ស្រុកមុខកំពូល ខេត្តកណ្តាល — អ្នកស្រី ឈុំ ស៊ីម និងគ្រួសារដែលមានកូនបីនាក់ អាយុក្រោម ១៨ ឆ្នាំ គឺជាកម្មករឡឥដ្ឋស្ថិតក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ អ្នកស្រីធ្វើជាកម្មករឡឥដ្ឋប្រមាណជាង ២០ មកហើយ បន្ទាប់ពីអ្នកស្រីបានបោះបង់ការធ្វើស្រែចម្ការ ដោយសារទទួលបានទិន្នផលទាបពេក។
កាលពីឆ្នាំ ២០១៦ អ្នកស្រីបានខ្ចីលុយថៅកែឡឥដ្ឋមួយនៅស្រុករការកោង ខេត្តកណ្តាល ដែលជាឡឥដ្ឋអ្នកស្រីធ្វើមុនពេលប្តូរមកធ្វើនៅឡឥដ្ឋបច្ចុប្បន្ន ដើម្បីព្យាបាលជំងឺម្តាយនិងកូនៗរបស់អ្នកស្រីជាបន្តបន្ទាប់។
អ្នកស្រីប្រាប់វីអូអេថា ដំបូងអ្នកស្រីខ្ចីចាប់ពី ៦០ម៉ឺនរៀល និងជាបន្តបន្ទាប់រហូតដល់ចំនួន ៧ពាន់ដុល្លារ។
ស្រ្តីវ័យ ៤៦ ឆ្នាំរូបនេះ និយាយថា៖ «អង្កាល់ដំបូងខ្ចីតែ ៦០ម៉ឺនទេ។ ដល់យូរៗទៅ យើងចេះតែកើនកូនចៅធ្វើមិនកើត កូនឈឺកូនអីអ៊ីចឹងទៅ យើងឈឺ ម្តាយឪពុកឯណោះឈឺ ក៏ចេះតែកើនៗទៅ ឡើងដល់ ៧ពាន់ [ដុល្លារអាមេរិក]»។
អ្នកស្រី ស៊ីម ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម ប្រាប់ VOA កាលពីថ្ងៃទី១៥ ខែតុលា ថា ដើម្បីអាចខ្ចីលុយពីថៅកែឡឥដ្ឋបាន រហូតដល់ ៧ពាន់ដុល្លារ ដោយឥតការប្រាក់ អ្នកស្រីត្រូវដាក់ប្លង់ផ្ទះតូចមួយនៅស្រុកកំណើត ហើយត្រូវធ្វើជាកម្មករឡឥដ្ឋទាំងប្តី និងកូន ដែលមានអាយុក្រោម ១៨ឆ្នាំ។
អង្គុយក្នុងផ្ទះប្រក់ស័ង្កសីជាប់សិប្បកម្មឡឥដ្ឋដែលសង់ដោយម្ចាស់សិប្បកម្មក្នុងឃុំព្រែកអញ្ចាញ អ្នកស្រីរៀបរាប់ទាំងទឹកមុខស្រពោនថា៖ «ពីដំបូងឡើយ គិតថា នាំគ្នាថាលុយហ្នឹង ខ្ចីអត់ការប្រាក់ អ៊ីចឹងហើយយើងទាល់ យើងខ្វះខាត យើងប្រញាប់ យើងខ្ចីគេទៅ គេអត់គិតការ គេយកកម្លាំងយើងគិតធ្វើជាការហើយ»។
អ្នកស្រី ស៊ីម បន្ថែមថា អ្នកស្រីបានប្តូរមកធ្វើការនៅឡឥដ្ឋថ្មី ហើយលក្ខខណ្ឌដែលអ្នកស្រីអាចប្តូរកន្លែងធ្វើការបាន ដោយសារអ្នកស្រីបានខ្ចីលុយថៅកែឡឥដ្ឋថ្មី យកទៅសងថៅកែឡឥដ្ឋចាស់។
ក្នុងសិប្បកម្មឡឥដ្ឋស្ទើទូទាំងប្រទេសនៅកម្ពុជាតែងតែមានវត្តមានកុមារអាយុក្រោម ១៨ឆ្នាំ ធ្វើការដើម្បីសម្រាលបន្ទុកក្នុងគ្រួសារ ដូចជាកូនៗរបស់អ្នកស្រី ស៊ីម និងគ្រួសារកម្មករផ្សេងៗទៀត ដែលធ្វើការក្នុងសិប្បកម្មឡឥដ្ឋជាមួយអ្នកស្រីជាដើម។ ពួកគេនៅតែបន្តធ្វើ បើទោះបីជាដឹង ថាច្បាប់មិនអនុញ្ញាតឲ្យកុមារអាយុក្រោម ១៨ ឆ្នាំ ធ្វើការក្នុងសិប្បកម្មឡឥដ្ឋក៏ដោយ។
អ្នកស្រី ឈុំ ស៊ីម កម្មករឡឥដ្ឋកំពុងអង្គុយក្នុងផ្ទះប្រក់ស័ង្កសីក្នុងបរិវេណសិប្បកម្មឡឥដ្ឋ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកស្រី ស៊ីម បន្ថែមថា អ្នកស្រី ប្តី និងកូនអាយុ ១៦ឆ្នាំ ធ្វើជាអ្នកចាប់ឥដ្ឋដែលយកចេញពីម៉ាស៊ីនដាក់ហាល ហើយការហាលឥដ្ឋមួយម៉ឺនដុំ ទទួលកម្រៃបាន ២៥,០០០រៀល។ ក្នុងមួយថ្ងៃ គ្រួសារអ្នកស្រីទទួលបានលុយចំនួន ២៥,០០០រៀល ទៅ ៣៥,០០០រៀល ដែលបានមកពីការហាលឥដ្ឋ។
«មួយដុំ ២រៀល ៥កាក់។ ក្នុងមួយម៉ឺនឥដ្ឋបាន ២៥,០០០ លុយ។ ក្នុងមួយថ្ងៃបាន ១ម៉ឺន [ឥដ្ឋ] មួយម៉ឺនជាង [ឥដ្ឋ] អស់ហើយបីនាក់។ មួយក្រុមហ្នឹងបីនាក់។ បីនាក់បាន ២៥,០០០-៣០,០០០ [រៀល] អស់ហើយ។ ម្នាក់ឯងធ្វើអត់កើត។ ចាប់ផង ហាលផង អូសរទេះហាល»។
ខណៈកូនប្រុសអាយុ ១៤ឆ្នាំ របស់អ្នកស្រី ស៊ីម កំពុងជញ្ជូនឥដ្ឋដាក់ចូលរទេះ អ្នកស្រីនិយាយថា អ្នកស្រីបានដឹងថា កុមារមិនត្រូវបានអនុញ្ញាតឲ្យធ្វើការនៅឡឥដ្ឋនោះទេ ប៉ុន្តែបញ្ហាជីវភាពដែលកំពុងខ្វះខាត និងបំណុល ជំរុញឲ្យកូនៗរបស់អ្នកស្រីជួយធ្វើការដើម្បីបង្កើនចំណូល។
«បើម៉ែឪហូបអត់គ្រប់ ប្រាក់ឈ្នួលវាទាបពេក អ៊ីចឹងហើយក្មេងទាល់តែជួយខ្លះ វាបានហូបក្រៅវាទៅ វាធ្វើបាន»។
គ្មានថ្ងៃឈប់ ដរាបណាបំណុលសងមិនដាច់
បើទោះបីជាគ្រួសារអ្នកស្រី ឈុំ ស៊ីម មានកូនតូចៗជួយការងារក្នុងឡឥដ្ឋក្តី ក៏គ្រួសារមួយនេះនៅតែមិនអាចទទួលបានប្រាក់កម្រៃសមរម្យ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងសងបំណុលថៅកែដដែល។
«វាអត់សមស្របនឹងកម្លាំងពលកម្មយើងទេ។ ប្រាក់ឈ្នួលនឹងវាទាប។ ក្នុងមួយថ្ងៃបីនាក់ បានបីម៉ឺនជាង។ មួយថ្ងៃអស់ហើយថា មួយម៉ឺនជាងម្នាក់។ អត់បានកាត់ [បំណុល] គេផង អត់បានរួច បានតែហូបមិនគ្រាន់ផង»។
ក្នុងរបាយការណ៍ស្រាវជ្រាវដែលមានចំណងជើងថា៖ «ជំរឿនឧស្សាហកម្មផលិតឥដ្ឋនៅកម្ពុជា៖ ប្រជាជន ភូមិសាស្រ្ត និងការអនុវត្ត» ដែលចេញដោយសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWUC) កាលពីខែតុលា ឆ្នាំ២០១៩ បង្ហាញថា នៅទូទាំងប្រទេសកម្ពុជាមានឡឥដ្ឋចំនួន ៤៦៤កន្លែង ដែលកំពុងដំណើរការ។ កម្មករឡឥដ្ឋមានចំនួន ៦,៨៦៣នាក់ ក្នុងចំណោមមនុស្សស្នាក់នៅក្នុងសិប្បកម្មផលិតឥដ្ឋ ដែលមានចំនួន ១០,២១៧នាក់។ ក្នុងនោះកុមារ ឬអ្នកមានអាយុក្រោម ១៨ឆ្នាំ មានចំនួន ៦៣៨នាក់ ឬប្រមាណ ១០% នៃចំនួនកម្មករសរុប។ របាយការណ៍បញ្ជាក់ថា កុមារទាំងនោះខ្លះធ្វើជាកម្មកសរពេញម៉ោង និងខ្លះទៀតធ្វើក្រៅម៉ោង។
អ្នកស្រី ឈុំ ស៊ីម និយាយថា អ្នកស្រី និងគ្រួសារមិនអាចឈប់ធ្វើការនៅសិប្បកម្មឡឥដ្ឋបាននោះទេ ដរាបណាអ្នកស្រីមិនមានលុយសងបំណុលដែលជំពាក់ថៅកែឡ។
ដោយឡែក របាយការណ៍មួយរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យហូលូវេ (Holloway University មានចំណងជើងថា «ឥដ្ឋឈាម» ចេញផ្សាយកាលពីខែតុលា ឆ្នាំ ២០១៨ បង្ហាញថា ពលរដ្ឋរាប់ពាន់គ្រួសារដែលជំពាក់បំណុលគេ ក្នុងនោះរួមមានទាំងកុមារផង ត្រូវធ្វើការងារក្នុងស្ថានភាពដ៏គ្រោះថ្នាក់ជាទីបំផុត ដើម្បីបំពេញតម្រូវការឥដ្ឋ ដែលរបាយការណ៍ចាត់ទុកថា ជា «ឥដ្ឋឈាម» សម្រាប់ការសាងសង់។
របាយការណ៍ស្រាវជ្រាវនោះបន្ថែមថា ដើម្បីបានកម្មករមកធ្វើការងារនៅឡឥដ្ឋ ម្ចាស់ឡឥដ្ឋបានសងបំណុលជំនួសកសិករដែលជំពាក់លុយគេ ប៉ុន្តែតម្រូវឲ្យកសិករទាំងនោះធ្វើការងារនៅក្នុងឡឥដ្ឋរហូតដល់កាត់បំណុលប្រមាណពី មួយរយដុល្លារ ដល់បួនពាន់ដុល្លារ ដែលជំពាក់ម្ចាស់ឡឥដ្ឋវិញ។
កាលពីខែធ្នូ ឆ្នាំ២០១៦ អង្គការសិទ្ធិមនុស្សលីកាដូបានចេញផ្សាយរបាយការណ៍មួយស្តីអំពី «ការអភិវឌ្ឍលើទាសភាព៖ ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារ ក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា»។ របាយការណ៍នោះរៀបរាប់ថា មធ្យោបាយដែលម្ចាស់សិប្បកម្មជ្រើសរើសកម្មករដោយការផ្តល់ប្រាក់កម្ចី និងការផ្តល់កន្លែងស្នាក់នៅដល់គ្រួសារទីទ័លក្រ។
របាយការណ៍នោះរៀបរាប់លម្អិតថា ម្ចាស់សិប្បកម្មទាំងនោះអូសទាញកុមារ និងមនុស្សពេញវ័យតាមរយៈមធ្យោបាយ ការផ្តល់ប្រាក់កម្ចីនិងការផ្តល់កន្លែងស្នាក់នៅដល់គ្រួសារទីទាល់ក្រហើយពួកគេបានធានាផ្ដល់ប្រាក់កម្ចី ដោយការសន្យាចំពោះកម្មករថាពួកគេត្រូវធ្វើការក្នុងសិប្បកម្មរហូតដល់ប្រាក់កម្ចីនោះត្រូវបានទូទាត់សងគ្រប់ចំនួនវិញ។ ប៉ុន្តែប្រាក់ឈ្នួលក្នុងសិប្បកម្ម គឺមានចំនួនទាបដែលចំណូលនេះកម្មករទទួលបានសម្រាប់តែផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃតែប៉ុណ្ណោះ ហើយកម្មករជាច្រើននាក់បានខ្ចីប្រាក់បន្ថែមទៀតពីម្ចាស់សិប្បកម្ម សម្រាប់តម្រូវការចាយវាយចាំបាច់។
គំនរឥដ្ឋមិនទាន់ដុត ក្នុងបរិវេណសិប្បកម្មឡឥដ្ឋ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
បំណុលតជំនាន់
បើតាមលីកាដូ មូលហេតុដំបូងដែលកម្មករខ្ចីប្រាក់ថៅកែឡឥដ្ឋ ដោយសារតែបញ្ហាជំងឺក្នុងគ្រួសារ ឬទិន្នផលដំណាំមិនល្អ ដែលបណ្តាលឲ្យពួកគេធ្លាក់ខ្លួនជាប់បំណុល។ ប្រាក់កម្ចីដំបូងមានចំនួនត្រឹមតែ២០០ ទៅ៣០០ដុល្លារតែប៉ុណ្ណោះ។ ប៉ុន្តែរយៈពេលកាន់តែយូរទៅ បំណុលកាន់តែកើនឡើងរហូតដល់ ១,០០០ដុល្លារទៅ ៦,០០០ដុល្លារជាចំនួនទឹកប្រាក់ដែលកម្មករទាំងនោះ មិនអាចមានលទ្ធភាពសងអស់ឡើយ។
នៅពេលប្រាក់បំណុលឈានដល់កម្រិតខ្ពស់រហូតមិនអាចសងអស់ កម្មករទាំងនោះត្រូវក្លាយជាកម្មករតជំនាន់ពីឪពុកម្តាយទៅកូននិងតរហូតដល់ចៅ។ ហើយការសិក្សាស្រាវជ្រាវនេះក៏រកឃើញថាគ្រួសារមួយចំនួនត្រូវធ្វើការដើម្បីសងបំណុលអស់ ៣ជំនាន់មកហើយ ដែលប្រាក់បំណុលដំបូងត្រូវបានខ្ចីដោយសមាជិកគ្រួសារជំនាន់មុន។
របាយការណ៍ដែលចេញនៅឆ្នាំ ២០១៦ ដដែលនោះ ក៏បានបង្ហាញពីលក្ខខណ្ឌការងារដែលប្រកបដោយគ្រោះថ្នាក់ក្នុងសិប្បកម្មផលិតឥដ្ឋ ជាពិសេសកុមារដែលបានពិការដៃដោយសារម៉ាស៊ីនផលិតឥដ្ឋ។
របាយការណ៍របស់អង្គការលីកាដូដដែលក៏បានរកឃើញថា ដោយសារតែភាពភ័យខ្លាចនិងផលវិបាកនៃការពឹងផ្អែកទាំងស្រុងលើម្ចាស់សិប្បកម្មកម្មករជាច្រើននាក់គ្មានបំណងតវ៉ាប្រឆាំងទៅនឹងលក្ខខណ្ឌការងារដ៏លំបាករបស់ពួកគេនោះទេ។
កាលពីដើមខែមីនា ឆ្នាំ ២០១៩ កុមារីអាយុ ១០ឆ្នាំម្នាក់ ជាកូនកម្មករឡឥដ្ឋ បានជួបគ្រោះថ្នាក់នៅសិប្បកម្មផលិតឥដ្ឋមួយ ស្ថិតនៅឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលបានបង្កឲ្យកុមារីនោះបាត់បង់ដៃម្ខាង។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រាប់ VOA ថា កុមារដែលកំពុងធ្វើការនៅសិប្បកម្មឡឥដ្ឋ នៅតែបន្តមាននិងបន្តជួបបញ្ហាទាំងសុខភាព និងសុវត្ថិភាពដដែល បើទោះបីជាក្រសួងការងារមានចុះអធិការកិច្ចតាមឡឥដ្ឋទាំងនោះក៏ដោយ។ លោកបន្តថា ការដែលកុមារនៅតែបន្តមានវត្តមានធ្វើការក្នុងសិប្បកម្មឡឥដ្ឋ គឺដោយសារឱពុកម្តាយរបស់ពួកគេជំពាក់បំណុលរបស់ម្ចាស់សិប្បកម្មច្រើន ហើយអធិការកិច្ចពីខាងក្រសួងធ្វើឡើងមិនទាន់គ្រប់គ្រាន់នៅឡើយ។
លោកបញ្ជាក់ថា៖ «ទោះបីឡឥដ្ឋមួយចំនួនក្លាយទៅជាឡឥដ្ឋទំនើប ដែលប្រើគ្រឿងចក្រទំនើបដែលមិនសូវបង្កភាពគ្រោះថ្នាក់សម្រាប់កុមារ ប៉ុន្តែកុមារខ្លះក៏នៅតែប្រើប្រាស់ពលកម្ម ដូចជាការជញ្ជូនឥដ្ឋ ឬលើកឥដ្ឋដាក់លើឡានអីជាដើម គឺនៅតែមានការប្រើប្រាស់។ ជាពិសេសរឿងនៅក្នុងឡ ទោះបីជាឡហ្នឹងបានស្ងួតឥដ្ឋរួចទៅហើយ ប៉ុន្តែការចូលទៅក្នុងឡ គឺមានលក្ខណៈក្តៅ អ៊ីចឹងការប្រើប្រាស់កង្ហារអីហ្នឹង ក៏វាមិនគ្រប់គ្រាន់ក្នុងការធានាសុខភាពកុមារដែរបាទ»។
បុរសម្នាក់កំពុងដឹកឥដ្ឋដោយគោយន្តយកទៅឡ ក្នុងបរិវេណសិប្បកម្មឡឥដ្ឋ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
លោក អំ សំអាត បន្ថែមថា ការបន្តឲ្យកុមារធ្វើការនៅសិប្បកម្មឡឥដ្ឋ គឺជាសកម្មភាពដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុវត្ថិភាពសិទ្ធិ និងការលូតលាស់របស់កុមារ។
«បើសិនជាកម្លាំងពលកម្មកុមារនៅតាមឡឥដ្ឋចេះតែបន្ត គឺភាពគ្រោះថ្នាក់ និងហានិភ័យសម្រាប់កុមារវាអាចនឹងកើតមានជាបន្តបន្ទាប់។ ពីព្រោះយើងឃើញហើយលទ្ធផលកុមារមួយចំនួនដែលគាត់ចូលជើង ដាច់ដៃ ឬក៏អាចដល់ស្លាប់ផងទាក់ទងនឹងបញ្ហាពលកម្មក្នុងឡឥដ្ឋហ្នឹង។ ទី២ កាលណាកុមារធ្វើការច្រើន អ៊ីចឹងអាចនឹងបោះបង់ចោលការសិក្សា វាធ្វើឲ្យប៉ះពាល់ទៅដល់ធនធានមនុស្សសម្រាប់ប្រទេសយើងទៅថ្ងៃក្រោយទៀត»។
លោក អំ សំអាត បន្ថែមថា ដើម្បីធានាថាមិនមានកុមារធ្វើការក្នុងសិប្បកម្មឡឥដ្ឋតទៅទៀត លុះត្រាតែអាជ្ញាធរដាក់ទណ្ឌកម្មឲ្យបានធ្ងន់ធ្ងរលើម្ចាស់សិប្បកម្មឡឥដ្ឋ ដែលអនុញ្ញាតឲ្យមានកុមារធ្វើការនៅទីនោះ លុបបំបាត់ការផ្តល់កម្ចីឲ្យទៅកម្មករជាធ្នាក់ឲ្យពួកគេធ្វើជាកម្មករដើម្បីសងបំណុល ហើយទទួលបានកម្រៃទាបជាដើម។
លោកវ៉ាន់ រតនា ប្រធានការិយាល័យផ្នែកពិនិត្យនិងអធិការកិច្ចពលកម្មកុមារនៃនាយកដ្ឋានការងារកុមារនៅក្រសួងការងារ បានច្រានចោលការលើកឡើងថា មានវត្តមានកុមារមិនគ្រប់អាយុធ្វើការក្នុងសិប្បកម្មឡឥដ្ឋ។ លោកប្រាប់ VOA ថា ក្រសួងការងារតែងប្រឹងប្រែងទប់ស្កាត់ពលកម្មកុមារគ្រប់ទម្រង់ ដោយប្រើប្រាស់បទដ្ឋានច្បាប់ដែលមានស្រាប់។
លោក វ៉ាន់ រតនា បន្ថែមថា ប្រសិនបើមានករណីនៃការប្រើប្រាស់កម្លាំងពលកម្មកុមារក្នុងសិប្បកម្មឡឥដ្ឋ នោះត្រូវរាយការណ៍ទៅក្រសួងការងារដើម្បីចាត់វិធានការ។
«យើងផ្សព្វផ្សាយដល់និយោជក និងក្រុមគ្រួសារកម្មករដែលធ្វើការក្នុងឡឥដ្ឋហ្នឹង គឺថាយើងមានគោលការណ៍ណែនាំមួយ ហាមឃាត់ក្មេងដែលក្រោមអាយុ ១៥ឆ្នាំ ដែលចូលក្នុងសង្វាក់ផលិតកម្ម។ អ៊ីចឹងយើងមិនអនុញ្ញាតឲ្យគាត់ចូលក្នុងសង្វាក់ផលិតកម្មកន្លែងការងារគ្រោះថ្នាក់ទេ។ ហើយបើសិនជាមាននៅតែធ្វើ ក្រសួង ក៏ដូចជានាយកដ្ឋានមានវិធានការ អនុវត្តទៅលើច្បាប់ហ្នឹង គឺពិន័យ ឬមានទោសទណ្ឌអីផ្សេងៗទៀត ទៅតាមគោលការណ៍ណែនាំរបស់ក្រសួងការងារហ្នឹង»។
ឆ្លើយតបនឹងរបាយការណ៍ដែលរកឃើញដោយអង្គការសមាគមមួយចំនួនពាក់ព័ន្ធនឹងបំណុលធ្វើឲ្យកម្មករនៅឡឥដ្ឋបន្តធ្វើការងារក្នុងកម្រៃទាបដោយមិនអាចសងបំណុលបាន និងជាមូលហេតុធ្វើឲ្យមានក្មេងៗមិនគ្រប់អាយុធ្វើការនៅឡឥដ្ឋ លោក វ៉ាន់ រតនា ក៏បានច្រានចោលថា មិនមានករណីប្រើប្រាស់បំណុលធ្វើជាអន្ទាក់ឲ្យកម្មករធ្វើការនៅឡឥដ្ឋនោះទេ។
លោកបញ្ជាក់ថា៖ «នាយកដ្ឋានការងារកុមារក៏ដូចជាជាក្រសួងការងារក៏បានធ្វើការស្រាវជ្រាវចំណុចហ្នឹងដែរថា បើសិនជាក្នុងករណីមានអន្ទាក់បំណុលមែន និយោជកមានបញ្ហាដែរ ប្រឈមមុខនឹងច្បាប់ដែរ។ ប៉ុន្តែគ្រាន់តែថាកន្លងមក គឺអត់សោះ។ អត់ទាន់ឃើញជាក់លាក់ ការបង្ហាញឲ្យបានច្បាស់លាស់ទេ។ ប៉ុន្តែយើងបានថា អាការខ្ចីបំណុលហ្នឹង គឺជាបងប្អូន។ ដូចថា ឥលូវថៅកែហ្នឹងគាត់មានប្អូនធ្វើការនៅហ្នឹង គាត់មានក្មួយធ្វើការនៅហ្នឹង គាត់ខ្ចីគ្នាគាត់ទៅ ហើយគាត់អាងថាបងគាត់ជាថៅកែអី អ៊ីចឹងគាត់ធ្វើមកត្រូវកាត់សងគាត់»។
ជាកម្មករដែលទទួលបានចំណូលត្រឹម ២៥,០០០រៀល សម្រាប់ការហាលឥដ្ឋមួយម៉ឺនដុំទាំងជាប់បំណុលជុំខ្លួន មិនអាចដោះបាន អ្នកស្រី ឈុំ ស៊ីម និយាយថា អ្នកស្រីចង់ឲ្យថៅកែតំឡើងថ្លៃកម្លាំងពលកម្មឲ្យបានខ្ពស់ជាងនេះ ដើម្បីអាចឲ្យគ្រួសារអ្នកស្រីអាចសល់លុយខ្លះសម្រាប់ដោះបំណុលដែលកំពុងជំពាក់។
អ្នកស្រី ឈុំ ស៊ីម និយាយទាំងទឹកមុខស្ងួតថា ប្រសិនបើកម្រៃពលកម្មនៅឡឥដ្ឋនេះនៅតែទាប នោះអ្នកស្រីនឹងមិនរំពឹងថាអាចសងបំណុលដែលខ្ចីថៅកែឡឥដ្ឋរាប់ឆ្នាំមកហើយនោះទេ។
«អនាគតមិនដឹងទៅជាយ៉ាងម៉េច? កូនចៅក្រោយៗទៀតមិនដឹងយ៉ាងម៉េច បើអត់អ៊ីចឹង? គិតដែរប៉ុន្តែគិតអត់កើត»៕