ភ្នំពេញ៖ ខណៈតុលាការកំពូលនឹងបើកសវនានៅថ្ងៃពុធស្អែកនេះ ដើម្បីជំនុំជម្រះរឿងក្ដីលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥ នៅស្រុកចន្ទា្រ ខេត្តស្វាយរៀងក្រុមអ្នកច្បាប់មួយចំនួន និងអង្គការសិទ្ឋិមនុស្សបានរិះគន់ថា នៅកម្ពុជាការបែងចែកអំណាចទាំងបីមិនទាន់មានភាពច្បាស់សាស់នៅឡើយ។
មជ្ឈមណ្ឌលសិទ្ឋិមនុស្សកម្ពុជា បានធ្វើរបាយការណ៍វិភាគមួយ ស្តីអំពីរឿងក្តីលោកសម រង្ស៊ី ដែល មានចំនួន២៥ទំព័រ ហើយបានចេញផ្សាយនៅថ្ងៃអង្គារ៍នេះ បានឲ្យដឹងថា ការវិភាគផ្លូវច្បាប់ បានពិចារណា ផងដែរអំពីភាពស្របច្បាប់នៃការដកអភ័យឯកសិទ្ឋិរបស់អ្នកតំណាងរាស្រ្តលោកសម រង្ស៊ី។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ឋិមនុស្សកម្ពុជា បាននិយាយថា ករណីរបស់លោកសម រង្ស៊ីនេះ គឺជាឧទាហរណ៍មួយ បង្ហាញថា អំណាចទាំងបីរបស់កម្ពុជាអត់ទាន់មានការបែងចែកច្បាស់លាស់ទេ។ លោកវីរៈថ្លែងថា៖
«ករណីលោកសម រង្ស៊ីនេះ បើសិនយើងមើលមែនទែន ការឃ្លំាមើលរបស់យើង គឺយើងឃើញថា សភាមិនបានបំពេញតួនាទីរបស់ខ្លួនក្នុងការក្នុងការការពារសមាជិករបស់ខ្លួន។ ហើយបានលើកអភ័យឯក សិទ្ឋិរបស់លោកសម រង្ស៊ី ដោយយើងឃើញថា មិនត្រឹមត្រូវ។ ទីពីរ គឺការប្រើប្រាស់អំណាចតុលាការគឺ យើងឃើញថា ការកាត់ក្តីនៅក្នុងសាលាដំបូង សាលាឧទ្ឋរណ៍ គឺយើងឃើញថា ហាក់ដូចជាមិបានបង្ហាញ នូវភស្តុតាងឲ្យច្បាស់លាស់។ ហើយយើងយល់ថា នីតិប្រតិបត្តិរបស់រដ្ឋាភិបាលកំពុងតែប្រើប្រាស់អំណាច របស់ខ្លួនក្នុងការឥទ្ឋិពលក្នុងតុលាការ»។
លោក រុន សារ៉ាយ នាយកប្រតិបត្តិនៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ក៏បានយល់ស្របនឹងការចេញរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ឋិមនុស្សកម្ពុជាដែរ ។
លោកបានមានប្រសាសន៍ថា ស្ថាប័នតុលាការហាក់បីដូចជាមិនទាន់ឯករាជ្យពេញលេញនៅឡើយ។ លោកបន្តថា៖
«នៅពេលដែលតុលាការ ឬក៏ចៅក្រមមានការធ្វើខុស ឬធ្វើអ្វី គឺអំណាចនីតិប្រតិបត្តិ ឃើញថា ដកហូត។ អញ្ចឹងនៅពេលនេះ យើងឃើញថា បើសិនណាជាចៅក្រមធ្វើការសម្រេចរឿងក្តីណាមួយ មើលទៅនៅមិនទាន់មានឯករាជ្យ។ វាមិនអាចជ្រៀតជ្រែកពីអំណាចនីតិប្រតិបត្តិ»។
ការកំណត់ពេលបើកសវនាការរបស់តុលាការកំពូល បានកើតមានឡើងស្របពេលដែលលោកស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរសប់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ឋិ មនុស្សមានវត្តមាននៅកម្ពុជា។ លោកតំណាងពិសេសអង្គការសហប្រជាជាតិ និងបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកចំនួន ១០ថ្ងៃ នៅថ្ងៃពុធស្អែកនេះ។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកលើកទីបួននេះ លោកបានផ្តោតការយកចិត្តទុកដាក់ទៅលើកំណែទម្រង់ប្រព័ន្ឋតុលាការ និងការគោរពសិទ្ឋិមនុស្ស។
មន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួនផ្សេងទៀត បានសម្តែងការប្រយ័ត្នប្រយែង ចំពោះការធ្វើអត្ថាធិប្បាយរបស់ខ្លួនទាក់ទិននឹងរឿងក្តីរបស់លោកសម រង្ស៊ី។ ក៏ប៉ុន្តែលោក ជួង ជូងី មេធាវីការពារក្តីរបស់ លោកសម រង្ស៊ី បាននិយាយថា លោកចង់ឲ្យតុលាការសម្រេចរឿងក្តីនេះដោយឯករាជ្យ។ លោកថ្លែងថា៖
«ខ្ញុំចង់បានឲ្យ ទីមួយតុលាការកាត់ឲ្យឯករាជ្យទាំងស្រុង។ កុំនៅក្រោមឥទ្ឋិពលអ្នកកាន់អំណាច ទីពីរឲ្យតុលាការកាត់សេចក្តីមានទំណូលខុសត្រូវខ្ពស់នៃសេចក្តីសម្រេចរបស់ខ្លួន។ ពីព្រោះករណីនេះ ជា រឿងនយោបាយ ដែលប៉ះពាល់ទៅលើអាយុជីវិតជាតិពាក់ព័ន្ឋទៅនឹងព្រំដែន។ អញ្ចឹងសេចក្តីសម្រេចរបស់ តុលាការ វាមានលក្ខណៈជាប្រវត្តិសាស្រ្ត»។
លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងស្នាក់នៅឯក្រៅប្រទេសត្រូវបានតុលាការ កម្ពុជាកាត់ឲ្យជាប់ពន្ឋនាគារសរុបចំនួន១២ឆ្នាំ នៅក្នុងសំណុំរឿងពីរដាច់ដោយឡែកៗពីគ្នា គឺសំណុំរឿង ដកតម្រុយបង្គោលព្រំដែន និងក្លែងឯកសារសាធារណៈ៕