«មហាសង្ក្រាន ច្រានឆ្នាំមួយទៅទ្រូងសែនហ្មងសៅ នឹកព្រួយក្រែងពៅ ឆាប់ភ្លេចរឿងដើម.....» នេះគឺជាបទ រំដួលដងស្ទឹងសង្កែ ដែលជាស្នាដៃនិពន្ធរបស់លោក គង្គ ប៊ុនឈឿន ដែលទើបតែទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦។
លោក គង្គ ប៊ុនឈឿន មានអាយុ ៧៧ ឆ្នាំ នៅពេលដែលទទួលមរណភាពដោយជំងឺមហារីក។ នេះបើយោងតាមការបញ្ជាក់ពីក្រុមគ្រួសាររបស់លោក ដែលបានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក។
ការទទួលមរណភាពរបស់លោក គង្គ ប៊ុនឈឿន នៅក្នុងប្រទេសន័រវេ័ស កើតមានឡើងមួយថ្ងៃ ក្រោយពីការបញ្ចប់ការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលមានរយៈពេលបីថ្ងៃ។
អ្នកស្រី Bunchhoeun Somyren កូនស្រីរបស់លោក គង្គ ប៊ុនឈឿន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក គង្គ ប៊ុនឈឿន ថា៖«ទោះបីជាខ្ញុំព្យាយាមមកពីប្រទេសផ្សេងយ៉ាងឆាប់រហ័សតាមតែអាចធ្វើទៅបាន ប៉ុន្តែគឺនៅតែយឺតពេល ដែលមិនអាចមើលឃើញដង្ហើមចុងក្រោយរបស់លោកប៉ា ខុសគ្នាតែ៥ម៉ោង ប៉ាចាកចេញពីខ្ញុំបាត់កូនស្រឡាញ់ប៉ាខ្លាំងណាស់ សូមឲ្យវិញ្ញាណក្ខន្ធរបស់ប៉ា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
រីឯលោក មុត ថារី កូនប្រសាលោក គង្គ ប៊ុនឈឿន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកផងដែរថា៖
«ថ្ងៃ១៧ មេសា នាឆ្នាំ១៩៧៥ បន ប៉ុល ពត បានបំបែកឪពុកខ្ញុំ បងប្រុសប្អូនប្រុសខ្ញុំនិងម៉ាក់ធំ បាត់ទៅជារាងរហូត។ថ្ងៃ១៧មេសាឆ្នាំ២០១៦ បានមកឆក់យកជីវិតមនុស្សល្អម្នាក់ទៀត ដែលខ្ញុំស្រឡាញ់ដូចជាឪពុក ថ្វីបើគាត់ជាឪពុកក្មេក។ កវីនិពន្ធម្នាក់នេះ គាត់ជាឪពុកដែលពោរពេញទៅដោយ ព្រហ្មវិហារធម៌ លះបង់គ្រប់យ៉ាងដល់កូនៗ និងភរិយាព្រមទាំងចៅ ។ ខ្ញុំរស់ក្បែរគាត់ជិតម្ភៃឆ្នាំក្នុងនាមជាកូនប្រសាគាត់ គាត់មិនដែលមានពាក្យសំដីធំអ្វីដាក់កូនចៅឡើយ»។
លោក មុត ថារី បានរំឭកដល់បណ្ដាំរបស់កវីម្ចាស់ស្ទឹងសង្កែនេះថា អ្នកនិពន្ធជំនាន់ក្រោយ ល្មមបញ្ឈប់ការលួចចម្លងស្នាដៃរបស់គេទៅ គឺត្រូវខំប្រឹងប្រែងគាស់កកាយនិងប្រើគំនិតខ្លួនឯង វិញប្រសើរជាង។
លោកថា ប្រសិនបើបានទទួលបានភាពល្បីល្បាញដោយស្នាដៃរបស់ខ្លួនបែបនេះ នោះកវីនិពន្ធ នឹងពោរពេញទៅដោយមោទនភាព។
លោក គង្គ ប៊ុនឈឿន គឺជាអ្នកតែងនិពន្ធបទចម្រៀង និងប្រលោមលោកដ៏ល្បីល្បាញនៅក្នុងទសវត្សរ៍ទី៦០។
ស្នាដៃតែងនិពន្ធបទចម្រៀងរបស់លោកជាច្រើន ត្រូវបានច្រៀងដោយលោក ស៊ីន ស៊ីសាមុត ដែលប្រជាពលរដ្ឋខ្មែរប្រសិទ្ធិនាមថា ជាអធិរាជសំឡេងមាស។
លោក គង្គ ប៊ុនឈឿន ត្រូវបានរាយការណ៍ថា បានភៀសខ្លួនចេញពីប្រទេសកម្ពុជាកាលពីឆ្នាំ ២០០០ ហើយបានទៅរស់នៅក្នុងប្រទេសន័រវេ័ស បន្ទាប់ពីលោកបានសរសេរសៀវភៅមួយ ដែលមានចំណងជើងថា «ជោគវាសនាតាត ម៉ារីណា» ដែលជាក្មួយស្រីរបស់លោក។
សៀវភៅនោះ បានរៀបរាប់ពីរឿងរ៉ាវរបស់នាង តាត ម៉ារីណា ដែលរងការវាយប្រហារដោយការជះទឹកអាស៊ីដដាក់ដោយប្រពន្ធរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់។
លោក ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងថា លោកមិនបានដឹងអំពីមូលហេតុនៃការភៀសខ្លួនរបស់លោក គង្គ ប៊ុនឈឿន នោះទេ។
ប៉ុន្តែ លោកថា មរណភាពរបស់លោកគឺជាការបាត់បង់ធនធានមនុស្សម្នាក់ក្នុងវិស័យវប្បធម៌។
«អូមានអីទេអូន មានតែការរួមចំណែក ស្ដាយស្រណោះ សោកស្តាយ អ្នកដែលបានរួមចំណែកជាមួយនឹង អក្សរសាស្ត្រ និងអក្សរសិល្ប៍ខ្មែរមួយរូបប៉ុណ្ណឹង ដែលគាត់បានលាចាកលោកទៅ។ វាជាការបាត់បង់មួយក្នុងធនធានមនុស្សលើវិស័យវប្បធម៌ដែរ»។
មុនពេលលោកបានលាចាកពីលោកនេះទៅ លោក គង្គ ប៊ុនឈឿន បានសរសេរកំណាព្យមួយនិយាយពីឆន្ទៈរបស់អ្នកសរសេរ ដែលមិនលុះទៅតាមអំណាចទឹកប្រាក់។
នៅក្នុងពីរឃ្លាដំបូងនៃអត្ថបទកំណាព្យនេះ លោក គង្គ ប៊ុនឈឿន បានសរសេរថា៖
«ក្នុងមួយជីវិតឥតប្រាថ្នាអ្វី ក្រៅពីសេរីដើម្បីសរសេរ
បើនិពន្ធតាមតែបញ្ជាគេ ដូចយកម្ជុលដេរ បិទមាត់ខ្លួនឯង។
តម្លៃទឹកខ្មៅនៅត្រង់សច្ចៈ ទោះគុកច្រវាក់មិនញញើតក្រែង
បើឃើញភ្លើងហើយបែរជាថាផ្សែង គឺក្បត់ខ្លួនឯងមុនក្បត់អ្នកអាន»។
លោក គង្គ ប៊ុនឈឿន បានចាប់កំណើតនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៣៩ នៅក្នុងខេត្តបាត់ដំបង។ ស្នាដៃបទចម្រៀង ដែលនៅមានការនិយមចូលចិត្តពីប្រជាពលរដ្ឋខ្មែរ មានដូចជាបទពលទោអភ័ព្វ និងបទផ្គរលាន់ប៉ៃលិនជាដើម៕