តុលាការ​ក្រុង​ភ្នំពេញ​​បាន​​ចោទ​ប្រកាន់​ជន​សង្ស័យ​ចំនួន​១០​នាក់​ដែល​ចាប់​ខ្លួន​សប្តាហ៍​មុន

រូបថត​ជនសង្ស័យ​​​ជា​សមាជិក​រណសិរ្ស​រំដោះជាតិ​ដែល​ផ្សព្វផ្សាយ​​លើគេហទំព័រ​ប៉ូលិសជាតិ​

តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ចុង​សប្តាហ៍​នេះ​បាន​សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ​ចំនួន​១០​នាក់ជា​សមាជិក​រណសិរ្ស​រំដោះជាតិ​ពី​បទ៖​ រួម​គំនិត​ក្បត់​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​

លោក​មាស ច័ន្ទពិសិដ្ឋ​ ព្រះរាជ​អាជ្ញារង​ក្រុង​ភ្នំពេញ​ មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា ​លោក​បាន​សម្រេច​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​លើ​ជន​សង្ស័យ​ចំនួន​១០​នាក់​ដូចៗគ្នា​ពី​បទ​រួម​គំនិត​ក្បត់​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ ហើយ​លោក​ចៅ​ក្រម​បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ហើយ​ដើម្បី​រង​ចាំ​ជំនុំ​ជម្រះទោស។

ក្រុម​អាជ្ញាធរ​កម្ពុជា​មាន​សមត្ថកិច្ចកាល​ពី​ដើម​សប្តាហ៍​មុន​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​១០​នាក់​ដាច់​ដោយ​ឡែកៗ​ពី​គ្នា ​ដោយ​សារ​តែ​ពួក​គេ​បាន​ចូល​រួម​ក្នុង​សកម្ម​ភាព​ខុស​ច្បាប់​របស់​លោក​សម សេរី​ក្នុង​គោល​បំណង​ដើម្បី​ញុះញង់​ឲ្យមាន​អំពើ​ហិង្សា​ក្នុង​ទី​ក្រុង​ភ្នំពេញ។​

លោក​គៀត ច័ន្ទថារិទ្ធ ​អ្នក​នាំពាក្យ​អគ្គស្នង​ការ​នគរ​បាល​ជាតិ​ កាល​ពីសប្តាហ៍​មុន​ មាន​ប្រសាសន៍​ថា៖​ «មាន​សាល​ក្រម​តុលាការ​បង្គាប់​ឲ្យ​ចាប់​ខ្លួន​គាត់ទាក់​ទង​នឹង​រឿង​ធ្វើ​សកម្មភាព​កសាង​អង្គការ​ខុស​ច្បាប់​ហ្នឹង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ និង​មាន​សកម្មភាព​រៀប​ចំ​កម្លាំងប្រដាប់​អាវុធ​ខុស​ច្បាប់​និង​ពាក់​ព័ន្ធ​នឹង​ការ​ដាក់​គ្រាប់​បែក​ផ្ទុះ​នៅ​រាជធានី​ភ្នំពេញ​រយៈ​ពេល​កន្លង​មក​នេះ»។​

ជន​សង្ស័យ​ទាំង​១០​នាក់​ ដែល​ត្រូវ​បាន​សមត្ថ​កិច្ចចាប់​ខ្លួន​ មាន​មុខ​របរ​ជា​គ្រូ​បង្រៀន​ កសិករ​ ជាង​សំណង់​ ធ្លាប់​ជា​កម្មករ​ក្នុង​ប្រទេស​ថៃ​ និង​ជា​និស្សិតផ្នែក​រដ្ឋបាល​ឆ្នាំទី​៣​នៃ​សាកល​វិទ្យាល័យ​ខេត្ត​បាត់​ដំបង។​ ពួក​គេត្រូវ​បាន​សមត្ថកិច្ចចោទ​ប្រកាន់​ថា​ ជា​សមាជិក​ចលនា​រំដោះ​ជាតិ​ ដែល​មាន​លោក​សម ​ សេរី ​ហៅ​ ស សេរី ​ហៅ​យាន ​យៀប​ជា​ប្រធាន។​ ​ចលនា​នេះ​មាន​ទំនាក់​ទំនង​ជាមួយ​និង ​ចលនា​ខ្លា​រំដោះ​របស់​លោក​សោម ឯក​ ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ។​

ក្រុម​អាជ្ញាធរ​មាន​សមត្ថ​កិច្ចកំពុង​ស្វែង​រក​ចាប់​ខ្លួន​ស សេរី​ ប្រធាន​ចលនា​រំដោះ​ជាតិ​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ដាណឺម៉ាក។​ ​ក៏​ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​ចាប់​ខ្លួន​នៅ​ឡើយ។​

ចលនា​រំដោះ​ជាតិ​នេះ​គឺ​មាន​គោល​បំណង​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ការ​កសាង​កម្លាំង​ប្រដាប់​អាវុធដោយ​ខុសច្បាប់​ បញ្ជូន​ភ្នាក់ងារ​សម្ងាត់​មក​ស៊ើប​ទីតាំង​យោធា​សំខាន់ៗ ​ធ្វើ​សកម្មភាព​បាច​ខិត្តប័ណ្ណ​ប្រឆាំង​ប្រមុខ​រាជ​រដ្ឋាភិបាល​ ហ្វឹកហាត់​កម្លាំង​ភេរវ​កម្ម ​ដាក់​គ្រឿង​ផ្ទុះ​ដោយ​សម្ងាត់​នៅ​តាម​ជាយ​ដែន​កម្ពុជា​ និង​ប្រទេស​ថៃ​ និង​កសាង​បណ្តាញ​នៅ​កម្ពុជា ​ដើម្បី​ប្រមែប្រមូល​ព័ត៌មាន ​និង​បញ្ជូន​ព័ត៌មាន​ចេញ​ទៅ​មេ​ខ្លោង​នៅ​ដាណឺម៉ាក។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​គេហ​ទំព័រ​របស់​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​កន្លង​មក។​

សម សេរី ​ហៅ ​ស សេរី ​ហៅ​យាន យៀប​ជា​សមាជិក​ក្នុង​ចលនា​ខ្លា​រំដោះ​ដែល​មាន​លោកសោម ឯក​ជា​ប្រធាន​នោះ​ បាន​រត់គេច​ខ្លួន ​បន្ទាប់​ពី​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពាក់ព័ន្ធ​សកម្មភាព​ភេរវកម្ម​ ដាក់​បង្កៃ​គ្រឿង​ផ្ទុះ​ក្នុង​សួនច្បារ​មុខ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី ​និង​មុខ​អតីត​ស្ថានីយ​ទូរទស្សន៍​រាជធានី​ភ្នំពេញ​ប៉ុស្តិ៍​លេខ​៣ ​កាលពីដើម​ឆ្នាំ​២០០៩។

លោក​សោម ឯក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទាទោស​រយៈពេល​១៨​ឆ្នាំ​ពីបទ​ថា​ បាន​ប៉ុនប៉ង​បំផ្លិច​បំផ្លាញ​រូប​សំណាក​មិត្តភាព​កម្ពុជា-វៀតណាម។​

លោក​សោម ឯក​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​ប៉ូលិស​កម្ពុជា​នៅក្នុង​ខេត្ត​ បន្ទាយ​មានជ័យ​នៅ​ខែ​មករា​ឆ្នាំ២០០៩​គឺ​ជាង​មួយឆ្នាំ​ក្រោយ​ពី​ការ​ដាក់​បង្កៃ​រំសេវ​ផ្ទុះ​ប៉ុនប៉ង​ធ្វើ​ឲ្យ​ខូចខាត​ស្ដូប​មិត្ដភាព​កម្ពុជា-វៀតណាម។​ ស្ដូប​នេះ​បង្ហាញ​ពី​រូប​ចម្លាក់​ធ្វើ​ពី​ថ្មកាន់​កាំភ្លើង​រួមគ្នា​រវាង​កងទ័ព​កម្ពុជា ​និង​កងទ័ព​វៀតណាម​សម្រាប់​ជា​និមិត្ត​រូប​នៃ​ការ​ប្រយុទ្ធ​ផ្ដួល​រំលំ​របប​ពួក​ខ្មែរក្រហម៕​