ជំងឺរាតត្បាតកូវីដ១៩ដែលបានឆ្លងនៅទូទាំងពិភពលោក បានធ្វើឱ្យសង្វាក់ផ្គត់ផ្គង់សម្លៀកបំពាក់ដំណើរការទៅមុខយ៉ាងលំបាក និងបង្ខំឱ្យក្រុមហ៊ុនម៉ាកល្បីៗមួយចំនួន សម្រេចចិត្តបោះបង់ចោលការបញ្ជាទិញ ដែលធ្វើឱ្យប៉ះពាល់ជីវភាពកម្មករកាត់ដេរជាច្រើនលាននាក់នៅតំបន់អាស៊ី។
ក្រុមហ៊ុនម៉ាកល្បីៗដែលមានដូចជា GAP, Kohl’s, Macy’s និង Old Navy មិនអាចលក់ផលិតផលបាន ដូច្នេះក៏បានលុបចោល ឬពន្យាការបញ្ជាទិញពីប្រទេសមួយចំនួន ដែលក្នុងនោះមានកម្ពុជា និងបង់ក្លាដែសជាដើម។ ក្នុងខណៈពេលដែលក្រុមហ៊ុនមួយចំនួនដូចជា H&M Adidas និង Nike នៅបន្តបញ្ជាទិញដោយមានកម្រិត ឬបានចរចាលក្ខខណ្ឌថ្មីជាដើម។ នេះបើតាមសេចក្តីរាយការណ៍របស់ទស្សនាវដ្តី Forbes កាលពីចុងខែមេសា។
ការណ៍នេះបានធ្វើឱ្យម្ចាស់រោងចក្រមិនទទួលបានប្រាក់ដើម្បីបើកឱ្យកម្មករ ហើយក្រុមសហជីពបានអំពាវនាវឱ្យអ្នកបញ្ជាទិញកុំបោះបង់ពួកគេចោលក្នុងអំឡុងពេលដ៏លំបាកនេះ ប៉ុន្តែការអំពាវនាវនេះហាក់ទទួលបានការឆ្លើយតបតិចតួច។
នៅក្នុងវេទិកាពិភាក្សាមួយស្តីពីការអនុវត្តសង្វាក់ផលិតកម្មដោយចីរភាព កាលពីពាក់កណ្តាលខែមេសា ដែលរៀបចំដោយសាកលវិទ្យាល័យខូនណែល តំណាងសហជីពបានបង្ហាញបន្ថែមពីបញ្ហាប្រឈមដែលកម្មករជួបប្រទះក្នុងពេលដែលមានវិបត្តិសុខភាពនេះ។
អ្នកស្រី ណាស់ម៉ា អាកធឺ (Nazma Akter) នាយិកាប្រតិបត្តិនៃមូលនិធិ Awaj នៃប្រទេសបង់ក្លាដែស បានថ្លែងថា ក្រុមកម្មករមិនត្រូវបានគេការពារទេ ដោយពួកគេត្រូវថៅកែបញ្ឈប់ពីការងារដោយមិនផ្តល់ប្រាក់អតីតភាពនិងខ្លះទៀតមិនទទួលបានប្រាក់ខែក្នុងខែកន្លងមក។
អ្នកស្រី ណាស់ម៉ា អាកធឺ បន្តថា៖ «បញ្ហានេះពិតជាកំសត់ណាស់ចំពោះពួកយើងដោយសារពួកគេមិនគោរពកម្មករទេ។ ក្រុមហ៊ុនបញ្ជាទិញធំៗគិតតែពីផលចំណេញ។ ថៅកែរោងចក្រចង់បានចំណេញ។ គ្មានអ្នកណាសុខចិត្តចាញ់ទេ។ វាមានផលប៉ះពាល់លើជីវភាពកម្មករ។ មានតែកម្មករនិងសហជីពរងការឈឺចាប់»។
បង់ក្លាដែស គឺជាប្រទេសដែលផលិតសម្លៀកបំពាក់នាំចេញជាប់លំដាប់ទី២ បន្ទាប់ពីប្រទេសចិនដោយមានរោងចក្រចំនួនជាង ៤.០០០ និងផ្តល់ការងារដល់ពលរដ្ឋជាង ៤ លាននាក់។ ការនាំចេញមានទំហំ ៣៥ ពាន់លានដុល្លារ ក្នុងមួយឆ្នាំដែលត្រូវជា ៨០ ភាគរយ នៃការនាំចេញសរុប និងចូលរួមចំណែកជំរុញសេដ្ឋកិច្ចក្នុងកម្រិត ១៣ ភាគរយ នៃផលិតផលក្នុងស្រុកសរុប។
ចាប់តាំងពីខែមីនាមក ការបញ្ជាទិញត្រូវបានលុបចោលជាង ៣,១៨ ពាន់លានដុល្លារ ហើយប៉ះពាល់ដល់កម្មករចំនួន ២,២៨ លាននាក់។ នេះបើយោងតាមសមាគមរោងចក្រកាត់ដេរ និងអ្នកនាំចេញបង់ក្លាដែស។
អ្នកស្រី ណាស់ម៉ា អាកធឺ បានបន្ទោសក្រុមហ៊ុនម៉ាកល្បីៗរបស់អាមេរិកាំង និងក្រុមហ៊ុនមួយចំនួននៅសហភាពអឺរ៉ុប ដែលមិនបានទទួលខុសត្រូវចំពោះការបញ្ជាទិញ និងសុខមាលភាពរបស់កម្មករ។
អ្នកស្រី ណាស់ម៉ា អាកធឺ បានបន្ថែមថា កម្មករត្រូវការសម្ភារៈការពារខ្លួន និងការធានារ៉ាប់រងសុខភាព បើសិនជាពួកគេធ្លាក់ខ្លួនឈឺដោយសារតែជំងឺកូវីដ១៩។
«នេះគឺជាពេលសហការគ្នា គឺមិនមែនធ្វើឱ្យជីវភាពកម្មកររាប់រយរាប់ពាន់នាក់ និងសហគមន៍របស់ពួកគេឈឺចាប់ទេ»។
កម្មករបង់ក្លាដែស ទទួលបានប្រាក់ខែគោលត្រឹម ៩៥ ដុល្លារប៉ុណ្ណោះ។
រោងចក្រកាត់ដេរបង់ក្លាដែសមួយចំនួនចាប់ផ្តើមបើកដំណើរការវិញ នៅចុងខែមេសា។ ក្រុមអ្នកបញ្ជាទិញបានត្រឡប់មកវិញខ្លះៗដែរ។
ប៉ុន្តែនៅកម្ពុជា សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ឲ្យដឹងថា កម្មករក្នុងវិស័យកាត់ដេរ និងស្បែកជើង ប្រមាណ ២០ ម៉ឺននាក់ ត្រូវបានព្យួរការងារ និងបញ្ឈប់ពីការងាររួចទៅហើយ ខណៈកម្មករជិត ១០ ម៉ឺននាក់ទៀត នឹងត្រូវប្រឈមការព្យួរការងារ នៅពេលខាងមុខ។
លោក ខេន លូ អគ្គលេខាធិការសមាគម GMAC ប្រាប់ VOA កាលពីដើមខែឧសភាថា ក្នុងចំណោមរោងចក្រជាង ៥០០ គឺមាន រោងចក្រចំនួន ១៨០ ហើយបានព្យួរការងារកម្មករ។ លោកបន្តថា រោងចក្រជាង ៦០ ទៀត បានស្នើសុំព្យួរការងាររបស់កម្មករ ហើយក្រសួងការងារកំពុងពិចារណា។ លោកបញ្ជាក់ថា ការព្យួរនេះនឹងប៉ះពាល់កម្មករប្រមាណ ១០ ម៉ឺននាក់ទៀត ដែលប្រឈមនឹងការអត់ការងារនៅក្នុងខែឧសភានេះ។
លោក ខេន លូ មានប្រសាសន៍ថា៖ «អ៊ីចឹងសរុបដល់ចុងខែ អាចមានជាង ៣០ ម៉ឺនកម្មករ ជួបបញ្ហារោងចក្រព្យួរការងារ»។
វិស័យកាត់ដេរកម្ពុជាផ្តល់ការងារដល់កម្មករជាង ៨ សែននាក់ ដែលភាគច្រើនជាស្ត្រីវ័យក្មេងមកពីទីជនបទ ហើយបានគ្របដណ្តប់លើ ៨០ ភាគរយនៃការនាំចេញទៅក្រៅប្រទេស។
កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ក្នុងទំហំទឹកប្រាក់ជាង ៦.៤០០ លាន ដុល្លារទៅទីផ្សារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកក្នុងរយៈពេល ១០ ខែក្នុងឆ្នាំ ២០១៩។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានទទូចឱ្យក្រុមហ៊ុនបញ្ជាទិញទទួលខុសត្រូវចំពោះអ្វីដែលបានបញ្ជាទិញហើយ។ ប៉ុន្តែលោកបានបន្ថែមថា ក្រុមហ៊ុននៅក្នុងបណ្តាប្រទេសនៅសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកក៏កំពុងរងគ្រោះដោយជំងឺកូវីដ១៩នេះដែរ៖
«ក៏ប៉ុន្តែយើងក៏ត្រូវទទួលស្គាល់ការពិតដែរថារឿងនេះវាជារឿងសាកលមិនមែនតែចំពោះតែកម្ពុជាយើងទេហើយទីផ្សារធំសម្រាប់ការនាំស្បែកជើងកាបូបសម្លៀកបំពាក់ក្តីទៅទីផ្សារធំគឺសហភាពអឺរ៉ុបហើយនឹងសហរដ្ឋអាមេរិក។ យើងដឹងហើយថាសហភាពអឺរ៉ុបក៏រងឥទ្ធិពលដ៏ធ្ងន់ធ្ងរនិងសហរដ្ឋអាមេរិកក៏រងឥទ្ធិពលដ៏ធ្ងន់ធ្ងរអីចឹងហើយធ្វើឲ្យប៉ះពាល់ជាសាកលមិនមែនតែកម្ពុជាយើងទេ»។
រោងចក្រកាត់ដេរកម្ពុជាផ្គត់ផ្គង់សម្លៀកបំពាក់ដល់ក្រុមហ៊ុនយីហោល្បីៗជាច្រើនដែលមានដូចជាAdidas, Nike, Target និង H&M។
ក្រុមហ៊ុន Adidas បានបញ្ជាក់ថា ក្រុមហ៊ុនបានបំពេញតាមកាតព្វកិច្ចនៃការបញ្ជាទិញបានចប់សព្វគ្រប់និងខ្លះនៅកំពុងដំណើរការ។
លោក ស្តេហ្វាន ផច អ្នកនាំពាក្យក្រុមហ៊ុនបានបញ្ជាក់ប្រាប់វីអូអេថា៖
«យើងព្យាយាមជៀសវាងការលុបចោលការបញ្ជាទិញ។ យើងកំពុងតែសហការយ៉ាងជិតដិតជាមួយដៃគូរបស់យើងដើម្បីផ្លាស់ប្តូរការបញ្ជាទិញខ្លះទៅឆមាសទីពីរ»។
លោកស្តេហ្វាន ផច បានបន្ថែមថា ក្រុមហ៊ុនក៏បានបង្កើតកម្មវិធីជួយដល់រោងចក្រនិងកម្មករក្នុងគ្រាដ៏លំបាកនេះ។
«យើងបានបង្កើនតម្រូវការសុវត្ថិភាពនិងសុខភាពសម្រាប់អ្នកផ្គត់ផ្គង់ផលិតផលឱ្យយើងភ្លាមៗតាំងពីការចាប់ផ្តើមឆ្លងវីរុសនៅប្រទេសចិន»។
អ្នកស្រី អៀ អែល មន្ត្រីព័ត៌មាននៃក្រុមហ៊ុនសម្លៀកបំពាក់ H&M បានបញ្ជាក់ប្រាប់វីអូអេថា៖
«ការឆ្លងដ៏រហ័សនៃជំងឺកូវីដ១៩នៅជុំវិញពិភពលោកបានបង្កឱ្យមានស្ថានភាពមិនដែលធ្លាប់មានហើយយើងដឹងថាក្រុមរោងចក្រកាត់ដេរសម្លៀកបំពាក់និងកម្មកររបស់ពួកគេរងគ្រោះយ៉ាងខ្លាំង...ដោយហេតុនេះហើយបានជាក្រុមហ៊ុន H&M បានចូលរួមធ្វើសកម្មភាពនាពេលថ្មីៗនេះដើម្បីគាំទ្រដល់កម្មកររោងចក្រកាត់ដេរ»។
ផែនការសកម្មភាពនោះរួមមានការការពារប្រាក់ចំណូលកម្មករនិងការងារដោយជួយដល់ថៅកែរោងចក្រអាចនៅបន្តការងារបាននិងការពិភាក្សាជាមួយនឹងស្ថាប័នហិរញ្ញវត្ថុដើម្បីស្វែងរកដំណោះស្រាយជួយដល់ម្ចាស់រោងចក្រនិងកម្មករ។
អ្នកស្រីបញ្ជាក់ថាក្រុមហ៊ុនក៏រងផលប៉ះពាល់ផងដែរ។
«ជាធម្មតាស្ថានភាពនេះមានផលប៉ះពាល់លើក្រុមហ៊ុនយើងទាំងមូលក្នុងនោះមានសង្វាក់ផ្គត់ផ្គង់របស់យើងផងដែរនិងការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្រូវការសាកលបាននាំឱ្យយើងចាត់វិធានការពាក់ព័ន្ធនឹងការទិញផលិតផលនិងផែនការបញ្ជាទិញ។ យើងបញ្ជាទិញផ្អែកតាមការព្យាករណ៍ក្នុងពេលបច្ចុប្បន្ននិងនៅបន្តវាយតម្លៃស្ថានការណ៍ប្រចាំថ្ងៃ។ ហើយដូចក្នុងស្ថានភាពធម្មតាដែរគឺយើងនឹងបន្តការពិភាក្សាដោយចំហរជាមួយនឹងម្ចាស់រោងចក្រអំពីផែនការបញ្ជាទិញ ដែលជាផ្នែកដ៏សំខាន់មួយក្នុងនាមជាអ្នកបញ្ជាទិញដែលមានការទទួលខុសត្រូវនិងមិនមែនតែក្នុងពេលមានវិបត្តិទេ»។
ការិយាល័យអ្នកនាំពាក្យក្រុមហ៊ុន Nike បានបញ្ជាក់ប្រាប់វីអូអេនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុននឹងនៅតែបន្តបញ្ជាទិញដោយផ្អែកលើស្ថានភាពទីផ្សារ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖
«យើងនឹងបន្តបង់ប្រាក់ពេញថ្លៃលើផលិតផលដែលបានផលិតរួចហើយពីរោងចក្រនៅទូទាំងពិភពលោក...ក្នុងករណីលុបចោលការបញ្ជាទិញគោលនយោបាយនិងកិច្ចព្រមព្រៀងរបស់យើងជាមួយនឹងម្ចាស់រោងចក្រគឺក្រុមហ៊ុនNike នឹងបង់ថ្លៃសមរម្យតាមចំនួនដែលបានបញ្ជាទិញ ហើយអាស្រ័យលើដំណាក់កាលផលិតដែលអ្នកផ្គត់ផ្គង់ទំនាក់ទំនងមកដើម្បីជួយរោងចក្រស្រង់ដើមវិញតាមតម្លៃដែលពាក់ព័ន្ធនឹងការលុបចោលនេះ»។
ក្រុមហ៊ុនដទៃទៀតដែលវីអូអេទាក់ទងទៅដែលមានដូចជា GAP និង COLUMBIA មិនបានឆ្លើយតបមកវិញនៅឡើយទេ។
លោក សារ៉ូស គូរូវីឡា (Sarosh Kuruvilla) សាស្ត្រាចារ្យខាងផ្នែកទំនាក់ទំនងឧស្សាហកម្ម នៃសាកលវិទ្យាល័យខនណែលជឿថាទាំងក្រុមហ៊ុនបញ្ជាទិញនិងថៅកែរោងចក្រកាត់ដេរមិនបានត្រៀមខ្លួនចំពោះវិបត្តិសុខភាពដែលធំដូចនេះទេ។ ដូច្នេះហើយបានមានការខ្វះខាតក្នុងការឆ្លើយតប។
លោកសារ៉ូស គូរូវីឡា បានផ្តល់យោបល់ថា៖
«ចំពោះវិបត្តិដូចនេះគឺមានបញ្ហាមួយដែលក្រុមហ៊ុនបញ្ជាទិញធំៗ ក្រុមហ៊ុនម៉ាកល្បីៗនិងម្ចាស់រោងចក្រអាចធ្វើបានគឺផ្តល់ការធានាពេលអត់ការងារធ្វើតាមរយៈការផ្តល់ថវិកាបន្ថែម»។
ហាងលក់សម្លៀកបំពាក់និងស្បែកជើងខ្លះនៅសហរដ្ឋអាមេរិកត្រូវបញ្ឈប់បុគ្គលិកនិងខ្លះបានប្រកាសក្ស័យទុន។ ហាងមេស៊ី (Macy’s)ប្រកាសបិទហាងចំនួន ១២៥ ដែលលក់មិនសូវដាច់និងហាងជេស៊ីផេននី (JC Penney) ប្រកាសក្ស័យទុនដោយបិទហាងជិត ៣០ ភាគរយនៅតាមរដ្ឋមួយចំនួននិងហាងខូល (Kohl’s) លក់ធ្លាក់ចុះ៤៣,៥ភាគរយក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២០។
លោក ដេវីដ ហេយយឺ (David Hayer) នាយកនៃសង្វាក់ផ្គត់ផ្គង់សម្លៀកបំពាក់បានបញ្ជាក់ថា ក្នុងស្ថានភាពដូចពេលបច្ចុប្បន្នគឺក្រុមហ៊ុនបញ្ជាទិញភាគច្រើនមិនបានសំឡឹងមើលទៅអនាគតវែងឆ្ងាយទេ។ ពួកគេគិតតែរយៈពេល៣០ទៅ៩០ថ្ងៃខាងមុខប៉ុណ្ណោះដើម្បីវាស់ស្ទង់ថាតើក្រុមហ៊ុនអាចនឹងបន្តដំណើរការទៅមុខទៀតឬយ៉ាងណា។
លោកដេវីដ ហេយយឺ ក៏បានផ្តល់ដំបូន្មានដល់ក្រុមហ៊ុននានាថាពេលនេះគឺជាពេលដែលត្រូវបង្ហាញការប្តេជ្ញាចិត្តចំពោះការងារហើយវាក៏ជាឱកាសដែលត្រូវជ្រើសរើសយកបុគ្គលិកដែលមានជំនាញ ដូចជានៅខាងផ្នែកឧស្សាហកម្មរថយន្តនិងបច្ចេកវិទ្យាអ៊ីនធឺណិតជាដើមដោយសារតែនោះជាវិស័យដែលបានកសាងដៃគូយុទ្ធសាស្ត្រនៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ខ្លួនជាយូរយាណាស់ហើយ។
«សព្វថ្ងៃនេះអ្នកដែលមានជំនឿថាពួកគេនឹងមានការងារធ្វើនៅទូទាំងពិភពលោកគឺមានកម្រិតតិចតួចណាស់។ ដូច្នេះឱកាសនេះគឺថាត្រូវតាមរកអ្នកដែលមានជំនាញត្រឹមត្រូវ។ អ្នកធ្វើការនៅក្នុងសង្វាក់ផលិតកម្មសម្លៀកបំពាក់មិនបានគិតដិតដល់ទេថាត្រូវកសាងទំនាក់ទំនងយុទ្ធសាស្រ្តយ៉ាងណាជាមួយនឹងអ្នកលក់ដូរ»។
តំណាងសហជីពក៏បានស្នើសុំចូលរួមក្នុងការពិភាក្សាស្ថាបនានៅពេលដែលវិបត្តិសុខភាពនេះបានកន្លងផុតនិងពង្រឹងច្បាប់ការងារដើម្បីធ្វើឱ្យប្រាកដថាក្រុមហ៊ុនបញ្ជាទិញដែលមានម៉ាកល្បីៗទទួលខុសត្រូវចំពោះកម្មករ៕