សមាជិក​បក្ស​កាន់​អំណាច​សម្តែង​ការស្វាគមន៍​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី

រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​កូនប្រុសច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរ​ភូមិន្ទ​ឆ្នាំ​២០១៧ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៥ ខែ​មករា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/វីអូអេ)

ប៉ុន្មាន​សប្តាហ៍​ក្រោយ​ពី​លោក ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ហើប​ច្បាស់ៗ​ជាង​ពេល​មុន​ថា ​កូន​ប្រុស​ច្បង​របស់​លោក ​គឺ​លោក​ ហ៊ុន ម៉ាណែត ​អាច​ក្លាយ​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​មួយ​រូប​ក្នុង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​អនាគត​នោះ​ ​ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណ​បក្ស​កាន់​អំណាច ​បាន​បង្ហាញ​ជំហរ​គាំទ្រ​ដល់​ការ​សម្រេច​ចិត្ត​របស់​មេបក្ស​ផង​ខ្លួន។​

លោក​ សុខ ឥសាន ​សមាជិក​ព្រឹទ្ធ​សភា ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បញ្ជាក់​ច្បាស់ៗ​ថា​ លោក​គ្មាន​អ្វី​ត្រូវ​ប្រឆាំង​នឹង​គោល​ជំហរ​របស់​លោក ​ហ៊ុន សែន​ ដែល​ជា​ប្រធាន​គណបក្ស​នោះ​ទេ។​

«រឿង​អី​(ដែល)​ខ្ញុំ​(ត្រូវ)​ជំទាស់​ជាមួយ​នឹង​ប្រសាសន៍​របស់​ប្រធាន​គណបក្ស?»​

កាល​ពីថ្ងៃទី​២២​ ខែ​មិថុនា ​ឆ្នាំ​២០២០ ​ក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ​ការ​សាង​សង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​ប្រកាស​ថា​ លោក​ហ៊ុន ម៉ាណែត ​អាច​នឹង​ក្លាយ​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត​លើក​ក្រោយ។ ​ក៏​ប៉ុន្តែ​ លោក ​ហ៊ុន សែន ​មិន​បាន​កំណត់​នៅ​ឡើយ​ថា ​កូន​ប្រុស​ច្បង​វ័យ​៤២​ឆ្នាំ​របស់​លោក​ នឹង​អាច​ដាក់​បេក្ខភាព​ក្នុង​បញ្ជី​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នៅ​ពេល​ណា​ជាក់​លាក់​នោះ​ទេ។​

លោក ​ផៃ ស៊ីផាន​ រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​អធិប្បាយ​ថា​ ជា​គោល​ការណ៍​គណបក្ស​កាន់​អំណាច ​លើក​តម្កើង​ខ្ពស់​បេក្ខភាព​របស់​លោក​ ហ៊ុន សែន​ ជា​នាយក​រដ្ឋមន្ត្រី​បន្ត​អាណត្តិ​ដោយសារ​តែ​រូប​លោក​មាន​ឧត្តមភាព​ក្នុង​ការ​ប្រកួត​ប្រជែង។ ​ទោះជា​បែប​នេះ​ ក្តីមន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​ដដែល​នេះ​ បាន​គូស​បញ្ជាក់​ការ​គាំទ្រ​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី​របស់​លោក ​ហ៊ុន ម៉ាណែត​ សម្រាប់​ពេល​អនាគត។​

«យើង​ដឹង​ថា​ ក្នុង​ការ​ស្នង​(តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី)​ ឯកឧត្តម​ ហ៊ុន ម៉ាណែត​ មាន​បទ​ពិសោធន៍​ច្រើន ទាំង​ចំណេះ​ដឹង​ និង​ចំណេះ​ធ្វើ​ក្នុង​ចំណោម​យុវជន​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា។ ​ហើយ​លោក​ ក៏​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។ ​ដូច្នេះ​សម​ស្រប​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី»។​

លោក​ ហ៊ុន ម៉ាណែត​ បច្ចុប្បន្ន​ជា​ឧត្តម​សេនីយ៍​ឯក​ ពាក់ផ្កាយ​បី។​ លោក​កាន់​កាប់​មុខ​តំណែង​គន្លឹះ​ជាច្រើន​ក្នុង​ជួរ​កងទ័ព។​ ក្នុង​នោះលោក​ជា​អគ្គ​មេបញ្ជាការ​រង​កងទ័ព​និង​ជា​មេ​បញ្ជាការ​កងទ័ព​ជើង​គោក។ ​លោក​ ក៏​ជា​មេ​បញ្ជាការ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវ​កម្ម ​និង​ជា​មេ​បញ្ជាការ​រង​កង​អង្គរក្ស​ផង​ដែរ។ ​ជា​សមាជិក​គណៈ​កម្មាធិ​ការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ​ហ៊ុន ម៉ាណែត ​ត្រូវ​ជ្រើស​តាំង​ជា​ប្រធាន​ក្រុម​យុវជន​នៃ​គណបក្ស​នេះ​បន្ថែម​ទៀត​ កាល​ពី​ពេល​ថ្មីៗ​នេះ។​

ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​បណ្ឌិត​សភា​យោធា​របស់​សហ​រដ្ឋ​អាមេរិក​ West Point​ និង​បណ្ឌិត​សេដ្ឋកិច្ច​ពី​សាកល​វិទ្យាល័យ​ Bristol​ ចក្រភព​អង់គ្លេស ​ លោក​ ហ៊ុន ម៉ាណែត ​ត្រូវ​បាន​តម្លើង​តួនាទី​និង​ការ​ទទួល​ខុស​ត្រូវ​ជាន់ខ្ពស់ជា​បន្ត​បន្ទាប់​ ហើយ​ការ​ទទួល​ខុស​ត្រូវ​និង​តួនាទី​ទាំង​នោះ ​ត្រូវ​ក្រុម​អ្នក​សង្កេត​ការណ៍​មើល​ឃើញ​ថា​ ហាក់​ដូចជា​កម្រាល​ផ្លូវ​មួយ​ដែល​ត្រូវ​រៀបចំ​សម្រាប់​ជំនួស​ការ​កាន់​ចង្កូត​ប្រទេស​បន្ត​ពី​ឪពុក​របស់​លោក។​

លោក​ ហេង សំរិន ​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​រដ្ឋ​សភា​ មិន​បាន​បង្ហាញ​ជំហរ​បែប​ណា​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​លោក ​ហ៊ុន សែន ​ដែល​ចង់​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​នោះ​ទេ។​

លោក​ ហេង សំរិន​ បាន​ចុច​ផ្តាច់​ទូរសព្ទ័​ជាច្រើន​ដង​រាល់​ពេល​ដែលវីអូអេ​ ព្យាយាម​ស្នើ​សុំ​មតិ​យោបល់​ពី​រូប​លោក។​

«អាឡូ ! ​ពី​ណា​គេ​ណុង?»​

លោក ​អ៊ូ វីរៈ ​ស្ថាបនិក​វេទិកា​អនាគត ​ធ្លាប់​បាន​អះអាង​ថា​ ​ចេតនា​ផ្ទេរ​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី​របស់​លោក ​ហ៊ុន សែន ​ទៅ​ឲ្យ​កូន​ប្រុស​នៅ​ពេល​នេះ​ដោយសារ​ពុំ​មាន​បេក្ខជន​មក​ពី​គណបក្ស​ណា​មួយ​ដទៃ​ទៀត ​គួរ​ឲ្យ​គណបក្ស​កាន់​អំណាច​ព្រួយ​បារម្ភ​ក្នុង​ការ​ប្រកួត​ដណ្តើម​សំឡេង​ឆ្នោត។​

ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា ​គឺ​ជា​ការ​បោះឆ្នោត​តាម​ប្រព័ន្ធ​សមាមាត្រ។ ​ប៉ុន្តែ​គេ​សម្គាល់​ឃើញ​ជា​ទូទៅ​ថា​ បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​ គឺ​ជា​គោល​ដៅ​សម្រាប់​ទាក់ទាញ​ចំណាប់​អារម្មណ៍​និង​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត។​ ហើយ​នាពេល​កន្លង​មក បើ​ទោះ​ជា​មាន​គណបក្ស​នយោបាយ​ជា​ច្រើន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត ​ ក៏​ប៉ុន្តែ​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​ ដែល​លេច​ធ្លោ​ គឺ​បេក្ខជន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​បេក្ខជន​មក​ពី​គណបក្ស​សង្គ្រោះជាតិ។​

ដោយ​ឡែក​ក្នុង​ពេល​នេះ​ ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រជែង​គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត​របស់​គណបក្ស​កាន់​អំណាច​ ត្រូវ​បាន​រំលាយ​ចោល​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ពាក់​ពន្ធ័​នឹង​ទង្វើ​«ក្បត់ជាតិ»។​

ទោះជា​យ៉ាង​ណា ​ លោក ​សម រង្ស៊ី ​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អធិប្បាយ​ថា​ ​លោក​ហ៊ុន សែន ​«ចង់​បង្កើត​គ្រួសារ​ដែល​ដឹក​នាំ​ប្រទេស​ជា​រៀង​រហូត ​ដូច​កូរ៉េខាងជើង»។ ​ហើយ​កត្តា​នេះ ​«ជា​សញ្ញា​មិន​ល្អ​សម្រាប់​ប្រទេស​កម្ពុជា»​នោះ​ទេ។​

ដោយ​ឡែកសមាជិក​មូលដ្ឋាន​ខ្លះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​បាន​សម្តែង​សមាន​ចិត្ត​ចំពោះ​លោក ​ហ៊ុន ម៉ាណែត។​

អ្នក​ស្រី​ វ៉ា ធារី ​ជា​អ្នក​ភូមិ​តិក្ខប្បញ្ញោ ​សង្កាត់​សំរោង​ក្រោម​ ខ័ណ្ឌ​ពោធិ៍សែនជ័យ។​

ក្នុងវ័យ​៦៣ ឆ្នាំ អ្នក​ស្រី ធារី ​បាន​ទទួល​ដំណឹង​ពី​សេចក្តី​ប្រកាស​របស់​លោក​ហ៊ុន សែន ដែល​ចង់​ឲ្យ​កូន​ប្រុស​របស់​លោក​ស្នងតំណែង​នាយក​រដ្ឋ​មន្ត្រី តាម​រយៈ​បណ្តាញ​ផ្សព្វ​ផ្សាយ។

ជាសមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​មូលដ្ឋាន អ្នក​ស្រី វ៉ា ធារី គូស​បញ្ជាក់​ថា​អ្នក​ស្រី​នឹង​ផ្តល់​សំឡេង​គាំទ្រ​ដល់​កូន​ប្រុស​ច្បង​របស់​លោក​ហ៊ុន សែន ប្រសិន​បើ​គាត់​ឈរ​ជា​បេក្ខជននាយក​រដ្ឋមន្ត្រី។

«ពេល​បោះឆ្នោត ខ្ញុំ​បោះ​ឲ្យគាត់រហូត។​កាល​ពីសម្តេចតេជោ​ក៏ខ្ញុំ​បោះ​ឲ្យ​ដែរ។​ក្រុម​គ្រួសារ​ខ្ញុំ​បោះ​ឲ្យ​គាត់​ទាំងអស់​គ្នាហ្នឹង។»

សាន ណារ៉ាន់ កំពុងអាំងភ្លៅនិង​ស្លាប​មាន់​លក់នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីទី​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ក្រាំងធ្នង់ ខ័ណ្ឌសែន​សុខ។

បុរស​វ័យ​៣៦ ឆ្នាំ​រូប​នេះគាំ​ទ្របេក្ខជន​លោកហ៊ុន ម៉ាណែត តាមរយៈ​ចំណេះ​ដឹង​និង​សីលធម៌។

«ទី១ គាត់មាន​ចំណេះ​ដឹង​ខ្ពស់។​ហើយ​ការនិយាយស្តីរបស់​គាត់​មាន​សីលធម៌ និង​មាន​វិជ្ជាជីវៈ។ (ខ្ញុំ)​ចង់និយាយថា​សមត្ថភាព​គាត់ បើតាម​ពិនិត្យ​មើល​ទៅ​ គឺគាត់​អាច​ក្លាយ​ជា​អ្នក​ដឹក​នាំ​បាន។»

បើ​ទោះជា​មាន​ការ​បង្ហាញ​ការ​គាំទ្រលើ​បេក្ខភាព​លោក ​ហ៊ុន ម៉ាណែត ជាអនាគតបេក្ខជន​នាយករដ្ឋ​មន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ពី​សមាជិក​បក្សជាន់​ខ្ពស់​និង​សមាជិក​មូល​ដ្ឋាន​មួយ​ចំនួន​របស់​គណបក្ស​កាន់​អំណាច​យូរ​មួយនេះ ប៉ុន្តែ​ការ​សម្រេច​ជា​ផ្លូវ​ការ​លើ​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​សម្រាប់​ការ​បោះ​ឆ្នោតនឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​មហា​សន្និបាទ​ពេញ​អង្គ​របស់​គណបក្ស​ មុន​ការ​បោះឆ្នោត​មក​ដល់។

នេះ​បើ​ផ្អែកតាម​ក្រុម​មន្ត្រីជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕