តុលាការឧទ្ធរណ៍សហព័ន្ធមួយ បានសម្រេចផ្ដល់សិទ្ធិដល់រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump នៅក្នុងការបញ្ចប់ការការពារបែបមនុស្សធម៌ ដែលសហរដ្ឋអាមេរិកបានផ្ដល់ជូនជនអន្តោប្រវេសន៍ប្រហែល ៣ សែននាក់មកពីប្រទេសស៊ូដង់ នីការ៉ាហ្គ័រ ហៃទី និងអែលសាល់វាឌ័រ។
ការសម្រេចដែលបានប្រកាសដោយតុលាការឧទ្ធរណ៍សហព័ន្ធមណ្ឌលទី ៩ កាលពីថ្ងៃទី ១៤ ខែកញ្ញានេះ ប៉ះពាល់ដល់បុគ្គលមកពីប្រទេសទាំង ៤ ខាងលើដែលទទួលបានឋានៈការពារបណ្ដោះអាសន្ន (TPS) ដែលអនុញ្ញាតឲ្យពួកគេអាចបន្តរស់នៅក្នុងសហរដ្ឋអាមេរិកបាន។ បុគ្គលជាច្រើនក្នុងចំណោមនេះ បានរស់នៅយូរគួរសមនៅក្នុងសហរដ្ឋអាមេរិក និងមានកូនកើតនៅក្នុងសហរដ្ឋអាមេរិកផងដែរ។
តើអ្វីជាកម្មវិធីអន្តោប្រវេសន៍ TPS នេះ?
កម្មវិធីអន្តោប្រវេសន៍ TPS គឺជាទម្រង់មួយនៃជំនួយមនុស្សធម៌ ដែលបានបង្កើតឡើងដោយសភា និងគ្រប់គ្រងចាត់ចែងដោយក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក។
កម្មវិធី TPS នេះផ្ដោតលើអ្នកដែលមកពីប្រទេសដែលកំពុងមានសង្គ្រាម មានគ្រោះមហន្តរាយធម្មជាតិ ឬក៏មានស្ថានភាពលំបាកខ្លាំងផ្សេងទៀត និងអនុញ្ញាតឲ្យអ្នកទាំងនោះរស់នៅ និងធ្វើការបណ្ដោះអាសន្ននៅក្នុងសហរដ្ឋអាមេរិក ដោយមិនរងការគំរាមកំហែងក្នុងការបញ្ជូនចេញពីសហរដ្ឋអាមេរិក។ ឋានៈ TPS នេះមានសុពលភាពរហូតដល់ពេលដែលប្រទេសកំណើតរបស់អ្នកទាំងនោះ អាចទទួលយកពួកគេវិញបានដោយសុវត្ថិភាព។
តើមានអ្វីកើតឡើងចំពោះអ្នកដែលទទួលបានឋានៈ TPS នេះ នៅពេលដែលការកំណត់ឋានៈនេះត្រូវបានបញ្ចប់?
ប្រសិនបើការសម្រេចរបស់តុលាការឧទ្ធរណ៍សហព័ន្ធមណ្ឌលទី ៩ នេះ ចូលជាធរមាន អ្នកទទួលបានប្រយោជន៍ពីកម្មវិធីអន្តោប្រវេសន៍ TPS ដែលមកពីប្រទេសទាំង ៤ ខាងលើ ដែលបានចូលមកក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ និងត្រូវប្ដូរឋានៈទៅជាអ្នកគ្មានក្រដាសស្នាមវិញ និងប្រឈមនឹងការត្រូវបញ្ចូនចេញពីសហរដ្ឋអាមេរិក។
ចំណែកឯអ្នកដែលចូលមកក្នុងសហរដ្ឋអាមេរិកស្របច្បាប់វិញ ឋានៈរបស់ពួកគេនឹងត្រូវប្ដូរត្រឡប់ទៅជាឋានៈអន្តោប្រវេសន៍ដំបូងរបស់ពួកគេមុនពេលដែលទទួលបានឋានៈ TPS នេះវិញ លើកលែងតែក្នុងករណីដែលឋានៈដំបូងនោះបានផុតកំណត់តែប៉ុណ្ណោះ។
ទោះបីជាមានការសម្រេចបែបនេះក៏ដោយ ក៏មន្ត្រីផ្នែកអន្តោប្រវេសន៍បាននិយាយថា កម្មវិធី TPS នេះនឹងត្រូវពន្យារបន្ថែមសម្រាប់អ្នកដែលទទួលបានប្រយោជន៍ពីកម្មវិធីនេះ មកពីប្រទេសទាំង ៤ ខាងលើ បូករួមទាំងប្រទេសហុងឌុយរ៉ាស់ និងនេប៉ាល់ផងដែរ រហូតដល់ដើមខែមករា ឆ្នាំ ២០២១។
តើអ្នកមានឋានៈ TPS នេះ អាចដាក់ពាក្យសុំសិទ្ធិរស់នៅអចិន្ត្រៃយ៍បានដែរឬទេ?
មិនអាចទេ។ ឋានៈ TPS នេះមិនបានផ្ដល់វិធីឲ្យអ្នកបានទទួលបានឋានៈនេះ ទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ ឬក៏សញ្ជាតិអាមេរិកាំងនោះឡើយ។
តើប្រទេសណាខ្លះដែលកំណត់នៅក្នុងកម្មវិធី TPS នេះ?
មានប្រទេសចំនួន ១០ នៅក្នុងកម្មវិធី TPS នេះ ដែលនោះគឺប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង សូម៉ាលី នីការ៉ាហ្គ័រ នេប៉ាល់ ហុងឌុយរ៉ាស់ ហៃទី អែលសាល់វ៉ាឌ័រ និងយេមែន។
ដោយយោងលើទិន្នន័យរបស់ក្រសួងសន្តិសុខមាតុភូមិ មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានប៉ាន់ប្រមាណថា មានមនុស្ស ៤៥០ នាក់មកពីប្រទេសស៊ូដង់ដែលទទួលបានឋានៈ TPS នេះ ២.៥៥០ នាក់ មកពីប្រទេសនីការ៉ាហ្គ័រ ៤៦.០០០ នាក់ មកពីប្រទេសហៃទី និង ១៩៥.០០០ នាក់មកពីប្រទេសអែលសាល់វ៉ាឌ័រ។
ប្រទេសអែលសាល់វ៉ាឌ័រទទួលបានការផ្ដល់ឋានៈ TPS នេះ បន្ទាប់ពីមានគ្រោះរញ្ជួយដីជាច្រើនលើកដែលបានសម្លាប់មនុស្សអស់រាប់ពាន់នាក់កាលពីឆ្នាំ ២០០១។
នៅក្នុងឆ្នាំ ២០១៦ រដ្ឋបាលរបស់លោកប្រធានាធិបតី Barack Obama បានបញ្ជាក់ថា៖ «ការងើបឡើងវិញពីគ្រោះរញ្ជួយដីទាំងនេះ មានដំណើរយឺតយ៉ាវ និងត្រូវបានបង្អាក់ដោយគ្រោះមហន្តរាយធម្មជាតិ និងបញ្ហាបរិស្ថានជាបន្តបន្ទាប់ក្រោយមកទៀតដូចជា ព្យុះសង្ឃរានិងព្យុះត្រូពិក ការធ្លាក់ភ្លៀងខ្លាំងនិងទឹកជំនន់ ការផ្ទុះភ្នំភ្លើងនិងរញ្ជួយដី បញ្ហារោគរាតត្បាតទៅលើដើមកាហ្វេដែលកំពុងបន្តកើតឡើង និងគ្រោះរាំងស្ងួតក្នុងតំបន់រយៈពេលយូរដែលប៉ះពាល់ដល់សន្តិសុខស្បៀងអាហារ»។
ពលរដ្ឋហៃទីមានលទ្ធភាពដាក់ពាក្យសុំការការពារផ្នែកមនុស្សធម៌នេះ បន្ទាប់ពីមានគ្រោះរញ្ជួយដីកើតឡើងនៅក្នុងប្រទេសកាលពីឆ្នាំ ២០១០ ដែលបណ្ដាលឲ្យមនុស្សជាង ១ សែននាក់បាត់បង់ជីវិត។
ជនអន្តោប្រវេសន៍មកពីប្រទេសនីការ៉ាហ្គ័រអាចដាក់ពាក្យសុំការការពារក្នុងកម្មវិធី TPS នេះ បន្ទាប់ពីព្យុះសង្ឃរា Mitch បានបំផ្លិចបំផ្លាញប្រទេសនៅក្នុងឆ្នាំ ១៩៩៨។
រីឯពលរដ្ឋស៊ូដង់វិញអាចដាក់ពាក្យក្នុងកម្មវិធីនេះបាន ដោយសារតែប្រទេសរបស់ពួកគេមានជម្លោះប្រដាប់អាវុធអូសបន្លាយជាបន្ត។
ហេតុអ្វីបានជារដ្ឋបាលលោក Trump ទទូចថា កម្មវិធី TPS នេះ មិនត្រូវការតទៅទៀត?
រដ្ឋបាលរបស់លោក Trump ចង់លុបចោលប្រយោជន៍ស្ទើរតែទាំងអស់នៅក្រោមកម្មវិធី TPS នេះ ដោយបានសង្កត់ធ្ងន់ថា កម្មវិធីនេះ គឺគ្រាន់តែជាកម្មវិធីបណ្ដោះអាសន្នប៉ុណ្ណោះ។
នៅក្នុងសេចក្ដីប្រកាសមួយ អ្នកនាំពាក្យក្រសួងយុត្តិធម៌បាននិយាយថា ក្រុមមន្ត្រី «ពេញចិត្តនឹងការសម្រេចរបស់តុលាការឧទ្ធរណ៍សហព័ន្ធមណ្ឌលទី ៩ នេះ»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា អស់រយៈពេលប្រហែល ២ ឆ្នាំ «ការសម្រេចរបស់តុលាការថ្នាក់ស្រុក បានរារាំងក្រសួងសន្តិសុខមាតុភូមិមិនឲ្យចាត់វិធានការតាមឆន្ទានុសិទ្ធិរបស់ខ្លួនដែលផ្ដល់ជូនផ្ដាច់មុខដោយសភា ដែលជាវិធានការស្របច្បាប់មិនតម្រូវឲ្យមានការត្រួតពិនិត្យតាមផ្លូវតុលាការ»។
ទោះជាយ៉ាងណាក៏ដោយ ពាក្យបណ្ដឹងមួយចំនួនបានប្រឆាំងទៅនឹងវិធានការរបស់រដ្ឋបាលលោក Trump នេះ។
តើក្រុមជនអន្តោប្រវេសន៍ និងអ្នកទទួលបានប្រយោជន៍ពីកម្មវិធី TPS នេះ មានមតិអ្វីខ្លះ?
នៅក្នុងសេចក្ដីបញ្ជាក់មួយផ្ញើមកកាន់ VOA ក្រុមអ្នកទទួលបានទទួលឋានៈនេះ បាននិយាយថា ពួកគេមានការ «តក់ស្លុត» បន្ទាប់ពីតុលាការសម្រេចដូច្នេះ ប៉ុន្តែពួកគេបានបន្ថែមថា «ឥឡូវនេះ មិនមែនជាពេលដែលត្រូវស្លន់ស្លោរនោះទេ»។
លោក William Martinez ដែលជាអ្នកទទួលបានឋានៈTPS នេះ និងជាអ្នករៀបចំចាត់ចែងនៃអង្គការសម្ព័ន្ធ TPS ជាតិ (National TPS Alliance) បាននិយាយថា៖ «ឥឡូវនេះគឺជាពេលដែលត្រូវវាងវៃ កៀរគរ និងរៀបចំសហគមន៍របស់យើងឆ្ពោះទៅកាន់ការទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍សម្រាប់អ្នកទទួលបានប្រយោជន៍ទាំងអស់ក្នុងកម្មវិធី TPS នេះ និងក្រុមគ្រួសាររបស់ពួកគេដែលរងផលប៉ះពាល់ដោយសារការសម្រេចទាំងនេះ»។
អ្នកស្រី Wilna Destin ដែលជាអ្នកទទួលបានឋានៈ TPS នេះដែរ មកពីប្រទេសហៃទី និងជាដើមបណ្ដឹងមួយរូបនៃពាក្យបណ្ដឹងដែលមិនទាន់សម្រេច បានប្រៀបធៀបការសម្រេចរបស់តុលាការនេះទៅនឹងគ្រោះមហន្តរាយធ្ងន់ធ្ងរ។
អ្នកស្រី Destin បញ្ជាក់ដូច្នេះថា៖ «យើងជួបប្រទះវិបត្តិជំងឺកូវីដ១៩ ខ្យល់ព្យុះសង្ឃរា ...និងវិបត្តិជាច្រើនទៀតដែលកំពុងបន្តកើតឡើង។ យើងបានរង់ចាំការសម្រេចនេះ។ ...សម្រាប់ខ្ញុំ នេះ គឺជាគ្រោះមហន្តរាយមួយទៀត។ យើងខកចិត្តយ៉ាងខ្លាំង ប៉ុន្តែយើងនឹងមិនឈប់ត្រឹមហ្នឹងទេ។ យើងនៅតែតស៊ូទៅមុខរហូតទាល់តែយើងទទួលបានអ្វីដែលយើងសមនឹងទទួលបានសម្រាប់ក្រុមគ្រួសារ និងកូនចៅរបស់យើង»៕
ប្រែសម្រួលដោយលោក ភី សុភាដា