វីរុស​ជំងឺ​កូវីដ១៩ ​បំប្លែង​ថ្មី​ដែលតា៖ កម្ពុជា​និង​ពិភពលោក​កំពុង​ប្រឈម​នឹង​ហានិភ័យ​សុខាភិបាល​ធ្ងន់ធ្ងរ

រូបឯកសារ៖ ស្ត្រីម្នាក់ដែលមានពាក់ម៉ាស់ ដើរកាត់បដាផ្សព្វផ្សាយព័ត៌មានអំពីវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមាត់ទន្លេក្បែរព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១។

ភ្នំពេញ — វីរុសជំងឺកូវីដ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ ដែលតា (Delta) ឬ B.1.617.2 កំពុង​តែ​ធ្វើឲ្យ​រដ្ឋាភិបាល​និង​មន្ត្រី​សុខា​ភិបាលនៅ​ជុំវិញ​ពិភពលោក​ព្រួយបារម្ភ​ខ្លាំង​អំពី​ការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​ឡើង​នៃ​ជំងឺ​កូវីដ​១៩ ទោះ​បីជា​ពលរដ្ឋ​រាប់​លាន​នាក់​បានចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​ជា​បន្ត​បន្ទាប់​ក្តី។ ហើយ​វីរុស​ជំងឺ​កូវីដ១៩​ បំប្លែង​ថ្មី​ដែលតា​នេះ ក៏​កំពុង​រួម​ចំណែក​បង្ក​ក្តី​បារម្ភ​ខ្លាំង​ដល់​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ​ដែល​អាច​ឈាន​ដល់​ហានិភ័យ​ធ្ងន់ធ្ងរ​ផង​ដែរ។

នៅ​សហរដ្ឋ​អាមេរិក​ ជាង​ពាក់​កណ្តាល​នៃ​ករណី​ឆ្លង​ថ្មី​ជា​ប្រចាំ​ថ្ងៃបង្ក​ឡើង​ដោយ​វីរុស​ជំងឺ​កូវីដ១៩ បំប្លែង​ថ្មី​ដែលតា ស្រប​ពេល​ដែល​អ្នក​ជំនាញ​ជាន់ខ្ពស់​អាមេរិក​ផ្នែក​ជំងឺ​ឆ្លង​បាន​ព្រមាន​សហរដ្ឋ​អាមេរិក​និង​ពិភពលោក ​អំពី​ការ​កើន​ឡើង​នៃ​ករណីឆ្លង​ជំងឺ​កូវីដ១៩ ដោយសារ​តែ​វីរុស​បំប្លែង​ដែលតា និង​ភាព​យឺតយ៉ាវ​នៃ​ការ​ចាក់​វ៉ាក់សាំង​នៅ​ជុំវិញ​ពិភពលោក។ រីឯ​ចក្រភព​អង់គ្លេស​នៅតែ​បន្ត​ចាត់​វិធានការ​បិទ​ខ្ទប់​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ក្នុង​សហគមន៍​នានា ដែល​បង្ក​ឡើង​ដោយ​វីរុស​ជំងឺ​កូវីដ១៩ ​បំប្លែង​ថ្មី​ដែលតា។

ដោយឡែក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​វិញ វីរុស​ជំងឺ​កូវីដ១៩ ​បំប្លែង​ថ្មី​ដែលតា​នេះ បាន​បណ្តាល​ឲ្យ​រដ្ឋាភិបាល​របស់​ប្រទេស​ថៃ​ប្រកាស​ចាត់វិធានការ​បម្រាម​គោចរ​ហាម​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​គេហដ្ឋាន ក្នុង​ចន្លោះ​ម៉ោង ៩ល្ងាច​ដល់​ម៉ោង ៤ភ្លឺ នៅទីក្រុង​បាងកក និង​ខេត្ត​ចំនួន​ ៦។ រីឯ​វៀតណាម​បាន​ប្រកាស​វិធានការ​បិទ​ខ្ទប់​ក្នុង​ទីក្រុង​ហូជីមិញ​រយៈពេល​ ២សប្តាហ៍ ហើយ​ឥណ្ឌូណេស៊ី​ឯណោះ​វិញ កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ឧស្ម័ន​អុកស៊ីហ្សែន ​ដោយសារ​តែឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩ ដែល​បង្ក​ឡើង​ដោយ​វីរុស​ជំងឺ​កូវីដ១៩​ បំប្លែង​ថ្មី​ដែលតា​នេះ។

រូបឯកសារ៖ ស្ត្រីម្នាក់ស្ថិតក្នុងឯកសណ្ឋានការពារការឆ្លងមេរោគបានឱនទ្រហោរយំ ខណៈពេលបូជាសពសមាជិកគ្រួសារដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្រុង Gauhati ប្រទេសឥណ្ឌា ស្របពេលមានការឆ្លងរាលដាលកាន់តែខ្លាំងឡើងដោយសារវីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតា។

ស្រដៀង​នឹង​ស្ថានភាព​ក្នុង​ប្រទេស​ទាំង​អស់​នោះ ថ្មីៗ​នេះ មន្ត្រី​ជំនាញ​សុខាភិបាល​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ប្រកាស​អំពី​ហានិភ័យ​ដ៏​គ្រោះថ្នាក់​មួយ ដែល​កម្ពុជា​អាច​នឹង​ប្រឈម​នាពេល​ខាង​មុខ បន្ទាប់​ពី​កម្ពុជា​បាន​រក​ឃើញ​វត្តមាន​នៃវីរុស​ជំងឺ​កូវីដ១៩ ​បំប្លែង​ថ្មី​ដែលតា (Delta) កាលពី​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​មិថុនា​កន្លង​ទៅ​នេះ។

លោក​ស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​លើក​ឡើង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ជាតិ​កម្ពុជា (ទទក) ដែល​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​យូធូប ​កាលពី​ថ្ងៃទី ១ ខែ​កក្កដា​កន្លង​ទៅ ​ថា៖

«វីរុស​កូវីដ១៩ ដែល​កើត​ចេញ​មក​ដំបូង​ដែល​វាយ​លុក​នៅ​ក្នុង​ពិភពលោក​ដំបូង​ដែល​ហៅថា​ប្រភព​ដើម​នេះ វា​ឆ្លង​ក្នុង​ល្បាក់​ពី ២ ទៅ ៣ នាក់​ក្នុង​ពេល​តែ​មួយ។ ប៉ុន្តែ​សម្រាប់ដែលតា​ គឺ​មិនមែន​ប៉ុណ្ណឹង​ទេ គឺ​ច្រើន​ជាង​ហ្នឹង​អាច​រហូត​ទៅ​ដល់​ ១០ ដល់ ​១៥ នាក់។ អ៊ីចឹង​ការ​វាយ​លុក​របស់​វា​លឿន​ណាស់»។

វីរុស​បំប្លែង​ថ្មី​ដែលតា (Delta) ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា កាល​ពី​ចុង​ខែ​មិថុនា តាមរយៈ​ពលករ​ខ្មែរ​ដែល​បាន​វិលត្រឡប់​មក​ពី​ប្រទេសថៃ នៅតាម​បណ្តាខេត្ត​ជាប់​ព្រំដែន។ បើ​គិត​ពីចន្លោះ​ថ្ងៃ​ទី ៣០ ខែ​មិថុនា ដល់​ថ្ងៃ​ទី ១២ ខែ​កក្កដា ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា​ ជា​មធ្យម​មាន​ចំនួន​យ៉ាង​តិច ៩០០ នាក់​ ដែល​ជា​អត្រា​ឆ្លង​មធ្យមខ្ពស់​បំផុត​តាំង​ពី​កម្ពុជា​បានឆ្លងកាត់ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍​ កាលពីឆ្នាំដើម​ឆ្នាំ​២០២០។

បើ​ទោះ​បីជា​មិនទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​ថា ​តើ​ករណីឆ្លង​ថ្មី​នៅ​កម្ពុជា​ប៉ុន្មាន​នាក់ ដែល​ត្រូវបាន​បង្ក​ឡើង​ដោយ​វីរុស​ជំងឺ​កូវីដ១៩ បំប្លែង​ថ្មី​ដែលតា​ក្តី ក៏​នៅ​ក្នុង​បទសម្ភាសន៍​ដដែល​នោះ លោកស្រី ឱ វណ្ណឌីន បាន​លើក​ជា​ចម្ងល់​ថា យោង​តាម​ស្ថានភាព​ឆ្លង​នា​ពេល​បច្ចុប្បន្ន ប្រហែល​ជា​កម្ពុជា​អាចកំពុង​មាន​ចរាចរណ៍​វីរុស​ដែលតា​នេះ​រួច​ទៅ​ហើយ។​

វីរុស​ជំងឺ​កូវីដ១៩ បំប្លែង​ដែលតា (Delta)

វីរុសជំងឺ​កូវីដ១៩ បំប្លែង​ថ្មីដែលតា ត្រូវបាន​រក​ឃើញ​ដំបូង​នៅប្រទេសឥណ្ឌា​កាលពី​ធ្នូ ​ឆ្នាំ ២០២០​។ មជ្ឈមណ្ឌល​ទប់ស្កាត់​ជំងឺ​ឆ្លង (CDC) របស់​សហរដ្ឋ​អាមេរិក បាន​សម្គាល់​ថា វីរុសជំងឺកូវីដ​១៩ ​បំប្លែងថ្មីដែលតា មាន​សមាសធាតុ​ឆ្លង​ខ្លាំង​បំផុត បើ​ធៀប​នឹង​ប្រភេទ​មុនៗ។

លោក​វេជ្ជបណ្ឌិត F. Perry Wilson ផ្នែក​សរសៃប្រសាទ ប្រចាំ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​និង​ស្រាវជ្រាវ Yale Medicine បាន​ថ្លែង​នៅ​ក្នុង​អត្ថបទមួយ​ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ៩ ខែ​កក្កដា​ថា៖ «វីរុស​ជំងឺ​កូវីដ១៩ បំប្លែង​ថ្មី​ដែលតា ឆ្លង​រាលដាល​នេះ​ឆ្លង​ខ្លាំង​ជាង​ប្រភេទ​ណាៗ​ទាំងអស់ ហើយ​វា​នឹង​ក្លាយ​ជា​វីរុស​បំប្លែង​ខ្លួន ដែល​បង្ក​ឲ្យ​មាន​ករណី​ឆ្លង​ច្រើន​បំផុត​នៅ​ជុំវិញ​ពិភពលោក»។

រហូត​មក​ដល់​ខែកក្កដា​នេះ វីរុសជំងឺកូវីដ​១៩ ​បំប្លែងថ្មីដែលតា ​ឬ B.1.617.2 ត្រូវ​បាន​គេ​រក​ឃើញក្នុង​ប្រទេស​ប្រមាណជា ​៩៨ ។ នេះ​បើ​តាមការ​ថ្លែង​របស់លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការ​អង្គការ​សុខភាពពិភព​លោក ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃ​ទី​ ២ ខែ​កក្កដា ឆ្នាំ ២០២១។

រោគសញ្ញា​របស់​វីរុស​ជំងឺ​កូវីដ១៩ បំប្លែង​ថ្មី​ដែលតា មាន​លក្ខណៈ​បែប​ផ្តាសាយ​ស្រាល ​ដូចជា​ឈឺក្បាល ហៀរសំបោរ ឬ​ឈឺ​ក។​ រោគ​សញ្ញា​ទាំងនេះ​មានភាព​ខុសគ្នា​ពី​វីរុស​ជំងឺ​កូវីដ​១៩ ប្រភេទ​មុនៗ ដោយ​ជាទូទៅ​មាន​ដូចជា​ក្តៅខ្លួន ក្អក និង​បាត់បង់​ក្លិន និង​រសជាតិ។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​ជំងឺ​ឆ្លង​នៅ​សហរដ្ឋ​អាមេរិក។

អ្នកស្រី​វេជ្ជបណ្ឌិត Inci Yildirim ប្រចាំ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​និង​ស្រាវជ្រាវ Yale Medicine បាន​ថ្លែង​នៅ​ក្នុង​អត្ថបទមួយ​ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ៩ ខែ​កក្កដា ​ហើយ​ត្រូវបាន​ដក​ស្រង់​ពាក្យ​សម្តី​ថា៖ «រោគ​សញ្ញា​ក្អក និង​បាត់បង់​ក្លិន មិន​សូវ​កើត​ឡើង​ទេ។ តែ​ឈឺក្បាល ឈឺ​ក ហៀរ​សំបោរ និង​ក្តៅខ្លួន កើត​ឡើង​ច្រើន​ក្នុង​ចំណោម​អ្នក​ជំងឺ បើ​ផ្អែក​តាម​ការ​ស្ទង់​មតិ​ចុងក្រោយ​នៅ​ចក្រភព​អង់គ្លេស ដែល​នៅ​ទីនោះ ៩០ភាគរយ​នៃ​ករណី​ឆ្លង​ថ្មី​ត្រូវបាន​បង្ក​ឡើង​ដោយ​វីរុស​ជំងឺ​កូវីដ១៩​បំប្លែង​ថ្មី​ដែលតា»។

ក្រាហ្វិកបង្ហាញពីករណីឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា ចាប់ពីខែមិថុនា រហូតដល់ថ្ងៃទី ១៣ ខែកក្កដា ក្នុងនោះថ្ងៃទី ៣០ ខែមិថុនា ជាថ្ងៃដែលមានករណីឆ្លងខ្ពស់បំផុតរហូតដល់ទៅ ១,១៣០នាក់ ក្នុងរយៈពេលមួយថ្ងៃ។

អ្នកស្រី​វេជ្ជបណ្ឌិត Yildirim បាន​លើក​ឡើង​ថា ​ក្រុម​មនុស្ស​ដែល​ងាយ​រង​គ្រោះ​បំផុត​ពី​វីរុស​ជំងឺ​កូវីដ១៩ បំប្លែង​ថ្មី​ដែលតា​នេះ រួមមាន​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ការពារ ក្នុង​នោះ​រួម​មានកុមារ​និង​ក្រុម​មនុស្សវ័យក្រោម ៥០ ឆ្នាំ។

«ខណៈ​ពលរដ្ឋវ័យចំណាស់កាន់​តែ​ច្រើនឡើង​បានចាក់វ៉ាក់សាំង​នោះ ក្រុម​មនុស្ស​វ័យ​ក្មេង​និង​ក្រុម​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​នឹង​ប្រឈម​ហានិភ័យ​ឆ្លង​វីរុស​ជំងឺកូវីដ១៩ គ្រប់​ប្រភេទ។ ប៉ុន្តែ​ប្រភេទ​ដែលតា​ហាក់​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ក្រុម​មនុស្ស​វ័យ​ក្មេង​ជាង [វីរុស​ជំងឺ​កូវីដ១៩ បំប្លែង​ថ្មី]​ប្រភេទ​មុនៗ»។

ខណៈ​ការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​កំពុង​ត្រូវបាន​ធ្វើឡើង វីរុស​ជំងឺ​កូវីដ១៩ បំប្លែង​ថ្មី​ដែលតា ត្រូវបាន​សន្និដ្ឋាន​ថា អាច​បង្ក​ឲ្យ​អ្នកឆ្លង ជាពិសេស​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ប្រហាក់ប្រហែល​គ្នា​នឹង​វីរុស​ជំងឺ​កូវីដ១៩ បំប្លែង​ថ្មី​អាល់ហ្វា។ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយនៅ​ប្រទេស​ស្កុតលែន (Scotland) ចុះ​ផ្សាយ​កាលពី​ថ្ងៃទី ២១ ខែ​មិថុនា​កន្លង​ទៅ​នេះ។

ហានិភ័យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ប្រឈម​នឹង​វីរុស​បំប្លែង​ដែលតា (Delta)

កាលពី​ថ្ងៃ​ទី ៧ ខែ​កក្កដា នៅ​ពេល​សួរ​ពាក់ព័ន្ធ​អំពី​វីរុស​ជំងឺកូវីដ១៩ បំប្លែង​ថ្មី​ដែលតា លោក​ស្រី លី អៃ​លែន (Li Ailan) តំណាង​អង្គការ​សុខភាព​ពិភព​លោកប្រចាំ​កម្ពុជា បាន​ប្រាប់ VOA ថា វីរុស​បំប្លែង​ដែលតា​នេះ គឺ​ជា​ប្រភេទវីរុស​ដែលគួរ​ឲ្យ​បារម្ភ ដោយសារ​វា​មាន​ស្ថានភាព​ឆ្លង​លឿន។

​លោកស្រី​ក៏​សង្កត់​ធ្ងន់​ថា ​វីរុស​បំប្លែង​ខ្លួន​គ្រប់​ប្រភេទ​ទាំងអស់​គឺ​មាន​គ្រោះ​ថ្នាក់ ដែល​ត្រូវការ​មានការ​អនុវត្ត​វិធានការ​សុខភាព​សាធារណៈ និង​សុខភាព​សង្គម និងបង្កើនការចាក់វ៉ាក់​សាំង​ឲ្យ​បាន​ច្រើន។

លោកស្រី លី អៃ​លែន បាន​បញ្ជាក់​តាមសារ​អេឡិចត្រូនិក ឬ​អ៊ីមែល​ជាអក្សរ ហើយ​ត្រូវ​បាន​យក​មក​បកប្រែជាសម្តី​ថា៖ «គ្រប់​ប្រភេទ​វីរុស​បំប្លែងខ្លួនទាំង​អស់​រួមទាំង​វីរុស​បំប្លែង​ខ្លួនប្រភេទ​គួរ​ឲ្យបារម្ភ​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​ទៅ​ជា​ធ្ងន់ធ្ងរ។ ប៉ុន្តែយើង​ក៏​មាន​សញ្ញា​ល្អ​ដែលវ៉ាក់សាំង​ការពារ​ជំងឺកូវីដ​១៩​អាច​មាន​ឥទ្ធិពល​លើ​វីរុស​បំប្លែង​ខ្លួន​ប្រភេទ​ដែល​តា។ ប្រសិន​បើ​មនុស្ស​មិន​អនុវត្ត​តាម​វិធានការ​ការពារ​ទេ​នោះ​វា​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ខ្លាំង និង​អាច​ឆ្លង​ចូល​ក្នុង​សហគមន៍​លឿន​»។

​ក្នុង​រយៈពេល​ត្រឹម​តែ​ ២ សប្តាហ៍ គិត​ពីចន្លោះ​ថ្ងៃ​ទី ៣០ ខែ​មិថុនា ជា​សប្តាហ៍​ដែល​រក​ឃើញ​វត្តមានវីរុស​ជំងឺកូវីដ១៩ បំប្លែង​ថ្មី​ដែលតា ​នៅ​កម្ពុជា​ដល់​ថ្ងៃ​ទី ១៣ ខែ​កក្កដា ករណី​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ មាន​ចំនួន​ដល់​ទៅ ៣៥១នាក់ ដោយ​កើន​ពី ៦០២នាក់ ដល់ ៩៥៣នាក់។ ហើយ​នេះ​ជា​ហានិភ័យ​ដ៏​គ្រោះថ្នាក់​បំផុត​របស់​កម្ពុជា។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​និង​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា។

​លោកស្រី ឱ វណ្ណឌីន ថ្លែង​ថា៖ «កាលណា​ករណី​ឈឺ​កើន​ឡើង ករណី​ស្លាប់​ក៏​កើន​ឡើង​ដែរ។ ឥឡូវ​យើង​ឃើញ​ហើយ នៅ​ក្នុង​ខែ​មិថុនា​យើង​នេះ ករណី​ស្លាប់​យើង​ឃើញ​ថា មាន​ដល់​ទៅ ៤០៨​នាក់​ទៅ​ហើយ ក្នុង​មួយ​ខែ​មិថុនា។ អ៊ីចឹង​នៅ​កន្លែង​នេះ​ឯង ដែលបង្ហាញ​ថា ផល​ប៉ះពាល់​វា​នឹង​កើន​មាន​ឡើង​ជាពិសេស​ជន​ដែល​ងាយ​រង​ហ្នឹង​ហានិភ័យ»។

លោក​ស្រី​ក៏​បាន​បន្ថែម​ថា កម្ពុជា​ត្រូវ​តែ​រួមគ្នា​ក្នុងការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល ហើយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ស្ថានភាព​នៃការ​ឆ្លង​រាល​ដាល​នេះ​ផុត​ពី​បន្ទាត់​ក្រហម ដែល​អាច​ធ្លាក់​ចូល​ក្នុង​មហន្តរាយ​សុខភាពសាធារណៈដូច​ប្រទេស​មួយ​ចំនួន។​

លោកស្រី ឱ វណ្ណឌីន ថ្លែង​ថា៖ «យើង​ឃើញ​ហើយ​ស្ថានភាព​នៅ​ប្រទេស​ឥណ្ឌា ដល់ពេល​វា​ផ្ទុះ​ក្ឌុង​ច្រើន​ពេក​ទៅ នៅ​តាមមន្ទីរ​ពេទ្យ​អី​អត់​មាន​កន្លែង​ដាក់​អ្នកជំងឺ​ទេ។ នៅ​ពេល​នោះ​គ្រោះ​មហន្តរាយ​របស់​ប្រទេស គ្រោះ​មហន្តរាយ​នៃ​សុខភាព​សាធារណៈ ហើយ​ក៏​ដូចជា​ផល​ប៉ះពាល​ធ្ងន់ធ្ងរទៅ​ដល់​សេដ្ឋកិច្ច​គ្រួសារ ក៏ដូចជា​សេដ្ឋកិច្ច​សង្គម យើង​មិនអាច​ប៉ាន់​ប្រមាណ​បាន​នោះ​ឡើយ»។

ក្រាហ្វិកបង្ហាញពីករណីស្លាប់ដោយសារជំងឺកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា ចាប់ពីខែមិថុនា រហូតដល់ថ្ងៃទី ១៣ ខែកក្កដា ក្នុងនោះថ្ងៃទី ៦ ខែកក្កដា ជាថ្ងៃដែលមានករណីស្លាបើខ្ពស់បំផុតរហូតដល់ទៅ ៣១នាក់ ក្នុងរយៈពេលមួយថ្ងៃ។

បន្ថែម​លើ​នេះ អង្គការ​សុខភាព​ពិភព​លោក​មានការ​បារម្ភ​យ៉ាង​ខ្លាំង​អំពីការ​ឆ្លង​រាល​ដាលក្នុង​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា ពិសេស​តាម​តំបន់​ដែល​មានការ​ប្រមូល​ផ្តុំ​ច្រើន ដូចជា​ផ្សារ រោងចក្រ ពន្ធនាគារ ក្លឹបកម្សាន្តជាដើម។

លោកស្រី លី អៃ​លែន (Li Ailan) តំណាង​អង្គការ​សុខភាព​ពិភព​លោកប្រចាំ​កម្ពុជា បាន​បញ្ជាក់​ប្រាប់ VOA តាម​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល​ជាអក្សរ ហើយ​ត្រូវ​បាន​យក​មក​បកប្រែជាសម្តី​ថា៖ «យើង​សូម​ណែនាំ​ឱ្យ​អ្នក​រាល់គ្នា​បន្ត​អនុវត្ត​វិធាន​ការ​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​រួម​មាន​ពាក់ម៉ាស លាង​សម្អាត​ដៃ រក្សា​គម្លាត ជៀស​វាង «បី​កុំ» ហើយ​នៅ​ក្នុង​ផ្ទះ​ប្រសិន​បើ​មាន​អារម្មណ៍​មិនស្រួល​ខ្លួន និង​ស្វែងរក​ការ​ព្យាបាលពី​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​ភ្លាមៗ កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ និង​ការជួប​ជុំ​ផ្សេងៗ»។

គិត​ត្រឹម​ថ្ងៃ​ទី ​១៣ ខែកក្កដា ឆ្នាំ​ ២០២១​ នេះ​ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​សរុប​ចំនួន ​៦២,៧០០នាក់ ​អ្នកជា​សះស្បើយ​ចំនួន​ ៥៤,៤៨៩នាក់​និង​មានអ្នកស្លាប់ចំនួន ៩៥៣នាក់៕