ការ​ប៉ះទង្គិច​ដោយ​សារវីរុស​កូរ៉ូណា​ផ្លាស់​ប្តូរ​ទម្លាប់​សហគមន៍​ខ្មែរអាមេរិកាំង​នៅ​​សហរដ្ឋ​អាមេរិក

រូបឯកសារ៖ ពលរដ្ឋអាស៊ីអាមេរិកាំងម្នាក់ ពាក់ម៉ាស់ការពារ ខណៈដើរកាត់រោងកុនដែលបានផ្អាកដំណើរការ ដោយសារការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណា នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។

វ៉ាស៊ីនតោន — កំណើន​នៃ​ការ​ឆ្លង​រីករាល​ដាល​យ៉ាង​ខ្លាំង​នៃ​វីរុស​កូរ៉ណា​ ឬ​កូវីដ១៩​ ក្នុង​ពិភពលោក ​ជា​ពិសេស​នៅ​សហរដ្ឋ​អាមេរិក បានធ្វើ​ឲ្យ​សហគមន៍​ខ្មែរ​រង​ផល​ប៉ះពាល់​ដល់​របៀប​របប​នៃ​ការ​រស់នៅ​ ការ​ធ្វើ​កិច្ចការ ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា ​កិច្ចការ​សាសនា​ ការ​ជួប​ប្រជុំ​និង​មុខ​របរ​របស់​អ្នក​ធ្វើការ​ និង​អ្នក​ជំនួញ​ជាដើម។

លោក​ ធីម៉ូធី ឈឹម​ ជា​ម្ចាស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ និង​ធានា​រ៉ាប់រង​ផ្ទាល់ខ្លួន ហៅថា​ T. Chhim ​Agency​ ក្នុង​សង្កាត់ ណាញូអិត (Nanuet) ​ភាគ​ខាងជើង​នៃ​ទីក្រុង​ញូវយ៉ក​ (New York) បាន​ថ្លែងថា​វីរុស​កូរ៉ូណា ​បាន​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​អតិថិជន​ និង​ប្រាក់​ចំណូល​លោក ដោយសារ​ស្ថានការណ៍​តម្រូវ​ឲ្យ​លោក​បិទទ្វារ​ក្រុមហ៊ុន​ជាង​២សប្តាហ៍​ ហើយ​ធ្វើការ​តាម​ផ្ទះ​ តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​វីរុស​កូរ៉ណា ​ដែល​កំពុង​ឆ្លង​រាល​ដាល​នៅ​សហរដ្ឋ​អាមេរិក​ ជាពិសេស​ការ​រាត​ត្បាត​ខ្លាំង​ជាងគេ​ក្នុង​ទីក្រុង​នេះ។

«ធ្វើការ​ពីផ្ទះ​ប្រាក់​ចំណូល​ប៉ះពាល់​ ពីព្រោះ​យើង​អត់​បាន​ធ្វើ​ពេញលេញ​ ហើយ​ជាពិសេស​ការងារ​បើក​ត្រូវ​មាន​មនុស្សទៅ​មកទៅមក ​ដើម្បី​ងាយ​ធ្វើ​ការងារ​អីចឹង​ ដល់​អីចឹង​ទៅ​យើង​បាត់​ចំណូល​មួយ​ផ្នែកធំ​ត្រង់​ថា ​មនុស្ស​ថ្មី​យើង​មាន​ការ​ពិបាក ទាល់តែ​យើង​រក​មធ្យោបាយ​ស្អី​ផ្សេងទៀត​ ទាក់ទង​មនុស្ស​តាមផ្ទះ។​ ឥឡូវហ្នឹង​មនុស្ស​ទៅមក​ ទៅមក​ស្ងាត់​ជ្រងំ​អីចឹង ហើយ​ចំពោះ​ខ្ញុំវិញ ​ប៉ះពាល់​ប្រហែល​ជាពាក់​កណ្តាល​ការងារ»។

លោក​ថា​ ការងារ​រៀបចំ​កញ្ចប់​ហិរញ្ញវត្ថុ​ជូន​ដល់​ភ្ញៀវ​ដែល​ចង់​ចូល​និវត្តន៍​ ចង់​ទិញ​ការ​ធានា​រ៉ាប់រង ​អាយុជីវិត ​សុខភាព ​ធានា​រ៉ាប់​រងផ្ទះ​ រថយន្ត​ជាដើម​នោះ​ គឺ​លោក​រកប្រាក់​ចំណូល​ដោយសារ​មាន​ភ្ញៀវ ​ដែល​ឧទាហរណ៍​គឺ​ថា​ មាន​ភ្ញៀវ​ចាស់​ ១០នាក់​ ត្រូវ​ថែទាំ​ភ្ញៀវ​ចាស់​កុំ​ឲ្យ​បាត់បង់​ និង​រកភ្ញៀវ​ថ្មី​បន្ថែម​ តែ​បើ​គ្មាន​ភ្ញៀវថ្មី​ចូល​មក​ នេះ​ជា​បញ្ហា។

«ហើយ​បើអ្នក​ទិញផ្ទះ​ក៏អត់​ទិញ ​ឧបមាថា​ ឥឡូវ​អ្នក​ទិញផ្ទះ​ក៏អត់​ទិញ​ អីចឹង​ធានា​រ៉ាប់រង​ក៏គ្នា​អត់​ទិញដែរ ​មិនអីចឹង​ ហើយ​អ្នក​ទិញផ្ទះ​ហ្នឹង​ ជួនកាល​ត្រូវការ​ទិញ​ធានា​រ៉ាប់រង​ផង ​ត្រូវការ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ផង​ (life insurance) ​ធានា​រ៉ាប់​រង​សម្រាប់​ប្រាក់​កម្ចី​ទិញ​ផ្ទះផង​ (Mortgage insurance) ​អីចឹង​វា​បាត់​មួយ​ខ្សែរ​ផ្ទះហ្នឹង​ ក៏អស់​មួយ​ចំនួន​ទៅ ​ហើយ​អ្នកខ្លះ​ក៏រើ​ចេញ​ទៅ​រដ្ឋផ្សេង​ទៅ​ ចេញ​ពី​ញូវយ៉ក​អីចឹង​ទៅ​ អីចឹង​វា​ទាក់ទង​គ្នា​រសេមរសាម​ ហើយ​យើង​មិនដឹង​ជា​ជួយ​ម៉េច​បាន​ បើ​ជួនកាល​ហៅ​ទៅ​ធនាគារ​ ក៏គេ​ពិបាក​នឹង​ទាក់ទង​ជាមួយ​យើង​ដែរ»។

លោកថា​ លោក​ត្រូវរក​វិធី​ផ្សេង​ដើម្បី​បន្ត​កិច្ចការ​ ដែល​ចាប់តាំង​ពីឆ្នាំ​ ១៩៨៧​ មក​នេះ​ ​ដោយសារ​ថា លោក​មិនអាច​ជួប​អតិថិជន​នៅ​ការិយាល័យ​ជា​ប្រចាំ ​ដូចសព្វ​មួយដង ហើយ​ថា​ នេះ​ជា​ការ​ប៉ះទង្គិច​ធ្ងន់​មិន​ធ្លាប់​ជួប​ប្រទះ​សម្រាប់​លោក។​ លោក​អះអាង​បន្ត​ថា​ នៅ​ពេល​មាន​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​កាលពីឆ្នាំ​ ២០០៨ ​ជារឿង​ធ្ងន់ធ្ងរ​ដែរ ​តែ​នៅ​អាច​ទប់ទល់​បាន ​ដោយសារ​មនុស្ស​នៅ​អាច​ធ្វើដំណើរ ​មុខជំនួញ​ និង​កន្លែង​ធ្វើការ​នៅ​ដំណើរការ​ តែ​លើក​នេះ​ គឺ​បិទ​សឹង​គ្រប់​កន្លែង ​ស្ងាត់​ជ្រងំ​តែម្តង។

រូបឯកសារ៖ បុុគ្គលិកសុខាភិបាលសម្អាតមេរោគនៅក្នុងមណ្ឌលថែទាំមនុស្សចាស់ជរា Life Care Center ដែលជាកន្លែងដំបូងនៃការឆ្លងរាលដាលវីរុសកូរ៉ណា នៅក្នុងទីក្រុង Kirklan រដ្ឋវ៉ាស៊ីនតោន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។

មក​ពីក្រុង​ លីនវូត​ (Lynnwood) នៅរដ្ឋ​វ៉ាស៊ីនតោន​ (Washington) ដែល​ជា​តំបន់​ឆ្លង​ខ្លាំង​ដំបូង​គេមួយ​ ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​គឺ​លោក​ ឡារី សេង ​ដែល​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ផលិត​យន្តហោះ​ ប៊ូអ៊ីង ​បាន​ថ្លែងថា ពេលនេះ​លោក​នៅផ្ទះ ​ដោយសារ​ក្រុមហ៊ុន​ចេញ​ប្រាក់​ចំនួន​ ២សប្តាហ៍​ ដោយ​មិនបាច់​ទៅ​ធ្វើការងារ ​តែក្រោយ​ពីនោះ​ មិន​ដឹង​ថា​នឹង​មាន​ការ​ប៉ះពាល់​យ៉ាងណា​ទេ ​នៅពេល​លោក​មាន​ក្តីបារម្ភ​ចំពោះ​ប្រាក់​ចំណូល​ទៅ​ថ្ងៃ​អនាគត។

«រឿងហ្នឹង​ ពួក​យើង​តែងតែ​ព្រួយ​បារម្ភ​ពីព្រោះ​ស្ថានការណ៍​កូវីដ១៩​ហ្នឹង​ វា​ហាក់​បីដូច​អត់​ថមថយ ​វានៅតែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ ថ្ងៃហ្នឹង​ ម្ល៉ោះ​ហើយ​ពួក​យើង​មាន​ការ​ព្រួយ​បារម្ភ​ថា ​ក្រុមហ៊ុន​ ប៊ូអ៊ីង ​គេបង់​ឲ្យយើង​តែ​២សប្តាហ៍​ទេ ​បន្ទាប់​ពី ​២សប្តាហ៍​ទៅ​ទៀត​ គេ​នឹង​ផ្តល់​ដំណឹង​ដល់​យើង​ថា ​តើ​គេ​សម្រេច​ឲ្យយើង​ទៅ​ធ្វើការ​វិញ ឬ​មួយ​ក៏គេ​តម្រូវ​ឲ្យយើង​ធ្វើ​យ៉ាង​ណាៗ​នោះ​ អាហ្នឹង​យើងចាំ​ស្តាប់​ព័ត៌មាន​ពីខាង​អ្នក​គ្រប់គ្រង​រោងចក្រ​ហ្នឹង​ឯង​បាទ»។

លោក​ ឡារី សេង​ បាន​ភៀសខ្លួន​ពីស្រុក​កំណើត​ នៅស្រុក​គិរីវង្ស​ ខេត្ត​តាកែវ ​មក​សហរដ្ឋ​អាមេរិក​ កាល​ពីឆ្នាំ​១៩៨៨​ តាមជំរំ ​ខាវអ៊ីដាង។​ លោក​ថា​ ក្រុមហ៊ុន​លោក​ធ្វើការ​មិន​សូវ​យក​ចិត្ត​ទុកដាក់​ទេ នៅ​គ្រាដំបូង​ រហូត​ទាល់​មាន​ការ​តវ៉ា​ពី​បុគ្គលិក​ខ្លាំង​ទើប​បាន​គេ​ចាត់​វិធានការណ៍​ឲ្យ​ឈប់​សម្រាក។ ​លោក​ថា ក្រុម​គ្រួសារ​លោក​ចាប់ពី​ថ្ងៃទី​២៧ ​មីនា​មក​ នៅ​ផ្ទះរ​ហូត ដោយ​មិន​មាន​ចេញ​ក្រៅ​ ដូច​ពេល​មុនទេ ​ដោយសារ​គិត​គូរ​ពី​សុវត្ថិភាព។

សហរដ្ឋ​អាមេរិក​កំពុង​នាំមុខ​គេ​ក្នុង​ពិភពលោក​ ដែលមាន​មនុស្ស​ប្រមាណ​ជិត​ ២០ម៉ឺន​នាក់​ឆ្លង​និង​ ៤ពាន់​នាក់​ស្លាប់​ ដោយ​សារ​វីរុស​ កូវីដ ១៩ ​ដែល​ផ្ទុះឡើង​ដំបូង​ក្នុង​ក្រុង​ វូហាន ​ប្រទេស​ចិន​ ហើយ​រីករាល​ដាល​ពាសពេញ​ពិភពលោក​ ដែល​តួលេខ​ចំនួន​មនុស្ស​ឆ្លង​និង​ស្លាប់​ ចេះតែ​កើន​ឡើងជា​ប្រចាំ។​

រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​ដាក់​ប្រទេស​ក្នុងភាព​អាសន្ន​ ដោយ​បាន​បិទ​សាលារៀន​ ការិយាល័យ​ធ្វើការ​ ក្រុមហ៊ុន​ មុខ​ជំនួញ​ដែល​មិនចាំ​បាច់ ​ហើយ​ដាក់​បម្រាម​នៅតាម​បណ្តា​រដ្ឋ ​មិនឲ្យ​មនុស្ស​ធ្វើដំណើរ​ចេញ​ពីផ្ទះ ​លើក​លែង​តែចាំ​បាច់​ ដូចជា​ទិញម្ហូប ​ទៅពេទ្យ ​ទៅ​ធ្វើការ​កន្លែង​ចាំ​បាច់​ជាដើម។

លោក ​អ៊ិន សួន​ខ្មែរ អាមេរិកាំង​រស់នៅ​ក្នុង​ទីក្រុង ​អូកឡែន (Oakland) ​រដ្ឋ ​កាលីហ្វ័ញ៉ា​ (California) ធ្វើការ​ជាអ្នក​ពិគ្រោះ​យោបល់​ផ្នែក​ជំងឺផ្លូវ​ចិត្ត​ បាន​ថ្លែង​ថា លោក​បាន​ធ្វើការ​នៅផ្ទះ​ពេល​នេះ ​ក្រោយ​ពេល​ការិយាល័យ​លោក​ត្រូវបិទ​ទ្វារមួយ​រយ:ពេល។​ លោក​ថា ​កិច្ច​ការងារ​របស់​លោក ​មាន​ការ​ប៉ះទង្គិច​ តែ​ប្រាក់​ចំណូល ​មិនទាន់​មាន​ការ​ប៉ះពាល់​នៅឡើយ​ទេ។

«ឥឡូវនេះ ​នៅ​ធម្មតា​ទេ ​បុគ្គលិក​នៅធ្វើ​ការ​គ្រប់គ្នា ​អត់​មាន​ប៉ះទង្គិច​អីទេ ​នៅ​ជា​ធម្មតា​នៅឡើយ​ ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត ​មិន​ដឹង​យ៉ាង​ណា​ដែរ»។

លោក​បាន​បញ្ជាក់​ថា ​ក្រុមហ៊ុន​របស់​លោក ​បាន​ទទួល​ថវិកា​ពីក្រុង​ ដើម្បី​ពិនិត្យ​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​ជនជាតិ​អាស៊ី​ និង​ពលរដ្ឋខ្មែរ​ផងដែរ។ ​លោក​ថា ទោះ​ជា​យ៉ាងណា​ មាន​ការ​ប៉ះពាល់​ដល់​កិច្ចការងារ​របស់​លោក​ខ្លាំង ​ដោយសារ​ថា​ ទទួល​ការ​ហៅ​ទូរសព្ទ​ចូល​ច្រើន​ក្នុង១​ថ្ងៃ​ ដោយសារ​អ្នក​មាន​ជំងឺផ្លូវ​ចិត្ត មាន​ក្តី​បារម្ភ​រឿង​វីរុសកូរ៉ូណា។

«តាំងពី​វីរុស​កូរ៉ណា​ កើតឡើង​មក​ អ្នកជំងឺ​ហ្នឹង​សឹង​ថា​ទ្វេឡើង ​គាត់​មាន​អារម្មណ៍​ភ័យព្រួយ​ ខ្វល់ខ្វាយ​ គាត់ហៅ​មក​សួរអី​ចេះមួយ ​អីចុះមួយ​។​ ទី១ ​គាត់​មិន​អាច​ជួប​អ្នក​ពិគ្រោះ​យោបល់​បាន​ ទី​២ គាត់​មិន​អាច​ចេញ​ទៅ​ក្រៅបាន​ ដល់អី​ចឹង​គាត់​ហៅ​ទូរសព្ទ​ រវល់​មែន​ទែន ​នេះ​គឺ​ការ​ប៉ះទង្គិច​ដោយសារ​វីរុស​កូរ៉ូណា​ផ្នែក​ខាង​សេដ្ឋកិច្ច​ ហើយនិង​សង្គម ​ការងារ ​ហើយ​និងផ្លូវ​ចិត្ត»។

លោក​ថា​ មកដល់​ពេលនេះ​ លោក​សង្កេត​ឃើញ​ពី​កំណើន​នៃ​ក្តី​បារម្ភ​របស់​ពលរដ្ឋ​មាន​កាន់​តែ​ខ្លាំង​ឡើង ​ដោយសារ​តែមុខ​ជំនួញ​មិន​ដំណើរការ​ ភាព​អត់​ការងារ​ធ្វើ ការ​បាត់​បង់​ប្រាក់​ចំណូល ​ស្ថាន​ការណ៍​កូវីដ ១៩ ​មិន​អាច​ទស្សទាយ​បាន។​

ពីក្រុង ​ហាដហ្វដ​ (Hartford) រដ្ឋ ​ខន់ណិចទីកិត​ (Connecticut)​ វិញ ​លោកស្រី​ គួច ធានវី ​នាយិកា​សមាគម​គាំទ្រ​សុខភាព​ខ្មែរ​ ហៅ​ថា ​Khmer ​Health ​Advocates​ បាន​ថ្លែង​ថា​ ការិយាល័យ​សមាគម​អ្នកស្រី ​បាន​បង្ខំ​ចិត្ត​បិទទ្វារ ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ណា​ តែ​នៅ​បន្តផ្តល់​សេវកម្ម​ការ​អប់រំ​សុខភាព​តាម​ទូរសព្ទ។

«កន្លែង​ធ្វើការ​ហៅថា ​Khmer ​Health​ Advocates ​បាន​បិទទ្វារ​មួយរយ: ​ហើយបាន​ជម្រាប​បងប្អូន​ថា​ បើសិន​គាត់​មាន​ការ​អី សូម​ឲ្យគាត់​ទូរសព្ទ​មក​កន្លែង​ដដែល​ លេខ​ដដែល​ គឺ​លេខ ​៨៦០​ ៥៦១ ​៣៣៣៥ ​ហើយ​ទូរសព្ទ​នេះ​ វា​នឹង​បញ្ជូន​មក​ទូរសព្ទ​របស់ខ្ញុំ ​ដូច្នេះ​កុំឲ្យ​គាត់​មាន​ពិបាក ​ហើយ ​ខទី២​ សមាគម​យើងខ្ញុំ​នេះ​កំពុង​រៀបចំ​ជា​បណ្តាញ»។

លោក​ស្រី ​បាន​ថ្លែង​ដូច្នេះ​ ដោយ​យោង​ថា​នឹង​មាន​អ្នក​បកប្រែ​ភាសា​ខ្មែរ ​ដែល​មាន​ជំនាញ​ផ្នែក​សុខាភិបាល​ចាំ​ជួយ​ និង​ធ្វើ​ទំនាក់​ទំនង​ផ្ទាល់​តាម​ប្រព័ន្ទ​ Zoom​ រវាង​អ្នកជំងឺ​ និង​ឱសថការី ​ដែល​ជា​ការ​សម្រួល​មួយ​ផ្នែក ​ក្រៅពី​កំពុង​រៀបចំ​បង្កើតប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ ដើម្បី​ជួយ​អប់រំ​និង​ឆ្លើយតប​តម្រូវការ​របស់​ពលរដ្ឋខ្មែរ​ដែល​ត្រូវការ​សេវាកម្ម​សុខភាព។

លោកស្រី ​បាន​បញ្ជាក់ថា​ លោក​ស្រី​ធ្វើការ​អប់រំ​ផ្លូវចិត្ត​ដល់​ពលរដ្ឋខ្មែរ​ជាច្រើន​ ដែល​មាន​ជំងឺ​បាក់ស្បាត ​ដែល​គេ​រក​ឃើញ​ថា​ ជាង​៦០​ភាគរយ​នៃ​ពលរដ្ឋខ្មែរ ​ដែល​បាន​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម ​ហើយ​ភៀសខ្លួន​មករស់​នៅ​សហរដ្ឋ​អាមេរិក ​មាន​ជំងីនេះ។ ​ក្រៅពីនោះ​ ក៏​មាន​ការ​ជួយ​ព្យាបាល​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ ខ្លាញ់​ និង​សម្ពាធ​ឈាម​ ដោយ​មិនយក​កម្រៃ​ដែរ​។

រូបឯកសារ៖ ព្រះឥន្ធិមុនី ម៉ឹង សាង ព្រះគ្រូចៅអធិការវត្តមុនីសុតារាម នៅ​រដ្ឋ មីនីសុតា សហរដ្ឋអាមេរិក និង​ជា​ប្រធានថ្មីនៃសមាគម​ព្រះសង្ឃ​ខ្មែរ​នៅ​អាមេរិក ថត​នៅ​ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)

ក្រៅពី​កិច្ចការ​រដ្ឋ​និង​ឯកជន ​កិច្ចការ​សាសនា​ក៏​មាន​ការ​ប្រែប្រួល​ដែរ នៅ​សហរដ្ឋ​អាមេរិក​ រួមទាំង​ព្រះពុទ្ធ​សាសនា​ និង​គ្រិស្តសាសនា ​ដោយ​សារ​ការ​ឆ្លង​រាលដាល​វីរុស​កូរ៉ូណា​ ដែល​កំពុង​ធ្វើឲ្យ​មាន​ការ​បារម្ភ​ជាខ្លាំង​ផ្នែក​សុខភាព​ សេដ្ឋកិច្ច​សន្តិសុខ​ផងនោះ។

ព្រះតេជគុណ​ ឥទ្ធិមុនី ​ម៉ឹង សាង​ ជា​ប្រធាន​ពុទ្ធិក​សហគម​ព្រះសង្ឃ​ខ្មែរ ​សហរដ្ឋ​អាមេរិក​ និង​ ជា​ព្រះគ្រូ​ចៅ​អធិការ​វត្ត ​មុនីសុតារាម ​រដ្ឋ​មិនីសូតា ​មាន​ថេរដីកា​ថា​ ដោយសារ​វីរុស​កូរ៉ូណា ​បាន​ធ្វើឲ្យ ​មាន​ការ​លុបចោល​ការ​ជួបប្រជុំ​គ្នា​ និង​ពិធីបុណ្យ​ជាច្រើន​ ដូចជា​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ពិធីបុណ្យ​វិសាខ​បូជា ​បុណ្យ​និង​កម្មវិធី​ផ្សេងៗ​ទៀត ។

«ដូច្នេះ​ហើយ ​បុណ្យ​កុសល​យើងអាច​នឹង​ធ្វើបាន​តទៅ​មុខ​ទៀត​ មិនអត់​ទេ​ ហើយ​វត្ត​ក៏អីចឹង​ដែរ ​មិន​មាន​បិទវត្តទេ​ គ្រាន់តែ​យើង​ផ្អាក​កម្មវិធី​ធ្វើ​បុណ្យ ​ធ្វើទាន​ តែ​ព្រះសង្ឃ​ក្នុងវត្ត​នៅតែ​បន្ត​សកម្មភាព​សូត្រធម៌​ផ្សាយ​មេត្តាធម៌ ​តិចច្រើន ​ជា​ដរាប»។

តែ​ព្រះ​តេជគុណ ​បាន​បន្តថា ​ដើម្បី​សេចក្តី​សុខ​របស់​ពលរដ្ឋ​ជា​ពុទ្ធបរិស័ទ ​គ្រប់វត្ត​ចំនួន​ ១៤៤ ​បាន​សម្រេច​ដូចគ្នា​ថា​ នឹងធ្វើតាម​ការណែនាំ​របស់​រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក ​និង​ រដ្ឋាភិបាល​ក្នុងរដ្ឋ។ ​

ជាមួយ​គ្នានេះ​ដែរ​ ព្រះ​តេជគុណ​ ក៏​បាន​បន្ថែម​សេចក្តី​ថា ​ពុទ្ធិក​សមាគម​ព្រះសង្ឃខ្មែរ​សហរដ្ឋ​អាមេរិក ​បាន​ធ្វើការ​ជួប​ប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​ និង​ផ្សព្វ​ផ្សាយ​ធម៌​ និង​កម្មវិធី​អប់រំ​សុខភាព ​ជូន​ដំណឹង​ផ្សេងៗ​តាម​ប្រព័ន្ធ​អនឡាញ​ផងដែរ។

គ្រូ​គង្វាល​ម្នាក់​ គឺ​លោក​ សុវណ្ណា ធីម ​នៃ​ព្រះវិហារខ្មែរ ​នៃព្រះគ្រិស្ត ​ឬ ​ហៅថា​ Cambodian ​Church​ of Christ​ ក្នុងតំបន់​ជិតៗ​ក្រុង​ដាឡាស់ (Dallas) ​រដ្ឋតិចសាស់ (Texas) ​បាន​ថ្លែងថា ​ព្រះវិហារ​របស់​លោក​បាន​ផ្អាក​កម្មវិធី​មួយ​ចំនួន​ផងដែរ​ រួមទាំង​ការ​ជួបជុំ​ថ្វាយ​បង្គំ​ព្រះនៅ​ថ្ងៃអាទិត្យ​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​វីរុស​កូរ៉ូណា ដោយត្រូវ​ប្តូរ​ពីការ​ជួប​ប្រជុំគ្នា​ដោយ​ផ្ទាល់​ មក​ជួបគ្នា​តាម​អនឡាញ​វិញ។

«កាលណា​ប្រជុំ​គ្នា​ម្តងៗ ​យើងបាន​ជម្រាប​បងប្អូន​ កុំឲ្យ​តក់ស្លុត​ចំពោះ​ជំងឺ​ដែល​បៀតបៀន​ដល់​សកល​លោក​ យើង​ពឹង​ផ្អែក​ដល់​ព្រះចេស្តា​ព្រះយេស៊ូវ​គ្រិស្ត ​ដែល​ទ្រង់​ជា​ព្រះ​ ហើយ​ទ្រង់​មាន​អំណាច​ ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ​ ដែល​ទ្រង់​នឹង​កម្ចាត់​ទាំង​រោគា​ទាំង​ប៉ុន្មាន​ដែល​មាន​នោះ​ ហើយ​គឺ​បើសិន​ជា​យើង​ប៉ះទង្គិច​ដោយសារ​ជំងឺ​ ហើយ​បើ​យើង​ស្លាប់​គឺ​ស្លាប់តែ​រូបកាយ​ទេ​ តែ​ព្រលឹង​វិញ្ញាណ​នឹង​ជួប​ជាមួយ​ព្រះអង្គ។​ រឿងហ្នឹង​ដែល​យើង​បាន​លើកទឹក​ចិត្ត​ដល់​ក្រុម​ជំនុំ ​កុំឲ្យ​តក់ស្លុត ព្រម​ទាំង​ឲ្យមាន​ការ​ថែរក្សា​ខ្លួន​ និង​ចៀស​វាង​ការ​ជួបប្រជុំ​គ្នា​លើស​ពី​ ១០នាក់​ ដែល​ជា​ការ​ហាម​ប្រាម»។

លោក​ថា​ ពេលនេះ​ក្រុម​ជំនុំ​របស់​លោក​ ដែល​មាន​សមាជិក​ ៦០នាក់​ មាន​ការ​ប្រជុំគ្នា​តាម​ប្រព័ន្ធ​អនឡាញ​ គឺ​ដើម្បី​ថ្វាយបង្គំ​ព្រះ ​លើក​ទឹក​ចិត្តគ្នា ​អធិដ្ឋាន​ជូនក្រុម​ជំនុំ​ទៅវិញ​ទៅមក ​នៅពេល​ដែល​មិនទាន់​ដឹងថា​ តើនៅ​ពេលណា​ដែល​វីរុស​កូរ៉ូណា​នេះ​ថមថយ ​ហើយនិង​បើក​ព្រះវិហារ​ឡើង​វិញ​នោះ​ទេ។

រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិករបស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​បាន​ព្រមាន​ពីចំនួន​មនុស្ស​ឆ្លង​និង​ស្លាប់​ អាចកើន​ឡើង​កាន់តែ​ខ្លាំង​ នៅ​ខែមេសា​ និង​ខែ​ឧសភា​ខាងមុខ ហើយ​បាន​ប្រកាស​ពីគោល​ការណ៍​ណែនាំ​របស់​សហរដ្ឋ​អាមេរិក​ ​ស្តីពី​ការ​រក្សាគម្លាត​ឆ្ងាយ​ពី​គ្នា​ ឬ​ការ​មិន​នៅ​ផ្តុំ​គ្នា​ច្រើន​មួយ​កន្លែង​ ដើម្បី​បង្ការ​ការ​ឆ្លងរាលដាល​នៃ​វីរុស​នេះ និង​ពន្យារ​ពេល​បម្រាមនេះ ចាប់ពី​ថ្ងៃ​ចន្ទ​នេះ ​រហូត​ដល់​ចុង​ខែ​មេសា៕