វិបត្តិ​ក្នុង​កម្មវិធី​កីឡា​អុក​នៅ​អាហ្វ្រិក​ខាង​ត្បូង​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ចោទ​ចម្បង​នៅ​ក្នុង​ប្រទេស​មួយ​នេះ

កូនអុក​សម្រាប់​លេង​កីឡា​អុក។

កីឡា​អុក​ត្រូវ​បាន​បង្ហាត់បង្រៀនក្នុង​ទម្រង់​ជាល្បែង​ប្រើ​ជំនាញ​និងភាព​សមសួន​មួយ ដោយ​ត្រូវ​បាន​លេង​នៅ​លើ​ក្តារ​មួយ​ដែល​ភាគី​ទាំងសងខាង​ស្មើ​ភាព​នឹង​គ្នា។

នៅ​អាហ្វ្រិកខាងត្បូង​ ដែល​ជា​សង្គម​ប្រកប​ដោយ​វិសមភាព​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក ​កីឡា​អុក​មិនមែន​ជា​រឿង​សាមញ្ញ​មួយ​នោះ​ទេ។ អស់​រយៈពេល​បី​ឆ្នាំ​មក​នេះ សហព័ន្ធ​កីឡា​អុក​ជាតិ​បាន​ជាប់ក្នុង​រឿងក្តី​ប្តឹង​ផ្តល់​ ដែល​បាន​ចំណាយ​ប្រាក់​ជា​ច្រើន និង​ដែល​បាន​បង្ក​ឲ្យ​មាន​ភាព​រកាំរកូស​នៅ​ក្នុង​ល្បែង​អុក ហើយ​សភា​អាហ្វ្រិក​ខាង​ត្បូង បាន​លើកឡើង​ថា ការណ៍​នេះ​បាន​រារាំងកីឡាករ​ ដែល​មាន​សមត្ថភាព​ពី​ការ​តំណាង​ឲ្យ​ជាតិ​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ធំៗ។ ជា​លទ្ធផល រដ្ឋាភិ​បាល​បាន​ផ្អាក​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មវិធី​កីឡា​អុក ដែល​មាន​ទឹក​ប្រាក់ប្រមាណ ១សែន​២​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ រហូត​ដល់​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ។ ​

សហព័ន្ធ​កីឡា​អុក​អាហ្វ្រិកខាងត្បូង បាន​ផ្តល់​ឲ្យ​កុមារី Lulu Mayaka អាយុ​ ១២​ឆ្នាំ នូវ​ចំណាត់ថ្នាក់​ទី​ ៥២​ថ្នាក់​ជាតិ​ នៅ​ក្នុង​ក្រុម​អាយុ​របស់​នាង។ ហើយ​ខណៈនាង​មិន​បាន​ដឹងពី​រឿងរ៉ាវ​កើត​មាន​ខាង​ក្រោយ​ឆាក​ពាក់ព័ន្ធនឹង​សហព័ន្ធ​មួយនេះ នាង​បាន​ឃើញផលវិបាកជា​រៀងរាល់​ចុង​សប្តាហ៍​នៅ​ពេល​ដែល​នាង​ចូល​រួម​ក្នុង​ការ​ប្រកួត​ណា​មួយ​ ឬ​លេង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។​ នាង​ឃើញ​ត្រឹមតែ​អ្នក​លេង​អុកពី​គ្រួសារ​ដែល​មាន​ជីវភាព​ល្អ​ប្រសើរ​ដូច​រួប​នាងតែ​ប៉ុណ្ណោះ។

​នាង​បាន​និយាយ​ថា៖ «​ខ្ញុំ​ចង់ឲ្យ​ថ្លៃ​ចូលរួម​ប្រកួត​ថោកជាង​មុន ​ដើម្បី​ឲ្យ​ក្មេងៗ​មក​ពី​គ្រួសារ​ក្រីក្រ​អាច​ចូលរួម​លេង​ផង​ដែរ។ សម្រាប់​ខ្ញុំ ខ្ញុំ​ពិត​ជា​បាន​លេងច្រើន​រួច​ហើយ។ ប៉ុន្តែ​ខ្ញុំ​មិន​ឃើញ​ក្មេង​ៗ ​មក​ពី​គ្រួសារ​ក្រីក្រ​ ចូលរួម​នោះ​ទេ ពីព្រោះ​ថ្លៃចូលរួម​ប្រកួត​ថ្លៃ​ពេក ដែលធ្វើ​ឲ្យ​ក្មេងៗ​ទាំង​នោះ​មិន​អាច​ចូលរួម»។ ​

វិសមភាព​ដែល​នៅ​តែ​បន្ត​មាន និង​របៀប​ដោះស្រាយ​បញ្ហា​នេះ ហាក់​ដូចជា បញ្ហាចោទ​ចម្បង​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង។ សហព័ន្ធ​កីឡា​អុក​ជាតិ​មាន​ភាគី​ប្រជែង​គ្នា​ចំនួន​ពីរ ដែល​មាន​ទស្សនវិស័យ​ខុស​គ្នា​ឆ្ងាយ ហើយ​ភាគី​ទាំង​ពី​ទាមទារ​ដឹកនាំ​រៀងៗខ្លួន និងបាន​ចំណាយ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​នៅតុលាការ ដើម្បី​ទទួល​បាន​អំណាច​គ្រប់គ្រង។ ភាគី​ទាំង​ពីរ​ត្រូវ​បាន​កោះហៅ​មក​កាន់សភា​កាល​ពី​ខែ​វិច្ឆិកា ដើម្បី​ផ្តល់​សក្ខីកម្ម​ ដែល​ការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​ព្រមព្រៀង​ជាមួយក្រុម​អាជ្ញា​កណ្តាល។​

សហព័ន្ធ​កីឡា​អុក​ពិភពលោក​និយាយ​ថា អុក​គឺ​ជា​ កីឡា​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅ​លើ​ពិភពលោក ដោយ​មាន​អ្នក​លេង​ចំនួន ៦០៥​លាន​នាក់ ដែល​នេះ​ជា​ចំនួន​បី​ដង​ច្រើន​ជាង​កីឡា​បាល់​ទាត់។ ហើយ​អាហ្វ្រិក​ខាង​ត្បូង​គឺ​ជា​ ប្រទេស​ដែល​ខ្លាំង​ផ្នែក​កីឡា​អុក​ជាង​គេ​នៅ​ទ្វីប​អាហ្វ្រិក ដោយ​មាន​ចំនួន​អ្នក​លេង​ចំណាត់ថ្នាក់​កំពូល​ច្រើន​ជាង​គេ​បង្អស់​នៅ​ទ្វីប​អាហ្វ្រិក។

VOA ចង់​តំណាង​ឲ្យ​ដោយ​ស្មើ​ភាព​រវាង​បុរស​ពីរ​នាក់​ ដែល​កំពុង​ទាមទារ​តំណែង​ដឹកនាំ​សហព័ន្ធ​។ ដូច្នេះ យើង​បាន​បោះកាក់​ដើម្បី​សម្រេច​ថា នរណា​នឹង​និយាយ​មុន ហើយ​សួរ​ថា តើ​បញ្ហា​គឺ​អ្វី?

អ្នក​ត្រូវ​ឆ្លើយ​ដំបូង​គឺ​ លោក Joe Mahomole ប្រធាន​សហព័ន្ធ​កីឡា​អុក​អាហ្វ្រិក​ខាង​ត្បូង។

លោក​បាន​និយាយ​ថា៖ «ការ​ផ្តោត​របស់​យើង​គឺ​គួរ​លើ​ការ​ផ្តល់​ឱកាស​ដោយ​ស្មើភាព​ចំពោះ​មនុស្ស​គ្រប់គ្នា។​ ដោយ​ឲ្យ​គ្រប់គ្នា​អាច​ចូលរួម។ ហើយ​ចូរ​ចងចាំ​ថា សម្រាប់​កុមារ វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​ក្នុង​សង្គម និង​ការ​អប់រំ​ផង​ដែរ។​ ​មូលហេតុ​នេះ​ហើយ​ទើប​វា​សំខាន់។ ហើយ​នេះក៏​ជា​មូលហេតុ​ដែល​ការ​ផ្លាស់ប្តូរ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។ វា​ពាក់ព័ន្ធ​នឹង​ការ​កសាង​នូវ​សង្គម​មួយ​ ដែល​ជឿ​ទៅ​លើ​សមភាព​ និង​ការ​ផ្តល់​អ្វីល្អ​ៗសម្រាប់​គ្រប់គ្នា មិនថា ប្រាក់ចំណូល តំបន់​រស់នៅ ភេទ ឬពិការភាពរបស់​អ្នក​នោះ​ទេ»។

ហើយ​ឥឡូវ​នេះ​ងាក​មក លោក​ Hendrick Du Toit ម្តង​ដែល​លោក​ក៏​បាន​ហៅ​ខ្លួន​ឯង​ថា ប្រធាន​សហព័ន្ធ​កីឡា​អុក​អាហ្វ្រិក​ខាងត្បូង​ផងដែរ។

លោកបាន​និយាយ​ថា៖ «ភាសា​នៃ​ការ​ផ្លាស់ប្តូរ​ត្រូវ​បាន​បំពាន​ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ និង​បង្កើត​ជា​របៀបវារៈ​បែប​មនោសញ្ចេតនា​មួយ។ ហើយ​វា​ក៏​បាន​ផ្តល់​នូវ​ផលវិបាក​ត្រឡប់​មក​វិញ​ផង​ដែរ ហើយ​តាម​គំនិត​ខ្ញុំ​ ​ផលវិបាក​ដ៏​អាក្រក់​បំផុត​ដែល​អ្នក​អាច​ប្រឈម​មុខ​នោះ​គឺ​ថា វា​ធ្វើ​ឲ្យ​បាត់បង់​អ្នក​មាន​សមត្ថភាព។​ អាច​និយាយ​ម្យ៉ាង​ទៀត​ថា យើង​មិន​បាន​ជ្រើសរើសអ្នក​លេង​ផ្អែក​លើ​សមត្ថភាព ប៉ុន្តែ​លើ​ពូជសាសន៍​ទៅ​វិញ​ទេ។ ខ្ញុំ​ជឿថា វាមាន​គ្រោះថ្នាក់​ខ្លាំង​ណាស់»។

រដ្ឋាភិបាលអាហ្វ្រិកខាង​ត្បូង​ហាក់​ដូចជា គាំទ្រ​លោក Mahomole ប៉ុន្តែ​សហព័ន្ធ​កីឡា​អុក​ពិភពលោក​បាន​ប្តេជ្ញា​ប្រកាន់​យក​អព្យាក្រឹត្យភាព​ ដែលនេះ​ជា​ស្ថានភាពមួយ​ធ្វើ​ឲ្យជាប់​គាំង​ទៅ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។

​អ្នកស្រី Thuli Myaka ដែល​បាន​ពណ៌នា​ជា «ម្តាយ​ដែល​គាំទ្រ​កូន​លេង​អុក» បើ​ទោះ​បី​ជា​ អ្នកស្រី​កត់សម្គាល់ថា កូនប្រុស​របស់​អ្នកស្រី​ក៏​លេង​បាល់​ទាត់​ផង​ដែរ បាន​ផ្តល់​នូវ​ដំណោះស្រាយ​មួយថា៖​

«ខ្ញុំ​គិត​ថា គាត់​ទាំងពីរ​គួរ​តែ​លាលែង​ពី​តំណែង ដូច្នេះ​យើង​នឹង​មិន​មាន​ការ​ប្រជែង​ដណ្តើម​គ្នា​លើ​អ្វីៗ​ទាំងអស់។ យើង​មិនមែន​នៅ​ទី​នេះ​ដើម្បី​វាយ​ប្រយុទ្ធ​គ្នា​នោះ​ទេ។ យើង​នៅ​ទី​នេះ​ដើម្បី​លេង​អុក»។

បុរស​ទាំង​ពីរ​ខាង​លើ​បាន​ច្រានចោល​ការ​លើក​ឡើង​ដូចនេះ​យ៉ាង​លឿន​នៅ​ពេល​ VOA បាន​បញ្ជាក់​ប្រាប់។ ហើយ​ពួកគេ​បាន​សន្យា​ថា រឿង​នេះ​នឹង​មិន​បញ្ចប់​ដោយ​ភាគី​ទាំងសងខាង​ទទួល​បាន​លទ្ធផល​ស្មើគ្នា​នោះ​ទេ៕

ប្រែសម្រួល​ដោយ​លោក​ ណឹម សុភ័ក្រ្តបញ្ញា