ថ្នាក់​ដឹកនាំ​គណបក្ស​មួយ​ចំនួន៖ ជំងឺ​កូវីដ​១៩​មាន​ឥទ្ធិពល​លើ​ដំណើរការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២

រូប​ឯកសារ៖ បេក្ខជន​មក​ពី​គណបក្ស​នយោបាយ​បួនធំៗ ចូលរួម​តស៊ូមតិ​ ដោយ​ឆ្លើយ​តប​នឹង​សំណួរ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​វត្តតាមឹម ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)

ក្រុម​មេដឹកនាំ​គណបក្ស​នយោបាយមួយ​ចំនួន​និយាយ​ថា​ប្រសិន​បើ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​មិន​ធូរ​ស្រាល ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​គ្រោង​ធ្វើ​ក្នុង​ខែ​មិថុនា​ឆ្នាំ​២០២២ គួរត្រូវ​បាន​លើក​ពេល។

ការ​លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហៅ​កាត់​(គ.ជ.ប)​បាន​សម្រេច​លុប​ចោល​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​សាក​ល្បង ដោយ​លើក​ពី​ហេតុ​ផល​នៃ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩។ ការ​សម្រេច​លុប​ចោល​នេះ​ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​មូលហេតុ​ជំងឺ​កូវីដ​១៩។

ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក ពេជ្រ​ ស្រស់ អះអាង​ថា​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​សំខាន់​ជាង​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ ក្នុង​ករណី​ដែល​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩​មិន​ថម​ថយ។

លោក​ថ្លែង​ថា៖ «សម្រាប់​ខ្ញុំ​ជា​ប្រធាន​គណបក្ស​យុវជន​និង​គណបក្ស​យុវជន​កម្ពុជា​ទាំង​មូល​អត់​ទោមនស្ស​រឿង​លើក​ពេល​ឬអត់​ដោយ​សារ​តែ​គណបក្ស​មិន​ទាន់​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នោះ​ឡើយ។ផ្ទុយ​ទៅ​វិញ​គឺ​យើង​ទោមនស្ស​ទៅ​លើ​តើ​ការ​ឆ្លងរីករាល​ដាលជំងឺកូវីដ​១៩​វា​ថមថយ​ឬអត់ បើ​វា​មិន​ថម​ថយ​វា​មិន​ស្រាក​ស្រាន្ត​ទេគួរ​លើក​ពេល។ តែ​បើ​សិន​ជា​យើង​អាច​គ្រប់គ្រង​ការ​រីករាល​ដាល​បាន​ជំងឺ​កូវីដ​នៅ​កម្ពុជា​ថមថយ​អា​ហ្នឹង​មិន​បាច់​លើក​ពេល​ទេ។​យើង​គួរ​តែ​ធ្វើ​តាម​ច្បាប់​និង​តាម​ទម្លាប់​ដូច​ការ​បោះឆ្នោត​កន្លង​ទៅ​»។

រូប​ឯកសារ៖ លោក ពេជ្រ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA Khmer នៅក្នុង​បន្ទប់​ផ្សាយ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី​២៣ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

លោក​បន្ថែម​ថាទោះ​មិន​មាន​ការពន្យារ​ពេល​បោះឆ្នោត គណបក្ស​របស់​លោកបាន​ត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ចូល​រួម​ការ​បោះឆ្នោត។

ចំណែក​លោក​ អ៊ូ ច័ន្ទរ័ត្ន ដែល​ទើប​ទទួល​បាន​ការអនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ ឲ្យ​ដំណើរ​ការគណបក្ស​នយោ​បាយ​ថ្មី​មួយ​ឈ្មោះ​«គណបក្ស​កែទម្រង់កម្ពុជា» ប្រាប់​វីអូអេថា​ពលរដ្ឋ​ទាំង​អស់​នឹង​មិន​អាច​បង្ហាញ​ឆន្ទៈ​របស់​ពួក​គេ​ដើម្បី​ជ្រើសរើស​គណបក្ស​នយោ​បាយ​ក្នុង​បរិយាកាស​ដែល​ជំងឺកូវីដ​១៩​បន្ត​វាយ​ប្រហារ​ប្រទេស​កម្ពុជា​។

សម្រាប់​ការ​ចាប់​ផ្តើម​គណបក្ស​នយោបាយ​ថ្មី ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ដណ្តើម​តំណែង​មេឃុំចៅ​សង្កាត់​និង​សមា​ជិក​ក្រុម​ប្រឹក្សា​នៅ​តាម​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​សរុប​ចំនួន​១.៦៤៦​ឃុំ​សង្កាត់ ការ​ពន្យារ​ពេល​ការ​បោះឆ្នោត ក៏​ជា​ការ​ពិចារណា​មួយ​ដែរ។ នេះ​បើ​តាម​បញ្ជាក់​របស់​លោក​អ៊ូ ច័ន្ទរ័ត្ន។

លោក​បញ្ជាក់ថា៖ «គ្រាន់​តែ​ថា​បើ​ពន្យារ​ពេល​គណបក្ស​ប្រឆាំង​ដែល​រៀប​ចំ​ថ្មី​អី​ហ្នឹង​មាន​ឱកាស​អាច​នឹង​ត្រៀម​ខ្លួន​បាន​ច្រើន​គ្រាន់តែ​ថា​វា​ខាត​ពេល​ បណ្តោយ​ឲ្យ​គណ​បក្សកាន់​អំណាច​ហ្នឹង​កាន់​បន្ត​ទៀត​ប៉ុណ្ណឹង​ទេ​យូរ​ប៉ុណ្ណឹង​ទេ»។

រូប​ឯកសារ៖ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ចាន់រ័ត្ន ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្បែរអគារតុលាការកំពូល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ អំឡុងពេលសវនាការសុំនៅក្រៅឃុំរបស់លោក កឹម សុខា មេបក្សជំទាស់។ (ទី អូលីស្សា/VOA)

លោក​បន្ថែម​ថា៖ «ប៉ុន្តែ​សម្រាប់​ខ្ញុំ​ខ្ញុំ​មើល​ឃើញ​ថា​បើ​សិន​ជា​កូវីដ​ហ្នឹង​នៅ​តែ​ជា​ឧបសគ្គការពន្យារ​ពេល​វា​ប្រហែល​ជា​មាន​ភាព​ប្រសើរ​ជា​ជាង​មិន​ពន្យារ​ពេល​នោះ​ដោយ​សារ​យើង​គិត​ថា​ប្រជាពលរដ្ឋ​លោក​អាច​នឹង​បញ្ចេញ​នូវឆន្ទៈ​របស់​លោក​បាន​ក្នុង​ស្ថាន​ភាព​ដែល​កូវីដ​ហ្នឹង​វាថម​ថយ»។

គេ​មិន​ទាន់​ដឹងច្បាស់​នៅ​ឡើយ​ទេ​ថា​តើ​នឹង​មាន​គណបក្ស​នយោ​បាយ​ណា​មួយ​ដែល​ត្រូវ​បាន​មេដឹកនាំ​បក្ស​ប្រឆាំង លោក​ សម រង្ស៊ី​ ឬ​លោក​កឹម សុខា ផ្តល់​សេចក្តី​ទុក​ចិត្ត និង​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ​គណបក្ស​នោះ​នៅ​ឡើយ​ទេ។

លោក​ សាម អ៊ីន​ អគ្គ​លេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ថ្លែង​ថា​បើសិន​ជា​ស្ថានការណ៍​នៃ​ការ​ឆ្លងរាល​ដាល​ជំងឺ​កូវីដ១៩​អាច​គ្រប់គ្រង​បាន​នោះ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​មិន​គួរ​ត្រូវ​បាន​ពន្យារ​ពេល​នោះទេ។

លោក​បញ្ជាក់​ទៀត​ថា​គណបក្ស​របស់​លោកបាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ការ​ចូលរួម​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ឆ្នាំ​២០២២​ខាង​មុខ។ លោក​បាន​អធិប្បាយ​តាម​ប្រព័ន្ធទំនាក់​ទំនង​តេឡេក្រាម​ថា៖ «GDP​[គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន]​ត្រៀម​ខ្លួន​ចូលរួម​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០​២២។​ខ្ញុំគិត​ថា​ស្ថានការណ៍​កូវីដ​១៩​នឹង​បាន​ស្រាក​ស្រាន្ត​នៅ​ឆ្នាំ​២០២២ ដោយ​សារ​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ដំណើរ​ការ​បាន​ល្អ​ហើយ​គ.ជ.ប​អាច​នឹង​រៀបចំ​ការ​បោះឆ្នោត​ដូច​ការ​គ្រោង​ទុក»។

ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យរបស់​លោក​ម៉ម សូណង់ដូ​យល់​ឃើញ​ស្រដៀង​គ្នា​នឹង​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ចំពោះ​ការ​ការពារ​អាយុ​ជីវិតរបស់​ប្រជា​ពលរដ្ឋ​ដែល​សំខាន់​ជាង​ការ​ដាក់​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ប្រសិន​បើ​ស្ថាន​ការណ៍​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩​មិន​ថម​ថយ​នោះ។

លោក​ ម៉ម សូណង់ដូ ​បញ្ជាក់​ថា៖ «ពូ​អត់​គិត​រឿង​នយោបាយ​ទេ​ពូគិត​រឿង​បច្ចេក​ទេស​ហើយ​អាច​គ្រោះថ្នាក់​ដល់​ជីវិត​របស់​មនុស្ស។ ពូអត់​យក​នយោបាយ​មក​និយាយ​ទេ​ហើយ​បើ​សិន​ជា​អ្នកណា​គិត​នយោបាយ​ក៏គិត​ទៅ។ ប៉ុន្តែ​ពូ​គិត​ឃើញ​ថា​សម​ស្រប​អ្វី​ដែល​កូវីដ​វា​មិន​ទាន់​ធ្លាក់​ចុះហើយ​វាកាន់​តែ​មាន​ឡើង​មាន​ឡើង​គួរ​តែ​គិត​ទៅដល់​ជីវិត​របស់​ប្រជាពលរដ្ឋ​ច្រើន​ជាង​ការ​បោះឆ្នោត​ពូយល់​ឃើញ​អីចឹង​ហើយ​បើ​អ្នកណា​គេគិត​យ៉ាង​ម៉េច​ជា​រឿង​របស់​គេ​ហើយ​ជា​ពិសេស​យើង​មិន​ត្រូវ​យក​នយោបាយ​មក​និយាយ​ដែល​អាច​គ្រោះ​ថ្នាក់​ជីវិត​របស់ប្រជាពលរដ្ឋ។ យើង​មិន​គួរ​យក​ពាក្យ​នយោបាយ​យក​មក​ឡូកឡំ​ជា​មួយ​ទេ»។

រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នកស្រី​មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​វីអូអេ​ថាបើ​សិន​ជា​រដ្ឋាភិបាល​កម្ពុជា​មិន​បើក​លម្ហ​សេរីភាព​ក្នុង​ការ​ធ្វើ​នយោបាយ​ដល់​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ផ្សេង​គ្នា​នោះ​ទេ ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នឹង​មិន​អាច​យក​ជា​ការ​បាន​ទេ។

អ្នកស្រី​មូរ សុខហួរ បញ្ជាក់​ថា៖ «បើសិន​ជា​អត់​មាន​ការ​គោរព​សិទ្ធិមនុស្ស​ដូចជាសព្វ​ថ្ងៃ​នេះ​ការ​គោរព​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញ​មតិ​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មាន​សិទ្ធិ​ចូល​នយោបាយ​ដោយ​អត់​មាន​ការ​គំរាម​កំហែង​នោះ​យើង​ឈាន​ទៅ​ការ​បោះឆ្នោត​ក៏​អត់​បំពេញ​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ដោយ​សេរី ត្រឹម​ត្រូវ​និង​យុត្តិធម៌​ដែរ»។

អ្នកស្រី​ក៏​បង្ហាញ​ការបារម្ភ​ចំពោះ​ឯករាជ្យ​ភាព​របស់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ដែល​អ្នកស្រី​អះអាង​ថា​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​គណ​បក្សកាន់​អំណាច ដោយ​សារ​សមាជិក​ច្រើន​លើស​លប់​មាន​អតីតភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​លោក ​សុខ ឥសាន​អះអាង​ថារដ្ឋាភិបាល​នឹង​មិន​បំពាន​រដ្ឋធម្មនុញ្ញ​ដោយ​លើក​ពេលការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា​ការ​ពន្យារ​ពេល​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​មាន​ករណី​«ប្រធាន​ស័ក្តិ»​ធ្ងន់​ធ្ងរ​ណា​មួយ ឬ​ហេតុ​ការណ៍​ណា​មួយ​ដែល​កើត​ឡើង​ហើយ​មិន​អាច​ឃាត់​ឃាំង​បាន។

ប៉ុន្តែ​លោក​ជឿថា​រដ្ឋាភិបាល​ទោះ​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ​ក៏​មិន​អាច​លើក​ពេល​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២​បាន​ដែរ​ហើយ​ថា​គណ​បក្ស​កាន់​អំណាច​ស្វាគមន៍​ការ​ចូលរួម​របស់​គណបក្ស​នយោបាយ​ផ្សេង​ទៀត។

រូប​ឯកសារ៖ លោក​ សុខ ឥសាន ឆ្លើយ​សំណួរ​របស់​ VOA នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​ព្រឹទ្ធសភា កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

លោក​ សុខ ឥសាន​ ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា​គណបក្ស​នយោបាយ​ដែល​បង្កើត​ហើយ​ប្រកួត​ប្រជែង​នោះ​សុទ្ធតែ​មាន​ក្តី​សង្ឃឹម​របស់​ខ្លួន​រៀងៗ​ខ្លួន​ហើយ​...ទោះបី​តូច​ទើប​នឹង​កើត​ថ្មី​ក៏ដោយ​ក៏មាន​សង្ឃឹម​ដែរ​បាន​គេ​ដាក់​ពាក្យ​ប្រឡង​ប្រកួត​ប្រជែង។ មិន​មែន​ថា​គ្រាន់តែ​ថា​ទើប​តែ​បង្កើត​ថ្មី​ឬ​មួយ​មាន​សមាជិក​តិច​ហើយ​យើង​អ​សកម្ម​អាហ្នឹង​មិន​កើត​ទេ។ ជំហរ​អ្នក​នយោបាយ​ហ្នឹង​វា​មិន​ស្លុយ​ទេ»។

គ.ជ.ប​គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃទី​៥ខែ​មិថុនា​ ឆ្នាំ​២០២២​ទៅ​តាម​ការ​កំណត់​របស់​រដ្ឋាភិបាល។ នេះ​ជា​ការ​បញ្ជាក់​ឲ្យ​ដឹង​របស់​លោក​សោម សូរីដា​អគ្គលេខា​ធិការ​រង​របស់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត។

លោក​ថ្លែង​ថា៖ «កន្លែង​នេះ​ចង់​ជម្រាប​ក្មួយ​ដែរ​ថា​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៥​ឆ្នាំ​២០២២​នេះ​គឺ​ត្រូវ​បាន​កំណត់​កាល​បរិច្ឆេទ​ហើយ​គឺ​នៅ​ថ្ងៃ​ទី​៥​ ខែ​មិថុនា​ឆ្នាំ​២០២២​ អីចឹង​គ.ជ.ប​គោរព​អនុវត្ត​ទៅ​តាម​ច្បាប់​ហើយ​ច្បាប់​កំណត់​ថា​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ហ្នឹង​គឺ​កំណត់​ដោយ​ នាយក​រដ្ឋមន្ត្រី​តាម​សំណើ​របស់​រដ្ឋ​មន្ត្រី​មហាផ្ទៃ។ អីចឹង​កាល​បរិច្ឆេទ​កំណត់​រួច​ហើយ​គ.ជ.បបច្ចុប្បន្ន​កំពុង​ត្រៀម​ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​ឆ្នាំ​២០២២»។

លោក​បន្តថា​គ.ជ.ប​ក៏​កំពុង​រៀប​ចំ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះ​ឈ្មោះ​បោះឆ្នោត​ដើម្បី​រៀប​ចំ​បញ្ជី​បោះឆ្នោត​មួយ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ២០២២។ លោក​បញ្ជាក់​ថា​ការ​សម្រេច​លើក​ពេល​ដំណើរ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២ ឬ​យ៉ាងណា​នោះ គឺ​អាស្រ័យ​លើ​រដ្ឋាភិបាល។

អ្នក​សម្រប​សម្រួល​ផ្នែកអង្កេត​និង​តស៊ូ​មតិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ហៅ​កាត់​ថា​ខុមហ្វ្រែល​លោក​កន សាវាង្ស សង្ឃឹម​ថា ការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាច​ដំណើរការ​ជាប្រក្រតី​បើមើល​ទៅ​លើ​កម្រិត​នៃ​ការ​ទទួល​បាន​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩​ដែល​បន្តកើន​ឡើង​និង​បទ​ពិសោធន៍​នៃ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ដែល​បាន​សង្កេត​ដំណើរការ​បោះឆ្នោត​ក្នុង​ប្រទេស​ផ្សេងទៀត​តាម​ប្រព័ន្ធ​អនឡាញ​នៅ​គ្រា​មាន​ការ​ឆ្លងរាត​ត្បាត​ជំងឺ​កូវីដ​១៩។

ទាក់ទិន​ដំណើរការ​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាននេះ​អ្នក​ជំនាញ​ខាង​ការ​បោះឆ្នោត​រូប​នេះ​យល់​ឃើញ​ថា​គណបក្ស​កាន់អំណាច​គួរ​ផ្តល់​ការ​សម្របសម្រួល​ខាង​នយោបាយ​ឲ្យ​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២២​ដើម្បី​បង្ហាញ​នូវ​បរិយាកាសសេរី​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា៕