លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាមានសុខភាពល្អប្រសើរបន្តិច បន្ទាប់ពីបានបញ្ជូនទៅព្យាបាលក្នុងប្រទេសវៀតណាម។ ដោយឡែក លោកប៉ែន សុវណ្ណអតីតនាយករដ្ឋមន្ត្រីក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជានិងជាសមាជិកសភាតំណាងរាស្ត្រខាងគណបក្សសង្គ្រោះជាតិ គ្រោងនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញបន្ទាប់ពីបានទៅសម្រាកព្យាបាលនៅប្រទេសសឹង្ហបុរីក្រោយពីមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
លោក យឹម លាង ប្រធានអង្គរក្សផ្ទាល់ លោក ជា ស៊ីម មានប្រសាសន៍ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមទូរស័ព្ទពីប្រទេសវៀតណាមថាលោក ជា ស៊ីម មានសុខភាពល្អឡើងវិញហើយគ្រោងនឹងបញ្ជូនមកកម្ពុជាក្នុងរយៈពេលពីរឬបីថ្ងៃក្រោយទៀត។
លោក យឹម លាង មិនបានបញ្ជាក់លម្អិតថាតើលោកជា ស៊ីមត្រូវព្យាបាលជំងឺអ្វីខ្លះទេពេលដែលបញ្ជូនទៅព្យាបាលក្នុងប្រទេសវៀតណាមនោះ។
លោកនិយាយថា៖«អត់អីទេ មានអ្វីទេ ល្អតើ។ តែល្អវាធូរស្រាលហើយ គេថាមិនល្អមានន័យថាខុសគ្នា»។
លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាមិនបានបង្ហាញមុខតាំងពីខួបលើកទី៣៦ឆ្នាំដែលគណបក្សប្រជាជនកម្ពុជាបានរំលឹកថាជាថ្ងៃជ័យជម្នះថ្ងៃ៧ខែមករា។ ហើយក្រោយមកនៅពេលដែលគណបក្សនេះធ្វើមហាសន្និបាតកាលពីចុងសប្តាហ៍មុនលោកក៏មិនមានវត្តមានដែរ។
មន្ត្រីគណបក្សប្រជាជនបានបញ្ជាក់ថា លោកត្រូវបានបញ្ជូនទៅព្យាបាលជំងឺក្នុងប្រទេសវៀតណាមកាលពីពីរសប្តាហ៍មុនដោយសារវ័យចាស់ជរារបស់លោក។
លោក ជា ស៊ីម អាយុ ៨៣ ឆ្នាំ មានស្រុកកំណើតនៅស្រុក រមាសហែក ខេត្តស្វាយរៀង។ លោកជាអតីតប្រធានរដ្ឋសភា ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩៨។ លោកត្រូវបានផ្លាស់តួនាទីឱ្យទៅកាន់ប្រធានព្រឹទ្ធសភាវិញចាប់តាំង ពីឆ្នាំ១៩៩៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
លោកទទួលបានគោរម្យងារពីព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម កាលពីអំឡុងឆ្នាំ២០០៧ និងបានតែងតាំងជានាយឧត្តមសេនីយ៍ផ្កាយមាស៥កាលពីខែធ្នូ ឆ្នាំ២០០៩ ។
មានមេដឹកនាំសំខាន់ៗចំនួនពីរនាក់បានធ្លាក់ខ្លួនឈឺយ៉ាងទម្ងន់ នៅក្នុងប្រទេសកម្ពុជាគឺលោក ជា ស៊ីម និង លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។
លោក កឹម សុខា អនុប្រធានគណបក្សសិទ្ធិមនុស្ស និង ជា អនុប្រធានរដ្ឋសភាមានប្រសាសន៍ថាលោកប៉ែន សុវណ្ណបានដឹងខ្លួនឡើងវិញហើយតែលោកមិនអាចកម្រើកមួយចំហៀងខ្លួន។
លោកមានប្រសាសន៍ថាលោកប៉ែន សុវណ្ណ អាចអានកាសែតបានខ្លះៗតែនិយាយមិនទាន់បានហើយក្រុមគ្រូពេទ្យនិយាយថាលោកនិងត្រូវបញ្ជូនមកថែរក្សាក្នុងប្រទេសកម្ពុជាវិញក្នុងសប្តាហ៍នេះ។
លោកនិយាយថា៖«ទីមួយបញ្ហាបេះដូងរបស់គាត់យើងដាក់ព្យាបាលហើយ ដាក់ឱ្យបើកបេះដូងដើរធម្មតា វិញហើយគាត់មានបញ្ហាខួរក្បាល Stroke ហ្នឹង គឺគាត់ Stroke ហើយណា។ក៏ប៉ុន្តែយើងត្រូវព្យាបាលរយៈពេលយូរ អញ្ចឹងយកមកព្យាបាលនៅស្រុកខ្មែរវិញ»។
លោក ប៉ែន សុវណ្ណ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តកំពង់ស្ពឺមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលកាលពីកាលពីថ្ងៃទី១៧ខែមករានៅគេហដ្ឋានរបស់លោកក្នុងខេត្តតាកែវ ហើយក្រោយមកលោកត្រូវបានដឹកតាមយន្តហោះទៅព្យាបាលនៅប្រទេសសឹង្ហបុរី។
លោក ប៉ែន សុវណ្ណ មានអាយុ ៧៩ឆ្នាំ ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨១ នៅក្រោយរបបកម្ពុជាប្រជាធិបតេយ្យដួលបានដួលរលំ៕