រូបភាព​ជុំវិញ​ពិភពលោក ៣០ មិថុនា ២០១៧

ប៉ូលិស​បោស​សម្អាត​របាំង​ភ្លើង​ដែល​កំពុង​ឆេះ​នៅ​លើ​មហាវិថី​មួយ​ទៅ​កាន់​ក្រុង Brasilia ប្រទេស​ប្រេស៊ីល។ សហជីព​នានា​ដែល​តំណាង​ឲ្យ​កម្មករ​ផ្នែក​ដឹក​ជញ្ជូន​ និង​កម្មករ​ដទៃ​ទៀត​តវ៉ា​ឲ្យ​លុបចោល​សំណើ​ដែល​ដាក់​ទៅ​សភា​ដើម្បី​បន្ធូរ​បន្ថយ​បញ្ញត្តិ​ការងារ និង​កាត់​បន្ថយ​អត្ថប្រយោជន៍​សោធននិវត្តន៍​នៅ​ក្នុង​ប្រទេស​ដ៏​ធំ​មួយ​ក្នុង​តំបន់​អាមេរិក​ឡាទីន។

យុវជន​អ៊ីរ៉ាក់​ម្នាក់​បី​ក្មេង​នៅ​ពេល​ជម្លៀស​ចេញ​ពី​ក្រុង Mosul នៅ​ពេល​ដែល​កងកម្លាំង​រដ្ឋាភិបាល​បន្ត​វាយប្រយុទ្ធ​ដើម្បី​ដណ្តើម​យក​ក្រុង​នេះ​ពី​យុទ្ធជន​រដ្ឋ​ឥស្លាម​មក​វិញ។

នំ​​អាពាហ៍ពិពាហ៍​ដែល​មាន​ពណ៌​ឥន្ទធនូ​ និង​តុបតែង​ជាមួយ​នឹង​រូប​ស្ត្រី​ពីរ​នាក់ និង​បុរស​ពីរ​នាក់​នៅ​ក្នុង​ក្រុង​បែរឡាំង។ សភា​អាល្លឺម៉ង់​សម្រេច​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​អាពាហ៍ពិពាហ៍​នៃ​មនុស្ស​ភេទ​ដូច​គ្នា ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោកស្រី​អធិការបតី Angela Merkel បាន​និយាយ​ថា លោកស្រី​នឹង​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​របស់​លោកស្រី​បោះឆ្នោត​តាម​ការ​យល់​ឃើញ​របស់​ពួកគេ។

អ្នក​ជួយ​សង្គ្រោះ​ និង​អ្នក​ស្រុក​ស្មឹងស្មាត​ នៅ​ពេល​ពួកគេ​ចូលរួម​ក្នុង​កម្មវិធី​កាន់​ទុក្ខ​ជា​សាធារណៈ​សម្រាប់​ជន​រងគ្រោះ​នៃ​ការ​បាក់​ដី​នៅ​ក្នុង​ភូមិ Xinmo ខេត្ត Sichuan ប្រទេស​ចិន។

សមាជិក​នៃ​សហភាព​សហព័ន្ធ​ពាណិជ្ជកម្ម​កូរ៉េ​បោះ​មួក​របស់​ពួកគេ​ទៅ​លើ​អាកាស ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​មួយ​ប្រឆាំង​នឹង​គោលនយោបាយ​ការងារ​របស់​រដ្ឋាភិបាល​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។ ពលករ​រាប់​ពាន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ទាមទារ​ឲ្យ​មាន​ស្ថានភាព​ការងារ​ល្អ​ជាង​មុន និង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​ប្រើប្រាស់​និយោជិត​បណ្តោះ​អាសន្ន។

ក្មេង​ប្រុស​ម្នាក់​លោត​ចូល​ទៅ​ក្នុង​សមុទ្រ​ខ្មៅ​ពី​ផែ​មួយ​នៅ​ក្នុង​ក្រុង Sochi ប្រទេស​រុស្ស៊ី។

សមាជិក​នៃ​ក្រុម​ប្រណាំង​កង់ BMC Racing របស់​អាមេរិក​ជិះ​កង់​ក្នុង​ពេល​ហ្វឹកហាត់​មួយ​នៅ​ក្នុង​ក្រុង Dusseldorf ប្រទេស​អាល្លឺម៉ង់ មួយ​ថ្ងៃ​មុន​ចាប់​ផ្តើម​ការ​ប្រណាំង​កង់ Tour de France លើក​ទី១០៤។ ការ​ប្រណាំង​កង់​នេះ​ចាប់​ផ្តើម​នៅ​ថ្ងៃទី១ ខែកក្កដា នៅ​លើ​ផ្លូវ​នានា​នៃ​ក្រុង Dusseldorf និង​បញ្ចប់​នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ក្នុង​ក្រុង​ប៉ារីស។

អ្នក​សម្តែង​រាំ​ក្នុង​កម្មវិធី​មួយ​ ដោយ​មាន​ការ​​អញ្ជើញ​ចូលរួម​ដោយ​លោក​ប្រធានាធិបតី Xi Jinping ក្នុង​ក្រុង​ហុងកុង។ លោក​ប្រធានាធិបតី Xi Jinping បាន​សរសើរ​ក្រុង​ហុងកុង​ចំពោះ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ចិន។

ក្មេងស្រី​ម្នាក់​រាំ​នៅ​ពី​មុខ​កញ្ចក់​មួយ​ ក្នុង​ក្រុង Milan ប្រទេស​អ៊ីតាលី។

រូបភាព​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ណាសា​កាលពី​ថ្ងៃសុក្រ​បង្ហាញ​រូបភាព​មួយ​ដែល​ថត​បាន​ដោយ​ម៉ាស៊ីន JunoCam នៅ​លើ​យន្តអវកាស Juno របស់​ណាសា​កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។

អ្នក​បង្ហាញ​ម៉ូដ​ម្នាក់​ដើរ​នៅ​លើ​ផ្លូវ​ដើរ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ Red Point Spring/Summer 2017-2018 នៅ​ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ។

អ្នក​ជិះ​ក្តារ​លើ​ទឹក​ដើរ​ចូល​ទៅ​ក្នុង​ទឹក​នៅ​ឆ្នេរ Punta Roca ក្នុង​ក្រុង La Libertad ប្រទេស​អែលសាល់វ៉ាឌ័រ។