មាន​ភ្ញៀវដើរ​ផង។ ​រួច​ធ្វើម៉េច​បាន​លុយ​ទៅបង់​ការប្រាក់​នោះ?​អីចឹង​សុំ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​ហ្នឹង​គឺ​មេត្តា​ជួយ​ដោះស្រាយ​បញ្ហា​ហ្នឹង​ផង»។​

ភាព​យ៉ាប់យឺន​ក្នុង​ការរក​ប្រាក់​ចំណូល​របស់​លោក​ ប៊ុន រ៉ុង​ មិន​បាន​ធ្វើឲ្យ​លោក​បារម្ភ​ពីការ​ឆ្លង​មេរោគ​កូរ៉ូណា​នោះ​ទេ។ លោក​និយាយ​ថា​ ​មានតែ​អ្នក​ដែល​មាន​ប្រាក់​ចាយ​គ្រប់គ្រាន់​ប៉ុណ្ណោះ​ ដែល​មិន​ហ៊ាន​ចេញ​ក្រៅ​រក​លុយ។ ​

«ឧបមា​ថាទៅ!​ថ្លៃ​បន្ទប់​ជួល​ ឬ​ក៏​ទិញ​ម្ហូប​អាហារ​ថា យើង​បារម្ភ​យ៉ាង​ម៉េច​ចេញ?​បាទ អីចឹង ​មិន​ថា​មិន​មែន​មិន​បារម្ភទេ!​បារម្ភ!​ ​ប៉ុន្តែ​អាកត្តា​ដែល​យើង​វា​ខ្វះខាត​នេះ​ វាជំរុញ​ឲ្យ​យើង​មក»។

លោក​ ប៊ុន រ៉ុង​ សង្ឃឹម​ថា​ នឹង​ឃើញ​ការ​រើប​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាបនៅ​ពេល​ដែល​រដ្ឋាភិបាល​បើក​ចំហ​ជើង​មេឃ​ឡើង​វិញ​សម្រាប់​ភ្ញៀវ​ទេស​ចរ​មក​ពីប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ និង​នៅលោក​ខាងលិច។ ​គាត់​បាន​និយាយ​ថា​ ​ឆ្នាំ​ទៅ​នៅក្នុង​រដូវ​កាល​ដែល​មិនសូវ​មាន​ភ្ញៀវ​ទេសចរ​នេះ ​ លោកអាច​រក​បាន​ប្រាក់​ចំណូល​២០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ​តែក្នុង​រយ:​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​នេះ​ លោក​រក​មិន​បាន​ទេ។ ​

នៅ​ចំ​កណ្តាលក្រុង​សៀមរាប​ម្ចាស់​ភោជនីយដ្ឋាន​មួយ​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិនបញ្ចេញឈ្មោះ​ដោយ​សារ​ភាព​ភ័យ​ខ្លាចក្នុង​ការ​និយាយ​ជាមួយ​បណ្តាញ​ព័ត៌មាន។ គាត់​និយាយ​ថា​ គាត់​សម្រេចចិត្ត​បិទ​ហាងតែ​ម្តង ​ដោយសារ​តែការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នូវ​ចំណូល​ប្រចាំ​ថ្ងៃ។​

អង្គុយ​ក្នុង​ភោជនីយដ្ឋានរបស់​អ្នកស្រី​នៅ​ពេល​ភោជនីយដ្ឋាន​នោះ​មិន​ទាន់​បិទទ្វារ​ ម្ចាស់​ភោជ​នីយ​ដ្ឋាន​រូប​នេះ​ បាន​មាន​ប្រសាសន៍​ថា​ ​គាត់​សោកស្តាយ​ ដែល​ត្រូវ​បិទភោជនីយដ្ឋាន​ដែល​គាត់​បាន​ដំណើរ​ការ​មក​ជិត​២០​ឆ្នាំ​មកហើយ​និង​ផ្តល់​ការងារ​ដល់​មនុស្ស​យ៉ាង​តិច​៥​នាក់។

«ធ្លាក់​ភ្ញៀវខ្លាំង!មួយ​ថ្ងៃ​ យ៉ាង​ច្រើន​ ​ជួនណា​ថា​ ច្រើន​ចុះ​បាន​១០នាក់​....១០នាក់​ ៥នាក់។ ​វាធ្លាក់​ដល់​គំហុក​ប៉ុណ្ណឹង​ ឧបមាថា​ វា​លែង​ទប់​ ទប់​អត់​រួច»។​

អ្នកស្រីម្ចាស់​ភោជនីយដ្ឋាន​ដដែល​នេះ​បន្ថែម​ថា​ ​នៅមុន​ពេល​មិន​ទាន់​មាន​បញ្ហា​ទាក់ទង​នឹង​មេរោគ​កូរ៉ូណា​នោះ​ អ្នកស្រី​អាច​រក​បាន​យ៉ាង​ហោច​ណាស់​មួយ​លាន​រៀល​ ឬ​ប្រមាណ​ជា ​២៥០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ។​ ប៉ុន្តែ​ចំណូល​បាន​ថយ ​មកត្រឹម​ប្រមាណ​១៥ម៉ឺន​រៀល​ទៅ​៣០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។​

«ឥឡូវ​សួរ​មើល!ជួយ ជួយ​គិត​ខ្ញុំ​មើល!​ហើយ​ម្សិល​ម្ងៃនោះបាន​តែ​១៥​ម៉ឺន​ទេ​ ហើយ​ឲ្យ​ធ្វើ​ម៉េច​ចេញ?​រក​តែ​លុយទៅទិញ​បន្លែ​ ទិញ​ត្រី​សាច់​យក​មក​លក់​លែង​ហ៊ាន​ទិញ​ហើយ។​ មុន​សុទ្ធ​តែ​ទិញ​៥​គីឡូ​ ​១០គីឡូ។ ​ត្រីសាច់​ ខ្ញុំទិញ​ ​ខ្ញុំមិន​ទិញ​តិចៗ​ទេ!​ដល់​ឥឡូវ​ ​អត់​ហ៊ាន​ទេ។​ ទិញ​តែមួយ​គីឡូ​ត្រី​ យក​មក​លក់​បន្លំ​បន្តិចៗ»។​

លោក ​សយ​ ចន្ថា ​វ័យ​៣៤​ឆ្នាំ​ បាន​បម្រើការ​ងារ​ឲ្យភោជនីយដ្ឋាន​លីលី អស់​រយៈ​ពេល​១៥​ឆ្នាំ​មក​ហើយ។​ គាត់​មិនដែល​គិត​ថា ប្រាក់​ចំណូល​របស់​គាត់​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ទេ។​

លោក​ សយ ចន្ថា ចុងភៅនៅ​ភោជនីយដ្ឋានលីលី ដែល​កំពុង​បារម្ភ​អំពីការ​សង​បំណុល​ នៅពេល​ដែលប្រាក់​ខែ​លោក​ត្រូវបាន​កាត់​ពាក់​កណ្តាល នៅខេត្តសៀមរាប ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០​។ (ហ៊ុល រស្មី​/VOA)

ភោជនីយដ្ឋានលីលី​ ដែលប្រឈម​ការ​ធ្លាក់​ភ្ញៀវខ្លាំង នៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។ (ហ៊ុល រស្មី​/VOA)

នៅ​ឯផ្ទះ​សហការី​របស់​លោក​ គឺ​លោក​ ពិន ពៅ​ ដែល​ស្ថិត​នៅ​សង្កាត់​សម្បួរ ​ក្រុង​សៀមរាប​ប្រមាណ​១០​គីឡូ​ម៉ែត្រ​ ពី​ភោជនីយដ្ឋាន​លីលី​ក្នុង​ក្រុង​សៀមរាប​ លោក​ចន្ថា​បាន​និយាយ​ថា​ គាត់​ និង​ប្រពន្ធរបស់​គាត់ពិបាក​រក​ប្រាក់​ដើម្បី​សង​បំណុល​ទៅ​ធនាគារ​មួយ​ឈ្មោះ​ថា​ប្រៃសណីយ៍​កម្ពុជា​ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​ចំនួន​ ១៥០០០​ដុល្លារ​សម្រាប់​សង់​លំនៅដ្ឋាន​ថ្មី។​

ប្រាក់​ចំណូល​របស់​លោក​ដែល​ធ្លាប់​តែ​រក​បាន​ចំនួន ​៤០០​ដុល្លារ​ក្នុង​មួយ​ខែ​ត្រូវ​កាត់​មក​ពាក់​កណ្តាល។ ប្រពន្ធ​របស់​គាត់​ក៏​ប្រឈម​ការ​កាត់​ប្រាក់​ខែ​ពាក់​កណ្តាល​ដូច​គ្នា។ ប្រាក់​ចំណូល​ដែល​លោក ​ចន្ថា​ និង​ប្រពន្ធ​គាត់​រក​បាន​គឺ​ ៨០០​ដុល្លារ​ក្នុង​មួយខែ​ តែមក​ដល់​ពេល​នេះ​ ​ពួកគាត់​ទាំងពីរ​ទទួល​បាន​តែ​ ៤០០​ដុល្លារ​ក្នុង​មួយខែ​ ឬ​ក៏តិច​ជាង​នេះ។​ ចំនួន​នេះ​បាន​ធ្វើ​ឲ្យ​លោក​ចន្ថា​ពិបាក​សង​បំណុល​ដែល​ត្រូវ​សង​ចំនួន ​៣២០​ដុល្លារ​ក្នុង​មួយ​ខែរយៈ​ពេល​២​ឆ្នាំ។​

លោក​ ចន្ថា ​អះអាង​ថា​ ​ភោជនីយដ្ឋាន​ដែល​លោក​ធ្វើ​ការ​នេះធ្លាប់តែ​រក​បាន​ប្រមាណ​ ៥០០​ទៅ​ ៦០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ​ មុន​ពេលមេរោគ​កូរ៉ូណា​ឆ្លង​ចូល​មក​ក្នុង​ក្រុង​សៀមរាប​ ​តែ​នៅ​ពេល​លោក​និយាយ​ជាមួយ​ VOA ​កាលពីថ្ងៃ​ទី១៧​ ខែមីនា​ ភោជនីយដ្ឋាន​របស់​លោក​រក​មិន​បាន​ ១០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ផង។​ការណ៍នេះ​នាំ​ឲ្យកាត់​បន្ថយ​បុគ្គលិក​ពីប្រមាណ​ ៤០​នាក់​មក​ត្រឹម​តែ​ ១០​នាក់។​

«អស់​ហើយ​ គុយទាវមួយ​ថ្ងៃ​ លក់​អត់បាន​១០​ចាន​ផង...ធ្វើ​ម្ហូប​រាល់​ថ្ងៃ​សម្រាប់​តែ​បុគ្គលិក»។​

សំណើច​របស់លោក​ចន្ថា​បង្កប់​ដោយកង្វល់​របស់​គាត់​ ដែលត្រូវ​សង​បំណុល​ទៅ​ធនា​គារ។​លោក​បារម្ភ​ថា ថៅកែ​ហាង​របស់​គាត់​អាច​ព្យួរ​ការងារ​របស់​គាត់។​

«បើគាត់​សុំ​សម្រាក​មួយ​រយៈ​ ពួកខ្ញុំ​អត់​មាន​ការងារ​ធ្វើ​តែ​ប៉ុណ្ណឹង​ ហើយ​នឹង​អត់​មាន​លុយ​បង់​ឲ្យ​ធនាគារ។​ ខ្ញុំរក​បាន​មួយ​ថ្ងៃ​ គិត​មួយ​ថ្ងៃ​ ដល់​ពេល​យើង​ចំណាយ​ច្រើន​ពេក»។​

លោក ពិន ពៅ​ បានប្រាប់វីអូអេថា លោកព្រួយបារម្ភ​អំពីការគ្មានលុយ​សង​បំណុល​ធនាគារ​ ខណៈចំណូលរបស់លោកបានថយចុះ ដោយសារការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណា ខេត្តសៀមរាប ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ។ (ហ៊ុល រស្មី​/VOA)

អ្នកស្រី​ ឆយ យ៉ែម ភរិយាលោក ​ពិន ពៅ​ និយាយជាមួយ VOA​ នៅផ្ទះអ្នកស្រី​ក្នុង​សង្កាត់សម្បួរ ក្នុង​ក្រុង​សៀមរាប​ ថ្ងៃទី​ ១៧ ខែមីនា ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/VOA)

លោក ​ពិន ពៅ​ អាយុ៤៥​ឆ្នាំ​ ជា​សហការី​របស់​លោក​ចន្ថា​ ​បាន​ចែក​រំលែករឿងរ៉ាវទាក់ទង​នឹង​បញ្ហា​បំណុលដូច​គ្នា។​ លោក​ ពិន ពៅ​ និង​ភរិយា​របស់​គាត់​គឺ​អ្នកស្រី ​ឆយ យ៉ែម​ ​បាន​ទិញ​ផ្ទះ​កាល​ពី​ឆ្នាំ​ ២០១៦​ដោយក្តី​សង្ឃឹម ​និង​ស្នាម​ញញឹម ​ក្នុង​តម្លៃ​ ១២៥០០​ដុល្លារ​ ដោយ​ការ​ខ្ចី​ប្រាក់​ពី​ធនាគារ​ឈ្មោះ​ប្រៃសណីយ៍​កម្ពុជា។​ រយៈពេល​នៃការ​សង​បំណុល​គឺ​៥​ឆ្នាំ​ តែ​គ្រួសារ​លោក​ទើប​តែ​បង់​បាន​ ២​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ។​

នៅ​ពេល​នេះ ​លោក​ ពៅ ​កំពុង​ភ័យខ្លាច​ថា​ ​គ្មាន​ប្រាក់​សង​បំណុល​ នៅ​ពេល​ប្រាក់​ខែ​លោក​ត្រូវ​បាន​កាត់​ពី​ចំនួន​ ៣០០​ដុល្លារ​អាមេរិក​មក​នៅ​ត្រឹម​ ១៥០​ដុល្លារ។​ប្រពន្ធ​របស់​លោក​ដែល​បម្រើការ​នៅ​សណ្ឋាគារ​មួយ​អាច​រក​ប្រាក់​ចំណូល​បាន​តែ​ ១០០​ដុល្លារ​ក្នុង​មួយ​ខែ។​

«បាទ​ ដល់​ពេល​ប្រាក់​ខែ​តិច​ជាង​មុន​ អត់​មាន​លុយ​បង់​ធនាគារ...ថា​ទៅខ្ចី​បងប្អូន​ណាបាន?​បើ​បង​ប្អូន​អត់​ដែរ​ហ្នឹង!​មានបាន​ណា?មាន​នរណា​ជួយយើង?យើង​ចេះ​តែ​ភ័យ​ព្រួយ»។​

ភរិយា​របស់​លោក ​គឺ​អ្នកស្រី ​ឆយ យ៉ែម​ អាយុ​៤២​ឆ្នាំ ​និយាយ​ថា​ គ្រួសារ​គាត់​គ្មាន​លទ្ធភាព​សន្សំ​ប្រាក់សម្រាប់ទប់​ទល់​គ្រា​មាន​វិបត្តិ​លុយ​កាក់​នោះទេ។ ​គាត់ស្នើ​ឲ្យ​រដ្ឋាភិបាលជួយ​ធ្វើ​អន្តរាគមន៍​ពន្យារ​ពេល​សង​បំណុល​មួយ​រយៈ​សិន។​

«បើសិន​ជា​សម្តេច​គាត់​ស្រែក​ថា​ ផ្អាក​យក​មួយ​រយៈ​សិន ​ ខ្ញុំ​ក៏អរ​ណា៎!​សែន​អរ!តាម​ជំងឺ! ​បើ​សិន​ជា​ថា​ ហ្ហ៎​ទៅមុខ​ទៀត​ មាន​ភ្ញៀវ​ ​ដំណើរ​ការ​ទៅមុខ​ទៀត​ ខ្ញុំ​ក៏បង់​ឲ្យ​រួច ​ឲ្យ​អស់​ អត់​ឲ្យ​ជំពាក់​គេ​ គឺ​ខ្ញុំ​អត់​ចង់​ទូល​បំណុល​ទៅ​មុខ​ទៀត​ទេ»។​

អ្នកស្រីបន្ថែម​ថា៖ «ពីព្រោះ​ខ្ញុំ​ធ្វើការ​បាន​តែ​មួយ​រយ​បង។​ បើ​ខ្ញុំ​ទៅ​បង់​ទៅ​ ខ្ញុំបាន​អី​ហូប?រាល់​ថ្ងៃ​ ​ប្រចាំ​ថ្ងៃ ខ្ញុំ​អត់​មាន​អីហូប​ទេ!ហើយ​ខ្ញុំ​អត់​មាន​លុយ​សន្សំ​ដូច​ថា​ ឈឺ​យប់​ម្លប់​អី​ ខ្ញុំ​អត់​មាន​ទេ។ ខ្ញុំ​និយាយ​តាម​ត្រង់​គឺខ្ញុំ​អត់​មាន​ អត់​មានលុយ​សន្សំ​ហ្នឹង​គេ​ទេ»។​

អ្នកស្រី ​ឆយ យ៉ែម មាន​កូន​ប្រុស​ម្នាក់ ​និង​កំពុង​ពពោះ​កូន​ទីពីរ។​នៅ​ពីមុខ​ផ្ទះ​ដែល​មាន​ដើម​ស្វាយមួយ​ដើម​កំពុងចេញផ្លែ ​អ្នកស្រី​និយាយ​ថា ​ អ្នកស្រី​បារម្ភ​អំពី​អនាគ​ត​ នៅ​ពេល​មាន​កូន​ម្នាក់​ទៀត។ ​

លោក ​ង៉ែត ជូ ​អ្នក​សិក្សាស្រាវ​សេដ្ឋកិច្ច​ យល់​ថា​ ​ការ​ស្នើ​សុំ​ពន្យារ​ពេល​សងបំណុល​មាន​លក្ខណៈ​សម​ហេតុផល​ ដោយសារ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​នេះ បាន​បង្ក​ឲ្យមាន​ផល​ប៉ះពាល់ជា​ប្រព័ន្ធ។ ​ក៏ប៉ុន្តែ​លោក​ថា​ ​ខាង​គ្រិះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​នឹង​ពិនិត្យ​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង​របស់​អ្នក​ខ្ចីប្រាក់។​

«ទោះ​ជា​យ៉ាង​ណា​ ​ខាងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​ប្រាកដ​ជា​អាច​ថា​ យល់​ព្រមទៅ​តាម​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​អតិថិជន​ម្នាក់ៗ ​ទៅតាម​ស្ថានភាព​របស់​ម្នាក់ៗ​ដាច់​ដោយ​ឡែក»។​

ភោជនីយដ្ឋានចន្ទរះ ​III​ ដែល​បាន​បិទទ្វារ​ នៅខេត្តសៀមរាប នៅថ្ងៃទី​១៨ ខែមីនា​ ឆ្នាំ​២០២០។ ​(ហ៊ុល រស្មី/VOA)

លោក​បាន​បន្ថែមថា៖ «ដោយ​ឡែក​សម្រាប់​អ្នក​ដែលមាន​លទ្ធភាព​ នៅ​មាន​ចំណូល​ អាច​សង​ការ​ប្រាក់​បាន​ ប្រហែល​ជា​អាច​នៅបន្ត​សង​ការប្រាក់​ ហើយ​អ្នក​ដែល​មាន​លទ្ធភាព​សង​ប្រាក់​ដើម​ និង​ការ​ប្រាក់​ហ្នឹង​ ក៏​បន្ត​សង​ធម្មតា​ ពីព្រោះ​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ត្រូវ​ការ​ចំណូល​ ហើយ​នឹង​លំហូរ​សាច់​ប្រាក់​ដើម្បី​កុំ​ឲ្យ​មាន​វិបត្តិ​លំហូរ​សាច់​ប្រាក់​ផងដែរ»។​

លោក​ គា បូរាណ​ ប្រធាន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ បដិសេធ​មិនផ្តល់​ការ​អធិប្បាយ​ ដោយ​លោក​លើក​ទូរស័ព្ទ​ហើយ​ ដាក់​ចុះ​វិញ។ ​ លោក​ ហេង កូយ​ ប្រធាន​ចាត់ការ​ទូទៅសមាគម​ធនាគារ​កម្ពុជា​ មិនទាន់​ឆ្លើយ​តប​សំណួរ​តាម​សារ​អេឡិចត្រូនិក​អ៊ីម៉េល​ទេ​គិត​មក​ដល់​ល្ងាច​ថ្ងៃ​ចន្ទ​នេះ។

VOA ​ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពី​លោក​ មាស សុខសេនសាន ​អគ្គលេខាធិការ​ និង​ជាអ្នក​នាំពាក្យ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ តែមិន​ទាន់​អាច​ទាក់​ទង​បាន​ទេ​ នៅថ្ងៃចន្ទ​នេះ៕