ខ្លឹមសារ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​គ្របដណ្តប់​សវនាការ​លើ​ជន​ជាប់ចោទ​ពាក់ព័ន្ធ​ការ​តវ៉ា​មុខ​ស្ថានទូត​ចិន

អ្នកតវ៉ា​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ កាន់​រូបថត​ជនជាប់ចោទ​ដែល​​បាន​តវ៉ា​មួយ​ចំ​ថ្ងៃ២៣​តុលា ឆ្នាំ​២០២០ នៅមុខ​ស្ថានទូត​ចិន។ (ហ៊ុល រស្មី/វីអូអេ)

អត្ថន័យ​នៃកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា​ ឆ្នាំ​១៩៩១​បានស្ថិត​ក្នុង​ចំណុចស្នូល​នៃ​ការ​សួរ​ដេញដោល​ជនជាប់​ចោទ​៣រូប​ពាក់​ព័ន្ធនឹង​ការ​តវ៉ា​មួយនៅ​មុខ​ស្ថានទូត​ចិនប្រចាំទីក្រុង​ភ្នំពេញ​កាលពីថ្ងៃទី​២៣ តុលា​ ឆ្នាំមុន​ដែល​មាន​ការ​ចាប់ខ្លួន​មនុស្សមួយ​ចំនួន​ផង​ដែរ។

ជនជាប់​ចោទ​ទាំង​នោះ មាន​អ្នក​ស្រី ​សាត ផា​ អតីត​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​អ្នក​ស្រី​ សាន់ ស្រីនាថ ជា​អាជីវករ​ និង​អ្នកស្រី​ហុង​ អាន​ ហៅ​ អាន​ ហុង​ដែលប្រាប់​តុលាការថា​ជា​អ្នកចិញ្ចឹម​គោ​នៅ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ។

អ្នកស្រី​ចៅក្រម​អ៊ុក រ៉េតគន្ធាបាន​តាំង​សំណួរ​ដំបូង​ទៅ​អ្នកស្រី​សាត ផា ​អាយុ​៤៧ឆ្នាំ​អំពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅមុខ​ស្ថានទូត​ចិន​ដោយ​សួរថា៖ «ក្នុង​ថ្ងៃកើត​ហេតុ​មាន​ចូលរួម​ មាន​ចាំទេ​អង្គហេតុថ្ងៃ​ហ្នឹង»។ អ្នក​ស្រី​សាត ផា​និយាយ​ថា៖ «ខ្ញុំបាន​ចូលរួម»។

អ្នកស្រី​ចៅក្រម​បន្ថែម​ថា៖ «មានស្រែក​ទាមទារ​លើក​បដាទេ?»។ អ្នកស្រី ​សាត ផា​ឆ្លើយ​ថា៖​«ខ្ញុំបាន​ស្រែក​ទាមទារ​ថ្ងៃ២៣​តុលា​ ឲ្យ​ UN ​[អង្គការ​សហ​ប្រជាជាតិ]​ជួយ​»។

បន្តិច​ក្រោយមក​អ្នកស្រី​ចៅក្រម​អ៊ុក រ៉េតគន្ធា​ បាន​សួរឲ្យ​អ្នកស្រីសាត ផា បកស្រាយ​ពីខ្លឹមសារនៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែលមាន​កម្ពុជា​និង​ប្រទេស​១៨​ផ្សេង​ទៀត ជាហត្ថលេខី​ក្នុងនោះ​ក៏មាន​ប្រទេស​ចិន​ផងដែរ។

អ្នកស្រី​ចៅក្រម​អ៊ុក រ៉េត​គន្ធា ​លើកឡើង​ថា៖ «អ្នកស្រី​ដឹងអត្ថន័យ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣​តុលា​ទេ?»។ អ្នកស្រី​សាត ផា ​តបថា៖ «ខ្ញុំ​ឮ​រដ្ឋាភិបាល​ចង់​បំបាត់​តែខ្ញុំ​ប្រជាពលរដ្ឋ​ខ្ញុំ​ត្រូវ​តែ​ទាមទារ»។

អ្នកស្រី​សាត​ ផា ​ក៏ប្រាប់​អង្គ​សវនាការ​ដែរ​ថា​ការណ៍ដែល​អ្នកស្រី​ទៅតវ៉ា​នៅមុខ​ស្ថានទូត​ចិននោះ​គឺ​អ្នកស្រី​ទៅតែឯង​និង​មាន​ចេតនា​ទាមទារ​សេរីភាព​ឲ្យអតីត​ក្រុមមន្ត្រី​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំផងដែរ។

អ្នកតវ៉ានៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ កាន់​រូបថត​លោក តុន និមល អាយុ​៣៨ឆ្នាំ និង​អ្នកស្រី យ៉យ ស្រីមុំ អាយុ​៥០ នៅពេល​តុលាការ​ក្រុង​ភ្នំពេញជំនុំជម្រះ​ អ្នកចូលរួម​តវ៉ា​ក្នុង​ព្រឹត្តការណ៍​២៣តុលា ឆ្នាំ២០២០ នៅ​មុខ​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា។ (ហ៊ុល រស្មី/វីអូអេ)

នេះជាផ្នែក​ដំបូង​នៃសវនាការ​ជុំទីពីរលើ​ជន​ជាប់ចោទ​៣រូប​ក្នុង​ចំណោម​ជនជាប់ចោទ​៧រូបដែល​រងការ​ចោទ​ប្រកាន់​ពីរ​បទលើ្មស​ដាច់​ដោយ​ឡែកពីគ្នា គឺ​បទ«ញុះញង់​បង្កឲ្យ​មាន​ភាពវឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម»​និង​«អ្នកផ្តើម​គំនិត​ក្នុង​អំពើ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

អ្នកស្រី​ សាត ផា និង​ជនជាប់​ចោទ​៥នាក់​ទៀត​រួមមាន​សកម្មជន​អតីត​បក្ស​ប្រឆាំង គឺអ្នកស្រី​ លឹម សាន ​អ្នកស្រី យ៉យ ស្រីមុំ ​លោក​តុន និមល ​អ្នកស្រី​ប៉ៃ រ៉េន​ ហៅនីសា ​ជាពលរដ្ឋ​និង​អ្នកស្រី ​សាន់ ស្រីនាថ​ហៅ​ ម៉ារី។ ពួកគេ​ត្រូវ​បាន​ចោទ​ពី​បទ​ញុះញង់​បង្កឲ្យ​មាន​ភាពវឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ចំណែក​ជនជាប់​ចោទ​មួយរូប​ទៀត គឺ​អ្នកស្រី​ហុង​អាន​រងការ​ចោទ​ពី​អ្នកផ្តើម​គំនិត​ក្នុង​អំពើ​ញុះញង់​បង្កឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម។

សំណុំ​រឿង​ក៏ជាប់​ពាក់​ព័ន្ធនឹង​អតីត​តំណាង​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​រំលាយ​គឺ​លោក ​ហូរ វ៉ាន់​និង​អតីតសកម្មជន​បក្ស​ប្រឆាំង​លោក​សាន សីហៈ ដែល​កំពុង​រត់​គេចខ្លួន។ អ្នកទាំងពីរ​រងបទចោទ​ដូច​គ្នា​ទៅ​នឹង​អ្នកស្រី​ ហុង អាន។

​នៅ​ក្នុង​សវនាការរយៈ​ពេលជិត​ពីរ​ម៉ោង​អ្នកស្រី​ចៅក្រម ​អ៊ុក​រ៉េតគន្ធា ​និង​តំណាង​អយ្យការ​លោក​ឆាយ​ហុង បាន​ជជីក​សួរ​ជន​ជាប់​ចោទ​អ្នកស្រី ​សាត ផា ​អ្នកស្រី​សាន់ ស្រីនាថ​និង​អ្នកស្រីហុង​ អាន​ពាក់ព័ន្ធ​នឹង​អត្ថន័យ​នៃកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជីវភាព​រស់​របស់ពួកគាត់​និង​ទំនាក់​ទំនង​ជាមួ​យលោក​ហូរ វ៉ាន់​ និងលោក ​សាន សីហៈ​ពាក់ព័ន្ធ​នឹង​ការ​ឧបត្ថម្ភ​ថវិកា​ឲ្យមាន​ការ​តវ៉ា​នៅមុខ​ស្ថានទូត​ចិន​កាល​ពី​ថ្ងៃទី​២៣​តុលា​ឆ្នាំ​២០២០។

រថយន្ត​ប៉ូលិស​ដឹកអ្នកទោស​ពី​សាលា​ដំបូង​ក្រុង​ភ្នំពេញ ទៅ​កាន់​ពន្ធនាគារ នៅ​ថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២១។ (ហ៊ុល រស្មី/វីអូអេ)

ការ​សួរដេញ​ដោល​ពី​ភាគី​ចៅក្រម​និង​មេធាវី​ការពារក្តី​ឲ្យ​ជន​ជាប់​ចោទ​អំពី​ការ​បង្កើត​ក្រុម​មួយ​ឈ្មោះ​ថា​ក្រុម​ស្ត្រី​ក្លាហាន​ក៏បាន​ធ្វើឡើង​ក្នុង​សវនាការ​ផងដែរ។

ក៏ប៉ុន្តែ​ជន​ជាប់ចោទ​ភាគ​ច្រើន​ឆ្លើយ​ថាក្រុម​ស្ត្រី​កា្លហាន​នេះ​គ្មាន​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ហើយ​បាន​កើត​ឡើង​ក្រោយការ​ចាប់ខ្លួន​លោក​រ៉ុង ឈុន​។

អ្នកស្រី​សាន់ ស្រីនាថ​ ត្រូវបាន​តំណាង​អយ្យការ​លោក​ឆាយ ហុង​សួរ​ថា៖ «កិច្ច​ព្រមព្រៀង​មាន​ខ្លឹម​សារ​យ៉ាង​ម៉េច?» អ្នកស្រី សាន់​ ស្រីនាថ ដែល​អះអាង​ថា​ជាស្ត្រី​មេម៉ាយ​មាន​កូន​ពីរនាក់​និយាយ​ថា៖ «គោរព​សិទ្ធិ​មនុស្ស​មិន​ឲ្យ​ប្រទេស​ដទៃ​ឈ្លានពាន​កម្ពុជា»។

លោក​ឆាយ ហុង ​បន្ថែមថា៖ «ភាគី​ហត្ថលេខី​នរណា​ចុះហត្ថលេខា?»។ លោកបន្ត​ថា៖ «ខ្ញុំបញ្ជាក់​ឡើង​វិញ​អ្នក​ស្រី​មិន​ចាំច្បាស់​ទេ?»។ អ្នកស្រី​សាន់ ស្រីនាថ ​ប្រាប់​អង្គ​សវនាការ​ថា៖ «ច៎ា! ខ្ញុំរៀន​សូត្រ​តិច​តែខ្ញុំ​ចាប់​អារម្មណ៍​លើ​ប្រទេស​ខ្លួនឯង»។

ក្នុង​សវនាការ​ជុំទីពីរ​ដែល​ជា​សវនាការ​ចុង​ក្រោយ​របស់​ជនជាប់​ចោទទាំង​៧រូបនោះការ​សួរដេញ​ដោល​ពីសំណាក់តំណាង​អយ្យការ​ទៅលើ​ភាព​ស្របច្បាប់​នៃការ​ធ្វើបាតុកម្ម​ក៏ត្រូវបាន​ធ្វើឡើង​នៅ​ចំពោះ​មុខ​ជន​ជាប់​ចោទ​ដែលទទួលការ​ជំនុំជម្រះ​នៅថ្ងៃ​ព្រហស្បតិ៍នេះ។ ក៏ប៉ុន្តែ​ជន​ជាប់ចោទ​ជា​ស្ត្រី៣នាក់​ដែល​ទទួលការ​ជំនុំជម្រះ​នៅថ្ងៃនេះ​សុទ្ធតែ​អះអាង​ថា ពួកគេ​មិនបានតវ៉ា​បំពាន​ច្បាប់​នោះ​ទេ។

តំណាង​អយ្យការ​លោក ​ឆាយ ហុង ​លើកឡើង​ថា៖ «​តើអ្នកស្រី​គិត​ថា បំពាន​លើច្បាប់​ទេ?»។

អ្នកស្រី​សាន់​ ស្រីនាថ និយាយ​ថា៖ «ខ្ញុំអត់​គិត​ថា​បំពាន​ច្បាប់ទេ​តែ​ច្បាប់​បំពាន​លើ​ខ្ញុំ​វិញ»។

ការ​ប្រកែករបស់​អ្នកស្រី សាន់​ ស្រនាថ​ ត្រូវបាន​ច្រាន​ចោល​ដោយ​មន្ត្រីនគរបាល​ស័ក្តិ៥​មួយរូប​គឺ​លោក ​សំ វណ្ណឌី​ដែល​ជាអ្នក​កសាង​សំណុំ​រឿងនេះ។

លោក​សំ វណ្ណឌី ​បាន​ប្រាប់​អ្នកស្រីចៅក្រម​អ៊ុក​ រ៉េតគន្ធា ថា​នេះជា​បទល្មើស​ជាក់​ស្តែង​ប្រមូលផ្តុំ​នៅ​ស្ថានទូត​ចិន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពីអាជ្ញាធរ​មូល​ដ្ឋាន។ លោក​ឲ្យ​ដឹង​ទៀត​ថាក្នុង​ថ្ងៃ​តវ៉ានោះមាន​អ្នក​ចូលរួម​ប្រមាណ​២៥ទៅ​៣០នាក់។

នៅ​ពេលផ្តល់​សក្ខីកម្មនៅ​មុខ​តុលាការ​នោះ មន្ត្រី​នគរបាល​ជាន់​ខ្ពស់រូបនោះ​ក៏បាន​ដាក់​បន្ទុក​ទៅលើ​ចុង​ចោទ​មួយ​រូប​គឺអ្នកស្រី​ លឹម សាន​ ថា​ជាអ្នក​ដឹកនាំ​ការតវ៉ា​នោះ។ ក៏ប៉ុន្តែ​លោក​មិនអាច​បញ្ជាក់​ពី​ខ្លឹមសារ​នៃ​ញត្តិ និង​បដា​ដែល​អាជ្ញាធរ​បានដកហូត​ពីក្រុមតវ៉ា​បានទេ​ដោយ​លោក​និយាយ​ថា៖​«ខ្ញុំ​ភ្លេច​ហើយ​យូរ​ដែរ​ហើយ» «សុំទោស​ភ្លេច​ហើយ»។

​សវនាការ​របស់​ក្រុម​អ្នកតវ៉ា​ទាមទារ​ឲ្យប្រទេស​ហត្ថលេខី​នៃកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បន្ត​គោរព​ខ្លឹមសារ​នៃកិច្ច​ព្រមព្រៀង​នេះ​ធ្វើ​ឡើង​ក្រោមការ​ឃ្លាំមើល​របស់​មន្ត្រី​សិទ្ធិមនុស្ស​ដែល​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​សំណុំរឿង​នេះ​មាន​ជាប់​ហេតុផល​នយោបាយ។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​លោក​អំ សំអាត​ប្រាប់​វីអូអេ​ថា​ក្តីក្តាំ​ដែលមាន​ធាតុផ្សំ​នយោបាយ​នេះ​មិន​អាច​អារកាត់​ឲ្យដាច់​ស្រឡះ​នៅតុលាការ​បានទេ​ដោយថា​មានតែ​ការសម្របសម្រួលខាងនយោបាយ​តែប៉ុណ្ណោះ​ទើប​អាច​ដោះ​ស្រាយ​រឿង​នេះ​បាន។

លោក​ថ្លែង​ថា៖ «អាហ្នឹង​បើសិន​ជា​មាន​ការ​ដោះស្រាយ​ឬក៏​ចរចា​ផ្នែក​នយោបាយ​ណាកើត​ឡើង​អាហ្នឹង​ មានការ​សម្រួល​ឬការ​ដោះលែង​ដូច​មុន​ៗ​ចឹង​»។​

នៅ​ក្រៅ​របង​តុលាការ​ក្រុម​អ្នកតវ៉ា​មួយចំនួន​មិនត្រូវ​បាន​កងសន្តិសុខ​ខណ្ឌ​៧មករា​អនុញ្ញាតឲ្យ​ចូល​គៀក​នឹង​បរិវេណ​នៃអគារ​របស់​តុលាការ​ទេ។

អ្នកស្រី តុន ស្រីលាប អាយុ ៣៤ឆ្នាំ ដែល​ជា​ប្អូនស្រី​របស់​លោក តុន និមល និយាយ​ជាមួយ​អ្នកសារព័ត៌មាន ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២១។ (ហ៊ុល រស្មី/វីអូអេ)

អ្នកស្រី​ តុន ស្រីលាប ​អាយុ​៣៤​ឆ្នាំប្អូនស្រី​បង្កើត​របស់លោក​តុន និមល​ប្រាប់​ក្រុម​អ្នកកាសែត​ថា​តុលាការ​គួរពិចារណា​ដោះលែងបងអ្នកស្រី​ឲ្យមាន​សេរីភាពវិញ​ដោយ​លើក​ហេតុផល​លោក​តុន និមល​មិន​បានប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ណាមួយ​នោះទេ។​

អ្នកស្រី​ថ្លែង​ថា៖ «គាត់​ចូលរួម​ថ្ងៃ​២៣​តុលា​នេះ​ គឺ​ជា​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស។ កូនខ្មែរ​ជំនាន់​ណា​ក៏គេរៀន​ពីសន្ធិសញ្ញា​នេះ​ដែរ​គាត់​ដឹង​ហើយ​ តែ​ហេតុអី​បាន​មក​ចាប់​គាត់​? សួរ​ថា​គាត់​ខុស​អី?»។​

ដោយ​ឡែក​លោក សំ សុគង់​មេធាវី​ការ​ពារ​ក្តីឲ្យ​ជនជាប់​ចោទ​ចំនួន​៧នាក់​នោះ​មានសុទិដ្ឋិ​និយម​ថា​កូនក្តី​របស់​លោក​អាច​នឹង​ត្រូវ​តុលាការ​ពិចារណា​ទម្លាក់​ការ​ចោទ​ប្រកាន់​ក្រោម​ហេតុផល​ថា​គ្មាន​ភស្តុតាង​រឹងម៉ាំ​ណាមួយ​ដែលគាំទ្រ​ដល់​បទល្មើស​ដែលត្រូវ​ចោទមក​លើ​កូនក្តីលោក​ទេ។ លោក​បន្ថែម​ថាកូនក្តី​លោក​ទាំង​អស់​ក៏សំណូម​ឲ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទ​ប្រកាន់​ផងដែរ។

លោក​ថ្លែង​ថា៖ «គាត់ដាក់​ញ្ញតិ្តហ្នឹង​ដើម្បីគោល​ដៅម្នាក់​ៗ​ហ្នឹង​គឺ​គោលដៅ​គ្រាន់តែថា​ចង់​ឲ្យមានការ​គោរព​សិទ្ធិ​មនុស្ស​តែ​ប៉ុណ្ណោះ​ចឹង​បើ​តាម​ការ​សួរ​ដេញដោល​ដូច​ជា​សំណុំរឿង​ហ្នឹង​ឃើញ​ថា​វា​មិនមាន​ធាតុផ្សំ​គ្រប់​គ្រាន់​ឬ​ក៏មិន​ចូល​ក្នុង​បទល្មើស​ទាក់ទង​នឹង​ញុះញង់​ទេ»។

ការ​ចាប់ខ្លួន​ជនជាប់​ចោទ​ទាំង៧នាក់ខាងលើ​ជាបន្ត​បន្ទាប់​យក​មក​ផ្តន្ទាទោស​ធ្វើឡើង​ក្រោយ​ព្រឹត្តិការណ៍​តវ៉ា​នៅមុខ​ស្ថានទូត​ចិនកាលពីថ្ងៃ​ទី​២៣ តុលា​ ឆ្នាំ​២០២០​ដែលកម្លាំង​សន្តិសុខ​ចម្រុះ​រាប់​សិប​នាក់​នាពេលនោះបាន​បំបែក​ការ​តវ៉ា​របស់ប្រជា​ពលរដ្ឋ​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ក្នុងនោះមាន​អ្នក​ស្រី​សាត ផា​ ​ និង​អ្នកស្រី​លឹម សាន។

ក្រុម​អ្នកតវ៉ា​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ ​ដែល​ជា​សាច់ញាតិ​របស់​អតីត​មន្ត្រី​បក្ស​ជំទាស់​កំពុង​ជាប់​ឃុំ​ពីបទ​ព្រហ្មទណ្ឌ​ជា​ច្រើន​ករណី​ និង​អ្នកជាប់ឃុំ​ក្នុង​សំណុំរឿង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣តុលា ឆ្នាំ​១៩៩១ ត្រូវ​ក្រុម​កងសន្តិសុខ​ចម្រុះ រារាំង​មិនឲ្យ​ចូលគៀក​តុលាការ​ក្រុង​ភ្នំពេញ។ (ហ៊ុល រស្មី/វីអូអេ)

នៅក្នុង​បន្ទប់​សាល​សវនាការ​អ្នកស្រី​ លឹម សាន ត្រូវ​តំណាង​អយ្យការ​លោក​ឆាយ ហុង​ ​អះអាង​ថា​អ្នក​ស្រី​បាន​សារភាព​ថាអ្នកស្រី​ទទួល​ថវិកា​ពីក្មួយ​ឈ្មោះ​សាន សីហៈ ​ដែលបាន​ទទួល​ថវិកា​ពីលោក​ហូរ វ៉ាន់ ​ចំនួន​៣០០​ដុល្លារ។ ប៉ុន្តែ​មេធាវី​លោក​សំ សុគង់​ប្រាប់​វីអូអេ​ក្រោយ​សវនាការ​ថា​ថវិកា​របស់​លោក​ហូរ វ៉ាន់ នោះ​ជា​ថវិកាដែល​គាត់ផ្តល់​ឲ្យ​កូនក្តី​លោក​ជាលក្ខណៈ​មនុស្សធម៌​តែប៉ុណ្ណោះ​។​

ទោះជាយ៉ាង​ណា តំណាង​អយ្យការ​លោក​ឆាយ ហុង​ស្នើឲ្យ​តុលាការ​រក្សា​បទចោទ​លើ​ជនជាប់​ចោទ​ទាំង​៧រូប​ដែល​កំពុង​ជាប់​ឃុំ​និង​ជនជាប់ចោទ២រូបទៀត​ក្នុងនោះ​មានលោក​ហូរ វ៉ាន់ ដែល​មិន​ស្ថិត​ក្នុង​ប្រទេស។

​លោក​មេធាវី​ សំ សុគង់​ ស្នើឲ្យ​តុលា​ការ​ទម្លាក់​ការ​ចោទប្រកាន់​លើ​កូនក្តី​លោក។

ចៅក្រម​ជំនុំជម្រះ​អ្នកស្រី អ៊ុក​ រ៉េត​គន្ធា​បាន​ប្រកាស​ប្រាប់​អង្គសវនាការ​ថា​អ្នកស្រី​នឹង​ចេញ​សេចក្តី​សម្រេច​នៅថ្ងៃទី​២ ខែសីហា​ ឆ្នាំ​២០២១៕ ​