ក្រុមកម្មករ​សំណង់​រំឭក​ឡើង​វិញ​នូវ​ហេតុការណ៍​បាក់​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ឆ្នាំ​មុន

រូបឯកសារ៖ ប្រតិបត្តិការ​ស្វែងរក​មនុស្ស​ក្នុងគំនរ​អគារ​បាក់​បែក​នៅ​ក្រុង​ព្រះសីហនុ​ ​នៅថ្ងៃទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៩។ (ស៊ុន​ ណារិន​/VOA)

លោក​ ម៉ម ធីម​ ដែល​ចាប់​អាជីព​ជា​កម្មករ​សំណង់​តាំងពី​អាយុ​២០​ឆ្នាំ​ ហើយ​ដែល​ឥឡូវ​នេះ មាន​វ័យ​៥៤ ​ឆ្នាំ បាន​ប្រាប់​ VOA ថា៖ «នៅ​តែ​យល់​សប្តិ​ឃើញ​ អា​ហេតុ​ការណ៍​ ដែល​យើង​បាក់​ហ្នឹង។​ វា​នៅ​នឹក​ឃើញ​ភ័យ​ព្រួយ​អ៊ីចឹង​រហូត។​​ តែ​ថ្ងៃ​ណា​ភ្លេច​ទៅ​វា​ភ្លេច​ទៅ។​ ថ្ងៃណា​នឹក​ឃើញ​វា​នៅ​ថ្មី»។ ​

អស់​រយៈពេល​ជាង​ ២០​ ឆ្នាំ​មក​នេះ ​លោក​ ម៉ម ធីម ​ដែល​ជា​អ្នក​ខេត្ត​កំពត​ បាន​ធ្វើ​ការ​សំណង់​ដើម្បី​ចិញ្ចឹម​ប្រពន្ធ ​និង​កូន​ស្រី​បី​នាក់​របស់​លោក។​

លោក ​ម៉ម ធីម ​ធ្វើ​ជា​កម្មករ​សំណង់​តាំង​ពី​លោក​រក​បានប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ចំនួន​ប្រាំ​ពាន់រៀល​ក្នុង​មួយ​ថ្ងៃ​រហូត​លោក ​រក​បាន​ពី​ប្រាំ​ម៉ឺន​ទៅ​ប្រាំមួយ​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ ​ ប៉ុន្តែ​ចាប់​តាំង​ពី​លោក​ជាប់​នៅ​ក្នុង​ហេតុ​ការណ៍​បាក់​អគារ​ កាល​ពី​ឆ្នាំ​២០១៩ ​នៅ​ក្រុង​ព្រះ​សីហនុ ​លោក ​ម៉ម ធីម ​ដែល​មាន​វ័យ​៥៤ ​ឆ្នាំ ​ខ្លាច​រអា​ការងារ​សំណង់​នៅ​ការដ្ឋាន​សំណង់​ធំៗ។​

«នៅ​តែ​យល់​សប្តិ​ឃើញ​ អា​ហេតុ​ការណ៍​ ដែល​យើង​បាក់​ហ្នឹង។​ វា​នៅ​នឹក​ឃើញ​ភ័យ​ព្រួយ​អ៊ីចឹង​រហូត។ តែ​ថ្ងៃ​ណា​ភ្លេច​ទៅ​វា​ភ្លេច​ទៅ។​ ថ្ងៃណា​នឹក​ឃើញ​វា​នៅ​ថ្មី»។​

លោក​បន្ថែម​ថា៖ ​«វា​នៅ​បារម្ភ​រឿង​ អា​ខ្លាច​ទៅ​ធ្វើ​ទៅ​ ខ្លាច​វា​គ្រោះ​ថ្នាក់​ ទៀត​ វាដូច​ថា​រាង»។

លោក​ ម៉ម ធីម​ ដែល​ចាប់​អាជីព​ជា​កម្មករ​សំណង់​តាំងពី​អាយុ​២០​ឆ្នាំ​ ប្រាប់​ VOA ​ក្នុង​ពិធី​រំឭក​ឡើង​វិញ​នៃ​ការ​បាក់​អគារ​នេះ​ថា ​នៅ​ពេល​អគារ​បាក់​រលំ​នោះ​ លោក​កំពុង​សម្រាក​នៅ​លើ​ជាន់​ទីបី​ នៃ​អគារ​ដែល​កំពុង​សាងសង់។ ​ នៅ​ពេលនោះ​ លោក​ជា​ជាង​លាយស៊ីម៉ង់។​ លោក​មិន​បាន​រង​របួស​ទេ​ ប៉ុន្តែ​ លោក នៅតែ​មិន​អាច​ភ្លេច​ ការ​បាក់​ស្រុត​អគារ​កម្ពស់​៧​ជាន់​ ដែល​បាន​សម្លាប់​មនុស្ស​២៨​នាក់ ​និង​ធ្វើ​ឲ្យ​កម្មករ​រង​របួស​២៦​ នាក់។​

សមាជិក​សហព័ន្ធ​សហជីព​កម្មករ​សំណង់​ និង​ព្រៃ​ឈើ​កម្ពុជា​ ព្រម​ទាំង​តំណាង​ជន​រង​គ្រោះ​ចំនួន​៥​ នាក់​ បាន​ប្រារព្ធ​ពិធី​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ព្រឹត្តិ​ការណ៍​បាក់​រលំ​អគារ​ដើម្បីរំឭក​ដល់​វិញ្ញាណ​ក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ចំនួន​២៨​ នាក់​នោះ។ ​អ្នក​ដែល​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​បាក់​អគារ​និយាយ​ថា​ ពួកគេ​នៅ​មាន​ការ​លំបាក​ក្នុង​ការ​ជំនះ​អារម្មណ៍​តក់ស្លុត ​បន្ទាប់​ពី​បាន​ឆ្លង​កាត់​ហេតុ​ការណ៍​បាក់​អគារ​ដ៏​ប្រល័យ​នោះ។​

លោក​ អ៊ុក សាវ៉ាត​ អាយុ​៣១​ឆ្នាំ​ ជន​រងគ្រោះ​ដែល​រស់​រាន​មាន​ជីវិត​ពីការ​បាក់​រលំ​អគារ​កាល​ពី​ឆ្នាំ​មុននិយាយ​ថា​ លោក​លែង​ហ៊ាន​ធ្វើការ​សំណង់​ទៀត​ហើយ។​ កម្មករ​សំណង់​មក​ពី​ខេត្ត​កំពត​រូប​នេះ​ ប្រាប់​ក្រុម​អ្នក​កាសែត​ថា ​លោក​នៅ​មិន​ទាន់​ទទួល​បាន​សំណង​ពេញ​លេញ​ទេ​ ក្រោយ​ហេតុ​ការណ៍​បាក់​អគារ​កាល​ពី​មួយ​ឆ្នាំ​មុន​នោះ។​

«ទីមួយ​ វា​អត់​ទាន់​សមស្រប។​ ហេតុអី​ថា​ អត់​ទាន់​សមស្រប?​ ទីមួយ​ខាង​ក្រុមហ៊ុន​ អត់​មាន​ទាន់​ មាន​ចេញ​សំណង​ឲ្យ​យើង​ទេ។ ​នេះ​ជា​សំណង​ដែល​ថា​ បាន​ពី​សប្បុរស​ជន​...​មក​ពី​សប្បុរស​ជន​ហ្នឹង​មក​ នេះ​គ្រាន់​តែ​ជា​អ្នក​ឧបត្ថម្ភ​មក​ពី​ក្រៅ​ទេ។​ សំខាន់​បំផុត​គឺ​យើង​ត្រូវការ​សំណង​ចេញ​ពី​ប្រធាន​ក្រុមហ៊ុន​អ៊ីចឹង​ សាងសង់​អ៊ីចឹង​ទៅណា៎ ​ ដើម្បី​ផ្តល់​យុត្តិធម៌​ឲ្យ​យើង»។​

លោក​ ម៉ម ធីម វ័យ៥៤​ ឆ្នាំ​ ​កម្មករ​សំណង់​មក​ពី​ខេត្ត​កំពត​ ចូលរួម​ពិធី​រំឭកដល់​ហេតុការណ៍​ការ​បាក់​អគារនៅ​ខេត្តព្រះសីហនុ ដែល​រៀបចំនៅ​ការិយាល័យ​សហព័ន្ធ​សហជីព​ កម្មករ​សំណង់​ និងព្រៃ​ឈើ​កម្ពុជា​ ក្រុង​ភ្នំពេញ​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ២០២០។ (ហ៊ុល រស្មី​/វីអូអេ)

លោក អ៊ុក សាវ៉ាត​ អាយុ៣១ ឆ្នាំ​ ជាជនរងគ្រោះ​ដែល​រស់រានមាន​ជីវិត​ពីបាក់​អគារកម្ពុជា​៧ជាន់​ ក្នុងក្រុងព្រះសីហនុ ​ខេត្ត​ព្រះសីហនុ កាល​ពី​ឆ្នាំ​២០១៩​។ ​(ហ៊ុល រស្មី/វីអូអេ)​

អ្នកស្រី​ យឹម សុធារី​ អ្នក​ជំនាញ​ចិត្ត​សាស្ត្រ​ មិន​អាច​កំណត់​បាន​ថា​ ក្រុម​កម្មករ​ដែល​រងគ្រោះ​ និង​នៅ​មាន​ជីវិត​ពី​ការ​បាក់​អគារ​ក្នុង​ក្រុង​ព្រះ​សីហនុ​នោះ​សុទ្ធតែ​មាន​វិបត្តិ​ផ្លូវចិត្ត​នោះ​ទេ​ ប៉ុន្តែ​អ្នកស្រី​កត់​សម្គាល់​ថា ​អ្នក​ទាំង​នោះ​អាច​មាន​ការ​ប៉ះ​ទង្គិច​ផ្លូវចិត្ត​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ចិត្ត​សាស្ត្រ​ ដើម្បី​រក​វិធី​ព្យាបាល។​

​ក្រោយពីហេតុ​ការណ៍​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​ កាលពី​ថ្ងៃទី​២២​ ខែ​មិថុនា​ឆ្នាំ​២០១៩​នោះ​ ​ អភិបាល​ខេត្ត​ជាប់​នឹង​មាត់​សមុទ្រ​មួយ​នេះ​ គឺ​លោក ​យន្ត មីន​ ដែល​ជា​អតីត​មេ​បញ្ជាការ​យោធា​មួយ​រូប​នៅ​ខេត្ត​កោះកុង​ បាន​ស្នើ​សុំ​លាលែង​ពី​តំណែង។ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ក៏​បាន​សម្រេច​បញ្ចប់​តួនាទី​របស់​លោក ​ញឹម​ វណ្ណដា​ អនុ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ ក្រោម​ហេតុផល​ថា ​ លោក ​ញឹម វណ្ណដា ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ភារកិច្ច​របស់​លោក​ និងជាអ្នក​ភូតភរ។​

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ ក៏​បាន​ចេញ​សារ​ទទួល​ស្គាល់​ផង​ដែរ​ថា​ អគារ​ដែល​បាក់​ស្រុត​ចុះ​នោះ​ ត្រូវ​បាន​សាងសង់​ដោយ​ក្រុម​អ្នក​វិនិយោគ​ចិន។ ​ជនជាតិ​ចិន​៥​ នាក់​ដែល​ពាក់​ព័ន្ធ​នឹង​ឧបទ្ទវហេតុ​បាក់​អគារ​នោះ​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់​ខ្លួន​ ហើយ​តុលាការ​ខេត្ត​ព្រះ​សីហនុ​ បាន​ឃុំ​ខ្លួន​ពួក​គេក្រោមបទ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ រួមមាន​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​ បង្ក​ឲ្យ​មាន​របួស​ដោយ​អចេតនា​ និង​សម​គំនិត​ក្នុង​អំពើ​មនុស្ស​ឃាត​ដោយ​អចេតនា ​សម​គំនិត​ក្នុង​អំពើ​បង្ក​ឲ្យ​មាន​របួស​ដោយ​អចេតនា។​

លោក​ សុខ គីន​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​ និង​ព្រៃ​ឈើ​កម្ពុជា ​បាន​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ ក្នុង​ពិធី​រំឭក​ឡើង​វិញ​នៃ​ការ​បាក់​អគារ​ក្នុង​ក្រុង​ព្រះ​សហីនុ​ថា​ មួយ​ឆ្នាំ​ក្រោយ​នៃ​ការ​បាក់​រលំ​អគារ​នេះ​ លោក​នៅតែ​សង្កេត​ឃើញ​ថា​ ៧០​ទៅ​៨០​ភាគរយ​នៃ​កម្មករ​ដែល​ធ្វើ​ការ​នៅ​ការដ្ឋាន​សំណង់​ នៅ​តែ​ប្រឈម​ហានិភ័យ​ជាច្រើន​ ដោយសារ​គ្មាន​សម្ភារៈ​ការពារ​សុវត្ថិភាព​ ដូច​ជា​ខ្សែ​ក្រវ៉ាត់​ការពារ​ការ​ធ្លាក់​ពី​ទីខ្ពស់​ និង​ស្រោម​ដៃ​ និង​កំបាំង​មុខ​សម្រាប់​ផ្សារ​ដែក​ជា​ដើម។​

«អ៊ីចឹង​ បើសិន​ថា​ យើង​ក្រឡេក​មើល​ នៅ​ក្នុង​ការដ្ឋាន​ នៅក្នុង​ប្រទេស​កម្ពុជា​តាម​អ្វី​ដែល​ យើង​ពិនិត្យ​មើល​ជាក់​ស្តែង​ ៧០​ ទៅ​៨០​ភាគរយ​ដែល​ កម្មករ​មិន​ទទួល​បាន​សម្ភារៈ​ហ្នឹង​ទេ​...​ប៉ុន្តែ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​តូច​ ក្រុមហ៊ុន​ដែល​គាត់​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ គាត់​ផ្តល់​ជូន​នូវ​សម្ភារៈ​ហ្នឹង​សម្រាប់​កម្មករ​និយោជិត»។​

លោក​បន្ថែម​ថា​ ការ​សាងសង់​នៅតែ​ធ្វើឡើង​ មិនស្រប​នឹង​នីតិវិធី​ ពោល​គឺ​ម្ចាស់​ការដ្ឋាន​សាងសង់​ បាន​ចាប់​ដំណើរ​ការ​ការដ្ឋាន​មុន​ទើបសុំ​ការ​អនុញ្ញាត​តាម​ក្រោយ។​លោក​ឲ្យ​ដឹង​ទៀត​ថា​គិត​ពី​ដើម​ឆ្នាំ​២០១៨​ ដល់​ឆ្នាំ​២០១៩ ​ ក្រុមហ៊ុន​សំណង់​ដែល​បាន​ចុះ​បញ្ជី​មាន​ជាង​២០០០​ក្រុមហ៊ុន​ ប៉ុន្តែ​ក្រុម​ហ៊ុន​ដែល​នៅ​មាន​សុពលភាព​ប្រហែល​ជា​៩០០​ក្រុមហ៊ុន​ប៉ុណ្ណោះ។​

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពីលោក ​សេង ឡូត​ និង ​លោក ​ឡោ ដាវុធ​អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយ​កម្ម​និង​សំណង់​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

កាល​ពី​ឆ្នាំ​២០១៩​ ក្រៅ​ពី​ហេតុ​ការណ៍​បាក់​អគារ​នៅ​ខេត្ត​ព្រះ​សីហនុ​នោះ​ មាន​ហេតុ​ការណ៍​បាក់​អគារ​កំពុង​សាងសង់​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​កែប​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៣៦​ នាក់​ស្លាប់​ និង​២៣​ នាក់​រង​របួស។ ម្ចាស់​ការដ្ឋាន​សំណង់​អគារ​កម្ពស់​៦​ជាន់​ក្នុង​ខេត្ត​កែប​នោះ​ ត្រូវ​បាន​ឃាត់​ខ្លួន​រួច​បញ្ជូន​ទៅ​តុលាការ ​ប៉ុន្តែ​តុលាការ​សម្រេច​មិន​ឃុំ​ខ្លួន​ ដោយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន​របស់​តុលាការ​ ដូច​ជា​ការ​មិន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស។​

រូបឯកសារ៖ ប្រតិបត្តិការជួយ​សង្រ្គោះ​ជនរងគ្រោះ​ពី​ការ​បាក់​អគារ​មួយ​ខ្នង​នៅ​ខេត្ត​កែប កាលពីថ្ងៃ​សៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

បន្ទាប់ពី​ហេតុ​ការណ៍​បាក់​អគារ​នោះ​មក ​ លោក ​ម៉ម ធីម ​បាន​និយាយ​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រគល់​ថវិកាឲ្យ​ម្នាក់ៗចំនួន​១​ម៉ឺន​ដុល្លារ​អាមេរិក ​ដល់​ជន​រងគ្រោះ​ទាំងអស់។ ​ កាកបាទ​ក្រហម​កម្ពុជា​ ក៏បាន​ជួយ​ជា​ថវិកា​ចំនួន​៥​លាន​រៀល​ ឬ​ ប្រមាណ​១២៥០ ដុល្លារ​សម្រាប់​ជន​រង​គ្រោះ​ម្នាក់ៗ​ ហើយ​លោក ​គង់ សំអុល​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រះ​បរម​រាជវាំង​ បាន​ផ្តល់​ថិវកា​ចំនួន​២ លាន​រៀល ​ឬ​ ៥០០​ដុល្លារ​សម្រាប់​ជន​រងគ្រោះ​ម្នាក់ៗ។​

លោក​ ម៉ម ធីម ​និយាយ​ថា​ លោក​លែង​មាន​ចំណាប់​អារម្មណ៍​ធ្វើការ​នៅ​ការដ្ឋាន​សាងសង់​ធំៗ​ទៀត​ហើយ។ ​

«ខ្ញុំ​ប្រហែល​ជា​ឈប់​ហើយ​ ព្រោះ​ចាស់ៗ​នៅ​ហ្នឹង​ ហើយ​នឹង​ម្ចាស់​អំណោយ​អី​ គាត់​ទៅ​ចាស់ៗ​ហ្នឹង គាត់​ថា​ ចំណាស់​ខ្ញុំ​ល្មម​ឈប់​ហើយ!»​

នៅ​ពេល​នេះ​ លោក ​ម៉ម ធីម ​ធ្វើ​តែ​ការងារ​សំណង់​ធម្មតា​នៅ​តាម​ផ្ទះ​ប្រជា​ពលដ្ឋ​សាមញ្ញ។ ​លោក​ថា​ ការ​ទាមទារ​សំណង​ជា​ទឹក​ប្រាក់​៨០​លាន​រៀល ​ឬ ​ប្រមាណ​២​ម៉ឺន​ដុល្លារ​ពីក្រុមហ៊ុន​ចិន​នៅ​តែ​បន្ត។​ លោក​ចង់​ឃើញ​តុលាការ​ខេត្ត​ព្រះ​សីហនុ​ពន្លឿន​ការ​ដោះស្រាយ​ពាក្យ​បណ្តឹង​របស់​កម្មករ​ និង​សាច់​ញាតិ​ជន​រងគ្រោះ​កម្មករ​ចំនួន​៥៤​នាក់​ ដើម្បី​ឲ្យ​បាន​យុត្តិធម៌​ពិតប្រាកដ៕