តុលាការភ្នំពេញបានសម្រេចចោទប្រកាន់លោក គុយ វ៉ាត ដែលជាប្រធានក្រុមហ៊ុនផាកកាហ្វពីបទឆបោកលុយរាប់លានដុល្លារពីអ្នកវិនិយោគទុនក្នុង និងក្រៅស្រុក ដោយចេញសែកអត់ប្រាក់ ពាក់ព័ន្ធនឹងប្រតិបត្តិការជំនួញរបស់ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC)។
លោក ឆាយ ហុង អ្នកនាំពាក្យអយ្យការតុលាការក្រុងភ្នំពេញ បានឱ្យដឹងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា តំណាងអយ្យការបានបើកការស៊ើបសួរលោក គុយ វ៉ាត ដោយចោទពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត យល់ថា ការរកអ្នកដែលពាក់ព័ន្ធក្នុងករណីឆបោកប្រាក់ពីអ្នកវិនិយោគទុនជារឿងចាំបាច់ ព្រោះការឆបោកមានទំហំធំ និងអាចមានអ្នកពាក់ព័ន្ធផ្សេងទៀត ដែលទាមទារឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ដើម្បីរកយុត្តិធម៌ជូនអ្នករងគ្រោះ។
លោកបន្តថា អាជ្ញាធរមានកាតព្វកិច្ចក្នុងការស្វែងរកអ្នកដែលពាក់ព័ន្ធក្នុងអំពើឆបោកនេះ ហើយត្រូវនាំខ្លួនពួកគេឱ្យមកទទួលខុសត្រូវនៅចំពោះមុខច្បាប់។
លោកថ្លែងថា៖ «បាទ នេះគឺជាសមត្ថកិច្ចរបស់អាជ្ញាធរអ្នកពាក់ព័ន្ធ ជាពិសេសគឺតុលាការក្នុងការស្វែងរកអ្នកដែលពាក់ព័ន្ធ។ បើសិនជារកឃើញមានអ្នកពាក់ព័ន្ធដទៃទៀតត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់ឱ្យបានស្មើភាពគ្នាចំពោះមុខច្បាប់ និងដើម្បីយុត្តិធម៌ផងដែរ»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីអ្នកដែលបានបណ្តាក់ទុនមួយចំនួនក្នុងក្រុមហ៊ុន CIC នេះ តែគ្មានការឆ្លើយតប។ ប៉ុន្តែបើតាមសេចក្តីរាយការណ៍របស់ Kiripost ដែលជាសារព័ត៌មានអនឡាញក្នុងស្រុកផ្តោតលើផ្នែកសេដ្ឋកិច្ច និងជំនួញ អ្នករងគ្រោះពីការបណ្តាក់ទុនក្នុងក្រុមហ៊ុន CIC មានប្រមាណ ៥០០ នាក់ ដែលសរុបទឹកប្រាក់រាប់រយលានដុល្លារ។
លោក គុយ វ៉ាត ដែលជាអតីតអគ្គនាយកក្រុមហ៊ុន CIC ត្រូវបានចាប់ខ្លួនក្រោយមានអ្នកបណ្តាក់ទុនមួយចំនួនក្នុងក្រុមហ៊ុន CIC បានទម្លាយឱ្យដឹងពីការខាតបង់ប្រាក់ជាច្រើនលានដុល្លារក្នុងក្រុមហ៊ុនមួយនេះ ហើយក៏មានអ្នកដាក់ពាក្យបណ្តឹងជាច្រើនទៅស្ថាប័នអនុវត្តច្បាប់ និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ឱ្យពិនិត្យលើភាពមិនប្រក្រតីនានារបស់ក្រុមហ៊ុន និងសកម្មភាពរបស់លោក គុយ វ៉ាត ដែលគេស្គាល់ថា ជាអ្នកជំនួញក្នុងវិស័យអចលនទ្រព្យមួយរូបផងនោះ។
អ្នកដែលរងគ្រោះពីការខាតបង់ប្រាក់នេះរួមមានលោកវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន Mengly J. Quach Education PLC។ លោកធ្លាប់ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា លោកបានដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន CIC រយៈពេល ១០ ឆ្នាំ ដែលសរុបជាទឹកប្រាក់ជិត ៣ សែនដុល្លារ៕