រដ្ឋាភិបាល​ស៊ីបគ្រោង​នឹងដកសញ្ជាតិវិញក្រោយ​ពី​មាន​រឿង​ចម្រូងចម្រាស​អំពី​កម្មវិធី​​វិនិយោគ​ដើម្បី​យក​លិខិត​ឆ្លង​ដែន

  • ​Reuters

រូបឯកសារ៖ រូបថតបង្ហាញលិខិតឆ្លងដែនប្រកាស​ស៊ើប​ (Cyprus)

កោះ​ដែល​នៅមហាសមុទ្រមេឌីទែរ៉ាណេមួយនេះត្រូវរង្គោះរង្គើដោយការ​ទម្លាយ​ព័ត៌មាន​​ពីកម្មវិធីវិនិយោគនេះ ចាប់តាំពី​ទីភ្នាក់ងារ​ព័ត៌មានអន្តរជាតិ ​Reuters រាយការណ៍ផ្តាច់មុខកាលពីខែតុលា​អំពីបញ្ជីឈ្មោះរបស់ជនជាតិ​កម្ពុជា​ដែលទទួលបានផលប្រយោជន៍ ពីកម្មវិធីនេះរួមមានអគ្គស្នងការនគរបាលជាតិនិងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។

រដ្ឋាភិបាល​ស៊ីប​ (Cyprus) និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​រដ្ឋាភិបាល​នេះ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ដកហូតវិញនូវ ​សញ្ជាតិ​ពី​មនុស្ស​ចំនួន​២៦​នាក់​ដែល​ទទួល​បាន​សញ្ជាតិ​តាមកម្មវិធី​វិនិយោគ​ដើម្បីយកសញ្ជាតិដ៏​សម្ងាត់​របស់​ប្រទេសនេះ​ដោយ​ទទួល​ស្គាល់​ថា​កម្មវិធី​នេះ​មាន​ការ​ខ្វះ​ចន្លោះ​មួយ​ចំនួន។

កោះ​ដែល​នៅមហាសមុទ្រមេឌីទែរ៉ាណេមួយនេះត្រូវរង្គោះរង្គើដោយការ​ទម្លាយ​ព័ត៌មានពីកម្មវិធីវិនិយោគនេះ ចាប់តាំពី​ទីភ្នាក់ងារ​ព័ត៌មានអន្តរជាតិ ​Reuters រាយការណ៍ផ្តាច់មុខកាលពីខែតុលា​អំពីបញ្ជីឈ្មោះរបស់ជនជាតិ​កម្ពុជា​ដែលទទួលបានផលប្រយោជន៍ ពីកម្មវិធីនេះរួមមានអគ្គស្នងការនគរបាលជាតិនិងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។

ការដកហូតសញ្ជាតិវិញជាទូទៅ​ជារឿងដ៏កម្រ ហើយដំណើរការដកហូតនេះកើតឡើងបន្ទាប់ពីអាជ្ញាធរ​បាន​ ស៊ើបអង្កេតក្រោយពីការចេញផ្សាយការរកឃើញរបស់ទីភ្នាក់ងារព័ត៌មាន​Reuters។

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​របស់​ប្រទេសស៊ីប លោក​ Constantinos Petrides ប្រាប់អ្នកសារព័ត៌មាន​ក្រោយពីកិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រីដែលមានរយៈពេលបួនម៉ោងថា៖

​«ទីស្តីការគណ:រដ្ឋមន្រ្តី​នៅ​ថ្ងៃ​នេះ​ បាន​បញ្ជាក់​អំពី​ឆន្ទ:របស់​រដ្ឋាភិបាល​ពី​ការ​ប្រកាន់​ខ្ជាប់​យ៉ាង​តឹង​រ៉ឹង​នូវ​លក្ខន្តិកៈរបស់​កម្មវិធី​វិនិយោគនៃ​ប្រទេសស៊ីប»។

លោក​មិនបានបង្ហាញពីសញ្ជាតិឬអត្តសញ្ញាណនៃអ្នកដែលត្រូវប៉ះពាល់នោះទេ ប៉ុន្តែលោកថា​ការណ៍នេះ«ក៏ទាក់ទងនឹងនឹងអ្នក»ដែលត្រូវបានលើកឡើងនៅក្នុង​ការ​ផ្សាយ​ព័ត៌មាននានា។

ប្រភព​នានា​ពី​ភាគី​ប្រទេស​ស៊ីប​បញ្ជាក់​ថា​ ក្រុម​អ្នក​ដែល​ត្រូវ​ប៉ះពាល់​នេះ​រួម​មាន ជនជាតិ​រុស្ស៊ី​៩​នាក់ ជនជាតិ​ខ្មែរ​៨​នាក់ ជនជាតិ​ចិន​៥​នាក់ ជនជាតិ​កេនយ៉ា​ពីរ​នាក់ ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ និង​ជនជាតិ​អ៉ីរ៉ង់​ម្នាក់។​

ពួក​គេ​ជាប់​ពាក់ព័ន្ធ​នឹង​កម្រោង​វិនិយោគ​ចំនួន​៩ ដែល​នៅ​ក្នុង​គម្រោង​ទាំង​នេះ ក្រុម​អ្នក​វិនិយោគ​បរទេស​ដែល​មាន​ការ​សហការ​គ្នា​អាច​ទទួល​បានប្រយោជន៍​ពី​កម្មវិធី​(យក​សញ្ជាតិ)​នេះ។​

ប្រទេស​ស៊ីបមាន​កម្មវិធី​វិនិយោគ​បាន​សញ្ជាតិ​នេះ តាំង​ពី​ឆ្នាំ​២០១៣​មក​ម៉្លេះ ដែល​នៅ​ក្នុង​កម្មវិធី​នេះ ការ​វិនិយោគ​ទាំង​ឡាយ​ណា​ដែលមាន​ទឹក​ប្រាក់​ចាប់​ពី​២​លាន​អឺរ៉ូ​ឡើង​ទៅ ឬ​ស្មើ​នឹង​២,២​លាន​ដុល្លារ​អាមេរិក អាច​ទិញ​បានលិខិត​ឆ្លង​ដែន និងសិទ្ធិអាច​ធ្វើ​ដំណើរ​ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​នៅ​ទូទាំង​សហភាព​អឺរ៉ុប។​

ការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​វិនិយោគ​បាន​សញ្ជាតិ​នេះ​ ឥឡូវ​ត្រូវ​បាន​ហាម​ឃាត់ ក៏​ប៉ុន្តែ​យ៉ាង​តិច​មាន​ការិយាល័យ​ច្បាប់​មួយ​កន្លែង​ធ្លាប់​បាន​ចែកចាយ​ខិត្តប័​ណ្ណផ្សព្វផ្សាយ​ដែល​មាន​ទម្រង់​ដូច​លិខិត​ឆ្លង​ដែន​ដល់​អ្នក​ទេសចរបរទេស​ដែល​បាន​មក​ដល់​អាកាសយានដ្ឋាន​ចម្បង​របស់​កោះស៊ីប។

ក្រុម​អាជ្ញាធរ​និយាយ​ថា កម្មវិធី​នេះ​បាន​ឆ្លង​កាត់​ការ​ប្រែ្របួល​ជា​ច្រើន​តាំង​ពី​ឆ្នាំ​២០១៣​មក ហើយ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ ត្រូវ​បានសើរើ​ឡើង​វិញ​ដោយ​មាន​បន្ថែមនីតិវិធី​ស៊ើបអង្កេត​បេក្ខភាព​ចំនួន​៥​កម្រិត​ថែម​ទៀត បើ​ប្រៀបធៀប​នឹង​នីតិវិធី​នៅ​ឆ្នាំ​២០១៣។

នៅ​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​នៃ​កម្មវិធីវិនិយោគ​បាន​សញ្ជាតិ​នេះ រហូត​មក​ដល់​ឆ្នាំ​២០១៨ រដ្ឋាភិបាល​ស៊ីប​បាន​អនុម័ត​យល់​ព្រម​លើក​ពាក្យ​សុំ​សញ្ជាតិ​ចំនួន​១.៨៦៤។ បើ​រាប់​បញ្ជូល​ទាំង​សមាជិក​ក្រុមគ្រួសារ​ផង ចំនួន​នៃ​អ្នក​ទទួល​បាន​សញ្ជាតិ​ស៊ីប​តាម​កម្មវិធី​ពេល​នោះ​មាន​ជាង​៣.២០០​នាក់ ហើយ​មក​ដល់​បច្ចូប្បន្ន​នេះ ចំនួន​ពាក្យ​សុំ​មាន​ជិត​ដល់​ចំនួន​៤.០០០​។

លោក Petrides និយាយ​ថា «ប្រសិន​បើ​មាន​ករណី​វិនិយោគ​ចំនួន​៩ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​មនុស្ស​២៦​នាក់ ក្នុង​ចំណោម​ពាក្យ​សុំ​៤.០០០ នោះ វាអាច​ទៅ​រួច​ដែល​មាន​ករណី​ខ្លះ​មាន​បញ្ហា​ [មិនប្រក្រតី]​ ប្រសិន​បើ​ការ​ត្រួត​ពិនិត្យ​មិន​តឹងតែង​នោះ។ ពេល​នោះ​ពិត​ជា​មាន​កំហុស​នៃ​ការ​ធូរ​រលុង​បាន​កើត​ឡើង។ វា​ពិត​ជា​កំហុស​ដែល​យើង​មិន​មាន​លក្ខខណ្ឌ​មួយ​ចំនួន ដូច​ជាលក្ខខណ្ឌ​សម្រាប់​ជន​ដែល​មាន​ហានិភ័យខ្ពស់។»

ការ​សើប​អង្កេត​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters បាន​បង្ហាញ​ថា ជន​មាន​ឥទ្ធិពល​ខាង​នគរបាល ពាណិជ្ជកម្ម និង​នយោបាយ​ដែល​ជំនឹត​នឹង​មេដឹកនាំ​យូរ​អង្វែង​របស់​កម្ពុជា គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ទ្រព្យ​ធន​នៅ​ក្រៅ​ប្រទេស​ដែល​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លង​មក​បាន​បដិសេធ​ការ​ចោទ​ប្រកាន់របស់​ក្រុម​អ្នក​ប្រឆាំង​ដែល​ចោទ​ថា​ក្រុម​អ្នក​ជំនិត​នឹង​លោក​ មាន​លិខិត​ឆ្លង​ដែន​បរទេស​ហើយ​រស់​នៅ​យ៉ាង​ស្តុកស្តម្ភ​នៅ​ក្រៅ​ប្រទេស។ ពលរដ្ឋ​កម្ពុជា​ប្រមាណ​៧០​ភាគរយរស់​នៅ​ដោយ​មាន​ចំណូល​ត្រឹម​៣​ដុល្លារ​ក្នុង​មួយ​ថ្ងៃ នេះ​បើ​តាម​ធនាគារ​អភិវឌ្ឍ​អាស៊ី។

លោក Petrides រដ្ឋមន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ​ស៊ីប​ដែលមាន​សមត្ថកិច្ច​យល់​ព្រម​លើ​ពាក្យ​សុំ​ចូល​សញ្ជាតិ​តាម​ការ​វិនិយោគ​នេះ ថ្លែង​ថា ជន​ទាំង​ឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស៉ើប​អង្កេត​ដក​សញ្ជាតិ​វិញ​មាន​សិទ្ធិ​ប្តឹង​ជំទាស់៕​