សាលាដំបូងខេត្តសៀមរាបទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌទៅលើអ្នកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលានស៊ីធីវើល៍ និងបក្ខពួក ពីបទឆបោកមានស្ថានទម្ងន់ទោស មិនបំពេញ«កាតព្វកិច្ចឧបករណ៍អាចជួញដូរបាន» និងសម្អាតប្រាក់ ដែលសំដៅលើកាតព្វកិច្ចសងប្រាក់ ក្រោយពីមានការទាមទារ ពីពលរដ្ឋដែលអះអាងថា ខ្លួនជាអ្នករងគ្រោះចាញ់បោកក្នុងការវិនិយោគមួយជាមួយក្រុមហ៊ុនមួយនេះ។
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ តុលាការបានឱ្យដឹងថា អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក ២នាក់ទៀត មានឈ្មោះ ចាន់ ឃីន និង ផុន សាមាន ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ដោយបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាបដើម្បីបន្តនីតិវិធីរបស់តុលាការ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សាលាដំបូងខេត្តសៀមរាប។
សេចក្តីថ្លែងការណ៍បានថ្លែងថា៖ «អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប សូមបញ្ជាក់ថា សាលាដំបូងខេត្តសៀមរាបនឹងបន្តចាត់ការសុំណុំរឿងនេះឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន»។
បើរកឃើញថាមានទោស ជនជាប់ចោទអាចត្រូវផ្តន្ទាទោសពិន័យជាប្រាក់ចំនួនពី ៥លាន ដល់ ៥០លានរៀល និងត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំសម្រាប់បទល្មើសល្មើសកែបន្លំ ក្លែងក្លាយឧបករណ៍អាចជួញដូរបាន និងត្រូវផ្តន្ទាទោសពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០លានរៀល ទៅ ៥០០លានរៀល ឬរហូតដល់ស្មើនឹងតម្លៃមូលនិធិ ឬទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការសម្អាតប្រាក់សម្រាប់បទល្មើសលាងសម្អាតសាច់ប្រាក់។
គួររំឭកថា កាលពីពេលថ្មីៗនេះ ពលរដ្ឋដែលអះអាងថា ជាអ្នករងគ្រោះចាញ់បោកក្នុងការវិនិយោគជាមួយក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ បានទាមទារឱ្យក្រុមហ៊ុនសងប្រាក់ទៅពួកគេវិញ បន្ទាប់ពីក្រុមហ៊ុននេះបានប្រកាសថា ក្ស័យធន និងបានធ្វើឱ្យបាត់ប្រាក់របស់អតិថិជន។ តែទោះជាយ៉ាងណាក្តី ពលរដ្ឋដែលរងគ្រោះមិនទាន់មានការទូទាត់សងប្រាក់ដល់ខ្លួនវិញនោះទេ៕