អ្នក​រិះគន់​ថា​បទបញ្ជា​លោក​ហ៊ុន សែន​ឲ្យ​លុប​ចោល​កម្មសិទ្ធិ​ដី​ខុស​ច្បាប់​អាច​បង្ក​ឲ្យ​មាន​ភាព​ច្របូកច្របល់

Hindu devotees arrive for a holy dip at Sangam, the confluence of the Rivers Ganges, Yamuna and mythical Saraswati in Allahabad, India.

មន្ត្រី​គណបក្ស​ជំទាស់​និង​មន្ត្រី​សង្គមស៊ីវិល​ បាន​រិះគន់​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ចំពោះ​ការ​លុបចោល​លិខិត​កម្មសិទ្ធិ​ដីធ្លី​ខុសច្បាប់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ ដោយ​និយាយ​ថា ​ចំណាត់ការ​នោះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រង់ចាំ​តែ​បញ្ជា​របស់​បុគ្គល​ម្នាក់។​

ក្រុម​មេដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស​ និង​គណបក្ស​សម រង្ស៉ី​បាន​អះអាង​ថា​ការ​ប្រកាស​របស់​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ដើម្បី​ធ្វើ​មោឃភាព​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ខុស​ច្បាប់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ដែល​ចេញ​ឲ្យ​ដោយ​មន្ត្រី​មូលដ្ឋាន​នានា​ នឹង​ធ្វើ​ឲ្យ​មាន​ភាព​ច្របូកច្របល់​ និង​បង្ហាញ​ពី​ការ​ដឹកនាំ​ប្រទេស​ពឹង​អាង​លើ​អំណាច​បុគ្គល​ម្នាក់​ជា​ជាង​ច្បាប់។

លោក​ កឹម សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា បញ្ហា​ដីធ្លី​នៅ​កម្ពុជា​ឈាន​ដល់​អនាធិបតេយ្យ​ហើយ។​ ប្រជាពលរដ្ឋ​តិចតួច​ណាស់​ដែល​មាន​លុយ​ធ្វើ​ប្លង់​កម្មសិទ្ធិ​រឹង​ក្រោយ​ពី​សង្រ្គាម។​ លោក​បន្ថែម​ថា​ ការ​ប្រកាស​របស់​ លោក​ ហ៊ុន សែន​ ជាជាង​ដោះស្រាយ​តាម​ច្បាប់​នឹង​ក្លាយ​ជា​ឧបសគ្គ​នៅ​ថ្នាក់​ក្រោម​ឬ​មូលដ្នាន។

«កា​ដឹកនាំ​សព្វថ្ងៃ​ វា​ធ្វើឲ្យ​សង្គម​យើង​វា​អានាធិបតេយ្យ​ វា​ច្របូកច្របល់។​ វា​មិន​ដឹង​ចាប់​ក្បាល​ចាប់​កន្ទុយ​ទេ​ បើ​សិន​ធ្វើ​តាម​តែ​បញ្ជា​ តាម​តែ​មាត់​របស់​នាយករដ្ឋមន្ត្រី​ភ្ញាក់​រលឹក​នឹក​ឃើញ​ម្តង​ធ្វើ​ ហើយ​ស្រែក​ទៅ​ ហើយ​បាត់​ចោល​ទៅ​វិញ​ ហើយ​ទុក​ឲ្យ​អ្នក​ខាង​ក្រោម​រត់​តាម។ គេ​រត់​មិន​ទាន់​ដែរ»។

លោក​អះអាង​ថា​លោក​មិន​ជឿ​ថា​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​អាច​ដោះស្រាយ​បញ្ហា​ដីធ្លី​បាន​ទេ​ ព្រោះ​បញ្ហា​ដែល​អាជ្ញាធរ​ថ្នាក់​មូលដ្នាន​ផ្តល់​កម្មសិទ្ធិ​ជា​ថ្នូរ​នឹង​សំណូក​មិន​ត្រឹមត្រូវ​ឬ​មិន​ផ្តល់​ឲ្យ​ពេល​គ្មាន​សំណូក​ហ្នឹង​វា​កើត​ជា​ហូរហែ​យូរ​មក​ហើយ​ ឈាន​ដល់​អនាធិបតេយ្យ។

លោក​ កឹម សុខា​ បាន​អះអាង​ថា ភាព​ចន្លោះ​ប្រហោង​នៃ​ច្បាប់​ភូមិបាល​និង​ការ​បែងចែក​អំណាច​ដល់​ថ្នាក់​មូលដ្នាន​មិន​ច្បាស់លាស់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​មូលដ្ឋាន​ច្របូកច្របល់​ស្រឡាំងកាំង​ មិន​ដឹង​និយាយ​ឬ​ធ្វើ​ការ​ដោះស្រាយ​យ៉ាងម៉េច​ពេល​នាយក​រដ្ឋមន្ត្រី​ប្រកាស​លុបចោល​កម្មសិទ្ធិ​ដីធ្លី​ដែល​ខុសច្បាប់​ ដែល​បាន​ចេញ​ដោយ​អាជ្ញាធរ​មូលដ្នាន​កន្លង​មក​ហើយ​នោះ។

«ម្នាក់ៗ​គាំង​ហើយ។​ ប៉ុន្តែ​ដូច​ខ្ញុំ​និយាយ​អញ្ចឹង​ដោយសារ​អាជ្ញាធរ​ជា​អាជ្ញាធរ​ខ្សែ​បក្ស​ ជាង​អាជ្ញាធរ​រដ្ឋ​ អញ្ចឹង​គាត់​ខ្លាច​រអា​មេ​បក្ស​ ថ្នាក់​ដឹកនាំ​ខាង​លើ​ហ្នឹង​ ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច​ហ្នឹង​ អញ្ចឹង​គាត់​អត់​ហ៊ាន​ប្រកែក​ទេ។​ គេ​ប្រាប់​ឆ្វេង​ទៅ​ឆ្វេង​ គេ​ប្រាប់​ស្តាំ​ទៅ​ស្តាំ​ទោះ​ជា​ខុស​ ទោះ​ជា​ត្រូវ​ក៏​ដោយ។​ អញ្ចឹង​ហើយ​ប្រជាពលរដ្ឋ​ក៏​លោក​ខ្វល់​ដែរ​ខ្ញុំ​មើល​ទៅ។​ បញ្ហា​ម្នាក់ៗ​ដេក​ចាំមើល​គេ​អនុវត្ត​របៀប​ម៉េច?»

ក្នុង​ពេល​លោក​ចុះ​ត្រួត​ពិនិត្យ​ការដ្ឋាន​វារី​អគ្គសនី​តាតៃ​ ខេត្ត​ពោធិ៍សាត់​ កាល​ពី​ដើម​សប្តាហ៍មុន​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​ជា​សាធារណៈ​ពី​បទបញ្ជារបស់​លោក​ចំពោះការ​លុបចោល​លិខិត​កម្មសិទ្ធិ​ដីធ្លី​ខុស​ច្បាប់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ ដោយសារ​តែ​លោក​មើល​ឃើញ​ថា​មាន​អ្នក​មាន​អំណាច​និង​អ្នក​មាន​មិនមែន​ប្រជាជន​ បាន​ដើរ​ចាប់​ដី​យ៉ាង​ច្រើន​ ដែល​អាច​អន្តរាយ​ដល់​តំបន់​ការពារ​ធម្មជាតិ​ឬ​ក្លាយ​ជា​ទី​រហោឋាន។

«មោឃភាព​ទៅ។​ នរណា​ជួន​កាល​លេង​កាន់​កាប់​ម្ភៃ ​សាមសិប​ហិកតា។​ មើល! ដក​ចោល!​ គ្រវាត់​ចោល​ទៅ!​ អ្នក​ដែល​នេះ​ហ្នឹង​(អ្នក​ប្រព្រឹត្ត)​ ​កុំ​ទៅប្តឹង​តវ៉ា​អី។​ យក​ល្អ​ទៅ​ដុត​ចោល​ទៅ​ កុំ​ឲ្យ​លោក​ហ៊ុន​ សែន​ដឹង។ ​គាត់​ដឹង​ក្រែង​លោ​អាច​អស់​ផ្កាយ​ទៀត»។

លោក​ពុំ​បាន​បញ្ចេញ​ឈ្មោះ​មន្ត្រី​ណា​ខ្លះ​ដែល​បាន​ប្រព្រឹត្ត​ទេ តែ​ថ្លែង​ថា​លោក​បាន​ចេញ​សារាចរ​និង​បាន​ប្រាប់​យូរ​ហើយ។

លោក​ យឹម សុវណ្ណ​ អ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៉ី ​និង​ជា​អ្នក​នាំពាក្យ​បាន​ អះអាង​ថា​ ការ​យក​សម្តី​របស់​បុគ្គល​ហើយ​មិន​អនុវត្ត​ច្បាប់​ នឹង​នាំ​ឲ្យ​ប៉ះទង្គិច​ដល់​ពលរដ្ឋ​ផង​និង​អ្នកវិនិយោគ​ផង។​ លោក​ យឹម សុវណ្ណ ​បន្ថែម​ថា​ ចំណាត់ការ​លើ​ បញ្ហា​ដីធ្លី​នេះ​គួរ​ផ្តល់​ការ​ជឿជាក់​ដល់​ប្រជាពលរដ្ឋ។

«ហើយ​បើ​សិន​ជា​គេ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ហើយ​ ដែល​យើង​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ហើយ​យើង​មិន​អាច​យក​ពាក្យ​សម្តី​មួយ​ម៉ាត់​ពីរ​ម៉ាត់​ទៅ​ថា​ អ្ហេ!​ត្រូវ​តែ​រំលាយ​កម្មសិទ្ធិ​ចោល​អញ្ចឹង​ អាហ្នឹង​វា​ធ្វើ​ឲ្យ​មាន​អស្ថេរភាព​ វា​ធ្វើ​ឲ្យ​បាត់​ការ​ជឿ​ទុកចិត្ត​ បាត់​ភាព​កក់ក្តៅ​ទៅ​លើ​ប្រព័ន្ធ​គ្រប់គ្រង​បច្ចុប្បន្ន​ហ្នឹង​ហើយ។​ ហើយ​ជា​ពិសេស​គឺ​ទឹកចិត្ត​អ្នក​វិនិយោគ​ទុន​តែម្តង»។

លោក​ យឹម សុវណ្ណ​ បាន​អះអាង​ថា​មាន​ដី​ជាង​៧​លាន​ហិកតា​ដែល​រដ្ឋាភិបាល​ អនុញ្ញាត​ឲ្យ​ក្លាយ​ជា​ដី​សម្បទាន​ឯកជន​ ដោយ​រក​ចំណូល​បាន​ប្រមាណ​១០​លាន​ ដុល្លារ​តែ​ប៉ុណ្ណោះ ដែល​លោក​ចាត់​ទុកថា​គួរ​បាន​ច្រើន​ជាង​នេះ​ ហើយ​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ដល់​ប្រទេស។

«ចំណូល​នេះ​តិចតួច​ណាស់​បើ​ប្រៀបធៀប​ទៅ​នឹង​ផលវិបាក​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​ប្រជាពលរដ្ឋ​ដែល​បាត់បង់​ដីធ្លី។​ គួរណាស់​តែ​ទុក​ដី​ទាំង​អស់​ហ្នឹង​ ដី​កសិកម្ម​ដែល​អាច​ធ្វើ​ស្រែ​ចម្ការ​ហ្នឹង​ទុក​ជូន​ប្រជាពលរដ្ឋ​ ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​ចម្ការ​ទៅ​ក៏​វា​បាន​ ជាជាង​ឲ្យ​ក្រុមហ៊ុន​ឯកជន​ហើយ​បាន​ផល​ចូល​ក្នុង​ថវិកា​ជាតិ​តែ​បន្តិច​បន្តួច»។

លោក​ អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចាត់ទុក​ថា​ការ​ប្រកាស​ មោឃភាព​លិខិត​កាន់​កាប់​ដីធ្លី​ដែល​គេ​ចាត់ទុក​ថា​ខុសច្បាប់​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ ដែល​លិខិត​ស្នាម​នោះ​ចេញ​ឲ្យ​ដោយ​អាជ្ញាធរ​នោះ​ជា​រឿង​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​ខ្វះខាត​ក្នុង​ការ​អនុវត្ត​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។​

«តែ​ម្នាក់ៗ​រាល់ថ្ងៃ​នេះ​អត់​យក​ចិត្ត​ទុកដាក់​លើ​ច្បាប់​ទេ​ គឺ​ចាំ​ស្តាប់​តែ​នាយករដ្ឋមន្ត្រី។​ អាហ្នឹង​ខ្ញុំ​មើល​ទៅ​ប្រទេស​យើង​អត់​មាន​នីតិរដ្ឋ​ទេ​បែប​ហ្នឹង។​ ហើយ​ប្រទេស​ដែល​អត់​មាន​នីតិរដ្ឋ​ច្របូកច្របល់​ដូច​រាល់​ថ្ងៃ​អញ្ចឹង។ ​ហើយ​អាជ្ញាធរ​គាត់​អត់​ដឹង​ពេល​ណា​ត្រូវ​ធ្វើ​អី​ទេ​ គាត់​មាន​ច្បាប់​ក៏​ដោយ​គាត់​អត់​ដឹង​ពេលណា​ត្រូវ​អនុវត្ត​ច្បាប់​ ពេលណា​ត្រូវ​អត់​ ត្រូវ​ស្តាប់​តាម​ច្បាប់​ទេ​បាទ»។

លោក​ថ្លែង​ថា​បញ្ហា​ដីធ្លី​នៅ​ទូទាំង​ប្រទេស​ បញ្ហា​បិទ​ខារ៉ាអូខេ​ បញ្ហា​ឡូតិ៍​នេសាទ​ និង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​គឺ​ស្ងប់ស្ងាត់​តែ​មួយ​ភ្លែត​ពេល​ចេញ​សេចក្តី​ប្រកាស​របស់​នាយករដ្ឋមន្ត្រី។

«យើង​គ្រប់គ្រង​ប្រទេស​បែប​ហ្នឹង​មិនមែន​ជា​ការ​គ្រប់គ្រង​ប្រទេស​ដ៏​រីក​ចម្រើន​ទេ។​មិន​អាច​រីក​ចម្រើន​ធំ​ដុំ​ទេ​ព្រោះអី​វា​អត់​មាន​ជា​ប្រព័ន្ធ​ អត់​មាន​ជា​នីតិរដ្ឋ​ ហើយ​មនុស្សអត់​ស្មើ​ភាព​គ្នា​ទេ។​ អ្នក​ជិត​ស្និទ្ធ​ទៅ​អ្នក​ដែល​មាន​អំណាច​ អ្នកហ្នឹង​ហាក់​ដូច​ជា​មាន​ផល​ប្រយោជន៍​ក្នុង​សង្គម​បែប​ហ្នឹង​បាទ»។

លោក​ អ៊ូ វីរៈ ​អះអាង​បន្ថែម​ទៀត​ថា ​ការ​ធ្វើ​ច្បាប់​ ឬ​មាន​ច្បាប់​ដើម្បី​ឲ្យ​មន្ត្រី​ទាំង​អស់​អនុវត្ត​ ប្រសើរ​ជាជាង​រង់ចាំស្តាប់​បទបញ្ជា​ឬ​សេចក្តី​ប្រកាស​ឬ​បញ្ជា​ពី​នាយករដ្ឋមន្ត្រី៕