សិស្សានុសិស្សប្រមាណ១០០នាក់ មកពីបណ្តារាជធានីខេត្តក្នុងប្រទេសកម្ពុជា បានជួបជុំគ្នាក្នុងវេទិកាមួយនៅរាជធានីភ្នំពេញ ដើម្បីសិក្សា និងឈ្វេងយល់ពីវប្បធម៌ការទូត ក្នុងការអភិវឌ្ឍវិជ្ជាជីវៈ និងដឹកនាំដល់យុវជនកម្ពុជាជំនាន់ក្រោយ។
«វេទិកាការទូតវប្បធម៌» ដែលធ្វើឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam)កាលពីថ្ងៃទី១៦ ខែវិចិ្ឆកា ក្នុងគោលបំណងលើកទឹកចិត្តឲ្យមានការចែករំលែកគំនិត ព័ត៌មាន សិល្បៈ ភាសា និងទិដ្ឋភាពផ្សេងគា្នៗនៃវប្បធម៌របស់ប្រជាជាតិនានា ក៏ដូចជាជំរុញការយល់ដឹងរវាងគ្នាទៅវិញទៅមកក្នុងចំណោមយុវជនកម្ពុជាផងដែរ។
ការទូតវប្បធម៌ត្រូវបានចាត់ទុកថាជា «អំណាចឬឥទ្ធិពលត្រជាក់» ដែលបានបង្កើនទំនាក់ទំនងអន្តរជាតិរវាងប្រជាជាតិ និងប្រជាជនក្នុងសាកលលោក ហើយការទូតវប្បធម៌នេះទៀតសោត គឺមិនត្រឹមតែផ្តោតលើទិដ្ឋភាពសំខាន់នៃកិច្ចការបរទេសរបស់ប្រទេសមួយប៉ុណ្ណោះទេ តែក៏ជាបង្ហាញទិដ្ឋភាពសំខាន់ៗនៃការដឹកនាំរបស់បុគ្គលម្នាក់ៗផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី សូ ហ្វារីណា នាយិការងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
អ្នកស្រីលើកឡើងថា ការបង្កើតវេទិកាការទូតវប្បធម៌នេះឡើងក្នុងគោលបំណងបង្កើនជំនាញទំនាក់ទំនង និងការយល់ដឹងពីរបៀបនៃការចរចាលើបញ្ហាជាក់លាក់ណាមួយដល់យុវជនកម្ពុជា ដើម្បីឲ្យពួកគេទាំងនោះមានការត្រៀមខ្លួនរួចស្រេចជាមុន។
អ្នកស្រីថ្លែងថា៖ «អ៊ីចឹងហើយផលប្រយោជន៍ដែលគាត់ទទួលបានគឺទាក់ទងជាមួយនឹងវិធីសាស្ត្រនៃការចរចា វិធីសាស្ត្រក្នុងការចែករំលែកព័ត៌មាន វិធីសាស្ត្រនៅក្នុងការធ្វើម៉េចឲ្យយើងមានអីមួយជាភាពខ្លាំងរបស់យើង ដើម្បីយើងទៅចរចា ឬទៅនិយាយជាមួយភាគីណាមួយទៀត។ បើទោះបីជា Non-State ដែលគេហៅថាស្ថាប័នសង្គមស៊ីវិលក៏ដោយ ឬក៏ជាស្ថាប័នថ្នាក់ជាតិក៏ដោយ អន្តរជាតិក៏ដោយ»។
អ្នកស្រី ហ៊ុល ថុនណាក់ ប្រធានការិយាល័យបណ្តុះបណ្តាលក្រសួងការប្រទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលជាវាគ្មិនមួយរូបក្នុងវេទិកា«ការទូតវប្បធម៌» ពន្យល់ថា ការទូតវប្បធម៌គឺជាវិជ្ជាជីវៈជំនាញ ឬសកម្មភាពមួយដែលប្រទេសមួយយកវប្បធម៌ខ្លួនទៅផ្សព្វផ្សាយឲ្យប្រទេសដទៃទៀត ដើម្បីទាក់ទាញពាណិជ្ជកម្ម ការវិនិយោគ និងទាញយកផលប្រយោជន៍នៃការផ្សារភ្ជាប់ទំនាក់ទំនងរវាងបណ្តាលប្រទេសផ្សេងៗ។
អ្នកស្រីបន្តថា សារៈប្រយោជន៍របស់វប្បធម៌ការទូតមានដូចជា ការបង្កើនទំនុកចិត្ត ជំរុញកំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូរប្រយោជន៍រវាងគ្នានិងគ្នា ការវិនិយោគ ទេសចរណ៍ និងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាដើម។
អ្នកស្រីថ្លែងនៅក្នុងវេទិកានោះថា៖ «សារៈសំខាន់ហ្នឹងគឺយើងទាក់ទាញផលប្រយោជន៍ទៅវិញទៅមកច៎ា ទាំងប្រជាជនយើងនិងប្រជាជនគេ វប្បធម៌យើងនិងវប្បធម៌គេ ហើយក៏វាមានផលប្រយោជន៍សេដ្ឋកិច្ចដែរច៎ា»។
សិស្សនិស្សិតកំពុងអង្គុយស្តាប់នៅក្នុងវេទិកា «ការទូតវប្បធម៌» ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
បើតាមអ្នកស្រី សូ ហ្វារីណា វេទិកា«ការទូតវប្បធម៌»នេះក៏ផ្តោតលើការគិតបែបស៊ីជម្រៅ ការឆ្លុះបញ្ចាំងពីខ្លួនឯង និងសកម្មភាពជជែកពិភាក្សាជាច្រើន។ នៅពេលបញ្ចប់វេទិកានេះ អ្នកចូលរួមរំពឹងនឹងបញ្ចូលចំណេះដឹង ការយល់ដឹង និងការណែនាំដែលទទួលបានទៅក្នុងការងារស្ម័គ្រចិត្ត និងការប្រកបអាជីពនាពេលបច្ចុប្បន្ន និងអនាគតរបស់ពួកគេ។
និស្សិតឱសថការី ឆ្នាំទី៤ កញ្ញា លីវ សុម៉ាលី និយាយថា កញ្ញាទទួលបានបទពិសោធន៍យ៉ាងច្រើនបន្ទាប់ពីបានចូលរួមវេទិកាអប់រំមួយនេះ។ កញ្ញាបន្ថែមថា ខ្លួនទទួលបានការអប់រំផ្នែកប្រាស្រ័យទាក់ទងខាងវប្បធម៌ និងអត្ថប្រយោជន៍ក្នុងការចែករំលែកអំពីវប្បធម៌ទៅកាន់បរទេស។
កញ្ញាថ្លែងថា៖ «ការពិតទៅខ្ញុំ ពីមុនមកខ្ញុំអត់ដែរ អត់សូវមានចំណេះដឹងច្រើនទូលំទូលាយទាក់ទងនឹងទំនាក់ទំនងការបរទេស ឬការទូតបែបហ្នឹងទេ តែដល់ពេលស្តាប់ហើយធ្វើឲ្យខ្ញុំមាន ទីមួយខ្ញុំគឺជានិស្សិតចឹងខ្ញុំអាចនឹងមានចំណាប់អារម្មណ៍ក្នុងការស្រាវជ្រាវបន្ថែមច្រើន ហើយទីពីរ ខ្ញុំបានយល់ដឹងពីទំនាក់ទំនងដូចគាត់បានពិភាក្សាមុនហ្នឹង លោក John គាត់បានលើកឡើងទាក់ទងនឹងសង្គ្រាមរបស់អ៊ីស្រាអែល ប៉ាឡេស្ទីន ឬក៏អីចឹងធ្វើឲ្យខ្ញុំមានចិត្តចង់រៀនបន្ថែមទៅលើបញ្ហាទាំងអស់នេះ»។
ចំណែកលោក សេវ ប្រាក់ អាយុ២៦ឆ្នាំ ជាជនជាតិដើមភាគតិចចារាយ និងជានិស្សិតប្រវតិ្តវិទ្យានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រាប់វីអូអេថា ការចូលរួមក្នុងវេទិកាការទូតវប្បធម៌នេះបានជួយបង្កើនការយល់ដឹងរបស់លោក និងពង្រឹងភាពជាអ្នកដឹកនាំផងដែរ។ លោកបន្តថា ការសិក្សាពីការទូតវប្បធម៌បានបង្ហាញឲ្យមនុស្សគ្រប់រូបចេះមានទំនាក់ទំនង និងឈ្វេងយល់ពីគ្នាឲ្យបានស៊ីជម្រៅ ក៏ដូចជាអាចផ្សព្វផ្សាយនូវវប្បធម៌របស់ប្រទេសមួយផងដែរ។
លោកថ្លែងថា៖ «ទាក់ទងនឹងការទូតវប្បធម៌នេះបានបង្រៀនឲ្យខ្ញុំចេះរស់នៅជាមួយគ្នាដោយមិនប្រកាន់ ហើយក៏ផ្តល់ទំនុកចិត្តឲ្យគ្នាទៅវិញទៅមក វាជាកត្តាដ៏សំខាន់ដែលយើងត្រូវតែធ្វើ។ ជាក់ស្តែងដូចជានៅក្នុងប្រទេសកម្ពុជាយើងក្នុងវប្បធម៌ការទូតហ្នឹងបានធ្វើឲ្យយើងផ្សព្វផ្សាយនូវវប្បធម៌ជាច្រើនរបស់ខ្មែរ ដូចជាប្រាសាទអង្គរវត្ត ម្ហូបអាហារ វប្បធម៌ប្រពៃណីទាក់ទងនឹងការសំពះជាដើម»។
កញ្ញា ស៊ិន សុខលី អាយុ២៤ឆ្នាំ មកពីខេត្តបាត់ដំបង និងជាគ្រូបង្រៀនប្រវត្តិវិទ្យា ប្រាប់វីអូអេថា ការដែលកញ្ញាចូលរួមកម្មវិធីនេះគឺដើម្បីស្វែងយល់បន្ថែមពីប្រវតិ្តសាស្ត្រកម្ពុជា ក៏ដូចជាការចុះជួបផ្ទាល់ពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមផងដែរ។ កញ្ញាបន្តថា ការសិក្សាពីការទូតវប្បធម៌ក្នុងកម្មវិធីនេះធ្វើឲ្យកញ្ញាយល់ដឹងពីវប្បធម៌នៃការដាក់ទូតរបស់ប្រទេសនានា។
កញ្ញាថ្លែងថា៖ «ទាក់ទងជាមួយនឹងការទូតវប្បធម៌ពេលខ្ញុំចូលរួម ហើយខ្ញុំអាចដឹងពីការផ្លាស់ប្តូរវប្បធម៌ អរិយធម៌ និងពីការទូតវប្បធម៌ខាងក្រៅមកខាងក្នុងផងដែរ»។
ការទូតវប្បធម៌នេះសំដៅលើទំនាក់ទំនងនៃវប្បធម៌ដែលផ្អែកលើចំណាប់អារម្មណ៍ និងជារឿយៗដឹកនាំដោយរដ្ឋាភិបាល ដោយមានគោលដៅក្នុងការទទួលបានឥទ្ធិពល និងការកំណត់ពីឥរិយាបថរបស់ប្រទេសដទៃក្នុងការធ្វើឲ្យប្រទេសដទៃស្គាល់កាន់តែច្បាស់ពីវប្បធម៌ បទដ្ឋាន និងស្ថាប័នរបស់ខ្លួន។ នេះជាការលើកឡើងរបស់លោកសាស្រ្តាចារ្យ John Ciorcari សាស្ត្រាចារ្យនៃគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យ Michigan ក្នុងសហរដ្ឋអាមេរិក។
លោកថ្លែងតាមរយៈប្រព័ន្ធទំនាក់ទំនង Zoom នៅក្នុងវេទិកាមួយនេះជាភាសាអង់គ្លេស និងប្រែសម្រួលជាខេមរភាសាថា៖ «តាមការវាយតម្លៃរបស់ខ្ញុំ វប្បធម៌ការទូតអាចដំណើរការទៅបានដោយមានកត្តាចំនួនបី គឺទី១ ត្រូវពាំនាំឲ្យមានអត្ថប្រយោជន៍មិនថានៅក្នុងកម្មវិធីសិក្សាក្តី ឬការផ្លាស់ប្តូរការសិក្សាក្តី ជាវប្បធម៌ការទូតទាំងអស់។ ទី២គឺ ការជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងទាក់ទាញ និងត្រាប់តាមវប្បធម៌ និងទី៣គឺបង្កើនការយល់ដឹងទាក់ទងជាមួយកិច្ចសហប្រតិបត្តិការរវាងដៃគូប្រទេស»។
សាស្រ្តាចារ្យរូបនេះសង្កត់ធ្ងន់ថា វប្បធម៌ការទូតធ្វើឡើងគឺដើម្បីកំណត់បាននូវចំណង់ចំណូលចិត្តរបស់អ្នកដែលចង់ដឹងអំពីរឿងរ៉ាវផ្សេងៗនៅក្នុងពិភពលោក ហើយវាក៏មានសារៈសំខាន់ចំពោះប្រទេសមួយក្នុងការផ្សព្វផ្សាយវប្បធម៌របស់ខ្លួនឲ្យជាតិសាសន៍ដទៃបានស្គាល់ និងបានដឹងផងដែរ៕