អ្នកស្រីហម ស្រីម៉ុម និងអ្នកស្រី សារ៉ោះ អាប់ឌុលឡោះ លក់សាច់មាន់ឆៅនៅតូបក្បែរខាងគ្នាជាង២០ឆ្នាំមកហើយ ក្នុងផ្សារទួលសង្កែនៅភ្នំពេញ។ ពួកគេធ្លាប់ប្រាស្រ័យទាក់ទងលេងសើចជាមួយគ្នាជាធម្មតា និងពេលខ្លះចែករំលែកម្ហូបអាហារគ្នាទទួលទានថែមទៀតផង។ ស្រីម៉ុមជាពុទ្ធសាសនិក ហើយអាប់ឌុលឡោះជាឥស្លាមសាសនិក។
ប៉ុន្តែពួកគេចាប់ផ្តើមមានជម្លោះពាក្យសម្តីជាមួយគ្នា ក្រោយពេលក្រសួងសុខាភិបាលបានប្រកាសថា មានឥស្លាមសាសនិកកម្ពុជា ដែលត្រឡប់ពីការប្រារព្ធពិធីបួងសួងតាមបែបសាសនានៅប្រទេសម៉ាឡេស៊ី ឆ្លងវីរុសកូរ៉ូណា។ នេះជាការប្រកាសឆ្លងទ្រង់ទ្រាយធំមួយនៅកម្ពុជា ដែលនាំឲ្យមានការព្រួយបារម្ភថា នឹងចម្លងទៅប្រជាជនផ្សេងទៀត។
ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ក្រសួងសុខាភិបាលបានបង្ហាញអត្តសញ្ញាណនៃអ្នកដែលឆ្លង ដោយមានការបែងចែកថា «ខ្មែរ»និង«ខ្មែរឥស្លាម»។ នេះជាការបង្ហាញជាក់ច្បាស់លើបណ្ដាឥស្លាមសាសនិកនៅកម្ពុជា និងដំណើររឿងរ៉ាវទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី។ មានការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យតាមរយៈបណ្ដាញទំនាក់ទំនងសង្គម មកលើសាសនាឥស្លាម បណ្ដាជនឥស្លាមសាសនិក និងមកលើសហគមន៍ជនជាតិចាមតែម្ដង។
ឃើញដូច្នេះនាំឱ្យអ្នកស្រី សារ៉ោះ អាប់ឌុលឡោះ ហាក់មានអារម្មណ៍តូចចិត្ត ហើយព្រលយពាក្យពេចន៍ឮៗ ខណៈអ្នកស្រីកំពុងលក់នៅឯផ្សារ។ វានាំឱ្យកើតក្ដីមិនយល់ស្របគ្នា យល់ច្រឡំ និងនាំទៅដល់ជម្លោះពាក្យសម្ដីជាមួយអ្នកស្រី ហម ស្រីម៉ុម កាលពីថ្ងៃពុធសប្ដាហ៍កន្លងទៅ។
ដោយមានក្រមាទទូលគ្របក្បាល និងកន្សែងរុំមុខជិត អ្នកស្រី សារ៉ោះ អាប់ឌុលឡោះ បានប្រាប់ VOA ថា៖ «ខ្ញុំអ្នកថា ចំពោះអ្នកនិយាយទេ។ ខ្ញុំថា ម៉េចបានចាំបាច់ដៀលបងប្អូនឥស្លាមអ៊ីចឹង? អត់ត្រូវដៀលទេ ហើយអត់ត្រូវឆ្អើមខ្ពើមគ្នាទេ ព្រោះអីគេម្នាក់ៗ គេខ្លាចរៀងៗខ្លួន។ គេការពាររៀងខ្លួន។ ចេះតែថា បងប្អូនខ្មែរឥស្លាមនេះនាំរោគមកចូលស្រុកខ្មែរ ខ្ញុំក៏ខឹងទៅ។ ខ្ញុំក៏ថា ឱ្យគេអ្នកនិយាយ តែអ្នកអត់និយាយហ្នឹង គេតមក ក៏កើតការប្រកែកគ្នា មួយម៉ាត់ពីរម៉ាត់ក្នុងផ្សារហ្នឹងទៅ ចាស៎!»។
រំលងគ្នាតែមួយតូប និងស្ថិតនៅតែចម្ងាយប្រមាណបីម៉ែត្រពីគ្នា ក្នុងផ្សារទួលសង្កែ ដែលអ្នកដើរទិញឥវ៉ាន់នៅតែធ្វើដំណើរទៅមកក្រោមកម្ដៅថ្ងៃក្ដៅហែង អ្នកស្រី ហម ស្រីម៉ុម បានប្រាប់ VOA ថា៖ «ទៅមិនបាច់ប្រកាន់ទេ។ [គាត់]ម្នាក់ហ្នឹង វានិយាយថា«ខ្មែរៗ!» តែជាមួយខ្ញុំអត់មានប្រកាន់ថា សាសន៍ណា សាសន៍ណាទេ។ សម្រាប់ពួកខ្ញុំលក់ដូរហ្នឹង ត្រូវគ្នាទាំងអស់ទេ។ តែដូចថា [គាត់]ម្នាក់ហ្នឹង វាអត់សូវដឹងអីទេ។ វានិយាយឡើងវាសុទ្ធតែ«មីខ្មែរ»។ ខ្ញុំខឹងពេក ខ្ញុំថា យើងនៅលើទឹកដីខ្មែរ កុំជេរខ្មែរ!»។
បច្ចុប្បន្ន អ្នកទាំងពីរបានឈប់ស្ដីរកគ្នា។
មិនឆ្ងាយប៉ុន្មានពីផ្សារទួលសង្កែ គឺនៅច្រាំងចំរេះ ដែលជាផ្សារមួយទៀតនៅភាគខាងជើងរាជធានីភ្នំពេញ បរិយាកាសនៃភាពច្របូកច្របល់ក្នុងចិត្តបានកើតមានឡើងពាសពេញសហគមន៍ នៅពេលដែលដំណឹងនៃការលែបខាយពាក្យពេចន៍ បានកើតឡើងមកលើលោក ម៉ាន ពិទ្ទ្រី ឥស្លាមសាសនិកដែលតាំងទីលក់ទឹកអំពៅពីរនាក់ប្ដីប្រពន្ធនៅក្នុងផ្សារនោះ។
បុរសវ័យ៣៨ឆ្នាំរូបនេះយួរថង់ទឹកអំពៅ ដែលប្រពន្ធរបស់លោកគឺអ្នកស្រី សា លីម៉ា វ័យ៣៥ឆ្នាំ កៀប និងច្រករួចជាស្រេច ដើរលក់ក្នុងផ្សារក្បែរផ្លូវ។ កាលពីថ្ងៃពុធសប្ដាហ៍មុន នៅពេលដែលស្ត្រីសា លីម៉ាជិះម៉ូតូដឹកកូនតូចៗពីរនាក់ មានពាក្យមិនសមរម្យ ខណៈកូនតូចៗទារចង់ទិញទឹកអំពៅ៖ «អាហ្នឹងគេនិយាយគេក្រែងផង ក៏មិនដឹង គេស្អប់ក៏មិនដឹង គេស្អប់ គេរើសអើង!... បញ្ហាអីគ្រាន់តែគាត់ថា កុំទិញរបស់ចាម។ គ្រាន់តែប៉ុណ្ណឹង។ ហើយ ទៅ! អាកូនយំយ៉ាងម៉េច យំទៅ កូនយំចង់ផឹក តែម្ដាយអត់ឱ្យ»។
ការប្រើប្រាស់ពាក្យថា«ខ្មែរឥស្លាម» ដែលពលរដ្ឋនៅកម្ពុជានិយមនិយាយជាទូទៅ និងត្រូវបានក្រសួងសុខាភិបាលបែងចែកអ្នកឆ្លងមេរោគ COVID-19 នេះ ដោយដាក់«ខ្មែរ»ផ្សេង និង«ខ្មែរឥស្លាម»ផ្សេង។ «ខ្មែរឥស្លាម»តែងត្រូវបានរំលេចឡើង ដើម្បីសម្គាល់ទៅលើក្រុមជនជាតិចាមភាគតិច ជ្វា និងម៉ាឡេ ដែលរស់នៅកម្ពុជា ហើយគោរពប្រតិបត្តិជាឥស្លាមសាសនិក។
បើយោងតាមក្រសួងសុខាភិបាល មានបណ្ដាឥស្លាមសាសនិកជាពលរដ្ឋកម្ពុជាចំនួន៧៩នាក់បានទៅចូលរួមពិធីសាសនានៅវិហារ Sri Petaling ក្បែរទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលបញ្ចប់នៅចុងខែកុម្ភៈ។ ពិធីសាសនាដែលមានអ្នកចូលរួមរាប់ពាន់នាក់នេះបណ្ដាលឱ្យជួបហេតុអកុសលនៃការឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសម៉ាឡេស៊ី និងអ្នកចូលរួមមកពីបណ្តាប្រទេសផ្សេងៗ ដូចជាប្រទេសព្រុយណេ ឥណ្ឌូនេស៊ី សិង្ហបុរី និងកម្ពុជា។
ក្នុងចំណោមពលរដ្ឋកម្ពុជា៧៩នាក់ដែលបានចូលរួម មាន២៥នាក់ត្រូវបានរកឃើញថា មានឆ្លងវីរុសCOVID-19 និងមានអ្នកប្រាស្រ័យទាក់ទងផ្ទាល់៥នាក់ក៏បានឆ្លងដែរ។ ក្រៅពីនោះរដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យដឹងថា អ្នកដែលនៅសេសសល់ បូករួមទាំងបណ្ដាញទាក់ទងស្និទ្ធរបស់ពួកគាត់ ត្រូវបានធ្វើតេស្ដ ហើយមិនឃើញមានឆ្លងនោះទេ។
នៅឯផ្សារច្រាំងចំរេះដដែល អ្នកលក់មាន់ម្នាក់ ឈ្មោះអ្នកស្រី សាន់ វ៉ាន់នី វ័យ៣២ឆ្នាំ ដែលជាឥស្លាមសាសនិកដែរ បានលើកឡើងថា ការរកស៊ីរបស់អ្នកស្រីធ្លាក់ចុះ ដោយមិនមានអតិថិជនខ្មែរមកទិញដូចមុន ចាប់តាំងពីផ្ទុះឡើងនៃករណីឆ្លងCOVID-19 និងរឿងរ៉ាវនៃអ្នកត្រឡប់មកពីប្រទេសម៉ាឡេស៊ី។
«បាត់! បាត់ម៉ូយខ្មែរខ្លះដែរ! បាត់តិចតួចទេបង! អឺ ខ្ញុំអត់ដឹងថា មូលហេតុ អឺបាត់ហ្នឹងគេអត់ហ៊ានចេញពីផ្ទះ ឬក៏គេរើសអើងយើង។ ខ្ញុំអត់ហ៊ាននិយាយថា ពិតប្រាកដមួយណាទេណា៎! ព្រោះខ្ញុំវាអត់បានជួបប្រទះផ្ទាល់!»។
អ្នកលក់មាន់រូបនេះ ដែលបានរៀបការស្វាមីជាជនជាតិខ្មែរ បានឱ្យដឹងថា អ្នកស្រីមានការរំខានចិត្តចំពោះការលើកឡើង និងការបញ្ចេញមតិមានខ្លឹមសាររើសអើងនៅលើបណ្ដាញសង្គម និងបារម្ភថា ការណ៍នេះអាចនាំឱ្យមានការប៉ះទង្គិចគ្នារវាងសហគមន៍ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា ជាពិសេសរវាងពុទ្ធសាសនិក និងឥស្លាមសាសនិក បើមិនទប់ស្កាត់ទាន់ពេល។
«មានបងប្អូនខ្មែរយើងមួយចំនួនតូចទេ ដែលគាត់សរសេរជេរទាំងពាក្យសម្ដី និយាយចេញមកពិបាកស្ដាប់តែម្ដង សុទ្ធតែពួកវាអ៊ីចឹងហើយ បានវាអត់មានទឹកដីនោះ បានវាអត់មានទឹកដីនៅ។ បងឯងគិតមើល និយាយអ៊ីចឹងៗ។ តើគាត់ធ្វើអ៊ីចឹងសមឬអត់?»។
ក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តដែលនឹងចេញទៅជួយព្យាបាលអ្នកជំងឺដែលផ្ទុកវីរុសកូរ៉ូណា ក្នុងនោះមានគ្រូពេទ្យជាឥស្លាមសាសនិកផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានអំពាវនាវឲ្យបញ្ឈប់ការរើសអើងប្រឆាំងនឹងបណ្ដាឥស្លាមសាសនិក ឬក៏សហគមន៍ឯទៀត ដោយសារតែបញ្ហានៃវីរុសនេះ។
«ខ្ញុំសុំឱ្យរំលត់បញ្ហានេះបន្ទាន់នៅប្រទេសកម្ពុជា។ ប្រទេសនេះគឺជាប្រទេសគម្រូមួយនៅក្នុងពិភពលោក ដែលគ្មានការរើសអើងជាតិសាសន៍ និងសាសនា»។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា វាជាប្រការ«គ្រោះថ្នាក់»ក្នុងការបង្ហាញអត្តសញ្ញាណអ្នកផ្ទុកមេរោគ COVID-19 ដោយរាប់បញ្ចូលទាំងជំនឿសាសនារបស់ពួកគេ។ លោកស្រីបញ្ជាក់ថា វានឹងដាក់បន្ទុកនាំឱ្យសហគមន៍ជនជាតិ និងសហគមន៍សាសនាភាគតិចងាយរងគ្រោះ និងប្រឈមការរើសអើង។
ប្រធានអង្គការរូបនេះបានលើកឡើងថា៖ «វាគឺជារឿងសំខាន់ដែលសិទ្ធិឯកជនភាពរបស់អ្នកជំងឺ ចាំបាច់ត្រូវតែទទួលបានការថែរក្សាការពារ ហើយលើសពីនោះព័ត៌មានផ្ទាល់ខ្លួនដែលមានលក្ខណៈរសើបហ្នឹងមិនចាំបាច់ត្រូវបញ្ចេញ ដូចយ៉ាងជម្រើសនៃជំនឿសាសនា ដែលមិនមានជាប្រយោជន៍សាធារណៈដែលមហាជនគួរដឹងជាចាំបាច់ គួរតែត្រូវបានលាក់ទុក»។
លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលលោក ហ៊ុន សែន និងជាមេដឹកនាំឥស្លាមសាសនិកនៅកម្ពុជា បានលើកឡើងថា វាមិនមែនជាបញ្ហាឡើយ ក្នុងការបង្ហាញ«ខ្មែរ»និង«ខ្មែរឥស្លាម»នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
ក្នុងសន្និសីទព័ត៌មានមួយកាលពីថ្ងៃសៅរ៍លោក ហាស្សាន់ បាននិយាយថា៖ «គ្រាន់តែថា ពេលខ្លះទៅ បងប្អូនយើងលោក...ចុះបើយើងទៅថា..អ្នកទៅធ្វើបុណ្យនៅកន្លែងនោះ បើមិនឥស្លាមទេ ពីណា?អ៊ីចឹងណា៎ អីក៏ថា អ៊ីចឹងទៅណា៎។ បើទៅទីហ្នុង ឧបមាថា អ្នកទៅធ្វើបុណ្យ Haj អ៊ីចឹងទៅណា៎ មិនមែនឥស្លាម មិនមែនទៅធ្វើបុណ្យ Haj ទេ»។
ទេសរដ្ឋមន្ត្រីរូបនេះបានលើកឡើងថា ការប្រើប្រាស់សម្ដីមិនសមរម្យ និងពេលខ្លះមានខ្លឹមសាររើសអើងលើសហគមន៍ឥស្លាមសាសនិក ពេលខ្លះអ្នកបញ្ចេញទស្សនៈធ្វើឡើងដោយ«អចេនា» ហើយ«ពុំមានបំណងអាក្រក់»អ្វីនោះទេ តែដោយសារភាពភ័យខ្លាចនៃរោគរាតត្បាតកូរ៉ូណា ទើបនាំឱ្យមានការបរិយាយប៉ះពាល់គ្នា។
លោក អូស្មាន ហាស្សាន់បន្តថា៖ «ក៏ប៉ុន្តែអ្វីដែលយើងប្រុងប្រយ័ត្ន យើងប្រុងប្រយ័ត្ន។ គេអ្នកឆ្លៀតឱកាស ដើម្បីបំបែកបំបាក់នូវភាពសាមគ្គីផ្ទៃក្នុងរបស់យើងរបស់ប្រជាជាតិយើង ឱ្យមានការប្រេះស្រាំ បែកបាក់សាមគ្គីគ្នា ដើម្បីគេកេងយកប្រយោជន៍អ្វីមួយ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ក៏ចៀសវាង មិនទទួលស្គាល់ការបែងចែក«ខ្មែរ»និង«ខ្មែរឥស្លាម»របស់ក្រសួងសុខាភិបាល តែលោកបានស្នើឱ្យបណ្ដាញសារព័ត៌មាន ប្រយ័ត្នប្រយែងក្នុងការបង្ហាញអត្តសញ្ញាណរបស់អ្នកផ្ទុកវីរុសកូរ៉ូណា។
ក្នុងសន្និសីទសារព័ត៌មានមួយកាលពីសប្ដាហ៍មុន លោកបានលើកឡើងថា៖ «ដូច្នេះ សុំឱ្យបណ្ដាញសារព័ត៌មានទាំងអស់ មិនមានសារៈប្រយោជន៍ក្នុងការធ្វើអត្តសញ្ញាណកម្ម រហូតទៅដល់ខ្មែរឥស្លាម ខ្មែរចិន ខ្មែរយៀកណាម គឺមិនបាច់ទេ គ្រាន់តែថា ជាប្រជាពលរដ្ឋខ្មែរ។ យើងជួបបញ្ហាជាមួយនឹងវីរុសCOVID19 ។ ហេតុដូចម្ដេចបានជាយើងបង្កើតបញ្ហានៅក្នុងសហគមន៍នេះឯង អានេះអធ្យាស្រ័យ»។
នៅត្រើយម្ខាងទៀតនៃទន្លេសាបក្នុងបរិវេណវិហារឥស្លាមមួយកន្លែង ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បរិយាកាសហាក់មានភាពច្របូកច្របល់ក្នុងចិត្ត ខណៈVOA ព្យាយាមសាកសួរអំពីទស្សនៈរបស់សហគមន៍ ដោយពលរដ្ឋជាឥស្លាមសាសនិក មិនហ៊ានបង្ហាញឈ្មោះនោះទេ តែពួកគេស្នើឱ្យមានការបញ្ឈប់ការរើសអើង។
រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការនានាយ៉ាងប្រញាប់ប្រញាល់ ក្នុងនោះមានការហាមប្រាមការជួបជុំបួងសួង ប្រារព្ធពិធីនានា នៅទីអារាមសាសនានានាផងដែរ ដើម្បីបញ្ចៀសការឆ្លងជាក្រុម និងការរីករាលដាលនៃមេរោគក្នុងសហគមន៍ ដែលក្រសួងសុខាភិបាលព្រមានថា អាចនឹងកើតឡើង៕