តុលាការ​សាកសួរ​មេ​អង្គរក្ស​លោក​ជា​​ស៊ីម​រឿង​លាក់​អាវុធ​និង​ក្លែង​ឯកសារ

មន្ត្រី​កងរាជ​អាវុធ​ហត្ថ​នាំ​លោក​ឧត្តមសេនីយ៍​ ឈឿន​ ចាន់ថន​ ហៅ​ ម៉ៅ​ អតីត​មេ​បញ្ជាការ​កងអង្គរក្ស​របស់​លោក​ជា​ ស៊ីម ​ប្រធាន​ព្រឹទ្ធសភា ចូល​ទៅ​ក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៥​ខែ​សីហា​ឆ្នាំ​២០១១ ដើម្បី​សាកសួរ​លោក​ពាក់​ព័ន្ធ​នឹង​អាវុធ​ខ

តុលាការ​ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ចាប់​ផ្តើម​សាក​សួរ​លោក​ឧត្តមសេនីយ៍​ ឈឿន​ ចាន់ថន​ ហៅ​ ម៉ៅ​ អតីត​មេ​បញ្ជាការ​កងអង្គរក្ស​របស់​លោក​ជា​ ស៊ីម ​ប្រធាន​ព្រឹទ្ធសភា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់​ពី​បាន​ចាប់​ខ្លួន​ពី​លំនៅដ្ឋាន​របស់​លោក​កាលពី​ចុងសប្តាហ៍។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​តុលាការ។

លោក​មាស​ ច័ន្ទពិសិដ្ឋ​ ព្រះ​រាជអាជ្ញារង​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ បាន​ប្រាប់​ VOA​ សំឡេង​សហរដ្ឋ​អាមេរិក​តាមទូរស័ព្ទ​ថា ​តុលាការ​បាន​ធ្វើការ​សាក​សួរ​លោក​ឈឿន​ ចាន់ថន​ ពាក់​ព័ន្ធ​នឹង​អាវុធ​ខុស​ច្បាប់​ព្រម​ទាំង​ក្លែង​ឯកសារ​សាធារណៈ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​តុលាការ​មិន​ទាន់​បាន​ធ្វើការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ភ្លាមៗ​ទេ​ ហើយ​នឹង​បន្ត​នីតិវិធី​សាក​សួរ​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ថ្ងៃ​អង្គារ។

លោក មាស ច័ន្ទពិសិដ្ឋ​បាន​បញ្ជាក់ថា៖

«ពាក់​ព័ន្ធ​នឹង​អាវុធ​ ហើយ​ក្លែង​លិខិត​សាធារណៈ​ មាត្រា​២០​ច្បាប់​ស្តី​ពី​គ្រប់​គ្រង​អាវុធ​ជាតិ​ផ្ទុះ​ និង​គ្រាប់​រំសេវ​ មាត្រា​២២​ ច្បាប់​ហ្នឹង​ដែរ​ ហើយ​ហ្នឹង​មាត្រា​៦២៩-៦៣០​ នៃ​ក្រម​ព្រហ្មទណ្ឌ»។

លោក​ឈឿន​ ចាន់​ថន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ចំពោះ​អ្នក​សារព័ត៌មាន​ទេ​ បន្ទាប់​ពី​លោក​ដើរ​ចេញ​ពី​បន្ទប់​សាកសួរ។

លោក​ហ៊ុល​ ស៊ីណា​មេធាវី​ការ​ពារ​ក្តី​លោក​ឈឿន​ ចាន់ថន​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​តុលាការ​ដែល​បាន​កោះ​ហៅ​កូន​ក្តី​របស់​លោក​មក​សាកសួរ​ទេ។

«គេចោទ​ពី​អី!​ អត់​ទេ​ចាំ​បង​ ចាំ​បង​ឯង​សួរ​តុលាការ»។

លោក​ឧត្តមសេនីយ៍​ឈឿន​ ចាន់ថន​ត្រូវ​បាន​កង​រាជអាវុហត្ថ​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ នៅ​ផ្ទះ​របស់​លោក​ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​៣​ ខណ្ឌ​ចំការមន។​ បន្ទាប់​ពី​បាន​ចាប់​ខ្លួន​ យក​អាវុធ​ចំនួន​១១ដើម​ដែល​រួម​មាន​អាវុធ​វែង​ចំនួន​៧​ដើម​ និង​អាវុធ​ខ្លី​ចំនួន​៤​ដើម​ ព្រម​ទាំង​គ្រាប់​១.៤០០​គ្រាប់​ និង​សម្ភារៈ​យោធា​មួយ​ចំនួន​ទៀត។

លោក​ណាច ​ទ្រី​ មេធាវី​ការពារ​ក្តី​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ ការចាប់​ខ្លួន​លោក​ឈឿន​ ចាន់ថន​ បាន​ធ្វើ​ឡើង​តាម​ពាក្យ​បណ្តឹង​របស់​លោក​យឹម​ លាង​មេ​បញ្ជាការ​រង​កង​អង្គរក្ស​លោក​ជា​ ស៊ីម​ ដែល​បាន​ប្តឹង​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ​ នឹង​បាត់បង់​សម្ភារៈ​យោធា​មួយ​ចំនួន។

លោក​ឈឿន​ ចាន់ថន​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ថ​លេខា​ដក​តួរ​នាទី​របស់​លោក​ជា​ឧត្តមសេនីយ៍ឯក​ និង​ជា​មេបញ្ជាការ​កងអង្គរក្ស​លោក​ជា​ ស៊ីម​ប្រធាន​ព្រឹទ្ធសភា​ប៉ុន្មាន​ម៉ោង​តែ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន។

ព្រះមហាក្សត្រ​ នៅ​ថ្ងៃ​ដដែល​នេះ​ ក៏​បាន​ឡាយ​ព្រះហស្ថ​តែង​តាំង​លោក​យឹម​ លាង​ ឲ្យ​កាន់​តួរ​នាទី​ជា​មេ​បញ្ជាការ​កងអង្គរក្ស​លោក ​ជា​ ស៊ីម ​ជំនួស​លោក​ឈឿន​ ចាន់ថន​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ផង​ដែរ៕