ប្រទេស​កម្ពុជា​នឹង​ចុះ​ហត្ថលេខា​ទទួល​យក​ជន​បរទេស​ពី​អូស្ដ្រាលី

ឯកសារ៖ នាង Rmah H'Bin អាយុ​១៨​ឆ្នាំ​ជា​ជនជាតិ​ភាគតិច​ Montagnard និង​ជា​ជន​​ភៀស​ខ្លួន​​ពី​ប្រទេស​វៀតណាម សម្រាក​​ក្នុង​អំឡុង​ការ​បង្រៀន​មួយ​​នៅ​អង្គការ​អន្តរជាតិ​សម្រាប់​អន្តោប្រវេសន៍ នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​១៣​ខែ​ឧសភា ឆ្នាំ​២០០៥។

ប្រទេស​កម្ពុជា​នឹង​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​អូស្ត្រាលីនៅ​ថ្ងៃ​សុក្រទី​២៦​ខែ​កញ្ញា​នេះ​ដើម្បី​ទទួល​យក​ជន​អន្តោ​ប្រវេសន៍​អន្តរជាតិ​ដ៏​ចម្រូង​ចម្រាស់ឲ្យ​ស្នាក់​នៅ​កម្ពុជា។​ ​កិច្ច​ព្រមព្រៀងដែល​ស្ថិត​ក្រោម​ការ​រិះ​គន់​ជា​ច្រើន។​

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​ឲ្យ​ដឹង​ថា​ ពិធី​ចុះ​ហត្ថលេខា​លើអនុស្សរណៈ​យោគ​យល់គ្នា​ទាក់​ទង​ទៅ​នឹងការ​ទទួល​យក​ជន​ភៀស​ខ្លួន​បរទេស​ពី​ប្រទេស​អូស្រ្តាលី​ឲ្យ​ស្នាក់​នៅ​កម្ពុជានោះ​ នឹង​ធ្វើ​ឡើង​រវាង​លោក​ស ខេង ​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ និង​លោក​ស្កុត ម៉ូរីសុន ​(Scott Morrison)​ រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​ និង​កិច្ចការពារ​ព្រំដែន​អូស្ត្រាលី។​

លោក​ម៉ូរីសុន​នឹង​ចាប់​ផ្តើម​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា​គឺ​ពី​ថ្ងៃ​សុក្រ​ទី​២៦​ដល់​ថ្ងៃ​សៅរ៍​ទី​២៧​ខែ​កញ្ញា។​

លោក​កុយ គួង ​អនុរដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេសកម្ពុជា​ បាន​ឲ្យ​ដឹង​ថា ​ប្រទេស​ទាំងពីរ​បាន​ពិភាក្សា​គ្នា​និង​ឯកភាព​គ្នា​រួច​រាល់​លើ​ការ​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ពី​ប្រទេស​អូស្ត្រាលី​ឲ្យ​មក​តាំង​លំនៅ​ថ្មី​នៅ​កម្ពុជា​នេះ។​

«ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​គ្នា​ហើយ​ ហើយ​ពិធី​ចុះ​ហត្ថលេខា​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៦​ខែ​កញ្ញា​ខាង​មុខ​នេះ»។​

ប្រទេស​កម្ពុជា​បាន​ទទួល​រង​ការ​រិះ​គន់​ជា​អន្តរជាតិ​ថា​ មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន​និង​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ រួម​ទាំង​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ ប្រជាធិបតេយ្យ​ ក្រោយ​ពី​ការបោះ​ឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣។​

ដោយ​ឡែក​ទាក់ទិន​ទៅ​នឹង​ការ​ផ្តល់​ជម្រក​ថ្មី​ដល់​ជន​ភៀស​ខ្លួន​បរទេស​ពី​ប្រទេស​អូស្រ្តាលី​ឲ្យ​មក​រស់​នៅ​ប្រទេស​កម្ពុជា​នោះ​ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ មន្ត្រី​គណបក្ស​ជំទាស់​និង​ការិយាល័យ​អង្គការ​សហប្រជា​ជាតិ​សម្រាប់​ជន​ភៀស​ខ្លួនក៏​ធ្លាប់​បាន​រិះ​គន់​ជា​ចំហ​ផង​ដែរ។​

មាន​អន្តោប្រវេសន៍​ខុស​ច្បាប់​ ដែល​មាន​ជនជាតិ​ផ្សេងៗ​ប្រមាណ​១០០០​នាក់កំពុង​ស្ថិត​ក្នុង​ជំរំ​បណ្តោះ​អាសន្ន​នៅ​កោះ​ Nauru​ ​នៃ​ប្រទេស​អូស្រ្តាលី។​ ក៏​ប៉ុន្តែរហូត​មក​ដល់​ពេល​នេះ​ គ្មាន​ប្រភព​ណា​មួយ​ដែល​អាច​បញ្ជាក់​បាន​ ថា​តើ​ជន​អន្តោ​ប្រវេសន៍​ចំនួន​ប៉ុន្មាន​នឹង​ត្រូវផ្តល់​ជម្រក​នៅ​កម្ពុជា។ ​ដំណាល​គ្នា​នេះ​រដ្ឋា​ភិបាល​កម្ពុជា​ធ្លាប់​បាន​ប្រកាស​ថា​ កម្ពុជា​នឹង​ទទួល​យក​ជន​អន្តោ​ប្រវេសន៍​ណា​ដែល​ស្ម័គ្រ​ចិត្ត​មក​រស់​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ។​

លោក​ អ៊ូ វីរៈ​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​សម្តែងការ​សោក​ស្តាយ​ចំពោះ​កិច្ច​ព្រម​ព្រៀងនៃ​ប្រទេស​ទាំង​ពីរ​អំពី​ជន​ភៀស​ខ្លួននេះ។​

«យើង​មិន​ទាន់​ដឹង​ព័ត៌មាន​លម្អិត ថា​ករណី​ទទួល​យក​ជនភៀស​ខ្លួន​នេះ​មាន​ប៉ុន្មាន​នាក់? ​ពួក​គេ​មាន​សិទ្ធិ​ចូល​ជា​សញ្ជាតិ​កម្ពុជា ​ឬ​មួយ​ក៏​ពួក​គេ​ត្រូវ​រង់​ចាំ​ទៅ​រស់​នៅ​ប្រទេស​ទី​៣។ ការ​បញ្ជូន​មក​កម្ពុជា​គឺ​ជា​ការ​ធ្វើ​បាប​ពួក​គាត់​ ពី​ព្រោះ​ពួក​គេ​ខំ​គេច​ទៅ​រស់​នៅ​អូស្រ្តាលី​ តែ​បែរ​ជា​អូស្រ្តាលី​បញ្ជូន​ពួក​គេ​មក​កម្ពុជា​ដែល​ប្រទេស​កម្ពុជា​មិន​មាន​លក្ខណៈ​ប្រសើរ​សម្រាប់​ពួក​គេ​រស់​នៅ​ទេ។​ សេដ្ឋ​កិច្ច​ក្រីក្រ ​ប្រព័ន្ធ​អប់រំ​យ៉ាប់យ៉ឺន​ និង​ប្រព័ន្ធ​សុខា​ភិបាល​បរាជ័យ»។​

ដោយ​ឡែក​លោក​យ៉ែម បុញ្ញរិទ្ធ ​តំណាងរាស្ដ្រ​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ជាក់​ថា​ គណបក្ស​ជំទាស់​មិន​គាំទ្រកិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​អូស្ត្រាលី​ និង​កម្ពុជា​នេះ​ទេ។​

«ប្រសិន​បើ​មាន​កិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋា​ភិបាល​ខ្មែរ​ និង​អូស្ត្រាលី​នោះ​មែន​ យើង​មិន​គាំ​ទ្រ​ទេ។​ ​កិច្ច​ការ​នេះ​សូម្បី​តែ​តំណាង​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​ក៏​មិន​មាន​ពាក់​ព័ន្ធ​ក្នុង​រឿង​នេះ​ ​គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​ចម្លែក​ដែរ»។​

ពុំ​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ ថា​តើ​ជន​ភៀស​ខ្លួន​បរទេសក្រោម​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​កម្ពុជា​អូស្រ្តា​លី​នឹង​មក​តាំង​លំនៅ​នៅ​កម្ពុជា​នៅ​ពេល​ណា​ ហើយ​កម្ពុជា​នឹង​ផ្តល់​ជម្រក​ដល់​ពួក​គេ​នៅ​ទីណា​ពិត​ប្រាកដទេ​ នៅ​ពេលដែល​ប្រជា​ពលរដ្ឋ​កម្ពុជាជា​ច្រើន​ម៉ឺន​គ្រួសារ​ត្រូវ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ដោយ​បង្ខំ​ក្នុង​ទី​ក្រុង​ភ្នំពេញ​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​

ខណៈ​ដែល​កម្ពុជា​យល់​ព្រម​ទទួល​យក​អន្តោ​ប្រវេសន៍​បរទេស​ខុស​ច្បាប់​ពី​ប្រទេស​អូស្ត្រាលី​នោះ​ ​លោក​ Scott Morrison ​រដ្ឋ​មន្ត្រី​ក្រសួង​អន្តោ​ប្រវេសន៍​អូស្ត្រាលី​ធ្លាប់​បាន​អះអាង​ថា​ រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ផ្ដល់​ជំនួយ​ប្រមាណ​៨០​លាន​ដុល្លារ​ដល់​កម្ពុជា​នៅ​ឆ្នាំ​២០១៤​នេះ៕