ជំងឺ​កូវីដ​១៩​ធ្វើ​ឲ្យ​កសិករ​ដាំ​បន្លែ​មួយ​ចំនួន​ក្នុង​ស្រុក​ស្អាង​ខាត​បង់ ខណៈ​តម្លៃ​ទីផ្សារ​នៅ​តែ​ជា​បញ្ហា

កម្មករនៅក្នុងស្រុកស្អាង រៀបចំច្រកស្ពៃខ្មៅដាក់ក្នុងថង់ ដើម្បីដឹកទៅលក់នៅខេត្តកំពត កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

លោក​គួន បូរ៉ា ជា​កសិករ​ដាំ​បន្លែ​ម្នាក់​នៅ​ស្រុក​ស្អាង ​ខេត្ត​កណ្តាល។​ លោក​ភ្ជួរ​ចោល​បន្លែ​ស្ពៃ​ខ្មៅ ​ឬ​គេ​ហៅ​ថា​ ​ស្ពៃ​ខៀវ​ជាង​២​តោន ​កាល​ពី​ចុង​ខែ​មីនា ​និង​ដើម​ខែ​មេសា ​ដោយសារ​ជំងឺ​កូវីដ។ ​កាល​ពី​ពេល​នោះ ​ពិធី​រៀប​ការ​មួយ​ចំនួន​ត្រូវ​បាន​លុប​ចោល​ដោយ​សារ​ភ័យ​ខ្លាច​ការ​ឆ្លង​វីរុស​កូរ៉ូណា ​ហើយ​បន្លែ​របស់​លោក​បូរ៉ា ​ដែល​ភាគ​ច្រើន​គេ​ប្រើ​សម្រាប់​ធ្វើ​ម្ហូប​ការ​ក៏​លក់​លែង​ដាច់ ​ហើយ​លក់​បាន​តម្លៃ​ទាប​បំផុត។​

ខណៈ​លោក​កំពុង​រៀបដឹក​បន្លែ​ប្រហែល​១០​គីឡូ​ក្រាម​លក់​ឲ្យ​គេ​ លោក​ គួន បូរ៉ា​ អាយុ​៤១​ឆ្នាំ ​អង្គុយ​មិន​ឆ្ងាយ​ពី​ដី​របស់​លោក​ដែល​មាន​ផ្ទៃ​ក្រឡា​ប្រមាណ​១៥​អា ​ក្នុង​ភូមិ​ផ្លូវ​បំបែក ​ឃុំ​ទឹក​វិល​ ស្រុក​ស្អាង ​ខេត្ត​កណ្តាល​នោះ​ទេ។ ​លោក ​បូរ៉ា​ ដែល​មាន​កូន​២​នាក់ ​ថ្លែង​ប្រាប់​VOA​ថា​ លោក​ដាំ​ស្ពៃ​ខ្មៅ​លើ​ដី​លោក​ផ្ទាល់​និង​ដី​ដែល​លោក​ជួល​គេ​១៨​អា ​តម្លៃ​៥៥​ម៉ឺន​រៀល​ក្នុង​មួយ​ឆ្នាំ ​កាល​ពី​ខែ​កុម្ភៈ ​ដោយ​លោក​សង្ឃឹម​ថា​ នឹង​លក់​បាន​តម្លៃ​ថ្លៃ ​ប៉ុន្តែ​ជំងឺ​កូវីដ​ធ្វើ​ឲ្យ​លោក​ចោល​បន្លែ​នេះ​ជាង​២​តោន​ ដោយសារ​មិន​មាន​អ្នក​ទិញ​ ហើយ​តម្លៃ​មិន​អាច​ទូទាត់​ថ្លៃ​ដឹក​ជញ្ជូន​មក​លក់​នៅ​ភ្នំពេញ​បាន។​

ពេល​កំពុង​អង្គុយ​សម្រាក​នៅ​ម្ខាង​ផ្លូវ ​ខណៈ​ចត​ម៉ូតូ​ចាស់​របស់​លោក​មួយ​គ្រឿង​នៅ​ក្បែរ​នោះ​លោក​ថ្លែង​ថា៖ ​«ប៉ះពាល់​ហ្នឹង ​យើង​ដាំ​បាន ​យក​ទៅ​លក់​ អត់​មាន​អ្នក​ណា​ហ៊ាន​ទិញ​ទេ។​ ក្នុង​ផ្សារ​ហ្នឹង​ អត់​មាន​មនុស្ស​មក​ទិញ​តែ​ម្តង។ ម្នាក់ៗ​នៅ​តែ​ផ្ទះ​ អត់​ហ៊ាន​ចេញ​ពី​ផ្ទះ។​ ដល់​ពេល​គេ​អត់​មក​ទិញ ​ក្នុង​ភ្នំពេញ ​ហូប​អត់​អស់​ទេ​បន្លែ។​ បន្លែ​វា​ច្រើន​ ដល់​អ៊ីចឹង​វា​សល់។​ហើយ​មួយ​គីឡូ​ពីរ​បី​រយ​[រៀល]។យើង​មាន​លក់​អី​កើត?​ ទុក​ចោល​នៅ​ចម្ការ»។ ​

Your browser doesn’t support HTML5

ជំងឺ​កូវីដ​១៩​ធ្វើ​ឲ្យ​កសិករ​ដាំ​បន្លែ​មួយ​ចំនួន​ក្នុង​ស្រុក​ស្អាង​ខាត​បង់ ខណៈ​តម្លៃ​ទីផ្សារ​នៅ​តែ​ជា​បញ្ហា

លោក​បន្ត​ថា៖​ «កាល​ហ្នឹង​នឹក​ឃើញ​រដូវ​ការ ​ហើយ​យើង​ដាំ​អាហ្នឹង​ទៅ ​នឹក​ឃើញ​តម្រូវ​ការ។​ ដល់​ពេល​គេ​បិទ​ការ​ បិទ​អី​ទៅ​ អត់​ ...​អត់​មាន​អ្នក​ណា​ទិញ»។

ក្រៅ​ពី​ប៉ះពាល់​ដោយ​សារ​ជំងឺ​កូវីដ១៩ តម្លៃ​បន្លែ​លើ​ទីផ្សារ​នៅ​តែ​ជា​បញ្ហា​សម្រាប់​លោក ​គួន បូរ៉ា​ និង​កសិករ​ដាំ​បន្លែ​ផ្សេង​ទៀត​ ដោយសារ​តម្លៃ​នេះ​បាន​ប្រែ​ប្រួល​ឆាប់​រហ័ស ​ហើយ​កសិករ​មិន​អាច​គ្រប់គ្រង​បាន​ទេ។ ​ បន្ថែម​ពី​នេះ ​ទៅ​ទៀត ​ ពួក​គេ​ក៏​មិន​មាន​ព័ត៌មាន​ថា​តើ​បន្លែ​ណា​មាន​ទីផ្សារ​ច្រើន​ ​បន្លែ​ណា​គួរ​សម្រុក​ដាំ ​និង​បន្លែ​ណា​មិន​គួរ​សម្រុក​ដាំ​នៅ​ពេល​ខាង​មុខ។​

លោក ​គួន បូរ៉ា ​កសិករ​ដែល​ដាំ​បន្លែ​ជាង​១០​ឆ្នាំ​មក​ហើយ ​និង​មាន​ភរិយា​ជា​កម្មការិនី​កាត់​ដេរ លើក​ឡើង​ថា​តម្លៃ​បន្លែ​មិន​ទៀង​ទាត់​នៅ​លើ​ទីផ្សារ ​ធ្វើ​ឲ្យ​កសិករ​ពិបាក​ដាំ ​ហើយ​ពួក​គេ​តែង​តែ​ប្រថុយ​ប្រថាន​ជានិច្ច។

លោក​មាន​ប្រសាសន៍​ថា៖ ​«អាហ្នឹង​ចេះ​តែ​ផ្សង​ព្រេង​ទៅ ​ក្រែង​លោ​អា​ជំងឺ​ហ្នឹង​វា​គ្រាន់​បើ​វិញ​ទៅ ​វា​អាច​បាន​លក់​បាន​ខ្លះ​វិញ។​ រាល់​ឆ្នាំ បើ​កុំ​កើត​ជំងឺ​ហ្នឹង ​វា​ចេះ​តែ​មាន​ហូរហែ ​លក់​បាន​គ្រាន់​ចាយ ​ទប់​កូន​រៀន»។​

ជា​ធម្មតា ​លោក ​បូរ៉ា ​និង​កសិករ​នៅ​ក្បែរ​ដី​របស់​លោក​ដាំ​ស្ពៃ​តឿ​ ស្ពៃ​ជ្រក់ ​ ស្បៃ​ខ្មៅ ​សាឡាត់​និង​ស្លឹក​ខ្ទឹម​ជាដើម។ ​កសិករ​ដែល​មាន​ដី​ដាំ​បន្លែ​ក៏​ត្រូវ​ជួល​គេ​មក​ជួយ​ធ្វើ​ស្មៅ ​កាត់​បន្លែ ​និង​រៀបចំ​ទៅ​លក់​នៅ​ភ្នំពេញ​ផង​ដែរ។ ​កម្មករ​ម្នាក់​អាច​រក​កម្រៃ​បាន​ប្រមាណ​ពី​២៥.០០០​ ទៅ​៣៥.០០០​រៀល​ក្នុង​មួយ​ថ្ងៃ។​

នេះ​ជា​ការ​ចំណាយ​ទៅ​លើ​កម្មករ ​ដែល​លោក​បូរ៉ា លើក​ឡើង​ថា ​លោក​សម្រេច​ភ្ជួរ​បន្លែ​ចោល​តែ​ម្តង ​ដោយសារ​មិន​អាច​ទូទាត់​ថ្លៃ​ដឹក​ទៅ​លក់​នៅ​ភ្នំពេញ​ និង​ឈ្នួល​កម្មករ​ជួយ​កាត់​ស្ពៃ ​និង​លីសែង​យក​ទៅ​លក់។​

លោក​បន្ថែម​ថា៖ ​«កាត់​យក​ទៅ​ក្នុង​មួយ​តោន​បាន​តែ​៤០​ម៉ឺន​ ៣៥​ម៉ឺន​[រៀល]​អី​ទេ។ ​ហើយ​នៅ​ឈ្នួល​កាត់​ឈ្នួល​ដឹក ​វា​អស់​៤០​ម៉ឺន​[រៀល]​ជាង។ ​អ៊ីចឹង​វា​ចូល​ដើម។​ កាត់​មួយ​តោន ​ចូល​ដើម​ពីរ​បី​ម៉ឺន​ ៥​ម៉ឺន​[រៀល]។ ​ហើយ​អ៊ីចឹង​ម្នាក់ៗ ​ខាត​អ៊ីចឹង​ទុក​ចោល​បណ្តោយ​ទៅ!​ យក​ទៅ​លក់ អត់​បាន​លុយ​ដដែល»។​

កសិករ​រូប​នោះ​បញ្ជាក់​ទៀត​ថា៖ ​«បើ​យក​ទៅ​ខាត​ដដែល ​...​ហត់​ហើយ​អត់​បាន​លុយ​ផង។​ អ៊ីចឹង​យើង​សុខ​ចិត្ត​នៅ​ផ្ទះ​ទៅ ​ទុក​ចោល​ ទៅ​ហើយ​ចូល​លុយ​ផ្ទះ​បួន​ប្រាំ​ម៉ឺន​[រៀល]​ទៀត​នោះ»។

លោក គួន បូរ៉ា អាយុ៤១ឆ្នាំ កសិករដាំបន្លែក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ លោកនិយាយថាបន្លែស្ពៃខ្មៅរបស់លោកជាង២តោន ត្រូវបានភ្ជួរចោល ដោយសារមិនមានទីផ្សារ។ (ស៊ុន ណារិន/VOA)

លោក​ បូរ៉ា បាន​ខាត​បង់​ថវិកា​ប្រហែល​៣​ទៅ​៤​លាន​រៀល ​ដែល​ជា​ប្រាក់​ភរិយា​របស់​លោក​សន្សំ​ពី​ការងារ​រោងចក្រ​ ទុក​សម្រាប់​ធ្វើ​កសិកម្ម។ ​លោក​ក៏​កំពុង​ព្រួយ​បារម្ភ​ខ្លាច​ភរិយា​បាត់​ការងារ​ជា​កម្មករ​រោងចក្រ ​ហើយ​ពិបាក​សង​បំណុល​ជំពាក់​គេ។ ​ក្រុម​គ្រួសារ​របស់​លោក ​បូរ៉ា ​បាន​ខ្ចី​ប្រាក់​ពី​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រាសាក់​ ប្រមាណ​៣​ពាន់​ដុល្លារ ​ហើយ​ត្រូវ​បង់​គេ​ប្រមាណ​១៣០​ដុល្លារ​ក្នុង​១​ខែ​ក្នុង​រយៈ​ពេល​ជិត​១​ឆ្នាំ​ទៀត។​

លោក​មាន​ប្រសាសន៍​ថា៖​ «បើ​ប៉ះពាល់​រោងចក្រ​ហ្នឹង​ទៀត​ វ័ណ្ឌ​ក​បណ្តោយ!​ វា​រត់​រួច ​តែ​រួច​ទាំង​ត្រដេប​ត្រដាប»។​

លោក ​បូរ៉ា​ ឲ្យ​ដឹង​ទៀត​ថា​ ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​វៀតណាម​ក៏​នាំ​ឲ្យ​ប៉ះពាល់​បន្លែ​ក្នុង​សុ្រក​ផង​ដែរ។​ លោក​លើក​ឧទាហរណ៍​ដូច​ជា​ស្ពៃ​ដែល​លោក​ដាំ ​មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​ស្ពៃ​នាំ​ចូល​ពី​វៀតណាម។​

លោក​បញ្ជាក់​ថា៖​ «បើ​និយាយ​អី​គីមី ​យើង​មិន​ឈ្នះ​គេ​ទេ។​ របស់​គេ​ស្អាត​ឡើង​រលោង ​មើល​ទៅ​ដូច​កញ្ចក់​អ៊ីចឹង​ហ្នឹង។ ​រឿង​អី​មិន​ប្រើ​គីមី​ខ្លាំង។​បន្លែ​យើង​ ធម្មតា​សត្វ​ស៊ី ​ហើយ​អ្នក​ហូប ភាគ​ច្រើន​ ឲ្យ​តែ​ឃើញ​សត្វ​ស៊ី​ អត់​ចង់​ហូប​ទេ​...​ឲ្យ​តែ​ឃើញ​បន្លែ​រលោង​ស្អាត​ហ្នឹង​ គាត់​ចូលចិត្ត​ហូប»។​

លោក ​បូរ៉ា ​ឲ្យ​ដឹង​ទៀត​ថា​ លោក​មិន​ដឹង​ព័ត៌មាន​អំពី​ទីផ្សារ​ថា​តើ​ក្នុង​រយៈ​ពេល​១​ខែ​ទៅ​២​ខែ​ខាង​មុខ​ទៀត​ កសិករ​គួរ​ដាំ​បន្លែ​អ្វី​ដើម្បី​បំពេញ​ទីផ្សារ​ដែល​ខ្វះ​ខាត​នោះ​ទេ។

កសិករ​ម្នាក់​ទៀត​ ដែល​មាន​ដី​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​លោក​បូរ៉ា​គឺ​លោក​ហៃ ម៉េងលាង។​ លោក​ធ្វើ​ជា​កសិករ​តាំងពី​ក្មេង ​និង​ដាំ​បន្លែ​នៅ​លើ​ដី​កេរ​ឪពុក​ម្តាយ​ចែក​ឲ្យ។ ​ លោក​និយាយ​ថា​ ទីផ្សារ​ជា​រឿង​សំខាន់​សម្រាប់​រូប​លោក និង​កសិករ​ផ្សេង​ទៀត។

កាល​ពី​ថ្ងៃ​អាទិត្យ​លោក​បាន​លក់​ស្ពៃ​ជាង​១​តោន​ ដោយ​ក្នុង​មួយ​គីឡូ​ក្រាម​តម្លៃ​១.១០០​[រៀល]។ ​លោក​ ម៉េងលាង​ អាយុ​៣៧​ឆ្នាំ ​និង​មាន​កូន​២​នាក់។​ លោក​មាន​ប្រសាសន៍​ថា​ តម្លៃ​នេះ​នៅ​ទាប​នៅ​ឡើយ ​ដែល​លោក​ពិបាក​នឹង​ចំណេញ​ ដោយ​ត្រូវ​ចំណាយ​លើ​ថ្លៃ​ជី ​ថ្នាំ​គីមី​ កម្មករ​ថែទាំ កម្មករ​កាត់​ស្ពៃ ​លីសែង​ស្ពៃ ​និង​ច្រក​ជាដើម។​

លោក​ថ្លែង​ប្រាប់​VOA​ថា៖ ​«ចង់​បាន​អី ​ចង់​បាន​ទីផ្សារ​យើង ​ឲ្យ​លក់​ដូរ​ ឲ្យ​វា​ថេរ​ត្រឹម​១៥០០[រៀល]​ដូច​គេ​ដូច​ឯង។ ​តម្លៃ​វា​ដូច​គ្នា​ទាំង​អស់​ ធ្វើ​ដូច​ប្រទេស​គេ ​ដូច​ធូរ។ ​ អាហ្នឹង​គិត​ត្រឹម​តម្លៃ​ថេរ​ត្រឹម​ហ្នឹង ​អាហ្នឹង​រដ្ឋ​ជួយ។ ​ប៉ុន្តែ​បើ​រដ្ឋ​គាត់​អត់​ជួយ​អាហ្នឹង​តាម​ដំណើរ​អ៊ីចឹង​ទៀត​ទៅ! ​ ធ្វើ​ជំពាក់​គេ ​ជំពាក់​អី​អ៊ីចឹង​ទៀត​ទៅ!​ បាន​ច្រើន​ យើង​សល់​ខ្លះ​អ៊ីចឹង​ទៅ!​ វា​ឲ្យ​មាន​ វា​មិន​មាន​ទេ អ្នក​ចម្ការ»។​

លោក​ក៏​បាន​រិះគន់​ការ​នាំ​ចូល​បន្លែ​ពី​វៀតណាម ​ដែល​លោក​ថា​ ធ្វើ​ឲ្យ​តម្លៃ​បន្លែ​ក្នុង​ស្រុក​ធ្លាក់​ថ្លៃ​ហើយ​មិន​មាន​អ្នក​ទិញ​នោះ​ទេ។​ លោក​មាន​ប្រសាសន៍​ថា៖ ​«ហើយ​បើ​តម្លៃ​ដូច​សាឡាត់ ​រាល់​ថ្ងៃ​នេះ ​វា​៣​ពាន់ ​៤​ពាន់​[រៀល]។ ​ដល់​តែ​យើង ​អា​អ្នក​លក់​នៅ​ទីផ្សារ​ឯ​ណោះ ​វា​កុម្ម៉ង់​ពី​វៀតណាម​មក​ យើង​ធ្លាក់​គឹប។​ វា​អត់​ទិញ​ម្មង​ ព្រោះ​វៀតណាម​តម្លៃ​វា​ប៉ុន្មាន​ទេ ​តម្លៃ​១​ពាន់​[រៀល] ​ជាង​ទេ។ ​យើង​លក់​ឲ្យ​ពួក​យើង​អ្នក​ហូប​ហ្នឹង​ប្រាំ​ពាន់​ ប្រាំមួយ​ពាន់​ [រៀល]»។

ដាំណាំបន្លែរបស់កសិករនៅក្នុងភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

ប្រជាជនដែលស៊ីឈ្នួលគេ កំពុងដកស្មៅនៅចម្ការដាំខ្ទឹមស្លឹក ក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ លោក ម៉េងលាង​ បាន​ត្រៀម​លក់​បន្លែ​ទៅ​ឲ្យ​ម៉ូយ​ម្នាក់​ដែល​យក​បន្លែ​នេះ​ទៅ​លក់​នៅ​ខេត្ត​កំពត។​ តែ​លោក​ក៏​មាន​ការ​ទាស់​ពាក្យ​សម្តី​បន្តិច​បន្តួច​ ដោយសារ​អ្នក​ទិញ​នោះ​ប្រាប់​រូប​លោក​ឲ្យ​ទុក​បន្លែ​នៅ​កន្លែង​នោះ​សិន ​ មិន​ទាន់​មាន​រថយន្ត​មក​ដឹក​នៅ​ឡើយ។ ​លោក​ម៉េងលាង ​និង​កម្មករ​ស៊ី​ឈ្នួល​របស់​លោក​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ដោយសារ​ខ្លាច​បន្លែ​ត្រូវ​ថ្ងៃ​យូរ​ខូច ​ខណៈ​មិន​ទាន់​ទទួល​ប្រាក់​ទិញ​នៅ​ឡើយ។ ​ប៉ុន្តែ​ប្រហែល​កន្លះ​ម៉ោង​ក្រោយ​ពី​ប៉ះ​ពាក្យ​សម្តី​ ​អ្នក​ទិញ​នោះ​ក៏​យក​រថយន្ត​មក​ដឹក​ទាន់​ពេល។​

លោក​ម៉េង​លាង​ថ្លែង​ប្រាប់​VOA​ថា ​នេះ​ហើយ​ជីវិត​របស់​កសិករ​ដាំ​បន្លែ ​ដែល​មិន​អាច​ទុក​បន្លែ​យូរ​នោះ​ទេ ​ខ្លាច​បន្លែ​ខូច ​មិន​មាន​គុណភាព​ល្អ ​ហើយ​ពុំ​មាន​អ្នក​ទិញ។

ដោយ​សារ​កម្ពុជា​រង​ឥទ្ធិពល​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា ​ដែល​នាំ​ឲ្យ​ប៉ះពាល់​វិស័យ​ឧស្សាហកម្ម ​សេវា​កម្ម ​និង​ទេសចរណ៍ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មេសា ​បាន​ជំរុញ​ឲ្យ​ក្រសួង​កសិកម្ម​បង្កើន​សកម្មភាព​ជួយ​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ដាំ​ដុះ ​ការ​ចិញ្ចឹម​សត្វ ​ដើម្បី​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក ​ខណៈ​ការ​នាំ​ចូល​មិន​សូវ​មាន​នៅ​គ្រា​មាន​វិបត្តិ​វីរុស​កូរ៉ូណា​នេះ។​

លោក​បាន​ថ្លែង​ថា៖ ​«យើង​ប្រើប្រាស់​ឱកាស​ដ៏​លំបាក​នេះ ​ក្លាយ​ទៅ​ជា​កាលានុវត្ត​ភាព​សម្រាប់​វិស័យ​កសិកម្ម​របស់​កម្ពុជា ​ដែល​មាន​កំណើន​យឺត​ក្នុង​រយៈ​ពេល​កន្លង​ទៅ»។

លោក យ៉ង់​ សាំងកុមារ ​អ្នក​ជំនាញ​កសិកម្ម ​ដែល​មាន​បទ​ពិសោធន៍​ធ្វើ​ការងារ​ជាមួយ​កសិករ​ច្រើន​ឆ្នាំ​មក​ហើយ ​មាន​ប្រសាសន៍​ថា​ តម្រូវ​ការ​បន្លែ​ថយ​ចុះ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ ​ដោយសារ​ជំងឺ​កូវីដ១៩​ប៉ះពាល់​វិស័យ​ទេសចរណ៍ ​ដែល​មាន​ការ​ផលិត​អាហារ។ ​លោក​បន្ត​ថា​ តម្លៃ​ទីផ្សារ​ជា​រឿង​សំខាន់​សម្រាប់​កសិករ​ដាំ​បន្លែ ​ហើយ​ទីផ្សារ​នេះ​ប្រែ​ប្រួល​ដោយសារ​កសិករ​ពុំ​មាន​ព័ត៌មាន​អំពី​តម្រូវ​ការ​នៅ​ក្នុង​រយៈ​ពេល​ខាងមុខ។​ លោក​ថា​ រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​មើល​លើ​បញ្ហា​នេះ ​និង​រឹត​បន្តឹង​ការ​នាំ​ចូល​បន្លែ​ពីក្រៅ​ប្រទេស។​

លោក​មាន​ប្រសាសន៍​ថា៖​ «ដើម្បី​គ្រប់​គ្រង​ឲ្យ​ដឹង​ថា​ តំបន់​ណា​ខ្វះ​អី ​សំបូរ​អី​ ដើម្បី​ឲ្យ​មាន​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ ការ​ដឹក​ជញ្ជូន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។​ អានេះ​គឺ​យន្ត​ការ​នេះ​គឺ​យើង​អត់​មាន។ ​ម្នាក់ៗ​ធ្វើ​រៀងៗ​ខ្លួន។​ ឈ្មួញ​កណ្តាល ​ធ្វើ​ដោយ​ឈ្មួញ​កណ្តាល​ទៅ​អ្នក​ដាំដុះ ​តែ​អ្នក​ដាំ​ដុះ​ទៅ​ក្រសួង​កសិកម្ម ​គាត់​ទៅ​តែ​ក្រសួង​កសិកម្ម​ទៅ​ ក្រសួង​ពាណិជ្ជ​កម្ម ​តែ​ក្រសួង​ពាណិជ្ជ​កម្ម​ទៅ។ ​ហើយ​យើង​មាន​មន្រ្តី​រហូត​ដល់​ថ្នាក់​ស្រុក​អី​ដែរ​ហ្នឹង»។​

អតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ​ហៅ​កាត់​ CDAC​និង​ជា​ស្ថាបនិក​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន ​លោក ​សាំង​កុមារ​ បន្ថែម​ថា៖​ «យើង​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​តម្លៃ​ហ្នឹង​មាន​ស្ថិរភាព​ខ្លះ។​ វា​អាច​ប្រែ​ប្រួល​ដែរ ​ប្រែ​ប្រួល​១០​ភាគ​រយ​២០​ភាគ​រយ​ ឬ​ខ្លាំង​បំផុត​៥០​ភាគ​រយ។​អាហ្នឹង​ដូច​គ្នា​ដដែល​ កាល​ណា​យើង​និយាយ​អំពី​គោល​ការណ៍​ទាក់ទង​នឹង​ទីផ្សារ វា​ទាក់ទង​រឿង​បរិមាណ ​រឿង​ពេល​វេលា ​រឿង​តម្លៃ ​រឿង​គុណភាព​អី​អ៊ីចឹង​ទៅ»។​

បើ​តាម​លោក ​សាំង​កុមារ​ ប្រជា​ពលរដ្ឋ​ជាង​២​ម៉ឺន​គ្រួសារ​នៅ​ទូទាំង​ប្រទេស​ដាំ​បន្លែ​ជា​អាជីព​ដែល​មាន​ការ​លក់​ដូរ។​ លោក​បន្ត​ថា​ កសិករ​បាន​ដាំ​បន្លែ​តាម​ការ​យល់​ឃើញ​របស់​ពួក​គេ។​

អនុ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កណ្តាល ​លោក ​ហ៊ សុផល​ បាន​ថ្លែង​ប្រាប់​VOA​ថា​ កសិករ​មួយ​ចំនួន​មិន​ចូល​ជា​បណ្តុំ​ចង​ក្រង​ដោយ​មន្ទីរ​កសិកម្ម​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​មិន​អាច​ទទួល​បាន​ព័ត៌មាន​អំពី​ទីផ្សារ​បន្លែ​នោះ​ទេ។​ លោក​បន្ត​ថា​ កសិករ​មួយ​ចំនួន​ដែល​មិន​ចូល​ជា​បណ្តុំ​នោះ ​ដោយសារ​ពួក​គេ​ដាំ​បន្លែ​ប្រើប្រាស់​គីមី​ច្រើន​ ហើយ​ពួក​គេ​មិន​ចង់​ចូល​ក្នុង​បណ្តុំ​នេះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«សំណូម​ពរ​ដល់​កសិករ​ទាំង​អស់​ហ្នឹង​ គួរ​តែ​ងាក​ចូល​មក​ក្នុង​បណ្តុំ​ដែល​ក្រសួង​កសិកម្ម ​ក៏ដូច​ជា​រាជ​រដ្ឋាភិបាល​ហ្នឹង ​ចង់​ឲ្យ​គាត់​ចូល​បណ្តុំ ​ងាយ​ស្រួល​ក្នុង​ការ​បណ្តុះ​បណ្តាល ​ ងាយ​ស្រួល​នឹង​រក​ទីផ្សារ​ឲ្យ​គាត់។ ​បើ​សិន​ជា​គាត់​មិន​មាន​ចូល​បណ្តុំ​ទេ ​ការ​ចរចា​តម្លៃ​(សម្រាប់)​ម្នាក់ៗ ​ យើង​គ្មាន​កម្លាំង​ឯណា​ទៅ​ចរចា​ជាមួយ​ឈ្មួញ​ទេ។ ​ ហើយ​គេ​គ្មាន​ផែន​ការ​ឯណា ​ដាំ​ដុះ​ជាមួយ​យើង​ដែរ»។​

បន្លៃស្ពៃត្រូវច្រកថង់ ដើម្បីដឹកជញ្ជូនទៅលក់នៅខេត្តកំពត កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កណ្តាល​ឲ្យ​ដឹង​ថា​ ខេត្ត​នេះ​មាន​ផ្ទៃ​ដី​ដាំដុះ​បន្លែ​ប្រមាណ​ពី​៣​ពាន់​ទៅ​៤​ពាន់​ហិកតា​ ហើយ​លោក​ថា​ក្នុង​មួយ​ថ្ងៃ​ ខេត្ត​នេះ​អាច​ផ្គត់​ផ្គង់​បន្លែ​ប្រមាណ​ពី​៣០០​ទៅ​៤០០​តោន​ដល់​ទីផ្សារ។​

លោក ​ហ៊ សុផល ​អនុប្រធាន​មន្ទីរ​កសិកម្ម​ ពន្យល់​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ចូល​ជា​សហគមន៍​បង្កើត​ដោយ​មន្តីរ​កសិកម្ម។​លោក​និយាយ​ថា៖​ «បើ​យើង​ដាំដុះ​បន្លែ ​គឺ​យើង​រៀបចំ​ជា​ប្រព័ន្ធ​របស់​យើង។​ ពួ ក​ គាត់​ដាំ​អី ៗ​គឺ​យើង​វិល​ជុំ​គ្នា ​អ៊ីចឹង​បន្លែ​យើង​អត់​ជាន់​គ្នា​ទេ។ ហើយ​បើ​សិន​ជា​កសិករ​យើង​នៅ​តែ​មិន​ចូល​ក្រុម​ទេ ​មាន​ន័យ​ថា​បន្លែ​អាច​កាប់​ជន់​គ្នា»។​

VOA​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ស្រី វុឌ្ឍី ​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​បាន​ទេ។​

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​លោក​ ឡុង កែមវិចិត្រ ​មាន​ប្រសាសន៍​ថា ​ក្រសួង​ពាណិជ្ជ​កម្ម​មាន​គម្រោង​មួយ​ឈ្មោះ​ថា​ «គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាត​តូច»​ ដែល​ជា​កម្រោង​រយៈ​ពេល​២​ឆ្នាំ ​ហើយ​អនុវត្ត​តាំង​ពី​ឆ្នាំ​២០១៨។​ លោក​បន្ត​ថា​ គម្រោង​នេះ​បាន​ជួយ​កសិករ​ក្នុង​ការ​រក​ទីផ្សារ​ជូន​ពួក​គាត់។​ ក្រសួង​បាន​ធ្វើ​ការ​ជាមួយ​កសិករ​ប្រមាណ​ ៧៥.០០០​ គ្រួសារ​ ក្នុង​នោះ​ក៏​មាន​អ្នក​ដាំ​បន្លែ​ផង​ដែរ។​ លោក​បញ្ជាក់​ថា​ គម្រោង​នេះ​គឺ​ដើម្បី​ជួយ​កសិករ​ឲ្យ​ទទួល​បាន​ផល​ចំណេញ​យ៉ាង​តិច​លើស​ពី​៣០​ភាគ​រយ ​ហើយ​ក៏​មាន​ការ​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ក្រៅ​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖​ «អ្វី​ដែល​យើង​ធ្វើ ​យើង​ធ្វើ​ក្នុង​កម្រិត​ប៉ុណ្ណឹង​សិន។​ ប៉ុន្តែ​នៅ​ពេល​ណា​ដែល​គំរូ​នៃ​ការ​ជួយ​របស់​យើង​ក្នុង​ការជួយ​គាត់​ក្នុង​ការ​បង្ក​បង្កើន​ផល ឲ្យ​មាន​ទីផ្សារ​អី​ជា​ដើម​ហ្នឹង​ ក្នុង​ករណី​នៃ​គំរូ​នៃ​ការ​ធ្វើ​របស់​យើង​ហ្នឹង​បាន​ជោគជ័យ​គឺ​យើង​នឹង​បន្ត​អនុវត្ត​បន្ថែម​ទៀត»។​

ត្រឡប់​ទៅ​លោក ​គួន បូរ៉ា​វិញ ​បន្ទាប់​ពី​ការ​ខាត​បង់​ប្រាក់​ជាង​៣​លាន​រៀល ​បច្ចុប្បន្ន​នេះ​លោក​កំពុង​តែ​ត្បិត​ត្បៀត​ការ​ចំណាយ​ក្នុង​គ្រួសារ ​ខណៈ​លោក​នៅ​តែ​ព្រួយ​បារម្ភ​ព្រោះ​ជំងឺ​កូវីដ​នេះ ​នឹង​មិន​ស្រាក​ស្រាន្ត​ទៅ​ឆាប់ៗ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ធ្លាប់​តែ​ទៅ​ផ្សារ​អ៊ីចឹង​ អស់​២​ម៉ឺន​[រៀល] ​ឥឡូវ​កេង​នៅ​សល់​តែ​មួយ​ម៉ឺន​[រៀល] ​អី​អ៊ីចឹង​ទៅ​... ​ ធ្លាប់​ទិញ​របស់​អី​ឲ្យ​កូន​ យើង​ទិញ ​កាត់​បន្ថយ​តាម​ហ្នឹង​ខ្លះ​ដែរ​ហ្នឹង»។​ លោក​ក៏​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចំណាយ​បន្ថែម​នៅ​ពេល​កូន​របស់​លោក​ពីរ​នាក់​ ម្នាក់​រៀន​ថ្នាក់​ទី​១២​និង​ម្នាក់​ទៀត​ថ្នាក់​ទី​៦​ចូល​រៀន​វិញ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«បាន​ធូរ​ឥឡូវ​កូន​អត់​ទៅ​រៀន។​ បើ​កូន​ទៅ​រៀន​ទៀត​ រឹត​តែ​វេទនា។​ ចេះ​កូន​គេ​ឈប់ ​សាលា​គេ​បិទ​ហ្នឹង!។​ បើ​ទៅ​រៀន ​មួយ​ថ្ងៃ​ជិត​២​ម៉ឺន​[រៀល] ​ពីរ​នាក់​បង​ប្អូន»។​ លោក​ចាត់​ទុក​ការ​ដាំ​បន្លៃ​របស់​លោក​ ដែល​ជា​មុខ​របរ​របស់​លោក​ជាង​១០​ឆ្នាំ​មក​ហើយ​ជា​ការ​ដាំ​បែប«ផ្សង​ព្រេង»​តែ​ប៉ុណ្ណោះ៕