តុលាការ​ក្រុង​ភ្នំពេញ​សាកសួរ​ជន​សង្ស័យ​៦​និង​រឹបអូស​ថ្នាំញៀន

ក្រុម​មន្រ្តី​​ដុត​សារជាតិ​​​ផលិត​គ្រឿង​ញៀន​ដែល​ចាប់​បាន​ចោល។

តុលាការ​ក្រុង​ភ្នំពេញចាប់​ផ្ដើម​សាកសួរ​ជន​សង្ស័យ​ចំនួន​៦​រូប​ ក្នុង​នោះ​មាន​ជន​ជាតិ​វៀតណាម​៤​នាក់ ​និង​ជន​ជាតិ​លាវ​២នាក់ពី​បទ​សង្ស័យ​ថា​ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ថ្នាំញៀន​ខុស​ច្បាប់។​ កាល​ពី​សប្តាហ៍ ​មុន​អាជ្ញាធរ​ប៉ូលិស​បាន​ចាប់​ខ្លួន​ជន​បរទេស​ចំនួន​៦​នាក់​ដោយ​រឹបអូស​បាន​ថ្នាំ​ញៀន​ជាង​១០​គឺឡូក្រាម​តម្លៃ​ជិត​១​លាន​ដុល្លារ។

តុលាការ​ក្រុងភ្នំពេញ ​នៅថ្ងៃ​ច័ន្ទនេះ ​បាន​ចាប់ផ្តើម​ធ្វើការ​សាកសួរ​ជន​បរទេស​ចំនួន​ប្រាំមួយ​នាក់ ពីបទ​សង្ស័យ​ថា ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ថ្នាំញៀន​ខុស​ច្បាប់។

កាល​ពី​សប្តាហ៍​មុន​ អាជ្ញាធរ​ប៉ូលិស​របស់​ក្រសួង​មហាផ្ទៃ​បាន​ចាប់​ខ្លួន​ជន​បរទេស​ចំនួន​ប្រាំមួយនាក់​ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ចំនួន​បួន​នាក់​ រួមទាំង​ឪពុក​ម្តាយ ​និង​កូន​ ព្រម​ទាំង​ជន​ជាតិ​លាវ​ចំនួន​ពីរ​នាក់​ ដែល​ជា​មេខ្លោង​រត់ព​ន្ឋថ្នាំញៀន​ពី​ក្រៅប្រទេស​ចូល​មកកម្ពុជា។

បន្ទាប់ពី​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ទាំងប្រាំ​មួយនាក់ ​ប៉ូលិស​បាន​រឹបអូស​យក​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន​ជាង​៨ម៉ឺន​គ្រាប់ ​និង​មេតំហ្វេតាមីន​ទឹកកក​ជិត​បីគីឡូក្រាម​ ដែល​សរុប​ជា​ទឹក​ ប្រមាណ​ជិត​១​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។

លោក​ឧត្តម​សេនីយ៍​ឯក​ កង សុខន​ អគ្គ​ស្នងការ​រង​នគរ​បាល​ជាតិ​ បាន​មាន​ប្រសាសន៍​ប្រាប់ វីអូអេ ​សំឡេង​សហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ប៉ូលិស​ទើប​តែ​បាន​បញ្ជូន​ជន​សង្ស័យ​ទាំង​ប្រាំ​មួយ​រូប​ទៅ​កាន់​តុលាការដើម្បី​សាកសួរ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​ ក៏​ប៉ុន្តែ​ដោយ​ពុំទាន់​បាន​បញ្ចប់​ការ​សាកសួរ​ តុលាការ​បាន​បញ្ជូន​ជន​សង្ស័យ​ទាំង​ប្រាំមួយ​នាក់​នេះ​មក​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅ​អគ្គ​ស្នងការ​ប៉ូលិស​ជាតិ​វិញ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​នៅថ្ងៃ​ស្អែក​នេះ​ តុលាការ​នឹង​បន្ត​នីតិ​វិធី​របស់​ខ្លួន​បន្ត​ទៀត។​លោក​បាន​បញ្ជាក់​ទៀត​ថា​ នេះ​គឺជា​ការ​បង្រ្កាប​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ​បើ​ប្រៀបធៀប​នឹង​ការ​បង្រ្កាប​កាល​ពី​ឆ្នាំ​មុខ។

«បើគិត ​ជា​ការបង្ក្រាប​ធំ​ដែល​យើង​មិនដែល​ធ្លាប់​បង្ក្រាប​បាន​ច្រើន​បែប​ហ្នឹង​ទេ»។

នៅ​ថ្ងៃច័ន្ទនេះ ​វីអូអេ​បាន​ធ្វើ​ទំនាក់​ទំនង​ដើម្បី​អត្ថាធិប្បាយ​ពី​លោក​សុខ រឿន ​ព្រះរាជ​អាជ្ញា​រង​នៃ​តុលាការ​ក្រុងភ្នំពេញ​ តែ​ពុំ​អាច​ទាក់ទង​បាន​ ​ដោយ​ទូរស័ព្ទ​របស់​លោក​ពុំមាន​អ្នក​ទទួល។​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សាកល​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទនេះ ​ដោយ​បាន​ហៅ​វិធាន​ការ​បង្ក្រាប​គ្រឿងញៀន​គឺ​ជា​វិធានការ​ក្តៅ ​ដែល​កម្ពុជា​កំពុង​តែ​ប្រឹងប្រែង​លុប​បំបាត់។

កាល​ពី​អំឡុង​ខែ​មករា ​ប៉ូលិស​បាន​ចាប់ខ្លួន​នាយ​ឧត្តម​សេនីយ៍​ជាន់​ខ្ពស់​ចំនួន​ពីរ​នាក់​គឺ​លោក​ហ៊ុន ហ៊ាន​ អតីត​ស្នងការ​ប៉ូលិស​ខេត្ត​បន្ទាយ​មានជ័យ ​និង​លោក​មឹក តារា​ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​ ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​ថ្នាំញៀន​ស្រវឹង។

តុលាការ​បាន​ចេញដីកា​ឃុំ​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​បណ្តោះ​អាសន្ន​ដើម្បី​រង់ចាំ​ការ​កាត់ទោស ​ហើយ​ប្រសិន​បើ​តុលាការ​រកឃើញ​ថា​ មាន​កំហុស​ ជន​សង្ស័យ​ទាំងពីរ​រូប​នេះនឹង​ប្រឈម​មុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

លោក​ឧត្តម​សេនីយ៍​ឯក​កង សុខន ​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ បាន​និយាយ​ថា​ នៅ​ក្នុង​រយៈ​ពេល​ពីរ​ខែ​ដើម​ឆ្នាំ​២០១១​នេះ​ ការ​រត់ពន្ធ​ថ្នាំ​ញៀន​ស្រវឹង​មាន​ការ​ថយចុះ​ បើ​ប្រៀបធៀប​ទៅនឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​កន្លង​ទៅ។

លោក​បាន​មាន​ប្រសាសន៍​ថា​ ការ​ថយចុះ​នេះ​ គឺ​ដោយសារ​តែ​អាជ្ញាធរ​បាន​បើក​យុទ្ធនាការ​បង្រ្កាប​ជា​បន្ត​បន្ទាប់៕