បណ្ឌិត Chandler មាន​ទុទ្ទិដ្ឋិនិយម​ចំពោះ​អនាគត​កម្ពុជា

លោក David Chandler ផ្តល់​បទសម្ភាសន៍​ដល់វីអូអេ ខណៈ​ពេល​ដែល​លោក​មក​ចូល​រួម​សន្និសីទ​​ប្រ​ចំាឆ្នាំ​របស់​សមាគម​សម្រាប់​ការសិក្សា​តំបន់​អាស៊ី ដែល​ធ្វើ​ឡើង​នៅ​រដ្ឋធានី វ៉ាស៊ីនតោន កាលពី ​ថ្ងៃ​ទី​២២ ​ដល់ ​ថ្ងៃ​ទី​២៥​ ខែ​មីនា។ (ចាប ចិត្រា/VOA)

វ៉ាស៊ីនតោន — កំណត់​និពន្ធ៖ លោក​សាស្ត្រាចារ្យ​បណ្ឌិត David Chandler បាន​សរសេរ​សៀវភៅ​ប្រាំ​មួយ​ក្បាល ស្ដី​ពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា រួម​ជាមួយ​នឹង​អត្ថបទ​សិក្សា​ជា​ច្រើន​ទៀត។ សៀវភៅ​ទី​មួយ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា «ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា» ត្រូវ​បាន​បក​ប្រែ​ជា​ច្រើន​ភាសា​ដូចជា ភាសា​ខ្មែរ បារាំង ចិន និង​ថៃ។ ប្រវត្តិវិទូ​ជនជាតិ​អាមេរិកាំង​វ័យ​៨៥ឆ្នាំ ដែល​ឥឡូវ​នេះ​ជា​សាស្ត្រាចារ្យ​ចូល​និវត្តន៍​នៃ​សាកលវិទ្យាល័យ Monash ក្នុង​ប្រទេស​អូស្ត្រាលី បាន​ទទួល​ពាន​រង្វាន់ ​ឈ្មោះ​ «វិភាគទាន​ល្អ​ដាច់​មុខ​សម្រាប់​ការ​សិក្សា​អាស៊ី» សម្រាប់​ស្នាដៃ​យ៉ាង​ទូលំទូលាយ​របស់​លោក ដែល​រួម​មាន​ប្រវត្តិសាស្ត្រ នយោបាយ និង​វប្បធម៌​ប្រទេស​កម្ពុជា​ផង​ដែរ។ សមាគមសម្រាប់​ការ​សិក្សា​តំបន់​អាស៊ី ឬ Association of Asian Studies បាន​ប្រគល់​ពាន​រង្វាន់​នេះ​ដល់ លោក​សាស្ត្រាចារ្យ​បណ្ឌិត David Chandler នៅ​ឯសន្និសីទ​ប្រចាំ​ឆ្នាំ​របស់​ខ្លួនកាល​ពី​ថ្ងៃ​ទី២២ ដល់​ថ្ងៃ​ទី​២៥ ខែ​មីនា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក ចាប ចិត្រា នៃ VOA បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ លោក​សាស្ត្រាចារ្យ​បណ្ឌិត David Chandler នៅ​ខាង​ក្រៅ​សន្និសីទ​នេះ ដោយ​ផ្ដោត​លើ ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ចិន អនាគត​ប្រទេស​កម្ពុជា របប​ផ្ដាច់​ការ​នៅ​អាស៊ីអាគ្នេយ៍ និង​អាជីព​របស់​លោកជា​ប្រវត្តិវិទូ។

តើ​លោក​គិត​យ៉ាង​ណា​ចំពោះ​កំណើន​ឥទ្ធិពល​ប្រទេស​ចិនលើ​ប្រទេស​កម្ពុជា?

ខ្ញុំ​គិត​ថា​បច្ចុប្បន្ន​នេះ​ប្រទេស​ចិន​មានឥទ្ធិពល​លើប្រទេស​កម្ពុជា​ខ្លាំង​ ហើយ​រាជរដ្ឋាភិបាល​កម្ពុជារីករាយ​ជាមួយ​ការ​រៀប​ចំ​នេះ។ កម្ពុជា​មិន​មែន​ជា​អាយ៉ង​ចិន​ និង​មិន​បម្រើ​ផល​ប្រយោជន៍ចិន​ប៉ុន្មាន​ទេ តែ​បើ​មាន​បញ្ហា​ជាប់​ផល​ប្រយោជន៍​ចិន កម្ពុជា​នឹង​ធ្វើ​ដូចករណី​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​។ កម្ពុជា​នឹង​នៅ​តែ​ជា​មិត្ត​របស់​ចិន។ ចិន​ជា​ម្ចាស់​ជំនួយ​ងាយ​ស្រួលបំផុត​របស់​កម្ពុជា។ ជា​ច្រើន​ឆ្នាំ​ ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយ​ដល់​បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ អាហ្វ្រិក និង​អាមេរិកឡាទីន ដើម្បី​ទាញ​យក​មិត្តភាព​ពី​រដ្ឋាភិបាល​ទាំង​នោះ។ ចិន​ជោគជ័យ​ណាស់។ ខ្ញុំ​មិន​ដឹង​ថា​ជំនួយ​នេះវិជ្ជមាន​ឬ​អត់ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ចិន​នឹង​មិន​ដក​ជំនួយ​មិត្តភាពមក​កាន់​កម្ពុជាទេ។

មើល​ប្រវត្តិសាស្ត្រ តើ​ខ្មែរ​ក្រហម​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ការ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​ប្រទេស​ចិន​?

គេ​នឹង​និយាយ​ថា​ប្រទេស​ចិន​មិន​ដូច​មុន​ទេ ហើយ​រាជ​រដ្ឋាភិបាលលោក​ ហ៊ុន សែន មិន​មែន​ជា​រដ្ឋាភិបាល​ខ្មែរ​ក្រហម​ទេ។ ពឹង​ផ្អែក​មិន​ដូច​ថត​ចម្លង​ទេ។ ខ្មែរ​ក្រហម​ចម្លង​មនោគមវិជ្ជា​ចិន​។ កម្ពុជា​ឥឡូវ​នេះ​មិន​មែន​ជា​ប្រទេស​កុម្មុយនិស្ត​ទេ។ ចិន​នៅ​តែ​ជា​ប្រទេស​កុម្មុយនិស្ត។ ប៉ុន្តែ​ឥឡូវ​នេះ វា​ជាមិត្តភាព​ដែល​ខ្ញុំ​គិត​ថា​ ​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​ទាំង​ពីរ។​

ទាក់​ទង​ការ​វិនិយោគ​សេដ្ឋកិច្ច​ ​ក្រុមហ៊ុន​ចិន​ច្រើន​ចូល​មក​ទិញ​ដី​ធ្វើ​សកម្មភាព​សេដ្ឋកិច្ច​គ្រប់​ប្រភេទ។ តើ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ប្រជាជន​កម្ពុជា​ឬ​ទេ?

អូ! ខ្ញុំ​គិត​ថា​វា​គួរ​តែ​មាន​ តែ​មិន​អាច​ដោះ​ស្រាយ​បាន​ទេ។ គ្មាន​អ្នក​ណា​នឹង​មក​ការពារ​ប្រជាជន​កម្ពុជា​ប្រឆាំង​នឹង​ផលប្រយោជន៍​ពាណិជ្ជកម្ម​ចិន ឬ​មូលធននិយម​ទេ។ ខ្ញុំ​មិន​គិត​ថា​វា​ជា​ការអភិវឌ្ឍន៍​មាន​ចីរភាព​ទេ ពេល​លក់​ដី​ច្រើន​ដូច​នេះ តែ​ខ្ញុំ​មិន​ឃើញ​អ្នក​ណា​នឹង​មក​ជួយ​កម្ពុជា​ទេ។ ប្រហែល​ក្នុង​រយៈ​ពេល​វែង វា​នឹង​មាន​ភាព​វិជ្ជមាន ដូចជា​ឧស្សាហូបនីយកម្ម​អឺរ៉ុប​ខាងលិច​ ដែល​មាន​អ្នក​រង​គ្រោះ​ច្រើន តែ​ក្រោយ​មក​សេដ្ឋកិច្ច​រីក​ចំរើន​ខ្លាំង​នៅ​ចុង​សតវត្សរ៍​ទី១៩។ នេះ​ប្រហែល​អាច​កើតឡើង​នៅ​កម្ពុជា។

ខ្ញុំ​មិន​គិត​ថា​វា​ជា​ការអភិវឌ្ឍន៍​មាន​ចីរភាព​ទេ ពេល​លក់​ដី​ច្រើន​ដូច​នេះ តែ​ខ្ញុំ​មិន​ឃើញ​អ្នក​ណា​នឹង​មក​ជួយ​កម្ពុជា​ទេ។ ប្រហែល​ក្នុង​រយៈ​ពេល​វែង វា​នឹង​មាន​ភាព​វិជ្ជមាន ដូចជា​ឧស្សាហូបនីយកម្ម​អឺរ៉ុប​ខាងលិច​ ដែល​មាន​អ្នក​រង​គ្រោះ​ច្រើន តែ​ក្រោយ​មក​សេដ្ឋកិច្ច​រីក​ចំរើន​ខ្លាំង​នៅ​ចុង​សតវត្សរ៍​ទី១៩។ នេះ​ប្រហែល​អាច​កើតឡើង​នៅ​កម្ពុជា។

តើ​លោកមាន​យោបល់​អ្វី​ខ្លះចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន?

ខ្ញុំ​មិន​អាច​ផ្ដល់​យោបល់​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលបច្ចុប្បន្ន​រីករាយ​ណាស់​ចំពោះ​ការ​រៀប​ចំ​ជាមួយ​ចិន​នេះ​។ យោបល់​ខ្ញុំ​គឺ​ប្រុង​ប្រយ័ត្ន​បន្ថែម ប្រហែល​សម្រាប់​រាជ​រដ្ឋាភិបាល​ថ្មី​មួយ​ផ្សេង​ទៀត តែ​មិន​មានរាជ​រដ្ឋាភិបាល​ថ្មី​ផង។ ខ្ញុំ​មិន​មាន​សិទ្ធិ​ផ្ដល់​យោបល់​ដល់​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ហើយ​ខ្ញុំគិត​ថា​ពួកគេ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ណា​ម្នាក់ ដែល​និយាយ​ឲ្យ​ពួកគេ​ដក​ថយ​ពី​ការ​រៀប​ចំ​មាន​ផល​ចំណេញ​ដ៏​ច្រើន ​ដែល​ពួកគេ​បាន​ចាប់​យក​ហើយ​នោះ​ទេ។

រូប​ឯកសារ៖ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​លោក ហ៊ុន សែន ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​ចិន លោក Xi Jinping មុន​ពេល​កិច្ច​ប្រជុំ​ក្នុង​រដ្ឋធានី​ប៉េកាំង កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤។ (AP Photo/Jason Lee, Pool)

ក្នុង​បរិបទ​តំបន់​និង​អន្តរជាតិ តើ​មាន​អ្វី​កើត​ឡើង​សម្រាប់​កម្ពុជា នៅ​ពេល​កម្ពុជា​កាន់​តែ​ស្និទ្ធជាមួយ​ចិន ហើយ​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពីលោក​ខាង​លិច?

កម្ពុជា​មិនដែល​ជិត​ស្និទ្ធ​នឹង​លោក​ខាង​លិច​ទេ។ រាជ​រដ្ឋាភិបាល​កម្ពុជា​តែង​តែ​ចូល​ចិត្ត​សម្ព័ន្ធ​មិត្ត​អាស៊ី​ ហើយ​បណ្ដា​ប្រទេស​តំបន់​អាស៊ី​ចូល​ចិត្ត​សម្ព័ន្ធ​មិត្ត​ក្នុង​ទ្វីប​អាស៊ី។ តើ​មាន​បញ្ហា​អ្វី​ក្នុង​សមាគម​អាស៊ាន​ខ្ញុំ​មិន​ប្រាកដ​ទេ។ វា​អាច​ប៉ះ​ពាល់​ខ្លះ​លើ​ភាព​ជា​សមាជិក​របស់​កម្ពុជា​នៅ​ក្នុង​សមាគម​អាស៊ាន។ សមាជិក​ខ្លះ​ដូចជា ឥណ្ឌូណេស៊ី ប្រហែល​ភ័យ​ខ្លាច​តិចតួច​អំពី​ទំហំ​នៃ​ការ​វិនិយោគ និង​ឥទ្ធិពល​ចិនក្នុង​ប្រទេស​កម្ពុជា។ នេះ​ប្រហែល​ជា​ផល​ប៉ះ​ពាល់​ខ្លះ តែ​វា​មិន​មាន​អ្វី​ពិសេស​សម្រាប់​អនាគត​កម្ពុជា​ទេ។​

ឥឡូវមើល​អនាគត​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​វែង។ តាម​ប្រវត្តិសាស្ត្រ កម្ពុជា​មាន​ស្ដេច​មាន​អំណាច​ផ្ដាច់​ការ​នានា របប​កុម្មុយនិស្ត​និង​សព្វ​ថ្ងៃ​ជិតស្និទ្ធ​នឹង​មហា​អំណាច​កុម្មុយនិស្ត​ចិន។ តើ​កម្ពុជា​នឹង​អាច​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​បាន​ឬទេ?

មិន​អាច​ទៅ​រួច​ក្នុង​អនាគត​ខ្លី​នេះ​ទេ។ គ្រប់​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​តែង​តែ​ជា​ ឬ​ក្លាយ​ជា​របប​ផ្ដាច់​ការ​នៅ​ប៉ុន្មាន​ឆ្នាំនេះ។ វា​ជា​និន្នាការ​ទូទាំង​ពិភពលោក។ តើ​ការណ៍​នេះ​នឹង​បន្ត​ដល់​ពេល​ណា? ខ្ញុំ​មិន​ដឹង​ទេ​។ មាន​សញ្ញា​ល្អ​ខ្លះ​នៅ​ទ្វីប​អឺរ៉ុប។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ មាន​និន្នាការ​ឆ្ពោះ​ទៅ​រក​អំណាច​ផ្ដាច់​ការ​ក្នុង​ពិភពលោក។ ហ្វីលីពីន​និង​ប្រទេស​ផ្សេងៗ​ទៀត​បាន​ក្លាយ​ជា​អំណាច​ផ្ដាច់ការ។ រាជ​រដ្ឋាភិបាល​កម្ពុជា​លើក​លែង​តែ​ក្រោម​របប​អាណានិគម​បារាំង ​តែងតែ​ជា​អំណាច​ផ្ដាច់​ការ។ កម្ពុជា​មិន​ដែល​មាន​ប្រជាធិបតេយ្យ សង្គម​នយោបាយ​ដែល​បើក​ទូលាយ​និង​មាន​ការ​ប្រកួត​ប្រជែង​នោះ​ទេ។ សោក​ស្តាយ​ណាស់ ​ខ្ញុំយល់ថា​កម្ពុជា​មិន​អាច​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ទេ។​

តើ​មាន​វិធី​សាស្ត្រ​ធ្វើ​ឲ្យ​មាន​ប្រជាធិបតេយ្យ​ទេ?

មិន​មាន​ទេ។ ទាល់​តែ​ប្រឆាំង​ប្រដាប់​អាវុធ។ តែ​ខ្ញុំ​មិន​រំពឹង​ថាមាន​អ្នក​ណា​ចង់​ប្រឆាំង​ប្រដាប់​អាវុធ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា​ទេ។ អ្នក​ណា​ប្រឆាំង​ប្រដាប់​អាវុធ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា​ នឹង​ត្រូវ​បាន​កម្ចាត់​ចោល ដូច្នេះ​លទ្ធិ​ប្រជាធិបតេយ្យនឹង​មិន​កើត​ឡើង​ដោយ​ហិង្សា​ទេ។ ហើយ​វា​ក៏​មិន​កើត​ឡើង​ ដោយ​សន្តិភាព​ដែរ ពីព្រោះ​ដំណើរ​ការ​បោះឆ្នោត​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រាជ​រដ្ឋាភិបាល។ វា​មិន​មែន​ជា​ការ​បោះឆ្នោត​មួយ ដែល​អ្នក​ផ្សេង​ទៀតមាន​ឱកាស​ឈ្នះ​នោះ​ទេ ហើយ​នឹង​មិន​មាន​ការ​ផ្លាស់​ប្តូរ​របប​ដែរ។ ការ​ផ្លាស់​ប្តូរ​របប​ជា​អ្វីដែល​លោក ហ៊ុន សែន ​ជំទាស់​ដាច់​ខាត​។

រូប​ឯកសារ៖ ប្រជាជន​កម្ពុជា​កាន់​បដា​ក្នុង​ការ​ដើរ​ក្បូន​ទាមទារ​ក្នុង​ទិវា World Habitat Day។ (AP Photo)

យុវជន​និង​ប្រជាជន​កម្ពុជាសកម្ម​ក្នុង​ការ​ចូល​រួម​នយោបាយ។ តើ​ពួកគេ​អាច​ជួយអ្វី​បាន​ខ្លះ?

ពួកគេ​នឹង​បន្ត​សកម្មភាព​ ហើយ​ខ្ញុំ​ពិត​ជា​មិន​មាន​សិទ្ធិផ្ដល់​យោបល់​ទេ។ ខ្ញុំ​រំភើប​នឹង​សកម្មភាព​ និង​ការ​ចាប់​អារម្មណ៍​របស់​ពួកគេ។ តែ​ខ្ញុំ​មើល​មិន​ឃើញ​ថា​សកម្មភាព​និង​ការ​ចាប់​អារម្មណ៍នេះ អាច​ផ្លាស់​ប្ដូរ​របប​នយោបាយ​ជា​វិជ្ជមាន​បាន​ទេ ខណៈ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​អាកប្បកិរិយា​បែប​នេះ។ នេះ​មិន​មែន​ជា​ពេល​វេលា​ល្អ​ទេ​សម្រាប់​សកម្មភាព​បែប​នេះ​ និង​សកម្មភាព​បែប​ណា​ក៏​ដោយ។

សំនួរ​នេះ​ផ្ដោត​លើ​បរិបទ​អន្តរជាតិ។ តើ​កម្ពុជា​អាច​មាន​ឯករាជ្យ​ភាព​ដោយ​មិន​រង​ឥទ្ធិពលបរទេស​ឬ​ទេ?

ទេ​មិន​អាច​ទេ។ កម្ពុជា​មិន​ដែល​អាច​ធ្វើ​បាន​ទេ​ លើក​លែង​សម័យ​អង្គរ​ពេល​ដែល​ខ្មែរ​ជា​មហា​អំណាច​មួយ។​ ពេល​នោះ​ គ្មាន​ប្រទេស​ណា​មក​រញ៉េរញ៉ៃ​ជាមួយ​ខ្មែរ​បាន​ឡើយ។ តែ​ពេល​ខ្មែរ​ចុះ​ខ្សោយ​នៅ​ចុង​សតវត្ស​ទី១៦ និង១៧ ខ្មែរ​តែងតែ​ស្ថិតក្រោម​ឥទ្ធិពល​រដ្ឋាភិបាល​បរទេស​មួយ​នេះ​ឬ​មួយ​នោះ បារាំង ចិន តែ​មិន​ដែល​ក្រោម​អាមេរិក​ទេ។ របប​គ្រប់គ្រង​កម្ពុជា​នានា ​បាន​ស្វែង​រក​ប្រទេស​មាន​អំណាច ​ឲ្យ​ការពារ​ពួក​គេ​ប្រឆាំង​នឹង​សត្រូវ​ដែល​គំរាម​កំហែង​និង​រំខាន​ពួក​គេ។ ហើយ​នេះ​ជា​គំរូ​មួយ​ដែល​លោក ហ៊ុន សែន កំពុង​ធ្វើ​តាម​ក្នុង​ការ​រៀបចំ​ជាមួយ​ចិន។ ប្រាកដ​ណាស់ កម្ពុជា​នឹង​មិន​អាច​ធ្វើ​អ្វី​ដោយឯករាជ្យ​ទេ។

តែ​ពេល​ខ្មែរ​ចុះ​ខ្សោយ​នៅ​ចុង​សតវត្ស​ទី១៦ និង១៧ ខ្មែរ​តែងតែ​ស្ថិតក្រោម​ឥទ្ធិពល​រដ្ឋាភិបាល​បរទេស​មួយ​នេះ​ឬ​មួយ​នោះ បារាំង ចិន តែ​មិន​ដែល​ក្រោម​អាមេរិក​ទេ។ របប​គ្រប់គ្រង​កម្ពុជា​នានា ​បាន​ស្វែង​រក​ប្រទេស​មាន​អំណាច ​ឲ្យ​ការពារ​ពួក​គេ​ប្រឆាំង​នឹង​សត្រូវ​ដែល​គំរាម​កំហែង​និង​រំខាន​ពួក​គេ។

លោក​ហាក់​មាន​ទុទ្ទិដ្ឋិនិយម​ណាស់!

មែន​ហើយ។ ខ្ញុំ​មិន​មែន​ជា​អ្នកទុទិដ្ឋិនិយម​ពី​ធម្មជាតិ​ទេ តែ​ខ្ញុំ​ស្ដាយ​ដែល​ត្រូវ​ធ្វើ​ឲ្យ​ការ​ចាក់​ផ្សាយ​នេះ ក្លាយ​ជា​ការ​បញ្ចេញ​ទុទ្ទិដ្ឋិនិយម​យ៉ាង​ជ្រាលជ្រៅ។ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​មិន​ឃើញ​ថា​ការ​ផ្លាស់​ប្ដូរ​នឹង​កើត​ឡើង ក្នុង​អនាគត​ដ៏​ខ្លី​នេះ។ ខ្ញុំ​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​២០​ឆ្នាំ​ទៀត​ទេ។ ពិភពលោក​ប្រែ​ប្រួល​ខ្លាំង​ណាស់ ២០​ឆ្នាំ​ទៀត។ នឹង​មាន​មនុស្ស​ពីរ​ពាន់​លាន​នាក់​ទៀត។ ពិភពលោក​នឹង​ខុស​ប្លែក​ណាស់។

រូប​ឯកសារ៖ កន្លែង​តម្កល់​លលា​ក្បាល​ដែល​រក​ឃើង​នៅ​ឯ​វាល​ពិឃាដរបស់​ខ្មែរ​ក្រហម​ថ្មី​មួយ​ក្នុង​ភូមិ​ត្រពាំង​ស្វា ចម្ងាយ ២៥ គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ។

កម្ពុជា​មាន​សង្គ្រាម​និង​ជម្លោះ​ជា​ច្រើន​ទសវត្សរ៍ តើ​កម្ពុជា​ធ្វើ​ម្ដេច​ទើប​អាច​កែ​ប្រែ​អនាគត​ឱ្យ​ប្រសើរ​ ដោយ​មិន​បង្ហូរ​ឈាម​ទៀត?

ខ្ញុំ​មិន​អាច​ទស្សន៍​ទាយ​បាន​ទេ។ ខ្ញុំ​មិន​ដឹង​ថា​អ្វី​នឹង​កើត​ឡើង តែ​ថ្ងៃ​ណា​មួយ​អ្នក​ដឹក​នាំ​នឹងស្លាប់​ដោយ​ជរា​ពាធ។ តើ​មាន​អ្វី​កើត​ឡើង​បន្ទាប់​ទៀត? ខ្ញុំមិនច្បាស់ទេ។ នេះ​ហើយ​ជា​ពេល​ដែល​អ្នក​អាច​ឃើញ​កម្ពុជា​ធ្វើ​អ្វី​ខុស​ប្លែក​ពី​ថ្នាក់​ដឹក​នាំ​ចាស់​។ ខ្ញុំ​គិត​ថា​អ្នក​ថ្មី​ប្រហែលមិន​សូវ​ក្ដាប់​យក​អំណាច​តែ​ម្នាក់​ឯង​ដូច​អ្នក​មុន តែ​ខ្ញុំ​គិត​ថា​ ប្រាកដ​ជា​មនុស្ស​ក្នុង​បក្ស​ដដែល​នឹង​កាន់​អំណាច។ មាន​អ្នក​ក្នុង​បក្សត្រៀម​ខ្លួន​ចាំ​បន្ត​កាន់​អំណាច​ខ្លាំង​ណាស់។ ប៉ុន្តែ​របៀប​របប​ដឹក​នាំ​ប្រហែល​ផ្លាស់​ប្តូរ​តិច​តួច ​ប្រហែលមិន​សូវ​ក្ដាប់​យក​អំណាច​តែ​ម្នាក់​ឯង​ដូច​អ្នក​មុន​ទេ។ តែ​ខ្ញុំ​មិន​ច្បាស់​ទាំង​ស្រុង​ទេ។

បើ​លោក​ត្រូវ​សរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​មួយទៀត តើ​លោក​នឹង​សរសេរ​ពី​អ្វី​ខ្លះ?

អំពី​អតីត​កាល​របស់​កម្ពុជា។ ខ្ញុំ​មិន​ចង់​ទស្សន៍​ទាយ​អំពី​អនាគត​កម្ពុជា​ទេ។ ខ្ញុំ​មិន​សក្តិ​សម​នឹង​សូម្បី​តែ​ព្យាយាម​ព្យាករណ៍​អំពី​អ្វី​ក៏​ដោយ​អំពីកម្ពុជា។ ខ្ញុំ​មិន​អាច​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​ផ្សេងៗ​ទេ។ ខ្ញុំ​នឹង​មិន​ផ្តល់​យោបល់​ដល់​ប្រជាជន​កម្ពុជា​អំពី​អ្វី​ដែល​ពួក​គេ​គួរ​ធ្វើ​ឡើយ។ ប៉ុន្តែបើ​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់ខ្ញុំ​អាច​ចេញ​បោះពុម្ព​លើក​ទី​៥ ខ្ញុំ​គិត​ថា​ ជំពូក​ចុង​ក្រោយ​នឹង​មាន​ទុទ្ទិដ្ឋិនិយម​ច្រើនជាង​ជំពូក​ចុង​ក្រោយ​នៃ​ការ​បោះពុម្ព​លើក​ទី​៤។

ប៉ុន្តែបើ​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់ខ្ញុំ​អាច​ចេញ​បោះពុម្ព​លើក​ទី​៥ ខ្ញុំ​គិត​ថា​ ជំពូក​ចុង​ក្រោយ​នឹង​មាន​ទុទ្ទិដ្ឋិនិយម​ច្រើនជាង​ជំពូក​ចុង​ក្រោយ​នៃ​ការ​បោះពុម្ព​លើក​ទី​៤។

លោក​ទើប​តែ​ទទួល​បាន​ពាន​រង្វាន់​សម្រាប់ «វិភាគទាន​ល្អ​ដាច់​មុខ​សម្រាប់​ការ​សិក្សាអាស៊ី»។ ប្រធាន​សមាគម​សម្រាប់​ការ​សិក្សា​តំបន់​អាស៊ី​មាន​ប្រសាសន៍​ថា៖ «កិច្ចការ​របស់ លោក David Chandler បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ជំនាញ​សិក្សា​មួយ»។ តើ​លោក​មាន​យោបល់​ដូច​ម្ដេច?

ខ្ញុំ​មិន​បាន​បង្កើត​ជំនាញ​សិក្សា​មួយ​ទេ តែ​មនុស្ស​ជា​ច្រើនសិក្សា​ជំនាញ​នេះ​តាម​ខ្ញុំ​។ ពេល​ខ្ញុំ​ចាប់​ផ្ដើម​សិក្សា​ប្រវត្តិសាស្ត្រកម្ពុជា មិន​ទាន់​មាន​អ្នក​សិក្សា​ដូច​ខ្ញុំ​ទេ។ សង្គ្រាម​ស៊ីវិល ខ្មែរក្រហម បញ្ហា​ជន​ភៀស​ខ្លួន UNTAC បាន​ធ្វើ​ឲ្យ​មនុស្ស​ពី​ទូទាំង​ពិភពលោក​ជា​ច្រើន​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ប្រទេស​កម្ពុជា ក្រៅ​ពី​ការ​សិក្សា​ស្រាវជ្រាវ។ បន្ទាប់មក ពួក​គេ​ភាគ​ច្រើន​ប្ដូរ​ទៅ​សិក្សា​ពី​កម្ពុជា​វិញ។ ខ្ញុំ​ក៏​ចាប់​អារម្មណ៍​លើ​កម្ពុជាដោយ​សារ UNTAC ឬ បញ្ហា​ជន​ភៀស​ខ្លួន​ដែរ។ ហើយ​ការ​សិក្សា​ពី​កម្ពុជា​នេះ ​ក្លាយ​ជា​ជំនាញ​ធំ​ជាង​មុន​ មនុស្ស​កាន់​តែ​ជា​ច្រើន​សិក្សា​ពីកម្ពុជា​។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ខ្ញុំ​បាន​សិក្សា​ពី​កម្ពុជា ប្រហែល​ជា​យូរ​ជាង​គេ តែ​ខ្ញុំ​មិន​បាន​បង្កើត​ជំនាញ​សិក្សា​ពី​កម្ពុជា​ទេ។ មនុស្ស​ជា​ច្រើន​សិក្សា​ពី​កម្ពុជា​តាម​ខ្ញុំ។ ខ្ញុំ​បាន​ជួយ​ពួក​គេ​ខ្លះ អ្នក​ខ្លះ​ជា​កូន​សិស្ស​របស់​ខ្ញុំ។ ខ្ញុំ​ពេញ​ចិត្ត​នឹង​ជួយ​ពួកគេ។